ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

ព័ត៌មានជាតិ

ក្រសួងការពារជាតិ បន្តថ្កោលទោសអំពើឈ្លានពានរបស់ថៃ ខណៈនៅម៉ោង០៥:០២នាទីព្រឹកនេះបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង

2025/07/26 07:20:06 am        485
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានចេញ សេចក្តីថ្លែងការណ៍ បន្តថ្កោលទោសអំពើឈ្លានពានរបស់ថៃ ខណៈនៅម៉ោង០៥:០២នាទីព្រឹកនេះបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ៕

ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យចំនួនជាង ៣ពាន់គ្រួសារទទួលអំណោយពីសប្បុរសជន

2025/07/26 07:14:28 am        232
ឧត្តរមានជ័យ៖ ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ ចំនួនជាង ៣ពាន់គ្រួសារទទួលបានអំណោយពីសប្បុរសជន ខណៈកងទ័ពថៃនៅតែបន្តបើកការវាយប្រហារតាមបន្ទាត់ព្រំដែនកម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យរៀបចំចាត់ចែងអំណោយពីសប្បុរសជននានា ដែលដឹកនាំដោយ លោក តាំង គឹមឡេង បាននាំមកជាគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ ចែកជូនជនភៀសសឹក នៅវត្តបាត់ថ្កៅ ក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជនជាប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។ក្នុងស្ថានភាពចំពោះមុខនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងតបតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាដល់ក្រសួងពាក់ព័ន្ធ ដើម្បីបញ្ជូនអំណោយរបស់រាជរដ្ឋាភិបាភិបាល ជាស្បៀង មានដូចជា គ្រឿងឧបភោគ បរិភោគ និងសម្ភាៈប្រើប្រាស់ជាឃីត រួមមាន មុង ភួយ កន្ទេលជាដើម សម្រាប់ចែកជូនជនភៀសសឹក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងអស់ និងមន្រ្តីពាក់ព័ន្ធត្រូវរៀបចំ និងដោះស្រាយនូវរាល់សេចក្តីត្រូវការបន្ទាន់ណាមួយជូនជនភៀសសឹក ពិសេសត្រូវតាមដានជាប់ប្រចាំចំពោះស្រ្តីមានផ្ទៃពោះ និងកុមារជាដើម៕

បងប្អូនប្រជាពលរដ្ឋចំនួន៦​ ១៩៨នាក់ត្រូវបា​នជម្លៀសពីតំបន់សមរភូមិមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

2025/07/26 07:08:06 am        312
នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋបានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប មានចំនួន​ គ្រួសារ ១​ ២២០គ្រួសារ​ ស្មេីនឹងចំនួន​ ៦​ ១៩៨នាក់​ ស្រី ៣​ ៣៤៤នាក់​ ដែលប្រេីប្រាស់ទីតាំងសុវត្ថិភាពសរុប ៩៥ទីតាំង​ នៃទីតាំងរៀបចំចំនួន ១០៧ទីតាំង គិតត្រឹម ម៉ោង ២១:២០នាទី​។ ក្នុងនោះមាន៖១/ស្នាក់នៅតាម​ទីតាំងសុវត្ថិភាព រៀបចំដោយរដ្ឋបាលក្រុង ស្រុក​៖-ចំនួនគ្រួសារ ៩២៣គ្រួសារ-ចំនួនមនុស្សសរុប ៥០៣៣នាក់ -ចំនួនស្រីសរុប ២៨៤៤នាក់ ២/ស្នាក់នៅតាមផ្ទះ​ ៖-ចំនួនគ្រួសារ ២៩៧គ្រួសារ-ចំនួនមនុស្សសរុប ១១៦៥នាក់ -ចំនួនស្រីសរុប ៥០០នាក់ ទន្ទឹមគ្នានេះ ទីតាំងមួយចំនួន នៅមានការខ្វះខាតសម្ភារដូចជាមុង ភួយ ថ្នាំមូស សម្រាប់ការពារមូស ដោយសារមានមូសច្រើន ព្រមទាំងការខ្វះខាតសម្ភារប្រើប្រាស់ និងស្បៀង ដោយសារការជម្លៀសមកបន្ទាន់ ដោយពុំបានរៀបចំសម្ភារៈមកបានគ្រប់គ្រាន់ និងពិបាកដឹកជញ្ជូនជាដើម ដែលជាឆ្លើយតបរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមជាមួយសប្បុរសជនកំពុងរៀបចំជាបន្តបន្ទាប់។ជាមួយគ្នានេះ​ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់រដ្ឋបាលក្រុង​ ស្រុក​ និងរដ្ឋបាលឃុំ​ សង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចំពោះសន្តិសុខ​ សុខភាព​ និងការផ្គត់ផ្គង់អាហារដល់បងប្អូនឱ្យបានគ្រប់គ្រាន់បន្តទៀត។ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ​ និងសម្ភារប្រេីប្រាស់ដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប៕

ប្រមុខការពារជាតិកម្ពុជា ​អំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និង​បន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ និងស្តាប់ការណែនាំរបស់អាជ្ញាធរ

2025/07/26 01:55:50 am        7025
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅ​យប់​ថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ កុំចលាចល និង​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរខេត្ត។ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ២ ថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សា​ប្តូរ​ផ្តាច់​ការពារ​បូរណ​ភាព​ទឹកដីបានជាទីមោទនៈ។ ឯកឧត្តមថ្លែងថា៖«ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃ៖ ខេត្តកោះកុង, ពោធិ៍សាត់​, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ សូមបងប្អូន​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។ កង​កម្លាំង​របស់​យើង​បាន​ត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និង​បូរណា​ភាព​ទឹក​ដី​កម្ពុជាយើង។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកង​កម្លាំង​យើង​»​៕​

អភិបាលខេត្តព្រះវិហារ៖ មកដល់ពេលនេះខេត្តបានជម្លៀសពលរដ្ឋចេញមកទីសុវត្ថិភាពចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់

2025/07/26 12:25:27 am        810
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងនៅយប់ថ្ងៃទី២៥ ឈាម​ចូល​ថ្ងៃ​ទី២​៦ខែកក្កដានេះថា មកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃ​ស្រុក​ជាំក្សាន្ត បានជម្លៀសចេញពីឃុំសរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់។ បងប្អូន​មួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ឯកឧត្តម​បានឱ្យដឹងថា ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ៥កន្លែង ទូ​ទាំង​ខេត្ត​ព្រះវិហារ សរុបមានចំនួន ៣,៥៩០គ្រួសារ ស្នើនឹង ១២,០៥៤នាក់ ក្នុងនោះ៖១- មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥,០០០ដើម សរុបមានចំនួន ៣,១១២គ្រួសារ ស្មើនឹង ១០,៤២០នាក់។២- មណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន សរុបមានចំនួន ២៣០គ្រួសារ ស្មើនឹង ៧៩៥នាក់។៣- វត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ៥៨គ្រួសារស្មើនឹង ២០៨នាក់។៤- វត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ៩៤គ្រួសារ ស្មើនឹង ៣១៦នាក់។៥- វត្តដងផ្លិត ឃុំឆែបពីរ ស្រុកឆែប មានចំនួន ៩៦គ្រួសារ ស្មើនឹង ៣១៥នាក់។ឯកឧត្តមបញ្ជាក់ថា៖«យើងលំបាកមួយគ្រា ចល័តមកទីសុវត្ថិភាព ដើម្បីទុកឲ្យកងទ័ពអង់អាចក្លាហានខ្មែរយើង វាយបកយកជ័យជំនះ លើខ្មាំងទុច្ចរិតឈ្លានពានសៀម»៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀង​ជូន​ប្រជាពលរដ្ឋ​ភៀស​ខ្លួន​ពី​តំបន់សឹក

2025/07/25 10:51:50 pm        621
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និង​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តសួរសុខទុក្ខ និងនាំយក​ស្បៀង​ជូន​ប្រជាពលរដ្ឋ និងគ្រួសារ​កងទ័ព​ដែល​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​នៅ​ស្រុក​ចំនួន​២​ផ្សេង​គ្នា គឺស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្ដាំមផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្ដេច​អគ្គ​មហា​សេនា​​ប​តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ​បង​ប្អូន​ដែល​រង​ការ​គំរាម​កំហែង​ផ្ទាល់​ពីខ្មាំងឈ្លានពាន។កងកម្លាំងជួរមុខ នឹងបន្តឆ្លើយតបការពារអធិបតេយ្យភាពជាតិ និងការបូរណភាពទឹកដី រហូត​ដល់​បងប្អូន​វិល​ត្រឡប់ទៅផ្ទះសម្បែងវិញ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែង​អំណរគុណជនរួមជាតិបានមកបរិច្ចាគឈាមយ៉ាងច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រ​ដល់តម្រូវការ​ដែលអាច​នឹង​មាន​សម្រាប់​វីរកងទ័ពជួរមុខ

2025/07/25 10:42:02 pm        1226
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារ ថ្លែងអំណរគុណដល់ ជនរួមជាតិ​ដែល​បាន​មក​បរិច្ចា​គ​ឈាម​យ៉ាង​ច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់​តម្រូវ​ការ​ដែល​អាច​នឹង​មាន​សម្រាប់វីរកងទ័ពជួរមុខ។ សម្ដេចធិបតីបានសរសេរថា៖ «សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ»។ សម្ដេចបានថ្លែងថា ជាលទ្ធផលនៃការបរិច្ចាគយើងទទួលបានឈាមចំនួន ២,១១៧ប្លោក។ ជាមួយគ្នានេះ ក៏មានបងប្អូន អ៊ំពូមីង តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង ហើយមិនទាន់បានបរិច្ចាគ និងបានចុះឈ្មោះតាម QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន ៩,៣៣៦នាក់។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រើននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជនរួមជាតិ ដែលបាន​បរិច្ចាគ​ឈាម​គាំទ្រ​ដល់​តម្រូវ​ការ​ដែលអាចនឹងមាន សម្រាប់វីរកងទ័ព​ក៏ដូចជាប្រជាជនដែលជាជនភៀសសឹក

2025/07/25 10:22:36 pm        460
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ «ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន​ តបតាមការអំពាវនាវរបស់នាងខ្ញុំ កាលពីរាត្រីថ្ងៃទី២៤​ កក្កដា​ម្សិលមិញ​។ ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន​ ២,១១៧ប្លោក​។ ជាមួយគ្នានេះ​ ក៏មានបងប្អូន​ អ៊ំពូមីង​ តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង​ ហេីយមិនទាន់បានបរិច្ចាគ​ និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់។ ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ​ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌​ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព​ ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។ នាងខ្ញុំជឿជាក់ថាបេីខ្មែរយេីងរួមសាមគ្គីគ្នា យេីងនឹងឆ្លងកាត់ពេលវេលាមួយនេះបានដោយជោគជ័យ»៕

ចាប់ពីយប់នេះរដ្ឋមន្រ្ដីមហាផ្ទៃបញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្តផ្អាកជាបណ្ដោះអាសន្នការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បែរមកសម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈវិញ

2025/07/25 09:21:02 pm        1079
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៥ ខែកក្កដានេះបានបង្ហោះសារនៅលើហ្វេសប៊ុកថា ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដានេះតទៅ ឯកឧត្តមបានបញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្តផ្អាកជាបណ្ដោះអាសន្នការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បែរមកសម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈវិញ។ឯកឧត្តមបានសរសេរថា៖«ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ»។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ ឯកឧត្តមបន្តថា ក្នុងពេលជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ៕

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសឡាវ

2025/07/25 08:59:48 pm        96
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ថងសាវណ្ណ ភុមវិហាន (H.E. Mr. Thongsavanh Phomvihane) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា។ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ តបតាមការអញ្ចើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងចូលរួមកិច្ចប្រជុំស្តីពីកិច្ចការព្រំដែនJBCលើកទី៨ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម បានបន្តថានេះជាលើកទី១ ដែលឯកឧត្តម បានមកធ្វើទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីឯកឧត្តម ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សៃសំផន ព្រំវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះគឺជាការបន្តយន្តការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កិច្ចការបរទេស នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តម មានសេចក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៅពេលនេះ។ នេះជាប្រពៃណីនៃប្រទេសយើងទាំងពីរ ក្នុងការជួបប្រាស្រ័យទាក់ទងគ្នា នៅរាល់ពេលចូលរួមកិច្ចប្រជុំនានា ក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតសកលលោក។ វត្តមាននៃការជួបគ្នានៅពេលនេះក៏ ជាផ្នែកមួយនៃការអនុវត្តស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំ បក្ស រដ្ឋ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានបន្តថា រដ្ឋសភាកម្ពុជា សូមអបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានធ្វើជាប្រធាន ASEAN នៅ ឆ្នាំ២០២៤ និងជាប្រធានមហាសន្និបាត AIPA លើកទី៤៥ ប្រកបដោយ ជោគជ័យ និងទទួលបានលទ្ធផលល្អដ៏ត្រចះត្រចង់ ហើយក្នុងឱកាសនោះដែរក៏បានប្រកាសការអនុវត្តកម្មវិធី AIPA Lync Digital law Library ដែលផ្តួចផ្តើមដោយសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបានអនុម័តក្នុងមហាសន្និបាត លើកទី៤៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២៣។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជម្រាបជូនឯកឧត្តម ថងសាវណ្ណ ភុមវិហាន ជ្រាបផងដែរ ពីជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ ដែលបាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសភ្ញៀវទេសចរណ៍ តាមរយៈការបិទ ព្រំដែនគោកជាឯកតោភាគីរបស់ប្រទេសថៃ។ បញ្ហា ជម្លោះ ព្រំដែនជាមួយប្រទេសថៃ កម្ពុជាគោរពនិងប្រកាន់ខ្ជាប់ នូវសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ទោះបី ប្រទេសទាំងពីរមានអនុស្សរណៈនៃការយោគយល់គ្នា ដែលបាន ចុះហត្ថលេខានៅឆ្នាំ២០០០ សម្រាប់ការពិភាក្សាបោះបង្គោលព្រំដែន ទ្វេភាគី កម្ពុជា-ថៃ ក៏ដោយក៏វឌ្ឍនភាពនៃបោះបង្គោលព្រំដែន មិនសូវទទួលបានលទ្ធផលក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ហើយជម្លោះ យោធានៅតែបន្តកើតមានមិនចេះចប់ឡើយ។ ដូចនេះហើយទើប រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើរទៅកាន់ប្រទេសថៃ ដើម្បីរួមគ្នានាំយកបញ្ហាព្រំដែន ទៅដោះស្រាយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice-ICJ)។ កម្ពុជា ព្យាយាមស្វែងរកដំណោះស្រាយ ដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីរក្សាព្រំដែនមិត្តភាពនិងកិច្ចសហប្រតិបត្តិការតទៅអនាគត។ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលប្រកាន់យកការដោះស្រាយដោយសន្តិវិធី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM