សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន

2025/07/23 10:07:45 pm        283
ភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

2025/07/23 08:59:38 pm        177
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើ្ជញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ, នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។​ សមាសភាពចូលរួមនាពិធីនោះ រួមមានឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំទទួលបន្ទុក មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គភាពក្រោមក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការ Vital Strategies,WHO, C/Can, JICA, Malaria Consortium, KHANA, CHAI, HACC សរុបចំនួន ១៨៦នាក់។គោលបំណងនៃការរៀបចំប្រព័ន្ធកត់ត្រាបញ្ជីជំងឺមហារីកនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺមហារីក ដោយទិន្នន័យជំងឺមហារីកនាពេលបច្ចុប្បន្ន និងការព្យាករណ៍នាពេលអនាគត នឹងប្រើប្រាស់សម្រាប់គាំទ្រក្នុងការសម្រេចចិត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងយុទ្ធសាស្រ្តសម្រាប់ការបង្ការ ការរកឃើញទាន់ពេលវេលា ការគ្រប់គ្រងគ្លីនិក និងការថែទាំសម្រាប់អ្នកជំងឺមហារីក។ សូមរំលឹកផងដែរ ជំងឺមហារីក ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងចម្បងដទៃទៀត រួមមាន ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ កំពុងគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ។  នាឱកាសពិធីនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពសកម្ម និងចាត់ទុកជំងឺមិនឆ្លង ពិសេសជំងឺមហារីកជាអាទិភាពមួយ និងសូមធ្វើការរួមគ្នា ដោយបុរេសកម្ម ជាពិសេសការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈ៖១. ត្រូវបង្កើនការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ឱ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព។២. ជំរុញ និងពង្រឹងកិច្ចសហប្រតិបតិ្តការយន្តការសម្របសម្រួល និងបង្កើនការអប់រំ ផ្សព្វផ្សាយលើអន្តរាគមន៍។៣. បង្កើនការអនុវត្តផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការកាពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២២-២០៣០។៤. ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្រ្ត និងជំនាញវិជ្ជាជីវៈអមវេជ្ជសាស្រ្ត ដើម្បីឱ្យធនធានមនុស្សសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការបម្រើសេវាថែទាំ ព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។៥. ជំរុញឱ្យមានការចូលរួមពីស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធនានា ជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដោយនៅមណ្ឌលសុខភាពត្រូវតែយកចិត្តទុកដាក់ អនុវត្តផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ក្នុងការពិនិត្យ និងស្វែងរករោគសញ្ញាវិធីសាស្រ្តការពារ។ នៅតាមមណ្ឌលសុខភាពរៀបចំឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺថ្លើម ជំងឺមហារីកមាត់ស្បូនទៅតាមអាយុគោលដៅ និងពិនិត្យលទ្ធភាព ក្នុងការធ្វើតេស្តរកមេរោគមហារីកចំពោះករណីសង្ស័យ។ ចំពោះមន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងស្រុក ត្រូវមានយន្តការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងត្រូវមានការសហការគ្នាក្នុងករណីត្រូវបញ្ជូន ហើយប្រាកដថាការបញ្ជូននោះមានការផ្តល់ និងទទួលព័ត៌មាន ជាមួយឯកសារច្បាស់លាស់។ ចំពោះមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យមានរោគវិនិច្ឆ័យកម្រិតខ្ពស់ និងស៊ីជម្រៅ ហើយបន្តឱ្យមានការព្យាបាលតាមវិធីសាស្រ្តបច្ចេកទេសដែលមាន។ឯកឧត្តមសាស្រ្តចារ្យ បានបន្ថែមពីការកែលម្អនូវចំណុចខ្វះខាតមួយចំនួនឱ្យប្រសើរដោយ ១)ត្រូវរៀបចំគោលការណ៍ឱ្យបានច្បាស់លាស់ និងពង្រឹងការធ្វើអភិបាលកិច្ច ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ២) ពង្រឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីក ៣) ពង្រឹងការផ្សាភ្ជាប់គ្នាឱ្យបានល្អរវាងការរកឃើញមេរោគមហារីក និងការព្យាបាល ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធឱ្យបានច្បាស់លាស់ ៤) ពិនិត្យ ការផ្សព្វផ្សាយអប់រំ និងការការពារ ឱ្យមានភាពស៊ីសង្វាក់គ្នា ៥) បន្តខិតខំពង្រឹងសមត្ថភាពគ្រូពេទ្យឯកទេស និងមិនមែនឯកទេស ដើម្បីបង្កើនធនធានមនុស្សធ្វើការងារជានិរន្តភាព ៦) យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យចំពោះករណីជំងឺមហារីក ៧) បន្តសហការជាមួយសហគមន៍ និងស្ថាប័នផ្សេងៗទៀត ដើម្បីជួយគាំទ្រ៕អត្ថបទ រដ្ឋា

ឯកឧត្តម ហេង រតនា៖គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងនៅតំបន់មុំបីជាមីនចាស់បើមីនថ្មីមិនត្រឹមតែដាច់ជើងទេគឺអាចដល់ស្លាប់

2025/07/23 08:54:28 pm        445
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានអះអាងថា គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងកាលពីកន្លងទៅថ្មីៗនៅតំបន់មុំបីនោះគឺជាមីនចាស់ ហើយប្រសិនបើមីនថ្មីដូចការចោទប្រកាន់របស់ថៃនោះ មិនត្រឹមតែដាច់ជើងប៉ុណ្ណោះទេ វាអាចឈានដល់ស្លាប់ ហើយមួយវិញទៀតករណីផ្ទុះនេះនៅក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានយល់ស្របទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី«ការបដិសេដការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស» និងបានបញ្ជាក់ច្បាស់ថា ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដី គឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។  ឯកឧត្តម ហេង រតនា បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា បើផ្អែកលើស្ថានភាពជាក់ស្តែងឃើញ ថាករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡើយទេ។ ឯកឧត្តមបានបន្ថែមទៀតថា បើពិនិត្យស្ថានភាពនៃទាហានសៀមរងរបួសដាច់«កជើង»ម្ខាងនោះ អាចបញ្ជាក់ថា ការផ្ទុះអាចបង្កឡើងដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប ដូចជាប្រភេទមីន72A ឬ72B ឬ M14 ឬ MN79 ឬក៏MD82B ជាដើម ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាម និងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។  បើតាមអគ្គនាយកស៊ីម៉ាក់រូបនេះ បានបញ្ជាក់បន្ថែមទៀតថា« ប្រសិនបើទាហានសៀមនោះ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2 និងស្របតាមការចោទប្រកាន់ថាជាគ្រាប់មីនPMN-2ថ្មីផងនោះ ទាហានរូបនេះអាចដាច់ជើងទាំង២ ឬក៏រងរបួសធ្ងន់ធ្ងរ ឬក៏ស្លាប់តែម្តង ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។ ការសន្និដ្ឋាននេះដោយផ្អែកលើភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន PMN-2 ជាច្រើនករណីកន្លងមកនៅកម្ពុជា»។  តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា ចម្ការមីនរាប់រយគីឡូម៉ែត្រស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងបូរណភាពទឹកដីកម្ពុជាមិនទាន់ធ្វើការបោសសម្អាតគ្រាប់មីនទាំងនោះនៅឡើយទេ ដោយសារកម្ពុជាបន្តខិតខំអនុវត្តការបោសសម្អាតមីនតាមការកំណត់អាទិភាពបម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងការគាំទ្រសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕អត្ថបទបាន ចក់​

ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម

2025/07/23 08:05:27 pm        111
ភ្នំពេញ ៖ ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រ និងលើកទឹកចិត្ដដល់សហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ និង វាយតម្លៃភាពអនុលោមឱ្យកាន់តែទូលំទូលាយ ដើម្បីធានាដល់ផលិតផល សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងរបស់សហគ្រាសនីមួយៗ បាន អនុលោមតាមស្តង់ដា និងបទប្បញ្ញត្តិត្រឹមត្រូវ។​ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វាយតម្លៃទទួលស្គាល់នៃកម្ពុជា ថ្លែងក្នុងពិធីបើកទិវាវាយតម្លៃទទួលស្គាល់ពិភពលោកប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “ការវាយតម្លៃ ទទួលស្គាល់៖ លើកកម្ពស់សក្តានុពលសហគ្រាសធុនតូច និងមធ្យម” នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញ SME នេះបើ យោងតាមអង្គការពាណិជ្ជកម្មពិភពលោក សហគ្រាសធុនតូច និងមធ្យម មានប្រមាណ ៩៥% នៃធុរកិច្ចសកល ដែលបានជួយបង្កើត ការងារបានប្រមាណ ៦០% នៃការងារសរុបរបស់ពិភពលោក។ ទោះបីជាសហគ្រាសធុនតូច និងមធ្យមមានសារៈសំខាន់ សម្រាប់ សេដ្ឋកិច្ចសកល យ៉ាងនេះក្ដីក៏នៅមានសហគ្រាសធុនតូច និងមធ្យមមួយចំនួន នៅជួបបញ្ហាប្រឈម និងជួបឧបសគ្គជាច្រើនដូចជា ការលំបាកក្នុងការនាំចេញ របាំងបច្ចេកទេសនៃការធ្វើពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យដោយសារសហគ្រាស ធុនតូច និងមធ្យមមួយចំនួននោះ មិនបានគោរព តាមលក្ខខណ្ឌបទប្បញ្ញត្តិនិងអនុលោមតាមតម្រូវការនៃគោលការណ៍ស្តង់ដា។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ទិវាវាយតម្លៃទទួលស្គាល់នៅឆ្នាំនេះ ក៏មានគោលបំណងគាំទ្រ និងលើកទឹកចិត្ដឱ្យ សហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ និងវាយតម្លៃភាពអនុលោមឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីធានាថា ផលិតផល សេវាកម្មនិងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន បានអនុលោមតាមស្តង់ដា និងបទប្បញ្ញត្តិត្រឹមត្រូវ។សូមបញ្ជាក់ថា ទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ ការវាយតម្លៃទទួលស្គាល់៖ លើកកម្ពស់សក្ដានុពល សហគ្រាសធុនតូច និងមធ្យម បានផ្ដួចផ្ដើមឡើងដោយស្ថាប័នអន្ដរជាតិ International Accreditation Forum (IAF) និង International Laboratory Accreditation Cooperation (ILAC) ដែលមានគោលបំណងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការ យល់ដឹងអំពីសារៈសំខាន់ នៃការងារវាយតម្លៃទទួលស្គាល់ និងការងារវាយតម្លៃភាពអនុលោម ក្នុងការរួមចំណែកជួយពង្រឹងដល់ សហគ្រាសធុនតូច និងមធ្យម ឱ្យមានសមត្ថភាពប្រកួតប្រជែង ប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងគុណភាពផលិតផល របស់ខ្លួន៕អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាព្យួរអាជ្ញាបណ្ណកាស៊ីណូហេងហេង1នៅស្រុកស្នូលខេត្តក្រចេះ សង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/07/23 07:38:38 pm        307
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥បានចុះហត្ថលេខា សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូរបស់ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណដែលមានកាស៊ីណូឆ្មោះហេង ហេង1 ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។ការព្យួរអាជ្ញាបណ្ណកាស៊ីណូ របស់ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណដែលមានកាស៊ីណូឈ្មោះហេង ហេងនេះ បន្ទាប់ពីសមត្ថកិច្ចសង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ។សេចក្តីសម្តេចបានបញ្ជាក់ថា ការព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG 1) រហូតដល់ក្រុមហ៊ុនបង្ហាញភស្តុតាងបញ្ជាក់ពីភាព ស្អាតសុំពុំបានប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីរកឃើញថា ក្រុមហ៊ុនពិតជាបានប្រព្រឹត្តិបទល្មើសពិតមែន,គ.ល.ក.នឹងដកហូតអាជ្ញាបណ្ណកាស៊ីណូ តាមនីតិវិធីជាធរមាន។ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ មិនត្រូវលួចបើកដំណើរការអាជីវកម្មកាស៊ីណូ ជាដាច់ខាត។ ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ មានកាតព្វកិច្ចបង់ប្រាក់ផាកពិន័យ និងកម្រៃផ្សេងៗ ជូនគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធអាករ កាតព្វកិច្ច សវនកម្មប្រចាំឆ្នាំនiងកាតព្វកិច្ចផ្សេងទៀត និងត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និង ភាគីទីបី ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។  ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ ដែលមានកាស៊ីណូឈ្មោះ ហេង ហេង 1 ត្រូវយក អាជ្ញាបណ្ណកាស៊ីណូរលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មកតម្កល់ទុកនៅ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ រាល់សេចក្ដីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។អគ្គលេខាធិការ គ.ល.ក. អគ្គលេខាធិការរង គ.ល.ក. ប្រធាននាយកដ្ឋានក្រោមឱវាទអគ្គ លេខាធិការដ្ឋាននៃ គ.ល.ក. និងសាមីក្រុមហ៊ុន ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។បើយោងតាមរបាយការណ៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ គោរពផ្ញើជូន ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំង សង្ស័យមានសកម្មភាពប្រព្រឹត្តល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅចំណុចភូមិ ត្រពាំងស្រែ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ក្នុងប្រតិបត្តិការបង្ក្រាបនោះ ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១នាក់ ស្រី ៦១នាក់ មាន ៧សញ្ជាតិ រួមមាន៖ ជនជាតិចិនចំនួន ៦៤នាក់ ស្រី ៤នាក់ (ក្នុងនោះជនជាតិចិនតៃវ៉ាន់ចំនួន ៣នាក់ ស្រី ១នាក់), វៀតណាម ចំនួន ៨៥នាក់ ស្រី ២៥នាក់, ឥណ្ឌូនេស៊ីចំនួន ៦៧នាក់ ស្រី ២០នាក់, បង់ក្លាដេសចំនួន ១៥នាក់ ស្រី ០០នាក់, ថៃចំនួន ៧៨នាក់ ស្រី ១១នាក់, ឡាវ ១នាក់ ស្រី ១នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ១នាក់ ស្រី ០០នាក់។ ដកហូតសម្ភាររួមមាន កុំព្យូទ័រលើតុចំនួន ៤៥៦គ្រឿង និងទូរស័ព្ទដៃចំនួន ៣.០៥៥គ្រឿង។ បច្ចុប្បន្នជនបរទេសទេសទាំងនោះ កំពុងឃាត់ខ្លួន និងសម្ភារដកហូតរក្សាទុកនៅស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ “គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តក្រចេះ នឹងបន្តធ្វើកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឺងម៉ាត់៕

ទូតវៀតណាមគាំទ្រ១០០%លើកិច្ចសហប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមជួយកម្ពុជាលើការងារនេះ

2025/07/23 06:51:12 pm        149
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប ដែលមានសមាសភាពពីក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា គ.ប.ឆ.ប គឺជាយន្តការបំពេញបន្ថែមលើយន្តការមានស្រាប់របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត។ ក្រោយការបង្កើតគ.ប.ឆ.ប. កម្ពុជាបានធ្វើការស្រាវជ្រាវស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងអនុវត្តវិធានការច្បាប់លើទីតាំងសង្ស័យ។  ឯកឧត្តមសន្តិបណ្ឌិតក៏បានជម្រាបជូនពីលទ្ធផលនៃប្រតិបត្តិការនាពេលថ្មីៗនេះ និងបានបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមបានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាថ្មីទេ។ បញ្ហានេះបានកើតឡើងមិនមែនតែនៅកម្ពុជាទេ គឺមាននៅប្រទេសផ្សេងជាច្រើនទៀត។ វៀតណាមសូមវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងលទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ។ ឯកឧត្តម បានគាំទ្រ១០០% លើកិច្ចសហប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមលក្ខណៈជួយទាំងការទប់ស្កាត់ និងការស្រាវជ្រាវ ស៊ើបអង្កេតក្នុងករណីមានសំណូមពរ។ លើសពីនេះ ឯកឧត្តម ផ្ទាល់ក៏បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ និងបានកត់សម្គាល់ថា ឧក្រិដ្ឋជនតែងបានរត់ពីប្រទេសមួយ ទៅប្រទេសមួយ។ វៀតណាមសូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្រ្កាប បោសសម្អាត និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ កន្លងមក។ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈចំពោះវិធានការបន្ទាប់ សំដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការចែករំលែកព័ត៌មាន និងការសម្របសម្រួលបញ្ជូនពលរដ្ឋវៀតណាមពាក់ព័ន្ធ ត្រលប់ទៅមាតុប្រទេសវិញ៕

កម្ពុជា-ជប៉ុន បើកទំព័រកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យបរិស្ថានតាមផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកល

2025/07/23 06:34:11 pm        132
ភ្នំពេញ ៖ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានលើបច្ចេកវិទ្យាផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល រួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ ឈានទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ។ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យបរិស្ថាននេះ បានប្រព្រឹត្តទៅនៅក្នុងជំនួបពិភាក្សាសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXA នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ជាមួយគ្នានេះ លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXAបានបង្ហាញសមត្ថភាពដ៏ទំនើបរបស់ ក្នុងការប្រមូលទិន្នន័យបរិស្ថានតាមរយៈផ្កាយរណប ដែលរួមមាន ផែនទីជីវម៉ាស (Biomass Map) ជួយឱ្យកម្ពុជាដឹងពីបរិមាណជីវម៉ាស និងកាបូនដែលស្រូបយកបានពីព្រៃឈើ។ ផែនទីព្រៃកោងកាង (Mangrove Map) ដែលអាចជួយតាមដានការប្រែប្រួលផ្ទៃដីព្រៃកោងកាងចាប់ពីឆ្នាំ ១៩៩០ និងផែនទីគម្របដី និងការប្រើប្រាស់ដី (Land Cover/Use Map) ដែលមានកម្រិតច្បាស់ ១០ ម៉ែត្រ អាចកំណត់ប្រភេទដីបានរហូតដល់ទៅ ១៥ប្រភេទ ដូចជាប្រភេទដីទីក្រុង វាលស្រែ ព្រៃឈើ និងវាលស្មៅជាដើម។ លើសពីនេះ ការត្រួតពិនិត្យការបំភាយមេតានពីវាលស្រែ (Methane Emission Monitoring) តាមរយៈការតាមដានកម្រិតទឹកក្នុងវាលស្រែ គឺជាផ្នែកមួយបន្ថែមទៀត ក្នុងការកាត់បន្ថយការបំភាយមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ JAXA និងគាំទ្រចំពោះបច្ចេកវិទ្យាផ្កាយរណបជប៉ុន ក្នុងការប្រមូលទិន្នន័យបរិស្ថាន ទុកជាឃ្លាំងទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធផ្កាយរណបនាពេលបច្ចុប្បន្ន។ និងគាំទ្រឱ្យ JAXA ក្លាយជាភ្នាក់ងារផ្ទៀងផ្ទាត់ឥណទានកាបូន នៅតំបន់អាស៊ាន ដើម្បីជួយបញ្ជាក់ពីភាពត្រឹមត្រូវរបស់កម្ពុជា លើការងារផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានរវាង ៦ខែម្តង ឬតិចជាងនេះ នៅក្នុងការពិនិត្យ និងវាយតម្លៃការបាត់បង់ព្រៃឈើ និងការស្រូបយកកាបូន សម្រាប់ព្យាករណ៍លើការដាំដុះឡើងវិញ ឱ្យបានសមស្រប និងសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យ JAXA កំណត់អត្តសញ្ញាណកោះមួយនៅកម្ពុជា និងប្រែក្លាយឱ្យទៅជា កោះអព្យាក្រឹតកាបូនដំបូងគេនៅក្នុងតំបន់អាស៊ាន ដោយ JAXA វាយតម្លៃសមត្ថភាពស្រូបយកកាបូន និងប៉ាន់ប្រមាណលើចំនួនដាំស្តារដើមឈើ បន្ថែម ដើម្បីបង្កើត ទីផ្សារឥណទានកាបូន នៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យសំខាន់ៗផ្សេងទៀតដូចជា ថាមពល ឧស្សាហកម្ម និងការគ្រប់គ្រងសំណល់ជាដើម។ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយបន្ថែមទៀត ក្នុងការសម្រេចបានស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ក៏ដូចជាការប្តេជ្ញារបស់កម្ពុជា រួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ដែលដឹកនាំដោយលោក Osamu Ochiai នាយកមជ្ឍមណ្ឌលស្រាវជ្រាវអង្កេតព័ត៌មានផែនដី (EORC) និងសមាជិកប្រតិភូ JAXA នៅក្នុងឱកាសសំដែងការគួរសមនេះ ក៏បានធ្វើបទបង្ហាញពី ទិដ្ឋភាពបច្ចេកទេសអំពី វឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការប្រើប្រាស់បច្ចេកវិទ្យា និងរូបភាពផ្កាយរណប លើការផលិតផែនទីជីវម៉ាសព្រៃឈើ និងកំណត់ទិសដៅ និងផែនការសកម្មភាពក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការបន្ត។ បច្ចុប្បន្ននេះទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានកំពុងតែសហការជាមួយក្រសួងបរិស្ថាន លើការប្រើប្រាស់រូបភាព ផ្កាយរណប និងបច្ចេកវិទ្យារបស់ JAXA លើការផលិតផែនទីជីវម៉ាសព្រៃឈើដែលកិច្ចសហប្រតិបត្តិការនេះមានរយៈពេល ៣ឆ្នាំ (២០២៤-២០២៦)៕

រដ្ឋមន្រ្តីព័ត៌មានកម្ពុជាប្រាប់គណៈប្រតិភូAMSអំពីការបំភ្លៃព័ត៌មានរបស់ភាគីថៃពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន

2025/07/23 05:40:50 pm        112
ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានៅថ្ងៃនេះមានជំនួបដាច់ដោយឡែកជាមួយគណៈប្រតិភូមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០(AMS)។ជាស្តែងដូចជាប្រតិភូមកពីនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាជាដើម។ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជា គឺជ្រើសរើសយកសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនយូរអង្វែង ជាមួយប្រទេសថៃ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្រ្តីព័ត៌មាន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រទេសកម្ពុជា លើទឹកដីសៀមរាប-អង្គរ។ជាមួយគ្នាននេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលដែលកងទ័ពកម្ពុជា និងថៃ កំពុងតែប្រឈមមុខដាក់គ្នានៅព្រំដែន ប្រជាជនកម្ពុជា មិនពុលដោយសារព័ត៌មានបំភ្លៃ បំផ្លើស ដូចប្រជាជនថៃនោះទេ។ ដូច្នេះ ហើយបើក្រឡេកទៅមើលផលវិបាកនៃការទទួលព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ បានធ្វើឱ្យប្រជាពលរដ្ឋមិនបានទទួលព័ត៌មានពិត និងធ្វើឱ្យខូចមុខមាត់លើឆាកអន្តរជាតិថា ត្រូវបានគេនិយាយថា Don't Thai to me ជាប្រទេសភូតកហុក ជាដើម។ ក្នុងវិបត្តិនេះអ្នកសារព័ត៌មាន ថៃ បានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (dirty strategy) ដែលបង្កបញ្ហាដាក់មកលើរដ្ឋាភិបាលថៃ ខ្លួនឯង ប្រឈមមុខដោះស្រាយជាមួយប្រជាជនរបស់ខ្លួន ជុំវិញការចេញផ្សាយព័ត៌មានក្លែងក្លាយ។សម្រាប់អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានអរគុណចំពោះលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ល្អៗនៅក្នុងកិច្ចប្រជុំ ជាពិសេសការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ហើយកម្ពុជាក៏បានធ្វើរួចជាស្រេចនូវវិធានការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ និងបានកោតសរសើរចំពោះការរៀបចំនូវកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានឱ្យដឹងថា ជុំវិញបញ្ហាបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយនេះប្រទេសមីយ៉ាន់ម៉ា ក៏មិនខុសពីបប្រទេសកម្ពុជានោះដែរ ជាញឹកញយប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានភាគីជម្លោះផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ជាការកត់សំគាល់នៅក្នុងជំនួបទ្វេភាគីនេះ ប្រទេសទាំងពីរកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យព័ត៌មាន និងសោទស្សន៍ ព្រមជាមួយនឹងយុទ្ធនាការនៃការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយដែលជាក្តីព្រួយបារម្ភ ដ៏សំខាន់មួយនៅក្នុងតំបន់ និងលើពិភពលោក៕ អត្ថបទ៖ទូច សោភ័ណ​

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖មាត្រាដែលត្រូវធ្វើវិសោធនកម្មពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ មានមាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់ស្ដីពីសញ្ជាតិ

2025/07/23 05:34:08 pm        223
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៥, អន្តរក្រសួង រួមានក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ។ ​កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ផងដែរ។លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងនូវក្រោយកិច្ចប្រជុំនេះថា កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុសជាច្រើនម៉ោងទៅលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ដើម្បីឱ្យដើរស្រប និងមានសង្គតភាពទៅនឹងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលបើកផ្លូវឱ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរ (ពលរដ្ឋខ្មែរសំដៅទៅលើពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិពីកំណើតជាម្ចាស់ស្រុក និងពលរដ្ឋទទួលបានសញ្ជាតិតាមរយៈសញ្ជាតូបនីយកម្ម បានន័យថាជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់) នេះហៅថាពលរដ្ឋខ្មែរ។លោកបានបន្តថា អង្គប្រជុំបានពិភាក្សាគ្នា ដើម្បីស្វែងរកលក្ខខណ្ឌណាខ្លះ ដែលឈានទៅដល់ការសម្រេចដកសញ្ជាតិ ហើយនឹងកំណត់អំពីទម្រង់នៃការដកសញ្ជាតិ។ លោក សុខៈ បានបញ្ជាក់ថា ចំណុចលក្ខខណ្ឌនេះ គឺសំដៅទៅលើអំពើដែលពលរដ្ឋខ្មែរណាម្នាក់បានធ្វើសកម្មភាពដើម្បីឈានទៅដល់ការដកសញ្ជាតិ។ ចំណែកទម្រង់នៃការដកសញ្ជាតិនេះ គឺធ្វើទៅបានដោយមាន គណៈកម្មាធិការជាតិមួយ សម្រាប់ពិគ្រោះយោបល់ ហើយឈានទៅដល់ការស្នើសុំព្រះរាជក្រឹត្យដើម្បីដកសញ្ជាតិលើពលរដ្ឋខ្មែរនោះ។ លោកបានបញ្ជាក់ថា ក្នុងក្របខណ្ឌនេះ សម្រាប់ពលរដ្ឋខ្មែរមានសញ្ជាតិខ្មែរពីកំណើតតែម្ដង គឺមានការការពារតឹងរឹងមុននឹងឈានទៅដល់ការដកសញ្ជាតិ គឺអង្គប្រជុំអន្តរក្រសួងបានជជែកគ្នាយ៉ាងផុលផុសនៅលើចំណុចនេះ គឺក្រសួងទាំងពីរបានឯកភាពគ្នា បង្កើតឱ្យមានគណៈកម្មាធិការជាតិមួយ ដើម្បីវាយតម្លៃទៅលើអំពើ និងលក្ខខណ្ឌដែលពលរដ្ឋខ្មែរណាម្នាក់នោះបានធ្វើហើយចូលជាលក្ខខណ្ឌឈានទៅដល់ការដកសញ្ជាតិឬក៏អត់។ នេះគឺជាការការពារតឹងរឹងមួយមុនឹងឈានទៅដល់ការចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់នោះ។ បើតាមលោក សុខៈ ចំពោះមាត្រាដែលត្រូវធ្វើវិសោធនកម្មដែលពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរនេះ មានមាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ ហើយមាត្រាស្នូលជាងគេនោះគឺមាត្រា ២៨ និងមាត្រា ២៩ តែម្ដងនៃច្បាប់ស្ដីពីសញ្ជាតិ។ ចំណែកក្រៅពីនេះគឺជាការបំពេញន័យ។ លោកបានបញ្ជាក់ឱ្យដឹងជាសេចក្ដីព្រាងបឋមនៃលក្ខខណ្ឌដើម្បីឈានទៅដល់ការវាយតម្លៃ និងដកសញ្ជាតិខ្មែរបាន ឬក៏សកម្មភាពប្រព្រឹត្តរបស់បុគ្គលនោះ ដែលត្រូវឈានទៅដល់ការសម្រេចដកសញ្ជាតិខ្មែរ។ ទី១ គឺពលរដ្ឋខ្មែរដែលអាចត្រូវបានដកសញ្ជាតិខ្មែរ ក្នុងករណីណាមួយដែលពួកគេប្រព្រឹត្តនូវអំពើដូចជា៖ អំពើក្បត់ជាតិ, ធ្វើសកម្មភាពគបគិតគ្នាជាមួយបរទេស ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា, ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ, បូរណភាពទឹកដី និងសន្ដិសុខជាតិ, ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្តឬក៏បំពេញតួនាទីជាមន្រ្ដីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ទោះបីជាមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ មួយក្នុងករណីដែលទទួលបានសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬការទទួលបានព័ត៌មានមិនពិត ហើយបន្តមកគឺជាបុគ្គលដែលត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬក៏បទមជ្ឈិមដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្ដិសុខនៃរដ្ឋ ឬអំពើភេរវកម្ម និងបទល្មើសផ្សេងៗទៀតដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ ប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជាតិ។ ទាំងនេះហើយគឺជាលក្ខខណ្ឌដើម្បីឈានទៅដល់ការវាយតម្លៃ និងដកសញ្ជាតិខ្មែរ។លោក សុខៈ បានបញ្ជាក់ទៀតថា ការធ្វើច្បាប់ រាប់ចាប់តាំងពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរ ឈានមកដល់ការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ និងឈានទៅដល់ាការធ្វើវិសោធនកម្មលើអនុក្រឹត្យស្ដីអំពីបែបបទ និងនីតិវិធីនៃការដកសញ្ជាតិនោះ គឺមិនសំដៅទៅលើបុគ្គលណាមួយ ក្រុមណាមួយ ដោយផ្នត់គំនិតរើសអើងនោះទេ ប៉ុន្ដែគឺធ្វើដើម្បីបន្សុទ្ធនូវស្មារតីស្នេហាជាតិ ក្នុងនាមជាពលរដ្ឋខ្មែរ ដែលរដ្ឋធម្មនុញ្ញបានកំណត់ថា បើជាពលរដ្ឋខ្មែរ គឺត្រូវតែតម្កល់ឧត្តមប្រយោជន៍ ការពារឧត្តមប្រយោជន៍ជាតិ ការពារជាតិ ធ្វើឱ្យសន្ដិសុខជាតិដំណើរការទៅបានល្អប្រសើរ ហើយហ៊ានប្រឆាំងនឹងបរទេសឈ្លានពាន មិនគប់គិតជាមួយរដ្ឋបរទេស ធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជាតិខ្លួនឯង៕

គណបក្សហ៊្វុនស៊ិនប៉ិច ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពបំពាន និងជេរប្រមាថព្រះមហាក្សត

2025/07/23 05:26:58 pm        598
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា គឺជានិមិត្តរូបនៃអធិបតេយ្យភាព និងឯកភាពជាតិ ដែលមាន គុណតម្លៃខ្ពង់ខ្ពស់បំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគ្រងរាជ្យសម្បត្តិ ប៉ុន្តែមិនកាន់ អំណាច ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ដែលគ្មាននរណាអាចរំលោភបំពានបានឡើយ។គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សូមថ្កោលទោសយ៉ាងខ្លាំងក្លា និងខ្លាំងដាច់ខាតបំផុត ចំពោះសកម្មភាពបុគ្គលមួយចំនួន ដែលបានប្រព្រឹត្តការជេរប្រមាថ ពិពណ៌នាផ្សេងៗ ដោយអសុរោះ កាត់តរូបភាពមិនសមរម្យ ខ្វះសីលធម៌ និងបានបង្ហោះចែកចាយតាមបណ្តាញ សង្គមនាពេលថ្មីៗនេះ។សកម្មភាពទាំងនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនខ្មែរដែលមានចំពោះអង្គព្រះមហាក្សត្រដែលទ្រង់តែងតែមានព្រះរាជហឬទ័យមេត្តាករុណា និងការពារប្រជារាស្ត្រទ្រង់ជានិច្ច។ ការប្រមាថព្រះអង្គគឺជាអំពើបំផ្លិច បំផ្លាញស្មារតីជាតិនិយម និងផ្ទុយនឹងច្បាប់នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សូមអំពាវនាវដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច អនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ចំពោះបុគ្គលណាដែលបានរំលោភបំពានលើ ព្រះមហាក្សត្រ។ ព្រមជាមួយនេះយើងខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ រួមគ្នាថ រក្សា និងគាំទ្រស្ថាប័នព្រះមហាក្សត្រ ឲ្យបានរឹងមាំ និងគង់វង្សជានិរន្តរ៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
05/16/2026 07:05 AM
ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM