សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា
សម្តេចធិបតី៖ ក្រុមហ៊ុនចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស គឺមិនចាំស្នើសុំ EIA ម្ដងទៀតនោះទេ
សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ
រដ្ឋមន្រ្ដី៖ បរិមាណកុងតឺន័រឆ្លងកាត់ផែព្រះសីហនុកើនដល់ជាង ១,៣៤លាន TEUs ក្រោយអភិវឌ្ឍបង្កើនសមត្ថភាព

ព័ត៌មានជាតិ

ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន «ស្លាបសន្តិភាព» បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក និង​ជោគជ័យនៅរាជធានីភ្នំពេញ

2025/08/19 08:39:24 am        331
នារាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី«ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែល​សហការ​រៀបចំ​ឡើងដោយ​មជ្ឈមណ្ឌលកម្មវិធីភាសា​តំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើង យ៉ាង​ឱឡារិក​​នៅរាជធានីភ្នំពេញ។កម្មវិធីនេះរៀបចំឡើងក្រោមវត្តមាន​ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ,ឯកឧត្ដម ឯក សំអុល ប្រធាន​សមាគម​មិត្ត​ភាព​កម្ពុជា-ចិន និងមន្ត្រីរាជការ អ្នក តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិន​វិទ្យាស្ថានខុងជឺ និង​សមាជិក​សភាពាណិជ្ជកម្មចិន រួមទាំង ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន សរុបជាង ២០០នាក់។ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាម​ប្រឆាំងហ្វាស៊ីសនិយម ពិភពលោក ក៏ដូច​ជា​ខួប​លើក​ទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរបានប្រើប្រាស់ទម្រង់ នៃការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បី​បង្ហាញ​ពី​ទស្សនៈ​សន្តិភាព​ ពង្រឹងចំណងមិត្តភាពរវាង​ប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះ នៃ​សាធារណៈ​មតិ​ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា«អ្នកនាំសារសន្តិភាព» ដែលសម្តែងដោយសិស្ស សាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត​បានបង្ហាញពីតម្លៃដ៏វិសេសវិសាល និង ក្តី​ប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការ​សម្តែងសិល្បៈគុនកុងហ្វូចិន និង ក្បាច់​គុន​ល្បុក្ក​តោ​ខ្មែរ​ដើម្បី​បង្ហាញ​ពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។ កម្មវិធីជា​បន្តបន្ទាប់រួមមាន បទ​ចម្រៀង​ “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើច សមុទ្រឆាង” និង​ការ​សូត្រ​កំណាព្យបទ “សង្គ្រាមនិងសន្តិភាព” ដែលទាំងអស់នេះ​បានបង្ហាញពីភាពស្រស់ស្អាត នៃ​វប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព ។ របាំ “ព្រាបសន្តិភាព” របស់ ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ ពីអនាគតដ៏ស្រស់បំព្រង ហើយ​ចម្រៀង ​បទ“សូមឱ្យពិភពលោក ពោរពេញដោយក្តីស្រឡាញ់” ដែល ច្រៀងដោយ សភា​ពាណិជ្ជ​ក​ម្ម​ចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺ ជាមូលដ្ឋានគ្រឹះ សម្រាប់​ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជនកម្ពុជាស្រឡាញ់ និងការពារសន្តិភាព និងឱ្យ​តម្លៃ កាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាពមេត្រីភាព និងមានភាពទាក់ទាញ។ រយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣លាន ៧សែន ១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៦៩ម៉ឺននាក់ កើនឡើង ៤៨.២ភាគរយ ។ ប្រទេសកម្ពុជាត្រដាង “ស្លាបសន្តិភាព ” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេស កម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បាន ថ្លែងសុន្ទរកថា ក្នុង កម្ម​វិធី​ថា​ឆ្នាំ​នេះ​ជា​ខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ មាន​ភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែងហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និងសិល្បៈ គឺជាស្ពាន មួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀប​ចំ​កម្ម​វិធី​សម្ដែង​សិល្បៈ​នេះ​ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែល នេះមិន​ត្រឹម​តែ​ជាកា​ររំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាព​ដ៏​ជ្រាល​ជ្រៅ​រវាង​ប្រទេសទាំងពីរ​ព្រម​ទាំង​ជា​សេចក្តី​ប្រកាស​ដ៏​ម៉ឹងម៉ាត់​អំពី​តម្លៃ​សន្តិភាព​ដែល​ប្រជាជន​ប្រទេស​ទាំង​ពីររួមគ្នាការពារផងដែរ។ “សន្តិភាព គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុត​របស់​មនុស្ស​ជាតិ”។ ភ្ញៀវកិត្តិយសជាង ២០០នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ “ស្លាប​សន្តិភាព” នេះរួមគ្នា ដើម្បីបង្ហាញនូវ “ការរលាស់ស្លាប” ដែលជានិមិត្តរូបនៃសន្តិភាព ហើយ​ក៏​បាន​បម្លែង​ខ្លឹមសារសំខាន់នៃ “ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព” ទៅ​ជា​សេចក្តី​ប្រកាស​ដែល​មើល​ឃើញ​ឆ្លងផុតរបាំងភាសា។ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹង​ចំពោះ​អនាគត​ដ៏​ស្រស់​បំព្រង​តាមរយៈតន្ត្រី និងរបាំ។ ភ្ញៀវកិត្តិយស និងទស្សនិកជនបា​នលើ​កឡើ​ង​ថា​កម្ម​វិធី​សម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និងរៀន​សូត្រ​វប្បធម៌​ទៅ​វិញ​ទៅ​មក នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នា កសាងសន្តិភាព និងមិត្តភាពផងដែរ៕

សម្ដេចតេជោ៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជា បានដូចគ្នាដែរ

2025/08/19 07:24:47 am        77
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៨ ខែសីហានេះ បានបង្ហោះសារ លើកឡើងថា តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។សម្ដេចតេជោបានថ្លែងថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។សម្ដេចតេជោបន្តថា ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញ ដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?

រដ្ឋមន្រី្តក្រសួងសុខាភិបាល បានរំលឹក «ក្នុងស្មារតីស្នេហាជាតិ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែង និងសាមគ្គីគ្នា បំពេញការងារឱ្យកាន់តែខ្លាំងឡើងៗ»

2025/08/18 07:51:14 pm        156
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជំរុញឱ្យថ្នាកដឹកនាំគ្រប់ផ្នែកទាំងអស់ ដើរស្របតាមគោលនយោបាយក្រសួង និងរាជរដ្ឋាភិបាល ដោយយកទៅអនុវត្ត ផ្សព្វផ្សាយ ហើយកែច្នៃឱ្យធ្វើក្លាយជាប្រយោជន៍ និងកាន់តែច្បាស់លាស់ទៅតាមកាលវេលា ក្នុងអង្គសុខាភិបាលតែមួយ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីស្ថានភាពនៅព្រំដែន ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវខិតខំបន្តសកម្មភាពឱ្យកាន់តែល្អប្រសើរឱ្យគ្រប់ស្ថានភាព បង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ជាពិសេសនៅតាមបណ្តាខេត្តព្រំដែន និងបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក្នុងការពិនិត្យថែទាំសុខភាពប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យ ដែលបានខិតខំក្នុងស្មារតីទទួលខុសត្រូវ មោះមុត ជាគំរូល្អ ក្នុងការចូលរួមបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងមន្ទីរសុខាភិបាលខេត្តដែលចូលរួមជួយគាំទ្រដល់ខេត្តកំពុងមមាញឹក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងស្ថានភាពជួបការលំបាកនេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពសាធារណៈ ដោយត្រូវយកចិត្តទុកដាក់បង្កើនការផលិតសារអប់រំ ជំងឺឆ្លង ដូចជា៖ ជំងឺគ្រុនឈាម និងការពុលចំណីអាហារ និងផ្សព្វផ្សាយសារអប់រំសុខភាព តាមគ្រប់មធ្យោបាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហាសុខភាពសាធារណៈដូចជា អាហារូបត្ថម្ភកុមារ កម្មវិធីចាក់ថ្នាំបង្ការ សុខភាពបរិស្ថាន ដោយត្រូវសហការគ្នាជាមួយផ្នែកពាក់ព័ន្ធឱ្យបានជិតស្និត នៅគ្រប់ស្ថានភាព៕អត្ថបទ រដ្ឋា 

​​សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ផ្ទះមួយខ្នង ដីមួយហិចតា ជូនឪពុកម្តាយទ័ពជួរមុខប្រចាំការនៅប្រាសាទតាក្របី

2025/08/18 06:14:54 pm        496
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក វេ គឹមសុីម នាយការិយាល័យបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្តបាត់ដំបង បានដឹកនាំក្រុមការងាររួមមាន លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ, លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ព្រមទាំងមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះ ប្រគល់ផ្ទះ១ខ្នង និងដីទំហំ ១ហិចតា ជូនឪពុកម្តាយ លោកព្រិន្ទបាលទោ ទី ភាព ជាយុទ្ធជន នៅវរសេនាតូចលេខ២៥១ ចំណុះកងពលតូចលេខ៥ ឈរជើងនៅប្រាសាទតាក្របី កងទ័ពជួរមុខប្រចាំការនៅទិសប្រសាទតាក្របី ដែលគ្មានផ្ទះ និងដីរស់នៅផ្ទាល់ខ្លួន សព្វថ្ងៃរស់នៅចំណីមាត់អូរស្ថិតនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ផ្ទះដែលប្រគល់ជូនគ្រួសារកងទ័ពខ្វះខាតនៅពេលនេះជាអំណោយថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។ បន្ថែមលើនេះ ឪពុកម្តាយ លោកព្រឹន្ទបាលទោ ទី ភាព ក៏ទទួលបានអំណោយពីកាកបាទក្រហមសាខាស្រុកគាស់ក្រឡ និង ស.អ.កខេត្ត រួមមាន៖ មី ៣កេសតូច ត្រីខ ៣យួរ ទឹកសុីអុីវ ២យួរ ទឹកត្រី ២យួរ ប្រេងកូឡា ២ដប អង្ករ ៥០គីឡូក្រាម ឆ្នាំង២ ចាន ស្លាបព្រាវែក ពាងទឹក២ និងថវិកាមួយចំនួនផងដែរ ។

កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់

2025/08/18 05:20:58 pm        471
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀមបទឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួន ហើយមួយវិញទៀតត្រូវតែធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈរហូតដល់ពេលនេះគឺមានរយៈពេល២០ថ្ងៃហើយ ដែលថៃចាប់ពួកគាត់ដោយខុសច្បាប់នោះ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានផ្តាំទៅភាគីថៃគប្បីគោរពឲ្យបានម៉ឺងម៉ាត់ បំផុតនូវបទឈប់បាញ់ ដែលបានព្រៀមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ខណៈ ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) វានឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនកម្ពុជា និងថៃចង់បានប៉ុណ្ណោះទេសូម្បីតែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ។ យ៉ាងណាក៏ដោយតាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃលើកទី៣នេះ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ត្រូវធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗខាងមុខនេះដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរងចាំទាំងយប់ទាំងថ្ងៃ អស់រយៈពេល២០ហើយក្រោយភាគីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។  ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការពារជាតិ ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។ ជាមួយគ្នានេះកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ៕អត្ថបទ ៖ បាន ចក់

ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយគ្របដណ្ដប់ស្ទើរទូទាំងខេត្ត

2025/08/18 05:12:52 pm        128
សៀមរាប៖អស់រយៈពេលជាង២០ឆ្នាំ ក្នុងដំណើរការអនុវត្តកម្មវិធីផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន មកដល់បច្ចុប្បន្នបានពង្រីកវិសាលភាពកាន់តែល្អប្រសើរ រហូតគ្រប់ដណ្ដប់ស្ទើរទូទាំងខេត្តសៀមរាប ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱ្យកុមារមានបញ្ញាស្មារតីក្នុងការសិក្សារៀនសូត្រ។ នេះបើតាមការបញ្ជាក់របស់ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។លោក លី ប៊ុនណា បានបង្ហាញថា ខេត្តសៀមរាបជាខេត្តគោលដៅមួយ ក្នុងចំណោមបណ្តាខេត្តជាច្រើនទៀតនៅកម្ពុជា ដែលបានអនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកសម្រាប់កុមារនៅតាមសាលារៀនតាំងពីឆ្នាំសិក្សា២០០៤មកម្ល៉េះ តាមបណ្តាស្រុកគោលដៅចំនួន៥ ស្មើ៩៩សាលា ក្នុងខេត្តសៀមរាប។ កម្មវិធីនេះផ្តោតការយកចិត្តទុកដាក់ លើបញ្ហាអសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទៅលើចំណីអាហាររបស់កុមារ និងបង្កើនអត្រារៀនសូត្ររបស់កុមារប្រកបដោយសមធម៌ និងគុណភាព។ លោកប្រធានមន្ទីរ បានឱ្យដឹងថា ដំបូងឡើយកម្មវិធីផ្តល់អាហារទទួលបានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក WFP នៅក្នុងស្រុកគោលដៅរួមមាន៖ ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ស្រីស្នំ និងស្រុកវ៉ារិន ដោយសិស្សានុសិស្សទទួលផលប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០២៥នេះ បានពង្រីកវិសាលភាពគ្រប់បណ្តាស្រុកទាំង១២ ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ដែលមានសិស្សទទួលផលរហូតដល់១០ម៉ឺននាក់ នៅតាមសាលារៀនចំនួន៣៤៦ ខណៈគម្រោងនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការដៃគូរមួយចំនួន។សូមជម្រាបថា កម្មវិធីផ្តល់អាហារសម្រាប់កុមារតាមសាលារៀន មានគោលបំណងបង្កើនសេវាទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន រក្សាកំណើនសិស្សមតេ្តយ្យ និងបឋមសិក្សាឱ្យបានគង់វង្សល្អ។ បង្កើនការអភិវឌ្ឍ ធនធានកុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍ តាមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ តាមរយៈការលើកកម្ពស់ឱ្យទទួលបានអាហារចម្រុះ កាត់បន្ថយភាពស្រេកឃ្លាន ក្នុងរយៈពេលខ្លី។ រួមចំណែកក្នុងការបង្កើនផលិតភាពស្បៀង ឱកាសរកប្រាក់ចំណូលសម្រាប់ អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករខ្នាតតូចតាមមូលដ្ឋាន៕ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មគាំទ្រគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

2025/08/18 05:05:05 pm        156
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃនិងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

ឯកឧត្តម ហេង រតនា៖គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះដែរ

2025/08/18 04:58:55 pm        240
ភ្នំពេញ ៖បន្ទាប់ពីប្រទេសថៃបានយកគ្រាប់មីនទៅតាំងបង្ហាញឱ្យគណប្រតិភូចំនួន៣៣ប្រទេស និងដៃគូមួយចំនួនទៀតពិនិត្យមើល កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអះអាងថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី មិនមែនជាគ្រាប់មីនយកចេញពីចំការមីននោះទេ។ ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ឋប្រឆាំងនឹងគ្រាប់មីន «កម្ពុជាស្រលាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមបន្តថា គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ។ លើសពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា មីនប្រភេទ PMN-2ដែលប្រទេសថៃដាក់បង្ហាញនោះ គឺផលិតនៅទស្សន៍វត្ស ឆ្នាំ១៩៧០ ហើយប្រភេទមីននេះ ធ្លាប់បាននាំចូលក្នុងប្រទេសកម្ពុជានៅទស្សន៍វត្សឆ្នាំ១៩៨០ ហើយក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាព ក៏បានកម្ទេចចេញពីក្នុងស្តុកអស់តាំងពីឆ្នាំ១៩៩០មកម្លេះ ហើយក៏មានអន្តរជាតិបានមកត្រួតពិនិត្យច្បាស់លាស់ផងដែរ៕​ជាការកត់សំគាល់ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។ យ៉ាងណាក្តី ដើម្បីទប់ទល់នឹងការចោទប្រកាន់នេះ អាជ្ញាធរមីន និងក្រសួងការបទេសកម្ពុជាជាដើមនោះ តែងតែចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប និងផ្ញើលិខិតទៅប្រធានអនុសញ្ញាអូតាវ៉ាដើម្បីបញ្ជាក់ពីការពិត។អត្ថបទ៖ទូច សោភ័ណ

រដ្ឋបាលក្រុងស្វាយរៀងនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរកងទ័ពនៅសមរភូមិជួរមុខនិងជនភៀសសឹក

2025/08/18 04:48:16 pm        102
ស្វាយរៀង ៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលប្រមូលបានពីសប្បុរសជន ក្នុង និងក្រៅខេត្ត ត្រូវបានរដ្ឋ បាលក្រុងស្វាយរៀង ដឹកនាំដោយលោក យូ ប៊ុន្នី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ណុប ចំរើន អភិបាលក្រុង នាំយកទៅ ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ និងជនភៀសសឹក កាលពីថ្ងៃចុងសប្តាហ៍មុននេះ ។​លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលក្រុងនាំយកទៅចែកផ្ដល់ជូន ដល់វីរកងទ័ពឈរជើងការពារសមរភូមិជួរមុខ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នេះ ជាអំណោយ លើកទី៣ បន្ទាប់ពីរដ្ឋបាលក្រុងបានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជន។ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង លោកបានថ្លែងនូវព្រះអំណរគុណ និងសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំ ពោះព្រះតេជគុណ សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុកម៉ែ អ៊ំមាមីង បងប្អូន អាជីវករ និងពលរដ្ឋទាំង អស់ ដែលមានសទ្ធា ទឹកចិត្តជ្រះថ្លា ប្រកបដោយឆន្ទៈ មនសិការ ស្នេហាជាតិ មាតុភូមិ ក្រោមការដឹកនាំរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ពិសេសអំ ណោយទាំងអស់ បានបរិច្ចាគចេញពីទឹកចិត្តស្មោះស្ម័គ្រ និងការគោរពគាំទ្រចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់ យើង ដែលយកអាយុជីវិត ឈរជើង នៅតាមតំបន់ព្រំដែន ក្នុងការការពារដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ៕អត្ថបទ ៖ ភា សារិទ្ធ

ឯកឧត្តមបណ្ឌិត ងី មានហេង បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋរួមគ្នាលុបបំបាត់ជម្រកមូសខ្លា

2025/08/18 04:32:25 pm        152
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។​ឯកឧត្តម បណ្ឌិត ងី មានហេង បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលមនុស្សត្រូវប្រុងប្រយ័ត្នក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះមិនចម្លែកទេដែលក្នុងមួយឆ្នាំៗមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម។ ដូច្នេះត្រូវដឹងពីជំងឺ និងការពារបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះក្រុមការងារមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ តែងតែចុះផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា តាមសហគមន៍ងាយរងគ្រោះ ដោយធ្វើដំណើរដើរពីផ្ទះមួយ ទៅផ្ទះមួយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដ្ឋបាលខណ្ឌនានា នៅជាយរាជធានីភ្នំពេញ ដែលមិនឋិតនៅកណ្តាលក្រុង ជាប្រចាំ ក្រៅពីនោះក៏មានសារអប់រំសុខភាព ដែលមានដាក់តាំងនៅតាមមណ្ឌលសុខភាពទាំង៤៣កន្លែង និងមនី្ទរពេទ្យបង្អែកនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា។ ក្នុងនាមប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លា ជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបេតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។​សូមបញ្ជាក់ផងដែរថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី រួមជាមួយនិងអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ និងមន្រី្តសុខាភិបាល ត្រូវចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អ ក្នុងការប្រយុទ្ធទប់ស្កាត់ នឹងជំងឺគ្រុនឈាម និងសូមជំរុញលើទឹកចិត្តដល់អាជ្ញាធរ ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Kobbie Mainoo បន្តកុងត្រាថ្មីជាមួយ Manchester United ដល់ឆ្នាំ ២០៣១
05/01/2026 01:05 PM
Ashley Young សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ក្នុងវ័យ ៤០ ឆ្នាំ
05/01/2026 01:05 PM
សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា
05/01/2026 12:05 PM
អ៊ុយក្រែន បន្តវាយប្រហារដោយយានដ្រូនលើកំពង់ផែ Tuapse របស់រុស្ស៊ី ជាលើកទីបួន
05/01/2026 12:05 PM
ក្រសួងអប់រំ ចង់ឃើញការប្រែប្រួលនៃកីឡាសិស្សបឋមសិក្សា សម្រាប់ជាប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កីឡាជាតិ
05/01/2026 12:05 PM
សម្តេចធិបតី៖ ក្រុមហ៊ុនចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស គឺមិនចាំស្នើសុំ EIA ម្ដងទៀតនោះទេ
05/01/2026 12:05 PM
សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ
05/01/2026 12:05 PM
សេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ អាចបង្ហាញថាមានភាពធន់ទៅនឹងការបិទផ្លូវទឹករបស់លោក Trump
05/01/2026 12:05 PM
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាប់គាំងនៅព្រំដែនប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី
05/01/2026 12:05 PM
ស្ថានទូតអ៊ីរ៉ង់ ច្រានចោលដែលថាខ្លួនជាប់ពាក់ព័ន្ធជាមួយ «សកម្មភាពហិង្សា និងឧបទ្ទវហេតុ» នៅអង់គ្លេស
05/01/2026 11:05 AM