កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មានរម្លឹកដល់យុវជនកុំវាយប្រហារអ្នកដទៃតាម Cyber bulling ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាក់ទឹកចិត្ត

2025/07/21 04:43:51 pm        453
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ជា​អធិបតី​ភាព​បើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និង​ក្មេង​ស្រី ​ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មក​ពី​បណ្តាប្រទេសចំនួន២៦ ដែលបានចូលរួម​ក្នុង​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ី​លើក​ទី២០​ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។នៅក្នុងឱកាសនោះ ឯកឧត្តមបានរដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​យល់ដឹងច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដោយ​នៅ​ក្នុង​ដៃ​របស់​ពួក​គេ​មាន​ទូរស័ព្ទ​Smart Phone។ ទទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ដោយ​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរម្លឹកដល់យុវជន​ត្រូវ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌ជៀងវាងការបង្កបញ្ហា និង​រំលោភ​បំពាន​ច្បាប់​ដែល​អាច​ប្រឈម​មុខ​នឹង​ច្បាប់​ និង​ម្យ៉ាងវិញទៀត កុំវាយប្រហារអ្នកដដៃតាមប្រព័ន្ធ cyber bulling ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាក់​ទឹក​ចិត្ត​រហូតឈានដល់ការសម្លាប់ខ្លួន។យុវជនបានលើកឡើងដែរថា ពេលបានចូលរួមក្នុងសិក្ខាសិលានាពេលនេះ ទទួល​បាន​ចំណេះដឹ​ង​ច្រើន​ពី​បច្ចេក​វិទ្យា និងប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យានេះជាប្រយោជន៍ដល់សង្គមជាតិ។ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) និង​កិច្ច​​ប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរ​សាទរ​ពីរ​ទសវត្សរ៍​នៃឧ​ត្តមភាព និងលើសពីនេះ» ដែលមានអ្នក​សារព័ត៌មាន​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិក​ចំនួន​ ២៦ប្រទេសនៅទូទាំងពិភពលោក និងដៃគូកិច្ចសហ​ប្រតិបត្តិការ​នានា​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក៕ អត្ថបទ៖ ទូច សោភ័ណ

ឯកឧត្តម ហេង រតនា៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី​នៅលើ​ទឹកដី​ខេត្ត​សៀម​រាប​​នោះ​​ទេ ប៉ុន្តែកំពុងសាងសង់​អគារ​រាង​គ្រាប់​មីន​ធំជាង​គេ​ក្នុង​ពិភពលោក​ដោយ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពីជប៉ុន

2025/07/21 04:23:51 pm        918
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥នេះថា ដោយ​ភ្ជាប់ជាមួយសំណង់រូបភាពគ្រាប់មីន PMN-2ថ្មីថា កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី នៅលើទឹកដីខេត្តសៀមរាបនោះទេ ប៉ុន្តែ​កំពុង​សាង​សង់​អគារ​រាង​គ្រាប់​មីន​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​ដោយហិរញ្ញប្បទានឥតសំណងពីជប៉ុន។ ឯកឧត្តម ហេង រតនា បានថ្លែងថា អគារ​រាង​គ្រាប់​មីន​ធំ​ជាង​នេះ​ក៏​អាច​ក្លាយ​ជា​និមិត្ត​រូប​នៃ​ការ​សម្រេច​ជោគ​ជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ។ អគារ​រាង​គ្រាប់​មីន​នេះ​អាច​ដាក់​សម្ពោធ​ជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ។ បើតាម ឯកឧត្តម ហេង រតនា នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម និងក្រុម​ការងារ​បាន​ចុះ​ពិនិត្យវឌ្ឍនភាពការសាងសង់អគាររាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោក។ ឯក​ឧត្តមបន្តថា អគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការេមានទំហំ ១០៨ ម៉ែត្រគុណ ១០៨ ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រមាន២ជាន់កម្ពស់១៧ម៉ែត្រ។ អគារ​រាង​គ្រាប់​មីន​នេះ​ស្ថិត​នៅក្នុងបរិវេទសារមន្ទីរតេជោសន្តិភាព និងអាចក្លាយជា​មរតក​ជាតិ​មួយ​ក្នុង​ការ​ដាក់​បង្ហាញ​ជូន​សាធារណជនជាតិ និងអន្ដរជាតិឲ្យយល់​កាន់​តែ​ច្បាស់​ថែម​ទៀត​នូវ​ការ​ខិត​ខំ​ពុះពារ​ប្ដូរ​ផ្ដាច់​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបាន​កសាង​សន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ។ ឯកឧត្តម ហេង រតនា បញ្ជាក់ថា៖«អាគារនេះកសាងដោយក្រុមហ៊ុន ជប៉ុន SATO KOGYO និង​ផ្តល់​ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន»។ សូមបញ្ជាក់​ថា ជាទីតាំងដ៏ស្ងប់ស្ងាត់ ដែលស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប នោះគឺជាសារមន្ទីរសន្តិភាពនៃសកម្មភាពមីន (PMA)។ សារមន្ទីរ​ដ៏​ចំណាន​មួយនេះ មានសាលតាំងពិព័រណ៍តូចមួយក្នុងតំបន់កងឯកភាពកម្ចាត់មីនទី៤ ក្រោម​ការ​គ្រប់គ្រងរបស់ទីបញ្ជាការកណ្ដាល CMAC ក្នុងរាជធានីភ្នំពេញ។ តាំងពីដើមដំបូងមក សារមន្ទីរ​បាន​វិវត្តទៅជា «សារមន្ទីរសន្តិភាពសកម្មភាពមីន» ដែលបង្កប់នូវគុណតម្លៃស្នូលរបស់ CMAC និង​ការខិតខំអប់រំផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ អំពីប្រវ​ត្តិ​ដំណែល​នៃ​យុគសម័យ​សង្រ្គាម​របស់​កម្ពុជា​។ បច្ចុប្បន្នសារ​មន្ទីរសន្តិភាពនៃសកម្មភាពមីន បច្ចុប្បន្នកំពុងពង្រីក​ខ្លួន​ទៅ​ជា​សារមន្ទីរ​តេជោ​សន្តិភាព (TPM) ដែលប្រសិទ្ធនាមដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រព័ន្ធ​សារអេឡិចត្រូនិក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ ហើយត្រូវបាន​ទទួ​ល​ជំនួយ​​គាំទ្រ​ដោយ ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន។ សារមន្ទីរនេះគ្រោងនឹងបញ្ចប់ការសាងសង់ និង​សម្ពោធនៅឆ្នាំ ២០២៦ខាងមុខនេះ ខណៈសារមន្ទីរនេះនឹងឈរនឹងជានិមិត្តរូបនៃសន្តិភាព និង​រង់​ចាំទទួលស្វាគមន៍ភ្ញៀវចូលទស្សនាមកពីជុំវិញពិភពលោក ដើម្បីធ្វើ​ជា​សាក្សី​ក្នុងកា​រ​វិវិត្តន៍​របស់​ប្រទេសកម្ពុជាដោយផ្ទាល់៕

ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់ផែនការពង្រឹងសន្តិសុខសុវត្ថិភាព បង្ការ បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ ជូនដល់ពលរដ្ឋ

2025/07/21 04:14:50 pm        456
ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ផែនការដល់មន្រ្តីការិយាល័យជំនាញនិងអធិការដ្ឋាន​នគរបាលទាំង១៤ខណ្ឌ និង១០៥ប៉ុស្តិ៍រដ្ឋបាលត្រូវបន្តពង្រឹង ការងាររក្សា​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជូនដល់ពលរដ្ឋ ស្របតាម​​គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ជាក់ស្ដែង នាព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលរា​ជ​ធានី​ភ្នំពេញ​បាន​រៀប​ចំ​ពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរ​សក្តិ​ជូន​មន្រ្តី​នគរបាល​ជាតិ​សរុប​ចំនួន១២១នាក់ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​ ប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ ពិធីនេះប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។នាឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងធ្វើការចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាលដែលទើបទទួលតំណែងនិងតំឡើងឋានន្តរសក្តិនាពេលនេះ គឺជាការផ្តល់ជំនឿនិងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីនគរបាល​ដែល​មាន​ស្នាដៃ​បាន​ខិតខំ​បំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អ និងជំរុញ​ឲ្យ​មន្រ្តី​បន្ត​ខិតខំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ និង​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ឲ្យ​កាន់​តែ​ល្អប្រសើរ។ឯកឧត្តមស្បងការបានពង្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋដែលមានការបារម្ភលើបញ្ហាមួយចំនួន រួមមាន:បទល្មើស ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់​ចែកចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ជាការ​ឆ្លើយ​តប​ពង្រឹង​អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ផង​ដែរ​។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏​បានជំរុញឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្ត​ឲ្យបានត្រឹ​ម​ត្រូវ​តាម​ជំនាញ នីតិវិធី និងឲ្យស្រប​តាម​ច្បាប់​​និង​ក៏​ដូច​បន្ត​ពង្រឹ​ង​ការងារ​អន្តោ​ប្រវេសន៍​ផង​ដែរ​ និង​បាន​ណែនាំ​ស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាប ទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់ ពង្រឹងផ្សព្វ​ផ្សាយ​គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។ បន្ថែមទៀតនោះណែនាំមន្រ្តីជំនាញចរាចរណ៍ ត្រូវចុះអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ជា​ពិសេស​ត្រូវ​កាត់​បន្ថ​យ​បញ្ហា​ភាព​អសកម្ម​តាម​ដង​ផ្លូវ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​។ជាចុងក្រោយ ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថា ត្រូវបន្តគ្រប់គ្រង​តាម​ដាន​ឆ្លើយ​តប​ចំពោះ​ព័ត៌​មាន​ក្លែង​ក្លាយ និងព័ត៌មានមិនពិតបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ និង​បាន​កោត​សរសើរ និង​វាយតម្លៃខ្ពស់ចំពោះស្នាដៃ និង​លទ្ធផល​ប្រតិបត្តិការ​របស់​កង​កម្លាំង​គ្រប់​ផ្នែក​និង​ជំនាញ​ក្នុង​រយៈពេល០៦ខែចុងក្រោយ​នេះ​បាន​រួម​គ្នា​ធ្វើ​ការ​បង្ការ និង​បង្រ្កាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​បាន​សម្រេច​ជោគជ័យភាគច្រើន ពោលគឺនៅមានសេសសល់បទល្មើសមួយចំនួនតូចតែប៉ុណ្ណោះ មិន​ទាន់​បង្រ្កាប​បាន ហើយយើងនៅបន្តស្រាវ​ជ្រាវ​តាម​ជំនាញ​ស្វែង​រក​មុខ​សញ្ញា​ដើម្បី​បង្រ្កាប​ថែម​ទៀត​គឺ​មិនទុកចោលបទល្មើសនោះឡើយ៕ អត្ថបទ៖ កុម្ភៈ

ក្រសួងបរិស្ថាន និងGGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះ​ទៅ​ជា​ប្រទេស​អព្យា​ក្រឹត​កាបូន​ឆ្នាំ​២០៥០

2025/07/21 03:42:28 pm        393
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បា​ន​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Malle Fofana នាយក​ប្រចាំ​តំបន់​អាស៊ី​ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​លើ​ការងារ​បរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។លោកបណ្ឌិត Malle បានសម្តែងការកោត​សរសើរ​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្នុង​ការ​ជំរុញ​ចក្ខុវិស័យបរិស្ថានរបស់កម្ពុជា។ ដោយលោកបានបញ្ជាក់ថា GGGI ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​បកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​បរិស្ថាន​សម្រាប់​ការគាំទ្រ និងការសម្របសម្រួលកន្លងមក។ លើសពីនេះ លោកបណ្ឌិត Malle បាន​បញ្ជាក់​ទៀតថា GGGI នឹងបន្តជួយកម្ពុជា​ពង្រឹង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អង្គ​ភាព​ទទួល​ស្គាល់​ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ឯករាជ្យ​ភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ GGGI ដែលជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិន​ត្រឹម​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ យុទ្ធសាស្រ្តនៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែក​ទៅ​ដល់​ការ​កាត់​បន្ថយ​ការ​កើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជា​មួយ​គ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យ​ព្រៃឈើ (REDD+) និង ការដាំដុះព្រៃឈើឡើងវិញ គឺជាការ​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​រួម​ចំណែក​ដាំ​ដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្រប​តាម​ការ​អនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែល​អាច​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​បន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅ​សម្រេច​បាន​នូវ​គោល​ដៅ​អព្យា​ក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០។ លើស​ពី​នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការដាំដុះព្រៃឈើឡើងវិញ ជា​ពិសេស​នៅ​តំបន់ បឹងទន្លេសាប ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយ​ក្រសួងបានផលិតកូនឈើរាប់លានដើមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង​ជំរុញ​ឱ្យ​មានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះព្រៃឈើឡើងវិញ។សូមរម្លឹក​ជូនថា យោងតាមបទពិសោធន៍ជោគជ័យរបស់ក្រសួងបរិស្ថាន ដោយបាន​ដាក់​ចេញ​យុទ្ធនា​ការ​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជា​ពលរដ្ឋរាប់លាននាក់។ បន្តមក យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និង​យុទ្ធនា​ការ​បន្ត​បន្ទាប់​នឹង​ចែកធុងសំរាម ដើម្បីប្រមូលទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដែលផ្តល់​ប្រយោជន៍​ដល់ភាពស្អាត ហើយនឹងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រៅពីនេះ ក្រសួងក៏បានបន្ត​ពង្រឹង​ការ​គ្រប់​គ្រង​សំណល់រាវ ដោយបានបញ្ឈប់​ការ​បញ្ចេញ​សំណល់​រាវ​ដែល​ជា​ប្រភព​បំពុល​ទៅ​ក្នុង​ប្រភព​ទឹក​សាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហ​គ្រាស​ទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទបញ្ញាត្តិច្បាប់ ក្រមបរិស្ថាន និង​ធន​ធាន​ធម្មជាតិ​៕

បទវិភាគ៖ «ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិ គឺ​ជា​ឱកាស​មាស សម្រាប់កម្ពុជា»

2025/07/21 02:24:36 pm        874
បន្ទាប់ពីមានហេតុការណ៍ទាហានថៃបីនាក់ដើរជាន់មីនបណ្តាលឱ្យដាច់ជើងម្នាក់និងរងបួសពីរនាក់​កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ភាគីថៃ​បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​លើ​រឿង​នេះ​យ៉ាង​សម្បើម​។ ទាំងកងទ័ព ទាំងក្រសួងការបរទេស និងទាំងសារព័ត៌មាន​ថៃ​ហាក់​ដូច​ជា​មមា​ញឹក​យ៉ាង​ខ្លាំង​ក្នុងការប្រឌិតរឿងទម្លាក់​កំហុស​មក​លើក​ម្ពុជា​តាម​ទម្លាប់​អាក្រក់​ឥត​ប្រែ​ប្រួល​របស់​ពួក​គេ​។ជាដំបូង ពួកគេនាំគ្នាចោទប្រកាន់ទាំងបំពានគ្មានការពិតថា គ្រាប់​មីន​ទាំង​នោះ​ទើប​តែ​ត្រូវ​បាន​ដា​ក់​ថ្មី​ៗនេះដោយទាហានកម្ពុជា។ ប៉ុន្តែ អ្វីដែលធ្វើឱ្យសាធារណជនហួសចិត្តនៅត្រង់ថា ពួក​គេ​អះ​អាង​ថា មីននោះផ្ទុះនៅលើទឹកដីរបស់ខ្លួន តែបែរជាចោទថា ភាគីកម្ពុជាជាអ្នកបង្កប់ទៅវិញ។ ត្រង់​នេះ ​វាហាក់ដូចជាការភូតកុហកនៅលើគោកពេកពីព្រោះបើទាហានទាំងនោះដើរនៅលើដីថៃ ហេតុ​អ្វី​បានជាកងទ័ពកម្ពុជាអាចចូលទៅដាក់មីនកើត?ទីបំផុត ការភូតកុហកនេះត្រូវបានបកអាក្រាតដោយក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ២០២៥ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដោយបញ្ជាក់ថា កង​ទ័ព​ថៃ​បាន​បង្កើត​តម្រាយផ្លូវថ្មីចូលក្នុងដីកម្ពុជាដោយខ្លួនឯងដោយខុសពីកិច្ចព្រមព្រៀង ហើយបាន​ជាន់​មីន​ដែល​សល់ពីសម័យសង្គ្រាមក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។ អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ទៀតថា កម្ពុជាបាន​ដាស់​តឿន​ភាគី​ថៃ​ជា​ញឹក​ញាប់​ឱ្យ​គោរព​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​តម្រាយ​ផ្លូវ​ដែល​បានឯ​កភាព​គ្នា​ក្នុង​ការ​ដើរ​ល្បាត​ពី​ព្រោះតំ​បន់​នោះ​មាន​គ្រាប់មីនដែលសល់ពីសម័យសង្គ្រាម។ទោះបីជាកម្ពុជាបានដេញទាន់ជាន់កែងបែបនេះក៏ដោយ ក៏ភាគីថៃនៅ​តែ​អះអាង​ដោយ​មិន​ខ្មាស​អៀន​ថា​ ខ្លួននឹង​នាំ​យក​រឿង​នេះ​ទៅ​ប្តឹង​អង្គការ​សហប្រជាជាតិថា​កម្ពុជា​បំពាន​អនុ​សញ្ញា​ទីក្រុង​អូតាវ៉ា​ស្តីពី​ការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ តាមពិត បើតាមទស្សនៈ​យល់​ឃើញ​ផ្ទាល់​របស់ខ្ញុំ ការប្រកាសនាំយក​សំណុំ​រឿ​ង​នេះ​ទៅ​ប្តឹង​អង្គ​ការ​សហ​ប្រជាជាតិ​ពី​សំណាក់​ភាគី​ថៃ​គឺ​ជាដំណឹងល្អណាស់សម្រាប់កម្ពុជា ពីព្រោះថ្នាក់ដឹកនាំ​កម្ពុជា​តែង​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជាគឺជារដ្ឋអធិបតេយ្យមួយដែលគោរពច្បាប់អន្តរជាតិ និងយកច្បាប់​អន្តរ​ជាតិ​ជា​គោល​។ ក្នុងន័យនេះ បំណងរបស់ថៃ​ដែល​ចង់​នាំ​យក​សំណុំ​រឿង​នេះ​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​គួរ​តែ​ត្រូវ​បានស្វាគមន៍ ហើយការនាំសំណុំ​រឿងផ្ទុះមីន​ទៅ​អង្គការ​សហប្រជាជាតិ​គឺ​ជាភ​ស្តុតាង​ថ្មី​មួយ​ទៀត​ដ៏​មាន​ទម្ងន់ ក្នុងការជំរុញរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។កន្លងទៅនេះ បន្ទាប់ពីមាន​ព្រឹត្តិការណ៍​ដែល​ទាហាន​ថៃ​ចូល​ទៅ​បាញ់​កង​ទ័ព​ខ្មែរ​ម្នាក់​ឱ្យ​ស្លាប់​កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​នាំ​យក​សំណុំ​រឿង​ប្រាសាទ​តា​​មាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយ​នៅ​ឯតុលាការ​យុត្តិធម៌​អន្តរជាតិ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីថៃនៅតែបដិសេធ​មិន​ព្រម​សហការ​ដោយ​អះ​អាង​ថា ថៃមិនទទួលស្គាល់យុត្តាធិការតុលាកនេះឡើយ។ដូច្នេះ ការ​ដែល​ថៃ​នាំ​សំណុំ​រឿង​ផ្ទុះ​មីន​នៅ​មុំ​៣​ទៅ​ប្តឹង​អង្គ​ការ​សហ​ប្រជា​ជាតិ​គឺ​ជា​ឱកាស​ល្អ​ណាស់​សម្រាប់​កម្ពុជា ក្នុងការជំរុញឱ្យអង្គ​ការ​សហ​ប្រជាជាតិ​ជួយ​ដាក់​សម្ពាធ​លើ​ថៃ​ដើម្បី​ឱ្យ​យល់​ព្រម​ទៅ​ដោះ​ស្រាយនៅតុលាការ ICJ ពីព្រោះហេតុការណ៍​ផ្ទុះ​គ្រាប់​មីន​នេះ​ក៏​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ថៃ​ទាមទារយកដីខ្មែរដែលកម្ពុជាបានដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះដែរ។ ដូច្នេះ មាន​តែតុលាការរបស់អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទេ​ទើប​អាច​សម្រេច​ក្តី​បា​ន​ដោយ​យុត្តិ​ធម៌​លើ​សំណុំរឿងនេះ។យើងសង្ឃឹមជឿជាក់ថា ពេលដែលថៃដាក់សំណុំរឿងនេះដល់អង្គការសហប្រជាជាតិ កម្ពុជា​អាច​ប្រើ​ប្រាស់​ឱកាសនេះដើម្បីជំរុញឱ្យអង្គការ​សហប្រជាជាតិ​ជួយ​គាំទ្រ​ដើ​ម្បី​នាំ​យក​សំណុំ​រឿង​នេះ​ទៅ​តុលាការអន្តរជាតិបាន ពីព្រោះអង្គការ​សហប្រជាជាតិ​មិន​មែន​ជា​ស្ថាប័ន​កាត់​ក្តី​រឿង​ព្រំដែ​ន​ទេ​។ ម្យ៉ាងទៀត រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជា​ទីកន្លែង​ដែល​ភាគី​នីមួយៗ​ទាមទា​រ​ថា​ជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការ​យុត្តិធម៌​អន្តរជាតិ​ទេ​ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជា​សមាជិក​អង្គការ​សហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែន​ជា​ឱកាស​មាស​សម្រាប់​កម្ពុជាទេឬ?

ស្ថានទូត និងរដ្ឋាភិបាលម៉ាឡេស៊ីប្រកាសគាំទ្រ និងសហការជាមួយកម្ពុជា ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា

2025/07/21 01:50:45 pm        378
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត អំពី​បទ​បញ្ជា​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់​ចេញ​នូវ​វិធានការ​ម៉ឺង​ម៉ាត់​ក្នុង​ការ​បោស​សម្អាត​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងអំពីលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ ដែលសមត្ថកិច្ច​តាម​បណ្តា​រាជ​ធានី-ខេត្ត បានបង្រ្កាប កន្លងមក ព្រមទាំងបានលើកសំណូមពរដល់ម៉ាឡេស៊ី ដែល​ជា​ប្រធានប្តូរវេនអាស៊ាន នៅឆ្នាំនេះ ផ្តល់កិច្ចសហការ លើការងារនេះ។ជាការ​ឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និង​កិច្ច​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងថ្លែង​អំណរ​គុណ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ី កន្លងមក។ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូតបានគូសបញ្ជាក់ថា ស្ថានទូត និងរដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្តល់ការគាំទ្រ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាគីទាំងពីរ​បានឯកភាពចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានផ្លាស់ប្តូរ​យោបល់​លើ​ជំហាន​បន្ទាប់​ក្នុង​ការ​ជំរុញនិងបង្កើនកិច្ចសហការជាមួយគ្នារវាងលេខាធិការដ្ឋានគ.ប.ឆ.ប. និងស្ថានទូត៕

ឯកឧត្តម ហេង រតនា៖ មកដល់ពេលនេះកម្ពុជាបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះបានជាង ៤លាន៤៦ម៉ឺនគ្រាប់

2025/07/21 01:38:11 pm        420
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៥នេះថា គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និង​កម្ទេច​ចោល​ទាំង​គ្រាប់​មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់។ឯកឧត្តម ហេង រតនា បានថ្លែងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និង​បាន​សកម្ម​ចូល​រួម​អនុវត្តន៍​អនុសញ្ញា​នេះ​ប្រកប​ដោយ​ជោគ​ជ័យ​ទាំង​ឆាក​ជាតិ​ និង​អន្តរជាតិ​ទាំង​មុន​និង​ក្រោយ​ក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ឯក​ឧត្តមបន្តថា កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគី​ជម្លោះ​បាន​ប្រើប្រាស់គ្រាប់មីនប្រឆាំង​មនុស្ស​មាន​ចំនួន​ប្រមាណ ៤-៦ លានគ្រាប់ ហើយគិតមកដល់ពេលនេះកម្ពុជាបានបោសសម្អាត និង​កម្ទេច​ចោល​ចំនួនជាង ១លាន២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃ​ប្រទេស​សម្រាប់​បម្រើ​សុខ​សុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា «គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និង​កម្ទេច​ចោល​ទាំង​គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់»។ ដូច​ខ្ញុំ​លើក​ឡើង​កន្លងមក បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ»។ ឯកឧត្តម​បាន​បង្ហាញ ខ្លឹមសារសង្ខេប នៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា៖១. រដ្ឋភាគី​នីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការ​កម្ទេច​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស​នៅ​ក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។២. រដ្ឋភាគី​នីមួយៗ​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​គ្រប់​លទ្ធភាព​ដើម្បី​កំណត់​ទីតាំង​ទាំង​អស់​ក្រោម​យុត្ថា​ធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យ​ថាមា​ន​ដាក់​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬ​ដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែល​ស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បី​ធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូត​ដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល៕

កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​ខេត្ដ​សៀមរាប

2025/07/21 11:51:12 am        336
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល​កិច្ច​ប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយ​មាន​ការ​​ចូលរួមពីគណៈប្រតិភូចំនួន៣៧ប្រទេស។ឯកឧត្ដម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជា​លើកទី២ ដោយលើកទីមួយនៅធ្វើឡើងកាលពីឆ្នាំ២០១៩ និងលើកទី២ នៅឆ្នាំ២០២៥នេះ ។ ឯក​ឧត្ដមបន្ដថា នៅក្នុងកិច្ចប្រជុំមានរៀបចំបើកសិក្ខាសាលាព្រមៗគ្នាចំនួន៧ ហើយ​នៅ​ក្នុងសិ​ក្ខា​សាលា​បានធ្វើបទបង្ហាញពីការវិវឌ្ឍន៍យុគ្គសម័យឌីជីថល បញ្ញាសុប្បនិមិត្ដ ជាពិសេ​ស​ពាក់​ព័ន្ធ​នឹង​យុវជន និងស្ដ្រីក្នុងវិស័យព័ត៌មាន ឌីជីថល និងអេអាយ ដោយមាន​វា​គ្មិន​មក​ពីតា​ម​តំប​ន់​សំខាន់​ៗ ​ជាពិសេស មកពីសម្ព័ន្ធភាពដែលជាដៃគូរអង្គការAIDB។ ឯកឧត្តម បានមាន​ប្រសាសន៍​ថា​កម្ពុជា​មាន​កិត្តិយស ដែលបានធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ី​លើក​ទី​២០​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួម​ពី​ប្រទេស​៣៧​ប្រទេស​គឺ​ជា​អំណះ​អំណាង​មួយ​យ៉ាង​ជាក់​ស្ដែង​ថា កម្ពុជាជាប្រទេសពិតជាមានសុខសន្តិភាព គឺជាប្រទេសដែល​អាច​ទទួល​ក្នុង​ការៀ​បចំ​កម្រិតអន្តរជាតិនេះ។ប្រជាជាពលរដ្ឋកម្ពុជាយើងដែលផ្ដល់នូវស្នាមញញឺម ការ​ផ្ដល់​នូវ​ភាព​រាក់​ទាក់ ការផ្ដល់នូវស្នាមញញឹមចាត់ទុកថា ភ្ញៀវទាំងអស់​សុទ្ធ​សឹង​ជា​ក្នុង​ចង្កោម​គ្រួសា​រ​តែ​មួយ ប្រជាពលរដ្ឋកម្ពុជាស្រស់ស្រាយញញឹមរាក់ទាក់ ហើយកម្ពុជា​មាន​សន្តិភាព​យ៉ាង​ពិត​ប្រាកដ​។ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា បើពិនិត្យទៅលើបណ្តាប្រទេសក្នុងតំបន់ គឺ​កម្ពុជា ជាប្រទេសមួយដែលមានភាពសកម្ម ក្នុង​នេះតំ​ណាង​ក្រសួង​ព័ត៌​មាន​របស់​យើង​មាន​សមត្ថ​ភាព​ មានគំនិត ក៏ដូចជាមានយោបល់ ចូលរួមកិច្ចប្រជុំ ដោយភាពសកម្មបំផុត។ ក្រៅពី​នេះ​កម្ពុជា​បច្ចុប្បន្ន​គេ​មើលឃើញមិនដូចអតីតកាលទេ ដោយកម្ពុជាសម័យតេជោ កម្ពុជាសម័យធិបតី កម្ពុជា​ ជាប្រទេសមួយរីកលូតលាស់ មានការរីកចម្រើន ហើយធនធានមនុស្សក៏មានការកើនឡើង សមត្ថ​ភាព​មន្រ្តីរបស់យើង ក៏កាន់តែខ្ពស់។សូមជម្រាបជូនថា នេះជាលើកទី២ហើយ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះទទួលរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ដែលលើក​ទី១​រៀប​ចំ​នៅ​ឆ្នាំ​២០១៩ នៅលើទឹកដីសៀមរាបអង្គរផងដែរ៕

ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/07/21 11:44:04 am        329
ជប៉ុនធ្វើការស្វែងយល់បន្ថែម អំពីទិដ្ឋភាពទូទៅ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគោលនយោបាយការបរទេស និងទំនាក់​ទំនង​អន្តរជាតិ​រប​ស់​កម្ពុជា​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកនេះ បានអនុញ្ញាតឱ្យប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ដឹកនាំ​ដោយ​លោក​សាស្រ្តា​ចារ្យ​ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ ទំនងអន្តរជាតិ នៃមហា​វិទ្យាល័យ​សិល្បៈ ​និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាសនៃការបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោម​ការ​សម្រប​សម្រួល​ពី​សំណាក់​ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងគោល​បំណង​ចែក​រំលែក​ និងពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងន័យស្វែងយល់បន្ថែមអំពីទិដ្ឋភាព ទូទៅ​នៃ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​សាស្ត្រា​ចារ្យ និងប្រតិភូ និងបាន បញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែល​បាន​ចូល​រួមចំណែកធំធេងដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា​ តាំងពីដើមរៀងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចអំពីគម្រោងនានា ដែល​ទទួល​បាន​ជំនួយពីជប៉ុនរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ និងការគ្រប់គ្រងកាក សំណល់, និងការលើកកម្ពស់សេវាសុខាភិបាល ជា​ដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាវតានៃការស្តារប្រទេសជាតិឡើងវិញ បន្ទាប់​ពី​ផ្តួល​រលំ​របបប្រល័យ ពូជសាសន៍ រហូតទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញ ជាមួយ​នឹង​នយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំ ប្រកប​ដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក.អ.ក. បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ សំដៅបង្កើនការវិនិយោគពីវិស័យឯកជន និងការវិនិយោគ ដោយផ្ទាល់ពីបរទេស ដើម្បី​លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយយកផលប្រយោជន៍ជាតិជាធំ កម្ពុជា​រីក​រាយ​ស្វាគមន៍ ចំពោះការផ្តល់ ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ក៏ដូចជា​ការ​បោះ​ទុន​​វិនិ​យោគ​នានាពីគ្រប់បណ្តាប្រទេសជាមិត្ត ជាមួយនឹងតម្លាភាព និង​គណនេយ្យ​ភាព​យ៉ាង​ប្រាក​ដ​ប្រជា​៕ អត្ថបទ៖ សុន រ៉ាឌី

ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់កំពុងពង្រីកផលិតកម្មចិញ្ចឹមសត្វ និង​បន្លែ​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក

2025/07/21 11:36:29 am        571
ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងចូលរួមក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងគោលនយោបាយ របស់រាជរដ្ឋាភិបាល លើការពង្រីកគម្រោងដាំបន្លែ ជា​ពិសេស​ការ​ចិញ្ចឹម​មាន់ ទា ក្ងាន ដើម្បីរក្សាសន្តិសុខស្បៀង និងស្ថិរភាពលើទីផ្សារ និងការនាំចេញ។ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាល ឃី ចិន្តា ឌីវេឡុបម៉ិន និង​ជា​ម្ចាស់​កសិ​ដ្ឋាន​ដាំ​ដុះ​ដំណាំ ​វារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថា ជុំវិញ​ការចិញ្ចឹមសត្វបែបធម្មជាតិ គ្រួសារកសិករដែលមានដី ទូលាយ គួរអនុវត្តការដាំដុះបន្លែ និង​ការ​ចិញ្ចឹម​សត្វឱ្យបានច្រើន ជាពិសេសការចិញ្ចឹម មាន់ ទា ក្ងានជាដើម ព្រោះការចិញ្ចឹមបែបនេះ ប្រសិន​បើ​យើងយកចិត្តទុកដាក់ វានឹងហុចផងឱ្យយើងបានយ៉ាងងាយស្រួល ដើម្បីដោះស្រាយ​នូវ​ខ្ទង់​ចំណាយ​ផ្សេងៗ សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃដូចជា ការផ្គត់ផ្គង់ហូបចុកនៅក្នុងគ្រួសារ និង​អាច​លក់ដូរនៅលើទីផ្សារ ដើម្បីស្វែងរកចំណូលបន្ថែម និងធ្វើឱ្យកសិករ មានជីវភាព​រស់​នៅ​កាន់​តែ​ប្រសើរ។ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម កសិដ្ឋានឯកឧត្តម បានកំពុងរីកលូតលាស់យ៉ាងខ្លាំង គាំទ្រ​ដល់​ជីវភាព​រស់​នៅប្រចាំថ្ងៃ បានកំពុងបន្ស៊ីទៅនិងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ធានាដល់ លំនឹងថ្លៃកសិកម្ម រក្សា​ក្នុង​តម្លៃ​សមរម្យ​នៅ​លើ​ទីផ្សារ សំដៅការពារនិរន្តភាពសន្តិសុខស្បៀង តាមរយៈជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម និងដើម្បីលើកកម្ពស់ជីវភាពកសិករកាន់តែប្រសើរ ខណៈដែល​រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​យក​ចិត្តទុកដាក់ នូវគោលនយោបាយ កម្មវិធីអាទិភាព សំដៅដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ជុំវិញដាំបន្លែនិងចិញ្ចឹមមាន់ស្រែ, បើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុ​រដ្ឋ​លេខា​ធិការ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងឱ្យដឹងថា កសិករ​អ្នក​ដាំ​បន្លែ និងចិញ្ចឹមមាន់ស្រែចំនួន ៨១ គ្រួសារ នៅក្នុងសហគមន៍កសិកម្មមាន់ ស្រែអូរផុត នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២ លាន​ដុល្លារ​ ពីគម្រោង ពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជា​កម្ម​វិធី​គាំទ្រ​ហិរញ្ញប្ប​ទាន​ដោយ​ធនាគារ​ពិភព​លោក ក្នុងនោះ ១៤ ម៉ឺនដុល្លារ សម្រាប់ គាំទ្រ ៤០% ដល់ការវិនិយោគ​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់ និងការចិញ្ចឹមមាន់ស្រែ យកស៊ុត និងប្រហែល ១ លានដុល្លារទៀត សម្រាប់​សាង​សង់​ផ្លូវ​កៅ​ស៊ូប្រវែង ៦,៤ គីឡូម៉ែត្រនៅក្នុងសហគមន៍។ គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារ ទទួលបានជំនួយឧបត្ថម្ភចំនួន ២៣០០ ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែ ទទួលបាន ១២០០ ដុល្លារ។ បញ្ហានេះ គឺសហគមន៍​គ្រោង​នឹង​សហការជាមួយក្រសួងកសិកម្ម ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍ កសិកម្មទំនើប ដែល​នឹង​អនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែម ខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេក​ទេស​តាម​ស្តង់ដា និងការធានាពីទីផ្សារ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
05/16/2026 01:05 PM
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
05/16/2026 01:05 PM
UN ស្វាគមន៍កិច្ចព្រមព្រៀងនៅយេម៉ែនដើម្បីដោះលែងឈ្លើយសឹក ១.៦០០នាក់ និងជំរុញការអនុវត្ត ឆាប់រហ័ស
05/16/2026 01:05 PM
អ៊ីស្រាអែល កំណត់គោលដៅលើមេដឹកនាំក្រុរមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា
05/16/2026 12:05 PM
មេដឹកនាំអ៊ុយក្រែន៖ រុស្ស៊ី កំពុងពិចារណាផែនការវាយប្រហារប្រទេសសម្ព័ន្ធមិត្តណាតូ ពីបេឡារុស
05/16/2026 12:05 PM
អាមេរិក មានផែនការចោទប្រកាន់លោក Raul Castro ដែលបង្កើនការព្រួយបារម្ភរបស់ប្រជាជនគុយបាចំពោះការប្រើប្រាស់កម្លាំង
05/16/2026 12:05 PM
ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បាន «ការធានា» លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/16/2026 12:05 PM
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
05/16/2026 11:05 AM
សហរដ្ឋអាមេរិក លុបចោលការដាក់ពង្រាយកងទ័ព ៤.០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ
05/16/2026 11:05 AM
ទីភ្នាក់ងារសុខភាពសាធារណៈអាហ្វ្រិក ប្រកាសពីការផ្ទុះឡើងជំងឺអេបូឡាថ្មីនៅកុងហ្គោ ដោយមានអ្នកស្លាប់៦៥នាក់
05/16/2026 10:05 AM