អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

គិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំ២០២៥ ស្ពានឆ្លងកាត់​ទន្លេបាសាក់​(ចាក់អង្រែ​ក្រោម-ព្រែកប្រា) សាងសង់បាន៤១% ហើយ ខណៈគម្រោងនេះត្រៀម​បញ្ចប់​នៅ​ដើម​ឆ្នាំ២០២៨​ខាងមុខ

2025/08/19 12:03:53 pm        489
គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​(ចាក់​អង្រែ​ក្រោម​-ព្រែកប្រា)សាងសង់បាន៤១% ហើយ ខណៈគម្រោងនេះត្រៀម​បញ្ចប់​នៅ​ដើម​ឆ្នាំ២០២៨​ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃនេះ។តាមរយៈហ្វេសប៊ុក​នៅព្រឹកថ្ងៃទី១៩សីហានេះ ឯកឧត្ដម ផន រឹម បានបញ្ជាក់ផងដែរថា ស្ពាន​នេះ​បើក​ការដ្ឋាន​សាងស​ង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​រប​ស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីត​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា។ ពេល​នេះការ​ដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ច​សន្យា​បច្ចេក​ទេស ​ប្រកបដោយគុណភាព និងសោភណ័្ឌភាព។ អង្គភាព​គ្រប់​គ្រង​គម្រោង​បាន​ពន្លឿន​ការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយ​ហេតុ​ថា​ រដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ ដោយបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹ​ក​ធានា​បី​សុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ។ឯកឧត្ដមបន្តថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេច​បាន​ប្រមាណ ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០​ជើង​តាង ​សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនា​សម្ព័ន្ធ​ក្រោម​ស្ពាន​សម្រេច​បាន២៦,១២% រួមមាន៖តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរ​ស្ពាន​ ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រម​ទាំ​ងការងារសំខាន់ៗមួយចំនួនទៀត។គិត​ត្រឹម​ដើមខែសីហា ឆ្នាំ២០២៥នេះ ការងារសម្រេចបាន ១៧ខែហើយ ស្មើនឹង ៤០% នៃផែន​ការ​សាង​សង់ ៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ។ គម្រោងនេះ ត្រៀម​បញ្ចប់​នៅ​ដើម​ឆ្នាំ២០២៨ខាងមុខ។ឯកឧត្ដមអ្នកនាំពាក្យបានគូសបញ្ជាក់ផងដែរថា ពេលសាងសង់រួចស្ពាននេះនឹងជួយ​កាត់​បន្ថយ​ការ​កក​ស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌ​ច្បារ​អំពៅ​។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលាន​យន្ត​ហោះ​អន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេស​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ប្រសិទ្ធ​ភាព​នៃកា​រ​ដឹក​ជញ្ជូន​ និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ថែមទាំង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ដង​ទន្លេ​បាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ កម្ពុជារង់ចាំភ្ញៀវទេសចរចិនដែលពោរពេញដោយក្តីស្រឡាញ់ និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើននៅកម្ពុជា

2025/08/19 11:58:55 am        123
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត និងរង់ចាំភ្ញៀវទេសចរចិន ដែលពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។ រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិនគឺជាការបង្ហាញយ៉ាងរស់រវើកនៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ «ស្លាបសន្តិភាព»។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ “ស្លាបនៃសន្តិភាព” រួមចិត្ត រួមដៃ វាសនារួម ដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីស្ថាប័នរដ្ឋ និងឯកជន ព្រះតេជគុណ Yan Shu ប្រធានមជ្ឈមណ្ឌលវប្បធម៌កម្ពុជាសៅលីង, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ នាយកសាលារបាំបុប្ផាទេវី, លោក Lin Shi Qiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការកម្ពុជា-ចិន កម្ពុជា-ចិន ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមកម្មវិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅរៀបចំដោយ CMG «ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន» ក្រោមប្រធានបទ «ស្លាបនៃសន្តិភាព» ពិតជាបានបង្កប់នូវប្រវតិ្តសាស្រ្តដ៏យូរលង់រវាងប្រទេសទាំងពីរ ដែលប្រសព្វគ្នានៅក្នុងវេលាដ៏ល្អមួយនេះ ព្រមទាំងបានពិពណ៌នាអំពីប្រធានបទតែមួយ ដែលជាមរតកដ៏មហិមា គឺតម្លៃនៃសន្តិភាព និងកម្លាំងនៃមិត្តភាពដែកថែប។ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ធ្លាប់បានឆ្លងកាត់ការឈឺចាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍ និងជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលថ្មីៗនេះ ពិតជាអាចឆ្លុះបញ្ចាំងដល់ពិភពលោកថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ស្រឡាញ់ និងឱ្យតម្លៃសន្តិភាពខ្លំាងណាស់ ហើយពិតជាស្រឡាញ់ឱកាសអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាពយ៉ាងខ្លាំង។ ឯកឧត្តមរដ្ឋមន្រ្តីសូមយកឱកាសនេះសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកជំរុញការចរចា រហូតដល់មានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ, ព្រមទាំងមិត្តភក្តិចិននៅកម្ពុជា បានរួមគ្នាជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ជួយឧបត្ថម្ភជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ផងដែរ។ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សូមស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត និងរង់ចាំភ្ញៀវទេសចរចិន ដែលពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិន គឺជាការបង្ហាញយ៉ាងរស់រវើកនៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ «ស្លាបសន្តិភាព»។សុន្ទរកថាគ្រឹះរបស់ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ពីឆ្នាំ២០២៥ ដែលជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាង ប្រទេសទាំងពីរ មានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង មនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន ការរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ គឺដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជននៃប្រទេសទាំងពីររួមគ្នាការពារផងដែរ៕

អ្នកនាំពាក្យអាជ្ញាធរអប្សរា៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ទៅ​ទស្សនា​ខេត្តសៀមរាប​នៅ​រក្សា​បាន​កំណើន បើទោះបីកម្ពុជាជួបសភាពការណ៍ជម្លោះព្រំដែន

2025/08/19 11:38:59 am        392
សៀមរាប៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហានេះថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ​រក្សា​បាន​នូវ​កំណើន​ បើទោះបីសភាពការណ៍ជម្លោះព្រំដែនមានបញ្ហាលំបាក។លោក ឡុង កុសល បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចររបស់ទាំងភ្ញៀវជាតិ និង​អន្ត​រជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និង​ភាព​វិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និង​សេវា​កម្ម​របស់​យើង​ជូន​ភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។ លោក ឡុង កុសល បានបញ្ជាក់ថា៖«តាមស្ថិតិដែលបង្ហាញកំណើនភ្ញៀវទេសចរចិនក៏មាន កំណើន​ភ្ញៀវ​ទេសចរខាងអឺរ៉ុបក៏មាន»។ បើតាម លោក ឡុង កុសល អ្វីដែលអាជ្ញាធរជាតិអប្សរានឹងត្រូវបន្តធ្វើ គឺខិតខំជួសជុល ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ មរតកដូនតាឲ្យកាន់តែល្អប្រសើរ និងឲ្យក្លាយ​ជា​ចំណុច​ទាក់​ទាញ​កាន់​តែ​ខ្លាំង​។លោកបានបន្តថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​យ៉ាង​ច្រើន​កុះ​ករ បានមកទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្ដសៀមរាប ។បើតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហានេះដែរថា ក្នុងរយៈពេល៧​ខែ​ឆ្នាំ​២០២៥​នេះ​ទេសចរ​ចិន​ចំនួន ៥៣ ២៩១ នាក់ បានមកលេងកម្ពុជា ចំនួននេះបានកើនឡើង២១% បើធៀប​នឹង​ឆ្នាំ​មុន ខណៈ​ចិន​គឺ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​គេ​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​។ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា នៅក្នុងខែកក្កដា ចិនគឺជា​ប្រភ​ព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​គេ​សម្រាប់​ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនា​ទីនោះ​។ ឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕

កម្ពុជា និងសហគមន៍អន្តរជាតិ បន្តអំពាវនាវឲ្យថៃប្រគល់ទាហាន១៨នាក់មកវិញ ខណៈពេលនេះ២១ថ្ងៃ ហើយក្រោយថៃចាប់ទៅ

2025/08/19 10:55:41 am        538
កម្ពុជា និងសហគមន៍អន្តរជាតិ នៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈមកដល់ថ្ងៃទី១៩ ខែសីហានេះគឺមានរយៈពេលបីសប្តាហ៍ហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់ កាលពាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥ ស្របពេលកងទ័ពកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នោះ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គិតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ គឺមាន រយៈពេល២១ថ្ងៃគត់ ដែលទាហានថៃបានចាប់ទាហានកម្ពុជាដោយខុសច្បាប់ អំឡុងពេលទាហានកម្ពុជាស្មោះស្ម័គ្រកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះហើយកម្ពុជា សូមបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសារជនរងគ្រោះកំពុងទទឹងរងចាំពួកគេយ៉ាងអន្ទះសារទាំងយប់ទាំងថ្ងៃ។លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិន បានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។ តាមរយៈសន្និសីទសារព័ត៌មាននេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។ លោកជំទាវអ្នកនាំពាក្យ បានលើកឡើងទៀតថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួនពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះ ឲ្យខាងតែបាននាពេលឆាប់ៗនេះ៕  អត្ថបទ បាន ចក់

រយៈពេល៦ខែឆ្នាំនេះ សហគមន៍នេសាទនៅខេត្តតាកែវប្រមូលផលនេសាទបានជិត ១២ ពាន់តោន

2025/08/19 10:44:49 am        423
សហគមន៍នេសាទចំនួន ១៩ កន្លែង និងស្រះជម្រកត្រីចំនួន ៤៨ កន្លែង នៅទូទាំងខេត្តតាកែវ ប្រមូល​ផលនេសាទសរុបបានចំនួន ជិត ១២ ពាន់តោន ក្នុងនោះបង្កងមានចំនួន ២៤ តោន នៅ​ក្នុង​រយៈ​ពេល៦ខែ ដើមឆ្នាំ២០២៥នេះ។ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ លើក​ឡើង​ក្នុង​ពិធី​លែង​ត្រី និងបង្កង នៅស្រុក អង្គរបូរី ខេត្តតាកែវ ថ្មីៗនេះថា ជុំវិញជលផលក្នុងខេត្តតាកែវ នៅ​ក្នុង​រយៈ​ពេល​៦ខែ ដើមឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះល្បាត សរុបចំនួន ១៧៩ លើក ក្នុង​នោះ​បាន​បង្រ្កាប​បទល្មើសមានចំនួន២៧ ករណី និងបញ្ជូនសំណុំរឿងទៅកាន់តុលាការមាន២ ករណី, ចំណែក​ទាក់ទងការនេសាទវិញ ឃើញថា សហគមន៍នេសាទចំនួន១៩ កន្លែង និង​ស្រះ​ជម្រក​ត្រី​ចំនួន​ ៤៨កន្លែង នៅទូទាំងខេត្ត តាកែវ ប្រមូលផលនេសាទសរុបបានចំនួនជិត ១២ ពាន់តោន ក្នុង​នោះ​បង្កងមានចំនួន ២៤ តោន (បង្កងទឹកសាបធម្មជាតិ១៤ តោន និងការប្រមូល​បង្កង​ចិញ្ចឹម​ចំនួន​ ១០តោន។ទាក់ទិនផលិតកម្មវិញ ខេត្តតាកែវមានកសិដ្ឋានសរុបចំនួន ២៣កន្លែង ផលិត​កូន​ត្រី​បាន​ចំនួន​ជាង​ ១៤ លានក្បាល, បង្កង ដៃវែង និងបង្កងអូស្រ្តាលី ៨៥០ ពាន់កូន និងកង្កែប ៣២០ ពាន់​កូន​។​ ចំណែកស្រះចិញ្ចឹមមានចំនួន ៤៨ កន្លែង និង ២០ កន្លែងជា ស្រះចិញ្ចឹមបង្កង។ ដើម្បី​ជំរុញ​ផលិតកម្មជលផលនៅទូទាំងខេត្តឱ្យកាន់តែសម្បូរ, លោក ញ៉ិប ស្រ៊ន ក៏បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ ប្រជាពលរដ្ឋ ចូលរួមចិញ្ចឹមត្រី និងបង្កងជាលក្ខណៈគ្រួសារឱ្យបានច្រើន សម្រាប់​ផល​ប្រយោជន៍​ដល់​សហគមន៍មូលដ្ឋាន ដើម្បីផ្គត់ ផ្គង់ជីវភាពប្រចាំថ្ងៃ និងប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ​។ជុំវិញផលិតកម្មនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និង​នេសាទ​ នៅថ្ងៃទី១៥ ខែសីហា កន្លងមកនេះ បានចុះពិនិត្យកសិដ្ឋានបំប៉ន និងចិញ្ចឹមបង្កង និង​ត្រីប្រា ចំនួន ៦ កន្លែង ក្នុងខេត្តតាកែវ, ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីជំនាញជលផល ជាពិ​សេស​រាជ​រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែបន្តយកចិត្តទុកដាក់ ផ្តល់ការគាំទ្របច្ចេកទេស ដោះស្រាយបញ្ហា និងសំណូមពរនានារបស់វារីវប្បករ ឬ​ម្ចាស់​កសិដ្ឋាន​បង្កាត់​ភ្ញាស់ និងកសិដ្ឋានចិញ្ចឹមត្រី ឱ្យបាន ទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យមានទិន្នផល និង​ទទួលប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។សូមបញ្ជាក់ថា ជុំវិញផលអនុវិស័យទេសាទនេះ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បាន​ព្យាករ​ថា ក្នុងឆ្នាំ២០២៥នេះ ជលផល នៅកម្ពុជានឹងមានកំណើនល្អ ក្រោមការ​រំពឹង​ទុក​នូវ​កំណើន​ផល​ចាប់ទឹកសាប ដែលនឹងត្រូវបានស្តារឡើងវិញ ដោយការដាក់ចេញនូវ វិធានការ​គោល​នយោបាយ​បង្រ្កាបបទល្មើសនេសាទ និងការអភិវឌ្ឍក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធាន​ការ​របស់​រាជ​រដ្ឋាភិបាល និង គាំទ្រពីដៃគូអភិវឌ្ឍនានា ដោះស្រាយជារចនាសម្ព័ន្ធ ដើម្បីភាព​រីក​ចម្រើន​លើ​វិស័យ​នេះ​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារ ជំរុញ​ឱ្យ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ ចាប់​យក​ឱកាស​ពង្រឹង​ទំនាក់ទំនង ​កសាង​កេរ្តិ៍ឈ្មោះ​កម្ពុជាលើឆាកអន្តរជាតិ

2025/08/19 10:28:18 am        339
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លាភីអាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ សម្រាប់​ឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួប​សំណេះសំណាល និងសម្តែង​ការ​គួរសម​ នៅទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥។ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែក​នូវ​គោលនយោបាយ​ទីផ្សារ​ការងារ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពស្វាហាប់និងមានចក្ខុវិស័យវែង​ឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាពុទ្ធិ​បន្ថែម​សម្រាប់​និស្សិត​ជ័យលាភី​កម្ពុជា​ក្នុងការរៀបចំ​ជណ្តើរអាជីព​របស់ខ្លួន និង​ជាទុន​ក្នុង​ការបង្កើត​ទំនាក់ទំនង​ការងារ​ជា​មួយ​សហគមន៍​អន្តរជាតិ។ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្ត​និស្សិត​ជ័យលាភី​ចូលរួម​ជាភ្នាក់ងារ​ព័ត៌មាន​ទីផ្សារការងារ​ក្នុងការផ្សព្វផ្សាយ​ឱកាស​ការងារ​តាមរយៈ​ការទូរសព្ទ​មកកាន់លេខ១២៩៧ ដើម្បីចុះឈ្មោះស្វែង​រកការងារ ដែល​ទីភ្នាក់ងារជាតិ​មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុងផ្តល់សេវា​ផ្គូផ្គងការងារដោយឥតគិតថ្លៃ។ ជាទីបញ្ចប់ លោកជំទាវ​បានរម្លឹក​អំពីបេសកកម្ម​របស់និស្សិត​ជ័យលាភី​ទាំងអស់​ក្នុងនាម​ជាយុវជន​បន្តវេន ដែល​ត្រូវ​តែ​ក្លាហាន​ក្នុង​ការការពារ​កិត្តិយស និងកេរ្តិ៍ឈ្មោះ​របស់កម្ពុជា​នៅ​គ្រប់កាលៈទេសៈ និង​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួល​បាន​ក្នុង​ការ​ចូលរួម​កសាង និង​អភិវឌ្ឍ​មាតុប្រទេស​ឱ្យ​បានរុងរឿង​ជានិច្ចនិរន្តរ៍៕

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ បាននិងកំពុងបន្តជំរុញយុទ្ធនាការ​ក្នុង​ការ​ជួយ​ចុះ​ឈ្មោះ​រក​ការ​ងារ​ជូនពលករ​ដែលត្រឡប់​មកពីប្រទេស​ថៃនៅតា​មសហ​គ្រាស ក្រុម​ហ៊ុន និង​រោងចក្រ​ទូទាំង​ប្រទេស

2025/08/19 09:53:34 am        384
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ក្រសួង បាន​ចាប់​ផ្តើម​បើកយុទ្ធនាការចុះផ្ទាល់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែល​ប្រតិបត្តិ​ការ​នេះ​​នឹ​ងបន្ត​ធ្វើរហូតដល់​គ្រប់​គោល​ដៅសហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រទូទាំងប្រទេស ដើម្បី​ក្តាប់​​ជា​ប់​នូវព័ត៌មានតម្រូវការការងារ បញ្ហាប្រឈម និងជួយសម្របសម្រួល​ជាមួយ​អ្នកគ្រប់​គ្រង​ផ្នែក​​ជ្រើសរើស​កម្លាំង​ពលកម្ម​នៃសហ​គ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលផ្តល់ការអនុគ្រោះទទួល​យក​បង​ប្អូនពលករខ្មែរ​ដែលទើប​​ត្រឡប់​មកពីប្រទេសថៃឱ្យ​ទទួល​បានឱកាស​ការ​ងារ​នៅតាម​សហ​​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​ទាំង​អស់​នោះ។ ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែល​បង្កើន​នូវភាព​ជាដៃគូយ៉ាងជិត​ស្និទ្ធថែម​ទៀត​រវាង​អ្នក​គ្រប់​គ្រង​សហ​គ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ស្រ​ឡាញ់ខ្មែរ ខែ្មរជួយរកការងារ​ឱ្យខ្មែរ ដើម្បីជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​យើង​ឱ្យ​កាន់​តែ​រីក​ចំរើន​រឹង​មាំថែម​ទៀត។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណ​ចំពោះការ​ផ្ដល់​ឱកាស​ការងារ និង​ទទួលយកប​ងប្អូន​​ពលករ​​ខ្មែរដែល​​ទើប​ត្រឡប់​​មកពី​ថៃ​ឱ្យ​ចូល​បម្រើ​​ការ​​ងារ និងផ្តល់​កិច្ច​សហការ​សម្របស​ម្រួលដោ​យយក​ចិត្តទុ​កដា​ក់ និងទ​ន់ភ្លន់ពី​សំ​ណា​ក់​ស​ហ​គ្រា​ស​ ក្រុម​ហ៊ុន​ រោង​​​ចក្រ ដល់ប​ងប្អូ​នព​លក​រ។ ការចុះ​​ទៅកាន់​សហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់​ដឹក​នាំនា​ពេល​នេះ ក៏ដើម្បី​ផ្ដល់​ភាព​​កក់​ក្ដៅ​​ដល់បងប្អូនពលក​រខ្មែរដែល​ទើបទទួល​បាន​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និងរោងចក្រផ​ងដែរ។ បន្ថែមពីនេះ យុទ្ធនាការនេះក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ​យកចិត្ត​ទុកដាក់បំ​ផុត​នៅថ្ងៃ​ចូ​ល​ធ្វើ​ការដំបូង​របស់​ពលករ និងសម្រួលឱ្យ​​មាន​ការ​បើក​​ប្រាក់​ឈ្នួល​​ដោយ​​ផ្ទាល់​​ដៃ ឬ​តាម​មធ្យោបាយបណ្តោះអាសន្នណា​មួយ ដើ​ម្បី​ប​ង្កភាពងាយស្រួលបន្ថែមទៀត​ជូ​​នបង​ប្អូន​ពលករ ហើយ​លើស​ពីនេះ ក្រសួងក៏​នឹងជំ​រុញ​ឱ្យ​សហ​​គ្រា​ស ក្រុម​ហ៊ុន និង​រោង​ចក្រ សហការ​ផ្ដល់ព័ត៌​មាន​អំពី​​តម្រូវ​​ការកម្លាំង​ពលកម្ម​មកក្រសួងរៀ​ងរា​ល់ ២សប្តាហ៍ម្តង និង​ការចូល​រួមវេទិកាការងារ ឬ​យុទ្ធ​​​នាការ​ស​ម្ភាស​ជ្រើស​រើ​ស​បុគ្គ​លិក​ដោយ​​ផ្ទា​ល់ ឬតាម​រយៈ​ប្រព័ន្ធ Zoom ដែលក្រ​សួង​រៀបចំ​ក្នុង​​​ករណី​​មានតម្រូវ​​ការជ្រើសរើសបុគ្គលិក៕

ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន «ស្លាបសន្តិភាព» បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក និង​ជោគជ័យនៅរាជធានីភ្នំពេញ

2025/08/19 08:39:24 am        332
នារាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី«ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែល​សហការ​រៀបចំ​ឡើងដោយ​មជ្ឈមណ្ឌលកម្មវិធីភាសា​តំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើង យ៉ាង​ឱឡារិក​​នៅរាជធានីភ្នំពេញ។កម្មវិធីនេះរៀបចំឡើងក្រោមវត្តមាន​ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ,ឯកឧត្ដម ឯក សំអុល ប្រធាន​សមាគម​មិត្ត​ភាព​កម្ពុជា-ចិន និងមន្ត្រីរាជការ អ្នក តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិន​វិទ្យាស្ថានខុងជឺ និង​សមាជិក​សភាពាណិជ្ជកម្មចិន រួមទាំង ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន សរុបជាង ២០០នាក់។ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាម​ប្រឆាំងហ្វាស៊ីសនិយម ពិភពលោក ក៏ដូច​ជា​ខួប​លើក​ទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរបានប្រើប្រាស់ទម្រង់ នៃការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បី​បង្ហាញ​ពី​ទស្សនៈ​សន្តិភាព​ ពង្រឹងចំណងមិត្តភាពរវាង​ប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះ នៃ​សាធារណៈ​មតិ​ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា«អ្នកនាំសារសន្តិភាព» ដែលសម្តែងដោយសិស្ស សាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត​បានបង្ហាញពីតម្លៃដ៏វិសេសវិសាល និង ក្តី​ប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការ​សម្តែងសិល្បៈគុនកុងហ្វូចិន និង ក្បាច់​គុន​ល្បុក្ក​តោ​ខ្មែរ​ដើម្បី​បង្ហាញ​ពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។ កម្មវិធីជា​បន្តបន្ទាប់រួមមាន បទ​ចម្រៀង​ “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើច សមុទ្រឆាង” និង​ការ​សូត្រ​កំណាព្យបទ “សង្គ្រាមនិងសន្តិភាព” ដែលទាំងអស់នេះ​បានបង្ហាញពីភាពស្រស់ស្អាត នៃ​វប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព ។ របាំ “ព្រាបសន្តិភាព” របស់ ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ ពីអនាគតដ៏ស្រស់បំព្រង ហើយ​ចម្រៀង ​បទ“សូមឱ្យពិភពលោក ពោរពេញដោយក្តីស្រឡាញ់” ដែល ច្រៀងដោយ សភា​ពាណិជ្ជ​ក​ម្ម​ចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺ ជាមូលដ្ឋានគ្រឹះ សម្រាប់​ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជនកម្ពុជាស្រឡាញ់ និងការពារសន្តិភាព និងឱ្យ​តម្លៃ កាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាពមេត្រីភាព និងមានភាពទាក់ទាញ។ រយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣លាន ៧សែន ១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៦៩ម៉ឺននាក់ កើនឡើង ៤៨.២ភាគរយ ។ ប្រទេសកម្ពុជាត្រដាង “ស្លាបសន្តិភាព ” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេស កម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បាន ថ្លែងសុន្ទរកថា ក្នុង កម្ម​វិធី​ថា​ឆ្នាំ​នេះ​ជា​ខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ មាន​ភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែងហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និងសិល្បៈ គឺជាស្ពាន មួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀប​ចំ​កម្ម​វិធី​សម្ដែង​សិល្បៈ​នេះ​ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែល នេះមិន​ត្រឹម​តែ​ជាកា​ររំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាព​ដ៏​ជ្រាល​ជ្រៅ​រវាង​ប្រទេសទាំងពីរ​ព្រម​ទាំង​ជា​សេចក្តី​ប្រកាស​ដ៏​ម៉ឹងម៉ាត់​អំពី​តម្លៃ​សន្តិភាព​ដែល​ប្រជាជន​ប្រទេស​ទាំង​ពីររួមគ្នាការពារផងដែរ។ “សន្តិភាព គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុត​របស់​មនុស្ស​ជាតិ”។ ភ្ញៀវកិត្តិយសជាង ២០០នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ “ស្លាប​សន្តិភាព” នេះរួមគ្នា ដើម្បីបង្ហាញនូវ “ការរលាស់ស្លាប” ដែលជានិមិត្តរូបនៃសន្តិភាព ហើយ​ក៏​បាន​បម្លែង​ខ្លឹមសារសំខាន់នៃ “ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព” ទៅ​ជា​សេចក្តី​ប្រកាស​ដែល​មើល​ឃើញ​ឆ្លងផុតរបាំងភាសា។ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹង​ចំពោះ​អនាគត​ដ៏​ស្រស់​បំព្រង​តាមរយៈតន្ត្រី និងរបាំ។ ភ្ញៀវកិត្តិយស និងទស្សនិកជនបា​នលើ​កឡើ​ង​ថា​កម្ម​វិធី​សម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និងរៀន​សូត្រ​វប្បធម៌​ទៅ​វិញ​ទៅ​មក នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នា កសាងសន្តិភាព និងមិត្តភាពផងដែរ៕

សម្ដេចតេជោ៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជា បានដូចគ្នាដែរ

2025/08/19 07:24:47 am        77
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៨ ខែសីហានេះ បានបង្ហោះសារ លើកឡើងថា តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។សម្ដេចតេជោបានថ្លែងថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។សម្ដេចតេជោបន្តថា ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញ ដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?

រដ្ឋមន្រី្តក្រសួងសុខាភិបាល បានរំលឹក «ក្នុងស្មារតីស្នេហាជាតិ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែង និងសាមគ្គីគ្នា បំពេញការងារឱ្យកាន់តែខ្លាំងឡើងៗ»

2025/08/18 07:51:14 pm        156
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជំរុញឱ្យថ្នាកដឹកនាំគ្រប់ផ្នែកទាំងអស់ ដើរស្របតាមគោលនយោបាយក្រសួង និងរាជរដ្ឋាភិបាល ដោយយកទៅអនុវត្ត ផ្សព្វផ្សាយ ហើយកែច្នៃឱ្យធ្វើក្លាយជាប្រយោជន៍ និងកាន់តែច្បាស់លាស់ទៅតាមកាលវេលា ក្នុងអង្គសុខាភិបាលតែមួយ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីស្ថានភាពនៅព្រំដែន ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវខិតខំបន្តសកម្មភាពឱ្យកាន់តែល្អប្រសើរឱ្យគ្រប់ស្ថានភាព បង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ជាពិសេសនៅតាមបណ្តាខេត្តព្រំដែន និងបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក្នុងការពិនិត្យថែទាំសុខភាពប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យ ដែលបានខិតខំក្នុងស្មារតីទទួលខុសត្រូវ មោះមុត ជាគំរូល្អ ក្នុងការចូលរួមបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងមន្ទីរសុខាភិបាលខេត្តដែលចូលរួមជួយគាំទ្រដល់ខេត្តកំពុងមមាញឹក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងស្ថានភាពជួបការលំបាកនេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពសាធារណៈ ដោយត្រូវយកចិត្តទុកដាក់បង្កើនការផលិតសារអប់រំ ជំងឺឆ្លង ដូចជា៖ ជំងឺគ្រុនឈាម និងការពុលចំណីអាហារ និងផ្សព្វផ្សាយសារអប់រំសុខភាព តាមគ្រប់មធ្យោបាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហាសុខភាពសាធារណៈដូចជា អាហារូបត្ថម្ភកុមារ កម្មវិធីចាក់ថ្នាំបង្ការ សុខភាពបរិស្ថាន ដោយត្រូវសហការគ្នាជាមួយផ្នែកពាក់ព័ន្ធឱ្យបានជិតស្និត នៅគ្រប់ស្ថានភាព៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM