យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ជំរុញសក្តានុពលទេសចរណ៍ស្រុកកំពង់លែង
ក្រុមប្រឹក្សាធម្មនុញ្ញបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ
ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន

ព័ត៌មានជាតិ

គណៈកម្មការទី២ និងទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ ធានាការទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម

2026/05/19 01:45:48 pm        104
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ការធានាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមទទួលបាននូវការទូទាត់ក្នុងករណីដែលអគ្គិសនីកម្ពុជាមិនធ្វើការទូទាត់ទៅលើថ្លៃទិញថាមពលអគ្គិសនី ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនី រវាងអគ្គិសនីកម្ពុជានិងក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីធានាបាននូវនិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព តម្លៃសមរម្យ និងសន្តិសុខថាមពលជាតិ៕

ដោយមានគាំទ្រពីរដ្ឋ​ផលិតផលកែច្នៃ​ក្នុងស្រុកជាច្រើនបានចូលទៅទីផ្សារកាន់តែទូលំទូលាយ

2026/05/19 01:40:25 pm        369
ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាល ផលិតផល​កែច្នៃ​ក្នុង​ស្រុក​កាន់​តែ​ច្រើន​ឡើង​ចូល​ទៅ​ក្នុង​​ទីផ្សារ ជាពិសេស នៅតាមបណ្តាផ្សារទំនើបនានានៅទូទាំងប្រទេស។ គិត​មក​ដល់​ពេល​នេះ មានផ្សារទំនើបប្រមាណ ៤០០ បានដាក់តាំងបង្ហាញផលិតកែច្នែក្នុងស្រុក​។​ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋកាន់តែងាកមកគាំទ្រផលិតផលក្នុងស្រុក សិប្បកម្មផលិតស៊ុបមាន មួយ​កន្លែង កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ តាមរយៈគុណភាព រសជាតិ និង​ការ​ផលិត​ប្រកប​ដោយសុវត្ថិភាព។  រាជរដ្ឋាភិបាលតាមរយៈ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងជួយជ្រោមជ្រែកដល់​​សហគ្រាស​កែច្នៃ​ក្នុង​ស្រុក ​ដើម្បីនាំយកផលិតផលរបស់ពួកគេចែកចាយនៅលើទីផ្សារ​ឱ្យកាន់តែ​ទូលំ​ទូលាយ​ជាង​មុន​​។​​ សព្វថ្ងៃ ក្រសួងពាណិជ្ជមកម្ម កំពុង​ធ្វើ​ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដែល​​រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីក​ទីផ្សារ​ផលិត​ផល​ជាតិ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​បន្ថែមទៀតទៅកាន់​ប្រជាពលរដ្ឋ។ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយក​ទំនិញ​របស់​ខ្លួន​ដែល​មាន​​អនុលោមភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើន​ការ​ដាក់​លក់​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​នានា នៅទូទាំងប្រទេស។​ អ្នកស្រី ធឿន សុភក្ដ្រ័ ម្ចាស់សិប្បកម្មបុស្បា ដែលជាសិប្បកម្មកែច្នែស៊ុបមាន ប្រាប់ BTV ថា ដោយ​មាន​ការគាំទ្រពីក្រសួងពាណិជ្ជកម្ម ផលិតផលរបស់​អ្នក​ស្រី​ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​លើ​ផ្សា​ទំនើប​ជា​ច្រើន​នៅ​រា​ជធានីភ្នំពេញ និងខេត្តសៀមរាប​។ អ្នកស្រីថា ម្សៅស៊ុបមាន់បុស្បា មិនមាន​បន្ថែម ​សារធាតុរក្សាទុក មិនបន្ថែមពណ៌ មិនបន្ថែមក្លិន បានចុះបញ្ជីមានបាកូដ ហើយ ពិនិត្យ​គុណភា​ព​ចំណីអាហារទទួលបាន ច.ប.ផ ត្រឹមត្រូវពីក្រសួង​។​ លើសពីនេះ តាម​រយៈ​យុទ្ធនា​ការ​ផលិត​ផល​ជាតិ គឺប្រជាពលរដ្ឋកាន់ច្រើនឡើង បានស្គាល់ និងគាំទ្រផលិតផលរបស់អ្នកស្រី ក៏​ដូច​ជា​​ផលិតផលខ្មែរផ្សេងទៀត​ កាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeI​n​Cambodia​” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម និង​ការចូលរួមពីផ្សារទំនើប ម៉ាត និង​មីនីម៉ាត ទូទាំងប្រទេសចំនួនជាង ៤០០ ទីតាំង បាននិងកំពុងដាក់លក់ផលិតផលជាតិ​ ​។ “យុទ្ធនាការផលិតផលជាតិ​#MadeIn​Cambodia”​ គឺជាយុទ្ធនាការ​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក ​និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្ត​នៃ​ក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និងផលិតករខ្មែរ និងស្មារតី​ស្រទ្បាញ់​ជាតិ​មាតុ​ភូមិ​របស់​យើង​!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ និង​ មាន​រយៈពេល ១ ឆ្នាំពេញ៕ អត្ថបទ៖ ធូ វិរៈ 

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន ៧ គម្រោង មានទុនវិនិយោគ ៤៥០ លានដុល្លារ

2026/05/19 01:37:59 pm        513
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះអាចបង្កើត ការងារបានប្រមាណជាង ៩០០ កន្លែង។  ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៥ ក្នុងឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង ដែលគ្រោងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់។គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៩០០ កន្លែង ដោយនឹងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោងរួមមាន៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, សាងសង់អាង ប្រព្រឹត្តកម្ម និងឡចំហាយ។ វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺការបង្កើតរោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេង សណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ)។ចំណែកការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ មានចំនួន ៤ គម្រោងរួមមាន៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យ អានុភាព ២០០ មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០ មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០ មេហ្គាវ៉ាត់, និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់។ សូមបញ្ជាក់ថា ជុំវិញការវិនិយោគនេះ នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ មានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក នេះបង្ហាញនូវរំហូរវិនិយោគមាន វឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ៕អត្ថបទ៖ សុន រ៉ាឌី

ឯកអគ្គរដ្ឋទូតក្រិកជាស្ដ្រីដំបូងប្រចាំកម្ពុជា ប្ដេជ្ញាខិតខំពង្រីកទំនាក់ទំនងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើន

2026/05/19 01:32:27 pm        171
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតស្រ្ដីដំបូងដែលទើបតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាខិតខំពង្រីកទំនាក់ទំនងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ សម្ដេចសូមអបអរសាទរចំពោះលោកជំទាវ នីកូឡាអូ ដែលបានតែងតាំងជាឯកអគ្គរដ្ឋទទួលថ្មីរបស់ក្រិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោសង្ឃឹមថាតួនាទីរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងក្រិកកាន់តែរីកចម្រើនបន្តទៀត។ លោកជំទាវបានអរគុណចំពោះសម្ដេចតេជោដែលលោកជំទាវមានកិត្តិយសជួបសម្ដេច និងប្រគល់សារតាំងនាពេលនេះ។ លោកជំទាវបានលើកឡើងថា ពីមុនមកក្រិកមិនដែលតែងតាំងអគ្គរដ្ឋទូតជាស្រី្តប្រចាំនៅកម្ពុជាទេ ដូច្នេះលោកជំទាវរីករាយនឹងបានធ្វើជាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។ លោកជំទាវបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោកជំទាវបានលើកឡើងថា កម្ពុជា និងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នាហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយដែលលោកជំទាវចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសទាក់ទងទៅនឹងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា។ សម្ដេចតេជោក៏ទទួលស្គាល់ថាថ្វីត្បិតប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង មានអរិយធម៌វប្បធម៌សម្បូរបែបដូចគ្នាក៏ពិតមិន ប៉ុន្តែក្រិកគេអាចចាត់ទុកថាជាប្រទេសមួយដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលជាធ្លាប់មានអ្នកប្រាជ្ញច្រើន។ តាមរយៈកិច្ចការរវាងកម្ពុជា និងក្រិក សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកជំទាវនឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាសក្កានុពលផ្សេងៗទៀតដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំជាពិសេស សម្ដេចតេជោសង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវទទួលបានជោគជ័យនៅក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោ អញ្ជើញប្រធានាធិបតីប៉េណាំងមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជានាខែវិចិ្ឆកាខាងមុខ

2026/05/19 01:26:47 pm        170
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ, តាមរយៈឯកអគ្គរដ្ឋទូតសម្ដេចតេជោបានឆ្លៀតអញ្ជើញប្រធានាធិបតីរបស់ប៉េណាំងមកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិចិ្ឆកាខាងមុខ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរាយៗ ហើយក្នុងព្រះបរមនាមរបស់ព្រះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះឯកឧត្តម ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាបេសកកម្មរបស់ឯកឧត្តមក្នុងឋានៈជាឯករដ្ឋទូតប្រចាំនៅកម្ពុជានេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងបេណាំងឱ្យកាន់តែរីកចម្រើនបន្តទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបហើយប្រគល់សារតាំងនាពេលនេះ។ សម្ដេចតេជោបានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។ សម្ដេចតេជោបានរំលឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះកម្ពុជាត្រូវបានរឹតត្បិតនៃការដាក់ទណ្ឌកម្មពីបរទេស តែបេណាំនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។ សម្ដេចតេជោក៏ឈ្លៀតឱកាសនេះអញ្ជើញប្រធានាធិបតីរបស់ប៉េណាំងមកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិចិ្ឆកាខាងមុខ។ សម្ដេចសង្ឃឹមថា មេដឹកនាំរបស់បេណាំងនឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់រឹងមាំបន្ថែមទៀត។ សម្ដេចសង្ឃឹមថានៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅនៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា។ ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត សូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនៅប្រទេសកម្ពុជា៕

កម្មវិធីយុវជន២១ ប្រកួតជម្រុះយក ១០ក្រុម​ទៅ​វគ្គ​បន្ត​សម្រាប់​ការ​បង្ហាញ​ផែន​ការ​អាជីវកម្ម​បច្ចេក​វិទ្យា

2026/05/19 01:12:27 pm        244
កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦នេះ បានឈានចូលដល់វគ្គជម្រុះ។ ជាក់ស្ដែងនៅរយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ទី ១៩ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ ជាការជម្រុះពី ជិត ៣០ក្រុម មកត្រឹម១០ក្រុម ក្នុង​ការ​ធ្វើ​បទបង្ហាញពីផែនការអាជីវកម្មរៀងខ្លួន ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​​ដែល​អាចរួ​មចំ​ណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាក្នុងសង្គម។ ការប្រកួតប្រជែង កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦ក្រោមប្រធានបទ “ការចាប់​ផ្ដើម​អាជីវកម្ម​បច្ចេក​វិទ្យា​របស់​យុវជន ៖ គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង​កីឡា ​បានដំណើរការវគ្គជម្រុះយក ១០ក្រុម ដើម្បីទៅវគ្គបន្ត។ ក្នុងការបើក​ដំណើរ​ការ​ប្រកួត​ប្រជែង​មួយ​នេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុជន និងកុមារ បានលើក​ឡើង​ថា ​ការរៀបចំការប្រជែងតាមរយៈកម្មវិធីមួយនេះ គឺដើម្បីជំរុញ​ឱ្យ​យុវជន​មើល​ឃើញ​បញ្ហា​ក្នុង​សង្គម​ និងមើល​ឃើញ​ខ្លួន​ជា​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​។ ​នេះក៏ស្របពេលដែលបច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យា បានធ្វើឱ្យមាន​បម្រែ​បម្រួល​សង្គម​ជាតិ​យ៉ា​ងឆាប់រហ័ស។លោកបន្តថា កម្មវិធីនេះមានរយៈពេលប្រមាណ ៦ខែ ដែលគ្រោងបញ្ចប់នៅចុងខែ កញ្ញា ខាង​មុខ​។ ​ជាក់ស្ដែងការប្រកួតជម្រុះរយៈពេល ២ថ្ងៃនេះ គឺដើម្បីជ្រើសរើស ១០ក្រុមទៅវគ្គបន្ត។ ក្រុម​ទាំង ​១០ដែលនឹងត្រូវបានជ្រើសរើស នឹងទទួលបានការបណ្ដុះបណ្ដាលលម្អិតស៊ីជម្រៅ រយៈ​ពេល​ពេញ​មួយសប្ដាហ៍ នៅខេត្តសៀមរាប។ ក្រោយទទួលបានការបណ្ដុះបណ្ដាល គឺទទួល​បាន​ឱកាស​ចុះ​កម្មសិក្សានៅក្នុងក្រុមហ៊ុន ឬអាជីវកម្ម ដែលលក្ខណៈប្រហាក់ប្រហែល ឬ​ដូច​គ្នា​ទៅ​នឹង​ផែន​ការ​អាជីវកម្មរបស់ខ្លួន។ ត្រង់ចំណុចនេះ គឺសំខាន់។ សំខាន់​ដោយ​សារបេក្ខជនក្រុមនីមួយៗ អាច​ទទួលបា​នចំណេះដឹងបន្ថែម កែប្រែគម្រោង​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ភាព​ពិត​ជាក់​ស្ដែង ​និងអាចអនុវត្តបាន និងត្រូវត្រៀមខ្លួនប្រកួតប្រជែងវគ្គផ្ដាច់ព្រ័តនៅចុងខែ កញ្ញា។ក្នុង​កម្ម​វិធីដដែលនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើង​ដែរថា កម្មវិធីយុវជន ២១នេះ ជាការផ្ដួចផ្ដើមដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ដោផ្ទាល់។ ចាប់ផ្ដើមដំបូង នៅកំឡុងពេលនៃការរាតត្បាតកូវីដ ១៩​។ ឯកឧត្តមលើកឡើងដែរថា ការប្រកួតផែនការអាជីវកម្ម ដែលភ្ជាប់​ជាមួយ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នេះ ប្រៀបដូចជាសាលាបណ្ដុះបណ្ដាលដែលផ្ដល់ឱកាសឱ្យយុវជន ហ៊ានគិតធំ​លើ​ដំណោះ​ស្រាយ​បញ្ហាសង្គម ហ៊ានអនុវត្តសកម្មភាព។ ទន្ទឹមគ្នានេះ ក៏ជាឱកាសអភិវឌ្ឍ​ជំនាញ​សតវត្សរ៍​ទី២១ រួមមានទាំងការត្រិះរិះពិចារណា ការច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការធ្វើ​ការ​ងារ​ជា​ក្រុម ​និងការបង្កើតទំនាក់ទំនង។ លើសពីនេះ គឺកែប្រែគំនិតដោះស្រាយបញ្ហាណាមួយនោះ ទៅ​ជាស​កម្មភាព ទៅសមិទ្ធផលជាក់ស្ដែង៕ អត្ថបទ៖ គឹម ហុក   

សារមន្ទីរទួលស្លែង អតីតមន្ទីរសន្តិសុខ ស-២១ នឹងប្រារព្ធ«ទិវាជាតិនៃការចងចាំ ២០ ឧសភា»នៅថ្ងៃស្អែកនេះ

2026/05/19 01:08:32 pm        180
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាអតីតមន្ទីរសន្តិសុខ ស-២១ នឹងរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» នៅថ្ងៃស្អែកនេះ។លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) បានប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២៦ ដោយរំលឹកពីប្រវតិ្ត២០ឧសភា យ៉ាងដូច្នេះថា អំឡុងសង្គ្រាមស៊ីវិល ខ្មែរក្រហម បានអនុវត្តគោលការណ៍តាមតំបន់ដែលស្ថិតក្រោមការគ្រប់គ្រង របស់ខ្លួនចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣។ នៅដំណាក់កាលដំបូង សហករណ៍នីមួយៗមានប្រហែល ១០ ទៅ ៣០គ្រួសារ ប៉ុន្តែក្រោយមក ខ្មែរក្រហមបានពង្រីកចំនួនប្រជាជនរហូតដល់ ១០០គ្រួសារ ហើយអនុវត្តប្រព័ន្ធនេះពេញផ្ទៃប្រទេស។ ទស្សនៈរបស់ខ្មែរក្រហមបានលើកឡើងថា ការបង្កើតសហករណ៍ជាយន្តការនៃការ ប្រមូលផ្តុំកម្លាំងធ្វើការកសាងមូលដ្ឋានគ្រឹះ និងការចែករំលែកផលប្រយោជន៍ស្មើគ្នា ព្រមទាំងលើកកម្ពស់ សាមគ្គីភាព និងមិនប្រកាន់គ្នាទៅវិញទៅមក។ នៅឆ្នាំ១៩៨៣ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រកាសយកថ្ងៃ២០ ឧសភា ដើម្បីរៀបចំជា“ទិវាចងកំហឹង”។ រដ្ឋាភិបាល និងប្រជាជន រួមគ្នារៀបចំព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៨៤ មក។ នៅពេលនោះ ជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយ ដែលប្រារព្ធនៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្មាភិបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា និងថ្កោលទោស ប្រឆាំងអំពើឧក្រិដ្ឋកម្មឃោរឃៅព្រៃផ្សៃសាហាវយង់ខ្នងរបស់របបកម្ពុជាប្រជាធិបតេយ្យ។ពិធីរំលឹកខួបលើកទី១ ធ្វើឡើងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក ពិធីនេះបានប្តូរទៅប្រារព្ធនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯករហូតមកដល់បច្ចុប្បន្ន។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី២០ ឧសភា ជាថ្ងៃបុណ្យជាតិ ហៅកាត់ថា “ទិវាជាតិនៃការចងចាំ” ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាផ្នែកនៃសំណងសមូហភាពចំពោះជនរងគ្រោះ(ដើមបណ្តឹងរដ្ឋប្បវេណី)។ លោក បានបញ្ជាក់ទៀតថា ក្នុងពិធីបុណ្យរំលឹកខួបនេះ សាធារណជនអាចរៀបចំពិធីតាមបែបសាសនា ដើម្បីឧទ្ទិសដល់ញាតិមិត្ត ឬជនរងគ្រោះផ្សេងទៀត ដើម្បីជួយព្យាបាលរបួសផ្លូវចិត្ត។ ដោយឡែកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រារព្ធទិវានេះតាមបែបសាសនា និងរៀបចំដំឡើងបដាផ្សព្វផ្សាយពីអត្ថន័យនិងប្រវត្តិនៃ២០ឧសភា ដល់សាធារណជន។ ការៀបចំពិធីសាសនានេះ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១។ ការចងចាំថ្ងៃ២០ឧសភា គឺធ្វើឡើងដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា ការថ្កោលទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅ ព្រៃផ្សៃក្នុងសម័យខ្មែរក្រហម និងប្តេជ្ញារួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។ ជាក់ស្តែងនៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ក្នុងបរិវេណសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅពេលព្រឹកមានកម្មវិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នាពេលរសៀល ការធ្វើសមាធិ អុជទៀន និងដាក់ផ្កាឈូក៕ អត្ថបទ រដ្ឋា

តម្លៃប្រេងឥន្ធនៈហក់ឡើងបន្តិចវិញ ក្រោយធ្លាក់ចុះ​ជាងមួយសប្ដាហ៍កន្លងមកនេះ

2026/05/19 12:59:25 pm        726
ភ្នំពេញ៖ យោងតាម​សេចក្ដីជូនដំណឹង​បរស់ក្រសួងពាណិជ្ជកម្ម​ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ គឺបានហក់ឡើង​បន្ដិចវិញ ក្រោយបានធ្លាក់ចុះ​បានជាងមួយសប្ដាហ៍មុន។តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃលក់រាយប្រេងឥន្ធនៈ (អនុវត្តចាប់ពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់) គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា គឺត្រូវលក់ប្រេង​សាំងក្នុងតម្លៃ​ ៥ ៤០០ រៀល (ឡើងថ្លៃ ២៥០ រៀល) និង​ប្រេង​ម៉ាស៊ូត ៥ ៤៥០ រៀល (ឡើងថ្លៃ ២៥០ រៀល) បើធៀបនឹង​សប្ដាហ៍មុន​។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា​ យោងប្រកាសអន្តរក្រសួង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា និងយោងលើការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា ក៏ដូចជា​យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បន្តបញ្ចុះតម្លៃប្រេង​ចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និង​បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។ ក្រៅពីនេះរាជរដ្ឋាភិបាលបន្តបញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារ និងផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ៤០០រៀលលីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៥៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

កម្ពុជាចែករំលែកបទពិសោធន៍ប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ទូទាត់ឆ្លងដែន ដល់ថ្នាក់ដឹកនាំ ប្រទេសនានា

2026/05/19 12:52:54 pm        401
ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងទិសដៅ អនាគតសម្រាប់ការតភ្ជាប់លើការទូទាត់ឆ្លងដែន ដល់ឥស្សរជនជាថ្នាក់ដឹកនាំ ក្នុងវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF នៅ សាធារណរដ្ឋប្រជាមានិតចិន។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Tsinghua ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីមួយលំដាប់ពិភពលោក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកានេះត្រូវបានរៀបចំជាប្រចាំឆ្នាំ ក្នុងគោល បំណងប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយហិរញ្ញវត្ថុសកល និងអ្នកស្រាវជ្រាវ ដើម្បីពិភាក្សាពី វឌ្ឍនភាពនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗដែលកំពុងកើតមាន។ វេទិកានៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីឥស្សរជនជា ថ្នាក់ដឹកនាំជាច្រើនដូចជា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសាភិបាល រដ្ឋមន្ត្រី ម្ចាស់ពានរង្វាន់ណូបែល ព្រឹទ្ធបុរស និងសាស្ត្រា ចារ្យមកពីសាកលវិទ្យាល័យល្បីៗជាច្រើន។ក្នុងថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ យុទ្ធសាស្ត្រអន្តរជាតិ ស្តីពី “ការកំណត់និយមន័យ និងការកសាងគ្រឹះស្ថានសិក្សា ជំនាញហិរញ្ញវត្ថុលំដាប់ពិភពលោកនៅតំបន់អាស៊ី” ក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជាន់ខ្ពស់ស្ថាប័នសាធារណៈ ដែលរួមមានអតីតនាយករដ្ឋមន្ត្រី ទេសាភិបាលនៃធនាគារកណ្តាលនៅប្រទេសអភិវឌ្ឍ និងកំពុង អភិវឌ្ឍ ព្រមទាំងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីៗ ដើម្បីផ្លាស់ប្តូរយោបល់ដែលឆ្លុះបញ្ចាំង ពីបេសកកម្មយុទ្ធសាស្ត្ររបស់ សាកលវិទ្យាល័យ Tsinghua ក្នុងបរិបទនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលកំពុងប្រែប្រួល។ឆ្លៀតឱកាសនាពេលនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានជួបពិភាក្សាការងារ ជាមួយលោក Oliver Jenkyn អគ្គនាយកក្រុមហ៊ុន Visa Inc., ជំនួបនេះមានគោលបំណងពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហការ រវាងស្ថាប័នទាំងពីរ លើគំនិតផ្តួចផ្តើមនានា ទាក់ទងនឹងប្រព័ន្ធទូទាត់សងប្រាក់ដូចជា កម្មវិធីបាគងទេសចរ ជាដើម។ ភាគីទាំងពីរក៏ បានលើកឡើងពីកិច្ចសហការលើផ្នែកផ្សេងៗទៀតរួមមាន ប្រតិបត្តិការស្វែងរកករណីឆបោក និងការលើកកម្ពស់ប្រតិបត្តិការឆ្លង គ្រឹះស្ថាន តាមរយៈការតភ្ជាប់ប្រព័ន្ធបាគងជាមួយប្រព័ន្ធទូទាត់ដទៃទៀតផងដែរ៕អត្ថបទ៖ រ៉ាឌី

ក្រសួងប្រៃសណីយ៍ ប្រកាស​កាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់

2026/05/19 12:46:01 pm        59
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ចេញសេចក្ដីជូនដឹងណឹង​ប្រកាស​កាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ដល់សាធារណជន ក្រុមហ៊ុន សហគ្រាស ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ថា ដោយពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី ៣ ទៅ ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក.ប.ទ. បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក.ប.ទ. បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការកែសម្រួលនីតិវិធីនិងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន ១៥៨ ប្រភេទ ដូចខាងក្រោម៖ ១. ការកំណត់រយៈពេលថ្មី រយៈពេលនៃការផ្តល់សេវានឹងចាប់ផ្តើមគិតចាប់ពីពេលដែលពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌរបស់សេវានីមួយៗ និងបានភ្ជាប់មកជាមួយឯកសារតម្រូវការចាំបាច់គ្រប់គ្រាន់ ដែលត្រូវកំណត់ ដូចខាងក្រោម៖ - រយៈពេលមិនលើសពី ៨ម៉ោងនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសទាប។ - រយៈពេលមិនលើសពី ៧ថ្ងៃនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។ ២. ព័ត៌មានបន្ថែម និងការផ្តល់មតិត្រឡប់ - លក្ខខណ្ឌ និងឯកសារតម្រូវការសម្រាប់ការស្នើសុំសេវា ព្រមទាំងព័ត៌មានពាក់ព័ន្ធផ្សេងទៀត សូមស្វែងរកលើគេហទំព័រ www.mptc.gov.kh ឬបណ្តាញសង្គមផ្លូវការរបស់ ក.ប.ទ.។ - ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាព សាធារណជនអាចសាកសួរព័ត៌មានបន្ថែម ឬផ្តល់មតិកែលម្អ តាមរយៈទូរសព្ទ Hotline 123 រៀងរាល់ម៉ោងធ្វើការ ឬផ្ញើអ៊ីមែលមកកាន់ [email protected]។ ពាក់ព័ន្ធនឹងការ​អនុវត្ត​នេះ ក្រសួងមុខងារសាធារណៈបានចាត់ទុក គឺជា «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ ក្រសួងមុខងារសាធារណៈបានលើកឡើងថា គ្រប់ក្រសួង ស្ថាប័នទាំងអស់​ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ​បាននិងកំពុងអភិវឌ្ឍ កែលម្អ កែទម្រង់ ក៏ដូចជាធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ ធ្វើយ៉ាងណាដើម្បីផ្តល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ ក្រសួង ស្ថាប័នរួមគ្នាធ្វើនវានុវត្តន៍​ សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ទាន់ពេលវេលា និងដោយប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញដល់ប្រជាពលរដ្ឋ អ្នកទទួលសេវាផងដែរ។ ក្នុងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក.ប.ទ. បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ ដែលស្ថិតក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន ១៥៨ប្រភេទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ជំរុញសក្តានុពលទេសចរណ៍ស្រុកកំពង់លែង
06/15/2026 04:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ
06/15/2026 03:06 PM
Real Madrid ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Marc Cucurella ពី Chelsea ក្នុងតម្លៃជាង ៥១ លានផោន
06/15/2026 03:06 PM
ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
06/15/2026 03:06 PM
អង់គ្លេសបានឃាត់ទុកនាវាដឹកប្រេង Smyrtosរបស់កងនាវាស្រមោលរុស្ស៊ី នៅច្រកសមុទ្រ English Channel
06/15/2026 03:06 PM
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
06/15/2026 03:06 PM
ប្រទេសស្លូវ៉ាគីនឹងទាមទារសំណងពីEUសម្រាប់អាវុធដែលបានផ្តល់ឲ្យអ៊ុយក្រែន
06/15/2026 03:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តរកឃើញឃ្លាំងស្តុកទំនិញមួយកន្លែងទៀត ក្នុងខណ្ឌច្បារអំពៅ ដែលនាំទំនិញចូលពីប្រទេសថៃ និងមានទំនិញខ្លះហួសកាលបរិច្ឆេទប្រើប្រាស់
06/15/2026 03:06 PM
អាជ្ញាធររាជធានីបន្តការងារស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងក្នុងខណ្ឌចំនួន ៥ ត្រៀមរំដោះជំនន់ទឹកភ្លៀង
06/15/2026 03:06 PM
កម្ពុជាដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសគ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ
06/15/2026 03:06 PM