កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

ក្រសួងការងារកម្ពុជា និងអង្គការសហប្រជាជាតិ ឯកភាពបន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

2025/07/15 01:56:23 pm        124
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នៅទីស្តីការក្រសួង។កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃ «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជួយពង្រឹងការអនុវត្តសកម្មភាពទៅតាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះរួមមានការផ្តោតសំខាន់ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង ការដាក់បុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ (Formalization) ការងារសមរម្យសម្រាប់យុវជន (Decent Works for Youth) សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបង្ហាញក្តីរីករាយ ដែលភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចបានការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការបន្តគាំទ្រយន្តការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕

សម្តេច ឃួន សុដារី៖ កម្ពុជាមានឆន្ទៈមោះមុតចូលរួមការពារសុខសន្តិភាពតំបន់ ពិភពលោក តាមការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយយកពលរដ្ឋជាស្នូល

2025/07/15 01:49:22 pm        276
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយ(អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃអង្គារទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការរួមចំណែកកាន់តែច្រើនដល់ការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកបទពិសោធន៍ និងការ បញ្ចប់សង្រ្គាមនិងការផ្សះផ្សាជាតិ របស់កម្ពុជាតាម គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្ន ជាព្រឹទ្ធសភា ជាអគ្គមគ្គទេសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា។កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។ សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណជិត៣០០នាក់។នៅក្នុងពិធីបើកកិច្ចប្រជុំ ក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ សម្តេចរដ្ឋសភាធិបតី បានកត់សម្គាល់ថា វត្តមានតំណាងរាស្រ្តក្នុងតំបន់អាស៊ាន ប្រទេសសង្កេតការណ៍ និងគណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងគួរឱ្យកត់សម្គាល់សម្រាប់គ្រួសារ អាយប៉ា។ ការជួបជុំនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យនិងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបើកទូលាយ និងបរិយាប័ន្ន ពហុភាគីនិយមដែល មិនត្រឹមតែដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាត AIPA ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើម្បីផ្លាស់ប្តូរទស្សនៈលើប្រធានបទ "សន្តិភាពតាមរយៈការសន្ទនា ៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា"ជាមួយនឹងការសង្កត់ធ្ងន់លើតួនាទីនៃការទូតសភាដើម្បីសន្តិភាព និងវិបុលភាព”។សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមាំថា ការគិតរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពិតជាមានសារៈ សំខាន់ ក្នុងការផ្តល់នូវដំណោះស្រាយ និងការកសាងប្រព័ន្ធអន្តរជាតិ ដែលកាន់តែមានលក្ខណៈបរិយាបន្ន ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍ ប្រទេសលោកខាងត្បូង (Global South) ដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការរៀបចំនូវទម្រង់ បង្កើតនូវបទដ្ឋាន និងពង្រឹងនូវអភិបាលកិច្ចសកល។តំបន់អាស៊ាន និងពិភពលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហា និងរងសម្ពាធយ៉ាង ច្រើនរាប់មិនអស់ រួមទាំងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយម ព្រមទាំងសញ្ញានៃការបែកខ្ញែកសេដ្ឋកិច្ច វិវាទនានាទាក់ទងនឹងអធិបតេយ្យ និងជម្លោះប្រដាប់អាវុធ រួមផ្សំនឹងការគំរាមកំហែងសន្តិសុខមិនប្រពៃណី ដូចជា ការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រ ស្មាញ វិសមភាពកាន់តែរីកធំឡើង សន្តិសុខសុខភាពសកល ភាពរអាក់រអួលនៃបច្ចេកវិទ្យា និងវិបត្តិមនុស្សធម៌ ជាដើម។សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា "យើងត្រូវរួមគ្នារារាំងឯកតោភាគីនិយម អាកប្បកិរិយា អនុត្តរភាពនិយម និងការការពារនិយម ដែលធ្វើឱ្យខូចដល់អភិបាលកិច្ចសកល និងច្បាប់អន្តរជាតិ។ យើងត្រូវមានភាពក្លាហាន និងចូលរួមដើម្បីការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើយើងមិនក្រោកឈរទេ អ្នកណានឹងក្រោកឈរឡើង?”។សូមជម្រាបថា ការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស “គោលនយោបាយឈ្នះ-ឈ្នះ” ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ។ គោលនយោបាយនេះ ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងជាច្រើនទសវត្សរ៍ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែ ១គ្រាប់ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងចូលរួមក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរតំបន់ ប្រកបដោយទំនុកចិត្ត។ ក្នុងបរិការណ៍នេះ ការចូលរួមរបស់កម្ពុជាក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិក១៥ ប្រទេស បានបង្ហាញពីរបៀបដែលស្ថិរភាពជាតិអាចត្រូវបានប្រើប្រាស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់សន្តិភាពក្នុងតំបន់ ត្រូវការស្ថាប័នក្នុងតំបន់ដ៏រឹងមាំមួយ។ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដើម្បីកសាងអាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ ពោរពេញដោយឋាមវន្ត នវានុវត្តន៍ និងមានភាពធន់ គឺចង់សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាស៊ាន ជាបេះដូងនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា និងគឺដើម្បីធានាឱ្យមានការចូលរួមប្រកបដោយអត្ថន័យនិងបរិយាបន្នពីភាគីពាក់ព័ន្ធទាំងអស់នៅ ក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន។ ត្រង់នេះ អាយប៉ាពិតជាមានតួនាទី សំខាន់ណាស់នៅក្នុងដំណើការខាងលើនេះ។ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានសង្កត់បន្ថែមថា ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក យើងត្រូវពង្រឹងអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ខណៈពេលដែលការកែទម្រង់ប្រព័ន្ធអន្តរជាតិនេះឱ្យកាន់តែរួមបញ្ចូលយុត្តិធម៌ និងយុត្តិធម៌។ អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព ជូនពលរដ្ឋ។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

2025/07/15 01:13:48 pm        344
កំពត៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តបេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ ជាលទ្ធផលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប ៦៦ ចំណុច ក្នុងភូមិសាស្រ្តខេត្តកំពត។ សូមជម្រាបជូនផងដែរថា តម្រាយផ្លូវទឹកកំណាត់ទី២ គឺឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕

សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ

2025/07/15 01:08:55 pm        268
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបសន្ទនាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសនៃការបញ្ចប់បេសកកម្មការទូតនិងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការនានានៅក្នុងការរួមចំណែកកសាង និង ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាឱកាសជំនួបនេះ ឯកឧត្តម PARK Jung-Wook បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តលើកឡើងថា វាជាកិត្តិយស និងបុព្វសិទ្ធិដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្តល់កិច្ចសហការនានាក្នុងការបំពេញការងាររបស់ឯកឧត្តម។ បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧ មក ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចថា កម្ពុជាមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហើយកម្ពុជាបានក្លាយជាដៃគូជិតស្និទ្ធមួយរបស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាមានមោទនភាពដែលបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅកូរ៉េ នៅឆ្នាំ២០២៤ ដែលនាឱកាសនោះ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត។បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ដែលប្រទេសទាំងពីរសម្រេចបាន ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោងនានា ក្រោមកម្ចី ODA រួមទាំងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា វឌ្ឍនភាពទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការរួមចំណែក និងគាំទ្រពីភាគីកម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពទាំងឡាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានខិតខំជំរុញ និងបានបញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង។ ជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ ទោះជានៅក្នុងអំឡុងពេលមានការរីករាលជំងឺកូវីដ-១៩ នៅខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរតាមច្រកផ្លូវផ្សេងៗ។ ជាមួយនឹងការថ្លែងអំណរគុណសម្តេចបានចង្អុលបង្ហាញជាការពិចារណាឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ។ បន្ថែមពីលើនេះ សម្តេច បានសម្តែងនូវក្តីរំពឹងទុកថា ដោយឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចបានអបអរសាទរចំពោះភាពជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកូរ៉េ និងវិធីសាស្រ្តនៃគ្រប់គ្រងដោះស្រាយសភាពការណ៍ផ្ទៃក្នុងកូរ៉េ។ សម្តេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលផងដែរ។

ប្រមុខការពារជាតិកម្ពុជា ទាមទារឲ្យអតីតទាហានព្រៃថៃ សូមទោសកងទ័ពខ្មែរជាសាធារណៈ ខណៈអាចឡើងដល់តុលាការ

2025/07/15 01:00:46 pm        2300
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហាក់មិនទាន់ចង់ឲ្យករណីអតីតទាហានព្រៃថៃ ដែលបានវាយកងទ័ពខ្មែរ បញ្ចប់ដោយស្រួលៗនោះទេ គឺប្រមុខការពារជាតិកម្ពុជារូបនេះ បានទាមទារឲ្យមានការសូមទោសជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ ។ក្នុងពិធីអបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៦៨ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងនៅចំពោះមុខមន្ត្រី UN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែររួចនាំគ្នារត់បាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារយ៉ាងខ្លាំង ។ឯកឧត្តមបន្តថា ទោះបីជាបុគ្គលទាំង២នាក់នោះ បានសូមទោសរួចហើយក៏ដោយ ប៉ុន្តែក្នុងលក្ខណៈកំបាំងមុខ ដូចនេះ អំពាវនាវឲ្យពួកគេ ត្រូវធ្វើការសូមទោសជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការអស់ចិត្ត ហើយករណីនេះ នៅតែបន្តតាមដាន និងមិនឲ្យរួចផុតងាយៗនោះទេ ។ជាមួយនេះ ប្រមុខការពារជាតិកម្ពុជា នៅតែប្រកាន់ជំហរស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលលើករណីដោះស្រាយបញ្ហា ជាមួយប្រទេសថៃ ទាំងយន្តការអន្តរជាតិក្នុងសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ យន្តការទ្វេភាគី ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងជំរុញឲ្យភាគីថៃ ត្រូវបើកច្រកទ្វារព្រំដែនជាលក្ខណៈឯកកត្តោភាគីទាំងអស់ជាមុនសិន ទើបកម្ពុជាអនុវត្តតាមក្រោយ ហើយគ្មានការចរចារលើករណីនេះនោះទេ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយពីថៃ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ប៉ុន្តែកម្ពុជានៅតែមានបំណងចង់ឲ្យមានការវិវត្តន៍ទៅរកមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ឡើងវិញ ក្នុងនាមជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ 

ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦

2025/07/15 12:46:42 pm        574
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និងជម្រាបលា។បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងនឹករលឹកចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាផងដែរ, សម្ដេចតេជោ មានប្រសាសន៍ថា ក្នុង​បេសកកម្ម​របស់​ឯកឧត្តម បានចូលរួមចំណែកក្នុងការពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងកូរ៉េ​ខាង​ត្បូង​នាពេលកន្លងមក និងនាពេលបច្ចុប្បន្ន។ សម្ដេចតេជោ បានសរសើរ​ចំពោះកា​រ​ខិត​ខំ​ប្រឹង​ប្រែងរ​បស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងការពូនជ្រុំជំទាន់ទំនងប្រទេសទាំងពីរ។ នៅ​ក្នុង​ឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវក្ដីអរគុណ ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសម និងជម្រាប​លា​នៅ​ក្នុង​ឱកាស​នេះ។​ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងអាណត្តិ​ដែល​ឯកឧត្តម​បាន​បំពេញ​បេសក​កម្ម​ការងារ​នៅ​កម្ពុជា ជាឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូងប្រចាំនៅកម្ពុជាតាំងពីឆ្នាំ២០២៣មក បាន​ចូល​រួម​ចំណែកក្នុងការធ្វើកិច្ចការងារដើម្បីលើកស្ទួយទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាង​ត្បូង​ឱ្យ​មាន​ភាព​រីកចម្រើន ជាពិសេសក្នុងអាណត្តិផ្ទាល់របស់ឯកឧត្តម ក៏បានរៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាទៅកាន់កូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ កន្លង​ទៅដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម​បាន​លើកស្ទួយនៃការពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចូល​រួម​ចំណែក​របស់​កូរ៉េ​ខាង​ត្បូង ជួយដល់វិស័យនានានៅកម្ពុជា ជាពិសេសកិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​តាម​បណ្ដា​ក្រសួង​ ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា កូរ៉េខាងត្បូងបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាម​រយៈការផ្ដល់កម្ចីសម្បទានមួយចំនួនទៀត លើការរួមចណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ​ថ្នល់ ជាដើម ហើយឯកឧត្តម សង្ឃឹមថា ស្ពានមិត្តភាពរវាងកូរ៉េខាងត្បូង និង​កម្ពុជា​នឹង​បើក​ការដ្ឋាន​នាពេ​លឆាប់ៗនៅឆ្នាំ ២០២៦ខាងមុខនេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិ​ត្ត​ចំពោះ​បេសកកម្ម​ការងារ​របស់​ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងនៅកម្ពុជា ដែលបានរួម​ចំណែក​ពង្រីក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏បានលើកថា ទំនាក់ទំនង​ប្រទេស​កម្ពុជា និងកូរ៉េខាងត្បូង បានចាប់ផ្ដើមកិច្ចព្រមព្រៀងទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៦ ហើយ​ឆ្នាំ ១៩៩៧ គឺជាការចាប់​ផ្ដើម​នូវ​ទំនាក់​ទំនង​ផ្លូវ​ការ​ពេញ​លេញ​ឡើង​វិ​ញ​រវាង​ប្រទេស​ទាំង​ពីរ ហើយទំនាក់ទំនងនេះ គឺជាការបង្កើត​ឡើង​ដោយ​ផ្ទាល់​តែ​ម្ដង​ដោយ​សម្ដេច​តេជោដែ​ល​បាន​ខ្នះ​ខ្នែង​ក្នុង​ការពង្រីកនៃការបង្កើតឡើងវិញទំនាក់ទំនងប្រទេសទាំងពីរឡើង ដូច្នេះទំនាក់ទំ​នង​ប្រទេស​ទាំង​ពីរកើតឡើងវិញ និងវិវត្តជាវិជ្ជាមានរហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោ បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ការវិនិយោគនានាដែលបានកើតឡើងជាមួយគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូង មាន​ការ​កើន​ឡើងគួរឱ្យគត់សម្គាល់។ សម្ដេចតេជោបានរម្លឹកថាក្នុងបរិបទកូវីដ-១៩ បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោកបានបិទជើងហោះហើរ ប៉ុន្ដែក្នុងពេលនោះ កូរ៉េខាងត្បូង​មិន​បាន​បិទ​ជើង​ហោះ​ហើរ​ជាមួយកម្ពុជាឡើយ ដែលនេះបាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទំនាក់​ទំនង​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវការអរគុណ សម្ដេចតេជោ ដែលបាន​លើក​ឡើង​អំពី​ទំនាក់ទំនង និងការចូលរួម​ចំណែក​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសក​ម្ពុជា ជាពិសេសការចូលរួមចំណែកក្នុងកាលៈទេសៈកូវីដ-១៩ ជួយដល់កម្ពុជា​នាពេលក​ន្លង​ទៅ។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់​បន្ត​បន្ទាប់ទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានចាត់ទុកសម្ដេចតេជោ គឺជាតួអ​ង្គ​មួយ​ដ៏​សំខាន់​ក្នុង​ការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសការ​គឺ​ការ​ផ្សារ​​ភ្ជាប់​នូវទំនាក់ទំនងប្រទេសទាំងពីរតាំងពីរឆ្នាំ ១៩៩៧មក។ ជាចុងក្រោយ​សម្ដេចតេជោ បានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង ទទួលជោគជ័យ​បន្ថែម​ទៀត បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មនៅកម្ពុជា ហើយសង្ឃឹម​ថា​ឯកឧត្តម​នឹង​ត្រឡប់​មកកម្ពុជានាពេលនាខាងមុខ៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាឯកភាពរាជធានី-ខេត្ត ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/07/15 12:44:23 pm        209
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ វិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត៕

ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជូនពលរដ្ឋ និងពលករក្នុងខេត្តចំនួន១១បន្ថែមទៀត ខណៈមួយសប្តាហ៍កន្លងមក ពលករជាង១,៣ ម៉ឺននាក់ទទួលបានការងារធ្វើ

2025/07/15 12:34:40 pm        235
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបន្តបើក «វេទិកាការងារ» នៅ​មូល​ដ្ឋាន​ចំនួ​ន​៣៨ស្រុក ក្នុងខេត្តចំនួន១១បន្ថែមទៀត ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេស​ពលករ​ដែល​ទើបតែត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗ ខណៈកម្ពុជា​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាច្រើនម៉ឺនកន្លែង ហើយត្រឹម​សប្តាហ៍​កន្លង​ទៅ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពលករ​ដែល​ទទួលបានការងារថ្មី មានចំនួនជាង១ម៉ឺន ៣ពាន់នាក់។មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ តាមសារអេឡិចត្រូនិក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារឱ្យដឹងថា គិតចាប់ថ្ងៃទី៣០ ខែមិថុនា រហូត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ បានចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និង​ពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានចំនួនរាប់ម៉ឺននាក់។ ដោយឡែក គិតចាប់ថ្ងៃទី១៤ ខែ​កក្កដា ដល់ថ្ងៃទី១៥ ខែសីហាខាងមុខនេះ នឹងចុះទៅ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ​នេះ​បន្ថែម​ទៀត​ទៅ​កាន់​ខេត្តសំខាន់ៗចំនួន១១ និង៣៨ស្រុក ក្នុងនោះរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល សៀមរាប កំពត ពោធិ៍សាត់ ស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងកំពង់ចាម ដើម្បី​នាំ​​យក​ឱកាសការងាររាប់ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​បាន​ដឹង ក្នុងនោះក៏មានរោងចក្រ សហគ្រាសផ្សេងៗទៀតនឹងចូលរួមផងដែរ។សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស​ចេជាង(Zhejiang) សមាគម​វាយ​នភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ចាប់តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចុះទៅ​សម្ភាសន៍​ជ្រើស​រើសក​ម្លាំង​ពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ​ (NEA) ក្នុងគោល​បំណង​ដើម្បី​រំកិល​សេវាផ្ដ​ល់​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ដល់​មុខ​ផ្ទះ​តែ​ម្ដង​ ព្រោះនៅតំបន់​ដាច់​ស្រយាល​មួយ​ចំនួន​មិន​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​ការ​ស្វែង​រក​ការ​ងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះ​ស្រាយ​ចម្ងល់​ទាំង​នេះ ក្រសួងការងារ បានបើកយុទ្ធនាការនេះឡើង ក្នុងការផ្ដល់ឱកាស​ការងារ​ធ្វើ​ដ៏​សំបូរ​បែប​ទៅ​ដល់​ភូមិ ស្រុករបស់ប្រជាពលរដ្ឋតែម្ដង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងកម្ពុជា-បារាំងពឹងផ្អែកលើទំនុកចិត្តគ្នា និងស្មោះស្ម័គ្រ​គ្នា​ទៅ​វិញ​ទៅ​មក

2025/07/15 12:23:11 pm        547
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងគឺពឹងផ្អែកលើទំនុកចិត្តគ្នា និង​ស្មោះ​ស្ម័គ្រ​គ្នា​ទៅ​វិញទៅមក លើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច យោធា អប់រំ និងវប្បធម៌​ជាដើម​។ក្នុងឱកាសអញ្ជើញចូលរួមអបអរបុណ្យជាតិនៃសាធារណៈរដ្ឋបារាំង នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២៥នេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា «ខ្ញុំសូមបន្ថែមបន្តិចថា ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ(កម្ពុជា-បារាំង) ពឹងផ្អែកលើទំនុកចិត្តទៅវិញទៅមក ការ​គោរព​គ្នា​ដ៏​ស្មោះ​ស្ម័គ្រ​ និងចក្ខុវិស័យរួមស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងពេលបច្ចុប្បន្ន»។ ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលេចផងដែរថា ក្នុងអំឡុងអាណត្តិរបស់ឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេបាទំនាក់ទំនងទាំងនេះបានស្គាល់នូវសម្ទុះថ្មីមួយ តួយ៉ាង​ដូច​ជា​ព្រះរាជ​ដំណើរ​ទស្សន​កិច្ច​របស់ព្រះមហាក្សត្រកម្ពុជានៅទីក្រុងប៉ារីស៍ ទស្សនកិច្ចរបស់សម្តេចតេជោ និង​សម្តេច​ធិបតី ក៏ដូចជាកិច្ច​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​របស់​សម្តេច​ទាំង​ទ្វេ​ជា​មួយ​ប្រធា​នា​ធិបតី​សាធារណ​រដ្ឋ​បារាំង ប្រកបដោយភាពកក់ក្តៅ និងផ្លែផ្កា ទាំងនៅទីក្រុងប៉ារីស៍ និងនៅទីក្រុងនីស ក្នុង​អំឡុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រផងដែរ។ប្រមុខការទូតកម្ពុជារូបនេះបានបញ្ជាក់ទៀតថា ទំនាក់ទំនងទាំងនេះហើយ(កម្ពុជា-បារាំង) ចាក់​ឫស​ទៅ​ក្នុងប្រវត្តិសាស្រ្ត និងត្រូវបានពង្រឹងដោយមិត្តភាពមួយប្រកបដោយចីរភាព។ ទំនាក់​ទំនង​ទាំង​នេះ​ឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកិច្ចសហប្រតិបត្តិការមួយដែលផ្តោតលើវិស័យជាច្រើន រួម​មាន​នយោបាយ សេដ្ឋកិច្ច យោធា អប់រំ វប្បធម៌ ក៏ដូចជាការប្តេជ្ញា​ចិត្ត​របស់​ប្រទេសយើ​ងទាំ​ង​ពីរ​ក្នុង​ស្ថាប័ន​ពហុភាគី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងគោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​សណ្តាប់​ធ្នាប់​ពិភពលោកប្រកបដោយសន្តិភាព សមធម៌ និងចីរភាព។  ថ្លែងនៅក្នុង​កម្មវិធីខាងលើនេះដែរ ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការជា ប្រវត្តិសាស្រ្ត និងចំណងទាក់ទងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ រវាង​ប្រទេសបារាំង និងកម្ពុជា។ លើទិដ្ឋភាពវប្បធម៌ លោក ហ្សាក់ ប៉ឺឡេ បានរម្លឹក​អំពី​ជោគ​ជ័យ​នៃ​ការ​តាំង​ពិព័រណ៍បដិមាសំរិទ្ធកម្ពុជានៅសារមន្ទីរបារាំងហ្គីម៉េ នាទីក្រុងប៉ារីស៍ ដោយ​មាន​បដិមា​ព្រះវិស្ណុ​ផ្ទំ ជាស្នាដៃឯកលេចធ្លោជាងគេក្នុងពិព័រណ៍នោះ។ ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ លោក​បាន​​គូសបញ្ជាក់ពីការរួមចំណែករបស់ក្រុមហ៊ុនបារាំង VINCI ក្នុងការ​គ្រប់​គ្រង​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោតាខ្មៅ។ លោកក៏បានលើ​ក​ឡើង​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​ផង​ដែរ តាមរយៈការបណ្តុះបណ្តាលនាយទាហាន និងកងទ័ពមួកខៀវកម្ពុជា នៅមជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កងកម្លាំងរក្សាសន្តិភាព (NPMEC)។ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបារាំងបានលើកឡើងពីប្រធានបទសាកលធំៗ ដែល​ប្រទេស​បារាំង និងកម្ពុជាបានឆ្លើយតបរួមគ្នា ជាពិសេសលើ​ការ​ប្រ​យុទ្ធ​ប្រឆាំ​ង​បម្រែ​បម្រួល​អាកា​ស​ធាតុ​​។ ក្នុងន័យនេះ លោកបានកោតសរសើរចំពោះការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅ​ទីក្រុងនីស ប្រទេសបារាំង ដែលជាកាយវិការនៃការប្តេជ្ញាចិត្តរួមគ្នាមួយប្រកបដោយអត្ថន័យ។ លោក​ទូត​បាន​សង្កត់​ធ្ងន់​លើ​ការ​ប្រកាន់​ខ្ជាប់​របស់​ប្រទេសទាំ​ង​ពីរ​ចំពោះ​គោលការណ៍​ពហុ​ភាគី​និយម និងច្បាប់អន្តរជាតិ ដែលលោក​ចាត់​ទុក​ថា​ជាមូលដ្ឋា​ន​គ្រឹះ​នៃ​សណ្តាប់​ធ្នាប់​ពិភព​លោក​ប្រកប​ដោយ​យុត្តិធម៌ និងសាមគ្គីភាព ប្រសើរជាងមុន។ ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព គឺ​ជា​គំនិត​ស្រប​គ្នា​មួយទៀតរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំង​ឱ្យឃើញ​តាម​រយៈ​សមាជិក​ភាព​នៃប្រទេសទាំងពីរក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ និងការដាក់បញ្ចូល​សារ​មន្ទីរ​ស​២១ ​ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាដើម៕ អត្ថបទ៖ បាន ចក់

មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង

2025/07/15 11:58:08 am        294
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា បច្ចុប្បន្ន​ប្រទេសក​ម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់​គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្ម​ក្នុង​ស្រុក និងប្រភពនាំចូលដទៃជាច្រើនទៀត។ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបញ្ជាក់ជាថ្មីថា ទោះបីកម្ពុជាបិទព្រំដែនជាមួយថៃ ក៏មិន​បង្ក​ជា​ផល​រំខាន​ធ្ងន់​ធ្ងរមកលើសន្តិសុខស្បៀងប្រទេសកម្ពុជាឡើយ ខណៈកម្ពុជាមានស​មត្ថ​ភាព​គ្រប់​គ្រាន់​ធានា​នូវស្ថិរភាពស្បៀងអាហារសម្រាប់ប្រជាជន។ ឯកឧត្តមបាន​បញ្ជាក់ថា ជាក់ស្ដែងនៅពេលដែលមានការប្រែប្រួលណាមួយ ប្រាកដ​ជា​មាន​ការ​រអាក់​រអួល​ខាង​ផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះនៅលើទីផ្សារ ទំរាំទីផ្សារអាចធ្វើការ​សម្រប​ខ្លួន​ឡើង​វិញ​ ប៉ុន្តែកាលៈទេសៈនេះ ក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតកម្ម នៅ​ក្នុង​ស្រុក​ ចំពោះទំនិញមួយចំនួន ដែលធ្លាប់​តែ​ពឹង​ផ្អែក​ពី​ការ​នាំចូល​ពី​ប្រទេស​ជិត​ខាង​នា​ពេល​កន្ល​ង​ទៅ​។ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រា​ស់ក្នុ​ង​ស្រុក​បន្ត​បង្កើនការគាំទ្រកសិផលរបស់ប្រជាកសិករខ្មែរ ជាពិសេសក​សិផ​ល​ដែល​ធ្លាប់​តែ​ធ្វើ​ការ​នាំ​ចេញ​ហើយ​ឥឡូវនេះមានការលំបាកក្នុងដំណាក់កាលអន្តរកាល។តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម បានសង្ឃឹមថា ប្រជា​កសិករ នឹងយកឱកាសនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ដំណាំណាមួយ ដែលយើងធ្លាប់មានពីមុន ហើយធ្វើពិពិធកម្មទៅប្រភេទដំណាំណាមួយ ដែ​ល​ឥឡូវនេះកំពុងតែមានតម្រូវការ ហើយមិនទាន់មានស្ថេរភាពនៃការផ្គត់ផ្គង់នៅឡើយ។សូម​បញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខស្បៀង។ ដូច្នេះ​បង​ប្អូន​ប្រជា​ពលរ​ដ្ឋ​មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះខាតនៃការផ្គត់ផ្គង់ ឬការកើន​ឡើង​តម្លៃ​នៃ​ស្បៀង​អា​ហារនៅក្នុងស្រុកឡើយ។ បើតាម ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម កសិផលកម្ពុជា មិន​ត្រឹម​តែ​ធានាលើការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ កំពុងនាំចេញទៅកាន់ប្រទេសជិត ៨០ ក្នុង​សកលលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM