ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ
លោក Prabowo ថាលោក Trump ជាអ្នកចរចាតឹងតែង ខណៈកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូនេស៊ី-អាមេរិកនៅបន្ត
កម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ឃាត់ជនសង្ស័យ១០០នាក់

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពតប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ដើម្បីផ្សព្វផ្សាយការថែរក្សាបរិស្ថាន

2024/09/22 11:57:48 am        190
អាជ្ញាធរខេត្តកំពត សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំទិវាសម្អាតពិភពលោកលើកទី៧ ដើម្បី​លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់បរិស្ថាន និងចូលរួម​ក្នុង​ការ​គ្រប់​គ្រង​សំរាម សំណល់រឹង រាវ និងបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់ នៃ​កំណើន​បរិមាណ​សំរាម​លើ​ភព​ផែន​ដី ពិសេសបរិស្ថានខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា ។ ប្រធានមន្ទីរបរិស្ថាន លោក អេង ប៉ូឡូ បានធ្វើលើកឡើងថា ការប្រារព្ធ​ទិវា​សម្អាត​ពិភព​លោក​លើកទី​៧ (7th World Cleanup Day) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅ​ប​រិវេណរូបសំណាក់ត្រីសេះសមុទ្រ ខេត្តកំពតនេះ មានកា​រ​អញ្ជើញ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ក្នុង​ខេត្ត ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និង​ចូល​រួម​ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង រាវ ដោយបញ្ជ្រាប​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​កំណើន​បរិមាណសំរាមលើភពផែនដី។ ទិវាសម្អាតពិភពលោក ជាវេទិកាដ៏ល្អប្រសើរមួយ ដែល​ផ្តល់​ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង បុគ្គលិក​មក​ពី​គ្រប់​ស្ថាប័ន​ចូល​រួម​ដើម្បី​ជា​សារ​មួយជូនដល់សហគមន៍អន្តរជាតិថា “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។ លោកប្រធានមន្ទីរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅ នឹង​យុទ្ធ​សាស្ត្រ​​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹង​មូល​ដ្ឋាន​គ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និង​គោលដៅអភិវឌ្ឍន៍។ ឯក​ឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដែលបានធ្វើការយ៉ាងសកម្ម ក្នុងការចូលរួមបង្កា ទប់ស្កាត់ និងថែរក្សាអភិរក្ស​បាន​នូវ​ធនធានធម្មជាតិ ពិសេសបរិស្ថានស្អាតនៅគ្រប់តំបន់រមណីយដ្ឋាន និងភូមិដ្ឋាន​រប​ស់​ប្រជាពលរដ្ឋ​ទូទាំងខេត្ត។ ជាក់ស្តែងការរៀបចំទិវាសម្អាតពីភពលោកលើកទី៧នាពេលនេះ ពិត​ជា​បាន​ឆ្លើយ​តបទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត។ ឯកឧត្តម​បញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន លោកបានខិតខំ និង​យក​ចិត្ត​ទុក​ដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ខេត្ត ពិសេសជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ធ្វើឲ្យ​មាន​កំណើនភ្ញៀវ កើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះក្នុងនាមយើងគ្រប់គ្នាជាម្ចាស់ផ្ទះ ត្រូវចូលរួមសហការគ្នា ទាំងប្រជាពលរដ្ឋ អាជីវករ ក្រុមអ្នក​ផ្តល់​សេវា​ទេសចរណ៍ ក្រុមការងារសម្អាតសំរាម ត្រូវចូលរួមសម្អាត ថែរក្សាបរិស្ថាន​អនាម័យ​ឲ្យ​បាន​ល្អ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពិសេសត្រូវគិតថាកំពតជាផ្ទះរបស់យើង ហើយមាន​តែ​យើង​ទេ ដែលអាចធ្វើឲ្យផ្ទះមួយនេះស្អាតជានិច្ចបាន៕

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ

2024/09/22 11:44:13 am        216
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​រៀប​ចំ​ប្រារព្ធ​ពិធី​បុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែល​ត្រូវ​បាន​សម្លាប់​ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ជាកិច្ចចាប់ផ្តើមនៃកម្មពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​ជនរង​គ្រោះ ដែលត្រូវបានសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ខាងលើនេះ ថ្នាក់​ដឹកនាំ​នៃ​ក្រសួង ស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញអុជធូបនៅព្រះភូមិ និង​បង្សុកូល​នៅ​បរិវេណ​ផ្នូរ​សពទាំង១៤-អុជធូប នៅអគារទាំង៤ និងស្តូបនៃសារមន្ទីរទួលស្លែង-ពិធីដារពិស្តារ (ព្រះសង្ឃ ៧អង្គ) ក្នុងរោងពិធី។ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសល​ជូន​ដល់​ជន​រងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា នៃរាជរ​ដ្ឋាភិបា​ល​កម្ពុជា​ បានរាប់បាត្រព្រះសង្ឃចំនួន ៤៥ អង្គ ដើម្បីឧទ្ទិសកុសល​ជូន​ជនរង​គ្រោះដែ​ល​បាត់​បង់​ជីវិ​ត​នៅ​គុកទួលស្លែង ឬហៅថាមនី្ទរ «ស ២១» ជាកន្លែង​ឃុំ​ឃាំង​សួរ​ចម្លើយ​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​ព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ និង​នៅ​ទូទាំងប្រទេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ) ដែល​បញ្ចប់ទៅកាលពី៤៥ឆ្នាំមុន។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងសូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សា ប្រមុខ​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព និងពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ រដ្ឋា

ពលរដ្ឋចំនួន ២០០នាក់បន្តទស្សនកិច្ចទៅខេត្តទិសឦសាន ជើងទី៣ ស្វែងយល់ពីអធិបតេយ្យភាពជាតិ

2024/09/22 11:22:56 am        285
ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើង​ទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០ នាក់​​មកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ដើម្បីឱ្យសាធារណជនបានឃើញការស្វែងយល់ពីអធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី ការបោះបង្គោលព្រំដែន និងការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​តាមខេត្តជាប់ព្រំដែន។ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នក​ចូល​រួម​ទាំង​អស់មានឱកាសអញ្ជើញទៅពិនិត្យ​មើលដោយផ្ទាល់​នូវបង្គោល​ព្រំដែន​នៅ​ក្នុង​ទីតាំង​ចំនួ​ន​៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រម​ទាំងអញ្ជើញទៅពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ទីតាំង​បង្គោល​សំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំង​បង្គោល​តម្រុយ​ព្រំដែន​។ ក្រៅពីដំណើរទស្សនកិច្ចរៀបចំដោយរដ្ឋាភិបាលក៏មានការរៀបចំដោយក្រសួងស្ថាប័នអង្គភាព និង​ក្រុមហ៊ុនឯកជននានាដើម្បីឱ្យមន្ត្រី និងបុគ្គលិករបស់ខ្លួនបានស្គាល់ច្បាស់ពីទឹកដី ដោយ​មិន​លង់​ក្នុង​ការ​បោកប្រាស់ និងការបំភ្លៃរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច​ដែលតែងតែ​យក​បញ្ហា​ព្រំដែន និង​ទឹក​ដីមកបន្លាច និងបង្កចលាចលសង្គម។ដំណើរទស្សន​កិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិត និង​ស្ថាន​ភាព​ជាក់​ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើនឡើងៗ ជាពិសេសអ្នក​ដែលបាន​ទៅ​ដល់​តំបន់​ក្រវាត់​ព្រំដែន​ដោយ​ផ្ទាល់​រួច​ហើយ បានចែករំលែកបទពិសោធន៍​ល្អអំពី​ដំណើរ​ទស្សន​កិច្ច​នេះ​ដែល​ពោរពេញ​ដោយ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្ក​ឱកាស​បង្កើន​សាមគ្គីភាព​ជាតិ​កម្ពុជា​ឱ្យ​កាន់​តែរឹ​ងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រនិងមានសារៈសំខាន់។ ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ក្លាយជាសាក្សីរស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈ​មុះមុត​របស់​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និង​បន្ត​ធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និង​ប្រជាជន​កម្ពុជាទាំងអស់។សូមរំឭកថា ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បានបើកទូលាយសម្រាប់សាធារណ​ជន​ទូទៅ​ទាំង​អស់​ពី​គ្រប់​មជ្ឈ​ដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញ​ព័ត៌មាន​ងាយៗ​តាម​ការ​ចុះឈ្មោះ​អន​ឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកា​សម្រាប់​ការ​ចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកា​នេះ​ជា​ថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន​ពាក់​ព័ន្ធ​នឹង​ថវិកា​ជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

សប្បុរសជនផ្តល់អំណោយជាគ្រឿងបរិភោគដល់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ត្រៀមទុកចែក​ជូនពលរដ្ឋរងគ្រោះ

2024/09/22 11:10:07 am        222
សប្បុរសជននានា ដែលដឹកនាំដោយឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង ជា​ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយក​អំណោយ​ជា​គ្រឿង​បរិភោគផ្តល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបម្រុងទុកចែកជូនពលរដ្ឋក្រីក្រ និង​ពលរដ្ឋ​រង​គ្រោះដោយសារគ្រោះធម្មជាតិ។អំណោយដែលជាអង្ករចំនួន១០តោន សារ៉ុងចំនួន១០០០ មីម៉ាម៉ាចំនួន៥០កេសធំនេះ គឺ​បាន​ទទួល​ដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភណ្ឌ អភិបាលគណៈអភិបាល ខេត្ត​កំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះនៅសាលាខេត្តកំពង់ស្ពឺ។បើតាមឯកឧត្តម យឿន យឿត បានឲ្យដឹងថា អំណោយដែលជាគ្រឿងបរិភោគនេះគឺ បាន​មក​ពី​ការ​រៃ​អង្គាស់គ្នាពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស និងក្រុមហ៊ុន ហុង ម៉េងជូ ដើម្បី​ផ្តល់​ជូន​ដល់​រដ្ឋបាលខេត្តកំពង់ស្ពឺទុកសម្រាប់ចែកជូនបងប្អូនក្រីក្រ និងរងគ្រោះ ធម្មជាតិ ជាពិសេស​គឺ​រង​គ្រោះ​ដោយ​ទឹកជំនន់តែម្តង។ក្រោយទទួលនូវ​អំណោយដែលជាជំនួយសប្បុរសធម៌នេះឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានថ្លែង​អំណរ​​គុណចំពោះសប្បុរសជន ដែលបានផ្តល់ជូននាពេលនេះ ខណៈអំណោយ នេះនឹងរក្សា​ទុក​សម្រាប់​ចែក​ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះនានាជាយថា ហេតុណាមួយ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាការសម្រេចចិត្តណាមួយនោះទេ គោលដៅតែមួយគត់ គឺដើម្បី​សេចក្តីសុខប្រជាជន និងភាពរីកចម្រើនរបស់ប្រជាជាតិកម្ពុជា

2024/09/22 11:00:26 am        256
ភ្នំពេញ៖ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​លើក​ឡើង​ថា មិនថាការសម្រេចចិត្តណាមួយនោះទេ ទោះជាកាលពី២៥ឆ្នាំមុន ឬក៏នៅ​ពេល​នេះ​ក៏​ដោយ​ គោលដៅតែមួយគត់ គឺដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងភាព​រីក​ចម្រើន​របស់​ប្រជាជាតិ​កម្ពុជា​។តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានសរសេរថា «CLV-DTA៖ មិនថាការ សម្រេចចិត្តណាមួយនោះទេ ទោះជាកាលពី២៥​ឆ្នាំ​មុន ឬក៏នៅពេលនេះក៏ដោយ គោលដៅតែមួយគត់ គឺដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងភាពរីកចម្រើនរបស់ប្រជាជាតិកម្ពុជា។ រយៈពេល២៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណ​អភិវឌ្ឍន៍​ CLV-DTA ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បាន​ផ្ដល់​នូវ​គុណប្រយោជន៍ និងការអភិវឌ្ឍជូនមកដល់កម្ពុជាជាច្រើនអនេក។ ប្រជាពលរដ្ឋ​ដែល​នៅ​តាម​បណ្ដា​តំបន់ទាំងនេះប្រាកដជាបានជ្រាបច្បាស់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន។ »ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ទោះបីជាយ៉ាងនេះក្តី ប្រមុខថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងល្អិតល្អន់ ធ្វើ​យ៉ាង​ណា​ធានា​និរន្តរ​ភាព​នៃ​សុខដុមរមនារបស់ប្រជាជនកម្ពុជា យល់ច្បាស់ពី​កង្វល់ និង​ការ​ខ្វល់​ខ្វាយ​របស់​ប្រជា​ពលរដ្ឋ កាត់ផ្តាច់នូវមន្ទិលសង្ស័យទាំងឡាយ និងដើម្បីបញ្ចៀស​នូវ​រាល់​ការ​ប៉ុនប៉ង​ក្នុង​ចេតនា​អាក្រក់​​នា​នាដែលអាចផ្ដល់ហានិភ័យ ឬដែលនឹងអាច​ជះឥទ្ធិពល​មិន​ល្អដល់​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​ជារួម។ ឯកឧត្តម ហ៊ុន ម៉ានី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និង​ការគិតគូរយូរអង្វែងសម្រាប់ប្រជាជាតិកម្ពុជាលើការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលជួបសមាគមទេសចរណ៍កម្ពុជាពិភាក្សាពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជា

2024/09/22 09:59:04 am        180
កាលពីរសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែល​មាន​ឧកញ៉ា ឆាយ ស៊ីវលីន ជាប្រធានសមាគម និងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ចូល​ជួប​ពិភាក្សាការងារ និងរាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរ​នានា​របស់​សមាគម ដើម្បី​ទាក់​ទាញ​កំណើន​ភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេស​ទេសចរណ៍​​បែបធម្មជាតិ និងវប្បធម៌ ព្រោះព្រះរាជាណាចក្រកម្ពុជា សម្បូរធនធាន​ទេសចរណ៍​បែប​វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាគម​លើការប្តេជ្ញា និងការចូលរួមចំណែកក្នុងការជួយជំរុញវិស័យទេសចរណ៍កន្លងមក និង​សង្ឃឹមជឿជាក់ថា សមាគមនឹងនៅតែបន្តចូលរួមចំណែកគាំទ្រ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា រាល់កង្វល់នានា, បញ្ហា​ប្រឈម, សំណូមពរដែលសមាគមបានលើកឡើងនៅក្នុងកិច្ចពិភាក្សានាល្ងាចនេះ ឯកឧត្តម​រដ្ឋ​មន្រ្តី នឹងទទួលយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុម​ការងារ​ផ្នែក​ទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការ​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធ​ភាព ប្រសិទ្ធផល និងទាន់ពេលវេលា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញទស្សនកិច្ចនៅប្រទេសចិន

2024/09/22 09:09:32 am        267
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា ចាក​ចេញ​ពី​មាតុប្រទេស ទៅបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន តបតាម​ការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃសភា​តំណាង​ប្រជាជនចិនទូទាំងប្រទេស។ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​សភា​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុង​ក្រប​ខណ្ឌទ្វេភាគី​ និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាព​ និងមេត្រីភាពជាប្រពៃណី មិត្តភា​ព​ដែក​ថែប និងកិច្ចសហប្រតិបត្តិការ​ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ​ដោយ​យក​ប្រជាជ​ន​ជាស្នូ​ល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិ និងប្រជាជនទាំងពីរ។គណៈប្រតិភូនឹងអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ។ តាមគម្រោង សម្តេចរដ្ឋសភាធិការធិបតី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធាន​គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែង ការគួរសមជាមួយ​ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning)​ ប្រធាន​គណៈកម្មាធិការជាតិ​នៃសន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (H.E. Mr. Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ។ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប្រទេសទាំងពីរ និងអញ្ជើញជាអធិបតី​ក្នុង​ពិធី​ចុះ​ហ​ត្ថ​លេខា​លើ​អនុស្ស​រណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទាំងនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជន​ និងប្រជាជន ជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបច្ចេកវិទ្យា ជាដើម។សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៥ ដែលសម្តេចប្រធានរដ្ឋសភាបាន​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ ក្នុងនីតិកាលទី៧នេះ។ សម្តេចប្រធានរដ្ឋសភា បានបំពេញ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀត​ណាម ឡាវ ថៃ និងប្រទេសបារាំង។រដ្ឋសភានី​តិកាលទី៧ បានបំពេញការងារការទូតសភាយ៉ាងសកម្ម ដោយបានខិត​ខំ​ពង្រឹង​ពង្រីក​ទំនាក់​ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។​ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងកិច្ចការពារអធិបតេយ្យ ឯករាជ្យជាតិ និងការ​អភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែកពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់​វប្បធម៌​សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម​ និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ក្នុងតំបន់​ និងពិភពលោក ក្នុងបរិបទកំពុងប្រឈមការប្រែប្រួលមិនទៀងទាត់​ និងឆាប់រហ័ស ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជា​ជំងឺ​ឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម​ ៕

ស្ថានភាពនៅតាមស្ថានីយជលសាស្ត្រ៖ ទឹកបាន​និង​កំពុង​ឡើងបន្តិចបន្តួច សូម​បង្កើន​ការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់

2024/09/22 08:50:41 am        204
​យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ស្ថានភាពទឹកទន្លេនៅ​តាមស្ថានីយជល​សាស្ត្រ​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាន​និង​កំពុង​ឡើងបន្តិចបន្តួច។ អាស្រ័យហេតុនេះ ក្រសួងបានអំពាវនាវដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបង​ប្អូន​ប្រជា​ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) ជាមួយបងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ

2024/09/21 07:35:39 pm        471
នាព្រឹកថ្ងៃសៅរិ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ក្រុមការងារ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកែវមុនីរស្មី បានចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) ភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។នាឱកាសនោះ ឯកឧត្តម និងក្រុមការងារ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជនទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានីក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពុទ្ធបរិស័ទដែលបានមកដាក់បិណ្ឌទី៤ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជាបុណ្យបែបព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យ ដែលប្រជាពុទ្ធបរិស័ទកម្ពុជាតែងប្រណិបតន៍យ៉ាងខ្ជាប់ខ្ជួនជារៀងរហូតមក៕អត្ថបទ រដ្ឋា

តំណាងអយ្យការសម្រេចចោទជនជាតិចិន០៣នាក់ ពាក់ព័ន្ធកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកនូវសារធាតុញៀន

2024/09/21 06:09:52 pm        543
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជានាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឲ្យដឹងថា ពាក់ព័ន្ធករណី ជនជាតិចិន៣នាក់ដកអាវុធកំរាមជនជាតិចិនដូចគ្នា នៅក្នុងខុនដូរស្តារស៊ីធី ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ គួរំលឹកផងដែរ កាលពីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍អូរបីក្អមឃាត់ខ្លួន ជនជាតិចិន៣នាក់ពាក់ព័ន្ធករណីដកកាំភ្លើងគំរាមជនជាតិចិនដូចគ្នា និងអំពើ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូរស្តារស៊ីធី បន្ទប់លេខ១១២៥ ជាន់ទី១១ អគារទី៧ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន១,ឈ្មោះ ស៊ី មីងយ៉ុង (SHI MING YUNG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អន ឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) , ២.ឈ្មោះ វែង ជីន (WANG JUN) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) ,៣.ឈ្មោះ វ័ន ជឺឡែង (WAN CHI LIANG) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ អន ឡាញ ។ អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស
07/16/2025 10:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ
07/16/2025 10:07 PM
កុមារជួបកង្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា
07/16/2025 08:07 PM
តើហេតុអ្វីបានជាអឺរ៉ុបប្រឈមនឹងរលកកម្តៅបំបែកកំណត់ត្រា?
07/16/2025 08:07 PM
កងកម្លាំងសន្តិសុខស៊ីរី ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida របស់ជនជាតិភាគតិច Druze
07/16/2025 08:07 PM
សភាអ៊ុយក្រែនគាំទ្រការបង្កើនជិត ១០ពាន់លានដុល្លារដល់ការចំណាយលើវិស័យការពារជាតិ ខណៈសង្រ្គាមបន្តមាន
07/16/2025 08:07 PM
អ៊ីតាលីអាចនឹងដោះលែងអ្នកទោស ១០.០០០នាក់ ដើម្បីសម្រាលភាពចង្អៀត ក្នុងពន្ធនាគារ
07/16/2025 08:07 PM
អង់គ្លេសដកចេញការរឹតត្បិតលើក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ក្រោយបំរាមរយៈពេល ៥ឆ្នាំ
07/16/2025 08:07 PM
លោក Prabowo ថាលោក Trump ជាអ្នកចរចាតឹងតែង ខណៈកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូនេស៊ី-អាមេរិកនៅបន្ត
07/16/2025 08:07 PM
ការបំផ្ទុះសម្លាប់ទាហានកេនយ៉ា ៣នាក់ នៅតាមផ្លូវ ក្បែរព្រំដែនសូម៉ាលី
07/16/2025 08:07 PM