កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ
រដ្ឋមន្ត្រីការពារជាតិ ជួបពិភាក្សាជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ពិនិត្យលើសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា
រដ្ឋមន្រ្ដីបីក្រសួងដឹកនាំប្រជុំអំពីកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាជួបពិភាក្សាជាមួយប្រធានបេសកកម្ម ICRC ប្រចាំ​កម្ពុជា អំពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមជម្រកបណ្តោះអាសន្ន និង​យន្តការ​ជួយ​គាំពារ​បន្ថែម

ព័ត៌មានជាតិ

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បើកវគ្គបណ្តុះបណ្តាល «គោលការណ៍ណែនាំ​ស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត»

2025/08/13 04:14:24 pm        423
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក នៅសាលD អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ អ្នកជំនាញការច្បាប់ និងមន្រ្តីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានចំនួនសរុប១៥០នាក់។ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នេះជាវគ្គបណ្តុះបណ្តាលលើកទី៩ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើង ដោយក្នុងឆ្នាំ២០២៤ មានចំនួន៧លើក និងត្រឹមខែសីហា ឆ្នាំ២០២៥នេះ មានចំនួន២លើក។ វគ្គបណ្តុះបណ្តាលនាព្រឹកនេះ លើប្រធានបទ “គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត” ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានលក្ខណៈជាការបណ្តុះបណ្តាលផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំឈានឆ្ពោះទៅបើកវគ្គបណ្តុះបណ្តាលជូនដល់ក្រសួង ស្ថាប័ននានា នាពេលខាងមុខផងដែរ។ ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមឱ្យក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំវគ្គបណ្តុះបណ្តាលឱ្យបានជាប់ជាប្រចាំលើប្រធានបទពាក់ព័ន្ធនឹងច្បាប់ ហើយដែលទាក់ទងនឹងវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមជាដើម ស្របតាមបរិបទនិងស្ថានការណ៍វិវឌ្ឍនរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាតំបន់និងពិភពលោកផងដែរ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលថាយើងគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនមួយជីវិត (Life-long learning) និងត្រៀមខ្លួនក្នុងការអភិវឌ្ឍចំណេះដឹងនិងជំនាញបន្ថែម (Upskill) ឬចាប់យកចំណេះនិងជំនាញថ្មី (Reskill) ដើម្បីសម្របនឹងបរិបទថ្មីនេះ” ក្នុងការឈានឆ្ពោះទៅពង្រឹងសមត្ថភាព គុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើននូវប្រសិទ្ធិភាពនិងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួង ស្ថាប័នផ្សេងៗផងដែរ៕

ឯកឧត្តមបណ្ឌិត លី ធុជ ស្នើឱ្យក្រុមនិស្សិតចិនដែល​មកទស្សនកិច្ចនៅកម្ពុជា គាំទ្រ និង​ផ្សព្វផ្សាយ​ពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់កម្ពុជាកន្លងមក ជាពិសេស​ការងារ​បោសសម្អាតមីន

2025/08/13 04:06:53 pm        355
ឯកឧត្តម​​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាន​ស្នើ​ឱ្យ​ក្រុម​និស្សិតចិន​ដែល​​មកទស្សនកិច្ចនៅកម្ពុជា ចូលរួមគាំទ្រ និងផ្សព្វផ្សាយពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និ​​ង​សមិទ្ធផលសម្រេចបានរបស់កម្ពុជានាពេលកន្លងមក ជាពិសេសការងារបោសសម្អាតមីន ។ការស្នើឡើងនេះក្នុងខណះ ឯកឧត្តម​​បានទទួល ស្វាគមន៍​ចំពោះ​ដំណើរ​ទស្ស​នកិច្ច​របស់​ក្រុម​និស្សិត​ចិន​​ដែល​កំពុង​សិក្សានៅ​សហរដ្ឋ​អាមេរិក​ នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advo cates Team) និងមូល​និធិអាប៉ូឡូ (Apollo Foundation) ដែល​បាន​មក​សិក្សា​ឈ្វេង​យល់​អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នាវេលាថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅ​ទី​ស្នាក់ការអាជ្ញាធរមីន។ ដំណើរ​ទស្សនកិច្ច​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សម្រប សម្រួល​របស់​ក្រុមហ៊ុន​ Global Sunshine Group ដែល​បាន​និង​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរមីន បាន​ធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការងារបោសសម្អាត​មីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រ​ដល់​ការ​ស្តារ​ឡើង​វិញ​នូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោស​សម្អាត​មីន​នេះ ​អាចដំណើរការបានគ្រប់ ជ្រុងជ្រោយ គឺដោយសារ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហា​មីន​ដែល​នៅ​សេស​សល់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និង​ដឹកនាំឥតងាករេ ជាមួយ​នឹង​ការដាក់ចេញនូវចក្ខុវិស័យការយកចិត្តទុកដាក់​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បី​អាច​ឱ្យ​កម្ពុជា​សម្រេច​នូវ​គោលដៅរបស់ខ្លួន ការរួមចំណែករបស់ប្រទេសជា​មិត្ត​ដៃគូអភិវឌ្ឍន៍ និង​សប្បុរសជន​នានា​ ពិត​ជា​មាន​សារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិ ផ្ទុះពី​សង្រ្គាម​ដែល​នៅ​សេស​សល់។ ក្នុងឱកាស​នោះ​ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនដែល​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​គាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធ ផលសម្រេច​បាន​របស់​កម្ពុជា​នា​ពេល​កន្លងមកក្នុងនោះ​រួមទាំងការងារបោសសម្អាតមីនផងដែរ៕ អត្ថបទ៖ ភារម្យ

អន្តរក្រសួងស្ថាប័ន ដឹកនាំកិច្ចប្រជុំ លើការរៀបចំតាក់តែងឯកសារគតិយុត្ត​«អនុក្រឹត្យស្តីពី​ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល»

2025/08/13 03:47:39 pm        644
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួង​មុខងារ​សាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តី​ព្រាងអនុក្រឹត្យ​ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងការដ្ឋានកែទម្រង់ទាំង៥វិស័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូប។អនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល រៀបចំឡើងដើម្បីកំណត់អំពីមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាលសម្រាប់មន្រ្តីបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះ មានភ្ជាប់តារាងឧបសម្ព័ន្ធចំនួន២ ដែលតារាងឧបសម្ព័ន្ធទី១រៀបរាប់ពីបញ្ជីឈ្មោះមុខតំណែងវិជ្ជាជីវៈសុខាភិបាល និង តារាងឧបសម្ព័ន្ធទី២រៀបរាប់ពីការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ ហើយមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល ដែលមានកំណត់ក្នុងឧបសម្ព័ន្ធទាំង២ ត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការជ្រើសរើសមន្រ្តីបំពេញការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ការរៀបចំលក្ខខណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារ ការអភិវឌ្ឍសមត្ថភាព ការវិវត្តអាជីព និងការរៀបចំផែនការធនធានមនុស្សស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន។ជារួមស្មារតីអង្គប្រជុំបានពិភាក្សាផ្តល់មតិធាតុចូលយ៉ាងលម្អិតទៅលើការកំណត់ទម្រង់ ខ្លឹមសាររួម ពាក្យពេចន៍ ឃ្លាឃ្លោងនៃសេចក្តីព្រាងអនុក្រឹត្យ និងការកំណត់កែសម្រួលចំណុចមួយចំនួនដែលមានចែងក្នុងតារាងឧបសម្ព័ន្ធទាំង២ឱ្យកាន់តែមានភាពច្បាស់លាស់និងត្រឹមត្រូវ ដើម្បីមានមូលដ្ឋានក្នុងការដាក់ជូនប្រជុំបន្តកម្រិតលេខាធិការដ្ឋាននៃ គ.វ.រ.៕

អង្គការសង្គមស៊ីវិលអំពាវនាវដល់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងកងទ័ពខ្មែរ១៨រូបមកវិញឱ្យបានឆាប់

2025/08/13 03:42:41 pm        118
ស្វាយរៀង ៖ តំណាងអង្គការសង្គមស៊ីវិលខេត្តស្វាយរៀង នៅក្នុងអង្គវេទិកាសន្ទនា ស្ដីពី កិច្ចប្រតិបត្តិការភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះបានអំពាវនាវដល់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងកងទ័ពខ្មែរ១៨រូបមកវិញឱ្យបានឆាប់ ។​ជាមួយគ្នានោះដែរក្នុងនាមប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិលឯកឧត្តម កឹមរត្ន័ វិសុទ្ធ បានណែនាំដល់តំណាងអង្គការសង្គមស៊ីវិល និងសមាគមនៅក្នុងខេត្តត្រូវគិតគូរ ចូលរួមគ្រប់មធ្យោបាយ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពនៅសមរភូមិមុខ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ពិសេសបំផុតត្រូវធ្វើការប្រមូលផ្ដុំធនធានយកទៅឧបត្ថម្ភដល់គ្រួសារសពវីរៈយុទ្ធជន នៅស្រុកចន្ទ្រា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឱ្យមានលំនឹងខាងជីវភាពប្រចាំថ្ងៃ ។ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរក្សាសន្តិសុខជូនពលរដ្ឋរស់នៅ និងចលនាពលរដ្ឋធ្វើការងារបង្កបង្កើតផលចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាព ខណៈដែលរាជរដ្ឋាភិបាលបានបិទការនាំទំនិញមកពីប្រទេសជិតខាងប្រើប្រាស់បន្ថែមលើផលិតផលរបស់ខ្មែរដែលមានស្រាប់៕ ដោយ ៖ ភា សារិទ្ធ

ក្រុមការងារអន្តរក្រសួងប្រជុំគ្នារកវិធានការអនុវត្ត នៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះ​ស្រាយ​បញ្ហា​ប្រឈមខ្វះគ្រូបង្រៀន

2025/08/13 03:42:00 pm        804
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រាជ​រដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់​គ្រូជាប់​កិច្ច​សន្យា​នៅ​តាម​កម្រិត​បឋម​សិក្សា និងគ្រូបង្រៀនម៉ោងបន្ថែមនៅកម្រិតមធ្យមសិក្សា។ ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត ការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ រាជ​រដ្ឋាភិបាល បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការជ្រើសរើស និង​ប្រើប្រាស់​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​ចំណេះ​ទូទៅ។កិច្ចប្រជុំនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំ​ការ​ក្រសួង​មុខងារសាធារណៈ បានដឹកនាំកិច្ច​ប្រជុំ​ពិភាក្សា​ចំពោះវិ​ធានការ​អនុវត្ត​នៃ​ការ​រៀបចំ​គុណ​វុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ នៅ​ទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញនៃក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ក្នុងប្រសាសន៍ចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តម យក់ ប៊ុនណា បានលើកឡើងថា "កិច្ចការដែលយើងប្រជុំនាពេលនេះ ដោយសារមានគោលការណ៍ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការងារបន្តបន្ទាប់ ក្នុងដំណើរការនៃឆ្នាំសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខផង។ ដូច្នេះយើងប្រជុំនាពេលនេះ ជាការដោះស្រាយគ្នា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ដែលអាចធ្វើទៅបាន សម្រាប់ជួយគាំទ្រទៅដល់ដំណើរការរបស់សាលារៀន ដែលមានតម្រូវការប្រើប្រាស់គ្រូបង្រៀនរបស់យើង។"កិច្ចប្រជុំនារសៀលនេះ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន២ រួមមាន៖ របៀបវារៈទី១៖ (១)អនុក្រឹត្យស្តីពីការរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀន, (២)សារាចរស្តីពីការបន្តសុពលភាពជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ រយៈពេល ២ឆ្នាំ, (៣)ការបណ្តុះបណ្តាលគរុកោសល្យ និងការបំប៉នជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ និង (៤)ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន។ រីឯរបៀបវារៈទី២ អង្គប្រជុំបានពិភាក្សាទៅលើសំណើសុំគោលការណ៍ប្រើប្រាស់គ្រូជាប់កិច្ចសន្យា សម្រាប់ប្រើនៅសាលាបឋមសិក្សា និងថ្នាក់សមាហរណកម្មមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។បន្ទាប់ពីបានស្តាប់នូវមតិរបស់អង្គប្រជុំយ៉ាងផុសផុសរួចមក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ បន្តការពិភាក្សា តាក់តែង ស្របទៅតាមគោលការណ៍កំណត់នៃនីតិវិធីបទដ្ឋានគតិយុត្ត៕

សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប សិប្បកម្មវេចខ្ចប់ប៊ីចេង និង​ម្សៅស៊ុបខុសច្បាប់មួយកន្លែង

2025/08/13 03:12:39 pm        407
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និង​អាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាប និងបិទ​ទីតាំង​សិប្បកម្ម​មួយ​កន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និង​កំពុង​វេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55ក្លែងក្លាយ និងខុសច្បាប់។តាមសមត្ថកិច្ចបានឲ្យដឹងថា សិ ម្ចាស់សិប្បកម្មខុសច្បាប់នេះ គឺមានឈ្មោះ អ៊ីវ សារិន បាន​នាំ​ចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីក្រៅប្រទេស រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ​៥៥ ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការ​លក់​ចែក​ចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់​អ្នក​ប្រើ​ប្រាស់​ថា​ជា​ផលិត​ផល​របស់​ប្រទេស​ថៃ។ក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណ​ជាង ៣០តោន, ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១គ្រឿង, ម៉ាស៊ីនវេចខ្ចប់ធំ ០២គ្រឿង, ម៉ាស៊ីន​វេចខ្ចប់តូច ០៣គ្រឿង, ម៉ាស៊ីនអ៊ុតកេស០២គ្រឿង, ម៉ាស៊ីនរ៉ៃ ០២គ្រឿង, រថយន្ត​ដឹក​ទំនិញ​ ០៤គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ ០៦គ្រឿង ។ ក្រោយ​ពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយពិនិត្យ​ឃើញ​ថា​សម្ភារៈ​ទាំង​អ​ស់​បំ​រើ​ឲ្យ​ការងារ​វេច​ខ្ចប់​ ដឹកជញ្ជូន ចែកចាយប៊ីចេង និងម្សៅស៊ុបម៉ាក ឆែស ក្លែងបន្លំប្រភពផលិត ដូចនេះ​សមត្ថ​កិច្ច​បាន​​សម្រេចដកហូតសម្ភារៈវត្ថុតាងទាំងអស់ខាងលើ ហើយធ្វើការ​បិទ​ផ្លំ​បេ​សិប្ប​កម្ម​មួយ​នេះ​ជា​បណ្តោះ​អាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសម្ចាស់ទីតាំងរូបនោះ តាមច្បាប់ជាធរមាន កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ។ ឆ្លៀតក្នុងឱកាសនេះដែរសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបន្តផ្តាំផ្ញើ និងក្រើរំលឹកដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា រកស៊ីដោយសុច្ចរិត មិនក្លែងបន្លំ ឬផលិតនូវផលិតផលក្លែងក្លាយ ដើម្បីលើកកំពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ក៏ដូចជាលើកកំពស់មុខមាត់ផលិតផលខ្មែរស្របច្បាប់ជាដើម៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ពុំមែនជា​បទល្មើស​ឆ្លងដែន​ធម្មតា​ទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ត្រូវរួមសហការគ្នាទប់ស្កាត់

2025/08/13 03:04:45 pm        125
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធាន​លេខា​ធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ជាំង ស៊ួយ (Jiang Shui) អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និង​សមាហ​រណ​កម្ម​អនុវត្ត​ច្បាប់មេ​គង្គ-ឡានឆាង (LMLECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប ជាយន្តការបន្ថែមទៅលើយន្តការដែលមានស្រាប់។ ឯកឧត្តមសន្តិបណ្ឌិត បាន​រំលេច​អំពី​សកម្មភាព និងលទ្ធផល របស់សមត្ថកិច្ចកម្ពុជា ក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និង​បោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយ​ទទួល​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជ​រដ្ឋាភិបាល​។ ឯកឧត្តមសន្តិបណ្ឌិតក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​ឯកឧត្តម​សន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពុំមែនជាបទ​ល្មើស​ឆ្លង​ដែនធម្មតាទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ ដែលយើង​ត្រូវ​រួម​សហការ ផ្លាស់ប្តូរ ចែករំលែកព័ត៌មានជាមួយដៃគូពាក់ព័ន្ធឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយប្រសិទ្ធភាព។ជាកិច្ចឆ្លើយតប លោកអគ្គលេខាធិការរង បានសម្តែងនូវការកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជា​សម្រេច​បាន បន្ទាប់ពីការបង្កើតយន្តការ គ.ប.ឆ.ប. ព្រមទាំងបាន​គូស​បញ្ជាក់​ពីសារៈសំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពីលទ្ធផលដ៏ល្អប្រសើរនេះ ដើម្បីបង្ហាញពីឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រា​យ​បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ទន្ទឹមនេះ លោកអគ្គលេខាធិការរង បានបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​រវាងមជ្ឈមណ្ឌល LMLECC និងលេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏ដូចជាផ្តល់ការ​គាំទ្រ​ដល់​ គ.ប.ឆ.ប. ទាំងក្នុងកិច្ចការកសាងសមត្ថភាព ប្រតិបត្តិការ បច្ចេកទេស ផ្សព្វផ្សាយ និង​តម្រូវ​ការ​ចាំបាច់ផ្សេងៗទៀត ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។ភាគីទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ​ដែល​ធ្លាប់​មាន​នា​ពេល​កន្លង​មក ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើទិសដៅនៃកិច្ចសហប្រតិបត្តិការ ក្នុង​គោល​បំណង​ប្រែ​ក្លាយ​ចំណង​កិច្ច​សហប្រតិបត្តិការនេះឱ្យក្លាយទៅជាគម្រូល្អនៃ​កិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យសហគមន៍​អន្តរជាតិ​បាន​ឃើញ និងទទួលស្គាល់៕

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកស្បៀងបានមកពីប្រជាជនខេត្តរួមនឹងសប្បុរជន ជូន​ជន​ភៀស​សឹក និងកងទ័ពជួរមុខ ខេត្តព្រះវិហារ

2025/08/13 02:35:34 pm        245
ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដា អភិបាល​ខេត្ត​ពោធិ៍​សាត់​ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការខេត្តពោធិ៍សាត់ ចុះ​សួរ​សុខ​ទុក្ខ​ជនភៀសសឹកក្នុងខេត្តព្រះវិហារ ដោយនាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួម​និង​អង្ករ​ចំនួន​៣០តោន ដែលជាអំណោយរបស់ប្រជាជនខេត្តពោធិ៍សាត់ រួមនិង​សប្បុរស​ជន​នានា ប្រគល់​ជូន​ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីធ្វើការបែងចែកជូនដល់កងទ័ពជួរមុខ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែលជាជនភៀសសឹក។ក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងថា ក្នុង​នាម​​កូន​ខ្មែរ​ដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ប្រជាជនខេត្តពោធិ៍សាត់ ក៏ដូចជាសប្បុរសជននានា បាន​រួម​គ្នា បរិច្ចាគចែករំលែក ស្បៀងជូនដល់ កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ ដែល​ជា​​ខេត្ត​​ទទួលរងគ្រោះ និងប្រឈមខ្លាំងពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ហើយ​ផល​វិបាក​នៃ​សង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិ​ត​មនុស្ស​មិន​រើស​មុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាក​ចេញ​ពី​ផ្ទះ​ស​ម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យ​យើង​ទាំង​អស់​គ្នាយ​ល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។ ឯកឧត្ដម ខូយ រីដា បានថ្លែង​អំណរ​គុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តា​ម​ខ្សែ​បន្ទាត់​ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹង​សត្រូវ​ឈ្លាន​ពាន​មិ​ន​ឲ្យបា​ត់បង់ទឹកដី។ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន​ចំពោះ​ប្រតិភូ​ខេត្ត​ពោធិ៍សាត់ ដែលបាននាំយកអំណោយរបស់ប្រជាជនខេត្តពោធិ៍សាត់ មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​ព្រះវិហារ បានបន្តចាត់ចែងដល់កងកម្លាំងជួរមុខ ការពារបូរណភាពទឹកដី និង​បង​ប្អូន​ជន​ភៀ​​សសឹកនាឱកាសនេះ។ ឯកឧត្ដមអភិបាលខេត្តព្រះវិហារបន្តថា កាយ​វិការ​របស់​ប្រជាជន​ខេត្ត​ពោធិ៍សាត់ ក៏ដូចជាសប្បុរសជននាឱកាសនេះ ពិតជាបានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គី​ភាពជាតិ ជាការលើកទឹកចិត្ត និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជា​មួយ​កង​ទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណ​ភាព​ទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។សូមជម្រាប់ជូនថា អំណោយឧបត្ថម្ភគាំទ្រ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រួមទាំង​សប្បុរស​ជន​ជិត​ឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាឱកាសនោះ រួមមាន៖ អង្ករ៣០តោន, អង្ករ​ដំណើប​១០០គីឡូក្រាម, អំបុកលីងសាច់ផាត់ ៣០០កញ្ចប់ (របស់សាខាសមាគមនារីខេត្ត), ត្រី​កេស ២៥គីឡូក្រាម, ប្រហុក១៣០គីឡូក្រាម, ត្រីងៀត ១៧គីឡូក្រាម, ត្រីប្រាហើម ១៦​គីឡូ​ក្រាម​, ពងត្រីឆ្តោរ ៣គីឡូក្រាម, កំពឹសក្រៀម ២គីឡូក្រាម និងថវិកាមួយចំនួន៕

រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗប្រមាណជាង ២០កុងតឺន័រជូនកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក

2025/08/13 12:33:45 pm        423
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ប្រមាណជាង២០កុងតឺន័រជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំងចំនួន១៥០០០សម្រាប់ ចង្ក្រានហ្គាសចំនួន ១៧០០០ចង្រ្កាន និង៣៤០០០កំប៉ុងផងដែរ។ ការបញ្ជាក់របស់ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋកម្ពុជាបានសាមគ្គីភាពជាធ្នុង១ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា។ ចំណុចនេះបានធ្វើឱ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទីដែលមិនអាចខ្វះបានរបស់វីរកងទ័ពជាខឿនការពារជាតិ ប្រជាជន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្រជាជនទាំងអស់បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែកខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដែលបានលើកទឹកចិត្តឱ្យកងទ័ពកាន់តែមានភាពក្លាហាន។ រាជធានីភ្នំពេញបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋល្អ ដើម្បីធ្វើកិច្ចការងារបំរើឱ្យជួរមុខទាំងសម្ភារៈ ថវិកា និងស្មារតីបានល្អប្រសើរ។បន្ថែមពីនេះប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈ បានធ្វើសកម្មភាពផ្សេងៗច្រើនទៀត ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញ ពីការឈ្លានពាររបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា កម្ពុជាចង់បានសន្តិភាព។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញបានរួមគ្នាជាមួយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងថវិកាជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។ឯកឧត្ដមបន្ថែមថា ក្រៅពីការងារខាងលើ ការងាររក្សាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញក៏បានអនុវត្តបានល្អប្រសើរជាមួយនិងការបង្ក្រាបល្បែងស៊ីសង់តាមអនឡាញបានជាច្រើនកន្លែងផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ ចំពោះមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើការងារទទួល និងបញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗទៅជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមិនបានសំរាកឡើយទោះបីជាថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងឈាមដែលស្រក់នៅតាមព្រំដែន។ ជាមួយគ្នានោះដែរក៏មិនអាចភ្លេចបានចំពោះក្រុមការងារផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រព័ន្ធអនឡាញដែលមិនបានធ្វើការងារខុសឆ្គងនៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ ដោយបានស្តាប់នូវការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាល។ នេះបញ្ជាក់ឱ្យឃើញពីមហាសាមគ្គីភាព ដែលយើងមិនអាចភ្លេចបាន៕

ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ត្រៀមសម្រាប់ជួសជុលសាលា និងសង់អគារ​បណ្ដោះ​អាសន្ន​ឱ្យ​បាន​មុន​បើកបវេសនកាលថ្មី

2025/08/13 12:24:06 pm        185
ក្រសួងអប់រំ យុវជន និងកីឡា បានចុះសិក្សាវាយតម្លៃ លើផលប៉ះពាល់តាមសាលារៀន នៅ​តាម​បណ្ដោយ​ព្រំដែន ដែលរងការខូចខាតពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្រសួងអប់រំ បាន​ត្រៀមនូវថវិការហូតដល់ប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការជួសជុល ក៏ដូចជា​សាង​សង់​អគារ​បណ្ដោះ​អាសន្នធ្វើយ៉ាងណាឱ្យបានរួចរាល់មុនបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ការផ្ទុះអាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានបង្កផលប៉ះពាល់ ធ្វើ​ឱ្យ​មាន​ការ​ផ្អាក​ការ​សិក្សា​របស់​សិស្ស​ជាច្រើនពាន់នាក់នៅតាមខេត្តជាប់បណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ ក្រៅពីផ្អាក​ការ​សិក្សា ការផ្ទុះអាវុធនាពេលកន្លងទៅនេះ ក៏បានបំផ្លិច​បំផ្លាញ​អគារសិ​ក្សា​តាម​សាលា​រៀន​មួយ​ចំនួន​ផង​ដែរ។ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ការខូចខាត រប​ស់​សាលា​រៀននីមួយៗ រួចមកហើយ។ ជាការវាយតម្លៃ គឺក្រសួងត្រៀមថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បី​ធ្វើការជួសជុល និងសាងសង់អគារសិក្សាបណ្ដោះអាសន្ន ឱ្យបាន​រួច​រាល់​មុន​បើក​បវេសនា​កាល​ឆ្នាំ​សិក្សាថ្មី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះជាការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា អ្នក​នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។លោកស្រីអ្នកនាំពាក្យលើកឡើងដែរថា កំឡុងពេលនេះ ក្រសួងអប់រំ ក៏កំ​ពុង​ធ្វើ​ការ​ងារ​ជាមួយ​អង្គភាព​ស៊ីម៉ាក និងភាគីពាក់ព័ន្ធ ដើម្បីធានាថា សាលារៀនទាំងនោះមានសុខសុវត្ថិភាព សម្រាប់​សិ​ស្សវិលត្រឡប់ទៅសិក្សាវិញ។គួរបញ្ជាក់ថា ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមព្រំដែន បាន​បង្ក​ឱ្យ​សាលា​រៀន ទាំង ២៦០ទីតាំងទូទាំងខេត្តឧត្តរមានជ័យ ត្រូវផ្អាកការសិក្សាទាំងស្រុង។ លើសពីនេះ ក៏​មាន​ការផ្អាកការសិក្សានៅសាលារៀនក្នុងឃុំចំនួន ៥នៅស្រុកម៉ាឡៃ ផ្អាកការ​សិក្សា​គ្រប់​សាលា​រៀន​នៅ​ក្រុងប៉ោយប៉ែត ផ្អាកការសិក្សានៅសាលារៀនចំនួន ៧នៅស្រុកស្វាយចេក និងមាន​ការផ្អាក​ការ​សិក្សាទាំងស្រុងនៅស្រុកថ្មពួក ផងដែរ។ នេះបើយោងតាមរបាយការណ៍ ដែល​ទទួល​បាន​ពី​ក្រសួង​អប់រំ យុវជន និងកីឡានាពេលកន្លង។កំឡុងពេលភាសសឹក ក្រសួងអប់រំ ក៏បានរៀបចំឱ្យមានការបន្តការសិក្សាសម្រាប់សិស្ស នៅ​តាម​ជំរំ​នានា​ផងដែរ៕ អត្ថបទ៖ គឹម ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Modi សម្លឹងដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ ខណៈរដ្ឋសំខាន់ៗរបស់ឥណ្ឌាចាប់ផ្តើមរាប់សន្លឹកឆ្នោត
05/04/2026 04:05 PM
អឺរ៉ុប៖ ពេលវេលានៃការដកកងទ័ពអាមេរិកចេញពីប្រទេសអាល្លឺម៉ង់ គឺជារឿងគួរឱ្យភ្ញាក់ផ្អើល
05/04/2026 04:05 PM
ប្រធានសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារលើអ្នកសារព័ត៌មានគំរាមដល់សេរីភាពសកល
05/04/2026 04:05 PM
កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ
05/04/2026 04:05 PM
រដ្ឋមន្ត្រីការពារជាតិ ជួបពិភាក្សាជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ពិនិត្យលើសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា
05/04/2026 04:05 PM
រដ្ឋមន្រ្ដីបីក្រសួងដឹកនាំប្រជុំអំពីកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
05/04/2026 04:05 PM
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាជួបពិភាក្សាជាមួយប្រធានបេសកកម្ម ICRC ប្រចាំ​កម្ពុជា អំពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមជម្រកបណ្តោះអាសន្ន និង​យន្តការ​ជួយ​គាំពារ​បន្ថែម
05/04/2026 04:05 PM
នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថា វិបត្តិប្រេងមាន «ផលប៉ះពាល់យ៉ាងធំធេង» នៅអាស៊ី-ប៉ាស៊ីហ្វិក
05/04/2026 04:05 PM
អាស៊ីកំពុងរងប៉ះពាល់ខ្លាំងជាពិសេស ដោយសារផលវិបាកសេដ្ឋកិច្ចបណ្ដាលពីជម្លោះអ៊ីរ៉ង់
05/04/2026 04:05 PM
របាយការណ៍៖ អាមេរិកប្រគល់នាវាអ៊ីរ៉ង់ដែលត្រូវបានរឹបអូសទៅប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍
05/04/2026 04:05 PM