កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា៖ ករណីទាហានថៃដាច់ជើងដោយសារជាន់មីន គឺកើតឡើង នៅទឹកដីកម្ពុជា

2025/07/22 08:20:06 am        17201
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានអះអាងថា ករណីទាហានថៃ ដែលរងរបួស និងដាច់ជើងដោយសារជាន់មីនកាលពីកន្លងទៅថ្មីៗនោះ គឺកើតឡើងលើទឹកដីកម្ពុជា ដូច្នេះ ក្រសួងសូមទាត់ចោលទាំងស្រុងចំពោះការលើកឡើងរបស់ថៃ ដែលចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស ដែលហៅកាត់ថាអូតាវ៉ា។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញកាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ថៃ ដែលបានចោទប្រកាន់កម្ពុជា ចំពោះករណីទាហានថៃឈ្លានពានចូលទឹកដីកម្ពុជា ហើយបានជាន់មីនផ្ទុះ បណ្តាលឲ្យដាច់ជើង និងរងរបួសចំនួនបីនាក់កាលពីកន្លងទៅនោះ បានបញ្ជាក់ថា«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចាំបាច់ត្រូវតែបញ្ជាក់ជាថ្មីថាហេតុការណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត១/២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣។ វាជាការសោកស្ដាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះដោយរំលោភ លើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឲ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច។ទោះបីជាកម្ពុជាបានព្រមានអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រាប់មីនមិនទាន់ផ្ទុះ បន្សល់ពីជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍ក៏ដោយ ក៏ទាហានថៃបានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំងពីរ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់មកលើទឹកដីកម្ពុជា»។ករណីទាហានថៃជាន់មីនលើទឹកដីកម្ពុជាបណ្តាលឲ្យដាច់ជើងនេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិបត្តិការអន្តរជាតិកម្ពុជាច្រានចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មិនប្រឆាំងមនុស្ស» ដែលចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំង មនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។ ក្រសួងការបរទេសកម្ពុជាបានបន្ថែមថា ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារ ស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជាបានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះរួមមានទាំងវឌ្ឍនភាពយ៉ាងធំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពមិនទទួលខុសត្រូវរបស់ថៃនេះបានរំលោភលើការយោគយល់គ្នាជាទ្វេភាគី រំលោភលើទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា បង្កហានិភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងបានបញ្ជាក់ទៀតថា សកម្មភាពរបស់ថៃនេះនៅមិនទាន់លើកផងទេអំពីបំណងខុសច្បាប់ និងមិនស្របតាមច្បាប់ ក្នុងការដាក់ចេញបទបញ្ញត្តិ សម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាចូលទៅក្នុងប្រាសាទតាមាន់ធំ ដូចដែលយោធាថៃបានប្រកាស ដោយសារតែគេអះអាងអធិបតេយ្យរបស់ថៃលើតំបន់ប្រាសាទនេះ។តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងផងដែរថាទោះបីជាការពិតច្បាស់លាស់ និងមិនអាចប្រកែកបានក៏ដោយ ក៏ប្រទេសថៃ«នៅតែបន្តចេញ សេចក្តីថ្លែងការណ៍ដែលមិនមានការទទួលខុសត្រូវ និងបំភ័ន្តមតិ ដោយអះអាងថាខ្លួនបានបោសសម្អាតមីននៅតំបន់ដែលទាហានថៃរងរបួសដោយសារការផ្ទុះមីន តាមការពិត ទាហានកម្ពុជានៅតែឈរជើងក្នុងតំបន់នោះដដែល ហើយក៏មិនដែលមានសកម្មភាពដោះមីនកើតឡើងដូចការអះអាងរបស់ថៃនោះទេ ព្រោះថាតំបន់នេះស្ថិតនៅក្នុងទឹកដីកម្ពុជា។ ជាជាងទទួលស្គាល់ការពិត និងទទួលយកការទទួលខុសត្រូវ ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ។ កម្ពុជាជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ហើយចាត់វិធានការឱ្យបានសមស្របដើម្បី កែតម្រូវការនិយាយមិនពិតរបស់ខ្លួន»។យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ផងដែរថាឧប្បត្តិហេតុខាងលើនេះ(ទាហានថៃជាន់មីនផ្ទុះដាច់ជើងលើទឹកដីកម្ពុជា)បង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ ឲ្យប្រទេសទាំងពីររកដំណោះស្រាយជាបន្ទាន់ដោយសន្តិវិធី និងមានចំណងកាតព្វកិច្ចច្បាប់ តាមរយៈយន្តការអន្តរជាតិសមស្រប។ ដូច្នេះហើយ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំហរយូរអង្វែងរបស់ខ្លួនថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការ ដ៏សំខាន់របស់អង្គការសហប្រជាជាតិ គឺជាវេទិកាដ៏គួរឱ្យទុកចិត្តបំផុត និងមិនលំអៀងបំផុតសម្រាប់ការដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។កម្ពុជាសូមជំរុញឱ្យប្រទេ សថៃទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះដោយស្មោះត្រង់ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្ដេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយ ជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំ ឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត និងរួមចំណែកដល់ស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ៕ អត្ថបទ៖ បាន ចក់

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

2025/07/21 09:32:03 pm        266
នាវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះប្រតិបត្តិការបង្រ្កាបនៅទីតាំងផ្ទះវីឡាជួលមួយកន្លែង ដែលក្រុមស្រាវជ្រាវសង្ស័យមាន ជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ក្រុមសមត្ថកិច្ចបាន ឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ក្នុងនោះមានស្ត្រី០៤នាក់ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុតាងមួយចំនួនទៀត។ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវ បានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

2025/07/21 08:38:21 pm        169
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងជាប្រធាន គ.វ.អ. បានដាក់ចេញនូវ​វិធានការ​គន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាព​អប់រំ​របស់សាលារដ្ឋ ដោយផ្តោតលើវិធានការគន្លឹះចំនួន ៤ ៖១) ការពង្រឹងអភិបាលកិច្ចសាលារៀន២) ការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថសិស្ស និងការបង្រៀនបន្ថែម ២ម៉ោងរៀងរាល់ថ្ងៃដោយមិនតម្រូវឱ្យឪពុកម្តាយបង់ប្រាក់៣) ការយកចិត្តទុកដាក់ចំពោះសុខភាពសិស្ស៤) ការជំរុញការចូលរួមរបស់សហគមន៍ដើម្បីការអប់រំបច្ចុប្បន្ននេះ សាលាគោលដៅចំនួន ១៦១ នៅទូទាំង​ប្រទេស កំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំដែល​ចាត់ចែងសម្របសម្រួលដោយលេខាធិការដ្ឋាន គ.វ.អ. ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន គ.វ.អ. ។

កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប

2025/07/21 08:32:27 pm        178
 ភ្នំពេញ៖ គិតមកដល់ពេលនេះ កសិករសមាជិកនៃសហគមន៍កសិកម្មទំនើបស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន ១៧៨គ្រួសារ បានងាកមកប្រើប្រាស់ជ្រើសដាំស្រូវសែនក្រអូបក្រោមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ ហើយក្នុងរដូវកាលនេះ ពួកគាត់ទទួលផលចំណេញច្រើនជាងអ្នកដាំស្រូវអូអឹមជិត ១លានរៀល ក្នុង១ហិកតា។ នៅក្រោយចប់ការចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ បានមានប្រសាសន៍ឱ្យដឹងថា ផលចំណេញរបស់ប្រជាកសិករនេះ បានមកដោយសារតែស្រូវសែនក្រអូបកំពុងលក់ចេញក្នុងតម្លៃ ១ ២៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងថ្លៃស្រូវអូអឹមក្នុងរង្វង់ ៤៥០រៀល ទោះបីជាស្រូវអូអឹមមានទិន្នផលខ្ពស់ជាងក៏ដោយ។ មួយផ្នែកទៀត បានមកពីការកាត់បន្ថយចំណាយលើធាតុចូល និងថ្លៃការប្រាក់ ជាពិសេសទទួលបានចំណេញពីថ្លៃជីរហូតដល់ទៅ ៣ម៉ឺនរៀល ក្នុងមួយបាវ បើប្រៀបធៀបទៅនឹងថ្លៃដែលកសិករទិញជីរៀងៗខ្លួន។ ឯកឧត្តម បានបន្ថែមថា រដូវកាលក្រោយនឹងមានសមាជិកចូលថ្មីបន្ថែមទៀត ដែលធ្វើឱ្យផ្ទៃដីផលិតកម្មរបស់សហគមន៍ហក់ឡើងពី ១ ០០០ហិកតា រហូតដល់ទៅជាង ៥ ០០០ហិកតា។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការជ្រើសរើសពូជយុទ្ធសាស្ត្ររបស់កម្ពុជាមកដាំ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន ព្រមទាំងបានណែនាំឱ្យសហគមន៍ត្រៀមផែនការឱ្យបានច្បាស់លាស់សម្រាប់ផលិតកម្មនៅរដូវកាលបន្ទាប់ ជាពិសេសការត្រៀមទុន ពូជ និងទីផ្សារ។ បើតាម ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក និងឧតុនិម សិក្សារៀបចំប្រព័ន្ធស្រោចស្រពគោល ដើម្បីធានាឱ្យបានថា ការធ្វើផលិតកម្មស្រូវនៅក្នុងតំបន់នេះមានទឹកគ្រប់គ្រាន់ទៅតាមតម្រូវការជាក់ស្តែង៕

រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា

2025/07/21 07:39:27 pm        148
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើតឡើងនៅក្នុងប្រទេសជាច្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ក្នុងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនអំពីយន្តការសំខាន់ៗ រួមទាំង គ.ប.ឆ.ប. ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើត ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ជាមួយនឹងលទ្ធផលគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់កិច្ចប្រឹងប្រែងរួមគ្នានេះ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលផ្តល់កិច្ចសហការក្នុងការជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ីពីទីតាំងឆបោក ក៏ដូចជាការបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ី ត្រលប់ទៅមាតុប្រទេសវិញ។ ឯកឧត្តមបានឯកភាពថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កើតមានឡើងទូទាំងសកលលោក និងគូសបញ្ជាក់ថា ការបង្កើត គ.ប.ឆ.ប គឺស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់អាស៊ាន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ ក្នុងន័យនេះ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការថែមទាំង រួមទាំងការសម្របសម្រួលការទទួលពលរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវបញ្ជូនត្រលប់ទៅវិញ៕

អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

2025/07/21 07:35:55 pm        206
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារអញ្ជើញពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែន អន្តរ ជាតិព្រំ ស្ថិតក្នុ ងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។លោកជំទាវបានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីលើកក ម្ពស់ សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួល ដល់ការ បំពេញការងាររបស់មន្ត្រីជំនាញ លោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើការសាងសង់ខ្លោងទ្វារប្រវែង ៣០ម៉ ទទឹង ៦,២ម៉ រួមទាំងបន្ទប់ធ្វើការរបស់មន្ត្រីផងដែរ។លោកជំទាវបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុ ងបំ ពេញ ការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនអោយបា ន ល្អ ជាពិសេសត្រូវខិត ខំធ្វើកា រស្វែ ងយល់នូ វឯក សារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការ ទំនាក់ទំនងកិច្ចសហ ការ ជាមួយ ស្ថាប័ ននានា ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ។សូមបញ្ជាក់ថា៖ ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃ លិន បានបំពាក់នូវម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលដល់ការបំពេញតួនាទីភា រកិច្ចរបស់មន្ត្រី ជំនាញនៅទី នោះ ដូចជា៖ ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿងញៀនឆ្លងដែន និងម៉ាស៊ីនកាម៉េរ៉ាស្កែនកម្តៅរកមេរោគកូវីដ-១៩ ១គ្រឿង ផងដែរ ៕

សម្តេចពិជ័យសេនា ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន

2025/07/21 07:26:18 pm        166
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូបឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២៥នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន ខណៈការសាងសង់បច្ចេកទេសសំណង់ នៃស្តូបនេះសម្រេចបាន៩០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៥ខាងមុខនេះ។ សូមបញ្ជាក់ថា ស្តូបនយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន តាមបណ្តោយផ្លូវវាងក្រុងចម្ងាយ៣គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។ ស្តូបនេះគឺជាស្តូបអនុស្សាវរីយ៍ ដែលសាងសងឡើង ដើម្បីរំលឹកគុណដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយយកគំរូប្លង់ស្ថាបត្យកម្ម និងរចនាបថទៅតាមវិមានឈ្នះឈ្នះនៅ រាជធានីភ្នំពេញ។​ ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន គឺជាស្នាដៃស្ថាបត្យកម្មសម័យទំនើប មានបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន៖ទី១- កំពូលវិមាន ដែលមានជ្រុងបីតំណាងឱ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣ ដែលនាំឱ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ គឺ១. ការធានារូបកាយ និងអាយុជីវិត, ២. ធានាអាជីព និងមុខរបរ ៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យជាដើម។ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឱ្យយុទ្ធសាស្ដ្រ DIFID គឺៈ បំបែក ធ្វើឱ្យឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ)ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។ និងទី៣. តួវិមាន មានជ្រុងប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។អនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន គឺជានិមិត្តរូបដ៏សំខាន់នៃសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍សម្រាប់ខេត្តប៉ៃលិន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិននេះដែរ គឺមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦,០០០ម៉ែត្រការ៉េ។ បើគិតមកដល់ពេលនេះ ការសាងសង់ស្តូបនយោបាយ ឈ្នះ ឈ្នះ ផ្នែក បច្ចេកទេសសំណង់សម្រេចបាន ៩០%,ខ្លឹមសារចម្លាក់បំពាក់សម្រេចបាន៣០%, ខណៈសារមន្ទីរតេជោសន្តិភាពស្តូបឈ្នះ ឈ្នះ ប៉ៃលិន សម្រេចបាន១០%៕អត្ថបទ បាន ចក់

ព្រះសង្ឃខេត្តស្វាយរៀងនិងសប្បុរសជន រស់នៅសហរដ្ឋអាមេរិកនាំអំណោយ​ផ្ដល់ជូនវីរៈកងទ័ពឈរជើងទិសខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ

2025/07/21 07:05:40 pm        214
ឧត្ដរមានជ័យ ៖ ព្រះសង្ឃខេត្តស្វាយរៀង និងសប្បុរសជន រស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយ ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង រួមនិងព្រះសង្ឃ និងពលរដ្ឋរួមដំណើរប្រមាណជាង៤០០ អង្គ/នាក់នៅថ្ងៃចុងសប្តាហ៍ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយ ដែលបានមកពីការចូលរួម របស់ព្រះសង្ឃ ពលរដ្ឋ ក្នុងនិងក្រៅខេត្ត រួមមានអង្ករ១០តោន មី១ពាន់កេះ ត្រីខកំប៉ុង១០កេះធំ ទឹកសុទ្ធ៣០០កេះ ភេសជ្ជះគ្រប់មុខ១៥០កេះទឹកត្រីទឺកស៊ីអ៊ីវ៣៥០ដប ថ្នាំពេទ្យ៤០គីឡូក្រាម ផ្អក សាច់ក្រកសៀង១ពាន់៥១០គីឡូកាហ្វេ៥០កញ្ជប់ធំ ក្រម៉ា១៥០ និងភួយ១០០ សរុបថវិកាចំណាយអស់ជិត៩០លានរៀល ទៅចែកផ្ដល់ជូន ដល់វីរៈកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី ក្នុង(តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣) ។នៅគ្រប់ទីតាំងឈរជើង ដែល គណៈប្រតិភូសង្ឃ និង សប្បុរសជនអញ្ជើញដល់ ត្រូវបាន មេបញ្ជាការ មេបញ្ជាការរង និងពលខេមរៈភូមិន្ទ បានស្វាគមន៍ និងបញ្ជាក់ពីស្ថានភាព សកម្មភាព ឈរជើងការពារ បូរណភាពទឹកដី សភាពការណ៍និងជីវភាព ជូនដល់ ប្រតិភូជាបន្តបន្ទាប់មក ព្រះវិញ្ញាណមុំ សយ ក្នុងនាមព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង សូម ថ្លែងនូវការកោតសរសើរ ចំពោះ វីរជន វីរៈយុទ្ធនារី ដែលបាន លះបង់ កម្លាំងកាយចិត្ត ស្ម័គ្រចិត្តមកចូលរួមឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយអត់និងបូជាអាយុជីវិត ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលចោរសៀមមកឈ្លានពានលើបូរណភាពទឹកដី កម្ពុជា ពិសេសនៅ តំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់ ៣ ។ ព្រះតេជគុណ បានបញ្ជាក់ថា គ្រប់សកម្មភាពរបស់ វីរៈយុទ្ធជន វីរៈយុទ្ធនារី នៅសមរភូមិជួរមុខ ត្រូវបាន ព្រះសង្ឃនិងពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន បានធ្វើការតាមដាន គ្រប់សកម្មភាព ទាំងលើការ ត្រៀមប្រយុទ្ធ និងស្បៀងហូបចុក ទើបថ្ងៃនេះ ព្រះសង្ឃ បងប្អូនពលរដ្ឋក្នុងខេត្ត ពិសេសសប្បុរសជន នៅសហរដ្ឋអាមេរិកបាននាំយកអំណោយ ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ មកគាំទ្រជូនដល់វីរៈយុទ្ធជនវីរៈយុទ្ធនារី ជាសក្ខីភាព ។សូមបញ្ជាក់ថា ក្នុងឪកាសព្រះសង្ឃ និងបងប្អូនពលរដ្ឋ អញ្ជើញ និមន្ត សាកសួរសុខទុក្ខ ដល់វរៈកងទព័ ប្រតិភូដឹកនាំដោយព្រះតេជគុណ មុំ សយ បានផ្តល់ថវិកាតម្កល់នៅទីបញ្ជាការជួរមុខចំនួន ៥០លានរៀល ចែកផ្តល់ តាមតំបន់ទិសទាំង៤ទីតាំង រួមមានអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកា និងក្រៅពីការតម្កល់ថវិកា នៅទីបញ្ជាការជួរមុខ ក្រុមប្រតិភូ រួមមានឯកឧត្តម ស៊ុ វលក្ខ័ និងលោកជំទាវ លោកគឺម វ៉ាង និងលោកស្រីវ៉ាង ចាំង លោក គឺម ឡេង និងភរិយា លោក សឿន ចិន្ថា និងលោកស្រី លោកចាន់ សំណាង និងលោកស្រី លោកយី មុន្នីចិត្រា លោកយោគ សុវណ្ណារ៉ា លោកសៀន ណាវី ព្រះតេជគុណគឹម ភួង និងសប្បុរសជននៅសហរដ្ឋអាមេរិក បានបន្តចែកថវិកាផ្ទាល់ខ្លួនជូនដល់វរៈកងទព័ឈរការពារគោលដៅ សរុបអស់ថវិកាប្រមាណជាង៣ម៉ឺនដុល្លាបន្ថែមផងដែរ ។

ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/07/21 05:47:24 pm        145
ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងចូលរួមជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេលជាង ៣០មកហើយ ដែលក្នុងរយៈពេលបីទសវត្សរ៍មកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេសក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាពេលបច្ចុប្បន្នទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រៀង ក៏ដូចជាអនុស្សរណៈនៃការយកយល់គ្នាជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមសូមលើកទឹកចិត្តរដ្ឋាភិបាលប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យ នយោបាយ និងសេដ្ឋកិច្ច ជាពិសេសការវិនិយោគ និងពាណិជ្ជកម្ម និងវិស័យអាទិភាពមួយចំនួនទៀតដូចជាទេសចរណ៍ និងវិស័យអប់រំជា ដើម សំដៅនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង។ ឯកឧត្តម អែលនូ ម៉ាម៉ាដូវ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម នៅកម្ពុជានាពេលនេះ គឺដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ដែលផ្តោតលើរបៀបវារៈសំខាន់ៗ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងមនុស្សធម៌ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមថានឹងធ្វើការចុះអនុស្សរណៈនៃការយោគយល់ ដើម្បជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមថា ក្រោយពីបានទស្សនាទៅកាន់តំបន់ប្រាសាទអង្គរវត្ត ឯកឧត្តមយល់ថា កម្ពុជាពិតជាមានភាពទាក់ទាញខ្លាំងណាស់សម្រាប់អ្នកទេសចរណ៍អន្តរជាតិ ក៏ដូចជាប្រជាជនអាស៊ែបៃហ្សង់ ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេស បានរំលេចអំពីតួនាទីដ៏សំខាន់នៃវិស័យការទូតសភា ក្នុងការជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែប្រសើរឡើង ហើយសភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពសភា ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែប្រសើរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរសភានានា ដូចជាសហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) អន្តរសភាអាស៊ាន (AIPA) និងបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) ជាដើម។ ឯកឧត្តម បន្ថែមថាប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ មានលក្ខណៈស្រដៀងគ្នាជាច្រើន ដូចជាប្រវត្តិឆ្លងកាត់សោកនាដកម្មសង្គ្រាមដូចគ្នា ហើយសព្វថ្ងៃប្រទេសទាំងពីរមានគោលនយោបាយការបរទេសស្រដៀងគ្នាថែមទៀតផង ដូចជាការប្រកាន់ខ្ជាប់នូវគោលការណ៍មិនចូលបក្សសម្ព័ន្ធ ការគោរពអធិបតេយ្យភាព និងការគាំទ្រប្រព័ន្ធពហុភាគីនិយមដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាដើម។ ឯកឧត្តម បានអរគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រអាស៊ែបៃហ្សង់នាពេលកន្លងមក ហើយឯកឧត្តម រំពឹងថា ក្នុងពេលឆាប់ៗនេះ ប្រទេសទាំងពីរនឹងមានឱកាសបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងវិស័យ សេដ្ឋកិច្ច ពាណិច្ចកម្ម និងវិនិយោគ។ ជាចុងក្រោយតាមរយៈឯកឧត្តម ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សូមផ្តាំផ្ញើសាកសួរសុខទុកដល់ ឯកឧត្តម អ៊ុលហាម អាលីយ៉េវ ប្រធានាធិបតី ឯកឧត្តម អាលី អាសាដូវ នាយករដ្ឋមន្ត្រី លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, និងថ្នាក់ដឹកនាំកំពូលទាំងអស់ផ្សេងទៀត របស់អាស៊ែបៃហ្សង់ និងជូនពរដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមអនុរដ្ឋមន្ត្រី ទទួលបានជោគជ័យត្រចះត្រចង់៕

រដ្ឋមន្ត្រីសុខាភិបាល៖ “បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ”

2025/07/21 05:19:22 pm        99
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា ស្តីពីក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ ដែលដឹកនាំបង្រៀនដោយ ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីប្រឹក្សា និងជាសាស្ត្រាចារ្យ បង្រៀនមុខវិជ្ជា ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មាននិស្សិតចូលរួមសរុបប្រមាណ ៣៥០នាក់។ជាកិច្ចបើកវគ្គក្នុងកម្មវិធីសិក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី បានលើកឡើងអំពីមេរៀនគុណតម្លៃនៃអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ ដោយត្រូវមានឥរិយាបថល្អ ក្រមសីលធម៌ ទទួលខុសត្រូវ ឧត្តមគតិ ស្រឡាញ់វិជ្ជាជីវៈ ព្រហ្មវិហាធម៌ និងគោរពអ្នកជំងឺ។ ជាមួយគ្នានោះដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ដោយបានសង្កត់ធ្ងន់ថា អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា ធ្វើយ៉ាងណាឱ្យអ្នកជំងឺមានក្តីសង្ឃឹម និងជឿជាក់ និងធ្វើឱ្យចេញជាលទ្ធផលវិជ្ជមាន ព្រមទាំងបានណែនាំឱ្យវគ្គសិក្សានេះមានគុណភាព និងត្រូវរៀបចំឱ្យមាននិរន្តភាព មានភាពប្រសើរជាងមុន និងធ្វើការវាយតម្លៃផងដែរ ស្តីពីសមត្ថភាព នៃការចូលរួមវគ្គសិក្សានេះ។ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា ក្នុងវិស័យសុខាភិបាល នៅខ្វះនូវធនធានមនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ ទាំងចំនួន និងគុណភាព ហើយការខ្វះខាតនេះ គឺធ្វើឱ្យមានភាពខ្សោយនៃការគិតគូពិចារណាក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ដូច្នេះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវតែពង្រឹងក្នុងការលើកម្ពស់នូវគុណភាពនៃក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រនេះ ឱ្យបានប្រសើរឡើង និងឆាប់រហ័ស។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានលះបង់ពេលវេលា និងការច្នៃប្រឌិតខ្ពស់ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលនិស្សិត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យមានគុណភាពកាន់តែប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពក្រមសីលធម៌វិជ្ជាសុខាភិបាល៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
05/16/2026 01:05 PM
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
05/16/2026 01:05 PM
UN ស្វាគមន៍កិច្ចព្រមព្រៀងនៅយេម៉ែនដើម្បីដោះលែងឈ្លើយសឹក ១.៦០០នាក់ និងជំរុញការអនុវត្ត ឆាប់រហ័ស
05/16/2026 01:05 PM
អ៊ីស្រាអែល កំណត់គោលដៅលើមេដឹកនាំក្រុរមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា
05/16/2026 12:05 PM
មេដឹកនាំអ៊ុយក្រែន៖ រុស្ស៊ី កំពុងពិចារណាផែនការវាយប្រហារប្រទេសសម្ព័ន្ធមិត្តណាតូ ពីបេឡារុស
05/16/2026 12:05 PM
អាមេរិក មានផែនការចោទប្រកាន់លោក Raul Castro ដែលបង្កើនការព្រួយបារម្ភរបស់ប្រជាជនគុយបាចំពោះការប្រើប្រាស់កម្លាំង
05/16/2026 12:05 PM
ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បាន «ការធានា» លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/16/2026 12:05 PM
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
05/16/2026 11:05 AM
សហរដ្ឋអាមេរិក លុបចោលការដាក់ពង្រាយកងទ័ព ៤.០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ
05/16/2026 11:05 AM
ទីភ្នាក់ងារសុខភាពសាធារណៈអាហ្វ្រិក ប្រកាសពីការផ្ទុះឡើងជំងឺអេបូឡាថ្មីនៅកុងហ្គោ ដោយមានអ្នកស្លាប់៦៥នាក់
05/16/2026 10:05 AM