សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល

ព័ត៌មានជាតិ

ព្រះសង្ឃ នឹងបែងចែកចង្ហាន់ និងទេយ្យទានដែលបានពីបុណ្យភ្ជុំបិណ្ឌជាទានសប្បុរស

2024/09/21 02:11:39 pm        705
ចង្ហាន់ និងទេយ្យទានដែលបានពីពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវព្រះសង្ឃ បែកចែកធ្វើជាទានសប្បុរស បន្តទៅដល់ជនក្រីក្រ ឬជនងាយរងគ្រោះ ជាដើម ។ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះអនុគណសង្ឃខណ្ឌ៧មករា និងជាព្រះចៅអធិការវត្ត​ព្រះពុទ្ធមាន​បុណ្យ បានមានសង្ឃដីកាឱ្យដឹងថា ចង្ហាន់ដែលពុទ្ធបរិស័ទយកមកប្រគេនព្រះសង្ឃ គឺនឹងត្រូវចែក​ជូនបន្តដល់​ញាតិញោម​ជាភ្ញៀវ ជាចាស់ទុំក្នុងវត្ត ពិសេសគឺចែកជូនដល់ជនអនាថា អ្នកសុំទាន ដើម្បីទទួលបានទៅបរិភោគ ក្រោយពេលដែលព្រះសង្ឃឆាន់ពេលថ្ងៃត្រង់រួច ។ ព្រះចៅអធិការ បន្ថែមថា សម្រាប់ទេយ្យទានវិញ គឺនឹងត្រូវធ្វើការបែកចែកមួយចំនួន សម្រាប់ជាទាន​ប្រគេនទៅកាន់កាកកបាទក្រហមកម្ពុជា ដែលនេះជាផ្នែកមួយ នៃការចូលរួមចំណែក​ជាមួយ​សកម្មភាពសប្បុរស ពីចម្ងាយ ទោះបីមិនបានជូនផ្ទាល់ដល់ដៃរបស់ជនក្រីក្រ ឬអ្នកខ្វះខាតក៏ដោយ ។ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លានឹងការធ្វើបុណ្យដាក់ទាន ក្នុងរដូវកាលកាន់បិណ្ឌទី៤នេះ ដោយ​ពួកគាត់​បានមកធ្វើបុណ្យរួមគ្នាជាមួយបងប្អូនសាច់ញាតិ​ និងលក្ខណៈក្រុមគ្រួសារ ដើម្បីជាការឧទ្ទិសកុសលផលបុណ្យដល់ញាតិការ៧ សណ្តានដែលបានចែកឋាន ទៅបរលោកនៅជាតិខាងមុខ ។ សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ មានរយះពេល១៥ថ្ងៃ ​ដោយគិតចាប់ពីថ្ងៃ១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៣ ​ខែតុលា ឆ្នាំ២០២៤ខាងមុខ ។ ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខសុវត្ថិភាព ក៏ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសំណាក់កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ​ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនោះឡើយ ក្នុងពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនោះ ៕ អត្ថបទ៖ លីហេង

អតីតយុទ្ធជនចំនួន១១០គ្រួសារ បានទទួលអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យភ្ជំ

2024/09/21 02:10:46 pm        57
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនចំនួន១១០គ្រួសារ កំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ។ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមការងារ ក៏បានចូលរួមផងដែរ។      លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង មានការចូលរួមសហការឧបត្ថម្ភបន្ថែមពីឯកឧត្តមអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ទាំង០៨ ផ្តល់ជូនបងប្អូននាឱកាសនោះដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានរំលឹកឡើងវិញពីវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធក្នុងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងថែរក្សា ការពារ សន្តិភាព ស្ថេរភាពសង្គមរហូតដល់សព្វថ្ងៃ។ វីរជនពិតប្រាកដ គឺបងប្អូនអតីតយុទ្ធនេះហើយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលរំដោះជាតិ នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជូនប្រជាជន និងជាតិរហូតដល់ពេលនេះ។ ការអភិវឌ្ឍន៍នាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ បានខិតខំគៀងគរអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងបានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា។ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវថែរក្សាសុខភាពឱ្យបានល្អ ហើយកុំជឿលើការញុះញង់របស់ជនមួយចំនួនដែលនាំឱ្យបែកបាក់សាមគ្គីជាតិ ជាពិសេសណែនាំដល់បងប្អូន និងក្រុមគ្រួសារកុំចូលរួមក្នុងបាតុកម្មការពារកំហុសរបស់ជនមួយចំនួន ដែលនាំឱ្យបង្កចលាចលដល់សង្គម និងខាតពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ត្រូវចេះថែរក្សាសុខភាពអោយបានល្អគ្រប់គ្នា ដើម្បីមើលការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង ដែលក្នុងរយៈពេលដ៏ខ្លី ការអភិវឌ្ឍន៍លើគ្រប់វិស័យ បានរីកចម្រើនគួរអោយកត់សម្គាល់៕ កាំង ហុងវាស្នា

សមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន នៃស្រុកដងទង់ បានសុំចូលជាមួយគណបក្សប្រជាជនកម្ពុជាវិញ

2024/09/21 01:58:14 pm        622
កំពត៖ ចលនានៃការផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែបន្តកើតមានស្ទើរតែជារៀងរាល់ថ្ងៃ ។ជាក់ស្តែងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ និងថ្ងៃម្សិលមិញនេះ បានបង្ហោះនូវឃ្លីបវីដេអូរបស់បងប្អូនដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំមក​ពីគណបក្ស​ភ្លើងទៀន​នៃបណ្តាឃុំមួយចំនួននៃស្រុកដងទង់ ខេត្តកំពត បានប្រកាសផ្តាច់ខ្លួនចាក​ចេញ​ពីគណបក្សរបស់ខ្លួន ហើយគោរពស្នើសម្តេចតេជោ សុំចូលមករួមរស់ជាមួយគណបក្ស​ប្រជាជនកម្ពុជាវិញ​។សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ មកពីគណបក្សភ្លើងទៀន ខាងលើ មានបេក្ខជន​ក្រុមប្រឹក្សាមកពី​គណបក្សភ្លើងទៀនឃុំខ្ជាយខាងត្បូង ឃុំស្រែជាខាងជើង ឃុំខ្ជាយខាង ជើង ស្រុកដងទង់ ខេត្តកំពត ។ពួកគាត់ថា ការផ្តាច់ខ្លួនពីបក្សប្រឆាំងបែបនេះគឺគ្មានការបង្ខិតបង្ខំ ឬទិញ ដូរ ព្រោះពួកគាត់អស់ជំនឿ​នឹងក្រុមមេដឹកនាំបក្សប្រឆាំងរបស់ខ្លួន។ ផ្ទុយទៅវិញ ពួកគាត់សប្បាយចិត្ត ដោយឃើញរាជ​រដ្ឋាភិបាល កម្ពុជា បានកសាងនូវសមិទ្ធផលដ៏ធំធេងជូន ប្រទេសជាតិ ទើបមូលមតិគ្នា​ធ្វើការសម្រេច ចិត្តយ៉ាងត្រឹមត្រូវ គោរពស្នើសម្តេចតេជោ សុំចូលចូលរួមជីវភាពនយោបាយ​ជាមួយនឹង គណបក្សប្រជាជនកម្ពុជា។ជាមួយនឹងការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំមកចូលរួមរស់ជាមួយគណបក្សប្រជាជនខាងលើនេះ ពួកគាត់ក៏បានថ្កោលទោស​ចំពោះជនទាំងឡាយណាដែល​បំភ្លៃការពិតមកលើ​រាជ​រដ្ឋាភិបាលផងដែរ។គួរបញ្ជាក់ថា ការសុំចូលរួមរស់ក្នុងជីវភាពនយោបាយនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តក្រុង ស្រុកខណ្ឌមកពីគណបក្សប្រឆាំងបែបនេះ បានកើតមានស្ទើរជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដែលចរន្តរន៍ នៃការផ្តាច់ខ្លួនបែបនេះ ​ដោយសារពួកគាត់អស់ជំនឿ​លើការដឹកនាំរបស់​គណបក្សខ្លួន​ហើយកាន់តែមើលឃើញច្បាស់ពីការរីកចម្រើនយ៉ាងពិតប្រាកដ នៅក្នុងសង្គមជាតិនាបច្ចុប្បន្ន​ក្រោមការខិតខំ​របស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាធ្វើជាស្នូល៕អត្ថបទ៖ មុត សុទ្ធ​

ដើមឈើជាង២០០ដើម បានដាំនៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាងនៅថ្ងៃនេះ

2024/09/21 01:49:30 pm        641
ដើមឈើសរុបជាង២០០ដើម បានដាំនៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរ «រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤»។ដោយមានកិច្ចសហការរវាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ បានរៀបចំពិធីអបអរសាទរ «រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤» ក្រោមអធិបតីភាពឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងជាប្រធានក្រុមការងារ​សហភាពសហសព័ន្ធយុវជនកម្ពុជាគ៧៨។នៅក្នុងអង្គពិធី ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ បានថ្លែងថា ពិធីដាំដើមឈើ និងចែកកូនឈើ ក្នុង​ពេលនេះ គឺមានការដាំដើមឈើចម្រុះចំនួន៦ប្រភេទ សរុបចំនួន ២០៧ដើម នៅតាមប្រឡាយ ស្ថិតក្នុង​ភូមិចំនួន៧ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមួយផ្នែកទៀតស្ថិតក្នុង​សង្កាត់មានជ័យ ខណ្ឌមានជ័យ។ ជាមួយគ្នានេះ ​ក្រុមការងារក៏បានត្រៀមកូនឈើចម្រុះចំនួន ៣០០ដើម ​សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមទីវត្តអារាម ដងផ្លូវ​សាធារណៈ និងលំនៅឋានរៀងៗខ្លួន។សម្រាប់អ្នកចូលរួមបានបង្ហាញ​អារម្មណ៍​រីករាយដែលបានចូលរួមដាំដើមឈើនៅពេលនេះ និងប្តេជ្ញាថែរក្សាព្រៃឈើឱ្យនៅស្ថិតស្ថេរគង់វង្ស។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់ របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយ​របស់រដ្ឋ​បានឡើយ ដោយបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅ​រក្សា​តុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស ពិសេសលើកកម្ពស់វិភាគទាន​ នៃធនធានធម្មជាតិ ក្នុង​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រង់ចំណុចបញ្ចកោណទី៤ មុំទី២ និងបន្តអនុវត្តកម្មវិធី​កំណែទម្រង់សំខាន់ៗ​លើគ្រប់វិស័យសំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ទៅ​ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០​ និងជាប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ២០៥០។ អត្ថបទ៖ទូច សោភ័ណ 

កម្ពុជារៀបចំអបអរសាទរទិវាសម្អាតពិភពលោកលើកទី៧ ក្រោមមូលបទ«កម្ពុជាស្អាត ខ្មែរធ្វើបាន»

2024/09/21 01:39:16 pm        372
ក្រសួងបរិស្ថាន អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា នៅថ្ងៃទី២១ ខែកញ្ញានេះ បានរៀបចំអបអរសាទរទិវាសម្អាតពិភលោកលើកទី៧ ក្រោមមូលបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ក្រោមអធិបតីភាពឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ពិធីនេះ រៀបចំឡើងនៅសួនច្បារមាត់ទន្លេ រូបសំណាកតេជោមាស តេជោយ៉ត រាជធានីភ្នំពេញ ដោយមានអ្នកច្រើនជាច្រើនកុះករ។នៅក្នុងអង្គពិធី ឯកឧត្តម សាប៊ូ អូហ្សាណូ បានមានប្រសាសន៍ថា ទិវាសម្អាតពិភពលោក រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង នៅក្នុងប្រទេស ដោយបញ្រ្ជាបការយល់​ដឹង​អំពីផលប៉ះពាល់នៃកំណើនបរិមាណសំរាមលើភពផែនដី។ ទិវាសម្អាតពិភពលោក ជាវេទិកាដ៏ល្អ​ប្រសើរមួយដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង បុគ្គលិកមកពីគ្រប់​ស្ថាប័ន​ចូលរួមយ៉ាងច្រើនកុះករ​ ដែលជាសារមួយផ្ញើជូនដល់សហគមន៍អន្តរជាតិគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងដែរថា ដើម្បីឱ្យទីក្រុងភ្នំពេញ​កាន់តែស្រស់ស្អាតបន្ថែមទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់ក្នុងការគ្រប់គ្រងសំរាម។សាធារណៈជនបានលើកឡើងដែរថា មូលហេតុដែលចូលរួមក្នុងទិវាសម្អាតពិភពលោក មានបំណង​ចង់ចូលរួមចំណែកសម្អាតបរិស្ថានៅក្នុងរាជធានីភ្នំពេញឱ្យបានស្អាត ដោយការរើសសំរាម​នៅតាមទន្លេ។លើសពីនេះ សាធារណៈជនប្តេជ្ញាថែរក្សាបរិស្ថានឱ្យបានស្អាត ដោយមិនបោះចោល​សំរាមផ្តេសផ្ដាស នោះទេ។គួរបញ្ជាក់ដែរថា ទិវាសម្អាតពិភពលោក រៀបចំឡើងស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាងនិងពង្រឹង ​មូលដ្ឋានគ្រឹះ ដើម្បី​ពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព ៕ អត្ថបទ៖ទូច សោភ័ណ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេន៤ នៅវត្តបទុមវតី

2024/09/21 12:53:00 pm        322
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមគ្រួសារ សមាជិកសមាជិកា TYDA, អ.ម.ត, និង កាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី បុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងឱកាស នៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា និងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទាន ដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីអារាមនានាដែលជាទីសក្ការៈ។ ជាក់ស្តែងក្នុងឱកាសបិណ្ឌទី៤នេះ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានអញ្ជើញបូជា,ទៀន,ធូប, គន្ធពិដោ ថ្វាយចំពោះព្រះពុទ្ធបដិមា នៅលើឧបដ្ឋានសាលា និងបា្ររព្ធពិធីសូត្រមន្ត សមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ បន្ទាប់អំពីបទនមស្សការសមាទានសីលចប់សព្វគ្រប់ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានឧទ្ទិសកុសលផលបុណ្យ ជូន​វិញ្ញាណក្ខន្ធ​បុព្វការីជន លោកយាយ លោកតា ដែលបានចែកឋាន​ទៅកាន់បរលោកខាងមុខ ក្នុងនោះមានវិញ្ញាណក្ខន្ធសាច់ញ្ញាតិ លោកឪពុក អ្នកម្តាយទាំងសង្ខាង រួមទាំងញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ សូម​វិញ្ញាណក្ខន្ធ​អ្នកមានគុណទាំងអស់ បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភព​កុំបីឃ្លាងឃ្លាតឡើយ។ មួយផ្នែកនៃកុសល​ផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះលោកជំទាវបណ្ឌិត និងក្រុមគ្រួសារសូមឧទ្ទិសជូន វិញ្ញាណក្ខន្ធ​វីរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិត​ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំង​វិញ្ញាណក្ខន្ធ​ជនរួមជាតិខ្មែរស្លូតត្រង់ ជាង៣លាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សូមអោយ​វិញ្ញាណក្ខន្ធ​អ្នកទាំងអស់នោះបានសោយសុខក្នុងឋានសុគតិភពគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀតតាមរយៈអំណាច នៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌវេន​៤នេះដែរ សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ព្រះគ្រូសូត្រសស្តាំ និងថេរានុថេរគ្រប់ព្រះអង្គទាំង៤៣២អង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម បានឧទ្ទិសថ្វាយដល់វត្ថុ​សក្ដិសិទ្ធិ​ក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់​ថែរក្សាការពារ និងទ្រទ្រង់​វិញ្ញាណក្ខន្ធ​លោកអ្នកមានគុណទាំងអស់​ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិត ពេជ សោភ័ណ និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ សូមបានចាប់យកកំណើតថ្មី ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ជានិច្ចនិរន្តតរៀងទៅ។សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៤ នៅក្នុងវត្តបទុមវតីនេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត រួមទាំងក្រុមគ្រួសារបាននាំ​យក​ទេយ្យទានប្រគេន​ព្រះសង្ឃរួមមាន៖ អង្ករចំនួន១តោន មីចំនួន១០០ កេស ទឹកបរិសុទ្ធ១០០កេស ភេសជ្ជៈ​ឆាមពាន ១០០កេស និងទឹកក្រូច១០០កេស និងថវិកាមួយចំនួន៕ អត្ថបទៈ សំ ងីម

រយៈពេល១ឆ្នាំក្រសួងអធិការកិច្ច បានពង្រឹងកិច្ចសហប្រតិបត្តិទាំងជាតិ និងអន្តរជាតិ ក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិ

2024/09/21 12:18:31 pm        585
ភ្នំពេញ៖ ក្នុងរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអធិការកិច្ច ក្រោមការដឹកនាំ​របស់​ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រី បានចុះអនុស្សារណៈ (MOU) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ក្រសួងស្ថាប័នជាតិ​ និងអន្តរជាតិជាច្រើន ដើម្បីបុព្វហេតុចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់​តែមានភាពរីកចម្រើន ។យោងតាមលទ្ធផល នៃសមិទ្ធផលធំៗរយៈពេល១ឆ្នាំ របស់ក្រសួងអធិការកិច្ច បានឲ្យដឹងថា ក្នុងរយៈពេលនេះ ក្រសួងបានចុះអនុស្សារណៈ ជាមួយក្រសួងស្ថាប័នដូចជា មន្ទីរពេទ្យកេតុមាលា គណៈមេធាវី ក្រសួងព័ត៌មាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារបេឡារបបសន្តិសុខសង្គម សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគម និងក្រសួងស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនទៀត ។រយៈពេលមួយឆ្នាំនេះ ទំនាក់ទំនងអន្តរជាតិ គឺជាផែនការសកម្មភាពស្នួលមួយ ដែលឯកឧត្តម ហួត ហាក់ អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានសកម្មភាព ​ដែលក្នុងបានមាន ជំនួប​ជាមួយ​អង្គទូតចំនួន ១០លើក, ជួបជាមួយអង្គការអន្តរជាតិចំនួន ៧លើក និងក្រុមហ៊ុនវិនិ យោគទុនចំនួន ១១លើក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនផងដែរ ។សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអធិការកិច្ច បានបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផល​ដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ដែល ទទួលបានក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ជាមួយនឹងការប្ដេជ្ញាបន្តចូលរួម សហការធ្វើការងារឲ្យកាន់តែទទួលបានលទ្ធផលល្អ ។គួរបញ្ជាក់ថា ក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ បានខិតខំ​អនុវត្តនូវតួនាទីភារកិច្ច​ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ​ដើម្បីធានាបាននូវវប្បធម៌សុចរិតភាព តម្លាភាព ​គណនេយ្យភាព ​មនសិកាវិជ្ជាជីវៈ និងការពង្រឹងវិន័យការងារ ក៏ដូចជា ការតាំងចិត្ត​យ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យ ​កម្មវិធីនយោបាយនានា​ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃអាណត្តិទី៧នេះ ។តាមរយៈចំណេះដឹង​ ដ៏សម្បូរបែប​ និងបទពិសោធន៍ការងារប្រមាណជា៣០ឆ្នាំ រដ្ឋមន្ត្រី ដែលទទួល​បានសញ្ញាបត្រជាន់ខ្ពស់ ​ពីសាលាជាតិរដ្ឋបាលបារាំង (ENA) រូបនេះ គឺបានរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ របស់រាជរាដ្ឋាភិបាល ពិសេសក្នុងវិស័យអធិការកិច្ចនេះ តាម​រយៈការ​ពង្រឹងសកម្មភាពនានា​ ដែលរួមមានជាអាទិ៍​ការងារតាមដានត្រួត ពិនិត្យ ការធ្វើអធិការកិច្ច​លើគ្រប់វិស័យ ការទទួល និងដោះស្រាយពាក្យបណ្តឹង​ ការការពារទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យ​សម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ​ ការប្រឆាំងនឹងអំពើពុករលួយ​ ការរំលោភដោយអំណាច និង​បាតុភាពអសកម្មនានា ការលើកកំពស់អភិបាលកិច្ចល្អ និងការពង្រឹងប្រសិទ្ធភាព នៃការ​អនុវត្តន៍ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ អាចជាការចំណែកយ៉ាងសំខាន់ជួយ​ដល់​រាជរដ្ឋាភិបាល ​ក្នុងការអភិវឌ្ឍប្រទេស​ប្រកបដោយ ចិរភាព ធ្វើឱ្យរដ្ឋបាលសាធារណៈកាន់​តែ​ស្អាតស្អំ មានគុណភាព ​ដែលជាការឆ្លើយតបនឹងបំ​ណងប្រាថ្នារបស់​ ប្រជាពលរដ្ឋទូទៅ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ពោធពិព័រណ៍ទោល ដោយសិល្បករ ឈឹម សុធី ក្រោមប្រធានបទ «នេត្រា» (Through The Lens)

2024/09/21 12:00:41 pm        363
លោក ឈឹម សុធី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសិល្បករឯករាជ្យ នាល្ងាចនេះ នឹងសម្ពោធពិព័រណ៍ទោល ក្រោមប្រធានបទ «នេត្រា» ចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅវិចិត្រសាលវីទ្យា ម្លប់ ជាន់ទី២ ចូលរួមដោយសេរី។លោក ឈឹម សុធី ថ្លែងប្រាប់BTV ព័ត៌មានថា ពិព័រណ៍ទោល ក្រោមប្រធាន «នេត្រា» គឺមានន័យថារាល់ទម្រង់សិល្បៈសូនរូប ត្រូវការភ្នែក មើលអ្វីគ្រប់សព្វ ហើយផ្តិតជាប់ក្នុងខួរក្បាល ទើបសិល្បករ យកមកបញ្ចេញ និងគូររូបភាព តាមរយៈពេលភ្នែក ដែលបានមើល និងចង់ចាំ ខ្ជាក់មកអារម្មណ៍ និងដៃ គូរចេញជារូបភាពផ្សេងៗ តាមអ្វីដែលភ្នែករបស់យើងបានមើលឃើញ។លោក បានពន្យល់ទៀតថា ហេតុអ្វីបានជាពិព័រណ៍នេះ ដាក់ឈ្មោះថាពិព័រណ៍ទោល មានន័យថា ពិព័រណ៍នេះ គូររូបភាព និងរៀបចំឡើងដោយម្នាក់ឯង មិនមានជាក្រុមចូលរួមនោះទេ។ ហើយទម្រង់ស្នាដៃសិល្បៈមានចំនួន២១ផ្ទាំង ឲ្យចំនឹងថ្ងៃទី២១ ខែកញ្ញានេះ ហើយប្រធាន​បទ«នេត្រា» បង្ហាញពីទិដ្ឋភាពរួម ក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ សិល្បៈវប្បធម៌ សំណង់អគារចាស់ៗដែលជាសម្បតិ្តបេតិកភណ្ឌក្នុងជំនាន់បារាំង ព្រះសង្ឃ សួនច្បារ ការនេសាទត្រី និងទិដ្ឋភាពផ្សេងទៀតជាច្រើនផងដែរ៕អត្ថបទ រដ្ឋា

ស្ថានទូតបារាំង បើកទ្វាឲ្យពលរដ្ឋខ្មែរចូលទស្សនាដោយសេរី នៅថ្ងៃទី២១នេះ

2024/09/21 11:20:28 am        352
ដូចសព្វមួយដងយ៉ាងដូច្នេះដែរ រាល់ថ្ងៃទី២១ ខែកញ្ញា ដែលជាថ្ងៃទិវាបេតិកភណ្ឌអឺរ៉ុប ស្ថាន ទូតបារាំងប្រចាំនៅកម្ពុជា តែងតែធ្វើការបើកទ្វាឲ្យសាធារណជនចូលទៅទស្សនាក្នុង បរិវេណស្ថានទូតរបស់ខ្លួន ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ។បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥៣០០នាក់ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបើកទ្វាសារជាថ្មីជូនសាធារណជនចូលទស្សនា ក្នុងស្ថាន ទូតរបស់ខ្លួនចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤រសៀល ដែលព្រឹត្តិការណ៍នេះ ក្នុងក្របខណ្ឌ នៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឲ្យសាធារណជនឈ្វេងយល់ ឬឈ្វេងយល់ជាថ្មីអំពី ស្ថានទូត ដែលពោពេញដោយប្រវត្តិសាស្រ្ត និងជាពិសេសបានកម្សាន្តនៅក្នុងឧទ្យានស្ថាន ទូត ដែលមានទំហំ៤.៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ហើយក៏ ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើម ត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្វា ឈ្លួស និងសត្វល្អិតជាដើម។ជាមួយគ្នានោះដែរ បងប្អូនសាធារណជន ក៏អាចឃើញផងដែរនូវទ្វារបងចាស់មួយ របស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់នៅពេលដួលរំលំក្រុងភ្នំពេញ នៅឆ្នាំ ១៩៧៥ ពោលគឺជិត៥០ឆ្នាំមុន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត​ ក្រៅពីទស្សនាក្នុងបរិវេណស្ថានទូត សាធារណជន​ក៏​អាច​ទស្សនានូវការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត​ ដែលបានបង្ហាញ ពីការរាំបែប​កីឡាកម្ពុជាផងដែរ ខណៈការរាំប្រភេទនេះត្រូវបានដាក់បញ្ចូលក្នុងចំណោម​វិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។សូមបញ្ជាក់ថា ចូលទស្សនាដោយសេរីនៅក្នុងស្ថានទូតបារាំងនេះ គឺមិនតម្រូវឲ្យធ្វើការ ចុះឈ្មោះជាមុននោះឡើយ ប៉ុន្តែអ្នកទស្សនាមានច្រើន ស្ថានទូតតម្រូវឲ្យមានការតម្រង់ជួរ ហើយសម្រាប់អ្នកទស្សនាណា ដែលមានកាបូបធំៗ និងរបស់របរដែលអាចបង្ករគ្រោះថ្នាក់ មិនអនុញ្ញាតឲ្យយកចូលនោះឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួល ទាន និងត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដោយកន្លែងខ្លះ មានក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅជាដើម៕អត្ថបទ បាន ចក់

អបអរសាទរទិវាបេតិកភណ្ឌ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បើកទ្វារទទួលសាធារណជនចូលទស្សនា

2024/09/21 10:57:16 am        169
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យមានអាយុកាលជាង១០០ឆ្នាំ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកទ្វារទទួលសិស្ស និសិ្សត និងសាធារណជនចូលទស្សនា ដើម្បីអបអរសាទរទិវាបេតិកភណ្ឌ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៤រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។លោក សុខ ដារ៉ា ប្រធានការិយាល័យទំនាក់ទំនងជាតិ-អន្តរជាតិ និងព័ត៌មាន និងផ្សព្វផ្សាយ តំណាងឯកឧត្តមសាស្រ្តាចារ្យ ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃទី២១ ខែកញ្ញា គឺជាថ្ងៃទិវាបេតិកភណ្ឌ ដូចនេះសាកលវិទ្យាល័យមានកិត្តិយស បើកទ្វារទទួលស្វាគមន៍សិស្ស និសិ្សត និងសាធារណជនចូលទស្សនាក្នុងសាកលវិទ្យាល័យទាំងមូល ដោយមានក្រុមការងារជំនាញ ចាំណែនាំអំពីប្រវតិ្តសាស្រ្តអគារនីមួយៗ របស់សាកលវិទ្យាល័យ។ទន្ទឹមគ្នានោះដែរអ្នកស្រី ជុយ លីដា មន្រី្តផ្នែកទំនាក់ទំនង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានតួនាទី រងចាំទទួលស្វាគមន៍សិស្ស និសិ្សត និងសាធារណជន មកទស្សនាក្នុងសាកលវិទ្យាល័យ ក្នុងគោលបំណងចូលរួមអបអរសាទរទិវាបេតិកភណ្ឌ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឋិតក្នុងបញ្ជីមួយក្នុងចំណោមបញ្ជីទាំងអស់ ដែលទទួលស្វាគមន៍សិស្ស និសិ្សត និងសាធារណជន។លោកប្រធានការិយាល័យ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានផលិតធនធានមនុស្សជាច្រើន ក្នុងការចូលរួមបម្រើសង្គម ជាពិសេសលើវិស័យវប្បធម៌។ ដូច្នេះនិសិ្សត ដែលបានបញ្ចប់ការសិក្សានៅទីនេះ បច្ចុប្បន្នកំពុងបម្រើការងារនៅស្ថាប័នរដ្ឋ អាជ្ញាធរ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនផងដែរ និងនិស្សិតមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅបណ្តាប្រទេសផ្សេងទៀត ដូចជាបារាំង ជប៉ុន អង់គ្លេស ជាដើម ព្រមទាំងបានស្ម័គ្រចិត្តមកចូលរួមបណ្តុះបណ្តាលយុវជន យុវនារី និសិ្សតជំនាន់ក្រោយ ជាអ្នកបន្តវេន ដើម្បីចូលរួមអភិរក្ស អភិវឌ្ឍ វប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។សូមជំរាបផងដែរថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបិទទ្វារទាំងស្រុង តែក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រសិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM