រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត

ព័ត៌មានជាតិ

កម្ពុជា ដឹកនាំបណ្ដាអង្គទូត និងសហភាពអឺរ៉ុបនៅកម្ពុជា ចុះពិនិត្យស្ថានភាពជាក់ស្តែង និងស្ដាប់បទបង្ហាញអំពីផលប៉ះពាល់ និងខូចខាតប្រាសាទព្រះវិហារដោយសារថៃឈ្លានពាន

2026/05/08 02:11:22 pm        306
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា រួមជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ព្រមទាំងតំណាងមកពីស្ថានទូតចិន, ជប៉ុន, ឥណ្ឌូណេស៊ី, វៀតណាម និងឡាវ បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងទទួលស្ដាប់បទបង្ហាញយ៉ាងលម្អិតពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអង្គភាពស៊ីម៉ាក់ (CMAC)។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែបន្តបើកចំហជានិច្ចសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងយន្តការច្បាប់អន្តរជាតិនានារបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ផ្អែកតាមរបាយការណ៍បច្ចេកទេស និងបទបង្ហាញដែលបានដាក់ជូនគណៈប្រតិភូ ទំហំនៃការខូចខាតដែលបានកើតឡើងលើរចនាសម្ព័ន្ធប្រាសាទមានសភាពគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយមានចំណុចខូចខាតសរុបរហូតដល់ ៥៦២កន្លែង នៅលើប្រាសាទបុរាណទាំងមូល ដែលទាមទារឱ្យមានការអន្តរាគមន៍សង្គ្រោះជាបន្ទាន់។ ឆ្លើយតបនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ឯកឧត្តមបណ្ឌិតបានសម្តែងនូវមនោសញ្ចេតនាសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានលើកឡើងថា «ប្រាសាទព្រះវិហារមិនរងាទេ ព្រោះវាមិនមែនជារបស់ប្រទេសណាមួយដាច់មុខឡើយ វាគឺជាមរតកមនុស្សជាតិសម្រាប់គ្រប់ជាតិសាសន៍មកទស្សនា និងរួមគ្នាការពារ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា កម្ពុជា ថៃ ព្រមទាំងសហគមន៍អន្តរជាតិ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជួសជុលប្រាសាទឡើងវិញ និងនាំសន្តិភាព និងវិបុលភាពយូរអង្វែង ពិសេសសម្រាប់បងប្អូនប្រជាជននៅតាមបណ្តោយព្រំដែន។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាបេតិកភណ្ឌពិភពលោកមិនគួរក្លាយជាឧបករណ៍នៃជម្លោះឡើយ ប៉ុន្តែត្រូវជាស្ពានសម្រាប់តភ្ជាប់ និងស្វែងយល់ពីអរិយធម៌រវាងគ្នាទៅវិញទៅមក។ ក្នុងស្មារតីនេះ ឯកឧត្តមបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមបង្កើត «មូលនិធិជួសជុលប្រាសាទ»ដើម្បីស្តារឡើងវិញនូវរចនាសម្ព័ន្ធដែលរងការខូចខាតទាំង ៥៦២កន្លែងនោះ និង «មូលនិធិស្តារសេដ្ឋកិច្ចព្រំដែន» ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ បេសកកម្មដែលមានការចូលរួមពីតំណាងអង្គទូតសំខាន់ៗនាពេលនេះ គឺជាសក្ខីភាពនៃឆន្ទៈរបស់កម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព ដែលការពារដោយការយោគយល់គ្នា និងធានាថាប្រាសាទព្រះវិហារនឹងនៅតែជាទ្រព្យសម្បត្តិដ៏រុងរឿងរបស់មនុស្សជាតិជារៀងរហូត៕

វិធានការយុទ្ធសាស្ត្រ ៦ចំណុច ត្រូវបានដាក់ចេញ ដើម្បីពង្រឹងមុខងារបណ្តុះបណ្តាលមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន

2026/05/08 01:56:59 pm        126
ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា វិធានការជាយុទ្ធសាស្ត្រចំនួន ៦ចំណុច ត្រូវបានគិតគូរ និងដាក់ចេញសម្រាប់អនុវត្តក្នុងការរៀបចំមុខងារបណ្តុះបណ្តាលមន្ត្រី នៃគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈនៅតាមបណ្តាក្រសួង-ស្ថាប័ននានា។ការដាក់ចេញនូវវិធានការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកម្រិតអន្តរក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រុមការងារលើកកម្ពស់ប្រសិទ្ធភាពការងារ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ជាច្រើនរូប។យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងាររៀបចំមុខងារបណ្តុះបណ្តាល នៃ គ.វ.រ. បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ គ្រឹះស្ថានបណ្តុះបណ្តាលសរុបមានចំនួន ១៤៣ គ្រឹះស្ថាន ដែលចំណុះឱ្យក្រសួង-ស្ថាប័នចំនួន ២៧។ ក្នុងចំណោមនោះ មានគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ៤១ ដែលចំណុះឱ្យក្រសួង-ស្ថាប័នចំនួន ១៤ កំពុងបំពេញមុខងារផ្ទាល់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ។ក្នុងគោលបំណងរៀបចំមុខងារបណ្តុះបណ្តាលមន្រ្តីឱ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ អង្គប្រជុំបានពិភាក្សាស្វែងរកធាតុចូលយ៉ាងសកម្ម និងបានឯកភាពដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្តចំនួន ៦ចំណុច សំខាន់ៗរួមមាន៖ (១). ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍសមត្ថភាពមូលធនមនុស្ស ក្នុងវិស័យសាធារណៈ។ (២). ការកំណត់មុខងារស្នូលរបស់គ្រឹះស្ថានបណ្តុះបណ្តាល (រួមមាន៖ ការបណ្តុះបណ្តាលដំបូង ការបណ្តុះបណ្តាលបន្ត និងការសិក្សាស្រាវជ្រាវចងក្រងករណីសិក្សា ដែលពាក់ព័ន្ធនឹងវិស័យសាធារណៈ)។ (៣). ការពង្រឹងអភិបាលកិច្ចនៃគ្រឹះស្ថានបណ្តុះបណ្តាលមន្រ្តី។ (៤). ការកំណត់ស្តង់ដាកម្មវិធីសិក្សា និងគ្រូឧទ្ទេសឱ្យមានគុណភាពខ្ពស់។(៥). ការពង្រឹងយន្តការស្ថាប័ន ក្នុងការពិនិត្យ តាមដាន និងវាយតម្លៃគុណភាពនៃការបណ្តុះបណ្តាលមន្រ្តី។ (៦). ការបង្កើតមូលនិធិអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យសាធារណៈ។គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់ក្រុមការងារ ដើម្បីធានាឱ្យបាននូវការយល់ដឹងរួមគ្នា និងប្រមូលធាតុចូលគ្រប់ជ្រុងជ្រោយ ឈានទៅសម្រួចការកែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានភាពរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការជាតិពិតប្រាកដ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយប្រមុខដឹកនាំប្រទេសសមាជិកអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅហ្វីលីពីន

2026/05/08 01:49:05 pm        195
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយ ឯកឧត្តម Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី, ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក U Hau Khan Sum អគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ (កិច្ចប្រជុំចង្អៀត) នៅហ្វីលីពីន

2026/05/08 01:35:41 pm        214
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ (កិច្ចប្រជុំចង្អៀត) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕

អបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោយមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

2026/05/08 01:08:25 pm        89
ក្នុងឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា នឹងអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ មូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» បានបង្ហាញពីសុច្ឆន្ទៈរបស់កាកបាទក្រហមកម្ពុជា ក្នុងការអំពាវនាវបងប្អូន រួមជាតិគ្រប់មជ្ឈដ្ឋាន បន្តរួមកម្លាំងសាមគ្គីភាពជាតិរឹងមាំ ដើម្បីភាពធន់ និងត្រូវនាំគ្នាជម្នះលើរាល់ការលំបាកទាំងឡាយ ក្នុងស្ថានភាព មិនប្រាកដប្រជាផ្នែកនយោបាយ សេដ្ឋកិច្ច វិបត្តិភ័យ ទំនាស់តាមតំបន់នានានៅក្នុងសកលលោក។ ដោយឡែកសម្រាប់កម្ពុជា ក៏នៅមានតម្រូវការចាំបាច់ក្នុងការបន្តជួយដល់ប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិដែល បង្កឡើងដោយសារជម្លោះតាមព្រំដែនវីវាងកម្ពុជា-ថៃ និងត្រូវជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងឡាយ។សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖ ១. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) - អ្នកទទួលផល : កាកបាទក្រហមកម្ពុជា - គណនីឈ្មោះ : CRC Internal Funds Raised - គណនីប្រាក់រៀល : 100004348127 - គណនីប្រាក់ដុល្លារអាមេរិក: 300001709996 ២. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - អ្នកទទួលផល : កាកបាទក្រហមកម្ពុជា - គណនីឈ្មោះ : CAMBODIAN RED CROSS - គណនីប្រាក់រៀល : 777 766 168 - គណនីប្រាក់ដុល្លារអាមេរិក: 777 788 168 រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖ ១. លោកជំទាវ ពុំ ចន្ទីនី លេខទូរសព្ទ 012 921 105 ២. លោកជំទាវ ម៉ែន នារីសោភ័ត លេខទូរសព្ទ 012 810 854 ៣. ឯកឧត្តម ឌួង អេលីត លេខទូរសព្ទ 017 248 888

មន្រ្តីឃុំ/សង្កាត់ ប្ដេជ្ញាខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងមិនស្មុគស្មាញ

2026/05/08 01:00:22 pm        188
ភ្នំពេញ៖ មន្រ្តីរាជការក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាម​ជា​មន្ត្រី​រាជ​ការ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់មួយរូប នឹងខិតខំបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយ​បន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់តាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និង​មិន​ស្មុគស្មាញ ខណៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹក​ដល់​មន្ត្រី​រាជ​ការ​ទាំង​អស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។ក្នុងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភា​ព​នានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យ​បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជា​ពិសេស​បន្ត​យក​ចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ឆ្លើយបតនឹងការក្រើនរំលឹករបស់សម្តេចតេជោ លោក ជា សម្បត្តិ ជំនួយការចៅសង្កាត់ដង្កោ រាជធានី​ភ្នំពេញ បានប្រាប់ BTV ថា មន្រ្តីឃុំ/សង្កាត់​ដង្កោ​ទាំង​អស់​គឺ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ផ្ត​ល់​សេវា​ជូន​ប្រជា​ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព លឿន រហ័ស ដើម្បីសម្រួលដល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។ ជាក់ស្តែង តាមគោលការណ៍ការធ្វើលិខិតបញ្ជាក់ការតភ្ជាប់ចរន្តអគ្គិសនី, លិខិតសំបុត្រ​បញ្ជា​ក់​កំណើត ឬសំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម គឺ​ត្រូវ​ការ​ពេល​វេលា៣ថ្ងៃ ប៉ុន្តែ ជាក់ស្តែង លិខិតនេះអាចធ្វើរួចមុនការកំណត់ ដើម្បីអាចឱ្យប្រជាពលរដ្ឋ​យក​ទៅ​ប្រើ​ប្រាស់តាមតម្រូវការចាំបាច់ទាន់ពេលវេលា។ដោយឡែក ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ បាន​កោត​សរសើរ​ថា មន្រ្តីឃុំ/សង្កាត់មានភាពរួសរាយទាក់ទាក់ និងមានសុជីវធម៌ ក្នុងការទំនាក់​ទំនង​ជាមួយអ្នកមកទទួលសេវា ហើយការផ្តល់សេវាគឺល្អ មិនស្មុកស្មាញ និងលឿនរហ័ស។ទន្ទឹមនឹងការក្រើនរំលឹកឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បន្តយកចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារ​កិច្ច​បម្រើ​ជាតិ ​និងប្រជាជនឱ្យបានល្អប្រសើរ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកដល់មន្ត្រីរាជការ ជៀ​សវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិន​មែន​ជា​ចៅ​ហ្វាយ​របស់​ប្រជាជ​ន​នោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជន​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​។ ប្រសាសន៍សម្ដេចតេជោ ក្នុងឱកាសអញ្ជើញជួប​សំណេះសំណាល​ជាមួ​យក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៦នេះ៕ អត្ថបទ៖ ធូ វិរៈ

រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភាខាងមុខ ប្រជុំអនុម័តច្បាប់ «កាតព្វកិច្ចយោធា» និងច្បាប់ស្ដីពីការធានាទូទាត់ថាមពលអគ្គិសនី

2026/05/08 12:54:33 pm        102
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចកំណត់យកថ្ងៃអង្គារ ទី១២ ខែឧសភា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្នុងគោលបំណងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ។ សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់ឆ្លងក្នុងសម័យប្រជុំវិសាមញ្ញនោះ រួមមាន៖ ទី១. សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា និង ទី២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN)។ មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះ អន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ជាមួយតំណាងរាជរដ្ឋាភិបាល។ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ បានពិភាក្សាលម្អិតជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖ · អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។ • ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ • ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។ · ការបេជ្ញាចិត្ត៖ រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះឱ្យមានតម្លាភាព និងយុត្តិធម៌បំផុត ដោយគ្មានការលើកលែងសម្រាប់កូនអ្នកមានទ្រព្យសម្បត្តិ ឬមន្ត្រីជាន់ខ្ពស់ឡើយ។ · អត្ថប្រយោជន៍៖ អ្នកបញ្ចប់កាតព្វកិច្ចនឹងទទួលបានអាទិភាពក្នុងក្របខ័ណ្ឌការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍ (សម្រាប់អ្នកមានការងារស្រាប់) និងសិទ្ធិបន្តការសិក្សា។ · ទោសប្បញ្ញត្តិ៖ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ។ ទន្ទឹមនឹងវិស័យការពារជាតិ វិស័យថាមពលក៏ជាអាទិភាពចម្បងផងដែរ។ កាលពីថ្ងៃទី៦ ខែឧសភាគណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន និង លោកជំទាវ និន សាផុន បានជួបពិភាក្សាជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើសេចក្តីព្រាងច្បាប់ធានាទូទាត់ជូនក្រុមហ៊ុន EVN ដើម្បីធានាឱ្យបាននូវ៖ 1. ស្ថិរភាពការផ្គត់ផ្គង់៖ បង្ការការដាច់ចរន្តអគ្គិសនី ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។ 2. ស្ថិរភាពតម្លៃ៖ រក្សាតម្លៃអគ្គិសនីឱ្យសមរម្យសម្រាប់ជីវភាពប្រជាពលរដ្ឋ។ 3. កាតព្វកិច្ចអន្តរជាតិ៖ បន្តលិខិតធានាថ្មីជំនួសលិខិតចាស់ដែលផុតសុពលភាព ឱ្យបានត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ជារួម រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីធ្វើឱ្យច្បាប់ទាំងពីរនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់បម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ ដើម្បីធានាឱ្យកិច្ចដំណើរការកិច្ចប្រជុំវិសាមញ្ញខាងមុខប្រព្រឹត្តទៅដោយរលូន គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តសមាសភាពលេខាធិការចំនួន ៣ រូប រួមមាន៖ ឯកឧត្តម ឃុត ចាន់ដារ៉ា, ឯកឧត្តម ម៉ាត់ សេត និង ឯកឧត្ដម សេង ញ៉ក់ ផងដែរ៕

ក្រសួងការពារជាតិកម្ពុជាចូលរួមសម្របសម្រួលក្នុងពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្មប្តូរវេនៃក្រុម AOT HOM ហ្វីលីពីនថ្មី ប្រចាំកម្ពុជា នៅស្នាក់ការទី២ ក្រុងសិរីសោភ័ណ្ឌ

2026/05/08 12:48:05 pm        151
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមសម្របសម្រួលក្នុងពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្ម (HOM) ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ដែលបានបញ្ចប់អាណត្តិជូនទៅ ឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ជាប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅស្នាក់ការទី២ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនោះ ឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ក៏បានបង្ហាញសាជាថ្មីអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ និងខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់សាជាថ្មីថា កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនប្រចាំខណ្ឌទាំង១៤ យកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ និងកូនៗរបស់គាត់

2026/05/08 12:29:48 pm        93
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយត្រូវការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនគាត់ ពោលគឺមានការខ្វះខាតអ្វីត្រូវផ្តល់ជូនគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាប្រចាំខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើន ដោយត្រូវគោរព និងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារគាត់។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ដោយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យគ្រប់គ្នាជួយមើលថែចិញ្ចឹមសមាជិកឱ្យបានល្អនិងមានភាពកក់ក្ដៅដូចជាគ្រួសារខ្មែរ នៅពេលឪពុកម្ដាយចាស់ជរាទៅកូនចៅមើលថែទាំឪពុកម្ដាយដូច្នោះដែរ។ក្នុងឱកាសនោះលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឡើងអានសេចក្តីសម្រេចស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយបានតែងតាំងអភិបាលខណ្ឌទាំង១៤ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ និងមានអនុប្រធានប្រចាំការ១រូប អនុប្រធាន៣រូបនិងសមាជិក សមាជិកា២រូប នៅគ្រប់ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់អ្នកពាក់ព័ន្ធ ជំរុញបង្កើត MSME ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីតភ្ជាប់វិស័យនេះទៅរោងចក្រ

2026/05/08 12:22:16 pm        123
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិចារណារបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅក្នុងឬជិតតំបន់សេដ្ឋកិច្ចនានា ក្នុងគោលដៅតភ្ជាប់វិស័យនេះទៅរោងចក្រ សហគ្រាស នានា ដើម្បីជំរុញពង្រីកខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងការអញ្ជើញចូលរួម ជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យម (MSME) ចាប់ពីឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសដែលមានការ ភិវឌ្ឍតិចតួច អ្វីៗនឹងត្រូវផ្លាស់ប្តូរ ដូច្នេះអ្វីដែលយើងបាននិងកំពុងរៀបចំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រ ធ្វើ យ៉ាងណាឱ្យសហគ្រាសធុនតូច និងមធ្យមដើរទៅមុខ ដូច្នេះការគាំទ្រចំគោលដៅ គឺចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញបញ្ហានេះ ប្រសិនយើងនិយាយពីការវិនិយោគ សូមឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវនិយាយពី សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមគ្នាជំរុញផ្លាស់ប្តូរវិស័យឯកជន។ ឯកឧត្តមក៏បានស្នើដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា ស្ថាប័នអនុវត្ត និងអ្នកបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិចារណារបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅក្នុង ឬជិតតំបន់សេដ្ឋកិច្ចនានា ដើម្បីតភ្ជាប់ទៅនិងរោងចក្រ សហគ្រាស ដើម្បីជំរុញពង្រីកខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនេះជាចំណុចយុទ្ធ សាស្រ្តត្រូវកែប្រែ។ ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំង វិស័យហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែល កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។ជុំវិញការរៀបចំតំបន់ប្រមូលផ្តុំ MSME នេះ, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានថ្លែងនូវគាំទ្រចំពោះគម្រោងសហគ្រាសធុនតូច និងមធ្យម (MSME) ដែលបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ទាល់ ដើម្បីងាយស្រួលក្នុងការរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងងាយស្រួលក្នុងការផ្គត់ផ្គង់ សម្រាប់យន្តច្រកចេញចូលតែមួយ។ ឯកឧត្តម បន្តថា បញ្ហានេះប្រសិនត្រូវអនុវត្ត គឺត្រូវបង្កើត MSME នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយផ្ទាល់ ព្រោះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេអាចទិញ ឬក៏ជួលដីដែលទំនេរ សម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តម បន្ថែមថា តាមរយៈនេះដែរ សហគ្រាសធុនតូច និង មធ្យម និងអាចទទួលបានការលើកទឹកចិត្ត ដែលបញ្ហានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រាច់ក្នុងរៀបចំផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ផ្តល់ការលើកលែងទោសដល់អ្នកទោសជាង ២.០០០នាក់
06/06/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
06/06/2026 02:06 PM
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
06/06/2026 02:06 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន ៣៧០នាក់ ជាចំនួនសរុបទាំងសងខាង
06/06/2026 01:06 PM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
06/06/2026 01:06 PM
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
06/06/2026 01:06 PM
សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
06/06/2026 12:06 PM