ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល «មានមាតាសុខភាពល្អ មានទារកសុខភាពល្អ នឹងមានជាតិសុខភាពល្អ»

2025/07/25 05:38:18 pm        105
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា៖ មានមាតាសុខភាពល្អ មានទារកសុខភាពល្អ នឹងមានជាតិសុខភាពល្អ រាល់ជីវិតត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវឆ្លើយតបបានរហ័សត្រឹមត្រូវ នោះគឺការជួយសង្រ្គោះជីវិតមាតា និងទារក។​ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ឆ្នាំ២០២៥-២០៣០ និងពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើត ឆ្នាំ២០២៥-២០៣០នេះ ជាឯកសារយុទ្ធសាស្ត្រមានសមាសធាតុគន្លឹះ ៧ចំណុច ដែលចាំបាច់ត្រូវអនុវត្តស្របពេលជាមួយគ្នានឹងការពង្រឹងប្រព័ន្ធសុខាភិបាល ពង្រឹងសមត្ថភាពក្នុងការបម្រើសេវានៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិតទាំងសាធារណៈ និងឯកជន។ ការពិនិត្យលើករណីស្លាប់របស់មាតា និងទារកជុំវិញកំណើតនឹងជួយដល់ការរកឃើញមូលហេតុពិតប្រាកដ ដើម្បីធ្វើការកែលម្អនិងបង្កើនគុណភាពព្យាបាលបានទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីការបង្ការការបញ្ជៀសកត្តាហានិភ័យ ដែលបង្កជាមូលហេតុនៃការស្លាប់របស់មាតា និងទារក ដោយ៖ ១. ត្រូវយកចិត្តទុកដាក់លើការពិនិត្យផ្ទៃពោះប្រកបដោយគុណភាព កំណត់ឱ្យបាន និងរកឱ្យឃើញទាន់ពេលវេលាស្ត្រីមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ គ្រប់គ្រងផលវិបាកឱ្យបាន និងបញ្ជូនទៅមន្ទីរពេទ្យ ដែលមានសេវាសង្គ្រោះបន្ទាន់កម្រិតខ្ពស់ជាង។ ២. ត្រូវបម្រើការថែទាំជាសារវន្ត ក្នុងពេលសម្រាល និងក្រោយសម្រាល ការតាមដានស្ថានភាពសុខភាពទាំងម្តាយទាំងទារកទើបនឹងកើតជាប់ជាប្រចាំ។៣. ត្រូវផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត រួមជាមួយនឹងប្រព័ន្ធបញ្ជូនដែលដំណើរការពេញលេញ។ ក្នុងករណីមានផលវិបាកធ្ងន់ធ្ងរ សុំឱ្យរួមគ្នាធ្វើការងារជាក្រុម និងមានការគាំទ្រពីអ្នកជំនាញ ឬអ្នកឯកទេសដទៃទៀត។៤. រៀបចំការបណ្តុះបណ្តាលជំនាញចាំបាច់ក្នុងការសង្គ្រោះជីវិតស្ត្រី និងទារក បង្កើនការជួយគាំទ្រគ្នាពីមន្ទីរពេទ្យជាតិ ទៅមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព ដើម្បីបន្តពង្រឹងសមត្ថភាពបុគ្គលិកគ្រប់កម្រិត។៥. ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ អង្គការដៃគូ អជ្ញាធរមូលដ្ឋាន គ្រួសារ និងសហគមន៍ ដើម្បីជួយដល់ស្ត្រីមានផ្ទៃពោះនិងទារក ទាន់ពេលវេលា។ ៦. ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវជំរុញឱ្យមន្ត្រីសុខាភិបាលពាក់ព័ន្ធទាំងអស់អនុវត្តពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត ហើយរៀបចំបង្កើតគណៈកម្មការថ្នាក់ខេត្តទៅតាមគោលការណ៍ ដែលមានចែងក្នុងពិធីសារជាតិ និងរៀបចំគណៈកម្មការមន្ទីរពេទ្យខេត្តទៅតាមគោលការណ៍ក្នុងពិធីសារជាតិផងដែរ។ គ្រប់ករណីស្លាប់របស់មាតា និងករណីស្លាប់របស់ទារកជុំវិញកំណើត គណៈកម្មការថ្នាក់ខេត្តត្រូវតែកំណត់ឱ្យបាន ពិនិត្យរកមូលហេតុ ធ្វើផែនការឆ្លើយតប និងធ្វើរបាយការណ៍ភ្លាមមកគណៈកម្មការថ្នាក់ជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ មិនមែនគ្រាន់តែជាអាទិភាពប៉ុណ្ណោះទេ តែជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ដោយយកចិត្តទុកដាក់ ១) ករណីរំលូត សូមគណៈកម្មការអ្នកជំនាញទាំងឡាយពិនិត្យ និងវិភាគសារឡើងវិញការរំលូតដែលមិនត្រឹមត្រូវ ២) ករណីមរណភាពមាតា និងទារក ត្រូវតែមានការតាមដានឱ្យបានជាប់ជាប្រចាំ ៣) ត្រូវបង្កើនការស្រាវជ្រាវ អំពីករណីមិនទាន់មានការថយចុះអត្រាមរណភាពមាតា និងទារក។ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីអញ្ជើញមកពីរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងដៃគូអភិវឌ្ឍ តំណាងអង្គការសុខភាពពិភពលោក សាកលវិទ្យាល័យជាតិសឹង្ហបុរី ,UNFPA និងតាមប្រព័ន្ធ Zoom ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្រ្តីកម្មវិធីជាតិ មណ្ឌលសុខភាព ចំនួន ២២៥៨នាក់៕អត្ថបទ រដ្ឋា 

តំណាងឯកឧត្តម ចាយ បូរិន អញ្ជើញបើកកម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី៣១៤

2025/07/25 05:31:34 pm        63
ភ្នំពេញ ៖ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី៣១៤ ស្មើនឹង១០៦៧ មាតិកាព្រះធម៌ ដែលកំពុងបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។​ក្នុងឱកាសអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣១៤ ស្មើនឹង១០៦៧ មាតិកាព្រះធម៌ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖ ១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម, ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍, ៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង ពីការជួញដូរមនុស្ស, ៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម, ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍, ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព, ៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត, ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន ១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ នាឱកាសនោះ ឯកឧត្តម ហាក់ ប៊ុនធឿន បានថ្លែងថា កម្មពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាមានការចូលរួម និងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣១៤ ស្មើនឹង១០៦៧ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន , ព្រះរតនរង្សី គឹម សំបូរ , ព្រះគ្រូសង្ឃលិខិត ស៊ឹម ពន និងមានការនិមន្ត-អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី សីលវ័ន សីលវត្តីនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕អត្ថបទ រដ្ឋា 

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងកម្លាំងប្រដាប់អាវុធកម្ពុជាអង់អាចក្លាហានតស៊ូទប់ទល់ជាមួយសត្រូវឈ្លានពានរហូតការពារបានទាំងស្រុង បូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត

2025/07/25 05:25:38 pm        270
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានបង្ហាញនូវភាពអង់អាចក្លាហានតស៊ូទប់ទល់នឹងសត្រូវឈ្លានពាន រហូតការពារបានទាំងស្រុងនូវបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «កងទ័ពនិងកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ប្រភេទពិតជាមានវីរភាពអង់អាចក្លាហានគួរឲ្យកោតសរសើរមែនទែន នៅក្នុងការត៊សូទប់ទល់ជាមួយសត្រូវឈ្លានពាន ដោយយើងការពារបានទាំងស្រុងអធិបតេយ្យភាព បូរណភាពទឹកដីយើង មិនឲ្យអ្នកឈ្លានពានយើងមកកាន់កាប់បានជាដាច់ខាត។ នេះគឺជាវីរភាពដ៏អង់អាចក្លាហានគួរឲ្យកោតសរសើររបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធយើងគ្រប់ប្រភេទ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្ត្រជ្រាលជ្រៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជ។ ... និងសបង្ហាញឲ្យឃើញកាន់តែច្បាប់អំពី "ស្មារតីសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋយើងគ្រប់ស្រទាប់សង្គម ទាំងប្រជាជនសាមញ្ញ ទាំងមន្ត្រីរាជការ ព្រះសង្ឃ យុុវជន ទាំងក្រុងនិងក្រៅប្រទេស នៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ"»។គួរបញ្ជាក់ថា បើតាមលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិដែលបានចូលរួមថ្លែងក្នុងសន្និសីទសារព័ត៌មាននោះដែរ នេះជាថ្ងៃទី២ហើយនៃការប៉ះទង្គិចគ្នារវាងយោធាខ្មែរ-ថែ ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

អ្នកនាំពាក្យក្រសួងការបរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ដើម្បីដោះ ស្រាយជម្លោះកម្ពុជា-ថៃ

2025/07/25 05:22:52 pm        102
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតពីសម្តេចធិបតី នាយករដ្ឋមន្រ្តី រួចហើយ នៅម៉ោង២រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ដែលប្រារព្ធនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចាត់តាំងឱ្យ តំណាងអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នឹងអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ដែលត្រូវបានរៀបចំ ឡើងដោយការយកចិត្តទុកដាក់ខ្ពស់នៅក្នុងសន្និបាតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់ដោយចេតនា

2025/07/25 05:16:45 pm        169
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ជាមួយនឹងអំពើយ៉ង់ឃ្នង និងសាហាវព្រៃផ្សៃរបស់ភាគីថៃ ព្រះរាជាណាចក្រកម្ពុជាបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់ដោយចេតនា និងខុសច្បាប់មកលើទឹកដីកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥: ២៥ នាទីព្រឹក។ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា ទង្វើឈ្លានពានរបស់ថៃមិនអាចទទួលយកបាន និងមិនអាចអត់អោនអោយបានទេ ព្រោះវាបង្ករការគម្រាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថានដែលជាឧក្រិដ្ឋកម្មសង្រ្គាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់។លោកជំទាវក៏បានផ្តាំទៅទាហានឈ្លានពានថៃថា កម្ពុជាអត់មានការរាថយ និងចុះញ៉ម ចំពោះទង្វើឈ្លានពានរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញមានតែវាយបកទោះក្នុងទម្រង់ណាក៏ដោយនោះ៕

ឯកឧត្តម ប៉ែន បូណា ៖ មហាសាមគ្គីជាតិខ្មែរ គឺជាកម្លាំងចលករគាំទ្រ លើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដីកម្ពុជា

2025/07/25 05:12:24 pm        195
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា នៅក្នុងរយៈពេល ២ថ្ងៃមកនេះ បានស្តែងឱ្យឃើញថា កងទ័ព និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រប់ប្រភេទ ពិតជាមានវីរៈភាពអង់អាចក្លាហាន បានខិតខំតស៊ូទប់ទល់ជាមួយសត្រូវឈ្លានពាន ដោយការពារបានទាំងស្រុងអធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យយោថៃឈ្លានពានទឹកដីកម្ពុជា ពោលគឺយោធាថៃ មិនអាចមកកាន់កាប់ដែនអធិបតេយ្យកម្ពុជាបានជាដាច់ខាត។ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា ភាពជោគជ័យនេះ គឺក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្ត្រជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ភាពជោគជ័យនេះសបញ្ជាក់ឱ្យឃើញថា មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋគ្រប់ស្រទាប់សង្គម ទាំងប្រជាជនសាមញ្ញ មន្ត្រីរាជការ ទាំងព្រះសង្ឃ យុវជន ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ព កម្លាំងប្រដាប់អាវុធរបស់យើង ដែលជាមហាសាមគ្គីជាតិ គឺជាកម្លាំងចលករដ៏ធំធេងគាំទ្រ លើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដីកម្ពុជា៕

ប្រជាពលរដ្ឋប្រមាណជិត ៨០០នាក់ ត្រូវបានជម្លៀសខ្លួនចូលមកកាន់ខេត្តសៀមរាប ដោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ

2025/07/25 04:41:07 pm        602
គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជិត៨០០ហើយ បាន​ជម្លៀស​ចូល​កាន់ខេត្ត​សៀមរាប ក្រោយពេលអាជ្ញាធរ​ខេត្ត​ប្រកាស​អំពី​ការ​ត្រៀម​ទទួល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជម្លៀស​ចេញ​ពីតំបន់ព្រំដែនដែលមានការឈ្លានពានពីប្រទេសថៃ ចូល​មក​កាន់​ខេត្ត​សៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៥​ថា អនុវត្តតាមការណែនាំ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ខេត្ត​បាន​រៀប​ចំ​នៅ​តាម​បណ្តាស្រុកចំនួន៣មាន៖ ស្រុកក្រឡាញ់ ស្រីស្នំ និងស្រុកស្វាយលើ ដោយ​កំណត់​យក​ទីតាំង​វត្ត​អារាម ឬទីកន្លែងមានសុវត្ថិភាពផ្សេងៗ សម្រាប់ត្រៀម​ទទួល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជម្លៀស​ខ្លួន​ពីទីតាំងសឹកសង្គ្រាមមកស្នាក់នៅបណ្ដោះអាសន្ន។ លោកបញ្ជាក់ថា គិត​មក​ដល់​ពេ​ល​នេះ ​បងប្អូនប្រជាពលរដ្ឋប្រមាណជិត៨០០នាក់ហើយ បានចូលមកកាន់ខេត្តសៀមរាប។ ជា​មួយ​គ្នា​នេះ អាជ្ញាធរខេត្តគ្រោងពង្រីកទីតាំង នៅតាមបណ្តាស្រុកមួយចំនួនបន្ថែមទៀត ដូចជា៖ ស្រុក​វ៉ារិន ជីក្រែង និងស្រុកបន្ទាយស្រី ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ។ ជា​ដំណោះ​ស្រាយ​បន្ទាន់ នៅថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ ព្រម​ជា​មួយ​អំណោយ​សង្រ្គោះបន្ទាន់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។ លោកបន្ថែមថា រដ្ឋ​បាល​ខេត្ត​សៀមរាប បានត្រៀមលក្ខណៈរួចរាល់ហើយ មិនត្រឹមតែ​ការ​ស្នាក់​នៅ​របស់ព​លរដ្ឋ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែបានរៀបចំក្រុមគ្រូពេទ្យជួរមុខ នៅបណ្តាស្រុកគោលដៅមួយចំនួន សម្រាប់​ពលរដ្ឋ​ ឬយុទ្ធមិត្តរងគ្រោះថ្នាក់អាចមករកសេវាព្យាបាលបាន។ ជាមួយគ្នានេះ កាលពី​រសៀលថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​សៀមរាប​ ដឹកនាំក្រុមការងារវះកាត់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តសៀមរាប ត្រៀម​ចាំ​ជា​ជំនួយ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យផងដែរ៕

សហជីពនិងកម្មករ គាំទ្ររាជរដ្ឋាភិបាលចំពោះការវាយបករបស់កងទ័ពកម្ពុជាទៅភាគីថៃដែលកំពុងឈ្លានពានទឹកដី

2025/07/25 03:40:54 pm        353
ភ្នំពេញ៖ សហជីព និងកម្មកររោងចក្រ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយបករបស់កងទ័ពកម្ពុជា ទៅលើកងទ័ពថៃដែលកំពុងឈ្លានពាន និងវាយប្រហារមកលើកងទ័ពកម្ពុជានៅតាមតំបន់ព្រំដែន។ សហជីព និងកម្មករ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ឱ្យរួបរួមគ្នានិងគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពានមួយនេះ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានលើកឡើងថា ក្នុងនាមជាពលរដ្ឋ និងជាសហជីពតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏អាក្រក់ស្មោកគ្រោករបស់កងទ័ពថៃ ដែលបានវាយប្រហារមកលើទឹកដីកម្ពុជាមុន ដោយប្រើប្រាស់គ្រាប់ផ្លោង។ ដែលនេះជាការបង្ហាញថ្មីមួយទៀត ពីចរិតឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា។ ជាមួយនេះ លោកក៏បានប្រកាស គាំទ្រទាំងស្រុងចំពោះចំណាត់ការឆ្លើយតបដ៏ម៉ឺងម៉ាត់ និងអង់អាចក្លាហានរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលថៃ ដែលឈ្លានពានម្តងហើយ ម្តងទៀតមកលើបូរណភាពទឹកដីកម្ពុជា។ពាក់ព័ន្ធបញ្ហាព្រំដែននេះដែរ កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ។ ក្រុមកម្មករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តរួបរួមពួតដៃគាំទ្រ និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល លើកទឹកចិត្តបងប្អូនកងទ័ព ក្នុងការការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិខ្មែរតែមួយផងដែរ។តាមការបញ្ជាក់របស់ ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថ្ងៃទី២នៃដំណើរការទាហានឈ្លានពានថៃមកលើកម្ពុជា ថៃបានបាញ់ប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង ដោយប្រើប្រាស់កាំភ្លើងធំ យន្តហោះចម្បាំង និងប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ ខណៈការប្រើប្រាស់អាវុធបែបនេះ គឺប្រឆាំងនឹងច្បាប់អន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមគ្រូពេទ្យ TYDA ឈប់ទទួលការចុះឈ្មោះបរិច្ចាគឈាមនៅហ្នឹងកន្លែងតែទទួលចុះឈ្មោះតាម QR Code

2025/07/25 03:36:59 pm        201
ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ ឃើញថាយុវជនរាប់ពាន់នាក់ បានអញ្ជើញមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ ដែលមកដល់ម៉ោងនេះឃើញថាសន្ទុះនៃ ក្រុមយុវជននៅតែបន្តចូលរួមយ៉ាងច្រើនកុះករ។ បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យ TYDA បានឲ្យដឹងថា រហូតមកដល់ម៉ោង 3:00 រសៀលនេះ គឺសន្ទុះក្រុមយុវជននៅតែមកចូលរួមបរិច្ចាគ ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាន ក្នុងការងារមនុស្សធម៌បរិច្ចាគឈាមនេះ។ ក្រុមគ្រូគ្រូពេទ្យ TYDA អោយដឹងថា ត្រឹមម៉ោង៣រៀលនេះ គឺក្រុមការងារបានបិទការទទួលការចុះឈ្មោះដោយផ្ទាល់ និងបូមឈាមនៅហ្នឹងកន្លែងហើយ តែក្រុមការងារមាន QR កូត សម្រាប់ការចុះឈ្មោះសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគឈាមបាន ពេលមានតម្រូវការបន្ទាន់ណាមួយ ក្រុមការងារគ្រូពេទ្យ TYDA និងទាក់ទងតាមលេខទូរស័ព្ទអញ្ជើញមកបរិច្ចាគឈាម។

​ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តប្រចាំការនៅខេត្តបន្ទាយមានជ័យ

2025/07/25 03:29:31 pm        97
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានបន្តប្រចាំការនៅខេត្ត ដើម្បីតាមដានស្ថានភាពតំបន់ព្រំដែន និងជួយសម្របសម្រួលប្រជាពលរដ្ឋភៀសសឹកទៅទីទួលសុវត្ថិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM