កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជួបជាមួយអនុព័ន្ធយោធាមកពី១៣ប្រទេស និង​ជម្រាប​ពី​ការ​ឈ្លាន​ពាន​របស់​កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ក្រោយដើរមើលនៅសមរភូមិជាក់ស្តែង

2025/07/30 03:25:17 pm        858
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​ អញ្ជើញជួបជាមួយអនុព័ន្ធយោធា និងតំណាងមកពី ១៣ប្រទេស រួមមានប្រទេស​មហា​អំណាច​ធំ​ៗ​ និងអាស៊ាន ដោយបានជម្រាប​ជូន​អំពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​បូរណ​ភាព​ទឹកដីកម្ពុជា ក្រោយពីបានដើរមើលនៅសមរភូមិជាក់ស្តែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ប្រទេសទាំង១៣ ដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕រូប៖ ក្រសួងព័ត៌មាន

ថ្នាកដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិប្រទេសទំាងពីរទំាងស្ថាប័នតីនិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

2025/07/30 02:56:38 pm        449
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាសកលលោកលើកទី៦ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ (Suonthone Xayachack) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវអនុប្រធានរដ្ឋសភាឡាវ មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីនឹករលឹកជូនគ្នាទៅវិញទៅមក និងបានវាយតម្លៃខ្ពស់ចំពោះឱកាសបានជួបពិភាក្សាការងារជាមួយគ្នាក្នុងពេលបំពេញបេសសកម្មការទូតសភា ដើម្បីសុខសន្តិភាព វិបុលភាពរួមគ្នាជូនមនុស្សជាតិលើភពផែនដីនៅប្រទេសស្វីសនេះ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានលើកឡើងនិងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ដ៏រឹងមាំនិងជាប្រពៃណីតំាងពីយូរណាស់មកហើយរវាងប្រទេសទំាងពីរហើយបានវិវឌ្ឍជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង នាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋទំាងសងខាងកាន់តែច្រើនឡើង។ទំាងសម្តេចប្រធានរដ្ឋសភា និងលោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ បានគូសបញ្ជាក់ថាចំណងមិត្តភាព សាមគ្គីភាពកម្ពុជានិងឡាវ ប្រកប ដោយលក្ខណៈពិសេសមានការជឿទុកចិត្តគ្នា ផ្តល់តម្លៃនិងយោគយល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងដ៏ល្អនេះមិនត្រឹមនាំមកនូវវិបុលភាពដល់ពលរដ្ឋទំាងសងខាងប៉ុណ្ណោះទេ ប៉ុន្តែបានពង្រឹងនិងលើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់តំបន់ និងសកលលោកផងដែរ នៅក្នុបរិបទដែលពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញដោយសារការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ច នោះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវអនុប្រធានរដ្ឋសភា បានប្តេជ្ញាចិត្តខិតខំជំរុញ កិច្ចសហប្រតិបត្តិប្រទេសទំាងពីរទំាងស្ថាប័នតីនិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ជំរុញការអនុវត្តរាល់អនុស្សរណៈនិងកិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនប្រទេសនិងពលរដ្ឋទំាងសងខាង បន្ថែមទៀតដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន៕

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប ៖ យុវជនជាអ្នកការទូតដ៏សំខាន់របស់ប្រទេសជាតិ ជួយផ្សព្វផ្សាយអំពីរឿងពិត វឌ្ឍនភាព ទេសចរណ៍ វប្បធម៌ អារិយធម៌ និងសាសនា ទៅពិភពលោក

2025/07/30 01:19:39 pm        204
ភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រីសម្រាប់ឆ្នាំសិក្សា២០២៥ - ២០២៦ចំនួន១៤រូប ដឹកនាំដោយលោក យឿង សាក់ តំណាងក្រុមនិស្សិតអាហារូបករណ៍ បានឱកាសចូលជួប សម្តែងគារវកិច្ចនិងទទួលអនុសាសន៍ពីឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម ជាម យៀប ប្រធានស្តីទីរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែ   កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប តំណាងសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ដោយក្តីរីករាយនិងមោទនភាពថា “ក្មួយៗ ចៅៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រី ដែលជាអាហារូបករណ៍មួយមានការប្រកួតប្រជែងកម្រិតខ្ពស់។ ការទទួលបានអាហារូបករណ៍នេះ មិនមែនជាការសាមញ្ញពេកទេ ពោលគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយលះបង់ពេលវេលាខិតខំរៀនសូត្រ និងប្រលងប្រជែងយ៉ាងម៉ត់ចត់ ក្រោមការសម្របសម្រួលរបស់ក្រសួងអប់រំយុវជន និងកីឡា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា”។ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានបន្តថា និស្សិតជ័យលាភីអាហារូបករណ៍នាពេលនេះ នឹងជាចំណែកមួយដ៏សំខាន់ក្នុងចូលរួមការកសាង និង អភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប បានរំលឹកជូនក្រុមនិស្សិតថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសហុងគ្រី បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់កម្ពុជា។ អតីតនិស្សិតខ្មែរ ដែលធ្លាប់បានទៅសិក្សានៅប្រទេសហុងគ្រី បានក្លាយជាធនធានដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទសកម្ពុជាយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ ក្នុងនោះក៏មាន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផងដែរ។ កម្ពុជា-ហុងគ្រី មានទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេលជិត៧ទសវត្សរ៍មកហើយ គិតចាប់តាំងពីឆ្នាំ១៩៥៦ មក ហើយទំនាក់ទំនងនេះបានបន្តលូតលាស់ និងរីកចម្រើនជាលំដាប់ បាននាំមកនូវផលប្រយោជន៍គួរឲ្យកត់សម្គាល់ជូនប្រជាជន និងប្រទេសយើងទាំងពីរ។ ប្រទេសហុងគ្រី ជាមិត្តដ៏ល្អដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៩។ ប្រទេសហុងគ្រី បានជួយកម្ពុជាលើគ្រប់វិស័យ ទំាងសង្គមកិច្ច អប់រំ កសិកម្ម និងពាណិជ្ជកម្ម ហើយក្នុងពេលជំងឺកូវីដ១៩រាតត្បាត មិត្តហុងគ្រី ក៏បានផ្តល់ជំនួយវ៉ាក់សំាងដល់កម្ពុជាផងដែរ។ក្នុងនាមរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រីដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programe ដែលមាននិស្សិតជ័យលាភីចម្រុះទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ក្រោយពីបញ្ចប់ការសិក្សា ជ័យលាភីទាំងនេះបានត្រឡប់មកបម្រើការងារនៅតាមក្រសួង-ស្ថាប័ននានា ហើយបានក្លាយជាមូលធនធានមួយដ៏មានតម្លៃរួមជាមួយមូលធនធាន។ប្រធានស្តីទីរដ្ឋសភា បានផ្តាំផ្ញើជូននិស្សិតថា ការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ លើគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ជាពិសេសការសិក្សាស្រាវជ្រាវលើកិច្ចការស្រាវជ្រាវតាមុខវិជ្ជានីមួយៗ (Assignments) និងការសិក្សាស្រាវជ្រាវរៀបចំសារណាបញ្ចប់ការសិក្សា (Thesis or Dissertation) របស់ក្មួយៗ និងចៅៗទាំងអស់ ក្នុងការពិនិត្យលើទ្រឹស្តីដែលមានពាក់ព័ន្ធ និងរបកគំហើញថ្មីៗ មុនឈានដល់ការដាក់ជាអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធយកទៅអនុវត្ត។ ជាអតីតសាស្រ្តចារ្យនិងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ រៀនសូត្រជារៀងរហូតមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍ជូន និស្សិតជ័យលាភីអាហារូបករណ៍ ៥ចំនុចដូចខាងក្រោម៖១-សូមក្មួយៗ ចៅៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រ តាមរយៈការចូលរួមចំណែកទាំងក្នុងការពិភាក្សាក្រុម នៅក្នុងថ្នាក់ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗ ពី និស្សិតនានា ដែលនេះឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងទទួលយក (Give and Take)។ លើសពីនេះការសិក្សាស្រាវជ្រាវពីឯកសារដែលមានស្រាប់ (Literature Review) ដែលរកបានទាំងនៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យ និងបណ្តាល័យអនឡាញ (E-library) មានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ការរៀបចំកិច្ចការស្រាវជ្រាវនៃមុខវិជ្ជានីមួយៗ និងការសរសារណា ឬនិក្ខេបទបញ្ចប់ការសិក្សា (Assignment and Dissertation) ។២.ពេលទៅដល់ទឹកដី និងសាកលវិទ្យាល័យនានានៅប្រទេសហុងគ្រី ក្មួយៗ អាចនឹងមានបទពិសោធន៍នៃភាពខុសគ្នាខាងវប្បធម៌ និងបរិយាកាសថ្មី ប្លែកទាំងការរស់នៅ និងរៀនសូត្រ ហើយអាចធ្វើឲ្យក្មួយៗមានអារម្មណ៍ នឹកផ្ទះ ឃ្លាតឆ្ងាញពីក្រុមគ្រួសារជាដើម។ សូមក្មួយៗគិតថានេះជារឿងធម្មតា ហើយក្មួយអាចសម្របខ្លួនបន្តិចម្តងៗតាមរយៈការប្រាស្រ័យទាក់ ទងជាមួយមិត្តភ័ក្ត្រ ក្រុមគ្រួសារ និងបើចាំបាច់សុំការប្រឹក្សាយោបល់ពីខាងសាកលវិទ្យាល័យដែលក្មួយៗកំពុងសិក្សា។ សូមចងចាំថា សាកលវិទ្យា ល័យ ជាកន្លែងដែលសម្របសម្រួល ជួយគាំទ្រគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យក្មួយៗក្រេបជញ្ជក់ចំណេះដឹង និងទទួលបានជោគជ័យក្នុងការសិក្សា។ ៣.សូមក្មួយៗ ចៅៗរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ ទាំងជាមួយនិស្សិតគ្នាយើង និងបណ្តាញការងារដែលមានស្រាប់ទាំងនៅក្នុងប្រទេស និងនៅហុងគ្រី ដូចជាស្ថានទូតកម្ពុជារបស់យើង ដូចសុភាសិតខែ្មរបានសន្សល់ទុកមកថា (នៅផ្ទះម្តាយទីទៃទៅព្រៃម្តាយតែមួយ)។ ៤.ប្រសិនបើក្មួយៗ ចៅៗ មានពេលទំនេរពីការសិក្សានិងមានលទ្ឋភាព សូម ប្រើពេលវេលាដែលមាននៅក្នុងប្រទេសហុងគ្រីឲ្យអស់លទ្ឋភាព តាមរយៈការធ្វើដំណើរទស្សនកិច្ចទៅកាន់កន្លែងផ្សេងៗ ឬប្រទេសអឺរ៉ុបនានា ក្នុងគោលបំណងសិក្សាស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌ប្រពៃណី របស់ប្រជាជនហុងគ្រី និងប្រជាជនអឺរ៉ុបដែលទាំងនេះនឹងក្លាយជាបទពិសោធន៍ជីវិតមួយដ៏មានតម្លៃបំផុតសម្រាប់ក្មួយៗជាមិនខាន។៥.សូមក្មួយៗ ចៅៗ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាយើងឲ្យបានច្រើន រួមមានការបន្តការពារថែរក្សាសន្តិភាព ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៀត ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្ត របស់យើង និងទាក់ទាញប្រជាជនហុងគ្រី ក៏ដូចជាប្រជាជននៅអឺរ៉ុប និងបណ្តាមិត្តភ័ក្ត្របរទេសដែលក្មួយៗ/ចៅៗបានស្គាល់ឲ្យគេមកលេងប្រទេសកម្ពុជាយើង៕

សមាគមហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាលលើវិធានការសម្រាលបន្ទុកពលរដ្ឋ និង​យោធិនពលី

2025/07/30 12:57:04 pm        272
ស្របតាមសារអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជា្រច្រើនផ្សេង បានប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​វិធាន​ការ​ជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វិធាន​ការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ជម្លោះព្រំដែនកម្ពុជា-ថៃ របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានលើកឡើងដោយការប្តេជ្ញាចិត្តថថា នឹង​ចូល​រួម​អនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយ​សម្រាល​បន្ទុក​ដល់​កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជន​ភៀស​សឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។ដោយឡែក ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏បានបង្ហាញឆន្ទៈពីការគាំទ្រលើរឿងនេះដែរ ដើម្បី​ជួយ​សម្រាល​បន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ព្រំដែនកម្ពុជា-ថៃ ធនាគារ អេស៊ីលីដា នឹងលុបចោលបំណុលទាំងស្រុង ជូន​ដល់​យោធិន​ពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណ​ភាព​ទឹកដី​កម្ពុជា​។ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់បន្ថែមថា រាល់កិច្ចការចាំបាច់នានា ធនាគារ នឹង​សហការ​ចូល​រួម​ក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃកម្ពុជា។ពាក់ព័ន្ធរឿងខាងលើនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពី​វិធានការ​ជួយ​សម្រាល​បន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅដល់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ចូលរួមផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក លើកលែង​ការ​ផាក​ពិន័យ ការទូទាត់សងការប្រាក់ ជាពិសេស លុបចោលឥណទានចំនួន ១០ លានរៀល ចំពោះ​អតិថិជនជាយោធិនពិការ និង ៨០លានរៀល ចំពោះ​អតិថិជន​ជា​យោធិន​ពលី​នៅ​សម​រភូមិ​បច្ចុប្បន្ន​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម អូស្មាន ហាស្សាន់ នាំយកស្បៀងអាហារជូនពលរដ្ឋភៀសសឹកជាង១ពាន់គ្រួសារ នៅខេត្តសៀមរាប

2025/07/30 12:47:55 pm        298
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងរបរប្រើប្រាស់ចាំបាច់ជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះ កម្ពុជា-ថៃ ដែលកំពុងស្នាក់នៅវត្តស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ចំនួនជាង ១ពាន់គ្រួសារ។ក្នុងឱកាសនាំយកអំណោយទៅចែកជូនពលរដ្ឋភៀសសឹក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ទុក្ខលំបាករបស់បងប្អូនទោះបីនៅទីកន្លែងណាពេលណាក៏ដោយ គឺជាទុក្ខលំបាករបស់យើងទាំងអស់គ្នា ដែលត្រូវការយកចិត្តទុក្ខដាក់ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា ចែករំលែកទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ មិនទៅណាចោល និងនៅជាមួយប្រជាជនជានិច្ច។ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារ ដែលមានកូនមានប្តី និងសាច់ញាតិ ជាកងទ័ពកំពុងបំពេញភារកិច្ច ឈរជើងនៅតាមក្រវ៉ាត់ព្រំដែន ដែលលះបង់សាច់ស្រស់ឈាមស្រស់ និងស្មារតីមោះមុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាកេរដូនតាយើង បានការពារទុកឱ្យដល់សព្វថ្ងៃ កុំឱ្យសត្រូវឈ្លានពានដណ្តើមបាន ។ឯកឧត្តម បានបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំបញ្ចៀសមិនឱ្យសង្គ្រាមកើតឡើងឡើយ ប៉ុន្តែដោយមានការឈ្លានពានពីអ្នកជិតខាង គឺបង្ខំកម្ពុជាប្រើសិទ្ធិតបត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់អ្នកជិតខាង ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សង្គ្រាមបានបង្កនូវវិនាសកម្មជាច្រើន ដូចជា បានបំផ្លិចបំផ្លាញ អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ផ្ទះសម្បែង សាលារៀន វត្តអារាម ។ល។ យ៉ាងណាក៏ដោយ បងប្អូនត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងសូមបងប្អូនទាំងអស់គ្នាស៊ូទ្រំាអត់ធ្មត់ ដោយរក្សាភាពស្ងៀមស្ងាត់ ជាមួយនឹងការលំបា កដោយសារតែការភៀសខ្លួន មកស្នាក់នៅទីសុវត្ថិភាពឆ្ងាយផ្ទះសម្បែង ជាបណ្តោះអាសន្នសិន ព្រោះពេលនេះកម្ពុជា និងថៃកំពុង ប្រជុំជុំវិញបទឈប់បាញ់ ដែលនេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង និងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ។ ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលជាសប្បុរសជន ក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែករំលែកនូវក្តីស្រឡាញ់ជួយទុក្ខធុរៈគ្នាគ្រាមានអាសន្ន ដូចជាការបរិច្ចាគស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីសុវត្ថិភាព ។តាមរបាយការណ៍របស់ រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨ ខែកក្កដា មានប្រជាជនភៀសសឹក ជម្លៀសទៅកាន់ខេត្តសៀមរាប ចំនួន១៥.៤០៧គ្រួសារ ស្នាក់នៅតាមទីតាំងសុវត្ថិភាពចំនួន ១៣៨ទីតាំង ទាំង១៣ក្រុង-ស្រុក ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់ថា កម្ពុជារំលោភបទឈប់បាញ់

2025/07/30 12:34:53 pm        260
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​ច្រាន​ចោល​ការចោទ​ប្រកាន់​ថា​ កម្ពុជារំលោភបទឈប់បាញ់ ដែលការផ្សព្វផ្សាយ និងចោទប្រកាន់នេះ គឺ​ជា​ការ​បំភាន់ ប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាម​កំហែង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​ជំនឿ​ទុក​ចិត្ត និងការសន្ទនា។អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដានេះ ក្រសួង​ក៏​បាន​ចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃ ដែលចោទ​កម្ពុ​ជា​ថា​រំលោភ​បទ​ឈប់​បាញ់រួ​ច​ហើយដែរ។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ​​​រដ្ឋាភិបាលម៉ាឡេស៊ី និង​សហ​រដ្ឋអាមេរិ​ក​ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សហការ​រៀប​ចំកិ​ច្ច​ប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយ​ស្ថាន​ភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និងថៃ ហើយកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម​របស់​សាធារណ​រដ្ឋ​​ប្រជាមានិតចិន ដែលការចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា។អ្នក​នាំ​ពាក្យក្រសួងការបរទេសបញ្ជាក់ថា ក្នុងនាមជាភាគីដែ​លមា​ន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សន្តិភាព​ កម្ពុជា បានបញ្ជាក់ យ៉ាងច្បាស់ពីការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​យ៉ាង​ពេញ​លេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃ នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយ៉ៃយ៉ា ប្រទេសម៉ាឡេស៊ី។អ្នក​នាំ​ពាក្យ​បន្ត​ថា ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាបទឈប់បាញ់នេះគឺម៉ឹងម៉ាត់ និងខ្ជាប់​ខ្ជួន​។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ ថា​ជា​ការ​រំលោភ​លើ​បទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយ​ស្រឡះ​ពី​ពាក្យ​ចោទ​ប្រកាន់​មាន​លក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាល​ពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការ​ចំពោះការចោទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និង​គំរាម​កំហែង​ប្រកប​ដោយ​គ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់​នាំ​មក​នូវ​សន្តិភាព​យូរ​អង្វែង»។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេត​នា​បំពាន​បទ​ឈប់​បាញ់​គ្នា​នៅ​ពេល​បច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺ​មិន​មែន​ត្រឹម​តែ​ធានា​ឱ្យ​ទទួល​បាន​នូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បី​ផល​ប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល»។ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានរួសរាន់បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសម៉ាឡេស៊ី ទៅប្រទេសថៃ និងមកប្រទេសកម្ពុជា ទាំងព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើការបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ការផ្ទៀងផ្ទាត់ និង ធ្វើសេចក្តីរាយការណ៍អំពីបទឈប់បាញ់។កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដើម្បីលើកស្ទួយតម្លាភាព និងគណនេយ្យភាព ក្រុមអ្នកសង្កេតការណ៍មួយមិនលំអៀង ដែលមានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងសម្របសម្រួលការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ស្របតាមសេចក្ដីចែងក្នុងសេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំពិសេស ដែល បានប្រព្រឹត្តទៅនៅទីក្រុងពូត្រាយ៉ៃយ៉ា ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ចំពោះការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្មារតីរឹងមាំនកិច្ចសហប្រតិបត្តិការពហុភាគី។កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមដោយស្ថាបនា ជាមួយប្រទេសថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងតាមសន្តិវិធីចំពោះស្ថានភាពបច្ចុប្បន្ន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្ដីថ្លៃថ្នូរទៅ វិញទៅមករបស់ប្រជាជាតិទាំងពីរ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី ព្រិន្ទបាលឯក សយ ប្រុស ក្នុងខេត្តឧត្តរមានជ័យ

2025/07/30 12:19:21 pm        266
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព និងនាំយកថវិកា ១០លានរៀលជូនគ្រួសារសព ព្រិន្ទបាលឯក សយ ប្រុស កងទ័ពចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ក្នុងសមរភូមិឈ្លានពានពីកងទ័ពថៃ នៅខេត្តឧត្តរមានជ័យ។ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់សពវីរកងទ័ព ព្រិន្ទបាលឯក សយ ប្រុស កងទ័ពចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលទទួលមរណភាព ក្នុងសមរភូមិមុខនៅព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានចាត់ទុកការបាត់បង់ លោកព្រិន្ទបាលឯក សយ ប្រុស ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំងពីររូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្ត។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមមានប្រសាសន៍ទៀតថា ក្នុងពេលកម្ពុជារងការវាយប្រហារ ឈ្លានពានពីកងទ័ពថៃឥតឈប់ឈររហូតធ្វើឱ្យកងទ័ពបានបាត់បង់អាយុជីវិត ប៉ុន្តែទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិកាស្នេហាជាតិ។ជាចុងក្រោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះបូរណភាពទឹកដី ព្រមទាំងតម្កល់អាយុជីវិតប្រជាពលរដ្ឋជាជនភៀសសឹកជាចំបងផងដែរ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញទទួលអំណោយពីក្រុមហ៊ុនអចលនទ្រព្យ LOD សម្រាប់ចែកជូនកងទ័ពជួរមុខ និងជនភៀសសឹក នៅឧត្តរមានជ័យ

2025/07/30 12:14:12 pm        221
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន អចលនទ្រព្យLODដឹកនាំដោយ ឯកឧត្តម អ៊ុក ឃ្នួច និងក្រុមគ្រួសារ នាំយក អំណោយទៅផ្តល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ ចំនួន១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ។អំណោយទាំងនោះត្រូវបានផ្តល់ជូនភៀសសឹកចំនួន ១០០០គ្រួសារ និងកងទ័ពជួរមុខ ចំនួន៥០០ ក្នុងខេត្តឧត្តរមានជ័យ ។ នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានរួមចំណែក ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម អ៊ុក ឃ្នួច បានពាំនាំអំណោយរបស់ក្រុមហ៊ុន LOD បញ្ជូនមកចែកជូនជនភៀសសឹកដែលជម្លៀសមកមណ្ឌលសុវត្ថិភាព និងកងទ័ពជួរមុខ។បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។សូមជម្រាបថា អំណោយរបស់ក្រុមហ៊ុនអចលនទ្រព្យLOD តាមរយះឯកឧត្តមអ៊ុក ឃ្នួច និងគ្រួសាររួមមាន អង្ករ១៥តោន ឆៃប៉ូវ១០០០គីទ្បូ កន្ទេល១០០០ មុង ១០០០ ក្រម៉ា១០០០ ទឹកស៊ីអ៊ីវ១០០០យួរ សៀង២០០០ដប សម្រាប់កងទ័ពជួរមុខចំនួន៦គោលដៅបានឧបត្ថម្ភ ម៉ីចំនួ៦០កេៈសាច់ក្រក៦០គីទ្បូ ត្រីងៀត២០គីទ្បូ សាច់ជ្រូកផាត់២៥ គីទ្បូ និងកាធិផាវ ២០ប្រអ់ផងដែរ៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ទទួលបានជោគជ័យជាជំហានៗ

2025/07/30 12:07:19 pm        199
នៅក្នុងសន្និសីទស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ទទួលបានជោគជ័យជាជំហានៗហើយ។អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ខណៈភាគី កម្ពុជា-ថៃ បានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាជំហានបន្ទាប់ដើម្បីធានាឱ្យការអនុវត្តពេញលេញ និងម៉ឹងម៉ាត់នូវការឯកភាពគ្នាពីបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ ត្រូវបានបង្កើតយន្តការ និងក្រុមការងារត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការនឹងត្រូវបានបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់ និងធានាឱ្យបាននូវការអនុវត្តបទឈបប់បាញ់។សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឱ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកបានចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា៕

ឯកឧត្ដម ហ៊ុន ម៉ានី៖ លទ្ធផលនៃសង្រ្គាម «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»

2025/07/30 11:55:04 am        380
តាមរយៈ​បណ្ដាញសង្គមនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧប​នាយក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា លទ្ធផលនៃសង្រ្គាមឈ្លានពានដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និ​ង​លំនៅដ្ឋាន​របស់ប្រជាជនស្លូតត្រង់ជាច្រើន ដែលធ្វើឱ្យភូមិស្ថាន​ដែល​ធ្លាប់​តែ​អ៊ូអរ​ប្រែក្លាយ​ជា​ស្ងាត់​ជ្រងំ​ដូច​ភូមិដែលគេទុកចោល ដូចឃ្លាមួយដែលចាស់ៗតែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។ឯកឧត្ដម បន្តថា ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ ក៏​ប៉ុន្តែ​បានជះឥទ្ធិពលដល់វិស័យអប់រំរបស់កម្ពុជាដូចគ្នា ដោយសាលា​រៀន​មួយ​ចំនួន​នៅ​តាម​ឃុំ​ស្រុ​ក នៅតំបន់ដែលទទួលរងនូវការវាយប្រហារត្រូវបានផ្អាកបណ្ដោះអាសន្ន ដែល​ធ្វើ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង​ដ​ល់សិស្សានុសិស្សទាំងអស់បើទោះបីជាការប៉ះទង្គិចគ្នាមានរយៈពេលត្រឹមតែ ៥ ថ្ងៃ​ក៏​ដោយ​។​ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រោមការយក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​ទី​ជម្រកសុវត្ថិភាព ស្បៀងអាហារ ដើម្បីការពារ និងគេចចេញពីការវាយប្រហារ ជូន​ដល់​បង​ប្អូន​ប្រជា​ជនភៀសសឹក ចាកចេញពីភូមិដ្ឋានដ៏កក់ក្ដៅរបស់ខ្លួន ដែលបណ្ដាល​មក​ពី​សង្គ្រាម​ឈ្លាន​ពាន​។ ក្រោយពីទទួលអនុវត្តនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងប្រទេសទាំងពីរ ពេលនេះបង​ប្អូន​ជន​ភៀសសឹ​កមួយចំនួនក៏បាននិងកំពុងធ្វើដំណើរវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន ដោយក្ដី​សង្ឃឹម​ បន្ទាប់ពី​មន្ត្រី​សន្តិសុខ​បាន​វាយ​តម្លៃ​ថា​ស្ថាន​ការណ៍​ព្រំដែន​មាន​សុវត្ថិភាព​ឡើងវិញ​ក្រោយ​ការ​ឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នេះគឺជាលទ្ធផល​មួយ​ដ៏​ល្អស​ម្រាប់​ប្រជាជ​ន​។កម្ពុជា​ចង់បានតែសន្តិភាព ហើយយើងតែងតែប្រកាន់​ខ្ជាប់​នូវ​ជំហរ​ដោះស្រា​យ​បញ្ហា​​ដោយ​សន្តិវិធី​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM