អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ

យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក

2025/07/28 08:41:36 pm        154
ភ្នំពេញ ៖ យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតថ្មីៗ តាមរយៈនៃការស្រាវជ្រាវ និងបង្កើតនូវសំណាក់ផលិតផលផ្សេងៗ តាមរយៈនៃការកែច្នៃ ចេញពីវិស័យកសិកម្ម ដោយបានកំពុងចូលរួម និងគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលលើការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែម និងការបង្កើតការងារនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។​និស្សិតកម្ពុជាដែលជាប់ជ័យលាភីពីការប្រកួតប្រជែង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ត្នោតមាសលើកទី៦ ឆ្នាំ២០២៥ នៅចុង សប្តាហ៍កន្លងមកនេះថា កម្ពុជាគឺជាប្រទេសកសិកម្ម បច្ចុប្បន្នរាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ បាននិងកំពុងបន្តធ្វើទំនើបកម្ម ក្នុង វិស័យកសិកម្ម បង្កើនផលិតភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រខ្សែច្រវាក់តម្លៃកសិកម្ម និងការធ្វើពិពិធកម្មក្នុងវិស័យកសិកម្មជាដើម តាមរយៈការកែច្នៃផលិតផលចេញពីវិស័យកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម ប្រាក់ចំណូល និងការ បង្កើតការងារនៅក្នុងស្រុកជាដើម។និស្សិតទាំងនេះថ្លែងស្រដៀងគ្នាបន្តថា ស្របពេលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់លើវិស័យកសិកម្ម ពួកគាត់ក៏ មានបំណងជំរុញអភិវឌ្ឍខ្លួន ឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល និងជាសហគ្រិនឆ្នើម ដើម្បីចូលរួមចំណែកបង្កើតនូវសំណាក់ អាជីវកម្មថ្មីៗបន្ថែម គាំទ្រដល់ការធ្វើពិពិធកម្មក្នុងវិស័យកសិកម្ម ឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា គាំទ្រដល់កំណើននៃការនាំ ចេញរបស់កម្ពុជា។ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ លើកឡើងថា វិស័យកសិកម្មគឺជាវិស័យមានសក្តានុពលមួយ នៅកម្ពុជា ដែលកន្លងមកកម្ពុជាភាគីច្រើនបាននាំចេញផលិតផលស្រស់ៗទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈនេះ មូលនិធិគីណាល់ មានគោលបំណងចង់ឱ្យនិស្សិតកម្ពុជា ចូលរួមការកែច្នៃចេញពីផលិតផលកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃ បន្ថែម ការចូលរួមគាំទ្រនៅពេលផលិតផលកសិកម្មជុញនៅលើទីផ្សារ ការចូលរួមលើកកម្ពស់ដល់ការដាំដុះរបស់កសិករ និងបង្កើន ប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាដើម។ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា មូលនិធិគីណាល់ពិតជាមានសារៈ សំខាន់ណាស់ ដោយបាននិងកំពុងបង្កើតធនធានមនុស្ស, បណ្តុះនូវគំនិតកែច្នៃថ្មីៗ ឆ្លើយតបទៅនិងតម្រូវការទីផ្សារ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ដែលបាននិងកំពុងចូលរួមការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង ការឈានទៅពង្រីកដៃគូពាណិជ្ជកម្មឱ្យបាន កាន់តែច្រើន ដើម្បីជំរុញដល់កំណើននៃការនាំចេញទំនិញ និងផលិតផលចេញពីវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លា៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

2025/07/28 07:19:45 pm        1094
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះថា កិច្ចប្រជុំពិសេសដើម្បីដោះស្រាយជ ម្លោះព្រំដែនកម្ពុជា-ថៃដែលរៀបចំធ្វើនៅក្នុងប្រទេសម៉ាឡេស៊ីនាថ្ងៃ ២៨ កក្កដានេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើ ៣ ចំណុចសំខាន់ៗ។ លទ្ធផលសម្រេចបាននេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលរហូតសម្រេចបានលទ្ធផលបីចំណុចសំខាន់នេះ។​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ចិន ពិសេសម៉ាឡេស៊ី ដែលបានប្រឹងប្រែងជួយសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន ៣ ចំណុចសំខាន់ៗនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។ កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដានេះ មានដូចជា៖ ទី១.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើការឈប់បាញ់ដោយគ្មានលក្ខខណ្ឌចាប់ពីម៉ោង ១២ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ, ទី២.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគដែលកំពុងមានជម្លោះតាមបណ្ដោយព្រំដែននៃប្រ ទេសទាំងពីរជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៩ ខែកក្កដាស្អែកនេះ, ទី៣.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំ JBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងរៀបចំធ្វើនៅដើមខែសីហា ខែក្រោយនេះ។​គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដំបូងដែលថៃចាប់ផ្ដើមឈ្លានពានចូលដែនបូរណភាពទឹកដីកម្ពុជា រហូតមកទល់នឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាភៀសសឹកជាង ១៣០០ ០០ នាក់, សាលារៀនចំនួន ៦០០ ត្រូវបិទទ្វារ និងបណ្ដាលឱ្យសិស្សានុសិស្សចំនួន ១៥០០០០ នាក់ ត្រូវខកខានមិនបានសិក្សារៀនសូត្រ។ ក្រៅពីនេះ ក៏មានពលរដ្ឋកម្ពុជារងរបួស និងស្លាប់ជាច្រើនដោ យសារទង្វើឈ្លានពានរបស់ថៃនេះផងដែរ។ នេះមិនទាន់គិតដល់ការខូចខាតមន្ទីរពេទ្យ ផ្ទះសម្បែងរប ស់ប្រជាពលរដ្ឋ វត្តអារាម និងផលប៉ះពាល់ជាច្រើនទៀត ពីការឈ្លានពានរបស់ថៃនេះនៅឡើយទេ៕ដោយ៖ គង់ ឌិន

យុទ្ធនាការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីកម្រិតមតេយ្យដល់វិទ្យាល័យបានចាប់ផ្ដើម

2025/07/28 06:58:42 pm        491
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះ បានប្រកាសបើកយុទ្ធនាការ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម័្ពន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលចាប់រាប់ពីកម្រិតមតេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ ការប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានឯកឧត្តម  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។​ឈានចូលមកដល់ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋជាថ្មី ក្រោយខកខានធ្វើរយៈពេលប្រមាណ ១៥ឆ្នាំមកនេះ។ ការធ្វើជំរឿននេះ គឺធ្វើឡើងគ្រប់សាលារៀនរដ្ឋទាំងអស់ ដោយផ្តោតលើ ៤កម្រិតសិក្សា គឺនៅថ្នាក់មតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ការធ្វើជំរឿនគ្រូបង្រៀននេះ អនុវត្តទូទាំងប្រទេស ដោយក្រុមការងារជំនាញនឹងចុះទៅបំពេញការងារស្រង់ទិន្នន័យដល់ទីតាំងសាលារៀនដោយផ្ទាល់។ ការអនុវត្តដំបូង នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ទើបឈានទៅតាមបណ្ដាខេត្តផ្សេងទៀត។ ការងារជំរឿនគ្រូបង្រៀននេះ គឺរាប់បញ្ចូលទាំងគ្រូបង្រៀនក្របខណ្ឌ ក៏ដូចជាគ្រូបង្រៀនកិច្ចសន្យាដែលកំពុងបង្រៀននៅតាមសាលារៀននីមួយៗជាក់ស្ដែង។ ការធ្វើជំរឿននេះ គឺតម្រូវឱ្យគ្រូបង្រៀនបង្ហាញខ្លួនជាចាំបាច់។សម្រាប់ការជំរឿននេះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការងារជំរឿនគ្រូបង្រៀន ជាការងារចាំបាច់ ធ្វើឡើងដើម្បីដឹងច្បាស់ពីរចនាសម្ព័ន្ធនៅតាមសាលានីមួយៗ និងដឹងច្បាស់ពីចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន ព្រោះបច្ចុប្បន្នសាលារៀនខ្លះអាចមានចំនួនគ្រូលើសពីតម្រូវការ រីឯសាលារៀនខ្លះ អាចមានកង្វះគ្រូបង្រៀន។ ចំនួនគ្រូបង្រៀនលើសភាគច្រើនកើតឡើងនៅទីប្រជំជន រីឯការខ្វះគ្រូបង្រៀនភាគច្រើនកើតឡើងនៅតាមទីជនបទដាច់ស្រយាល។លោកជំទាវបញ្ជាក់ដែរថា ការដែលដឹងច្បាស់ ពីរចនាសម័្ពន្ធ និងចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន គឺវានឹងក្លាយជាទិន្នន័យដ៏សំខាន់ ពិសេសការងារជ្រើសរើសគ្រូបង្រៀននៅពេលអនាគត។ចំពោះការងារជំរឿនគ្រូបង្រៀននេះដែរ លោក ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា នេះជាការងារសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងការឆ្លើយតបការងារ។ ការងារជំរឿនគ្រូបង្រៀននេះ ជាការងារដើម្បីចង់ដឹងច្បាស់ពីទិន្នន័យគ្រូបង្រៀននៅគ្រឹះស្ថានសិក្សារដ្ឋទូទាំងប្រទេស ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរ។ ការងារជំរឿនគ្រូបង្រៀន គឺមិនប៉ះពាល់គ្រូបង្រៀននោះទេ។អត្ថបទ៖គឹមហុក  

ក្រសួងបរិស្ថានផ្ដល់ធុងសំរាមចំនួន 500 ធុងបន្ថែមទៅលើចំនួនដែលបានធ្លាប់ផ្ទាល់ជូនដល់មន្ទីរបើបរិស្ថានដែលមានព្រំដែនកម្ពុជា ថៃ ដើម្បីធានានូវអនាម័យស្អាតលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុវត្ថិភាពនានា

2025/07/28 06:09:14 pm        153
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៥ បានសម្រេចប្រគល់ធុងសំរាមចំនួន៥០០ធុងបន្ថែមពីលើចំនួនធុងសំរាមលើកទី១ ដែលប្រគល់ជូនដល់មន្ទីរបរិស្ថានខេត្តនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ចំនួន ៥០ ធុង និងរថយន្តដឹកសំរាម ចំនួន គ្រឿង និងលើកទី២ បានប្រគល់ធុងសំរាម ២២០ ធុង និងរថយន្តដឹកសំរាម ជូនរដ្ឋបាលខឹត្តព្រះវិហារ នៅខេត្តឧត្តរមានជ័យ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ្ឌលសុវត្ថិភាពហើយជាពិសេសនោះ គឺបានផ្សព្វផ្សាយភាពស្អាត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក៏ដូចជាភាពស្អាតដែលកាត់ចែងនៅក្នុងចិត្ត និងភាពស្អាតដែលធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់នោះបាល្អ ។សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងបរិស្ថានតែងតែគិតគូរអំពីជីវភាព និងសុខទុក្ខ គាំទ្រទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជារបស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ភៀសសឹក មកមណ្ឌលសុវត្ថិភាពនានា។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃលើបូរណភាពទឹកដីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៥ ដែលមានប្រធានសភាជាស្រ្តីមកពី ៣០ប្រទេស ចូលរួមនៅទីក្រុងហ្សឺណែវ

2025/07/28 06:05:13 pm        630
នៅចំពោះមុខគណៈប្រតិភូ ដែលជាប្រធានសភាជាស្រ្តីក្នុងពិភពលោកចំនួន៣០ប្រទេសចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្រក់ទឹកភ្នែក អាណិតប្រជាពលរដ្ឋខ្មែរ ពិសេសស្រ្តីនិងកុមារ ដែលជាជនស្លូតត្រង់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយអាវុធធុនធ្ងន់ យ៉ាងឃោរឃៅពីការឈ្លានពានរបស់ប្រទេសថៃមកលើដែនធិបតេយ្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15 SWSP) ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព» សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងគឃ្លើនរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលជាការរំលោភទាំងស្រុងលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានរំលោភទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋធិបតេយ្យមួយ។ អំពើព្រៃផ្សៃនោះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋស្លូតត្រង់ ពិសេសស្រ្តីនិងកុមារ ដែលជាជនងាយរងគ្រោះ។ ក្នុងទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធដ៏ទៃផ្សេងទៀត ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។  “យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីការពារជនស៊ីវិល ពិសេសស្រ្តី និងកុមារ ដើម្បីចៀសផុតពីការឈឺចាប់នេះបន្តទៀត។ បន្ថែមពីនេះ យើងត្រូវពង្រឹងតួនាទីរបស់ស្រ្តីក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះដែលកំពុងកើតមាននេះ“។  នៅក្នុងកិច្ចប្រជុំដែលមានប្រធានសភាជាស្រ្តីមកពី៣០ប្រទេស សម្តេចរដ្ឋសភាបានសង្កត់ធ្ងន់ថា” យើងត្រូវតែបញ្ឈប់នូវការរំលោភលើច្បាប់អន្តរជាតិ និងសូមអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិដើម្បីស្វែងរកការពិត និងត្រូវស្វែងរកដំណោះស្រាយតាមរយៈតុលាការអន្តរជាតិ”។ សម្តេចមានប្រសាសន៍បន្តថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយ។ យើងប្រឈមទៅនឹងជម្រើសមួយដ៏លំបាក៖ ត្រូវការសន្តិភាព ឬសង្រ្គាម? តើត្រូវគោរពច្បាប់អន្តរជាតិ ឬបណ្តោយឱ្យមានការធ្លាក់ចុះ? តើយើងត្រូវការនូវ វិបុលភាពរួម ឬ ការគិតបំផ្លិចបំផ្លាញដោយមានអ្នកឈ្នះ និងអ្នកចាញ់? ។ សន្ទរកថាសម្តេចប្រធានរដ្ឋសភាកម្ពុជា បានទទួលការចាប់អារម្មណ៍ជាខ្លំាងពីកិច្ចប្រជុំ។កិច្ចប្រជុំបានស្តាប់ដោយការយកចិត្តទុកដាក់ពីការរៀបរាប់របស់សម្តេចប្រធានរដ្ឋសភា។ សម្តេចបានបន្តថា ការចុះខ្សោយនៃអភិបាលកិច្ចសកល និងការមិនគោរពច្បាប់អន្តរជាតិ បានគម្រាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា“យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព”៕

​​ TOP STORY | កម្ពុជា-ថៃ ឯកភាពគ្នាឈប់បាញ់បន្ទាន់នៅយប់នេះ, រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ និងកិច្ចប្រជុំ GBC នៅខែក្រោយ

2025/07/28 05:42:16 pm        335
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិសេសនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន ៣ ចំណុច ក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាទទួលយកបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤៖00នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ, ឯកភាពគ្នារៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ និងឯកភាពគ្នារៀបចំកិច្ចប្រជុំ GBC នៅថ្ងៃទី៤ ខែសីហាខាងមុខនេះ។ តាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៅលើបណ្ដាសង្គមនៅមុននេះថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងសម្ដេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ ទី១ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤៖០០នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។ ទី២ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង៧៖00នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង ទី៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចក៏អរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ សម្ដេចក៏បានអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។ សូមបញ្ជាក់ថា កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចាប់ផ្តើមហើយ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងអាមេរិក និងចិន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទើបឈានដល់ការសម្រេចបានបទឈប់បាញ់គ្នាបន្ទាន់ជាមួយគ្នាបែបនេះ ខណៈកិច្ចប្រជុំនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃបានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលរងរបួសក្នុងសង្គ្រាមវាយប្រហារដោយកម្រោលរបស់កងទ័ពសៀម

2025/07/28 05:28:18 pm        413
ព្រះវិហារ៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ បន្ទាប់ពីរងរបួសក្នុងការវាយប្រហារដោយកម្រោលរបស់កងទ័ពសៀម តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ពិសេសក្នុងកាល:ទេសៈនេះកងទ័ពបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូការពារបូរណភាពទឹកដីពីការឈ្លានពានទាំងកម្រោលរបស់កងទ័ពសៀមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីអាណិតអាសូរចំពោះកងទ័ព ដែលរងបួសក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពចោរសៀម ដែលបានបើកការប្រហារមុនមកលើកងទ័ពកម្ពុជា។ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមជូនពរដល់កងទ័ពដែលកំពុងសម្រាកព្យាបាលបន្តថែទាំសុខភាព និងឆាប់ជាសះស្បើយពីរបួស។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានណែនាំដល់ក្រុមគ្រូពេទ្យ សូមបន្តថែទាំ និងតាមដានពីសុខភាពកងទ័ព ដែលកំពុងសម្រាកព្យាបាលត្រូវទទួលបានការយកចិត្តទុកដាក់ឱ្យបានល្អបំផុត ដោយសារកងទ័ពបានការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់បំផុតជូនជាតិមាតុភូមិ៕

ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋភៀសសឹក នៅទីតាំងសុវត្ថិភាពស្រុកព្រះនេត្រព្រះ

2025/07/28 04:49:36 pm        176
ភ្នំពេញ៖នាព្រឹកថ្ងៃ ទី២៨ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព ប្រមាណ ៣២៩ គ្រួសារ ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្ដរមានជ័យ និងតំបន់ខេត្តបន្ទាយមានជ័យ មករកទីតាំងសុវត្ថិភាពក្នុងស្រុកព្រះនេត្រព្រះ ដែលរហូតមកដល់ពេលនេះបានកើនឡើងដល់ជាង ៩០០ គ្រួសារ។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តការគាំពារប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់ហានិភ័យ៕

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា បានប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ទ្រទ្រង់ដល់បងប្អូនប្រជាពលករ ដែលត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ

2025/07/28 04:41:44 pm        170
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំយកសម្ភារៈចាំបាច់មួយចំនួន ដើម្បីជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ទៅតាមគោលដៅអាទិភាព ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។​ពិធីប្រគល់អំណោយខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តមសាស្ត្រាចារ្យទីប្រឹក្សា លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស លោក លោកស្រី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ ថ្ងៃនេះតាមរយៈការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា និងសហការី ព្រមទាំងបុគ្គលិក និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត បានរួបរួមគ្នានាំយកនូវសម្ភារៈចាំបាច់មួយចំនួនដើម្បីជូនរដ្ឋបាលខេត្តបាត់ដំបង ប្រើប្រាស់ទៅតាមគោលដៅអាទិភាព ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ យើងទាំងអស់គ្នាពិតជាចង់បានសន្តិភាពណាស់ ដោយព្រោះសង្គ្រាមតែងនាំមកនូវការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានា សិស្សានុសិស្សបាត់បង់ការសិក្សា ប្រជាជនស៊ីវិលបាត់បង់ផ្ទះសម្បែង បាត់បង់ការងារ បាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព បញ្ហាសុខភាព និងអនាម័យ កើតមានឡើង ជាពិសេសអ្វីដែលយើងទាំងអស់គ្នាតែងខ្លាចបារម្ភពីផលវិបាក ដែលកើតមានឡើងនោះគឺសង្គ្រាមបានបំផ្លាញអាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ និងទាហានដែលតស៊ូប្រយុទ្ធលើសមរភូមិ បន្សល់ទុកនូវកូនកំព្រា ស្ត្រី មេម៉ាយដែលគួរឱ្យឈឺចាប់ និងខ្លោចផ្សារជាទីបំផុត។ ពេលវេលានេះ គឺជាពេលដែលយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នា ក្រោមស្មារតី ខ្មែរតែមួយ។ មន្ទីរពេទ្យកាល់ម៉ែត ក្នុងនាមជាមន្ទីរពេទ្យថ្នាក់ជាតិ និងជាមន្ទីរពេទ្យ ចងសម្ព័ន្ធមេត្រីភាពរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានផ្តល់ការគាំទ្រជានិច្ច ដោយយើងបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសវះកាត់ និងរថយន្តសាមុយចំនួន ០១ គ្រឿង មកជួយភ្លាមៗតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងបានបញ្ជូន ឱសថសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងការងារវះកាត់ និងសង្គ្រោះបន្ទាន់។ នាថ្ងៃ នេះយើងបាននាំមកជូនឱសថបរិក្ខារពេទ្យបន្ថែមសម្រាប់ជូនរដ្ឋបាលខេត្តបាត់ដំបង ដែលមានតម្លៃ 4,813.60$ (បួនពាន់ ប្រាំបីរយដប់បីដុល្លារអាមេរិក និងហុកសិបសេន) និងឃីត(Kit)ចំនួន 600 គិតជាទឹកប្រាក់ស្មើនឹង 13,945.78$ (ដប់បីពាន់ ប្រាំបួនរយសែសិបប្រាំដុល្លារអាមេរិក និងចិតសិបប្រាំបីសេន)។ មន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះតម្រូវការចាំបាច់នានាទាំងធនធានមនុស្ស ឧបករណ៍ និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ជួយដល់រដ្ឋបាលខេត្តបាត់ដំបង ជាពិសេសនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យស្រុកបវេល ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបងប្អូនកងទ័ព ឱ្យអស់លទ្ធភាពស្របតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃនេះក្រុមការងារយើងបាននាំយកមកនូវឱសថ និងបរិក្ខារមានតម្លៃសរុប 6,512$ ព្រមទាំងឧបករណ៍បរិក្ខារសំខាន់ៗ សម្រាប់ការវះកាត់ បឋម និងសង្គ្រោះបន្ទាន់រួមមាន៖១- Ventilator =04 គ្រឿង២- Patient monitor =07 គ្រឿង៣- Vital sign monitor =01 គ្រឿង៤- Suction unit =02 គ្រឿង៥- Syringe pump =04 គ្រឿង៦- ECG =01 គ្រឿង៧- ESU =02 គ្រឿង៨- Mobile Led lamp = 01៩- Electric outlet manifold oxygen=01set/5pre។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមន្ទីរពេទ្យស្រុកបវេល មន្ត្រី-បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់សហការជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺពីគ្រប់មជ្ឈដ្ឋាន និងការជួយឧបត្ថម្ភគាំទ្រនានាដល់ជនភៀសសឹកបានយ៉ាងរលូន។ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតដែលចូលរួមសហការក្នុងការងារពិនិត្យ ព្យាបាលអ្នកជំងឺ និងសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរៀបចំ និងផ្គត់ផ្គង់សម្ភារៈនានាសម្រាប់បំពេញតម្រូវការដល់រដ្ឋបាលខេត្តបាត់ដំបង។ ឯកឧត្តមអគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត សង្ឃឹមថាបងប្អូនទាំងអស់ នឹងចូលរួមក្នុងបេសកម្មមួយនេះ ក្នុងបុព្វហេតុជាតិ យើងទាំងអស់គ្នា រួមសាមគ្គីគ្នា ដើម្បីរក្សាភាពឈ្នះលើសត្រូវ៕អត្ថបទ រដ្ឋា

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភព លោកទាំងមូល

2025/07/28 04:07:54 pm        177
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនមិន មែនគ្រាន់តែជាការបទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភពលោកទាំងមូល។ ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគ យល់គ្នារវាងអាជ្ញាធរមីន អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ (GPI) និងអង្គការដោះមីនកម្ពុជា (CSHD) ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ន។ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកវិស័យសកម្មភាពមីន ជាការរួមចំណែកក្នុងការលើកកម្ពស់មិនត្រឹមតែផ្តល់សុខសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាព គាំទ្រដល់សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាដើម។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ តាមរយៈការរួមចំណែកក្នុងការដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសូមកោតសរសើរ និងវាយតម្លៃចំពោះការគាំទ្ររបស់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានផ្តល់នូវទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងបានរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជួយសង្រ្គោះអាយុជីវិត ការស្តារសហគមន៍ឡើងវិញ ការបង្កើតសេចក្តីសង្ឃឹមថ្មី និងកសាងភាពថ្លៃថ្នូរ ជាពិសេសរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្តេជ្ញាចិត្តកសាងអនាគតមួយដែលប្រជាជនកម្ពុជាគ្មានការភ័យខ្លាចពីគ្រាប់មីន។ ពិធីនេះ ប្រព្រឹត្តិទៅនៅទីស្នាក់អាជ្ញាធរមីន ដែលចុះហត្ថ លេខាដោយ អាជ្ញាធរមីន តំណាងដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ តំណាងដោយ លោក Lee Jongsun អនុប្រធាន និងអង្គការដោះមីនកម្ពុជា តំណាងដោយ លោកស្រី អ៊ឹង សុខចេង នាយិការប្រតិបត្តិ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងការជំរុញលទ្ធភាពទទួលបានដីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម៕ អត្ថបទ.ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM
WHO ៖វីរុស​ hanta មិនមែនជា COVID-19 ផ្សេងទៀតទេ ហើយហានិភ័យ​សុខភាពសាធារណៈ​នៅតែមានកម្រិតទាប
05/10/2026 01:05 PM