សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន

2025/08/13 10:43:41 am        260
តបតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។ការចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះអតីតយុទ្ធជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ។

ក្រសួងការងារ ណែនាំដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្ដល់ព័ត៌មាន​ពីឱកាស​ការងារជូនពលករខ្មែរទើបត្រឡប់មក​ពីថៃ ប្រកបដោយ​​ភាព​កក់​ក្តៅ

2025/08/13 10:30:21 am        369
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហ​ការ​ផ្តល់ព័ត៌​មាន​ពី​ឱកាស​ការងារ​ជូន​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ​ជូន​ពួក​គាត់​តាម​រយៈ​ការ​ប្រើ​ប្រាស់ពា​ក្យស​ម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ក្រសួងការងារបន្តថា សហគ្រាស ក្រុមហ៊ុន រោងចក្រគួរតែចូលរួមឱ្យបានសកម្មក្នុង«វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត។ ដោយឡែក នៅរាជធានីភ្នំពេញមានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមយុទ្ធនាការជុំទី៣នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ/ សង្កាត់។ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ក៏បាន ឬតាមរយៈប្រព័ន្ធ Zoom។ ទន្ទឹមគ្នានេះ ការចុះឈ្មោះស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅរក្សាផងដែរ។សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវផ្តល់ការណែនាំ និងតម្រង់ទិសការងារដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃដំបូង និងសូមសម្របសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន។សហគ្រាស ក្រុមហ៊ុន រោងចក្រ សូមសហការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងការងាររៀងរាល់ ២សប្តាហ៍ម្តងតាមរយៈប្រព័ន្ធគ្រប់គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្តែន QR Code (ជំនួយការឌីជីថល-MLVT)៕

និស្សិតកម្ពុជាត្រឡប់ពីប្រទេសថៃចំនួន ៦៥៩នាក់ សំណើសុំអាហារូបករណ៍​សម្តេចតេជោ​សិក្សា​បន្ត​នៅ​តាមគ្រឹះស្ថានឧត្តម​សិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាវិញ

2025/08/13 10:22:27 am        400
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួល​សំណើ​សុំ​អាហា​រូបករណ៍​សម្តេច​តេជោ​ពី​និស្សិតកម្ពុជាដែល​បាន​ត្រឡប់មកពីប្រទេសថៃ​ គិតត្រឹមថ្ងៃទី១២សីហា ឆ្នាំ២០២៥ សរុបចំនួន៦៥៩នាក់ ក្នុង​នោះ​លើក​ទី​១ ចំនួន១៧៩នាក់ និងលើកទី២ចំនួន ៤៨៧នាក់ ខណៈ​បច្ចុប្បន្ន ក្រសួងកំពុង​សម្រប​សម្រួល​ទទួល​យក​និស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំ​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​សាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ កាលពី​រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួល​ជួបសំ​ណេះសំ​ណាល​ជា​មួយ​និស្សិត​កម្ពុជាវិ​លត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដោយមានកា​រ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់​ព័ន្ធ​ក្រោម​ឱវាទ ឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ លោក លោកស្រី គណៈគ្រប់គ្រង គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និងឯកជន អ្នកអាណាព្យាបាល និងនិស្សិត។ក្នុងបរិយាកាសដ៏កក់ក្តៅនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និងសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយ​ក្មួយៗ​និស្សិត​កម្ពុជា​ដែល​សម្រេច​ចិត្ត​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​បន្ត​ការ​សិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា​នានា​ទាំង​គ្រឹះស្ថា​ន​សាធារណៈ​រដ្ឋ និងឯកជននៅកម្ពុជាវិញ ព្រមទាំងឆ្លើយតបនឹងកង្វល់ ក៏ដូចជាបញ្ហាមួយចំនួន​របស់​និស្សិត​ពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបាន​សម្រប​សម្រួល​ឱ្យមានការជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពី​លក្ខ​ខណ្ឌ​ផ្សេង​ៗ​គ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំ​ឱ្យ​ខាង​សាលា​ជួយស​ម្រួល​ដំណើរ​ការ​នៃ​ការ​ចូល​រៀនបន្តនេះឱ្យបានឆាប់រហ័សផងដែរ។ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួល​សំណើសុំ​អាហារូបករណ៍​សម្តេច​តេជោ​ពី​ក្មួយៗ​និស្សិត​គិត​ត្រឹម​ថ្ងៃនេះ​ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និង​ផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិត​ឱ្យចូលរៀនដោយមិន​បង់​ថ្លៃ​ទៅតា​មជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន​ក្នុង​ប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះសុខសុវត្ថិភាពរបស់ក្មួយៗ ជាក់ស្តែង ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានអំ​ពាវ​នាវ​ដល់​និស្សិត​ដែល​រងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ វិលត្រឡប់មក​សិក្សា​នៅ​ប្រទេស​កម្ពុជា​វិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់និស្សិត។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមគោរព​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែលបានប្រកាស​ផ្តល់​អាហារូបករណ៍ដ​ល់និ​ស្សិតក​ម្ពុជា​ដើម្បី​បន្ត​ការ​សិក្សា​នៅក្នុ​ងប្រ​ទេស និង ទទួលការអប់រំប្រកបដោយគុណភាព ដែលនេះគឺជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាង​ធនធានមនុស្ស​ដើម្បី​អនាគតប្រទេសជាតិ។ ទន្ទឹមនេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណ​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ដែល​បានអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេចតេជោ ដោយចូលរួមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលវិលត្រឡប់​មក​ពី​ប្រទេសថៃ​ក្រោមឈ្មោះ អាហារូបករណ៍សម្តេចតេជោ និងជាពិសេសបា​នជួ​យអ​នុ​គ្រោះពិ​ចារណាលើ​ការផ្ទេរក្រេឌីតសិក្សាដើម្បីពន្លឿនការសិក្សារបស់និស្សិតកម្ពុជាយើង។ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយសូមចងចាំថា ការអប់រំ មិនមែនត្រឹមតែសម្រាប់ទទួលសញ្ញាបត្រទេ ប៉ុន្តែសម្រាប់បង្កើតចំណេះដឹង ជំនាញពិតប្រាកដ មានគុណធម៌សីលធម៌ មានចក្ខុវិស័យ និងរៀបចំខ្លួនឯងឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវខ្ពស់ ហើយសូមយកឱកាសនេះបង្កើតបានជាគុណប្រយោជន៍អតិបរិមា ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។សម្រាប់និស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា សូមរួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ជាមួយគ្រឹះស្ថានដែលខ្លួនស្នើសុំ។ អាហារូបករណ៍សិក្សាក្នុងប្រទេសកម្ពុជាដែលនិស្សិតយើងទទួលបាននាពេលនេះ គឺមានតម្លៃណាស់ ដោយក្មួយៗអាចសិក្សានៅជិតគ្រួសារ នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងគ្មានការគំរាមកំហែង៕

«កងទ័ពអាវស TYDA» បន្តនៅជាមួយពុកម៉ែបងប្អូនកងទ័ព ​ប្រជាជន​ភៀស​សឹក​លើ​ទឹកដី ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

2025/08/13 09:33:48 am        195
ស្ថិតក្នុងដែនដីខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា «កងទ័ពអាវស TYDA » កំពុងបន្តផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកមានដូចជាការពិនិត្យនិងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យនិងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យនិងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូស…ជាដើម។សូមជូនពរដល់ «កងទ័ពអាវស TYDA» ទាំងអស់មានសុខភាពល្អ សំណាងល្អ ជោគជ័យនៅក្នុងបេសកកម្មមួយនេះ និងសូមឱ្យជួបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯឧត្តម​ គីម​ រិទ្ធី នាំយកម៉ូតូ១០គ្រឿង ជាអំណោយសម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ប្រគល់ជូនវីរកងទ័ពជួរមុខ​ នៅខេត្តព្រះវិហារ

2025/08/13 07:33:42 am        311
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភថវិកា ៤០លានរៀលតាមរយៈ​ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។ជាក់ស្ដែងនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម​ គីម រិទ្ធី អភិបាលខេត្តព្រះវិហារ​ បាននាំយកម៉ូតូចំនួន ១០គ្រឿងនោះ ប្រគល់ជូនដល់វីរកងទ័ពការពារព្រំដែន នៃកងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដោយក្នុង​១កងពល ទទួលបានម៉ូតូចំនួន ៥គ្រឿង។ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងកងកម្លាំងកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនាជាប់ជាមួយកងទ័ពយើងនៅជួរមុខគ្រប់កាលៈទេសៈ។សូមជម្រាបថា សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលមានបទពិសោធន៍យូរអង្វែងទាំងផ្នែកនយោបាយ និងការទូត។សម្តេច បាន បម្រើការងារជូនជាតិអស់រយៈពេលជាច្រើន ទសវត្សរ៍ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង និងពង្រឹងទំនាក់ទំនងការទូតរបស់កម្ពុជា លើឆាកអន្តរជាតិ៕

រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តថ្នាក់ដឹកនាំទាំងអស់ មានភាពក្លាហានក្នុងការស្វែងយល់ពីស្ថានភាពជុំវិញខ្លួន និងហ៊ានដាក់ចេញសកម្មភាព ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយនវានុវត្តន៍

2025/08/12 08:50:31 pm        165
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦១៤ នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ញើរការសួរសុខទុក្ខដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅតាមបណ្តាខេត្តជាប់ព្រំដែន និងខេត្តជិតខាងទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត បម្រើសេវាថែទាំសុខភាពជូនដល់វីរៈកងទ័ព និងប្រជាជនដែលមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឱ្យមន្រ្តីសុខាភិបាលទូទាំងប្រទេស រក្សាឲ្យបាននូវវីរៈភាពរបស់មន្រ្តីសុខាភិបាល ដោយបន្តត្រៀមខ្លួនក្នុងការបម្រើសេវាថែទាំ និងព្យាបាល ជាពិសេសការប្រឹក្សាផ្លូវចិត្ត ជូនដល់កងទ័ពដែលវិលត្រឡប់មកស្រុកកំណើត ក្រុមគ្រួសារទ័ព និងប្រជាជនទាំងអស់ប្រកបដោយគុណភាព និងការយល់ចិត្ត។ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងនូវគុណសម្បត្តិចំនួន២ បន្ថែមលើគុណសម្បត្តិទាំង៥ របស់អ្នកដឹកនាំដែលបានចែករំលែកកាលពីវគ្គមុន។ គុណសម្បតិ្តទាំងពីរនោះរួមមាន៖ ១) អ្នកដឹកនាំត្រូវហ៊ានចាប់កាន់ធ្វើអ្វីមួយដែលមានលក្ខណៈប្លែកពីគេ ប៉ុន្តែអាចនឹងចេញជាលទ្ធផលវិជ្ជមាន និង ២) អ្នកដឹកនាំត្រូវបង្ហាញភាពក្លាហាន នៅគ្រប់ទិដ្ឋភាពដោយហ៊ាននិយាយការពិតក្នុងន័យស្ថាបនា ឱ្យកាន់តែប្រសើរឡើង។ នៅក្នុងន័យនេះឯកឧត្តមសាស្រ្តាចារ្យ បានលើកយកឧទាហរណ៍មួយ នៃជោគជ័យរបស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រាស់ភាពក្លាហាន ក្នុងការដឹកនាំបំបែកបញ្ហាខ្លាចជំងឺកូវីដ-១៩ នៅលើនាវា Westerdam នៅពេលដែលប្រទេសផ្សេងៗទៀតមិនហ៊ានអន្តរាគមន៍ រហូតប្រទេសកម្ពុជាទទួលបានកិត្តិយស ជាប្រទេសតូចដែលមានបេះដូងធំ។ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកនៃខេត្តស្ទឹងត្រែង៕អត្ថបទ រដ្ឋា

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ”

2025/08/12 07:58:07 pm        120
 នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ” នៅសណ្ឋាគារ Sun and Moon Riverside ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងអ្នកជំនាញផ្នែកអភិបាលកិច្ចទិន្នន័យនៃ ក.ប.ទ. ប្រមាណចំនួន ៦០ រូប។ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ (១) ធានាបាននូវការយល់ស្របរួមលើខ្លឹមសារនៃសេចក្តីព្រាងមុននឹងឈានទៅរកការពិភាក្សាប្រមូលធាតុចូលពីបណ្តាក្រសួងស្ថាប័នជាបន្តបន្ទាប់ (២) ពិភាក្សាស៊ីជម្រៅលើផែនការសកម្មភាពនីមួយៗក្នុងចំណោមមន្រ្តីជំនាញដើម្បីស្វែងយល់អំពីភាពអាចទៅរួចនិងការអនុវត្តជាក់ស្តែងនៃគោលនយោបាយនេះ និង (៣) ផ្តល់នូវធាតុចូលសំខាន់ៗពីមន្រ្តីជំនាញដើម្បីរួមចំណែករៀបចំទិសដៅនៃការអនុវត្តផែនការសកម្មភាពគាំទ្រគោលនយោបាយនាពេលខាងមុខ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ លើការចាត់ទុកទិន្នន័យជាទ្រព្យសកម្មជាតិ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។សូមជម្រាបជូនថា ដើម្បីប្រមូលធាតុចូលសម្រាប់បំពេញបន្ថែមលើខ្លឹមសារសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យឱ្យកាន់តែក្បោះក្បាយ សិក្ខាសាលាបានបែងចែកជាកិច្ចពិភាក្សាចំនួន ៤ វគ្គ សម្រាប់៤ ប្រធានបទគឺ ការកសាងអភិបាលកិច្ចទិន្នន័យ, ការរៀបចំការគ្រប់គ្រងទិន្នន័យ, ការជំរុញឱ្យមានការបើកចំហទិន្នន័យ និងការជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីទិន្នន័យ។ កិច្ចពិភាក្សានេះប្រព្រឹត្តទៅយ៉ាងរលូននិងផុសផុល ដែលមានសារៈសំខាន់ដល់ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងការស្វែងយល់ ផ្តល់យោបល់ និងកែសម្រួលសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានអត្ថន័យ អាចអនុវត្តបាន និងមានប្រសិទ្ធភាពតាមទិសដៅជាក់លាក់ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា។

ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន

2025/08/12 07:53:06 pm        120
កំពង់ស្ពឺ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រាជរដ្ឋាភិបាល។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ មាន៤ កំណាត់ ប្រវែងសរុប ៣ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃ ប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញការអភិវឌ្ឍន៍ជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរាជរដ្ឋាភិ បាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៣ ៦០០ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗខាងលើនេះ គឺរាជរដ្ឋាភិបាលចង់ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មានផ្លូវធ្វើ ដំណើរល្អ ផ្លូវធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រើប្រាស់យូរអង្វែង និងជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សា ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជននានា។ឯកឧត្តម ផូ ផារិទ្ធ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹង ប្រែងលើការងារស្ថាបនាផ្លូវនេះ និងបានសំណូមពរជំរុញការស្ថាបនាឱ្យបានចប់សព្វគ្រប់ទៅតាមគម្រោងរបស់ខ្លួន ជាផ្លូវប្រកបដោយ គុណភាព ក្នុងនោះឯកឧត្តមក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការជំរុញអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅ តាមជនបទ ដើម្បីសម្រួល និងកាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរ ដោយមិនឱ្យប្រជាពលរដ្ឋពិបាក ឬគ្មានផ្លូវធ្វើដំណើរ ដូចទស្សវត្យ មុនៗទៀតនោះឡើយ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ានី៖“បើទោះបីជាត្រូវមកព្យាបាលរបួស តែអារម្មណ៍ចង់ត្រលប់ទៅជួរមុខវិញដើម្បីការពារបូរណភាពដែនដី”

2025/08/12 07:44:56 pm        195
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាងនាមឱ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានមកសួរសុខទុក្ខ និងថែ្លងអំណរគុណដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យ និងមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ។ឯកឧត្តម បានថ្លែងថា វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសបានប្រាប់ខ្ញុំថា“មកព្យាបាលនៅទីនេះ តែអារម្មណ៍ខ្ញុំនៅតែជាមួយជួរមុខ ហើយប្រុងប្រៀបប្រយុទ្ធជានិច្ច”។ បើទោះបីជាត្រូវសម្រាកព្យាបាលរបួសដោយសារការប្រយុទ្ធក៏ដោយ ក៏ទឹកចិត្តក្លាហានរបស់វីរកងទ័ពយើងនៅតែអង់អាចមុះមុតបេ្ដជ្ញាបន្ដការពារបូរណភាពដែនដីមិនឱ្យបាត់បង់សូម្បីតែ១មីលីម៉ែត្រ។ ខ្ញុំសូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងឆន្ទៈខ្ពស់របស់វីរកងទ័ពយើងក្នុងការការពារបូរណភាពដែនដី ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវការឈ្លានពានពីខ្មាំងសត្រូវ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ

2025/08/12 05:22:14 pm        139
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។ ជំហរយ៉ាងម៉ឺងម៉ាត់៣ចំណុចនោះរួមមាន៖ទី១៖ ក្នុងនាមប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ទី២៖ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលដែលបានឯកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាពិសេសចំណុចព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននោះឡើយ។ទី៣៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនជាការប្រើប្រាស់កម្លាំងយោធានោះឡើយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM