ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ជាថ្មី៖ កម្ពុជានឹងប្រើប្រាស់យន្តការ​នៃការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​ឋិត​ក្រោម​អនុសញ្ញា ​UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ

2026/05/10 10:37:23 am        267
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា រាជ​រដ្ឋាភិបាល​កម្ពុជា​បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬជា​ភាសា​អង់​គ្លេស​ហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោម​អនុសញ្ញា​អង្គ​ការ​សហប្រជា​ជាតិ​ស្តីពី​នីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។ ការសម្រេចរបស់រាជរដ្ឋាភិបាលបែបនេះ បន្ទាប់ពី​រាជ​រដ្ឋាភិបាល​ថៃ​បាន​ដក​ខ្លួន​ចេញ​ជាឯក​តោភាគី​ចេញ​ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្ត​ការ​នៃ​ការ​ផ្សះផ្សារដោយចាប់បង្ខំ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែល​ស្ថិត​នៅ​ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​​​ដោយ​សន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយ​តំបន់​ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នារ​វាង​កម្ពុជា ​និងថៃ។ នេះជាការប្រកាសឱ្យដឹងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈសារផ្ញើជូនប្រជាពលរដ្ឋ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។ ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ដូច្នេះការសម្រេចចិត្តរបស់កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ យូរអង្វែង និងស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។ សូមបញ្ជាក់ថា ភ្លាមៗក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ឬហៅថា MOU-2001 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា ដោយជម្រាបជូនអំពីការខកចិត្តរបស់កម្ពុជាចំពោះការលុបចោល MOU-2001 ពីសំណាក់ភាគីថៃ និងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញា UNCLOS៕

ព្រះសង្ឃនៅខេត្ដសៀមរាប បន្ដនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនកងទ័ពជួរមុខ ក្នុង​ខេត្ត​ឧត្តរមានជ័យ

2026/05/10 10:23:31 am        220
ព្រះសង្ឃនៅខេត្ដសៀមរាប ដឹកនាំដោយព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅ​អធិកា​រ​វត្ត​ប្រាសាទ​គោក​ចក ក្រុងសៀមរាប ខេត្តសៀមរាប និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅ​រសៀល​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំយក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូន​វីរកង​ទ័ព​ជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។សម្ភារៈទាំងនោះមា​ន​អង្រឹង សូឡា កៅស៊ូតង់ វិទ្យុកទាក់ទង ថវិកាចំនួន៥០ម៉ឺន​រៀល​សម្រា​ប់​ធ្វើ​ដំបូល​រោង​ស្នាក់នៅ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើក​ទឹក​ចិត្ត​​ដល់​បងប្អូនកងទ័ព​ដែល​កំពុងឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​ពី​ប្រទេសថៃ។ ព្រះអង្គរួមជាមួយជាមួយញាតិញោម បាននាំយកសម្ភារប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៅ​ជូន​ដល់​កងទ័ពដែលនៅព្រំដែនកម្ពុជា-ថៃ។ ហើយការផ្តល់ជូននូវសម្ភារៈទាំងនេះមិនមែនថារាជរដ្ឋាភិបាលខ្វះខាតនោះទេតែជាការចូលរួមជួយឧបត្ថម្ភ​បន្ថែម។ ព្រះអង្គបាន​បន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារ​តីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខ​ចិត្ត​យក​ទ្រូង​ពាំង​គ្រាប់​រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែល​យើង​អាច​​សម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។ ព្រះអង្គ​បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ ហើយតាំងចិត្ត​ចង​ចាំ​ជា​និច្ច​នូវ​គំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត៕

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

2026/05/10 10:15:21 am        202
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាប​ទីតាំងសង្ស័យបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងផ្សេងគ្នា ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ប្រតិបត្តិការ​បង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា​ស្នងការ​នគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌ៧ មករា ។ ករណីទី១៖ បង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ករណីនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ (ស្រី ៩នាក់) ដែលសុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន និង ២៧នាក់ផ្សេងទៀតបានហួសទិដ្ឋាការ (Visa)។ ដកហូតបានទូរសព្ទដៃចំនួន ២៨០ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ៨ គ្រឿង,លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន ៣០ ច្បាប់ និងរថយន្តម៉ាក Alphard ពណ៌ខ្មៅ ១គ្រឿង (ផ្លាកលេខ ភ្នំពេញ 2CC-3190)។ផ្អែកតាមការកោសលវិច័យបឋមលើឧបករណ៍បច្ចេកវិទ្យា សមត្ថកិច្ចបានរកឃើញរូបភាពនារីស្រស់ស្អាតជាច្រើន និងឯកសារសម្រាប់ប្រើប្រាស់ក្នុងការនិយាយលួងលោមអូសទាញបែបស្នេហា។ សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះបានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងរូបភាព "Romance Scams" (ឆបោកតាមស្នេហា) មានគោលដៅលើជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ករណីទី២ ៖ សមត្ថកិច្ចជំនាញ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌ៧មករា និងមានការសម្របសម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបនៅមជ្ឈមណ្ឌលអូឡាំព្យាអាគារ S3 ក្នុង បន្ទប់ BB cake ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយរកឃើញបុរសជនជាតិចិនចំនួន ៣ នាក់ ក្នុងនោះគ្មានលិខិតឆ្លងដែន ចំនួន ១ នាក់ និងដកហូត សម្ភារៈរួមមានៈ កុំព្យូទ័រ All inone ២គ្រឿង ,⁠monitors ១គ្រឿង និងទូរសព្ទ៤គ្រឿង។ករណីទី២នេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណី ឆបោក online Scames ក្រោមរូបភាពអូសទាញវិនិយោគ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមច្បាប់ជាធរមាន។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់ បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១ ០០០លានរៀល​ថែមទាំងការរឹប​អូសទ្រព្យសម្បត្តិ​របស់ជនល្មើសផងដែរ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងក្រុមគ្រូពេទ្យខ្មែរ ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹកដោយឥតគិតថ្លៃ ក្នុងឃុំស្លក្រាម

2026/05/10 10:07:44 am        168
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Advance European Medicare Center AEMC French Doctors របស់ប្រទេសបារាំង និងក្រុមគ្រូពេទ្យខ្មែរ អញ្ជើញចុះទៅពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជិត ៣ ០០០គ្រួសារ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ ក៏មានវត្តមានលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុរាត្រី អភិបាលខេត្ត និងលោកស្រី ទេព មូណា រួមជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្តឱសថស្ថាន ដឺឡាហ្គារ ផងដែរ។ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភក្នុងការចុះទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃក្នុងឱកាសនោះរួមមាន AEMC ឱសថស្ថាន ដឺឡាហ្គារ និងHamariya។គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនភៀសសឹកជាង ៣២ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ និងកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្នដែលរាជរាជរដ្ឋាភិបាល បានរៀបចំជូន បន្ទាប់ពីទាហានឈ្លានពានថៃបានរំលោភបំពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័របិទផ្លូវចេញចូលផ្នែកខ្លះនៃភូមិរបស់ពួកគាត់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2026/05/10 10:00:54 am        226
នៅយប់ថ្ងៃទី៩ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯក​ឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​​ដឹ​កនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បាន​ណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១៨នាក់ ស្រី០១នាក់ ពាក់​ព័ន្ធករណីឆ​បោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា​ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាម​រយៈ​យន្ត​ហោះពិសេស ក្នុងនោះជនជាតិចិន ១៦៥នាក់ ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបា​ល​ច្រកទ្វារ​អាកាសយានដ្ឋានអន្តរជាតិតេជោ និងចំនួន ១៥៣នាក់ ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​ន​គរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។អគអគ្គនាយកអន្តោប្រវេសន៍បញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្ត​តាម​វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​បោស​សំអាត និងលុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេ​​កវិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយ​គ្មាន​ការ​លើក​លែង​នោះ​ឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ

2026/05/09 06:37:39 pm        213
នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ដែលជាផ្ទះទី៣៣៣ ត្រូវបានផ្ដល់ជូនលោកយាយ ឡុញ សឿន មានអាយុ៨៣ឆ្នាំ រស់នៅភូមិអន្សរក្រហាយ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកយាយជាស្ត្រីមេម៉ាយ ដោយលោកតាជាប្តីបានស្លាប់ចោលលោកយាយជាច្រើនឆ្នាំមកហើយ លោកយាយរស់នៅជាមួយកូន និងតូចៗក្នុងកម្រិតជីវភាពលំបាក។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកទាំង៤ តែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ ឯកឧត្តម និង លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធទឹកស្អាត និងបំពាក់ភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់លោកយាយម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ,ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ។ ជាមួយគ្នានោះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកកាតាប ដែលមានជាសម្ភារៈសិក្សាជាច្រើនមុខ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅដល់ក្មួយៗសិស្សានុសិស្សចំនួន១០០នាក់៕

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)

2026/05/09 05:58:16 pm        290
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វីរុសហាន់តា (Hantavirus) គឺជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស។ រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណី វីរុសហាន់តាលើមនុស្សនៅឡើយទេ។ មនុស្សអាចឆ្លងវីរុសនេះតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ(កណ្តុរ កំប្រុក ស្កា សំពោច)ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្លាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ថ្មីៗនេះមានការឆ្លងជំងឺបង្កដោយវីរុសហាន់តា រកឃើញលើភ្ញៀវធ្វើដំណើរនៅលើនាវា ទេសចរណ៍មួយគ្រឿងដែលមានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរមកពី២៨ប្រទេស ដោយមានករណីសង្ស័យ ៨នាក់ បញ្ជាក់វិជ្ជមាន ៥នាក់ និងស្លាប់ ៣នាក់។ ការឆ្លងត្រូវបានសង្ស័យថាពាក់ព័ន្ធនិងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន។ អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការរាលដាល ជាសកលមានកម្រិតទាប ពីព្រោះវីរុសហាន់តាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ប៉ុន្តែទោះយ៉ាងណា ក្រសួងសុខាភិបាល បានផ្សព្វផ្សាយចំណេះដឹងនិងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ គ្រូពេទ្យទូទាំងប្រទេស អ្នក ទទួលទូរសព្ទ១១៥ និងផ្តល់សារអប់រំសង្ខេបតាមបណ្តាញទំនាក់ទំនងសង្គម និងបន្តពង្រឹងការតាមដាន និងឆ្លើយតបជាប្រចាំ ហើយមានមន្ទីរពិសោធន៍ដែលមានលទ្ធភាពធ្វើតេស្តរកវីរុសនេះផងដែរ។

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

2026/05/09 03:16:05 pm        182
ឧត្តរមានជ័យ៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករពីប្រទេសថៃនិងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណ សួនវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជិត ៨០០នាក់។វេទិកានេះបាននាំយកតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងតំបន់សេដ្ឋកិច្ចធំៗជាច្រើនទៅជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យ សម្ភាសនិងទទួលបានការងារភ្លាមៗដល់មូលដ្ឋានជិត ៣ ០០០កន្លែង ជាពិសេសអតីតពលករមកពីថៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ពីមុនបងប្អូនរត់រកការងារដែលចំណាយទាំងពេលវេលា និងថវិកា តែពេលច្ចុប្បន្ននេះគឺការងារ និងសាលារៀនរត់រកបងប្អូនកូនក្មួយដល់កន្លែង» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដ៏ចម្បងលើការផ្ដល់ឱកាសការងារប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារកាន់តែប្រសើរ និងប្រាក់ឈ្នួលសមរម្យដល់ប្រជាពលរដ្ឋដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គម ក៏ដូចជាការរួមចំណែកដោយផ្ទាល់ក្នុងការជួយកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅមានឱកាសការងារចំនួនជាង​ ៩ម៉ឺនកន្លែងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ។នាឱកាសនោះ ឯកឧត្តម ហេង សួរ បានប្រៀបធៀបប្រាប់បងប្អូនយ៉ាងក្បោះក្បាយពីភាពខុសគ្នានៃការងារក្នុងស្រុកនិងការងារនៅថៃ។ ឯកឧត្តមបានពន្យល់ថា ការងារនៅថៃត្រូវប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង ការប្រើប្រាស់អំពើហិង្សា រស់នៅឆ្ងាយពីក្រុមគ្រួសារ និងខ្វះការគាំពារសុខភាពទាំងពេលបច្ចុប្បន្ននិងអនាគត។ រីឯការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅ ក៏ទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)ដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅពេលចាប់ផ្តើមចូលធ្វើការ ជាពិសេសលើផ្នែកហានិភ័យការងារ ថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រាក់សោធន ដូចមន្រ្តីរាជការដែរ ដែលជួយសម្រាលបន្ទុកឬអំរែកគ្រួសារ ក៏ដូចជាកូនចៅនៅពេលចូលវ័យចាស់ជរា។ ឯកឧត្តមបានរំលេចថា ពេលមានបណ្ណ ប.ស.ស. បងប្អូននឹងទៅពិនិត្យសុខភាពកាន់តែញឹកញាប់ដែលជួយធ្វើឱ្យសុខភាពកាន់តែប្រសើរ និងចៀសវាងជំងឺធ្ងន់ធ្ងរបាន។បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអតីតពលករមួយចំនួនដែលរង់ចាំត្រឡប់ទៅធ្វើការនៅថៃវិញនោះឱ្យសាកល្បងចូលធ្វើការដែលបានផ្តល់ជូននេះសិន ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ឬដាក់ពាក្យចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬអ៊ីស្រ្តាអែលជាដើម ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តឧត្តមានជ័យដែលទទួលរងការបំផ្លិតបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរពីសង្រ្គាមឈ្លានពានរបស់សៀម។ ទន្ទឹមនេះ ក្នុងករណីដែលមិនចង់ធ្វើការនៅតាមរោងចក្រ និងក្រៅប្រទេស, អតីតពលករនិងយុវជនដែលបោះបង់ការសិក្សាអាចបង្កើតមុខរបរដោយខ្លួនឯងបានតាមរយៈការចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្ងៃ និងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ និងឆុងកាហ្វេជាដើម។ ឯកឧត្តមបន្តថា បងប្អូនអាចចុះឈ្មោះចូលរៀននៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅសាលា TVET ក្នុងខេត្តសៀមរាបដោយក្រសួងផ្តល់កន្លែងស្នាក់នៅ ជាពិសេសនៅភ្នំពេញ ដែលបងប្អូនអាចរៀនផង និងឆ្លៀតពេលធ្វើការក្រៅម៉ោងរកចំណូថែមទៀតផង។ នៅពេលរៀនចប់ ក្រសួងនឹងផ្តល់ជូនសម្ភារមួយឈុតសម្រាប់យកទៅប្រកបមុខរបរដោយខ្លួនឯង ឬជួយសម្របសម្រួលជាមួយធនាគារឱ្យផ្តល់អត្រាការប្រាក់ទាបក្នុងករណីមានតម្រូវការកម្ចីប្រាក់។ ឯកឧត្តមក៏បានបញ្រ្ជាបការយល់ដឹងនិងឱ្យចងចាំលេខទូរស័ព្ទ Hotline ១២៩៧ ដល់បងប្អូនសម្រាប់ចុះឈ្មោះរកការងារ មានចំងល់ និងសាកសួរព័ត៌មានបន្ថែម ហើយបន្តចែករំលែកដល់សមាជិកគ្រួសារ និងសាច់ញាតិផងដែរ។ជាមួយនឹងការរំលឹកពីសង្រ្គាមឈ្លានពានទឹកដីនៅក្នុងខេត្តឧត្តរមានជ័យនេះ ក៏ដូចជាបណ្តាខេត្តជាប់ព្រំដែនមួយចំនួនទៀត ឯកឧត្តម ហេង សួរ បានអំពាវនាវឱ្យបងប្អូនប្រែក្លាយពីការឈឺចាប់ជាប្រវត្តិសាស្រ្តនេះទៅជាការតស៊ូខិតខំកសាងសមត្ថភាព ពង្រឹងផ្ទៃក្នុង សាមគ្គីគ្នាជាធ្លុងមួយ ព្រមទាំងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់ខ្លាំងក្លាឡើង៕

សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

2026/05/09 03:04:53 pm        137
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីសាមគ្គី តស៊ូ កុំញញើត និងកុំរាថយ ចំពោះមុខការគំរាមកំហែង និងបញ្ហាប្រឈមនានា។ កម្លាំងសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យកម្ពុជាពង្រឹងបាននូវសេដ្ឋកិច្ចជាតិឱ្យមានភាពធន់ និងខឿនការពារជាតិដ៏រឹងមាំ ឈានឆ្ពោះទៅកាន់វឌ្ឍនភាព សម្រេចបានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកស្អាង។សម្តេចបានគូសបញ្ជាក់ថា គ្រប់សមាជិកបក្ស និងប្រជាពលរដ្ឋម្នាក់ៗ គឺជាបង្អែកដ៏រឹងមាំ និងជាភ្នែកជាច្រមុះក្នុងការការពារសន្តិសុខជាតិនៅគ្រប់ទីកន្លែង។ ក្នុងបរិបទដែលកម្ពុជាប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង និងបរិបទស្មុគស្មាញរបស់ពិភពលោកដែលហ៊ុមព័ទ្ធដោយសង្គ្រាម កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត។ ត្រូវយល់ថា គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើងបានល្អជាងខ្លួនយើងផ្ទាល់នោះឡើយ សមដូចពុទ្ធភាសិតថា «អត្តាហិ អត្តនោ នាថោ» ពោលគឺ ខ្លួនទីពឹងខ្លួន។នៅក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង ៥០០ នាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិកចូលរួមទាំងអស់ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយយើងទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។សម្តេចប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានស្នើដល់សមាជិក សមាជិកាគណបក្សទាំងអស់ បន្តជឿជាក់លើថ្នាក់ដឹកនាំដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពាន តាមរយៈសមរភូមិការទូត និងយោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិ។សម្តេចប្រធានរដ្ឋសភា ព្រមទាំងអង្គពិធីទាំងមូល បានសម្តែងការអបអរសាទរចំពោះជោគជ័យធំធេង នូវបេសកកម្មការទូត សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន ពិសេសជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន។ នៅក្នុងជំនួបនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា «ខ្សែបន្ទាត់ព្រំដែន មិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ»។ អង្គពិធីក៏បានប្រកាសគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (UNCLOS) ដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃ បន្ទាប់ពីថៃលុបចោលជាឯកតោភាគី នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ស្តីពីសមុទ្រត្រួតស៊ីគ្នានោះ។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនគ្រួសារវីរៈកងទ័ព កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ ឯកភាពជាតិ សាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសស្រាក់សស្រាំទាំងស្មារតី ថវិកា និងសម្ភារ ដោយបានប្រមូលផ្ដុំគ្នា សម្ដែងមតិគាំទ្រស្វែងរកសន្តិភាព គាំទ្រលើកទឹកចិត្តកងកម្លាំងរបស់យើងក្នុងការការពារបូរណភាពទឹកដី។សូមជម្រាបថា លោកជំទាវ មិន មាណវី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតែងតាំងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង។ ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ជាជំនួយការឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងមានតួនាទីជាជំនួយការឱ្យគណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចលនាស្ត្រីគណបក្សខេត្ត។

មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង

2026/05/09 02:07:38 pm        335
លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ (ហៅកាត់ OD Mekong) នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកនេះ បានអំពាវនាវដល់អាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង និងចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ ឲ្យបានគ្រប់គ្រាន់។ជំងឺគ្រុនស្វិតដៃជើង គឺជាជំងឺកាចសាហាវ ដែល "គ្មានថ្នាំព្យាបាល" និងអាចបណ្តាលឱ្យកុមារពិការអស់មួយជីវិត ប៉ុន្តែអាចការពារបានយ៉ាងស័ក្តិសិទ្ធិដោយថ្នាំបន្តក់បង្ការនេះ។ ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង ជុំទី២ ជាដូសបន្ថែមឲ្យបានទាំង២ដង លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន បានលើកឡើងទៀតថា ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើងជុំទី២ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានផ្តោតសំខាន់លើរាជធានី-ខេត្ត គោលដៅចំនួន៨ ដែលស្ថិតក្នុងតំបន់ដែលមានហានិភ័យ និងតាមបណ្តោយព្រំដែន រួមមាន៖ ១. ខេត្តស្ទឹងត្រែង ២. ខេត្តរតនគិរី ៣. ខេត្តមណ្ឌលគិរី ៤. ខេត្តក្រចេះ ៥. ខេត្តព្រះវិហារ ៦. ខេត្តត្បូងឃ្មុំ ៧. ខេត្តកំពង់ចាម និង៨. ខេត្តស្វាយរៀង។ ហើយការផ្តល់វ៉ាក់សាំងនេះ ដោយហេតុថា ប៉ុន្មានឆ្នាំចុងក្រោយមានការផ្ទុះឡើងវិញនៃជំងឺគ្រុនស្វិតដៃជើង នៅប្រទេសជិតខាងយើង ហើយបានហានមកប្រទេសយើង។ ដូច្នេះក្រសួងសុខាភិបាល បានបើកយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង ដើម្បីទប់ស្កាត់ជំងឺនេះ កុំឲ្យកើតលើកុមារតូចដែលមានអាយុក្រោម៥ឆ្នាំ។ជាមួយគ្នានោះដែរអ្នកស្រី ជា ចាន់ពុំ មន្រី្តសង្កាត់ និងបងប្អូនអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ មកទទួលថ្នាំបង្ការ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ អញ្ជើញចុះមកបន្តក់ថ្នាំការពារគ្រុនស្វិតដៃជើង ដល់កុមារតាមបណ្តាភូមិ និងសាលារៀន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។បើតាមឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ឆ្នាំ២០២៦ ជុំទី២នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ មន្រី្តសុខាភិបាលយើងមានចំនួនជាង១៣០០នាក់ កំពុងបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជូនថ្នាំបន្តក់គ្រុនស្វិតដៃជើង និងវ៉ាក់សាំងបង្ការជំងឺផ្សេងៗ គ្រប់មណ្ឌលសុខភាពទាំង៤៦ និងក្រុមការងារសុខាភិបាល និងអ្នកស្ម័គ្រចិត្តភូមិ ចុះទៅតាមបណ្តាភូមិ ខ្នងផ្ទះ និងសាលារៀន ដើម្បីបន្តក់ថ្នាំបង្ការជូនកុមារ ធានាថាមិនមានកុមារណាម្នាក់ត្រូវបានរំលងឡើយ ហើយការផ្តល់ថ្នាំបង្កា​រគ្រុនស្វិតដៃជើងនេះ គឺឥតគិតថ្លៃនោះទេ៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM