អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

2025/08/19 06:19:09 pm        165
ភ្នំពេញ ៖ នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ សម្ដេចក៏បានពិភាក្សា​ អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

ក្រសួងការងារ​បន្តយុទ្ធនាការថ្ងៃទី២ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ខណៈថ្ងៃទី១បានចុះដល់រោងចក្រសហគ្រាស និងក្រុមហ៊ុនចំនួន ២៥២ ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម

2025/08/19 05:52:34 pm        180
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិក ជាច្រើនទីតាំងបន្ថែមទៀត នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាង អ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ខណៈយុទ្ធនាការថ្ងៃទី១ បានចុះទៅដល់សហគ្រាស រោងចក្រ និងក្រុមហ៊ុនសរុបចំនួន ២៥២ ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃ ឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករ។ មិនតែប៉ុណ្ណោះ ការចុះទៅកាន់សហគ្រាស ក្រុមហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ ក៏ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូនពលករខ្មែរដែលទើបទទួលបានការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផងដែរ។បន្ថែមពីនេះ យុទ្ធនាការថ្ងៃទី២ ក្នុងការជួយចុះឈ្មោះរកការងារជូនពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនេះ នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការដំបូងរបស់ពលករ និងសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយ ដើម្បីបង្កភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ។ លើសពីនេះ ក្រសួងបានជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក៕

មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេស៖និស្សិតម្នាក់ជាទូតសុច្ឆន្ទៈម្នាក់របស់កម្ពុជា ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អរិយធម៌ និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

2025/08/19 05:42:45 pm        148
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ បានជួបអបអរសាទរ និងសំណេះសំណាលជាមួយនិស្សិតខ្មែរចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ នៅប្រទេសហុងគ្រី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗ ក្មួយៗជានិស្សិតដូចខាងក្រោម៖១. ខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង ជំនាញឯកទេស និងបច្ចេកវិទ្យា ឱ្យបានខ្លាំងបំផុត។២. ថែរក្សាសុខភាព សុវត្ថិភាព និងកុំចំណាយពេលវេលាធ្វើរឿងឥតប្រយោជន៍។៣. និស្សិតម្នាក់ជាទូតសុច្ឆន្ទៈម្នាក់របស់កម្ពុជា (Cambodia Brand Ambassador - BA) ដែលចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អរិយធម៌ សម្បត្តិមរតក ផលិតផលខ្មែរ និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។៤. រៀនចប់ត្រឡប់មកមាតុភូមិវិញ ប្រទេសជាតិយើងត្រូវការធនធានមនុស្សលើគ្រប់វិស័យដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន រុងរឿង និងសម្បូរសប្បាយ។៥. មានគំនិតស្នេហាជាតិមាតុភូមិកម្ពុជា មានសាមគ្គីភាពជាតិ សុចរិតធម៌ យុត្តិធម៌ និងទឹកចិត្តមនុស្សធម៌ (ចេះជួយយកអាសាជនរងគ្រោះ និងជនស្លូតត្រង់ទន់ខ្សោយ)។

កម្ពុជា-ហ្វីលីពីននឹងពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគី តាមឃ្យូអរកូត​(QRCode)ឆាប់ៗ

2025/08/19 05:04:15 pm        594
កម្ពុជា-ហ្វីលីពីន នឹងពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគីតាមឃ្យូអរកូត(QRCode) ដែល​​គ្រោងដាក់ឱ្យដំណើរការក្នុងពេល ឆាប់ៗខាងមុខ ដើម្បីជួយ​សម្រួល​ដល់​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម និងទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Bohol ប្រទេសហ្វីលីពីន ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បាន​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនា​ទាន​ និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំង​ពីរ​បាន​ឯកភាព​លើ​កិច្ច​សហការ​ពន្លឿន​ការ​តភ្ជាប់​គម្រោង​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី តាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយ​សម្រួល​ដល់​ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជន នៃ ប្រទេសទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត និងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និង​បដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ស្របតាមបរិបថសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។ជុំវិញការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជានេះ, ក្នុងនោះប្រព័ន្ធបាគង ត្រូវបានមជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​ទទួលស្គាល់ថា បាន បង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជា​ពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយ ចំណាយ និង​ហានិភ័យ​ក្នុង​ប្រតិបត្តិកា​រ​ទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធ​ភាពខ្ពស់​។ លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការ ទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែនជាមួយ៕

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹង​បើក​ឱ្យ​បេក្ខជន​ប្រឡង​បាក់ឌុប ឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥) សម្រួលដល់ការធ្វើដំណើរ

2025/08/19 04:54:40 pm        730
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ​នឹង បើកឱ្យ​សិស្សា​និស្សិស​បេក្ខជន​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប) សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និង​មាតា​បិតា​សិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាព​ដល់ក្មួយ​ៗ​បេក្ខជន​ប្រឡង។កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ៖១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : - បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង)៕

ក្រសួងការបរទេសកម្ពុជា៖ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជាមិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជាដែលមានចែងក្នុងធម្មនុញ្ញ UN ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង

2025/08/19 04:43:57 pm        435
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៩ ខែសីហានេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញក្ដីព្រួយបារម្ភចំពោះ ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ដោយចាត់ទុកថា ទង្វើនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជាមានចែងក្នុងធម្មនុញ្ញ UN ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរទៀតផង។ តាមសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេស កម្ពុជា បានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី ស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។ក្រសួងការបរទេស កម្ពុជាចាត់ទុកថា ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀតប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។ក្រសួងការបរទេសកម្ពុជាលើកឡើងថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ៕

ឯកឧត្តម Anwar Ibrahim ជួបពិភាក្សាជាមួយសម្ដេចធិបតីតាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ

2025/08/19 04:02:38 pm        591
ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ថ្ងៃនេះឯកឧត្តមបានជួបពិភាក្សាជាមួយសម្ដេចធិបតី តាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។ របស់ ឯកឧត្តម Anwar Ibrahim បានថ្លែងថា៖«ខ្ញុំបានថ្លែងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ»។របស់ ឯកឧត្តម Anwar Ibrahim បានលើកឡើងថា តាមរយៈកិច្ចពិភាក្សា ឯកឧត្តម និងសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងអំពី ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលបាននឹងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅលើតំបន់ព្រំដែននៃប្រទេសទាំងពីរ និងបានពិភាក្សាបន្ថែមលើជំហានផ្សេងទៀតដែលអាចត្រូវបានយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការត្រួតពិនិត្យលើកិច្ចព្រមព្រៀងបទឈប់បាញ់៕

អតីតពលករមកពីថៃ កំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃពីកម្មវិធីរបស់រាជរដ្ឋាភិបាល

2025/08/19 12:44:56 pm        692
គិតមកដល់ពេលនេះពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញមានចំនួនជាង ៩២ ម៉ឺននាក់។ ក្នុងនោះអ្នកដែលទទួលការងារថ្មីធ្វើជាង ៦ ម៉ឺននាក់ និងអ្នកដែលចាប់អារម្មណ៍ចង់ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាង ៣ ម៉ឺននាក់ ខណៈពលករមួយចំនួនបានកំពុងទទួលការបណ្តុះបណ្តាលជំនាញយ៉ាងយកចិត្តទុកដាក់ និងដោយឥតគិតថ្លៃ តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាគោលនយោបាយរបស់រាជារដ្ឋាភិបាល ១,៥ លាននាក់ (TVET 1,5M)នេះ។លោក ឈួន សារួន អតីតពលករមកពីប្រទេសថៃ បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានប្រាប់ ប៊ីធីវី ឱ្យដឹងថា មុនពេលោកបានចូលរៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបានទៅធ្វើការងារនៅប្រទេសថៃរយៈពេល១ឆ្នាំកន្លះ ដោយសារការអូសទាញពីបងប្អូន។ លោកបានបន្តថា លោកធ្វើការងារនៅប្រទេសថៃ ខាងផ្នែកសំណង់ ទទួលបានប្រាក់ឈ្នួលចំនួន ៤០០ បាត ស្នើនឹងប្រមាណជាង៤ម៉ឺនរៀល ក្នុងមួយថ្ងៃដោយមិនបូករួមទាំងថ្លៃអាហារហូបចុកការស្នាក់នៅ និងរបបថែទាំសុខភាពនោះទេ។លោក សារួន បានឱ្យដឹងថា ដោយសារបញ្ហាជម្លោះព្រំដែន និងក្តីបារម្ភអំពីសុខសុវត្ថិភាព លោកក៏បានវិលត្រឡប់មកស្រុកកំណើតវិញអំឡុងខែមិថុនា រហូតមានការណែនាំពីសាច់ញាតិឱ្យចុះឈ្មោះចូលរៀនជំនាញផ្នែកម្ហូបអាហារ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែន ដើម្បីទទួលបានជំនាញមួយពិតប្រាកដ និងងាយស្រួលស្វែងរកការងារ ឬក៏បើកជាអាជីវកម្មផ្ទាល់ខ្លួនមួយដើម្បីមានប្រាក់ចំណូល និងពុំចាំបាច់ធ្វើការចំណាកស្រុកដូចមុនទៀត។ចំណែក លោក កើត ធឿន ជាអតីតពលករមកពីថៃដូចគ្នា និងបច្ចុប្បន្នកំពុងរៀនជំនាញផ្នែកធុរកិច្ចភេសជ្ជៈ នៅវិទ្យាស្ថាន NIEI នេះដែរ បានលើកឡើងថា ដោយសារលោកទទួលបានព័ត៍មានផ្សព្វផ្សាយរបស់ក្រសួងការងារ អំពីការរៀនជំនាញដោយឥតគិតថ្លៃ ដូច្នេះលោកបានសម្រេចចិត្តចុះឈ្មោះដើម្បីបានរៀនជំនាញនេះ។ លោកបានឲ្យដឹងថា ពេលមករៀនក្រៅពីការរៀនមិនអស់ប្រាក់ លោកក៏អាចស្នាក់នៅក្នុងសាលាដោយមិនគិតថ្លៃផងដែរ ដោយមានការយកចិត្តទុកដាក់ពីសាលា។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលបានស្នើសុំចុះឈ្មោះដើម្បីរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) មានចំនួនសរុបជាង ១៣ ម៉ឺន ២ពាន់នាក់។ ក្នុងនោះមានសិស្សកំពុងសិក្សាមានចំនួនជាង ៣ម៉ឺន ២ពាន់នាក់។ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួនជាង ៥ ម៉ឺននាក់។ ហើយសិស្សមានការងារធ្វើចំនួនប្រមាណជាង ២ម៉ឺន ៥ពាន់នាក់។ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារថ្មី ឬចង់រៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) ដោយឥតគិតថ្លៃ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ Hotline 1297៕អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម ហ៊ុន ម៉ានី៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»

2025/08/19 12:31:43 pm        299
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៩ ខែសីហានេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកបញ្ជាក់ជាថ្មីថា «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»។ ឯកឧត្តម បានលើកឡើងថា ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី (ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។ឯកឧត្តមបានបន្តថា ជាក់ស្តែង កិច្ចប្រជុំពិសេសរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន រួមជាមួយតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាសាក្សី នាថ្ងៃទី២៨ ខែកក្កដា បានសម្រេចបានការនូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅយប់ម៉ោង០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំបានបើកច្រកបន្តដល់ការរៀបចំឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្ត (ថ្ងៃទី០៧ ខែសីហា) ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងគោលដៅរក្សាឱ្យបាននូវភាពស្ងប់ស្ងាត់ និងអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្ពុជា បើកចំហច្រកការទូតគ្រប់កម្រិត ប្រកបដោយដោយភាពបុរេសកម្មក្នុងនោះរួមមាន ការសម្របសម្រួលផ្តល់ព័ត៌មានអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ តាមរយៈការធ្វើបទបង្ហាញដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអន្តរជាតិជាប្រចាំ និងការដឹកនាំគណៈប្រតិភូ អង្គទូត និងអនុព័ន្ធយោធាទៅពិនិត្យ សង្កេតការណ៍ ដោយផ្ទាល់នៅទីតាំងរងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ និងស្ថានភាពជនភៀសសឹក។ ថ្មីៗនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏បានជួបប្រជុំក្រៅផ្លូវការជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ កាលពីថ្ងៃទី១៤ ខែសីហា នេះផង ដែលបានបង្ហាញនូវសុឆន្ទៈរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព នៃតំបន់ព្រំដែនត្រលប់មកវិញ តាមគ្រប់មធ្យោបាយ។ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពខាងលើនេះ បានសរបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសមរភូមិការទូតយ៉ាងណែន ដើម្បីការពារផលប្រយោជន៍ជាតិ និងបង្ហាញនូវភាពត្រឹមត្រូវរបស់កម្ពុជាលើឆាកអន្តរជាតិ។ អ្វីៗដែលរាជរដ្ឋាភិបាលកំពុងធ្វើ បានបង្ហាញភាពខ្លាំងរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរួបរួមគ្នាជាធ្លុងមួយរបស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរបន្តជឿជាក់ និងគាំទ្រចំណាត់ការដ៏ម៉ឹងម៉ាត់ ប្រាកដនិយម និងច្បាស់លាស់ប្រកបដោយការគិតគូរល្អិតល្អន់ឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលដើម្បីនាំមកនូវស្ថានភាព ប្រក្រតីភាព និងសុខសន្តិភាពពេញលេញឡើងវិញឱ្យបានឆាប់រហ័ស៕

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម៖ និសិ្សតជ័យលាភីអាហារូបករណ៍នឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃបំផុតចូលរួមកសាងសង្គម សេដ្ឋកិច្ចកម្ពុជា

2025/08/19 12:17:25 pm        430
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានអនុញាតឧ្យក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចំនួន ៤៧រូប ដឹកនាំដោយលោក ឆៃ ប៉េងស្រ៊ន់ ចូលជួបសំណេះសំណាល់និងទទួលអនុសាសន៍ណែនាំមុនចេញដំណើរទៅសិក្សានៅប្រទេសទំាងពីរខាងលើ។ លោក ឆៃ ប៉េងស្រ៊ន់ តំណាងក្រុមនិសិ្សតជ័យលាភី បានប្រសាសន៍ឧ្យដឹងថា អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) គឺជាអាហារូបករណ៍មួយដែលរដ្ឋាភិបាលកូរ៉េផ្តល់ជូននិស្សិតបរទេសសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ ឧត្តមសិក្សា (ថ្នាក់អនុបណ្ឌិត ឬ បណ្ឌិត) ផ្តល់ជូននិស្សិតបរទេស ២២០០នាក់ មកពី១៦០ ប្រទេស។ សម្រាប់ឆ្នាំ២០២៥ មាននិស្សិតកម្ពុជា ជាប់អាហារូបករណ៍ GKS ចំនួនចំនួន ៤៧រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៤៥រូប និងបណ្ឌិត ០២រូប ក្នុងនោះមានស្ត្រី ៦៤% និងបុរស ៣៦ ដែលសិក្សានៅ ២៨ សាកលវិទ្យាល័យផ្សេងគ្នា លើ ៣៦ មុខជំនាញ មានវិស្វកម្ម បច្ចេកវិទ្យាវិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម ស្ថាបត្យកម្ម បញ្ញាប្បនិម្មិត្ត AI វិទ្យាសាស្ត្រកុំព្យូទ័រ អប់រំភាសាកូរ៉េ វិទ្យាសាស្ត្រម្ហូប អាហារ ទំនាក់ទំនងអន្តរជាតិ វិស្វកម្មកុំព្យូទ័រ គ្រប់គ្រងអាជីវកម្ម រដ្ឋបាលសាធារណៈ ជាដើម។ ដោយឡែក អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (Ministry of Education, Culture, Sports, Science and Technology in Japan, MEXT) មាននិស្សិតចំនួន ២ រូប បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ intergrade program (master-doctor) ក្នុងម្នាក់ជានារី និងម្នាក់ជាបុរស សិក្សាលើមុខជំនាញ វិស្វកម្មធនធានទឹក និងវិស្វកម្មសំណង់ស៊ីវិលនិងបរិស្ថាន។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងការអបអរសាទរបស់ សម្តេចរដ្ឋសភាធិបតី ជូនចំពោះក្មួយៗជានិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានជ័យលាភីអាហារូបករណ៍នៅក្នុងឱកាសនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងការកោតសរសើរចំពោះក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារហូតទទួលបានជោគជ័យ ជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារនិងប្រទេសជាតិផងដែរ។ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានថ្លែងអំណរគុណនូវគំនិតផ្តួចផ្តើមក្នុងការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនានា ដើម្បីស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទទួលយកនៃការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំ សមនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍”។ក្នុងនាមរដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាលនិងប្រជាជនសាធារណរដ្ឋកូរ៉េ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍ ដល់សិស្ស និស្សិត កម្ពុជា បានសិក្សា ដែលជាកសាងធនមនុស្សមួយដ៏មានតម្លៃបំផុត ចូលរួមកសាងសង្គម សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១។ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំដល់និសិ្សតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ ជាពិសេសការសិក្សាស្រាវជ្រាវលើមុខវិជ្ជាសិក្សានីមួយៗ និងរបបគំហើញថ្មីៗ នាំយកចំណេះវិជ្ជាមកបម្រើប្រទេសជាតិ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បង្ហាញក្តីសង្ឃឹមមុតមាំថា និសិ្សតជ័យលាភីទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមកសាងនិងអភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត់។ ក្រុមនិស្សិតជ័យលាភី បានថ្លែងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍បានចួលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ ជាមួយគ្នានេះក្រុមនិស្សិតទំាងអស់ បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM