AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង

ព័ត៌មានជាតិ

ស្មារតីសាមគ្គីភាព ឯកភាពជាតិ រួមសុខរួមទុក្ខជាមួយកងទ័ពជួរមុខ ក្នុងបុព្វហេតុ​ការពារ​អធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី

2025/07/10 01:30:05 pm        199
ព្រះវិហារ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវថវិកា គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ឧបត្ថម្ភដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងជួរមុខនៅបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) ទិសប្រាសាទព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានដ៏អង់អាចក្លាហានដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយប្រើប្រាស់នូវអភិក្រមទាំង ៣គឺ ការទូត និងបច្ចេកទេស, ច្បាប់អន្តរជាតិ និងយោធា ជាពិសេសក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់បញ្ចប់បញ្ហានេះ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ដែលបានលើកឡើងថា «ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង»។ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីមូលដ្ឋានគ្រឹះបួននៃខឿនការពារជាតិជារួមដ៏រឹងមាំ នៃគោលយោបាយរាជរដ្ឋាភិបាល គឺការពង្រឹងវិស័យយោធា ការទូត ច្បាប់អន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ កម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយនេះ ប្រកបដោយយប្រសិទ្ធភាព ដែលធានាបាននូវការពារជាតិ អធិបតេយ្យ និងបូរណភាពដែនដី។ គូសបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលសាកសួរសុខទុក្ខ នេះចំពេលខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការចូលរួមយ៉ាងសកម្មពីសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការជួយជ្រោមជ្រែងដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានដោយជោគជ័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក (Quebec) ប្រទេសកាណាដា៕

អាជ្ញាធរខេត្តកំពង់ឆ្នាំងអនុវត្តវិធានការរដ្ឋបាលនៅមុខផ្សារសមុទ្រទឹកសាប ក្រោយ​អាជីវករ​ទាំង​នោះ​លក់​ដូរ​អនាធិបតេយ្យ​គ្មានផ្លូវធ្វើដំណើរ

2025/07/10 01:22:37 pm        273
កំពង់ឆ្នាំង៖ លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង លោក វ៉ាន់ ថេន នាយកទីចាត់​ការ​អន្តរ​វិស័យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៥​នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ស្រុក រួមនិងអាជ្ញាធរមូលដ្ឋាន ចុះ​ចាត់​វិធាន​ការ​រដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយ​អាជីវករ​ទាំង​នោះលក់ដូរអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ នាំអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ និង​មានសំរាមយ៉ាងច្រើននៅតាមមាត់ព្រែកមុខសាលាឃុំឆ្នុកទ្រូ។ប្រតិបត្តការចុះរៀបចំនេះ គេសង្កេតឃើញមានមេខ្យល់នៃអាជីវករលក់ដូរអនាធិបតេយ្យនេះ បាន​ចេញ​មក​តវ៉ា​ដោយ​ពួក​គាត់​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​លក់​ដូរ​របស់​អាជីវករ​ទាំង​អស់​នៅ​មុខ​ផ្សារ​សមុទ្រ​ទឹក​សាបនេះ។ ដោយឡែកក្រុមការងារក្នុងកិច្ចប្រតិបត្តការនេះ បានរុះរើ​តូប​អនាធិបតេយ្យ​ទាំង​នោះ​ចេញ និងបានរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់។លោក ជា សុខរិទ្ធិ បានបញ្ជាក់ថា ការអនុវត្តវិធានការរដ្ឋបាលលើកនេះ នឹងបន្តធ្វើរហូតរួចរាល់ និង​មិន​អនុញ្ញាត​អោយបន្តការលក់ដូរបែបនេះទៀតឡើយ។ អាជីវករដែលបានលក់ដូរអនាធិបតេយ្យទាំងនោះ សូម​ចូលទៅលក់ដូរក្នុងផ្សារទាំងអស់គ្នា នោះយើងនឹងមើលឃើញថា ផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូនេះ មាន​សោភ័ណភាពប៉ុនណា?។ ដោយឡែកការអនុវត្តវិធានការរដ្ឋបាលនេះ គឺក្រោយពីរដ្ឋបាលឃុំ ស្រុក ខេត្ត បានចុះមករៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារ តែអាជីវករមួយចំនួនមិនស្តាប់ និង​បន្ត​លក់​ដូរ​អនាធិបតេយ្យនៅតាមផ្លូវលេខ៥២ លក់ដូរតាមមាត់ព្រែក មុខសាលាឃុំឆ្នុកទ្រូ និង​មុខ​ផ្សារ​សមុទ្រ​ទឹក​សាប​តែ​ម្តង ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងមានសំរាម ថង់ផ្លាស្ទីក ច្រើន​ពាស​វាល​ពាស​កាល​តាម​មាត់ព្រែក និងសំរាមមួយចំនួនក៏​បាន​ហូរ​ចូល​ទៅក្នុ​ង​ទឹក​ទន្លេ​សាប​នាំ​អោយ​ប៉ះ​ពាល់​ដល់​សុខុមាលភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកទន្លេ រួមនិងជីវចំរុះក្នុងទន្លេសាបផងដែរ៕ កាំង ហុងវាស្នា 

សម្ដេចតេជោ ហ៊ុន សែន បន្តស្នើបារាំងផ្ដល់ឯកសារពាក់ព័ន្ធដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី

2025/07/10 01:02:01 pm        359
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម និងជម្រាបលាសម្ដេចនាពេលនេះ។ សម្តេចតេជោ មានប្រសាសន៍ថា រហូតមកដល់ប្រទេសកម្ពុជា និងបារាំងមានទំនាក់ទំនងទ្វេភាគីមានភាពល្អប្រសើរ ជាពិសេសក្នុងពេលដែលឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសម្ដេចតេជោ បានស្នើឱ្យបារាំងបន្តផ្ដល់ឯកសារពាក់ព័ន្ធចំពោះបញ្ហាព្រំដែននេះដល់កម្ពុជា ដូចអ្វីដែលឯកឧត្តមប្រធានាធិបតី បារាំងបានសន្យាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីដំណើរទស្សនកិច្ចនាពេលកន្លងទៅថ្មីៗនេះ។ ជាការឆ្លើយតប ឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង បានសន្យា ក្នុងការផ្ដល់ឯកសារនានាដែលកម្ពុជាបានស្នើសុំផងដែរ ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែន កម្ពុជា-ថៃ ដោយសន្ដិវិធី និងឈរលើយន្តការច្បាប់អន្តរជាតិ៕

គិតត្រឹមដើមខែកក្កដានេះមានពលរដ្ឋជាង ៥០ម៉ឺននាក់បានស្នើសុំចុះឈ្មោះចូលសមាជិក ប.ស.ស.

2025/07/10 01:00:40 pm        287
គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជា​ពលរដ្ឋ​ដែល​ប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ដូចជាអាជីវករ អ្នកលក់ដូរតាមរទេះ និងអ្នករត់ម៉ូតូឌុប ឬ​កង់​បី​ជា​ដើម បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានស្ម័គ្រចិត្ត ដើម្បីទទួល​បាន​ការ​គាំពារ​ទៅ​លើ​ការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព មានចំនួនកើនឡើងរហូតជាង ៥០ម៉ឺននាក់។ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ ដែលសំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិន​ពាក់​ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិន​មាន​ប្រើ​ប្រាស់​កម្មករ​និយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន បានកត់សម្គាល់ឃើញថា មាន​ការ​ចាប់​អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ និងសមាជិកក្នុងបន្ទុក ប.ស.ស. ។ ឯកឧត្តម បានបន្តថា ដោយឡែក មូលដ្ឋានសុខាភិបាល ដែលជាដៃគូសហការជាមួយ ប.ស.ស. ទាំងមន្ទីរសាធារណៈ និង​ឯកជន មានចំនួនសរុប ១,៥៩៩ ក្នុងនោះមន្ទីរពេទ្យឯកជនចំនួន ១៦៤។ក្រុមប្រជាពលរដ្ឋដែលរស់តំបន់ផ្សេងៗគ្នា ដែលបានប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. បានឲ្យ ប៊ីធីវី ដឹងថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តណាស់ ព្រោះ​មិន​នឹក​ស្មាន​ទេថា ប័ណ្ណនេះពិតជាមានសារសំខាន់ជាខ្លាំង ក្នុងការជួយសម្រាល​លើ​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​នៅ​ពេល​មានបញ្ហាសុខភាពត្រូវទៅពេទ្យ។ លើសពីនេះថែមទៀត គឺមានការយក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់។ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ បុគ្គល​ស្វ័យ​និយោជន៍​អាច​ស្នើ​សុំ​ចុះ​បញ្ជី​ការ​នៅ​បេឡាជាតិ​សន្តិ​សុខសង្គម (ប.ស.ស.) ដោយត្រូវអនុវត្តតាមលក្ខខណ្ឌ រួមមាន៖ ត្រូវមានមុខ​របរ​មានប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ,ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិន​ប្រើ​ប្រាស់​បុគ្គលិក , ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ និងសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយ​ផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងតម្រូវឲ្យបង់ថ្លៃចំនួន ១៥,៦០០​រៀល ក្នុង១ខែ ដើម្បីទទួលបានរបបសន្តិសុខសង្គម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្ដម រិន វីរៈ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីសមាហរណកម្មការតាមដានត្រួតពិនិត្យ និងរាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា

2025/07/10 12:54:12 pm        112
ភ្នំពេញ៖ ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីសមាហរណកម្មការតាមដានត្រួតពិនិត្យ និងរាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា នៅសណ្ឋាគារ ណូវ៉ូតែលភ្នំពេញ រាជធានីភ្នំពេញ។សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សារួមគ្នាទៅលើទិដ្ឋភាពសំខាន់ៗដែលទាក់ទងនឹងទិន្នន័យស្ថិតិដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា និងសកល ក៏ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (PS-1)។ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអនុវត្តរយៈពេល៥ឆ្នាំ ស្របតាម PS-1 ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព គឺជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លើសពីនេះទៀត NSDP ត្រូវបានរៀបចំឡើងដោយមានការរួមបញ្ចូល CSDG ក៏ដូចសង្គតភាពជាមួយរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពសាកលសម្រាប់ ឆ្នាំ២០៣០ ពោលគឺ SDG។ឯកឧត្តម បានបន្ថែមទៀតថា វិទ្យាស្ថានជាតិស្ថិតិ ដោយអនុលោមតាមច្បាប់ស្តីពីស្ថិតិ និងតាមរយៈការអនុវត្ត គោលនយោបាយស្ថិតិផ្លូវការ ក៏ដូចជាយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដែលជាក្របខ័ណ្ឌការងារអភិវឌ្ឍន៍ស្ថិតិគ្របដណ្តប់ប្រព័ន្ធស្ថិតិជាតិទាំងមូល ក្នុងនោះរួមមានការធ្វើជំរឿន ការអង្កេត ការប្រើប្រាស់ ទិន្នន័យរដ្ឋបាល ព្រមទាំងការប្រើប្រាស់ទិន្នន័យធំ (Big Data) សម្រាប់គាំទ្រដល់ដំណើរតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត CSDG/SDG, NSDP, PS-1 រួមទាំងសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងសម្រាប់អ្នកប្រើប្រាស់ទូទៅដ៏ទូលំទូលាយ។ ម្យ៉ាងវិញទៀត ច្បាប់ស្តីពីស្ថិតិដែលបានធ្វើវិសោធនកម្ម ក្នុងឆ្នាំ២០១៥ បានកំណត់យ៉ាងច្បាស់ប្រព័ន្ធស្ថិតិជាតិគឺជា “សមាហរណកម្ម នៃស្ថិតិថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងហេដ្ឋារចនាសម្ព័ន្ធស្ថិតិ រួមបញ្ចូលទាំងទិន្នន័យស្ថិតិផ្លូវការ និងកម្មវិធីស្ថិតិជាតិ រចនាសម្ព័ន្ធស្ថិតិ និងអង្គភាពស្ថិតិក្នុងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីស្ថិតិ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត”។ ច្បាប់ស្តីពីស្ថិតិក៏បានកំណត់យ៉ាងច្បាស់ផងដែរ អំពីតួនាទីនិងភារកិច្ចរបស់វិទ្យាស្ថានជាតិស្ថិតិ (NIS) គឺជាការិយាល័យស្ថិតិជាតិកណ្តាល ជាអ្នកសម្របសម្រួល និងប្រមូលចងក្រង កែច្នៃ វិភាគ និងផ្សព្វផ្សាយ ទិន្នន័យស្ថិតិ បម្រើដល់សេចក្តីត្រូវការអ្នកប្រើប្រាស់ និងផ្តល់ជាភ័ស្តុតាងសម្រាប់អ្នករៀបចំគោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្តនានា ជាពិសេសសម្រាប់ការតាមដានវឌ្ឍនភាព CSDG/SDG។ជាមួយគ្នានេះ ការប្រែក្លាយវិទ្យាស្ថានជាតិស្ថិតិទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ បានបង្កើតកាលានុវត្តភាពថ្មីសម្រាប់ការកែលម្អយន្តការសម្របសម្រួលនៃកិច្ចខិតខំប្រឹងប្រែងទៅលើការពង្រឹងប្រព័ន្ធតាមដាន និងត្រួតពិនិត្យនៅថ្នាក់ជាតិ។ ក្នុងបរិការណ៍នេះ ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងរាយការណ៍ SDG ត្រូវបានកំណត់ថាជាអាទិភាពដ៏ចំបង។ ជាមួយនេះនៅក្នុងក្របខ័ណ្ឌនៃការអនុវត្ត PS-1, NSDP និង CSDG ក៏ដូចតួនាទីរបស់ NIS ក្នុងការសម្របសម្រួល និងការរាយការណ៍/ផ្តល់ទិន្នន័យសម្រាប់សូចនាករ PS-I KPIs, សូចនាករ NSDP M&E និងសូចនាករ CSDG/SDG។នៅទីបញ្ចប់ ឯកឧត្តមមានប្រសាសន៍ថា មានជំនឿយ៉ាងមុតមាំអង្គសិក្ខាសាលាទាំអមូលនឹងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងចែករំលែកបទពិសោធន៍ល្អៗ ហើយមិនត្រឹមតែ NIS និងអង្គភាពស្ថិតិនៃក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាការសម្របសម្រួលស្ថិតិនៃប្រព័ន្ធស្ថិតិជាតិ និងក្រុមការងារអន្តរក្រសួងនៃគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្ត CSDG ទទួលបាននូវកាលានុវត្តភាពកាន់តែប្រសើរក្នុងការពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌនៃ សមារណកម្មការតាមដានត្រួតពិនិត្យ និងការរាយការណ៍សម្រាប់ CSDG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការចូលរួមគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍កាន់តែទូលំទូលាយ ក្នុងការលើកកម្ពស់ការសម្របសម្រួលស្ថាប័នសម្រាប់ទិន្នន័យ SDG ស្របតាមសកម្មភាពអាទិភាពដែលបានកំណត់នៅក្នុង NSDP និង PS-I របស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាមកចូលរួមសិក្ខាសាលានាពេលនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNESCAP ជាពិសេសសូមអរគុណចំពោះអង្គភាពស្ថិតិរបស់ UNESCAP ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំនូវសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។

អតីតប្រមុខការពារជាតិកម្ពុជា៖ ថៃក្រអឺតក្រទម និង​គ្មាន​សុច្ចរិតភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា

2025/07/10 12:44:17 pm        396
សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អតីតប្រមុខការពារជាតិ កម្ពុជា​ជាង​៣០ឆ្នាំ បានថ្លែងថា ថៃពុំដែលមានគំនិតដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសុច្ចរិតនោះទេ ដែល​ក្នុងការចរចា កន្លងមក ថៃតែងតែប្រើអកប្បកិរិយាក្រអឺតក្រទម រហូតដល់ពេលនេះ ថៃ​នៅ​តែ​បន្ត​ធ្វើ​ការ​ឈ្លាន​ពាន​លើកម្ពុជា និងមានគំនិតចាត់ទុកកម្ពុជា​ថាជាក្មេងមិនទាន់ដឹងក្តីដដែល។ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍BTV ស្តីពីបញ្ហាព្រំដែនកម្ពុជា និងថៃ សម្តេចពិជ័យសេនាទៀ បាញ់ អតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា៣៥ឆ្នាំ ដែលមាន​បទ​ពិសោធន៍​ចរចា​ជាមួយ​ភាគី​ថៃ​រាប់​មិន​អស់​ផង​ដែរ​លើ​បញ្ហា​ព្រំដែននោះបានបញ្ជាក់ថា ភាគីថៃតែងតែមើលងាយកម្ពុជា ខណៈរាល់​ការ​ចរចា​លើ​បញ្ហា​ព្រំដែន​អស់​រយៈពេលជាង២០ឆ្នាំ មកហើយ ថៃតែងតែបង្ហាញអកប្បកិរិយាក្រអឺតក្រទម ដោយ​កន្លែង​ណា​គេ​ត្រូវ​ចិត្ត គេយកទៅអនុវត្ត ហើយកន្លែងណា គេមិនពេញចិត្ត គេធ្វើ​ពហិការ​ដើ​រ​ចេញ​ពី​តុ​ចរ​ចា​ជាមួយ​កម្ពុជាស្រេចតែចិត្តគេ។សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដែលបានដាក់កម្លាំងនៅតាមព្រំដែន ដើម្បីឆ្លើយតបចំពោះសត្រូវគ្រប់ពេលវេលា ដើម្បីការពារ បូរណភាពទឹកដី និងអធិប តេយ្យភាពរបស់ខ្លួននោះ និងបានលើកទឹកចិត្ត និងអរគុណ​យ៉ាង​ខ្លាំង​ចំពោះ​កង​ទ័ព​ទាំងអស់ ដែលបានលះបង់ប្រពន្ធ កូន ឱពុកម្តាយក្នុងបុព្វហេតុការពារជាតិខ្មែរនាពេលនេះ៕ អត្ថបទ​៖ បាន ចក់

កាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ ចុះសួរសុខទុក្ខ និងចែកអំណោយជូនជនចាស់ជរា និងកុមារ ដែលរងគ្រោះដោយសារមេរោគអេដស៍ រស់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

2025/07/10 12:30:06 pm        184
ក្នុងឱកាសបំពេញការងារក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងមានវត្តមានចូលរួមពីលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយលោកតា ចំនួន ៤គ្រួសារ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។លោកយាយលោកតាទាំង ៤នាក់ខាងលើនេះ បានទទួលរងគ្រោះឆ្លងមេរោគអេដស៍ដោយការចាក់ថ្នាំប្រើប្រាស់ម្ជុលស៊ឺរ៉ាំងរួមគ្នាដោយគ្រូពេទ្យខ្វះវិជ្ជាជីវៈ កាលពីឆ្នាំ២០១៤កន្លងទៅ។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ ក៏ប៉ុន្តែស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួនរបស់ពួកគាត់ មិនបានប៉ះពាល់ដល់សុខភាពពួកគាត់ទេ ដោយសារថា ពួកគាត់បានលេបឱសថប្រឆាំងមេរោគអេដស៍បានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមកោតសរសើរចំពោះលោកយាយលោកតា ដែលសុទ្ធតែជាគម្រូសម្រាប់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ក្នុងការលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ និងសម្រេចបាន (ម=ម ឬ U=U) ដែលមានន័យថា (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) និងជាពិសេសគឺជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។ លោកជំទាវ ក៏បានជូនពរលោកយាយលោកតា សូមបន្តថែទាំសុខភាពឱ្យបានល្អ និងមានជន្មាយុយឺនយូរតទៅ។ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភស្បៀង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់គ្រួសារខាងលើផងដែរ។បន្ទាប់មកគណៈប្រតិភូ បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមាររងគ្រោះដោយមេរោគអេដស៍ចំនួន ២២គ្រួសារ ដែលរស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងនាំយកអំណោយជាសម្ភារសិក្សា សម្ភារអនាម័យមួយចំនួនផ្តល់ជូនផងដែរ ដែលអំណោយទាំងអស់នេះ គឺជារបស់ លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម៕

ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីអតីតសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១២ និងសិស្សមន្រ្តីក្រមការ

2025/07/10 12:22:19 pm        210
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីដែលជាអតីតសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១២ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល។ ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីសរុបចំនួន ៣៨រូប។ក្នុងជំនួបនេះ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារយ៉ាងច្រើនរបស់មន្រ្តីដែលជាធនធានយ៉ាងសំខាន់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រអនុវត្តកិច្ចការងារស្នូលរបស់ក្រសួងនៅតាមអង្គភាពនានា ក៏ដូចជាបានចូលរួមយ៉ាងសស្រាកសស្រាំក្នុងកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ គឺបានចូលរួមចំណែកក្នុងកិច្ចការងារអនុវត្តវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ រយៈពេលជាង២០ខែកន្លងមកនេះគួរជាទីមោទនៈ។នាឱកាសជំនួបពិភាក្សានេះ ឯកឧត្តម ក៏បានផ្តល់ឱកាសឱ្យមន្រ្តីគ្រប់រូបបានបញ្ចេញមតិយោបល់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងចែករំលែកបទពិសោធនៃការអនុវត្តការងារកន្លងមក ព្រមទាំងសំណូមពរនានានិងការលើកទឹកចិត្តគាំទ្រផ្សេងៗផងដែរ៕

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចែករំលែក​អំពី​បទ​ពិសោធ​បរិវត្ត​កម្ម​ឌីជីថល​កម្ពុជា​ក្នុង​វេទិកា​ពិភាក្សា​របស់​ថ្នាក់​ដឹកនាំ និងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន

2025/07/10 12:17:04 pm        165
ហ្សឺណែវ៖ នាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ចែក​រំលែក​អំពី​បទ​ពិសោធ​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កា​រតភ្ជាប់ឌីជីថល និងអក្ខរកម្មឌីជីថល ដើម្បីក​សាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ប្រកប​ដោយ​បរិយាបន្ន​ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ (Leaders TalkX) លើ​ប្រធាន​បទ “ពន្លឿនការទទួលបានព័ត៌មាននិងពុទ្ធិជាសាកលក្នុងយុគសម័យឌីជីថល” ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល ៦រូប ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ចែក​រំលែក​អំពី​បទ​ពិសោធ​កំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍និងការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ជា​ពិសេស​លើ​ការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល ដែលជា​កត្តា​អាទិភាព​ក្នុង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន និងពុទ្ធិក្នុងយុគសម័យឌីជីថល។ លើសពីនេះ ឯកឧត្ដម​រដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​អំពី​គោល​នយោបាយរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយបរិយាបន្ន ជាអាទិ៍​តាម​រយៈ​គម្រោង​មជ្ឈ​មណ្ឌលបច្ចេកវិទ្យាសហគមន៍និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែល​ផ្ដល់​ឱកាស​ឱ្យប្រជាពលរដ្ឋ ជាពិសេស​យុវជន​មក​ពី​គ្រប់​ទិស​ទី​ចូល​រួម​ក្នុង​បេសក​កម្ម​បរិវត្ត​កម្ម​ឌីជីថល​របស់​សង្គម​ជាតិ​។ក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី ដែល​មាន​ការ​អញ្ជើញ​ចូលរួមពីរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់តំណាងជាង៥០ប្រទេស ព្រមទាំង​អគ្គ​លេខា​ធិការ និង​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីចែក​រំលែក​អំពី​វឌ្ឍន​ភាព​សំខាន់​ៗ​ នៃបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ បន្ថែម​លើ​ការ​តភ្ជាប់​ឌីជីថល និង​មូល​ធន​មនុស្ស​ឌីជីថល កម្ពុជាក៏បានជំហានទៅមុខលើផ្នែកបច្ចេកវិទ្យា ស្ដែងឡើងតាមរយៈជោគជ័យនៃថ្នាល verify.gov.kh ដែលជាថ្នាលប្រើបច្ចេកវិទ្យាឌីជីថលឈានមុខ មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ និង​មាន​ការ​ទទួលស្គាល់ទាំងកម្រិតតំបន់និងអន្តរជាតិ។ លើសពីនេះ កម្ពុជាក៏បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។គួររំលឹកផងដែរថា ប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មានឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) និងកិច្ច​ប្រជុំ​កំពូល​ពិភព​លោក​ស្ដីពី​បញ្ញា​សិប្ប​និម្មិត​ដើម្បីមនុស្សជាតិ ឆ្នាំ២០២៥ (AI for Good Global Summit 2025) ប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា

2025/07/10 11:45:25 am        140
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM