ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

ព័ត៌មានជាតិ

កំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធការ​ឈ្លានពាន​ពីភាគី​ថៃមក​លើកម្ពុជា

2025/07/24 01:39:37 pm        616
យោងតាមសេចក្តីថ្លែងការណ៍​របស់អ្នកនាំ​ពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីពេលវេលា​ទៅតាមដំណាក់កាល​នីមួយ​ៗ​ ដែលភាគីថៃបាន​ឈ្លានពាន​មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ខាងក្រោមនេះជាកំណត់ហេតុដែលបានចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា៖ -ម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាព​បំពានលើកិច្ច​ព្រម​ព្រៀង​ដែល​បាន​ឯក​ភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួស​បន្លា​តាម​ជើង​ប្រាសាទ​-ម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី-ម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ-ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លាន​ពាន​ថៃ​បាន​បើក​ការ​បាញ់ប្រហារមុនមក​លើ​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និង​បាន​ពង្រីក​ភូមិ​សាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​ចំនួន​០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែល​កង​ទ័ព​កម្ពុជា​បាន​នឹង​កំពុង​ឈរ​ជើង​ការ​ពារ​បូរ​ណ​ភាព​​ទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។-ម៉ោង ០៨:៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួនក្នុង​ដែនអធិបតេយ្យ និងបូរណភាពទឹក​ដី​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ទាហាន​ថៃ​ដែល​បានបំពានលើបូរណភាពទឹកដីកម្ពុជា។តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិបាន​បញ្ជាក់ដែរថា ការ​ប្រើ​ប្រាស់​សព្វា​វុធ​​ធន់​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បី​ទន្ទ្រាន​យក​ទឹកដីកម្ពុជា គឺជាការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និងគោល​ការណ៍​ជា​មូលដ្ឋា​ននៃ​ច្បាប់អន្តរជាតិ។ សកម្មភាព​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ និងខុសច្បាប់បែបនេះ ប​ង្ក​គ្រោះ​ថ្នា​ក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មូល​ដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោល​ទោស​ដោយ​មិនស្ទាក់ស្ទើរ និង​យ៉ាង​ម៉ឺង​ម៉ាត់ ​ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយ​ត្រូវ​ឱ្យ​ភាគី​ថៃ​ទទួលខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កម្រោលរបស់ខ្លួន។ កម្ពុជា​អំពាវ​នាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់អរិភាពជាបន្ទាន់ ដក​កម្លាំង​ទៅ​ខាង​ព្រំដែនរបស់ខ្លួន និងជៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​អាចធ្វើឱ្យស្ថាន​ការណ៍​កាន់​តែ​តាន​តឹង​៕ 

TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

2025/07/24 01:17:42 pm        1147
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិត​ជូនឯកឧត្តម Asim Iftikhar Ahmad ប្រធាន​ប្តូរ​វេន​​ក្រុ​ម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់ខែកក្កដាឆ្នាំ២០២៥ ស្នើសុំ​​កោះប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​បន្ទាន់ ដើម្បី​សុំ​ការ​អន្តរាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់កម្ពុជា​។

TOP STORY | រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និង​អរិភាព​របស់​ប្រទេស​ថៃ

2025/07/24 12:52:36 pm        725
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន​ជម្រាប​ជូន​សហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិត​ទុក​ជា​មុន និងដោយចេតនាមកលើទីតាំង ឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និង​ធ្ងន់​ធ្ងរ​លើ​ច្បាប់​អន្តរជាតិរួម​ទាំង​គោល​ការណ៍​ជា​មូល​ដ្ឋាន​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ​ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង​ប្រឆាំង​នឹង​បូរណ​ភាព​ទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និង​អរិភាព​នេះ​រប​ស់​ប្រទេសថៃ។ ការឈ្លានពានខាង​យោធា​ដោយ​គ្មាន​មូល​ហេតុ​បែប​នេះ​មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្ហាញ​ពី​ការ​មិន​យក​ចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។ កម្ពុជា​អំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និង​ចៀស​វាង​សកម្ម​ភាពញុះញង់ដែលអាចធ្វើ ឲ្យស្ថានការណ៍កាន់តែតានតឹង។កម្ពុជា​បញ្ជាក់​ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ យ៉ាងណាក៏ដោយកម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែល​ត្រូវ​បានទទួលស្គាល់ក្នុងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយ​នឹង​ចាត់​រាល់​វិធាន​ការ​ចាំបាច់​ដើម្បីការពារអធិ បតេយ្យបូរណភាពទឹកដី និងសុវត្ថិភាពរបសលផលនេះខ្លួន៕

ក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោល​ទោសយ៉ាងដាច់​អហង្ការ​ចំពោះ​ទង្វើ​ឈ្លាន​ពាន​យោធា​យ៉ាង​កម្រោល សាហាវ ឃោរឃៅ របស់ប្រទេសថៃ មកលើអធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា

2025/07/24 11:44:44 am        425
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា ប្រកាសថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​ឈ្លាន​ពាន​យោធា​យ៉ាង​កម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា ប្រកាស​ថ្កោល​ទោស​យ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ​របស់ប្រទេស​ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃ​បាន​​ចាប់​ផ្តើម​បង្ក​សកម្មភាព​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ដែល​បានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូល​រាយ​លួស​បន្លា​តាម​ជើង​ប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយ​នៅ​វេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ព​ឈ្លាន​ពាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មុន​មក​លើ​កង​ទ័ពក​ម្ពុជា​នៅតំ​បន់​ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និង​បាន​ពង្រីក​ភូមិ​សាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់​យន្ត​ហោះ​ចម្បាំង​ទម្លាក់​ចំនួន​០២​គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុង​ឈរ​ជើង​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កង​កម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួន​ក្នុង​ដែន​អធិប​តេយ្យ​ និងបូរណភាពទឹកដីរបស់ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ទាហាន​ថៃ​ដែល​បាន​បំពាន​លើ​បូរណភាពទឹកដីកម្ពុជា។អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា ការប្រើប្រាស់សព្វាវុធ​ធន់​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោល​ការណ៍​ជា​មូលដ្ឋា​ននៃ​ច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ ប​ង្ក​គ្រោះ​ថ្នា​ក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មូល​ដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។តាមរយៈអ្នកនាំ​ពាក្យក្រសួងាការពារជាតិ កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោល​ទោស​ដោយ​មិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយ​ត្រូវ​ឱ្យ​ភាគី​ថៃ​ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជា​អំពាវ​នាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​អាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ខណៈពេលដែល​កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈ​មធ្យោបាយ​ផ្លូវ​ច្បាប់ និងការទូត ក្រសួងការពារជាតិបញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ពេញ​លេញ​របស់​កង​យោធ​ពល​ខេមរភូមិន្ទដើម្បីការពារអធិបតេយ្យភាព និងប្រជាជនរបស់ព្រះរាជាណាចក្រកម្ពុជា ទោះ​ក្នុង​តម្លៃណាក៏ដោយ។ យោងតាមមាត្រា 51 នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជា​រ​ក្សា​សិទ្ធិ​ស្រប​ច្បាប់របស់ខ្លួនក្នុងការការពារខ្លួន ហើយនឹងឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​អំពើ​ឈ្លាន​ពាន​យ៉ាង​កម្រោល​របស់ថៃ។អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បញ្ជាក់ឡើងវិញ​នូវ​សិទ្ធិ​អធិប​តេយ្យ​របស់​យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន​របស់​យើង ទោះក្នុងតម្លៃណាក៏ដោយ។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការ​បំភិត​បំភ័យ​ទោះ​ក្នុង​ទម្រង់​ណាមួយឡើយ។រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និង​អធិបតេយ្យភាពរបស់យើងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ក្រសួង​ការពារជាតិសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​គ្រប់​ប្រភេទ​សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជា​ពិសេស​រូប​ភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និង​គ្រឿង​សព្វាវុធគ្រប់ប្រភេទ៕

TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

2025/07/24 10:31:40 am        845
ភ្នំពេញ៖ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ២០២៥នេះថា នៅព្រឹកថ្ងៃនេះ កង​ទ័ព​ថៃ​បាន​បើកការវាយប្រហារមក​លើ​ទីតាំង​ឈរ​ជើង​របស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និង​បានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ​ក្នុង​ករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដោយ​ប្រដាប់អាវុធនោះទេ។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ​ក្នុង​ករណី​នេះ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពីការ​ឆ្លើយ​តប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដោយប្រដាប់អាវុធនោះទេ។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជា​ពិសេស​កង​កម្លាំង​ប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកប​ដោយ​ភាព​ក្លាហាន​មោះ​មុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង​ឧត្តម​ប្រយោជន៍​របស់​ជាតិ​យើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។ សម្ដេចធិបតី អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើ​រាជ​រដ្ឋាភិបាល​ និង​កង​កម្លាំង​ប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូម​រក្សា​ភាព​ស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕

TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

2025/07/24 09:59:51 am        874
សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទទួល​បន្ទុក​​ជា​អគ្គភស្តុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ព ខណៈពេលនេះកងទ័ពកម្ពុជា និង​ថៃ​បាន​កំពុង​ប៉ះ​ទង្គិចគ្នា ដូច្នេះសូមបង​ប្អូន​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬ​ការ​លក់​ទំនិញ​ដំឡើង​ថ្លៃ​សោះ។ភ្លាមក្រោយកងទ័ពឈ្លានពានថៃធ្វើការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតាមបណ្តោយព្រំ ដែន​ខេត្ត​ឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន​សង្កត់​ធ្ងន់ ថា «ការ​ឈ្លាន​ពាន​ដូច​យោធា​ថៃ​ថា​និង​បិទ​ប្រាសាទ​តាមាន់​ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទ​បញ្ជា​ពីម្សិល​ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កង​ទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វីក្រៅពីតបតនឹងវាយបកនោះឡើយ។ សូម​បង​ប្អូន​ជន​រួម​ជាតិ​កម្ពុជា​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញអង្ករទំនិញស្តុកទុក ឬការ​លក់​ទំនិញដំឡើងថ្លៃ។ល។»សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សូមប្រកប​កិច្ច​ការ​ធម្មតា​លើ​គ្រប់​វិស័យ និង​គ្រប់​ទី​កន្លែង​លើក​លែង​តែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កងទ័ព​ឈ្លាន​ពា​ន​ថៃ​។ សូម​ជន​រួម​ជាតិ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​៕

TOP STORY | សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ ​កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ

2025/07/24 09:45:01 am        985
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានបញ្ជាក់ថា ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើកងទ័ពកម្ពុជាហើយ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបក​នោះ​ឡើយ។សម្ដេចតេជោ​បានបន្តថា ការឈ្លានពានដូចយោធាថៃថា និង​បិទ​ប្រាសាទ​តាមា​ន់ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទបញ្ជាពីម្សិល ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ។សម្ដេចថ្លែងថា៖ «កងទ័ពកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ»។សម្ដេចតេជោ​បានអំពាវនាវដល់ បងប្អូនជនរួមជាតិកម្ពុជាកុំភ័យ​ស្លន់ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬការលក់ទំនិញដំឡើងថ្លៃ។ល។សម្ដេចបាន​អំពាវនាវឱ្យពលរដ្ឋប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង​លើក​លែង​តែ​តំបន់​ជាប់​ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កង​ទ័ព​ឈ្លាន​ពា​ន​ថៃ​។សម្ដេចតេជោបញ្ជាក់ថា «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធ​របស់​យើង​»​៕

BREAKING NEWS!! មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

2025/07/24 09:14:35 am        1306
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះបានបញ្ជាក់ថា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

កម្ពុជាប្រកាសសម្រេចទម្លាក់កម្រិតការទូតកម្ពុជា-ថៃ ឱ្យមកនៅទាបបំផុតត្រឹមលេខាទី២ហើយតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជា

2025/07/24 07:26:50 am        1064
ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួល ចេញពីកម្ពុជាដូចគ្នា។នេះ បើយោងប្រភពពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងបន្ថែមទៀតថា ការប្រកាសបណ្តេញមន្ត្រីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្ដថា ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើភាគីកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ច សន្ទនា និងបានជ្រើសរើសយកការប្រឈមមុខគ្នាជំនួសវិញ ។ 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន

2025/07/23 10:07:45 pm        283
ភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM