ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក

ព័ត៌មានជាតិ

ក្រុមការងារក្រសួងបរិស្ថានរកឃើញទីតាំងសិប្បកម្មផលិត «ជីសរីរាង្គ» ជុង ហេង បង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងតម្រូវឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន

2026/05/08 04:44:00 pm        118
ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងនាយកដ្ឋាន EIA នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញទីតាំង សិប្បកម្មផលិត "ជីសរីរាង្គ" ជុង ហេង បានបង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ទីតាំងគំនរស្តុកសំបកស្វាយ សម្រាប់ធ្វើជាជី មានបញ្ហាទឹកហៀរចេញ (ក្លិនស្អុយ) និងនៅទីតាំងហាលសម្ងួតសំណល់ស្វាយ ក៏មានបញ្ហាទឹកស្អុយហូរចេញផងដែរ នៅពេលមានភ្លៀងធ្លាក់។ ទឹកស្អុយ (ចេញពីតាំងស្តុក និងហាលសំបកស្វាយ) បានហូរចូលទៅក្នុងដីទំនាប ស្ថិតខាងក្រៅបរិវេណសិប្បកម្ម និងចុងក្រោយហូរបន្តចូលរណ្តៅដី និងប្រឡាយទឹកសាធារណៈ។ សិប្បកម្មពុំបានរៀបចំប្រព័ន្ធប្រមូលទឹកភ្លៀងហូរចេញពីទីតាំងស្តុក និងហាលសម្ងួតសំណល់ស្វាយ និងមានស្រះស្តុកត្រឹមត្រូវទេ។ បញ្ហានេះ អាបង្កឱ្យមានបញ្ហាប៉ះពាល់ដល់ប្រឡាយទឹកសាធារណៈ។ ឆ្លើយតប នឹងបញ្ហាខាងលើ ក្រុមការងារបានអនុវត្តវិធានការបន្ត ដោយតម្រូវឱ្យសិប្បកម្ម ៖១-ផ្អាកសកម្មផលិតកម្ម ជាបណ្តោះអាសន្ន រហូតដល់សិប្បកម្មអនុវត្តវិធានការរបស់ក្រសួងបរិស្ថាន រួចរាល់។ ២-ពិន័យអន្តរការណ៍ ចំពោះសិប្បកម្មខាងលើ ករណីបើកដំណើរការអាជីវកម្ម ពុំបានរៀបចំរបាយការណ៍EIA ឬកិច្ចសន្យាការពារបរិស្ថាន។៣-តម្រូវឱ្យសិប្បកម្ម រៀបចំប្រព័ន្ធប្រមូលទឹកស្អុយ និងស្រះស្តុកទឹកស្អុយ ដែលហូរចេញពីទីតាំងស្តុក និងហាលសំណល់ស្វាយ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងឱ្យបានរួចរាល់ក្នុងរយៈពេល ១ខែជាកំហិត ដើម្បីជៀសវាងទឹកស្អុយហូរចូលប្រឡាយទឹកសាធារណៈបន្តទៀត។៤-តម្រូវឱ្យសិប្បកម្ម រៀបចំរបាយការណ៍EIA ឬកិច្ចសន្យាការពារបរិស្ថាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ ជាកំហិត។សូមបញ្ជាក់ថា នៅក្នុងតំបន់នេះ ក្រុមការងារនឹងចុះធ្វើការត្រួតពិនិត្យ ទីតាំងរោងចក្រ សហគ្រាសមួយចំនួនទៀត ជាពិសេក្រុមហ៊ុនផលិតដំណាប់ស្វាយ ១កន្លែងនៅក្បែរនោះ បន្តបន្ទាប់ទៀត ដើម្បីធានាការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់មិនឱ្យសំនល់រាវ ហូរចូលទៅបពុលស្ទឹងព្រែកត្នោត។

ក្រសួងបរិស្ថានបន្តចែកធុងសំរាមដល់មូលដ្ឋាន ក្នុងគោលបំណងសំខាន់លើកកម្ពស់ «ភាពស្អាត» តាមរយៈការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស

2026/05/08 04:38:59 pm        98
ក្រសួងបរិស្ថានបន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន និងយល់ដឹងពីការទុកដាក់សំរាម និងសំណល់បា្លស្ទិក តាមរយៈការចែកធុងសំរាមឱ្យដល់មូលដ្ឋាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអថិបតិ ក្នុងពិធីប្រគល់ជូនធុងសំរាម ចំនួន២៧៦៦ ធុង បន្ថែមទៀត លើចំនួនធុងចែកជូនមូលដ្ឋានសុខាភិបាល តាមរយៈក្រសួងសុខាភិបាលនាពេលកន្លងទៅ សរុបចំនួន៣ ១៥៥ ធុង ដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែលជូនដល់ សាលារៀន និងមូលដ្ឋានសុខាភិបាល។ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបន្តចែកធុងសំរាមជូនដល់មូលដ្ឋានខេត្តនានា ក្នុងឆ្នាំ២០២៦ គឺជាសកម្មភាពជំរុញ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមកាត់បន្ថយបរិមាណសំរាម និងសំណល់ប្លាស្ទិក កាត់បន្ថយការបំពុល ផលប៉ះពាល់បរិស្ថាន សុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ចាប់ពីកម្រិតតាមមូលដ្ឋាន ព្រមទាំងការចូលរួមទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។ឯកឧត្តម មានប្រសាសន៍ថា កន្លងមកនេះក្រសួងបរិស្ថាន បានអនុវត្តតាមវិធានការគន្លឹះជាជំហានៗ ដែលបានពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការដឹកនាំវិស័យបរិស្ថាននិងធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលដឹកនាំដ៏ខ្ពង់ខ្ពស់ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន អតីតនាយករដ្ឋមន្រ្តី និងបានបន្តយកសមិទ្ធផលនិងស្នាដៃទាំងអស់ មកបន្តអនុវត្តក្នុងរាជរដ្ឋាភិបាល អាណ្ណតិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនោះ ទី១. ការអប់រំ និងផ្សព្វផ្សាយ៖ ក្រសួងបានប្រើប្រាស់យន្តការគ្រប់ទម្រង់ ដើម្បីបញ្ជ្រាបការយល់ដឹង ផ្សព្វផ្សាយ និងកៀរគរការចូលរួមពីសាធារណជន ឱ្យមានភាពស្អាតនៅគ្រប់ទីកន្លែង។ ទី២.ការប្តេជ្ញាចិត្ត តាមរយៈលើកកម្ពស់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមាន អ្នកចូលរួមសរុបជាង ១៤ លានអង្គ/នាក់ ចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម។ និងទី៣. ការអនុវត្តសកម្មភាពជាក់ស្តែងនិងការជំរុញចលនា តាមរយៈ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង ៧ លានអង្គ/នាក់ ដោយសិស្សានុសិស្ស ប្រជាពលរដ្ឋ និងសហគមន៍នានា ចេញមករើសសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដើម្បីធ្វើឱ្យសង្គម និង បរិស្ថានស្អាត។ យុទ្ធនាការនេះមិនត្រឹមតែជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យមានការសហការ រវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ លើសពីនេះ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានសម្អាតផ្លូវជាតិ បានស្អាតជាបណ្តើរៗ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាការគាំទ្រ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការសមាគម សង្គមស៊ីវិល ដៃគូសហការ និងអភិវឌ្ឍន៍ជាតិ អន្តរជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវភារកិច្ច ដោយការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ឱ្យកម្ពុជាសម្រេចបាននូវគោលដៅ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ សូមបញ្ជាក់ថា តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស សរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ កន្លងមកនេះ ក្រសួងបានផ្តល់ធុងដាក់សំរាម សម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹក សរុប ២២ ៨៥៦ធុង។ ហើយក្នុងពេលនេះ ខេត្តកំពង់ធំបានទទួលចំនួន ៣១១៥ធុងបន្ថែមទៀត ពីក្រសួងបរិស្ថាន ដើម្បីបន្តចែកដល់មូលដ្ឋានគោលដៅ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ជាដើម៕

​គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃបានធ្វើឱ្យជីវភាពពលរដ្ឋខេត្តក្រចេះនិងស្ទឹងត្រែងប្រសើរជាងមុន

2026/05/08 04:35:15 pm        155
ពលរដ្ឋនៅក្នុងសហគមន៍នេសាទក្នុងខេត្តក្រចេះ និងស្ទឹងត្រែង មានជីវភាពសមរម្យជាងមុន បន្ទាប់ពីមានការគាំទ្រពីគម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC)។នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោង ស្តីពីការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និងនិរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ ឬហៅថា គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC) នៅរាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែឧសភា នេះ ពលរដ្ឋរស់នៅក្នុងសហគមន៍នេសាទកាំពី ក្នុងខេត្តក្រចេះ និងសហគមន៍នេសាទអូរម្រះ នៅខេត្តស្ទឹងត្រែង បានប្រាប់BTVឲ្យដឹងថា តាមរយៈគម្រោង SFC ទទួលបានចំណេះដឹងពីរបៀបគ្រប់គ្រងវារីវប្បកម្ម និងចំណេះដឹងផ្សេងៗមួយចំនួនទៀត ទើបធ្វើឱ្យជីវភាពរស់នៅបច្ចុប្បន្នសមរម្យជាងមុន។លោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) បានបញ្ជាក់ថា ក្នុងភាពជាគូអង្គការFAO បានធ្វើការយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលក្នុងធានានិរន្តរភាពជលផល បរិស្ថាន និងលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅក្នុងសហគមន៍ជាដើម។ លោកស្រីបន្តថា ចំពោះគម្រោង SFC មានផលជះវិជ្ជមានជាច្រើនដល់ប្រទេសកម្ពុជា និងពលរដ្ឋ។សិក្ខាសាលាបញ្ចប់គម្រោង ស្តីពីការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និងនិរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ មានការអញ្ជើញចូលរួមជាគណៈធិបតីពីឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា, ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)។គួរបញ្ជាក់ដែរថា គម្រោងខាងលើត្រូវបានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ២០២៦ គាំទ្រថវិកាដោយសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃគម្រោង គឺដើម្បីពង្រឹងសមត្ថភាពសហគមន៍នេសាទ អនុវត្តវិធីសាស្រ្តសហគ្រប់គ្រងធនធានជលផល បង្កើនអភិបាលកិច្ចមូលដ្ឋាន និងលើកម្ពស់ជីវភាពរស់នៅតាមរយៈបង្កើតជម្រើសរបរនានាប្រកបដោយចីរភាពនៅក្នុងសហគមន៍នេសាទ គោលដៅចំនួនពីររួមមាន៖សហគមន៍នេសាទកាំពីនៅខេត្តក្រចេះ និងសហគមន៍នេសាទអូរម្រះនៅខេត្តស្ទឹងត្រែង៕អត្ថបទ៖ទូច សោភ័ណ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អរគុណការចូលរួមបរិច្ចាគអំណោយពីសប្បុរសជននានាជូនវីរយុទ្ធជនការពារទឹកដី ពីព្រោះថា “មានជាតិទើប មានយើងទាំងអស់គ្នា”

2026/05/08 04:25:58 pm        74
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាសម្ភារៈ និងថវិកា ពីក្រុមហ៊ុន ហ្គ៊ូប៊ីក (GUBIC) សម្រាប់បន្តចែកជូនវីរយុទ្ធជននៅសមរភូមិមុខ ដែលកំពុងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងប្រជាពលរដ្ឋភៀសសឹក។ សម្តេចបានថ្លែងកោតសរសើរ និងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តម គឹម សុទ្ធា ទីប្រឹក្សាសម្តេច និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ៊ូប៊ីក និងសហការីទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក៏ដូចជាកម្លាំងកាយចិត្ត ចូលរួមចំណែកសម្រាលការលំបាករបស់ប្រទេសជាតិ នៅក្នុងគ្រាដ៏លំបាក ដែលកំពុងប្រឈមការឈ្លានពានពីប្រទេសជិតខាង។ កាយវិការមនុស្សធម៌ដ៏ល្អប្រពៃ គួរគោរព និងកោតសរសើរណាស់ ដោយហេតុថា “ប្រទេសជាតិជាអាយុជីវិតរបស់ពលរដ្ឋគ្រប់រូប។ មានជាតិទើបមានយើងគ្រប់គ្នា”។ សម្តេចបានកត់សម្គាល់ថា កន្លងមក ឯកឧត្តមប្រធានក្រុមហ៊ុន បានចូលរួមចំណែកជួយសង្គមជាច្រើន ដូចជា វិស័យសុខាភិបាល សង្គមកិច្ច ជាពិសេសនៅក្នុងឱកាសដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសជិតខាងនេះ។ ការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងមហាសាមគ្គីជាតិខ្មែរ នៅគ្រាលំបាកនេះ ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ សុវត្ថិភាព សុខភាព និងអាយុជីវិតរបស់វីរយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក នៅគ្រប់ពេលវេលា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អំណោយដែលទទួលបាននាឱកាសនេះ និងអំណោយដែលសម្តេចបានទទួលពីសប្បុរសជនផ្សេងៗទៀតនាពេលកន្លងមក នឹងបែងចែកជូនយុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលផ្តល់ជូន នៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ។ សម្តេចបានមានប្រសាសន៍ថា យុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចុះបំពេញសកម្មភាពមនុស្សធម៌ ជួយពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីរួមសុខទុក្ខជាមួយពលរដ្ឋភៀសសឹក តាមរយៈការចែកជូនអំណោយសម្ភារៈប្រើប្រាស់ ពូជដំណាំ និងការអប់រំបច្ចេកទេសដាំដុះនានា ដើម្បីសម្រួលជីវភាពពលរដ្ឋនៅក្នុងគ្រាលំបាកនេះ ឱ្យបានប្រសើរឡើង ស្របតាមគោលការណ៍ និងឆន្ទៈមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានបង្កើតឡើងដោយយុវជនក្មេងៗ មានសមត្ថភាព រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រកបដោយមោទនភាព នៅក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ បានប្រែក្លាយការលំបាកទៅជាឱកាសក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់ ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ បានយកចិត្តទុកដាក់ជាទីបំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។ អំណោយដែលក្រុមហ៊ុន ហ្គ៊ូប៊ីក នាពេលនេះ មាន អង្ករស្រូវថ្មី ២តោន មីជាតិ ១០០ កេស ទឹកស៊ីអ៊ីវ ១០០ យួរ និងថវិកា ៥លានរៀល។ ក្រុមហ៊ុន ហ្គ៊ូប៊ីក បានបង្កើតឡើងនៅឆ្នាំ២០១៧ ជាក្រុមហ៊ុនម៉ៅការសំណង់ទូទៅ មានសេវាកម្មសំខាន់ៗ ដូចជា ស្ថាបត្យកម្ម សំណង់ និងការផ្គត់ផ្គង់សម្ភារៈដេគ័រ។ ឯកឧត្តម គឹម សុទ្ធា បានគោរពថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ នាំយកអំណោយសប្បុរសធម៌មកប្រគល់ជូននាឱកាសនេះ ដើម្បីចូលរួមចំណែកជាមួយសម្តេច ក្នុងការចែកជូនដល់វីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹកជាបន្តទៀត។ ឯកឧត្តមបានថ្លែងការកោតសរសើរ និងគោរពដ៏ខ្ពង់ខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេច ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក ជាមួយរាជរដ្ឋាភិបាល។ ក្នុងនោះ រដ្ឋសភាក៏បានចំណាយពេលវេលាមមាញឹក ចុះជួបផ្ទាល់ និងសំណេះសំណាលជាមួយវីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក និងបានចាត់តំណាងនាំយកអំណោយចែកជូនជាបន្តបន្ទាប់ ក្នុងសកម្មភាពសមរភូមិក្រោយ ផ្សារភ្ជាប់នឹងសមរភូមិមុខជានិច្ច៕

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវកម្មករ ត្រូវរកមន្ត្រីជួយដោះស្រាយ ជៀសជាងបង្កើតបាតុភាពផ្សេងៗ បង្កភាពរាងស្ទះដល់ការងារ

2026/05/08 04:21:02 pm        90
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវកម្មករនិយោជិតទាំងអស់ ចូលរួមជាមួយអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញកំណើនការវិនិយោគ និងរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ តាមរយៈពេលមានបញ្ហាអ្វីមួយ ត្រូវរកមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយដោះស្រាយ ជៀសជាងបង្កើតបាតុភាពផ្សេងៗ បង្កភាពរាងស្ទះដល់ការងារ ។ក្នុងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅទីតាំងរោងចក្រ សួស យ៉ាត អេ ស្ថិតក្នុងក្រុងច្បារមន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្រោមយុទ្ធសាស្ត្រទាកម៉ូយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស គឺវិស័យឧស្សាហកម្មកាត់ដេរ ខណៈបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណជាង ១ ៦០០កន្លែង និងមានកម្មករនិយោជិត កំពុងបម្រើការប្រមាណជិត ៣៣ម៉ឺននាក់ ។ឯកឧត្តមបានបន្តថា ជាមួយនិងកំណើនឥតឈប់ឈរ នៃរោងចក្រ សហគ្រាសនេះ បានប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់តែគេមើលងាយមើលបែបកំប្លែង ហើយចំអកឡកលើយថាជាខេត្តប៊ុមប៊ឺ ឱ្យមានជីវភាពធូរធា រីកចម្រើន និងស៊ីវិល័យតាមរយៈការងារ និងតម្លៃអចលនទ្រព្យ ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដើម្បីទទួលកំណើនការងារបន្ថែម សូមទឹកចិត្តទៅដល់ធុរជនទាំងអស់ ដែលបាននិងកំពុងរកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ និងដាស់តឿនដល់កម្មករនិយោជិត ដែលមានការអាក់អន់ស្រពន់ចិត្តក្នុងរង្វង់ការងារ សូមរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ មិនត្រូវនាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មឬកូដកម្មនោះឡើយ ការដែលជៀសវាងបាតុកម្ម ឬកូដកម្មបាន គឺជាការការពារឆ្នាំងបាយរបស់ខ្លួនឯង និងក្រុមគ្រួសារ ។អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា សូមកុំជឿការញុះញង់ របស់ក្រុមណាមួយ ដែលចង់បំផ្លាញស្ថិរភាពរោងចក្រ និងសង្គម ហើយសូមប្រើប្រាស់យន្តការដោះស្រាយវិវាទការងារស្របច្បាប់ ដោយដាក់ញត្តិទៅកាន់ក្រសួងការងារ ឬមន្ទីរការងារជំនាញ ។ សូមរួមគ្នាផ្តោតលើការងារ និងការបង្កើនជំនាញ ដើម្បីទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍កាន់តែប្រសើរ សូមរក្សាសាមគ្គីភាព និងសន្តិភាពនៅក្នុងរោងចក្រ ដើម្បីធានាថា មានការងារធ្វើបានជាប់លាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

សប្បុរសជន បង្ហាញមោទនភាពដែលបានចូលរួម​ជួយ​ដោះស្រាយការលំបាករបស់ពលរដ្ឋ តាម​រយៈ​កាក​បាទ​ក្រហមកម្ពុជា

2026/05/08 04:11:37 pm        198
សប្បុរសជនលើកឡើងថា ពួកគាត់មានមោទនភាព ដែលបានរួមចំណែក ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ តាមរយៈការបរិច្ចាគធនធាន ជូនកាកបាទក្រហមកម្ពុជា ក្នុង​ការ​បំពេញ​បេសក​កម្ម​មនុស្សធម៌។ មន្រ្ដីជាន់ខ្ពស់កាកបាទក្រហម បញ្ជាក់ថា តាមរយៈ​ការ​​បំពេញ​កិច្ច​ការ​ដ៏​សកម្ម ​សប្បុរសជន បន្តចូលរួមយ៉ាងទូលំទូលាយទាំងវិស័យឯកជន និងសាធារណៈ។ លោកជំទាវ ង៉ែត វិបុលបុប្ផា សប្បុរសជនដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា បានប្រាប់ BTV នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ថា លោកជំទាវ បានចាប់ផ្ដើមបរិច្ចាគធនធាន និង​គោរ​ព​ស្នើ​សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម សុំចូល​ជា​សមាជិក​កាក​បា​ទ​ក្រហម កាលពីឆ្នាំតាំងពី២០១៧។ តាមរយៈការបរិច្ចាគធនធាន និងចូលរួមជាង ១០​ឆ្នាំ​មក​នេះ ក្នុងនាមតំណាងសប្បុរសជន គឺពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះកាក​បាទ​ក្រហម ​ដែលគ្រប់ពេលវេលា តែងតែជួយសង្រ្គោះពលរដ្ឋក្រីក្រ ជួបការលំបាក លឿនរហ័ស និងទាន់ពេលវេលា។លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម មានប្រសាសន៍ថា កាក​បាទ​ក្រហម​កម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ​ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ដឹក​នាំ​កាក​បាទ​ក្រហម បំពេញកិច្ចការមនុស្សធម៌ ជួយពលរដ្ឋជួបការលំបាកទាំងនៅកម្ពុជា និង​រួម​ចំណែក​ជួយ​ដល់ប្រទេសដទៃដែលជួបរគ្រោះទុរភិក្ស។ ហេតុដូច្នេះហើយ ទើបសប្បុរសជន​ទាំង​ក្នុង​វិស័យ​ឯកជន និងសាធារណៈ បន្តចូលរួមយ៉ាងទូលំទូលាយជាមួយកាកបាទក្រហមកម្ពុជា។ សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២៦នេះ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា បានឈានដល់ខួបលើកទី១៦៣ ហើយ ដែលប្រារព្វឡើង ក្រោមមូលបទ “បន្តរួមគ្នា ដើម្បី​មនុស្សធម៌”។ តាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្រ្ដៃយ៍ កាក​បាទ​ក្រហមកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធី​សំណេះសំ​ណាល​ និ​ង​ទទួល​ថវិកា​ពីសប្បុរសជន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ មាន​សប្បុរស​ជន​ចំនួន ៥៩៥អង្គ/នាក់ បានចូលរួម ដែលទទួលបានថវិកាសរុបជាង ៨លានដុល្លារ (៨.៩៧៣.៣៧៨ដុល្លារ)៕ អត្ថបទ៖ លៀ ស៊ីណា

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតសិង្ហបុរី ឯកភាព​គ្នា​បន្ដ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើសគ្រ​ប់ប្រភេទ

2026/05/08 03:49:28 pm        255
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៦​នេះ ​បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយ​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ភាគីទាំងពីរបាន ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេស​ការ​ពង្រឹង​សមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាដើម។ថ្លែង​ក្នុងឱកាសនោះឯកឧត្តម នេត សាវឿន បានបង្ហាញអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែងលើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ស្ថេរិភាព ក្នុង​នោះ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​(​Online Scams) ដោយបានសហការផ្ទាល់ជាមួយប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់។ ឯកឧត្តមបន្ដថា បញ្ហា Online Scams នាពេលនេះ កម្ពុជាបានដោះស្រាយបញ្ហាធំៗ ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​ភាគច្រើនជាជនបរទេស។ឯកឧត្តមសន្ដិ​បណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ទៀតថា បទល្មើស Online Scams ក៏​ជា​បញ្ហា​ស​កល និងជាបទល្មើសឆ្លងដែនមួយ ដែលទាមទារ​ឲ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​ជា​មួយគ្នា។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេសសិង្ហបុរី យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយ​ផ្តោតសំខាន់លើការលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងយក​ចិត្ត​ទុកដា​ក់​លើ​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿងញៀន។ បញ្ហាចម្បងមួយទៀត គឺការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជា​បញ្ហា​សកល​ទាមទារ​ឲ្យ​មានការឆ្លើយតបជាសកល ដោយមិនមែន​សម្រាប់​តែ​ប្រទេស​ណាមួយ​ដែល​អាច​ដោះ​ស្រាយ​បាន​តែឯ​ងទេ។លោកទូតបានបន្ដថាសិង្ហបុរីតែងតែធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដូចជាជាមួយ ការិយាល័យ​អង្គការ​សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ឋ UNODC, Interpol ក៏ដូចជា ជាមួយ​សម្ព័ន្ធប្រឆាំងការឆបោកសកល ដែលបានពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រហូត​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ហើយក៏មានបំណង​ក្នុង​ការ​ពង្រីក​នូវ​សមាជិក​ភាព​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​រួមទាំងកម្ពុជាផងដែរ។បើតាមលោកឯកអគ្គរដ្ឋទូត, សិង្ហបុរីបានផ្តល់ការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា និង​បាន​រៀប​ចំ​សិក្ខាសាលាពាក់ព័ន្ធការគ្រប់គ្រងកាស៊ីណូ និងវិធីសាស្ត្រក្នុងស៊ើបអង្កេតបទល្មើស។ សិង្ហបុរី​ត្រៀមខ្លួនជានិច្ចក្នុងការចែករំលែកព័ត៌មាន ការពង្រឹងសមត្ថភាពមន្ត្រី និងការ​តាម​ចាប់​ខ្លួន​ឧ​ក្រិដ្ឋជន ហើយសង្ឃឹមថា នឹងមាន​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​គ្នាកា​ន់​តែ​ញឹក​ញាប់​ទាំង​រវាង​ថ្នាក់​ដឹក​នាំ ​ទាំងក្នុងក្របខ័ណ្ឌការងារអនុវត្តច្បាប់ និងការងារការទូតជាដើម៕ អត្ថបទ៖ បាន ចក់

ក្រុមការងារ CMAC កំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលជាគម្រោងរបស់អង្គការ UNESCO

2026/05/08 03:02:34 pm        131
ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ កំពុងបន្តធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលប្រាសាទនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។ការងាររុករកនេះ ស្ថិតក្រោមគម្រោងជំនួយរបស់ UNESCO បន្ទាប់ពីសង្គ្រាមឈ្លានពានថៃ របស់ថៃនាពេលកន្លងមក លើដែនអធិបតេយ្យភាពកម្ពុជា។សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតជាទម្ងន់នូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់។យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាត ចំនួន ១៤២កន្លែង និងតំបន់ជុំវិញ ៤២កន្លែង ដោយសារការទម្លាក់គ្រាប់បែកពីលើអាកាសដោយដ្រូន និងយន្តហោះចម្បាំងរបស់យោធាថៃ។ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO សម្រេចចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ នាកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ វិស័យថាមពល រ៉ែ និងប្រេងកាត​កម្ពុជា​មាន​កាលានុវត្តភាព​ សម្រាប់​ការ​វិនិយោគ

2026/05/08 02:49:26 pm        326
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល លើ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល រ៉ែ និងវិស័យ ប្រេងកាត ដែលជាវិស័យមានកាលានុវត្តភាព សម្រាប់​ការ​ចូល​រួម​វិនិយោគពីវិស័យឯកជន ដើម្បីចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើង​ក្នុង​ពិធី​បិទ​វេទិកា​វិនិយោគ​កម្ពុជា​ឆ្នាំ​២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែ គឺ​ជាវិស័យ​យុទ្ធ​សាស្រ្ត​មួយ ​ដែលពិភពលោកបានអភិវឌ្ឍន៍ ក្នុងនោះសម្រាប់កម្ពុជា បានកំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​លើ​អភិវឌ្ឍន៍​នេះផងដែរ។ ឯកឧត្តម បន្ថែមថា ជុំវិញវិស័យរ៉ែនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា គឺ​បានថ្លឹងថ្លែង និងបានកំណត់នូវអភិក្រម (កន្លែងដែលធ្វើអាជីវកម្មរ៉ែ គឺមាន​ការ​សិក្សា​ច្បាស់​លាស់ ​និងមានការឯកភាពពីសហគមន៍ និងពីក្រសួងបរិស្ថានជាដើម) ជាក់ស្តែង​នៅ​តំបន់​ព្រៃឡង់ ​រារដ្ឋាភិបាលមិនអនុញ្ញាត្តិឱ្យធ្វើអាជីវកម្មថ្មី លើលពីអ្វីដែលបានអនុញ្ញាតពីមុននោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ទោះបីយ៉ាងណា ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា គឺ​នៅ​មាន​កាលា​នុវត្ត​ភាព​ខ្ពស់ ​ក្នុងការចូលរួមពីវិស័យ វិនិយោគពីវិស័យឯកជន ដោយបញ្ហា​នេះ​រាជ​រដ្ឋាភិបាល​បង្ក​នូវ​លក្ខ​ខណ្ឌ​ចាំបាច់​ទាំងឡាយណា ដើម្បីឱ្យវិស័យឯកជនអាចចូលរួម អភិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​រ៉ែ​នេះ​ដូច​ជា ​វិស័យថាមពល វិស័យរ៉ែ និងប្រេងកាតជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជាគោលជំហ, កម្ពុជា ​នៅតែអភិវឌ្ឍន៍វិស័យអគ្គិសនី និងវិស័យរ៉ែ ប៉ុន្តែការ​អភិវឌ្ឍ​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បរិស្ថាន, តុល្យភាពការអភិវឌ្ឍ និងការអភិរក្ស ជាពិសេសការ​ផ្តល់​ភាព​ច្បាស់​លាស់​នៃ​ការ​ប្រមូល​ចំណូលចូលរដ្ឋ។ ឯកឧត្តម កែវ រតនៈ លើកឡើងបន្ថែមថា ជុំវិញការវិនិយោគលើវិស័យអគ្គិសនី និងវិស័យរ៉ែ បាន​កំពុង​ចូល​រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ ជាក់ស្តែងការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន រឺ​នេ​សង់ (Renaissance) បច្ចុប្បន្នក្រុមហ៊ុននេះបានវិនិយោគចំនួន ២ គម្រោង គឺបាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្នុងនោះបើគិតពីការប្រមូលពន្ធដោយផ្ទាល់ ក្រុមហ៊ុនទាំងពីរនេះអាចផ្តល់ ឱ្យ​កម្ពុជា​ប្រមូល​ពន្ធ បានក្នុងរង្វង់ ១៥០ លានដុល្លារអាមេរិក ដែលនេះជាការ​រួម​ចំណែក​ដល់​ការ​ប្រមូល​ចំណូល​ចូលថវិការរដ្ឋរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រី CMAC ធ្វើការបំផ្ទុះគ្រាប់បែកចង្កោមប្រភេទ M85 និងកូនរបស់វា ៥៦គ្រាប់ ដែលបន្សល់ពីសង្គ្រាមឈ្លានពានថៃ នាពេលកន្លងមក

2026/05/08 02:38:23 pm        421
មន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានធ្វើការបំផ្ទុះគ្រាប់បែកចង្កោមប្រភេទ M85 និងមានកូនវាចំនួន ៥៦គ្រាប់ ដែលមិនទាន់ផ្ទុះ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។យោងតាមមន្ត្រី CMAC នៅទីតាំងនោះបានឱ្យដឹងថា គ្រាប់កាំភ្លើងបានបាញ់ចេញពីប្រទេសថៃ ក្នុងអំឡុងសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីកម្ពុជា និងបានធ្លាក់ចូលវាលស្រែ និងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីព្រំដែនប្រទេសទាំងពីរ។គ្រាប់បែកចង្កោម (Cluster Munitions) គឺជាអាវុធហាមឃាត់ និងដ៏គ្រោះថ្នាក់បំផុតដែលផ្ទុកកូនគ្រាប់តូចៗជាច្រើននៅក្នុងគ្រាប់តែមួយ ហើយជះឥទ្ធិពលលើផ្ទៃដីធំទូលាយ។ គ្រោះថ្នាក់ចម្បងគឺនៅពេលកូនគ្រាប់មិនផ្ទុះភ្លាមៗ (កូនគ្រាប់មិនទាន់ផ្ទុះ) វាបន្សល់ទុកជាសំណល់ជាតិផ្ទុះយូរអង្វែង ដែលអាចផ្ទុះសម្លាប់ ឬធ្វើឱ្យពិការភាពដល់ប្រជាជនស៊ីវិល ជាពិសេសគឺកុមារដែលមិនស្គាល់ និងគិតថាជារបស់លេង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM
បារ៉ែនថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើទឹកដីរបស់ខ្លួនថា ជាការឈ្លានពានជាក់ស្តែង
06/06/2026 02:06 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
06/06/2026 02:06 PM
បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM