ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណាប្រចាំការនៅខេត្តបន្ទាយមានជ័យ

2025/07/24 08:12:21 pm        199
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពីស្ថានភាពក្នុងតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ និងការត្រៀមលក្ខណៈអន្តរាគមន៍របស់ខេត្តដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានិងការរក្សាសន្តិសុខប្រជាពលរដ្ឋខ្មែរ។ កម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែរក្សាសិទ្ធិការពារខ្លួនចំពោះសកម្មភាពបំពានលើអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី៕

​ការវាយប្រហាររបស់ថៃលើប្រាសាទព្រះវិហារ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌពិភពលោក

2025/07/24 07:54:02 pm        396
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និ ងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយ កបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញអន្តរជាតិនានាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ ក្នុងនោះមានដូចជា អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះប្រដាប់អាវុធ, ពិធីសារទីពីរឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការព ង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌, អនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកជាដើម។ សេចក្ដីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិទាំងនេះ ប្រទេសថៃមានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧ ក្រិដ្ឋកម្មសង្គ្រាម។ សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់កា រខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះសកម្ម ភាពបាញ់ផ្លោងមកលើតំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ៕ដោយ៖ គង់ ឌិន

ឯកឧត្តម ប៉ែន បូណា៖គ្រប់បញ្ហាទាំងអស់ដែលកើតឡើងបង្កជាភាពតានតឹង គឺថៃជាអ្នកបង្កឡើង

2025/07/24 07:16:47 pm        144
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា គ្រប់បញ្ហាទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺថៃ ជាអ្នកបង្កឡើងទាំងអស់ ក្រោមហេតុផលថៃ បង្កហេតុព្រោះចង់បានទឹកដីកម្ពុជា។ ការថ្លែងរបស់លោក ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈថៃជាអ្នកបើកការបាញ់ប្រហារឈ្លានពានមុនមកលើកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។​ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងខ្លាំងថា កម្ពុជាចង់បានសន្តិភាព ហើយកម្ពុជាគ្មានជម្រើសយោធាគឺជាជម្រើសចុងក្រោយបំផុតរបស់កម្ពុជា ដូច្នេះបញ្ហាកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ គឺកងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី ពីការរំលោភឈ្លានពានរបស់ថៃឡើយ។

ឯកឧត្តម ជុំ សុន្ទរី៖ការឈ្លានពានរបស់ថៃមកលើកម្ពុជាបានរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន

2025/07/24 07:07:04 pm        205
ភ្នំពេញ ៖ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថាការឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជា ប្រទេសថៃបានរំលោភបំពានលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។​ឯកឧត្តមបានថ្លែងបែបនេះក្នុង សន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅវិមានមិត្តភាពទីស្ដីការគណៈរដ្ឋមន្រ្ដី នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ឯកឧត្តមបានថ្លែងថា នៅព្រឹកថ្ងៃទី២៤ខែកក្កដានេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោស ការវាយប្រហារដោយយោធា ដែលជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាអំពើមួយដែលវារំលោភបំពានលើច្បាប់អន្តរជាតិ ដែលបានកំណត់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ជាមានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន ដែលប្រទេសទាំងពីរជាសមាជិក។ឯកឧត្តមបន្តថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។ភ្លាមៗក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ដោយកម្ពុជាចាត់ទុកថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយ គ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។បើតាមក្រសួងការបរទេស កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន៕

កម្ពុជាស្នើ UN កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា

2025/07/24 06:33:01 pm        388
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៅ ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការឈ្លានពានប្រដាប់អាវុធមកលើប្រទេសកម្ពុជានាពេលថ្មីៗនេះ ដោយកងកម្លាំងយោធាប្រទេសថៃនៅព្រំដែនរវាងកម្ពុជា និង ថៃថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះមក កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយមិនញញើត គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នៅក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត និងសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការឈ្លានពានផ្នែកយោធាដែលមិនកោតក្រែង និងគិតទុកជាមុន ដោយកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ។ ការវាយប្រហារដោយយោធានេះបានបំពានយ៉ាងច្បាស់លើ គោលការណ៍មិនឈ្លានពាន និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយហាមប្រាមការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាទង្វើមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះស្មារតីនៃអ្នកជិតខាងដ៏ល្អ ដែលកម្ពុជាបានប្រឹងប្រែងប្រកាន់ខ្ជាប់ជានិច្ចរហូតមកទល់ពេលនេះ។សម្ដេចបានបន្តថា ដោយប្រឈមនឹងការឈ្លានពានដ៏គឃ្លើននេះ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីឆ្លើយតបដើម្បីការពារខ្លួន ក្នុងបំណងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាសូមអំពាវនាវឱ្យថៃ បញ្ឈប់នូវរាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពបង្ករឿងផ្សេងទៀតដែលអាចបង្កើនស្ថានការណ៍កាន់តែតានតឹង។សម្ដេចធិបតីបានរម្លឹកថា ភាពតានតឹងនៅតាមព្រំដែន និងអរិភាពប្រដាប់អាវុធនៅតែបន្តកើតមានរវាងកម្ពុជា និងថៃ បើទោះបីជាមានអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ក៏ដូចជាផែនទីដែលគូសដោយគណៈកម្មការខណ្ឌចែកព្រំដែនរវាងឥណ្ឌូ-ចិន និងសៀម ដែលត្រូវបានបង្កើតឡើងក្រោមវិធានការអន្តរជាតិទាំងពីរនេះ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MOU-2000) ដែលភាគីទាំងពីរប្តេជ្ញារួមគ្នាបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយផ្អែកលើឯកសារផ្លូវច្បាប់ទាំងនេះ។ដូចករណីមុនៗដែរ អរិភាពតាមព្រំដែនរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ កើតចេញពីការទទូចរបស់ភាគីថៃក្នុងការទាមទារអធិបតេយ្យភាពលើតំបន់ព្រំដែន ដោយប្រើផែនទីគូសដោយឯកតោភាគីរបស់ខ្លួន ដែលខ្វះមូលដ្ឋានផ្លូវច្បាប់ និងផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុស្សរណៈ MOU-2000។ ដើម្បីបង្កើតលេសនៃការឈ្លានពានប្រដាប់អាវុធនាពេលបច្ចុប្បន្ន ប្រទេសថៃក៏បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការពិតមកលើកម្ពុជាជុំវិញការផ្ទុះគ្រាប់មីន បន្ទាប់ពីបុគ្គលិកថៃបានដើរចេញពីផ្លូវល្បាតដែលបានសម្របសម្រួលពីមុនរវាងប្រទេសទាំងពីរ ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងកាត់ទឹកដីកម្ពុជា ដែលត្រូវបានស្គាល់ជាផ្លូវការថាមានកត់ត្រាបញ្ជាក់យ៉ាងច្បាស់ និងលម្អិតពីវត្តមានគ្រាប់មីននៅទីនោះ។នេះជារឿងត្រូវតែថ្កោលទោសយ៉ាងដាច់ខាតចំពោះទង្វើឈ្លានពានបែបនេះដែលកើតឡើង ខណៈកម្ពុជាកំពុងបន្តអនុវត្តយ៉ាងសកម្មនូវនីតិវិធីផ្លូវច្បាប់ដោយសន្តិវិធី និងមិនលម្អៀងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី និងអន្តរជាតិ។ ដូចដែលសហគមន៍អន្តរជាតិបានដឹងលឺរួចមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីវិនិច្ឆ័យលើតំបន់ជម្លោះចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ភាពតានតឹងផ្នែកយោធាបង្កឡើងដោយប្រទេសថៃនេះ បានកើតឡើងបើទោះបីជាមានការអំពាវនាវពីក្នុងតំបន់ និងអន្តរជាតិឱ្យអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការប្តេជ្ញាចិត្តយ៉ាងជាក់ច្បាស់របស់កម្ពុជាក្នុងការសន្ទនាក៏ដោយ រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) របស់យើង នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ដោយចាត់ទុកជាការឈ្លានពានដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាននាពេលថ្មីៗនេះដោយភាគីថៃ ដែលបានគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ សម្ដេចធិបតីបានស្នើឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូតកោះប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ជាបន្ទាន់ ដើម្បីបញ្ឈប់ទង្វើឈ្លានពានរបស់ប្រទេសថៃ៕

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា

2025/07/24 06:30:19 pm        379
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរ​គមនាគមន៍​ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើក​សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ដែលមានចំនួនសរុបប្រមាណ ១៧០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលសម្រាប់រដ្ឋាភិបាលទាំងមូល ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះតាំងពីចុងឆ្នាំ២០២៣ ដោយបានសិក្សាលម្អិតទៅលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលក្នុងបណ្តាប្រទេសមួយចំនួន ព្រមទាំងឯកសារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN) និងអង្គការសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលឱ្យបានផុសផុលដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេចក្ដីព្រាងច្បាប់នេះ សំដៅឆ្លើយតបនឹងសកម្មភាពអាទិភាពរបស់ជាតិ និងឧត្ដមានុវត្តន៍អន្តរជាតិ។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងផ្ដោតទៅលើការគ្រប់គ្រងអភិវឌ្ឍន៍វិស័យឌីជីថល និងបានដាក់ចេញនូវផែនការសកម្មភាពដែលជំរុញការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងពង្រឹងសន្តិសុខឌីជីថល ដែលជាការចង្អុលបង្ហាញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ លើសពីនេះ ក្រសួងនិងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏បានអភិវឌ្ឍថ្នាលរួមរបស់រាជរដ្ឋាភិបាល (Digital Government Products/DGPs) ជាច្រើន ជាពិសេសថ្នាលសេវាសាធារណៈឌីជីថលរួម ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ៕

TOP STORY | សម្ដេចធិបតីអំពាវនាវពលរដ្ឋខ្មែររក្សាសេចក្តីថ្លៃថ្នូរកុំធ្វើសកម្មភាពណាមួយប៉ះពាល់ស្ថានទូតថៃនៅកម្ពុជា ខណៈពលរដ្ឋខ្មែរនៅថៃបើរងសម្ពាធសូមត្រឡប់មកកម្ពុជាវិញ

2025/07/24 06:07:03 pm        196
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅល្ងាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអំពាវនាវពលរដ្ឋខ្មែររក្សាសេចក្តីថ្លៃថ្នូរ កុំធ្វើសកម្មភាពណាមួយប៉ះពាល់ស្ថានទូតថៃនៅកម្ពុជា ខណៈពលរដ្ឋខ្មែរនៅថៃបើរងសម្ពាធសូមត្រឡប់មកកម្ពុជាវិញ។ សម្ដេចនាយកដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូរ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតីបានបន្តថា ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖      ១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក-   ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១-   ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣       ២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ-   ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨-   ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥

អ្នកនាំពាក្យក្រសួងការពារជាតិ៖មកដល់ពេលនេះទាហានកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំដើម្បីប្រឆាំងទាហានឈ្លានពានថៃ

2025/07/24 05:49:46 pm        274
ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានៅពេលវេលានេះ«ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ»កងទ័ពកម្ពុជាបានកំពុងឈរជើងយ៉ាងរឹមមាំ និងច្បាស់លាស់គ្រប់គោលដៅទាំងអស់ ការពារនូវបូរណភាពទឹកដីរបស់ខ្លួនដើម្បីប្រឆាំងការឈ្លានពានរបស់ទាហានថៃ។ ក្នុងសន្និសីទសារព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់រសៀលនេះ ទាហានកម្ពុជា និងថៃបានកំពុងធ្វើការប្រយុទ្ធគ្នានៅឡើយទេពោលគឺបាញ់ប្រហារគ្នាយ៉ាងរប៉េះរប៉ោះ។ ប៉ុន្តែទោះជាយ៉ាងណាកងទ័ព កម្ពុជាយើងគ្មានការរាថយចំពោះការការពារនូវដែនអធិបតេយ្យរបស់ខ្លួនឡើយ ផ្ទុយទៅវិញមានតែទឹកចិត្តអង្គអាចក្លាហានប្រឆាំងនឹងចោរឈ្លានពាន។​នៅក្នុងសន្និសីទសារព័ត៌មាននារសៀលនេះដែរ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា ទាហានឈ្លានពានថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាទាំងព្រឹកព្រហាម ថ្ងៃទី២៤នេះ ហើយបាញ់មុនគេនៅតំបន់ប្រាសាទតាមាន់ធំ និងចំនួន៧កន្លែងទៀតនៅតាមបណ្តោយព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយការបាញ់ប្រហារនោះមិនត្រឹមតែលើកងទ័ពកម្ពុជានោះទេ គឺថែមទាំងបានបាញ់មកលើជនស៊ីវិលកម្ពុជាផងដែរ។អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីមានការបាញ់ប្រហារមកលើទាហានកម្ពុជានោះ ប៉ុន្មាននាទីក្រោយមកកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះឡើយ។យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានរបស់ទាហានថៃ ខណៈការឈ្លានពាននេះថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប និងប្រើប្រាស់អាវុធធនធ្ងន់ និងយន្តហោះចម្បាំងផងដែរ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។ លោកជំទាវបន្ថែមថាការឈ្លានពានរបស់ទាហានថៃ គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕អត្ថបទ ៖ បាន ចក់

TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់

2025/07/24 04:36:44 pm        629
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ថា ពេលនេះ សម្ដេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ផ្ទុយពីការបង្ហោះព័ត៌មានមិនពិតរបស់ព័ត៌មានថៃដែលផ្សាយថាសម្ដេចបានចេញទៅក្រៅប្រទេស។ សម្ដេចតេជោបានសរសេរថា នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។សម្ដេចតេជោបានបញ្ជាក់ថា៖«ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃថា នឹងបិទច្រកចូលប្រាសាទតាមាន់ធំ»។ សម្ដេចតេជោបានបន្តថា មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។ លោកម្នាក់នេះហើយដែលធ្លាប់បាន ព្រមានថានឹងវាយកម្ពុជាដោយប្រើ ពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។សម្ដេចតេជោបានថ្លែងថា ការចុះផ្សាយដែលចរិតកុហក់នៃ អ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។“Don’t Thai to me !”

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន និងសាធារណរដ្ឋកូរ៉េ ប្រជុំគ្នាពីផលប៉ះពាល់ក្នុងតំបន់នៃកម្មវិធី LANDMARK សម្រាប់ជនរងគ្រោះដោយសារមីន

2025/07/24 02:59:37 pm        482
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន អាមម៉ាក់ (ARMAC) សហការជាមួយសាធារណ​រដ្ឋកូរ៉េ ដៃគូអាស៊ាន បានបើកកិច្ចប្រជុំជាមួយនិងអ្នកផ្តល់ជំនួយបច្ចេកទេស ដែលបានបញ្ចប់​កម្មវិធីលើកកម្ពស់ជំនួយជនរងគ្រោះដោយសារមីន ក្នុងរដ្ឋសមាជិកអាស៊ាន នៅវេលាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះស្ថិតនៅ SUN & MOON, Riverside Hotel ក្នុងរាជធានីភ្នំពេញ។ថ្លែងបើកកិច្ចប្រជុំនេះ អ្នកស្រី ប៊ុត រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់​អាស៊ាន( អាមម៉ាក់ )បានសង្កត់ធ្ងន់ថា កម្មវិធីនេះ មិន គ្រាន់តែជាការផ្តោតលើគោលនយោបាយ ឬប្រព័ន្ធនោះទេ តែយើងផ្តោតលើមនុស្ស ជាពិសេសអ្នករស់រានមានជីវិត គ្រួសារ និងសហគមន៍​ដែលកំពុងតែរស់នៅជាមួយកេរ ដំណែលនៃជម្លោះសង្គ្រាម។ អាមម៉ាក់( ARMAC) ក៍មាន​មោទនភាពដែលបានសហការ រួមគ្នាជាមួយនឹងដៃគូដែលមានការប្តេជ្ញាចិត្តមកពីទូទាំងអាស៊ាន រួមជាមួយនិងសាធារណរដ្ឋកូរ៉េផងនោះ។ អ្នកស្រី ប៊ុត រតនា បន្តថា សមិទ្ធិផលសំខាន់ៗក្នុង​រ​យៈពេលបួនឆ្នាំរួមមាន៖ ការចូលរួមរបស់អ្នករស់រានមាន ជីវិត និងអ្នករងផលប៉ះពាល់តាមរយៈ​ការ​ពិគ្រោះយោបល់ថ្នាក់ជាតិ និងការវាយតម្លៃតម្រូវការ។ ហើយនៅក្នុងព្រឹត្តិការណ៍នេះ ARMAC បានប្រគល់ជាផ្លូវការនូវឈុតឧបករណ៍គោល នយោបាយ ការសិក្សាថ្នាក់ជាតិ និងសម្ភារៈ​បណ្តុះបណ្តាលដល់រដ្ឋសមាជិកអាស៊ាន។ អ្នកស្រីបញ្ជាក់ទៀតថា នេះមិនមែនជាការបញ្ចប់ទេ គឺ​ជា​ការ​អំពាវនាវឲ្យបន្តរួមសហការជាមួយដៃគូរបស់យើងតទៅទៀត។ដោយ ARMAC ត្រៀមខ្លួនរួច​ជា​ស្រេចក្នុងការពង្រឹងឥទ្ធិពលរបស់យើង និងសម្រេចឲ្យ បាននូវចក្ខុវិស័យរួមគ្នាមួយគឺ អាស៊ាន​គ្មានមីន ដែលអ្នកនៅរស់រានមានជីវិតទាំង អស់ ត្រូវបានផ្តល់សិទ្ធិអំណាចឱ្យរស់នៅដោយសេចក្តី​ថ្លៃថ្នូរ និងក្តីសង្ឃឹម។ជាមួយគ្នានេះ ឯកឧត្តម Lee Jang-keun ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំអាស៊ាន ក៏បានបញ្ជាក់​ជា ថ្មីនូវការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់កូរ៉េចំពោះសកម្ម ភាពមីន និងសាមគ្គីភាពអាស៊ាន​ថា កម្មវិធីនេះបង្ហាញពីស្មារតីពិតនៃភាពជាដៃគូរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ ផលប៉ះពាល់​មិនត្រឹមតែត្រូវបានវាស់នៅក្នុងស្ថិតិ ឬរបាយការណ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងរឿងបុគ្គលនៃភាព​ធន់ និងក្តីសង្ឃឹមជាថ្មី ដូចដែលបានថតនៅក្នុងភាពយន្ត ឯកសារ Voice of Victim នោះដែរ ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ការវិនិយោគនៅក្នុងកម្មវិធីបែបនេះគឺជាការវិនិយោគក្នុងសន្តិភាព ស្ថិរភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាមូលដ្ឋាន ។ ដោយ​ឡែកឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ានបានមានប្រសាសន៏ថា សារៈសំខាន់​ជាយុទ្ធសាស្ត្រ និងមនុស្សធម៌នៃកម្មវិធីគំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះផ្តល់សិទ្ធិអំណាចដល់ជន​រង​គ្រោះដោយសារគ្រាប់មីន មិនមែនគ្រាន់តែជាការសង្គ្រោះទេ ប៉ុន្តែដើម្បីដឹកនាំ និងបំផុសគំនិត​ជាភ្នាក់ងារនៃការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ។ ឯកឧត្តម កៅ គឹមហួន បញ្ជាក់ថា បណ្តាញជំនួយជនរងគ្រោះ និងវេទិកាឌីជីថលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការសម្របសម្រួល និងសេវាកម្មគាំទ្រនៅទូទាំងតំបន់។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលម៉ាឡេស៊ី ដែលជាប្រធានបច្ចុប្បន្ននៃអាមម៉ាក់(ARMAC) និងអាស៊ាន បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយប្រសិទ្ធ​ភាព និងឥទ្ធិពលដែលចាក់ឫសនៅក្នុងតម្លៃអាស៊ាននៃសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយបរិយាប័ន្ន ។សូមបញ្ជាក់ថា កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ២០២១ កន្លងមក និងផ្តល់មូលនិធិតាមរយៈការរួមចំណែក​ដ៏​សប្បុរសចំនួន ២លានដុល្លារពីមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) បានគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងថ្នាក់ជាតិ និងតំបន់ក្នុងការពង្រឹងសេវាជំនួយជន រងគ្រោះនៅទូទាំងរដ្ឋសមាជិកអាស៊ានចំនួនប្រាំដែលរងផលប៉ះពាល់ដោយសារមីន/ERW-មានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ជាមួយគ្នានេះសិង្ហបុរី តាមរយៈ SingHealth ក៏បានចូលរួមចំណែកគាំទ្រ​ផ្នែកបច្ចេកទេសដ៏សំខាន់ផងដែរ៕ អត្ថបទ,ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM