អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយជួសជុលផ្ទះពលរដ្ឋ ដែលត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់
រាជរដ្ឋាភិបាលកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និង​អនាគត ជាពិសេសស្ថានភាពបំណុលពួកគាត់
ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

ព័ត៌មានជាតិ

ក្រុមហ៊ុនដែលកំពុងដំណើរក្នុងស្រុក គ្រោងសហការជាមួយចិនដើម្បីពង្រីកវិសាលភាពវិនិយោគបន្ថែម

2025/08/13 05:01:10 pm        148
ភ្នំពេញ ៖ ក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងស្រុក គ្រោងពង្រីកវិសាលភាពលើការវិនិយោគ ដោយសហការជាមួយដៃគូវិនិយោគចិន ដើម្បី បង្កើតការវិនិយោគថ្មីៗ លើលើវិស័យកសិកម្ម ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស និងកាវិនិយោគលើផ្នែកដឹកជញ្ជូន នាំចេញ-នាំចូលជាដើម។​ឧកញ៉ា លី ហ្គួលាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ បានលើកឡើងអំពីសាវតានៃការចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងបច្ចុប្បន្នភាពនៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ហ្គ័រស៊ីងគ្រុបមានជាអាទិ៍៖ រោងចក្រឧស្សាហកម្មកែច្នៃក្តារបន្ទះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូល គ្រឿង សំណង់, និងក្រុមហ៊ុនសាងសង់ជាដើម។ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានជម្រាបអំពីផែនការលើការពង្រីកវិសាលភាព នៃការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែម ដោយគ្រោងនឹងសហការជាមួយដៃគូវិនិយោគចិន ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការ វិនិយោគថ្មីៗដូចជា៖ ការវិនិយោគលើផ្នែកកសិកម្ម, ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, និងកាវិនិយោគលើផ្នែក ដឹកជញ្ជូននាំចេញ-នាំចូលជាដើម។ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះចំណាប់អារម្មណ៍លើការពង្រីក វិសាលភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងពីវិស័យសក្កានុពលនានាបន្ថែម ដែលមានភាពអំណោយផលខ្ពស់ដល់វិនិយោគិន បរទេសរួមមាន៖ ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, ឧស្សាហកម្មកែច្នៃចំណីអាហារ និងគ្រឿងឧបភោគបរិភោគ, និងឧស្សាហកម្ម ពាក់ព័ន្ធនឹងគ្រឿងបង្គុំរថយន្តជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់ រាជរដ្ឋាភិបាលកម្ពុជា លើការងារវិនិយោគ, រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគ កាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ ប្រកបដោយភាពងាយស្រួល និងកាត់បន្ថយការចំណាយពេល វេលា និងបានលើកទឹកចិត្តឱ្យឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ក្នុងការ ដាក់ពាក្យស្នើសុំវិនិយោគផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកកិច្ចប្រជុំជំរុញកិច្ចសហការជួយពលរដ្ឋវិលពីប្រទេសថៃឱ្យបានល្អបំផុត

2025/08/13 04:54:16 pm        203
ភ្នំពេញ៖ប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុសាសន៍តម្រង់ទិសប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការងារក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី លើការងារសម្របសម្រួលទទួលដំណើរវិលពីប្រទេសថៃរបស់ពលរដ្ឋខ្មែរ យ៉ាងរលូន និងប្រកបដោយភាពកក់ក្ដៅ ទោះបីជាពួកគាត់មានការខ្វះខាតឯកសារក៏ដោយ។ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងជំរុញការសម្របសម្រួលផ្ដល់សេវាឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានស្របតាមច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រក្រសួងការងារ ដែលបានដាក់ចេញការសម្របសម្រួលជាមួយរោងចក្រ សហគ្រាសទទួលពាក្យចូលបម្រើការងារពីពលរដ្ឋខ្មែរវិលពីប្រទេសថៃដោយពុំតម្រូវយកឯកសារចាំបាច់។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំយន្តការសហការផ្លាស់ប្ដូរព័ត៌មាន បង្ការទប់ស្កាត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយឱ្យបានសមស្រប សម្រាប់រយៈពេលតទៅមុខជាយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងដំណើរចេញនិងចូលរបស់ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមច្បាប់។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរវិលពីប្រទេសថៃជាង៩០ម៉ឺននាក់ហើយ ដោយតួលេខនេះ ត្រូវបានឯកភាពគ្នាកំណត់យ៉ាងជាក់លាក់រវាងស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន។ ឯកឧត្តម ហេង សួរ ក្រសួងការងារ បានកំណត់មុខសញ្ញាពលរដ្ឋវិលពីប្រទេសថៃជា៣ក្រុម រួមមាន ទី១-មាន២៥ ម៉ឺននាក់ ជាក្រុមមានអាយុលើស៤៥ឆ្នាំ ដែលមានគោលដៅទីផ្សារការងារក្នុងវិស័យកសិកម្ម និងសហគ្រាសតាមមូលដ្ឋាន ទី២-មានប្រមាណ៥ម៉ឺននាក់ជាក្រុមកុមារនៅជាមួយឪពុកម្ដាយនិងត្រូវសម្របសម្រួលជាមួយក្រសួងអប់រំនិងយុវជន និងកីឡា ដើម្បីចូលសិក្សាតាមសាលារៀន និងទី៣-គឺក្រុមពេញកកម្លាំងសម្រាប់ប្រឡូកក្នុងទីផ្សារការងារ និងពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ទៀតថា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងព្រៃវែង ជាខេត្តមានពលរដ្ឋធ្វើការងារនៅប្រទេសថៃច្រើន និងបានវិលមកវិញច្រើនជាងគេ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំសម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចច្រកទ្វារព្រំដែន រៀបចំទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់លំនៅឋានប្រកបដោយភាពកក់ក្ដៅ រហូតពលរដ្ឋខ្លះហូរទឹកភ្នែកស្ញប់ស្ញែងនឹងការខិតខំរបស់មន្រ្តីគ្រប់ផ្នែក។ បន្ទាប់ពីបានដឹកនាំមន្ត្រីចុះផ្ទាល់ចូលរួមទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋតាមបណ្ដាច្រកទ្វារព្រំដែន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានរំលេចពីសកម្មភាពរួមចំណែកយ៉ាងសកម្ម និងគួរឱ្យកោតសរសើររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មជាមួយមន្រ្តី និងអាជ្ញាធរ រហូតទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីតំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM និងអង្គការពលកម្មអន្តរជាតិ ILO។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ពេលនេះមន្រ្តីក្រសួងការងារ បានចុះផ្សព្វផ្សាយទីផ្សារការងារ និងប្រមូលព័ត៌មានពីពលរដ្ឋ នៅតាមឃុំ សង្កាត់ជាង៤០០ហើយ ក្នុងចំណោមផែនការជាង១០០ពាន់ឃុំ សង្កាត់ ដើម្បីកំណត់គោលដៅសម្របសម្រួលឱ្យតំណាងរោងចក្រសហគ្រាសចុះជួបសម្ភាស បន្ថែមលើការទំនាក់ទំនងតាមលេខទូរសព្ទ១២៩៧ ដែលជាមធ្យមទទួលបានការហៅចូលសម្ភាស ជាង១ពាន់នាក់ ក្នុងមួយថ្ងៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃ និងលើកទឹកចិត្តខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមពីការដាក់ចេញយន្តការថ្មីៗដើម្បីរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលដោយខុសច្បាប់ និងត្រៀមទទួលការផ្ដល់ធាតុចូល និងធ្វើការងារជាមួយក្រសួងការងារបន្ថែមទៀត។ក្នុងកាលៈទេសៈនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនដែរថា ឯកឧត្តម បានណែនាំរដ្ឋបាលរាជធានី ខេត្ត ខិតខំដឹកនាំការសម្របសម្រួល និងបង្កលក្ខណៈ ជំរុញការរៀបចំឯកសារ គាំទ្រឱ្យកុមារជាកូនចៅពលរដ្ឋវិលពីប្រទេសថៃ ចូលសិក្សារៀនសូត្រនៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា និងទាន់ឆ្នាំសិក្សា។ពាក់ព័ន្ធកិច្ចសហការផ្ដល់ព័ត៌មានអំពីទីផ្សារការងារជូនពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ត្រៀមគាំទ្រជាមួយក្រសួងការងារ ដោយនឹងណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារចុះគ្រប់មូលដ្ឋាន រួមទាំងខេត្តបាត់ដំបង និងព្រៃវែង រៀបចំព័ត៌មានដែល បញ្ជូនមកពីក្រសួងការងារ ដើម្បីបញ្ចូលជារបៀបវារៈ ត្រូវអនុវត្តផ្សព្វផ្សាយគ្រប់ពេលចុះមូលដ្ឋានជួបប្រជាពលរដ្ឋ៕

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញបើកវគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ

2025/08/13 04:51:07 pm        149
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ” ដែលមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង។ពិធីនេះបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាគឺ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះ ក្រសួងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីជួយរកការងារ និងផ្ដល់ការងារជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ដោយបានដាក់ឱ្យដំណើរការការចុះឈ្មោះ ស្វែងរកការងារធ្វើតាមរយៈប្រព័ន្ធ Hotline ១២៩៧ និង Telegram Bot។ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ថ្នាក់ដឹកនាំក្រសួងយល់បានច្បាស់អំពីការចុះឈ្មោះស្វែងរកការងារធ្វើតាមរយៈ Telegram Bot (QR Code) និងជួយសម្របសម្រួលដល់ការចុះឈ្មោះជូនដល់បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃឱ្យទទួលបានព័ត៌មាន និងឱកាសការងារធ្វើដើម្បីធានាបានប្រាក់ចំណូលប្រចាំគ្រួសារ និងចូលរួមកសាងសេដ្ឋកិច្ចជាតិ៕

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បើកវគ្គបណ្តុះបណ្តាល «គោលការណ៍ណែនាំ​ស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត»

2025/08/13 04:14:24 pm        423
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក នៅសាលD អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ អ្នកជំនាញការច្បាប់ និងមន្រ្តីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានចំនួនសរុប១៥០នាក់។ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នេះជាវគ្គបណ្តុះបណ្តាលលើកទី៩ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើង ដោយក្នុងឆ្នាំ២០២៤ មានចំនួន៧លើក និងត្រឹមខែសីហា ឆ្នាំ២០២៥នេះ មានចំនួន២លើក។ វគ្គបណ្តុះបណ្តាលនាព្រឹកនេះ លើប្រធានបទ “គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត” ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានលក្ខណៈជាការបណ្តុះបណ្តាលផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំឈានឆ្ពោះទៅបើកវគ្គបណ្តុះបណ្តាលជូនដល់ក្រសួង ស្ថាប័ននានា នាពេលខាងមុខផងដែរ។ ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមឱ្យក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំវគ្គបណ្តុះបណ្តាលឱ្យបានជាប់ជាប្រចាំលើប្រធានបទពាក់ព័ន្ធនឹងច្បាប់ ហើយដែលទាក់ទងនឹងវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមជាដើម ស្របតាមបរិបទនិងស្ថានការណ៍វិវឌ្ឍនរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាតំបន់និងពិភពលោកផងដែរ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលថាយើងគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនមួយជីវិត (Life-long learning) និងត្រៀមខ្លួនក្នុងការអភិវឌ្ឍចំណេះដឹងនិងជំនាញបន្ថែម (Upskill) ឬចាប់យកចំណេះនិងជំនាញថ្មី (Reskill) ដើម្បីសម្របនឹងបរិបទថ្មីនេះ” ក្នុងការឈានឆ្ពោះទៅពង្រឹងសមត្ថភាព គុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើននូវប្រសិទ្ធិភាពនិងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួង ស្ថាប័នផ្សេងៗផងដែរ៕

ឯកឧត្តមបណ្ឌិត លី ធុជ ស្នើឱ្យក្រុមនិស្សិតចិនដែល​មកទស្សនកិច្ចនៅកម្ពុជា គាំទ្រ និង​ផ្សព្វផ្សាយ​ពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់កម្ពុជាកន្លងមក ជាពិសេស​ការងារ​បោសសម្អាតមីន

2025/08/13 04:06:53 pm        355
ឯកឧត្តម​​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាន​ស្នើ​ឱ្យ​ក្រុម​និស្សិតចិន​ដែល​​មកទស្សនកិច្ចនៅកម្ពុជា ចូលរួមគាំទ្រ និងផ្សព្វផ្សាយពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និ​​ង​សមិទ្ធផលសម្រេចបានរបស់កម្ពុជានាពេលកន្លងមក ជាពិសេសការងារបោសសម្អាតមីន ។ការស្នើឡើងនេះក្នុងខណះ ឯកឧត្តម​​បានទទួល ស្វាគមន៍​ចំពោះ​ដំណើរ​ទស្ស​នកិច្ច​របស់​ក្រុម​និស្សិត​ចិន​​ដែល​កំពុង​សិក្សានៅ​សហរដ្ឋ​អាមេរិក​ នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advo cates Team) និងមូល​និធិអាប៉ូឡូ (Apollo Foundation) ដែល​បាន​មក​សិក្សា​ឈ្វេង​យល់​អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នាវេលាថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅ​ទី​ស្នាក់ការអាជ្ញាធរមីន។ ដំណើរ​ទស្សនកិច្ច​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សម្រប សម្រួល​របស់​ក្រុមហ៊ុន​ Global Sunshine Group ដែល​បាន​និង​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរមីន បាន​ធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការងារបោសសម្អាត​មីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រ​ដល់​ការ​ស្តារ​ឡើង​វិញ​នូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោស​សម្អាត​មីន​នេះ ​អាចដំណើរការបានគ្រប់ ជ្រុងជ្រោយ គឺដោយសារ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហា​មីន​ដែល​នៅ​សេស​សល់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និង​ដឹកនាំឥតងាករេ ជាមួយ​នឹង​ការដាក់ចេញនូវចក្ខុវិស័យការយកចិត្តទុកដាក់​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បី​អាច​ឱ្យ​កម្ពុជា​សម្រេច​នូវ​គោលដៅរបស់ខ្លួន ការរួមចំណែករបស់ប្រទេសជា​មិត្ត​ដៃគូអភិវឌ្ឍន៍ និង​សប្បុរសជន​នានា​ ពិត​ជា​មាន​សារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិ ផ្ទុះពី​សង្រ្គាម​ដែល​នៅ​សេស​សល់។ ក្នុងឱកាស​នោះ​ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនដែល​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​គាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធ ផលសម្រេច​បាន​របស់​កម្ពុជា​នា​ពេល​កន្លងមកក្នុងនោះ​រួមទាំងការងារបោសសម្អាតមីនផងដែរ៕ អត្ថបទ៖ ភារម្យ

អន្តរក្រសួងស្ថាប័ន ដឹកនាំកិច្ចប្រជុំ លើការរៀបចំតាក់តែងឯកសារគតិយុត្ត​«អនុក្រឹត្យស្តីពី​ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល»

2025/08/13 03:47:39 pm        644
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួង​មុខងារ​សាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តី​ព្រាងអនុក្រឹត្យ​ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងការដ្ឋានកែទម្រង់ទាំង៥វិស័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូប។អនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល រៀបចំឡើងដើម្បីកំណត់អំពីមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាលសម្រាប់មន្រ្តីបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះ មានភ្ជាប់តារាងឧបសម្ព័ន្ធចំនួន២ ដែលតារាងឧបសម្ព័ន្ធទី១រៀបរាប់ពីបញ្ជីឈ្មោះមុខតំណែងវិជ្ជាជីវៈសុខាភិបាល និង តារាងឧបសម្ព័ន្ធទី២រៀបរាប់ពីការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ ហើយមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល ដែលមានកំណត់ក្នុងឧបសម្ព័ន្ធទាំង២ ត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការជ្រើសរើសមន្រ្តីបំពេញការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ការរៀបចំលក្ខខណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារ ការអភិវឌ្ឍសមត្ថភាព ការវិវត្តអាជីព និងការរៀបចំផែនការធនធានមនុស្សស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន។ជារួមស្មារតីអង្គប្រជុំបានពិភាក្សាផ្តល់មតិធាតុចូលយ៉ាងលម្អិតទៅលើការកំណត់ទម្រង់ ខ្លឹមសាររួម ពាក្យពេចន៍ ឃ្លាឃ្លោងនៃសេចក្តីព្រាងអនុក្រឹត្យ និងការកំណត់កែសម្រួលចំណុចមួយចំនួនដែលមានចែងក្នុងតារាងឧបសម្ព័ន្ធទាំង២ឱ្យកាន់តែមានភាពច្បាស់លាស់និងត្រឹមត្រូវ ដើម្បីមានមូលដ្ឋានក្នុងការដាក់ជូនប្រជុំបន្តកម្រិតលេខាធិការដ្ឋាននៃ គ.វ.រ.៕

អង្គការសង្គមស៊ីវិលអំពាវនាវដល់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងកងទ័ពខ្មែរ១៨រូបមកវិញឱ្យបានឆាប់

2025/08/13 03:42:41 pm        118
ស្វាយរៀង ៖ តំណាងអង្គការសង្គមស៊ីវិលខេត្តស្វាយរៀង នៅក្នុងអង្គវេទិកាសន្ទនា ស្ដីពី កិច្ចប្រតិបត្តិការភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះបានអំពាវនាវដល់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងកងទ័ពខ្មែរ១៨រូបមកវិញឱ្យបានឆាប់ ។​ជាមួយគ្នានោះដែរក្នុងនាមប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិលឯកឧត្តម កឹមរត្ន័ វិសុទ្ធ បានណែនាំដល់តំណាងអង្គការសង្គមស៊ីវិល និងសមាគមនៅក្នុងខេត្តត្រូវគិតគូរ ចូលរួមគ្រប់មធ្យោបាយ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពនៅសមរភូមិមុខ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ពិសេសបំផុតត្រូវធ្វើការប្រមូលផ្ដុំធនធានយកទៅឧបត្ថម្ភដល់គ្រួសារសពវីរៈយុទ្ធជន នៅស្រុកចន្ទ្រា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឱ្យមានលំនឹងខាងជីវភាពប្រចាំថ្ងៃ ។ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរក្សាសន្តិសុខជូនពលរដ្ឋរស់នៅ និងចលនាពលរដ្ឋធ្វើការងារបង្កបង្កើតផលចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាព ខណៈដែលរាជរដ្ឋាភិបាលបានបិទការនាំទំនិញមកពីប្រទេសជិតខាងប្រើប្រាស់បន្ថែមលើផលិតផលរបស់ខ្មែរដែលមានស្រាប់៕ ដោយ ៖ ភា សារិទ្ធ

ក្រុមការងារអន្តរក្រសួងប្រជុំគ្នារកវិធានការអនុវត្ត នៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះ​ស្រាយ​បញ្ហា​ប្រឈមខ្វះគ្រូបង្រៀន

2025/08/13 03:42:00 pm        804
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រាជ​រដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់​គ្រូជាប់​កិច្ច​សន្យា​នៅ​តាម​កម្រិត​បឋម​សិក្សា និងគ្រូបង្រៀនម៉ោងបន្ថែមនៅកម្រិតមធ្យមសិក្សា។ ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត ការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ រាជ​រដ្ឋាភិបាល បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការជ្រើសរើស និង​ប្រើប្រាស់​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​ចំណេះ​ទូទៅ។កិច្ចប្រជុំនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំ​ការ​ក្រសួង​មុខងារសាធារណៈ បានដឹកនាំកិច្ច​ប្រជុំ​ពិភាក្សា​ចំពោះវិ​ធានការ​អនុវត្ត​នៃ​ការ​រៀបចំ​គុណ​វុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ នៅ​ទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញនៃក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ក្នុងប្រសាសន៍ចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តម យក់ ប៊ុនណា បានលើកឡើងថា "កិច្ចការដែលយើងប្រជុំនាពេលនេះ ដោយសារមានគោលការណ៍ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការងារបន្តបន្ទាប់ ក្នុងដំណើរការនៃឆ្នាំសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខផង។ ដូច្នេះយើងប្រជុំនាពេលនេះ ជាការដោះស្រាយគ្នា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ដែលអាចធ្វើទៅបាន សម្រាប់ជួយគាំទ្រទៅដល់ដំណើរការរបស់សាលារៀន ដែលមានតម្រូវការប្រើប្រាស់គ្រូបង្រៀនរបស់យើង។"កិច្ចប្រជុំនារសៀលនេះ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន២ រួមមាន៖ របៀបវារៈទី១៖ (១)អនុក្រឹត្យស្តីពីការរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀន, (២)សារាចរស្តីពីការបន្តសុពលភាពជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ រយៈពេល ២ឆ្នាំ, (៣)ការបណ្តុះបណ្តាលគរុកោសល្យ និងការបំប៉នជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ និង (៤)ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន។ រីឯរបៀបវារៈទី២ អង្គប្រជុំបានពិភាក្សាទៅលើសំណើសុំគោលការណ៍ប្រើប្រាស់គ្រូជាប់កិច្ចសន្យា សម្រាប់ប្រើនៅសាលាបឋមសិក្សា និងថ្នាក់សមាហរណកម្មមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។បន្ទាប់ពីបានស្តាប់នូវមតិរបស់អង្គប្រជុំយ៉ាងផុសផុសរួចមក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ បន្តការពិភាក្សា តាក់តែង ស្របទៅតាមគោលការណ៍កំណត់នៃនីតិវិធីបទដ្ឋានគតិយុត្ត៕

សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប សិប្បកម្មវេចខ្ចប់ប៊ីចេង និង​ម្សៅស៊ុបខុសច្បាប់មួយកន្លែង

2025/08/13 03:12:39 pm        407
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និង​អាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាប និងបិទ​ទីតាំង​សិប្បកម្ម​មួយ​កន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និង​កំពុង​វេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55ក្លែងក្លាយ និងខុសច្បាប់។តាមសមត្ថកិច្ចបានឲ្យដឹងថា សិ ម្ចាស់សិប្បកម្មខុសច្បាប់នេះ គឺមានឈ្មោះ អ៊ីវ សារិន បាន​នាំ​ចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីក្រៅប្រទេស រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ​៥៥ ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការ​លក់​ចែក​ចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់​អ្នក​ប្រើ​ប្រាស់​ថា​ជា​ផលិត​ផល​របស់​ប្រទេស​ថៃ។ក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណ​ជាង ៣០តោន, ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១គ្រឿង, ម៉ាស៊ីនវេចខ្ចប់ធំ ០២គ្រឿង, ម៉ាស៊ីន​វេចខ្ចប់តូច ០៣គ្រឿង, ម៉ាស៊ីនអ៊ុតកេស០២គ្រឿង, ម៉ាស៊ីនរ៉ៃ ០២គ្រឿង, រថយន្ត​ដឹក​ទំនិញ​ ០៤គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ ០៦គ្រឿង ។ ក្រោយ​ពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយពិនិត្យ​ឃើញ​ថា​សម្ភារៈ​ទាំង​អ​ស់​បំ​រើ​ឲ្យ​ការងារ​វេច​ខ្ចប់​ ដឹកជញ្ជូន ចែកចាយប៊ីចេង និងម្សៅស៊ុបម៉ាក ឆែស ក្លែងបន្លំប្រភពផលិត ដូចនេះ​សមត្ថ​កិច្ច​បាន​​សម្រេចដកហូតសម្ភារៈវត្ថុតាងទាំងអស់ខាងលើ ហើយធ្វើការ​បិទ​ផ្លំ​បេ​សិប្ប​កម្ម​មួយ​នេះ​ជា​បណ្តោះ​អាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសម្ចាស់ទីតាំងរូបនោះ តាមច្បាប់ជាធរមាន កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ។ ឆ្លៀតក្នុងឱកាសនេះដែរសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបន្តផ្តាំផ្ញើ និងក្រើរំលឹកដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា រកស៊ីដោយសុច្ចរិត មិនក្លែងបន្លំ ឬផលិតនូវផលិតផលក្លែងក្លាយ ដើម្បីលើកកំពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ក៏ដូចជាលើកកំពស់មុខមាត់ផលិតផលខ្មែរស្របច្បាប់ជាដើម៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ពុំមែនជា​បទល្មើស​ឆ្លងដែន​ធម្មតា​ទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ត្រូវរួមសហការគ្នាទប់ស្កាត់

2025/08/13 03:04:45 pm        125
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធាន​លេខា​ធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ជាំង ស៊ួយ (Jiang Shui) អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និង​សមាហ​រណ​កម្ម​អនុវត្ត​ច្បាប់មេ​គង្គ-ឡានឆាង (LMLECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប ជាយន្តការបន្ថែមទៅលើយន្តការដែលមានស្រាប់។ ឯកឧត្តមសន្តិបណ្ឌិត បាន​រំលេច​អំពី​សកម្មភាព និងលទ្ធផល របស់សមត្ថកិច្ចកម្ពុជា ក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និង​បោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយ​ទទួល​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជ​រដ្ឋាភិបាល​។ ឯកឧត្តមសន្តិបណ្ឌិតក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​ឯកឧត្តម​សន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពុំមែនជាបទ​ល្មើស​ឆ្លង​ដែនធម្មតាទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ ដែលយើង​ត្រូវ​រួម​សហការ ផ្លាស់ប្តូរ ចែករំលែកព័ត៌មានជាមួយដៃគូពាក់ព័ន្ធឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយប្រសិទ្ធភាព។ជាកិច្ចឆ្លើយតប លោកអគ្គលេខាធិការរង បានសម្តែងនូវការកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជា​សម្រេច​បាន បន្ទាប់ពីការបង្កើតយន្តការ គ.ប.ឆ.ប. ព្រមទាំងបាន​គូស​បញ្ជាក់​ពីសារៈសំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពីលទ្ធផលដ៏ល្អប្រសើរនេះ ដើម្បីបង្ហាញពីឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រា​យ​បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ទន្ទឹមនេះ លោកអគ្គលេខាធិការរង បានបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​រវាងមជ្ឈមណ្ឌល LMLECC និងលេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏ដូចជាផ្តល់ការ​គាំទ្រ​ដល់​ គ.ប.ឆ.ប. ទាំងក្នុងកិច្ចការកសាងសមត្ថភាព ប្រតិបត្តិការ បច្ចេកទេស ផ្សព្វផ្សាយ និង​តម្រូវ​ការ​ចាំបាច់ផ្សេងៗទៀត ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។ភាគីទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ​ដែល​ធ្លាប់​មាន​នា​ពេល​កន្លង​មក ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើទិសដៅនៃកិច្ចសហប្រតិបត្តិការ ក្នុង​គោល​បំណង​ប្រែ​ក្លាយ​ចំណង​កិច្ច​សហប្រតិបត្តិការនេះឱ្យក្លាយទៅជាគម្រូល្អនៃ​កិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យសហគមន៍​អន្តរជាតិ​បាន​ឃើញ និងទទួលស្គាល់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល វាយប្រហារប្រទេសលីបង់ភាគខាងត្បូង បន្ទាប់ពីការព្រមានឲ្យជម្លៀសចេញថ្មី
05/04/2026 03:05 PM
ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សាកើនឡើងដល់ ៧២.៦១០នាក់
05/04/2026 03:05 PM
កុមារមកពីរុស្ស៊ី និងចិន ចូលរួមក្នុងព្យុហយាត្រានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីមុនទិវាជ័យជំនះ
05/04/2026 03:05 PM
ប៉ូឡូញ៖ គ្មានសញ្ញាណាមួយបង្ហាញថាកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ អាចត្រូវបានផ្លាស់ទីតាំងនោះទេ
05/04/2026 03:05 PM
លោក MACRON ជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូសឡើងវិញ
05/04/2026 03:05 PM
អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយជួសជុលផ្ទះពលរដ្ឋ ដែលត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់
05/04/2026 03:05 PM
ប្រមុខក្រសួងរតនាគារ៖ អាមេរិក «កំពុងធ្វើឲ្យអ៊ីរ៉ង់ដកដង្ហើមលែងរួច» ដោយការបិទខ្ទប់ផ្លូវ
05/04/2026 03:05 PM
អ៊ីរ៉ង់ព្រមានអំពីការរំលោភបទឈប់បាញ់ ខណៈអាមេរិកគ្រោងអមដំណើរនាវា នៅច្រកសមុទ្រ Hormuz
05/04/2026 03:05 PM
ក្រុមហេសបូឡា បានរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល
05/04/2026 03:05 PM
CENTCOM៖ កងទ័ពអាមេរិកប្រមាណ ១៥.០០០នាក់ នឹងចូលរួមប្រតិបត្តិការរំដោះនាវានៅច្រកសមុទ្រហ័រមូស
05/04/2026 03:05 PM