សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល

ព័ត៌មានជាតិ

ទឹកស្ទឹងទាំង៣ក្នុងខេត្តកំពង់ធំ មិនបានហក់ឡើងបង្កជាជំនន់នៅឡើយទេ

2024/09/21 10:13:53 am        361
កំពង់ធំ៖ ស្ថានភាពកម្ពស់ទឹកស្ទឹងទាំង៣ ក្នុងខេត្តកំពង់ធំ នៅឆ្នាំ២០២៤នេះ មិនមានការកើនឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយទេ សម្រាប់ថ្ងៃទី២១ កញ្ញានេះ ប៉ុន្តែអាជ្ញាធរបានត្រៀមអន្តរាគមន៍គ្រប់ពេលវេលា។មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទឹកស្ទឹងសែន នៅស្ថានីយកំពង់ធំថ្ងៃនេះកម្ពស់ ១២,៩១ម៉ែត្រ ទឹកឡើង ០,០៨ម៉ែត្រ ហើយកម្ពស់ទឹកដែលប្រកាសឱ្យប្រុងប្រយ័ត្ន១៣,៥០ម៉ែត្រ នៅឯស្ថានីយសណ្តាន់ថ្ងៃនេះកម្ពស់ទឹក ១៧,៩៦ម៉ែត្ត ទឹកឡើង ០,១២ម៉ែត្រ ហើយកម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ន ១៨,៥០ម៉ែត្រ។មន្ទីរធនធានទឹកឱ្យដឹងដែរថា សម្រាប់ស្ទឹងស្ទោង (អាងទឹក ៣០ កញ្ញា) ថ្ងៃនេះទឹកមានកម្ពស់ ១៨,៥៥ម៉ែត្រ ទឹកឡើង ០,០៣ម៉ែត្រ នៅស្ទឹងស្ទោង (ស្ពានស្ទោង) ទឹកមានកម្ពស់ ៥,៤៥ម៉ែត្រ ទឹកឡើង ០,២៥ម៉ែត្រ កម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្ន៥,៨០ម៉ែត្រ នៅឯស្ទឹងជីនិត(អាងទឹក) ថ្ងៃនេះទឹកមានកម្ពស់ ១៥,៨៣ម៉ែត្រ នៅស្ទឹងជីនិត(ស្ពានកំពង់ថ្ម) ទឹកមានកម្ពស់ ៤,៥២ម៉ែត្រ។សម្រាប់ថ្ងៃទី២១ កញ្ញានេះ កម្ពស់ទឹកបើប្រៀបធៀបកម្ពស់ទឹកស្ទឹងសែន រយៈពេល៣ឆ្នាំនៅស្ថានីយកំពង់ធំមានកម្ពស់ ១២,៩១ម៉ែត្រ នៅឆ្នាំ២០២៣ ទឹកមានកម្ពស់ ១៣,៦០ម៉ែត្រ និងកាលពីឆ្នាំ២០២២ ទឹកមានកម្ពស់ ១៣,៥២ម៉ែត្រ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ARMAC Sing Health ពង្រឹងសមត្ថភាពគ្រូបង្គោលគាំទ្រផ្លូវ ចិត្តសម្រាប់ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅទូទាំងតំបន់អាស៊ាន

2024/09/20 11:02:37 pm        184
(ភ្នំពេញ) មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដោយសហការជាមួយសេវាសុខាភិបាលសិង្ហបុរី (SingHealth) បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីអំពីការគាំទ្រចិត្តសង្គមដែលជាដំណាក់កាលដ៏សំខាន់នៅក្នុងការពង្រឹងសេវាសុខភាពផ្លូវចិត្ត សម្រាប់ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅទូទាំងតំបន់អាស៊ាន។  វគ្គបណ្តុះបណ្តាលមានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2024ត្រូវបានបញ្ចប់ ដោយមានវត្តមានចូលរួមពីសិក្ខាកាមចំនួនប្រមាណ 50 រូប ដែលរួមមានគ្រូពេទ្យជំនាញ អ្នកដឹកនាំសហគមន៍ “និងអ្នកជំនាញផ្នែកជំនួយជន រងគ្រោះដែលបានឆ្លងកាត់សិក្ខាសាលាស៊ីជម្រៅពីជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ការសង្គ្រោះបឋមផ្នែកចិត្ត សង្គម ការប្រាស្រ័យទាក់ទងព្យាបាលជំងឺ និងការថែទាំខ្លួនឯងសម្រាប់ អ្នកថែទាំ។ វគ្គបណ្តុះបណ្តាលនេះ គឺជាការបន្តកម្មវីធីកិច្ចសង្គ្រោះជំនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន (Enhance Victim Assistance Programme) ដែលបានបំពាក់បំប៉នទៅដល់គ្រូពេទ្យជំនាញចំនួន 247 នាក់នៅទូទាំងតំបន់អាស៊ាននៅក្នុងឆ្នាំ2022កន្លងទៅ។ការកំណត់ស្តង់ដារថ្មីសម្រាប់ជំនួយជនរងគ្រោះ ARMAC បានគូស បញ្ជាក់អំពីភាពជោគជ័យនៅក្នុងការជំរុញសេវាថែទាំសុខភាពផ្លូវចិត្តនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។    លោក Kim Hyun Soo បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ សាធារណរដ្ឋកូរ៉េនៅក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះតាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF) បានមានប្រសាសន៍ថា “កិច្ចសហការីរបស់យើងស្តីពីកម្មវិធីកិច្ចសង្គ្រោះ ជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ តាមបណ្តារដ្ឋសមាជិកអាស៊ាន បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួម នៅក្នុង ការដោះស្រាយបញ្ហាប្រឈមមួយនៅក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុតដែលសហ គមន៍រងគ្រោះដោយសារគ្រាប់យុទ្ធភណ្ឌនានាកំពុងជួបប្រទះ។ ប្រទេសកូរ៉េមានកិត្តិយសដែលបានចូលរួមជាមួយលោក-លោកស្រី នៅក្នុងការបំពេញកិច្ចការដ៏សំខាន់នេះ ហើយនៅតែមានគោលជំហររឹងមាំ នៅក្នុងកិច្ចគាំទ្ររបស់ខ្លួន”។ លោកបានបន្ថែមថាវគ្គបណ្តុះបណ្តាលបានគ្របដណ្តប់លើប្រធានបទជា ច្រើន រាប់ចាប់ពីការថែទាំដោយគិតគូរអំពីរបួសផ្លូវចិត្ត រហូត ដល់យុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងការញៀនថ្នាំ ” “និងជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត ។ កម្មវិធីនេះក៏បានផ្តោតទៅលើការកសាងបណ្តាញគ្រូបណ្តុះបណ្តាល ប្រកបដោយនិរន្តរភាពដែលនឹងផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រនៅទូទាំងប្រ ទេសកម្ពុជា។ លោកសាស្ត្រាចារ្យ Tan Hiang Khoon អគ្គនាយករងនៃ SingHealth បានបង្ហាញសុទិដ្ឋិន័យមចំពោះអនាគតអោយដឹងថា“ជំនួយផ្នែកចិត្តសាស្ត្រដែល យើងបានដាក់បញ្ចូលទៅក្នុងកម្មវិធីនេះមិនគ្រាន់តែជាធាតុផ្សំមួយប៉ុណ្ណោះទេ ប៉ុន្តែជាជំនួយសង្គ្រោះជីវិតសម្រាប់ជនរងគ្រោះ” និងគ្រួសារ របស់ពួកគាត់ ដែលជួយពួកគាត់ត្រឡប់មកមានជីវិតសារជាថ្មី និងកសាង អនាគតរបស់ពួកគាត់ឡើងវិញ”ការបណ្តុះបណ្តាលផ្នែកជំនួយសង្គមរបស់ ARMAC គឺជាផ្នែកមួយនៃ បេសកកម្មដ៏ធំរបស់ស្ថាប័នដើម្បីដោះស្រាយផលប៉ះ ពាល់មនុស្សធម៌ពីការ ប៉ះពាល់ទៅនឹង EO នៅក្នុងតំបន់។ ARMAC សូមថ្លែងអំណរគុណយ៉ាងចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) សម្រាប់ការផ្តល់មូលនិធិយ៉ាងសប្បុរសដល់គម្រោងនេះ។ លោក Kim Hyun Soo បានលើកឡើងថា “ការលះបង់ និង បំណងប្រាថ្នា ដែលលោក-លោកស្រីបានបង្ហាញនៅក្នុងវគ្គ បណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីខ្លឹមសារនៃបេសកកម្មរបស់យើង។ ចំណេះដឹង និងជំនាញដែលលោក-លោកស្រីបានទទួលពិតជាអាចជំរុញ ការស្តារឡើងវិញ និងភាពធន់សម្រាប់ប្រជាជនរាប់មិនអស់។”តំណាងឱ្យឯកឧត្តម Buakeo Phumvongsay ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍របស់ avong លេខាទីពីរនៃ ARMAC លោក Soukinda Ounavong ស្ថានទូតនៃសា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលដ៏ ជោគជ័យនេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការ កសាងសមត្ថភាពក្នុងតំបន់ និងពង្រឹងការឆ្លើយតបរបស់យើងចំពោះ តម្រូវការផ្លូវចិត្តរបស់ជនរងគ្រោះ។ ARMAC នៅតែបន្តប្តេជ្ញាពង្រីកគំនិតដូចផ្តើមរបស់ខ្លួន និងគាំទ្រទៅដល់សហគមន៍ដែលរងផលប៉ះពាល់ទាំងអស់។ក្នុងនាមជាអ្នកដឹកនាំក្នុងសកម្មភាពមីនមនុស្សធម៌” និង ជំនួយជនរងគ្រោះ ដែលដោះស្រាយទាំងតម្រូវការផ្លូវកាយ និងផ្លូវចិត្ត របស់ជនរងគ្រោះនៅទូទាំងតំបន់អាស៊ាន។ សូមជម្រាបថា ARMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការ សម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និង ភាគីពាក់ព័ន្ធ ផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទះពីសង្គ្រាម៕ អត្ថបទ,ភារម្យ

BREAKING NEWS ÷ សម្តេចតេជោ៖កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

2024/09/20 10:30:21 pm        340
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង នៃមន្ទីរពេទ្យ ហ្លួង ម៉ែ

2024/09/20 09:09:25 pm        50
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមជាមួយក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូងរបស់មន្ទីរពេទ្យ និងសួរសុខទុក្ខសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យ ហ្លួង ម៉ែ, នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំងស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ មានកម្ពស់ ៥ជាន់ លើផ្ទៃដី១.៤២០ ហិកតា ដែលបានប្រែក្លាយជាមន្ទីរពេទ្យឯកទេសជំងឺមហារីក តាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ មន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ក្នុងការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធភាពផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន សុដន់ ក្រពេញអូវែរ និងស្បូន) ប្រព័ន្ធរំលាយអាហារខាងលើ ក្រពះពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង ប្រព័ន្ធដង្ហើម និងប្រព័ន្ធទឹកម៉ូត្រ។ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យតាមផ្នែកនីមួយៗ រួមមានផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងបានសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដែលបម្រើការងារនៅមន្ទីពេទ្យ។ ទន្ទឹងនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងពិនិត្យការដ្ឋានសាងសង់បន្ទប់បាញ់កាំរស្មី ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនគុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាពន្លឿនការបើកដំណើរការមន្ទីរពេទ្យ ដូចខាងក្រោម៖ -កំណត់ទិសដៅឱ្យបានច្បាស់លាស់ ជាដំណាក់កាល ដោយត្រូវជួបប្រជុំគ្នាជាប្រចាំដើម្បីតាមដានវឌ្ឍនភាព-ពិនិត្យលម្អិតពីមូលហេតុនៃការធ្វើឱ្យរាំងស្ទះមានការយឺតយ៉ាវនៃការបើកដំណើរការមន្ទីរពេទ្យ ជាមួយភាគីពាក់ព័ន្ធនានា រាប់ទាំងសំណង់ ធនធានមនុស្ស និងថវិកាជាដើម-ពិនិត្យមើលលើការគ្រប់គ្រងកម្រិតថ្នាក់ដឹកនាំជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ-បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិក និងថ្នាក់ដឹកនាំរបស់ផ្នែកជាប្រចាំ-ធ្វើការទំនាក់ទំនងជាប្រចាំជាមួយមន្ទីរពេទ្យថ្នាក់ជាតិ និងអង្គភាពសុខាភិបាលដ៏ទៃទៀត ដើម្បីសហការគ្នាបណ្តុះបណ្តាល និងបញ្ជូនអ្នកជំងឺជាដើម-រៀបចំគម្រោងធនធានមនុស្ស ឱ្យស្របតាមតម្រូវការនៃការបើកដំណើរការមន្ទីរពេទ្យជំហានបន្តបន្ទាប់-ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីបញ្ហាប្រឈម និងដំណោះស្រាយជាប្រចាំ ដើម្បីការអភិវឌ្ឍនៃអង្គភាព។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាព គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ និងសូមជូនពរមន្រ្តីសុខាភិបាលទាំងអស់ សូមមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ រដ្ឋា

អង្គការNPAផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣លានដុល្លារដល់ស៊ីម៉ាក់លើការងារបោសសំអាតមីនមនុស្សធម៌ សម្រាប់រយៈពេល២៤ខែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

2024/09/20 08:03:15 pm        105
ភ្នំពេញ ៖  ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋា ភិបាលទទួល បន្ទុកជាអគ្គនាយកCMAC និង លោក Hans Peter Risser ប្រធានអង្គការNPAប្រចាំកម្ពុជាបានចុះហត្ថលេ ខាកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជាដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក សម្រាប់រយៈពេល ២៤ខែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ ភ្នំពេញ នាព្រឹកថ្ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤នេះលោក Hans Peter Risser ប្រធានអង្គការ NPAប្រចាំកម្ពុជាបានឱ្យដឹងថា អង្គការNPAបានសហការជាមួយស៊ីម៉ាក់ចាប់ តាំងពីឆ្នាំ១៩៩៣មក ក្នុងគោលបំណងរួមសំខាន់តែមួយ គឺរំដោះផ្ទៃដីនៅតាមព្រំដែននិងបណ្តាខេត្តនានាដែលរងការគំរាមកំហែងដោយសារគ្រាប់មីន។ បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់ការសហការយ៉ាងស្វិតស្វាញរបស់មន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់ក្នុងពេលកន្លងទៅនេះ។ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៍បានមាន ប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងជាពិសេសអរគុណផងដែរដល់អង្គការ NPA បានខ្នះខ្នែងក្នុងការប្រាស័យទាក់ទងជាមួយរដ្ឋា ភិ បាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ដើម្បីជួយក្នុងវិស័យសកម្មភាពមីន ហើយជាលទ្ធផល ប្រទេសអាឡឺម៉ង់ក៏សម្រេចផ្តល់ជំំនួយនៅថ្ងៃនេះដើម្បីបន្តប្រតិបត្តិការលើការស្រាវជ្រាវនិងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធ ភណ្ឌសង្រ្គាមនៅខេត្តគោលដៅរួមមាន ខេត្តបន្ទាយ មានជ័យ និង ខេត្តឧត្តរមានជ័យ។តាមរយៈការគាំទ្រលើការបន្តគម្រោងនេះ អង្គភាព CMAC និងធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់នៅតាមបណ្តាខេត្តដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ ដែលមានផ្ទៃដីសរុបចំនួន ២៧.៨៤០.០០០ម៉ែត្រក្រឡា និងអនុវត្តទៅលើការស្រាវជ្រាវ នៅតំបន់តាមព្រំដែន កម្ពុជា -ថៃ។ គម្រោងនេះក៏នឹងចូលរួមចំណែក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការព្រំដែន រួមចំណែកក្នុងការពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់តាមរយៈការស្រាវជ្រាវ និងការបោស សម្អាតតំបន់ចម្ការមីនអាទិភាពតាមព្រំដែន ដែលបានអនុម័តដោយគណៈកម្មាធិការព្រំដែនចម្រុះនិងការរំដោះផ្ទៃដីចម្ការមីនដើម្បី អោយមានសកម្មភាពអភិវឌ្ឍន៍ដល់សហគមន៍ដែលរស់នៅលើ និងក្បែរតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាមទាំងនេះ។ សូមបញ្ជាក់ជូនថារដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់ធ្លាប់បានគាំទ្រអង្គភាពCMAC លើការបោសសម្អាតមីនម្តងរួចទៅហើយ ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣ ដែលមានថវិកាសរុបចំនួន១៩លានដុល្លារសហរដ្ឋអាម៉េរិក៕ អត្ថបទ.ភារម្យ

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា

2024/09/20 07:29:57 pm        74
ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Minoru Kato នាយកប្រតិបត្តិ និង​ជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនោះដែរ​ លោក​ ជា​ ហ៊ុយ​ អគ្គនាយករង​ ជាតំណាងក្រុមហ៊ុន​ N.C.X Co.,LTD បាន​ប្រគល់​ម៉ូតូ​ចំនួន​ ៥០គ្រឿង​ផងដែរ។ក្នុងឱកាសនៃជំនួប លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបអំពីវឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល២៥ឆ្នាំមកនេះ ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិបានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។ លោកនាយកប្រតិបត្តិបានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានគោរពជម្រាបជូនអំពីផែនការពង្រីកការវិនិយោគ​ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុន​នៅកម្ពុជា។ សម្ដេចធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពជំនាញជូនប្រជាពលរដ្ឋកម្ពុជា និងការបង្កើតការងារ ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើងនិងផលិតយានយន្តនៅកម្ពុជា។សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត។

គណៈប្រតិភូអាមេរិកមកស្វែងយល់ពីវិស័យបោសសម្អាតមីននៅកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក-កម្ពុជា

2024/09/20 06:21:05 pm        126
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Timothy J. Donnenllan នាយសេនា ធិការ និងជាមេបញ្ជាការនៃកងឆ្នាំជាតិប្រចាំរដ្ឋ IDAHO នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូអាមេរិក មានគោល បំណងស្វែងយល់ពីវិស័យបោសសម្អាតមីននៅកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក-កម្ពុជា តាមរយៈការអនុវត្តការប្តេជ្ញាចិត្តដែលបានធ្វើឡើងចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក Lloyd Austin ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនាឆ្នាំ២០២៤ថ្មីៗកន្លងទៅនេះ ក៏ដូចជាបន្តការពង្រឹងបន្ថែមទៀតចំពោះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានជម្រាបគណៈប្រតិភូសហរដ្ឋអាម៉េរិកពីឫសគល់សង្រ្គាមនៅកម្ពុជា និងបញ្ហាប្រឈមដែលបន្សល់ទុកដោយសង្រ្គាមជាង ៣ ទស្សវត្សរ៍ រួមមានគ្រាប់មីនប្រឆាំងមនុស្ស ប្រឆាំងយានយន្ត គ្រាប់ បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់បែកគីមីជាដើម ដែលតម្រូវឱ្យអង្គភាពស៊ីម៉ាក់បន្តកិច្ចប្រតិបត្តិបោស សម្អាតយូរឆ្នាំទៅមុខទៀត ។ ឯកឧត្តម ហេង រតនា បានបន្តទៀតថា រយៈពេលជាង ៣២ឆ្នាំកន្លង ទៅនេះអង្គភាពស៊ីម៉ាក់បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួនជិត ៦សែនគ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះជាង១ម៉ឺន ២ពាន់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជាង ២ លាន៥សែន រួមជាមួយគ្រាប់បែកគីមីមួយ ចំនួនផងដែរ ។នេះជាទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជា ហើយលោកឧត្តមសេនីយ៍ទោTimothy J.Donnenllan បានសម្តែងការសាទរនិងស្ងើចសរសើរចំពោះកម្លាំងបោស សម្អាតមីនរបស់អង្គភាពស៊ីម៉ាក់រួមមានការបោសសម្អាតដោយមនុស្ស ដោយគ្រឿងចក្រ ជាពិសេសចំពោះជំនាញប្រើប្រាស់សុនហិតមីន និងកណ្តុរហិតមីនជាដើម។ លោកបានរំលឹកបញ្ជាក់ពីជំហរគាំទ្ររបស់សហរដ្ឋអាម៉េរិកក្នុងវិស័យសកម្មភាពមីនក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក ហើយវត្តមានរបស់លោកនៅប្រទេសកម្ពុជា ជាពិសេសនៅទីបញ្ជាការស៊ីម៉ាក់នៅថ្ងៃនេះ គឺដើម្បីស្វែងយល់បន្ថែមទៀតពីវិស័យសកម្មភាពមីន ដែលបោសសម្អាតដោយអង្គភាពស៊ីម៉ាក់។សូមបញ្ជាក់ជូនថា សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយសកម្មភាពមីនមនុស្សធម៌គាំទ្រអង្គភាពស៊ីម៉ាក់តាំងពីឆ្នាំ ១៩៩៣ និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥ ។ បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់បានទទួលជំនួយពីសហរដ្ឋអាម៉េរិកសម្រាប់ការបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសដូចជា ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម។ ចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាន សម្រេចផ្តល់ជំនួយចំនួនជាង ៦.៣ លានដុល្លារអាម៉េរិក ដល់អង្គភាពស៊ីម៉ាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការNPA ដើម្បីធ្វើការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមប្រមាណ ១២១ គីឡូម៉ែត្រការ៉េនៅតាមបណ្តាខេត្តខាងលើ ៕ អត្ថបទ.ភារម្យ

ឯកឧត្ដម ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំនាយនគរបាល ចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសវៀតណាម

2024/09/20 06:17:19 pm        110
រដ្ឋធានីហាណូយ ៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាយករងមន្ទី និងតំណាងស្នងការនគបាលតាមបណ្តាលខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមដើម្បីចូលរួមកិច្ចប្រជុំ បីអង្គភាព លើកទី៤ រវាង៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា, នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ថ្លែងបើកកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងធ្វើការកោតសរសើរដល់ភាគីកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់នាពេលកន្លងមករវាងកម្ពុជា-វៀតណាម។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានគនបាលជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយស្ថានការណ៍បទល្មើសគ្រឿងញៀនក្នុងពិភពលោក និងក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ និងការចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាស កាន់តែមានការកើនឡើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សុខមាលភាព និងការអភិវឌ្ឍន៍ របស់បណ្តាប្រទេសក្នុងតំបន់ ក្នុងនោះ រួមទាំងកម្ពុជា និងវៀតណាមផងដែរ។ ពួកក្រុមឧក្រិដ្ឋជន បានប៉ុនប៉ងយកប្រទេសកម្ពុជា ធ្វើជាប្រទេសឆ្លងកាត់គ្រឿងញៀន ដោយសារភូមិសាស្ត្រនៅតាមតំបន់ព្រំដែន សម្បូទៅដោយព្រៃភ្នំ ជ្រោះ ទន្លេរ អូរ សមុទ្រ និងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលបង្កការលំបាកដល់កម្លាំងប្រតិបត្តិការ និងមានភាពងាយស្រួលសម្រាប់ក្រុមឧក្រិដ្ឋគ្រឿងញៀន ធ្វើសកម្មភាព។ ជាមួយគ្នានេះ ពលរដ្ឋនៅតាមតំបន់ព្រំដែន មានជីវភាពខ្សត់ខ្សោយ គួបផ្សំនិងចំណេះដឹងនៅមានកម្រិត ធ្វើឲ្យក្រុមឧក្រិដ្ឋជនមានឱកាសអូសទាញ ពង្វក់ឲ្យប្រើប្រាស់គ្រឿងញៀន រហូតក្លាយខ្លួន ជាឧបករណ៍សម្រាប់ពួកឧក្រិដ្ឋជន។តាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចអាចប៉ាន់ប្រមាណបានថាបរិមាណគ្រឿងញៀនដែលលួចនាំចូលចរាចរ ជួញដូរ ប្រើប្រាស់ក្នុងប្រទេស មានប្រហែល៧% និង ៩៣%ទៀត អាចត្រូវបានបន្ដនាំចេញទៅប្រទេសនានា តាមលម្ហរសមុទ្រ ផ្លូវអាកាស ផ្លូវគោក និងបញ្ញើប្រៃសណីយ៍។តាមរយៈប្រតិបត្តិការកន្លងមកបាន ពិនិត្យឃើញថាពួកឧក្រិដ្ឋជនគ្រឿងញៀនទាំងក្នុង និងក្រៅប្រទេស នៅតែបន្ដឆក់ឱកាសផ្លាស់ប្តូររូបភាព សកម្មភាពថ្មីៗបន្ថែមទៀតដូចជា៖ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ ជាពិសេសការលួចកែច្នៃផលិតសារធាតុញៀនថ្មីៗ ក្នុងទ្រង់ទ្រាយតូចៗ នៅតាមផ្ទះជួល បន្ទប់ខុនដូរ និងតាមផ្ទះក្នុងបូរីជាដើម។ឯកឧត្តម ក៏បានពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន រវាងអង្គភាពអនុវត្តច្បាប់គ្រឿងញៀនថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់ព្រំដែន ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ទៀតថា កន្លងមកភាគីទាំងពីរ តែងតែផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ទាន់ពេលពេលវេលា ទើបសមត្ថកិច្ចនៃប្រទេសទាំងពីរ បង្ក្រាបករណីគ្រឿងញៀនឆ្លងដែន បានទាន់ពេល និងមានប្រសិទ្ធភាព កម្ពុជានិងបន្តកិច្ចសហការល្អជាមួយមិត្ត វៀតណាម និងរឹតចំណងសាមគ្គីភាពបន្ថែមទៀត ដើម្បីឲ្យប្រទេសរបស់យើងទាំងពីរ គ្មានគ្រឿងញៀន ជាពិសេសនៅតាមតំបន់ព្រំដែន និងធ្វើការបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលយកប្រទេសយើងទាំងពីរ ជាកន្លែងឆ្លងកាត់។ថ្លែងបិទកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម និងបានថ្លែងអំណរគុណដល់ភាគីទាំងបី ដែលបានយកចិត្តទុកដាក់ និងធ្វើឲ្យការប្រជុំលើកទី៤នេះប្រកបទៅដោយជោគជ័យ និងសូមជូនពរដល់ក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសន្យាជួបគ្នាឆ្នាំក្រោយ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ កម្ពុជានិងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម ដើម្បីផ្លាស់ប្តូវបទពិសោធន៍ការងារលើការប្រឆាំងបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម៕អត្ថបទ៖ កុម្ភះ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤នៅវត្តបទុមវតី

2024/09/20 05:34:12 pm        152
ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញដឹកនាំ សមាជិកសមាជិកា TYDA, អ.ម.ត, និង កាយឫទ្ធិនារីកម្ពុជា ចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលាលោកជំទាវបណ្ឌិត បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ។ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។សូមរម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗ ទាំងអស់៕ 20/9/24អត្ថបទ៖ សំ ងីម

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត អនុញ្ញាតឲ្យនាយកប្រតិបត្តិក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/09/20 03:55:29 pm        596
នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Minoru Kato នាយកប្រតិបត្តិ និង​ជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនោះដែរ​ លោក​ ជា​ ហ៊ុយ​ អគ្គនាយករង​ ជាតំណាងក្រុមហ៊ុន​ N.C.X Co.,LTD បាន​ប្រគល់​ម៉ូតូ​ចំនួន​ ៥០គ្រឿង​ផងដែរ។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM