ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
សហគ្រិនធុនតូច និងមធ្យម​បង្កើនការផលិត​ជំនួសឱ្យផលិតផលនាំចូល ខណៈសន្ទុះពលរដ្ឋគាំទ្របន្តកើនឡើង​

ព័ត៌មានជាតិ

ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំងពេលពរពោះ និងពេលសម្រាលដោយសុវត្ថិភាពដល់មាតា និង​ទា​រក​គ្រប់​រូប

2026/05/05 04:06:20 pm        457
ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុង​ការ​ជួយ​ដល់​ការ​សម្រាល​ដោយ​សុវត្ថិភាព​ និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។នាឱកាសដែលប្រទេសកម្ពុជា ប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «​ពិភព​លោក ត្រូវការឆ្មបបន្ថែម១លាននាក់» វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការ​ជួយ​សង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់​ផ្តើម​ជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺ​អាស្រ័យ​ទៅ​លើសុខភាពទារក និងមាតា។លោកស្រី យ៉ាន តាំងអូយ នាយសាល ផ្នែកសម្ភព និងរោគស្រី្ត តាម​រយៈ​BT​V​ ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែឧសភានេះ បានលើកឡើងរួមគ្នាថា មន្ទីរពេទ្យព្រះអង្គឌួង ក្រោ​ម​ការ​ដឹក​នាំរបស់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរ​ពេទ្យ​ព្រះ​អង្គ​ឌួង ​តែងតែជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមាតា និងទារក។សូមរំលេចឡើងវិញថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​បញ្ជាក់​នូវ​ចំណុច​សំខាន់​ប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ តួនាទីឆ្មប ដោយគិតលើ​ការ​វាស់​វែង​ពី​ស្ថាន​ភាព​សុខភាព ការប្រតិបត្តិការនិងការអនុវត្ត និងប្រសិទ្ធភាពនៃការអនុវត្តការងារ។ សូចនាករសំខាន់ៗ ចំនួន ៣ គឺ៖ ១) ផ្នែកសុខាភិបាល៖ ត្រូវមានគុណភាពសុខភាព និងជីវិត និង​លក្ខខណ្ឌនៃការរស់នៅគ្រប់គ្រាន់ និងចំណុចបញ្ហាដូចជា ករណីរំពឹងរស់ជាដើម។ ២) មិន​ផ្ទាល់​ជាមួយ​សុខាភិបាល៖ លក្ខខណ្ឌនៃការរស់នៅរបស់ស្រ្តី និងរបៀបរបបអាហារ និង​បរិស្ថាន​ការងារ​។ ៣) មធ្យោបាយ៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋា​រចនា​សម្ព័ន្ធ​ឧបករណ៍​សម្ភារៈ ដែលចូលមកប្រើប្រាស់សេវាបានយ៉ាងដូចម្តេច ហើយជ្រើសរើស​មូល​ដ្ឋាន​សុខាភិបាល ​សមស្រប និងការចំណោយចំគោលដៅ។ ក្នុងនោះត្រូវសូចនាករសមត្ថភាព ត្រូវ​បង្កើន​លើ​គុណភាព ប្រសិទ្ធភាពស្របទៅតាមពេលវេលាសមស្រប ដោយត្រូវមានសមធម៌។ សូចនាករ ដែលនាំឱ្យទទួលបានជោគជ័យ៖ ១) ភាពត្រឹមត្រូវ ២) ការងារសូមឱ្យសំខាន់ ៣) ពេញ​លេញចំពោះការងារ ៤) សូមឱ្យមានលំនឹង និរន្តរភាព៕ អត្ថបទ រដ្ឋា

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%

2026/05/05 03:44:11 pm        295
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៦ គិតជាទឹក​ប្រាក់​សរុប​ប្រមាណ ​៣៥៨​លានដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ខណៈទីផ្សារប្រទេសវៀតណាម បានស្រូបយកស្ទើរ ១០០ភាគរយ នៃ​ការ​នាំ​ចេញ​សរុប​នៃ​កសិផល​នេះ។​ តាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទី នៅ​ក្នុង​រយៈ​ពេល​៣ខែ​ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៣៥៨ លានដុល្លារអាមេរិក កើនជាង ២២% ចំពោះទីផ្សារ គាំទ្រដល់ការនាំចេញរួមមាន៖ ទីផ្សារវៀតណាម មានទឹកជាង ៣៥៦​លានដុល្លារ កើនជាង ២២​ភាគរយ, តៃវ៉ាន់ និងខេត្តមួយចំនួន នៃប្រទេសចិន មាន​ទឹក​ប្រាក់​ជាង ៤១​ម៉ឺនដុល្លារ កើន ២១៨ ភាគរយ, ទួកគី ជាង ៣៦ ម៉ឺនដុល្លារ (ជាទីផ្សារថ្មី), អារ៉ាប់​អេមីរ៉ាត ជាង ២២ ម៉ឺនដុល្លារ កើនជាង ៥ ម៉ឺនភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្រៅ​ពី​នេះ​នៅ​មាន​ទីផ្សារផ្សេងៗដែលជួយគាំទ្រដល់ កំណើននៃការនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា ជុំវិញការប្រមូលផល, នៅ​ក្នុង​ពេល​២​ឆ្នាំ​ចុងក្រោយនេះ អាកាសធាតុមានការប្តូរផ្លាស់ គិតមកដល់រយៈពេល៤ខែ ដើម​ឆ្នាំ​២០២៦​, ​កសិករទើបប្រមូលផលសម្រេចបានក្នុងរង្វង់ប្រមាណ ៦០ ប៉ុណ្ណោះ ខណៈ​ការ​ព្យាករ​នៅ​ក្នុង​ឆ្នាំ​នេះ ​កម្ពុជានឹងអាចប្រមូលផលគ្រាប់ស្វាយចន្ទីបានចន្លោះពី ៨០ ម៉ឺនតោន ទៅ ១ លាន​តោន​។ ចំណែកតម្លៃវិញ លោកបានបញ្ជាក់ឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើម នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំកន្លងមកនេះ គឺគ្មានឆ្នាំណា ដែលល្អដូចឆ្នាំ២០២៦នេះឡើយ (ទំាងទិន្ន​ផល​ និង​តម្លៃ​) ​ដោយឆ្នាំនេះអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញច្រើន។ លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងថា តម្លៃការនាំចេញគ្រាប់ស្វាយចន្ទីសើមនេះ កាលពីខែមករា ឆ្នាំ២០២៦ មានតម្លៃក្នុងរង្វង់ ៧.២០០ រៀល ក្នុងមួយគីឡូក្រាម, នៅក្នុងខែ កុម្ភៈ មានតម្លៃ ៦.១០០ រៀល, ខែ មីនា តម្លៃ ៦.៣០០ រៀល, ខែ មេសា ៦.២០០ រៀល និងនៅក្នុងឧសភានេះ មានតម្លៃក្នុងរង្វង់ ៥.៦០០ រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ

2026/05/05 03:21:47 pm        223
រដូវវស្សានៅឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ក្នុងខែឧសភានេះ ដោយ​បរិមាណ​ទឹក​ភ្លៀង ​និងរបាយទឹកភ្លៀងមានភាពល្អប្រសើរដូចកាលពីឆ្នាំ២០២៥។ ប្រព័ន្ធធារា​សាស្ត្រ​ជាង​ពីរ​ពាន់​កន្លែងនឹ​ងប​ង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ។ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក ​និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា នេះ បានប្រាប់BTVថា ប្រជាពលរដ្ឋ​នឹង​ចាប់​ផ្តើម​ធ្វើ​ស្រែ​វស្សា​ក្នុង​ពេលឆាប់ៗនេះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តនៅក្នុងរដូវវស្សា ដោយចាប់​ផ្តើម​ក្នុង​សប្តាហ៍​ទី​១ ក្នុង​ខែឧសភានេះ។ ឯកឧត្តម​បន្តទៀតថា សម្រាប់បរិមាណទឹកភ្លៀង និងរបាយទឹកភ្លៀង នៅក្នុងឆ្នាំនេះ គឺ​មាន​ភាព​ល្អ​ច្រើន​ដូច​កាលពីឆ្នាំ២០២៥ផងដែរ។ ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែង នឹងដើរ​តួនាទី​ជា​អ្នក​ផ្ដល់​ទឹ​កសម្រាប់ការងារស្រែចម្ការដល់ប្រមាណជិតពីរលានហិកតា។គិត​ត្រឹម​អំឡុងឆ្នាំ២០២៥ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួនជាងពីរពាន់ប្រព័ន្ធ ក្នុង​នោះ​ប្រព័ន្ធ​ខ្នាត​ធំ ចំនួនជាង៥០ប្រព័ន្ធ ខ្នាតមធ្យមចំនួនជាង១ពាន់ប្រព័ន្ធ និងខ្នាតតូច​ចំនួន​ជាង​១​ពាន់​ប្រព័ន្ធ ​និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើន​លទ្ធភាព​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ចំនួន​ជិត​ពីរ​លាន​ហិកតា​។ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួង ធនធានទឹក និងឧតុនិយម បានដាក់ចេញ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨​) ​ដោយបានកំណត់សកម្មភាពជាអាទិភាព សូចនាករពេល​វេលា​ច្បាស់​លាស់​សម្រាប់​អនុវត្តន៍ ​និងយន្តការសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បី​ទទួល​បាន​ជោគជ័យក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិ​សិទ្ធិ​ភាព​ និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និង កាត់បន្ថយ​នូវ​ការ​ខូច​ខាត ​ដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការ យ៉ាង​ជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕ អត្ថបទ៖ ទូច សោភ័ណ 

ក្រុមគ្រូពេទ្យចាប់ផ្ដើមផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើងដូសទី២ ដល់កុមារអាយុក្រោម៥ឆ្នាំ

2026/05/05 02:54:47 pm        379
ក្រុមគ្រូពេទ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បាន​ចាប់​ផ្ដើម​ផ្ដល់​ថ្នាំ​វ៉ាក់​សាំង​បង្ការ​គ្រុនស្វិតដៃជើង ដូសទី ២ ដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់សាំងនេះ ជា​ថ្នាំ​បន្តក់​ ដែលក្រុមគ្រូពេទ្យផ្ដល់ជូនដោយមិនគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមាន​ការ​ចុះ​ទៅ​ដល់​ទីតាំង​តាមភូមិនីមួយៗដោយផ្ទាល់ផងដែរ។ក្រុមគ្រូពេទ្យ បានបែងចែកការងារទាំងនៅទីតាំងមណ្ឌលសុខភាព ក៏​ដូច​ជា​ការ​ចុះ​ទៅ​តាម​ទីតាំង​ភូមិ​នីមួយ​ៗ ដើម្បីផ្ដល់វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងដល់កុមារ ដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់​សាំង​បង្ការគ្រុនស្វិតដៃជើងនេះ គឺមានចំនួន ២លើក ដោយលើកទី ១កន្លង​ទៅ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១ដល់ថ្ងៃទី ៣០ ខែមេសា រីឯលើកទី ២នេះ ផ្ដល់ជូនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។លោកវេជ្ជបណ្ឌិត ឌី ប៊ុនលន ជាអ្នកកាន់កម្មវិធីផ្ដល់វ៉ាក់សាំងនៃការិយាល័យស្រុកប្រតិបត្តិបាសាក់ បាន​លើក​ឡើងថា ក្រុមការងាររបស់លោក​គ្រូ​បច្ចុប្បន្ន​កំពុង​បំពេញ​ការងារ​សម្រាប់​ភូមិ​សាស្ត្រ​ខណ្ឌ​មានជ័យ​។ ក្រុមការងារផ្ដល់វ៉ាក់សាំង មាននៅគ្រប់មណ្ឌលសុខភាព ហើយក្រុមការងារដទៃទៀត បែង​ចែកចុះទៅផ្ដល់វ៉ាក់សាំងនៅតាមទីតាំងភូមិនីមួយៗតែម្ដង។ លោកថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រុមការងាររបស់លោក នឹងចុះផ្ដល់វ៉ាក់សាំង នៅក្នុងភូមិសាស្ត្រ​ខណ្ឌច្បា​រ​អំពៅ​ផង​ដែរ ដើម្បីធានាសុវត្ថិភាពដល់កុមារអាយុក្រោម ៥ឆ្នាំ។ ក្នុងនាមជាគ្រូពេទ្យមួយរូប លោក​អំពាវ​នាវ​ដល់​អាណា​ព្យាបាល ដែលមានកូនអាយុក្រោម ៥ឆ្នាំ ត្រូវជូនកូនមកទទួល​វ៉ាក់សាំង​បង្ការ​គ្រុន​ស្វិត​ដៃ​ជើង​ជាជាចាំបាច់។សម្រាប់អាណាព្យាបាល ម្នាក់ៗមានការយល់ដឹងច្រើន ពិសេសគិតគូដល់សុខភាពរបស់កូន។ ពួក​គាត់​បាន​ជូនកូនមកទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ហើយអ្នក​ខ្លះ​ក៏​បាន​ជូន​កូន​មក​ទទួល​វ៉ាក់​សាំង​នៅទីតាំងភូមិដែលក្រុមគ្រូពេទ្យ បានចុះទៅផ្ទាល់។ ពួកគាត់ថា នេះជាកាតព្វកិច្ចមួយ ដែល​អាណាព្យាបាលគ្រប់រូប ត្រូវបំពេញសសម្រាប់កូន។គ្រុន​ស្វិត​ដៃជើង ពុំអាចព្យាបាលបាននោះទេ តែអាចបង្ការដោយការប្រើប្រាស់ថ្នាំវ៉ាក់សាំង។ បច្ចុប្បន្ន កម្ពុជាកំពុងផ្ដល់ថ្នាំវ៉ាក់សាំងបន្តក់បង្ការគ្រុនស្វិតដៃជើង ដល់កុមារអាយុក្រោម ៥ឆ្នាំ។ ការ​ផ្ដល់វ៉ាក់សាំងនេះ ផ្ដល់ជូនដោយមិនគិតថ្លៃនោះទេ៕ អត្ថបទ៖ គឹមហុក

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សំណូមពរពលរដ្ឋងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹងការយល់ដឹង ផ្តល់គំនិត និងទស្សនៈ ជាជាងទស្សនាព័ត៌មានបែបរន្ធត់ ការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ

2026/05/05 02:43:56 pm        89
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិតនិងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។ឯកឧត្តមបានថ្លែងថា កាលពីពេលថ្មីៗនេះ ឯកឧត្តមបានដឹកនាំកិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួនលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ។ឯកឧត្តមថ្លែងថា៖«ជាមួយគ្នានេះ ខ្ញុំនឹងជួបជាថ្មីបន្ថែមទៀតជាមួយបងប្អូនអ្នកសារព័ត៌មានអនឡាញដែលបានកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខសង្គម និងជម្លោះនានាដែលបានកើតឡើង ដើម្បីពង្រឹងលើក្រមសីលធម៌ផង និងការផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សង្គមផង ជំរុញឱ្យមានការផលិតផ្សព្វផ្សាយព័ត៌មានដែលមានផលប្រយោជន៍ច្រើនដល់ពលរដ្ឋ»។ ឯកឧត្តមបានបន្តថា៖«ជាមួយគ្នានេះ ខ្ញុំក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិតនិងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។ ពេលខ្លះ បងប្អូនអាចមានអារម្មណ៍មិនល្អ ឈឺក្បាល ស្រ្តេស ឬអារម្មណ៍ផ្សេង បងប្អូនមិនមានជំងឺអ្វីទេ ប៉ុន្តែអាចមកពីបងប្អូនអានព័ត៌មាន ឬទស្សនារូបភាពដែលរន្ធត់ ឬព័ត៌មានមិនល្អ។ សូមរួមគ្នាដើម្បីផលិត ផ្សព្វផ្សាយព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម!»៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់អ្នកបង្កើតមាតិកាឱ្យចូលរួមលើកកម្ពស់តម្លៃសីលធម៌សង្គម

2026/05/05 02:36:15 pm        113
ភ្នំពេញ៖ ស្ត្រីទីមួយកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវអ្នកបង្កើតមាតិកា (Content Creator) បញ្ចៀសការផលិតវីដេអូ ដែលមានលក្ខណៈអាសអាភាស ប្រើពាក្យសម្ដីមិនសមរម្យ ជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសូមចូលរួមបង្កើតមាតិកាដែលជួយលើកកម្ពស់តម្លៃសីលធម៌សង្គម ។ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានស្នើទៅកាន់អ្នកបង្កើតមាតិកាទាំងអស់ សូមផលិតវីដេអូដែលមានលក្ខណៈអប់រំ ជាប្រយោជន៍ដល់សង្គម ក្នុងនោះមានទាំងការអប់រំសីលធម៌ ចរិយាធម៌ និងសុជីវធម៌ ព្រោះអ្នកបង្កើតមាតិកាម្នាក់ៗសុទ្ធសឹងតែជាគំរូដល់សង្គម ហើយវីដេអូរបស់ខ្លួននីមួយៗ មានអ្នកចូលមើលច្រើន និងគ្រប់វ័យ ។លោកជំទាវបណ្ឌិត សង្កេតឃើញថា មានវីដេអូរបស់អ្នកបង្កើតមាតិកាមួយចំនួន មានភាពមិនសមរម្យ ប្រើពាក្យសម្ដីអាសអាភាសមិនគួរប្រើបញ្ចូលក្នុងវីដេអូ ហើយបង្ហោះទៅលើបណ្ដាញសង្គម (ដូចជាពាក្យ អា អញ ហែង ហង...) ខណៈដែលការស្លៀកពាក្យមួយចំនួន ក៏មិនសមរម្យ និងមានលក្ខណៈហួសហេតុពេក ។ វីដេអូខ្លះទៀត មានកុមារដើរតួ ឲ្យមានការប្រើកាយវិការ និងពាក្យសម្ដីមិនល្អ រហូតមានការរិះគន់ផងដែរ ដែលបញ្ហាទាំងអស់នេះ សូមមានការកែសម្រួល ។ជាមួយនេះ ស្ត្រីទីមួយកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមចូលរួមលើកកម្ពស់តម្លៃសង្គម ព្រោះបច្ចុប្បន្នសម័យបច្ចេកវិទ្យាកំពុងមានការរីកចម្រើនខ្លាំង ដែលមានទាំងរឿងវិជ្ជមាន និងអវិជ្ជមានត្រូវបានបង្ហោះលើបណ្ដាញសង្គម ហើយចូលរួមទប់ស្កាត់ឥទ្ធិពពល មិនល្អទាំងអស់នោះ កុំឲ្យកើតមានបន្តនៅក្នុងសង្គមកម្ពុជា ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត វាយតម្លៃខ្ពស់ និងកោតសរសើរ ពីកិច្ចខិតខំរបស់គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេស គឺការធ្វើបច្ចុប្បន្នភាពលើសកម្មភាព របស់គណៈកម្មាធិការដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មីរបស់សង្គម ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌ និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ ។ លោកជំទាវ បានបញ្ជាក់ថា ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ សម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការ និងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សា និងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល ៕

រដ្ឋមន្រ្ដី កសិកម្ម-ទឹក-ជនបទ ប្ដេជ្ញាបន្តសហការ​ធានា​បង្កើន​ប្រសិទ្ធភាព​ការងារ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ

2026/05/05 02:33:37 pm        128
ភ្នំពេញ៖ រដ្ឋមន្រ្ដីចំនួនបីក្រសួងគ្រប់គ្រងលើវិស័យ កសិកម្ម-ទឹក និងជនបទ បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ជា​ថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការ និងគាំទ្រយ៉ាង​ពេញ​ទំហឹង​ដល់​ក្រុម​ការ​ងារ​កសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងវិជ្ជាជីវៈខ្ពស់​ក្នុង​ការ​បម្រើ​ឧត្តម​ប្រយោជន៍ជាតិ។ការបង្ហាញនូវការប្ដេជ្ញានេះ ធ្វើនៅកិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពី កសិកម្ម-ទឹក-ជនបទ កាល​ពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដើម្បី​ពិនិត្យ វឌ្ឍនភាពការងាររួមគ្នា ពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍​កសិករ​ប្រើ​ប្រាស់​ទឹក ​និងភូមិគំរូ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង៣ផងដែរ។ក្រោយកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីទាំង ៣ ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង វិជ្ជាជីវៈខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ។បន្ទាប់ពីស្តាប់របាយការណ៍ និងសំណើរបស់ក្រុមការងារត្រី-វិស័យ ឯកឧត្តមរដ្ឋមន្ត្រី ទាំង ៣ ក្រសួង បានទទួលស្គាល់ និងឯកភាពនូវចំណុចដូចខាងក្រោម៖១. ក្នុងស្មារតីសហថាមពលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងទាំងបី បានបង្ហាញយ៉ាងច្បាស់នូវការបង្រួបបង្រួមឆន្ទៈតែមួយ ក្នុងការដោះស្រាយ បញ្ហាប្រឈមជាប្រព័ន្ធ ដើម្បីប្រែក្លាយតំបន់ជនបទឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។២. វាយតម្លៃខ្ពស់លើរបាយការណ៍វឌ្ឍនភាព ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានដោយ ក្រុមការងារត្រីវិស័យ (កសិកម្ម-ទឹក-ជនបទ)។៣. សម្រេចឯកភាពលើលក្ខខណ្ឌការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រីវិស័យ សម្រាប់ឆ្នាំ ២០២៧-២០៣១ ដើម្បីធានានិរន្តរភាពការងារនាពេលអនាគត។៤. ឯកភាពជម្រុញការអនុវត្តសកម្មភាពរួមគ្នានៅតាមសហគមន៍គោលដៅ និងបន្តចុះសិក្សាស្វែង យល់បន្ថែមអំពីសហគមន៍ដែលមានសក្តានុពលផ្សេងទៀត ដើម្បីពង្រីកវិសាលភាពអនុវត្តក្នុង ជំហានបន្ទាប់។៥. ប្តេជ្ញាខិតខំកៀរគរធនធាន និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តផែនការសកម្មភាពត្រីវិស័យ។៦. សនិទានកម្មថវិកា (Budget Rationalization) និងរៀបចំផែនការថវិកា សម្រាប់គាំទ្រដល់ការ អនុវត្តផែនការសកម្មភាពរួមរបស់ក្រុមកាងារត្រីវិស័យ។៧. ឯកភាពដាក់បញ្ចូលទីតាំងដែលមានជនភៀសសឹកស្នាក់នៅ ក្នុងផែនការសកម្មភាពរបស់ក្រុម ការងារត្រី-វិស័យក្នុងគោលដៅលើកកម្ពស់ជីវភាព។៨. ឯកភាពសិក្សាលម្អិតនៅទីតាំងប្រភពទឹកដែលមានលទ្ធភាពសាងសង់ប្រព័ន្ធស្តុកទឹកសម្រាប់ដាំ ស្មៅចំណីគោ។៩. ឯកភាពចូលរួមវិបស្សនា (Retreat) រួមគ្នាដើម្បីរៀបចំផែនការសកម្មភាពនិងផែនការថវិកា៕

គណៈប្រតិភូ នៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា អញ្ជើញ​ទស្សនា​សារ​មន្ទីរ​តេជោសនិ្តភាព ខេត្តសៀមរាប

2026/05/05 02:26:06 pm        124
នៅរសៀលថ្ងៃ ទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធាន​ស្តីទីព្រឹទ្ធ​សភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា និយាយភាសាបារាំង បានអញ្ជើញ​ដឹក​នាំគ​ណៈប្រ​តិភូ​នៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា និងអគ្គលេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា-រដ្ឋសភា សភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សរុបចំនួន៦៥នាក់ ទៅទស្សនាសារមន្ទីរតេជោសនិ្តភាព ខេត្តសៀមរាប ដើម្បីឱ្យគណៈប្រតិភូបានស្វែងយល់កាន់តែច្បាស់អំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងប្រវត្តិសាស្ត្រនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជាតាមរយៈវិស័យសកម្មភាពមីន។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញអមដំណើរគណៈប្រតិភូ និងបានធ្វើបទបង្ហាញជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។ការបោសសម្អាតមីនមិនត្រឹមតែផ្តល់សុវត្ថិភាពដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ តាមរយៈការទស្សនាពិព័រណ៍ក្នុងសារមន្ទីរ គណៈប្រតិភូទទួលបានជ្រាបអំពីសមិទ្ធផលរបស់អង្គភាពស៊ីម៉ាក់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដើម្បីដោះស្រាយវិបត្តិគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅប្រទេសកម្ពុជា។សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាសក្ខីកម្មនៃរបត់ប្រវត្តិសាស្ត្រពី«វាលពិឃាត» មកជា «វាលសន្តិភាព» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការស្តារឡើងវិញនូវសុវត្ថិភាពសហគមន៍ និងការលុបបំបាត់ស្លាកស្នាមសង្រ្គាមនៅកម្ពុជា។ លើសពីនេះ ទីតាំងសារមន្ទីរនេះដើរតួជាមជ្ឈមណ្ឌលអប់រំ និងចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពទៅកាន់ពិភពលោក សកម្មភាពនៃការមកធ្វើទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាពនេះធ្វើឡើងស្របពេលដែលអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា រដ្ឋសភា សហការជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលាស្តីពី«ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និងកិច្ចប្រជុំគណៈកម្មការនយោបាយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅទឹកដីអង្គរ ខេត្តសៀមរាប។សូមបញ្ជាក់ថា៖សារមន្ទីរតេជោសន្តិភាព ត្រូវបានកសាងឡើងដើម្បីជានិមិត្តរូបនៃសន្តិភាពពេញលេញ ដែលកម្ពុជាសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ។ សារមន្ទីរតេជោសនិ្តភាពនេះមិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញភស្តុតាងប្រវត្តិសាស្ត្រនៃមហាអាណាចក្រខ្មែរដ៏រុងរឿង និងសោកនាដកម្មនៃសង្គ្រាមរ៉ាំរ៉ៃដែលបានបន្សល់ទុកគ្រាប់មីនរាប់លានគ្រាប់ជាឃាតករលាក់មុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលអប់រំ និងស្រាវជ្រាវសម្រាប់មនុស្សគ្រប់ជំនាន់ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព និងការលះបង់របស់វីរយុទ្ធជនដោះមីនគ្រប់រូបផងដែរ ។ក្រោយពីបញ្ចប់ទស្សនាសារមន្ទីរតេជោសន្ដិភាព ក្រុមគណប្រតិភូក៏អញ្ជើញទៅទស្សនាប្រាសាទអង្គរផងដែរ៕

កម្ពុជាចាត់ទុកការបញ្ចប់ MoU 2001 របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយរវាងប្រទេសទាំងពីរ

2026/05/05 02:13:15 pm        144
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001)នេះ របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដែនសមុទ្រត្រួតគ្នា និងការដោះស្រាយបញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ។ នេះបតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ថ្ងៃនេះ (ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦) គណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវ អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនៅបញ្ហាទាមទារត្រួតគ្នា ក្នុងដែនសមុទ្ររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។ ប្រមុខការទូតកម្ពុជាថ្លែងថា៖«កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001)នេះ របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដែនសមុទ្រត្រួតគ្នា និងការដោះស្រាយបញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ»។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា សម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះការសម្រេចរបស់គណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃនេះ។ ប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាការឆ្លើយតបទៅនឹងការបញ្ចប់អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃនេះ ប្រមុខការទូតកម្ពុជាបញ្ជាក់ថា កម្ពុជា មិនមានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)នេះ ពីព្រោះវាជាយន្តការដែលត្រូវបានបង្កើតឡើងដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ទោះជាយ៉ាងណាដ៏ដោយ ការបញ្ចប់ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃនេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេហើយការសម្រេចជ្រើសរើសយកយន្តការ ផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ។ ប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៕

រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី ទាំងដែនគោក និងសមុទ្រ ដោយ​សន្តិវិធី និងច្បាប់អន្តរជាតិ

2026/05/05 02:03:55 pm        270
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់​ជា​ថ្មី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅថ្ងៃទី៥ ខែឧសា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាន​និង​កំពុង​ខិត​ខំ​ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំង​ព្រំដែន​សមុទ្រ ​តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែក​លើ​ច្បាប់​អន្តរជាតិ​ក្នុង​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេសថៃ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជាជាមួយភាគីថៃ កម្ពុជា ​បានសម្តែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃ កំពុងពិភាក្សា​អំពី​ការ​សម្រេច​ដក​ខ្លួន​ដោយ​ឯកតោ​ភាគី​ចេ​ញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 ស្តីពីតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ ខណៈដែល​កម្ពុជា​តែង​តែ​ផ្ដល់​អាទិភាព​ទៅ​ដល់​យន្តការ​ទ្វេភាគី​ស្របតាម​​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​មួយ​នេះ​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំកន្លងមកហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ នេះបាន​ដើរ​តួនាទី​យ៉ាង​សំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា និង​បញ្ជាក់​ឱ្យឃើញអំពីស្មារតីនៃកិច្ចការសហប្រតិបត្តិការ និងសុឆន្ទៈរវាងប្រទេសទាំងពីរ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ការដកខ្លួនដោយឯកតោភាគីចេញពី MoU-2001 គឺជាការ​បោះប​ង់​ចោល​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ដែល​ភាគី​ទាំង​ពីរ​បាន​ពឹង​ផ្អែក​និង​ប្រើប្រាស់​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។ ដូច្នេះ ទោះបីជាថៃ​ដក​ខ្លួន​ដោយ​ឯកតោ​ភាគី​ចេញ​ពី​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​នេះ ​កម្ពុជា​នៅតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងប្រកាន់យក​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធីដដែល។ ក្នុងន័យនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ និង​អនុ​សញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេសយន្តការ​នៃ​ការ​ផ្សះ​ផ្សារ​ដោយ​ចាប់​បង្ខំ(Compulsory Conciliation) ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះ ពី​ព្រោះវា​ជា​យន្តការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ជួយ​ទៅ​ដល់​រដ្ឋភាគី​ក្នុង​ការ​ដោះស្រា​យ​ជម្លោះ​ដោយ​សន្តិ​វិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជម្រើសរបស់​កម្ពុជា​បែប​នេះ​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ពី​សេចក្តី​សង្ឃឹម​ដ៏​ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និង​យូរអង្វែងស្រប តាមច្បាប់អន្តរជាតិ ហើយដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព ស្ថិរភាព និងមានសេចក្តីសុខ យូរអង្វែង។ ចំណែក ជំហរដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរ​ព និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ និង​ស្មោះ​ត្រង់​បំផុតនូវបទឈប់បាញ់ ក៏ដូចស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ រួម​ទាំង​កិច្ច​ព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជា​បាន​ប្រកាន់​យក​ភាព​អត់​ធ្មត់​ខ្ពស់​បំផុតដើម្បីកាត់បន្ថយភាពតានតឹង និងបង្កបរិយាកាស​សម្រប​សម្រួល​ឈាន​ឈ្ពោះ​ទៅ​រក​ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា។ កម្ពុជាគាំទ្រពេញទំហឹងនូវអាណត្តិនិងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង​ភាគី​ពាក់​ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​។ ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនឹងនោះ កម្ពុជាប្រកាន់ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្ម​ការ​បោះប​ង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
សហគ្រិនធុនតូច និងមធ្យម​បង្កើនការផលិត​ជំនួសឱ្យផលិតផលនាំចូល ខណៈសន្ទុះពលរដ្ឋគាំទ្របន្តកើនឡើង​
06/06/2026 10:06 AM
​ អាមេរិក វាយប្រហារទីតាំងឆ្នេរនៅអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បង្ហោះយានដ្រូនក្នុងការបំផ្ទុះចុងក្រោយ
06/06/2026 10:06 AM
ចៅក្រមអាមេរិក លុបសុពលភាពគោលនយោបាយរបស់លោក Trump ដែលផ្តោតលើជនអន្តោប្រវេសន៍មកពី៣៩ប្រទេស
06/06/2026 10:06 AM
ការប៉ះទង្គិចគ្នារវាងអាមេរិក និងអ៊ីរ៉ង់នៅបន្ត ខណៈលោកTrump បញ្ជាក់ថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មិនអាចប្រញាប់ទេ
06/06/2026 10:06 AM
អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា ខណៈកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយស្ថិតក្នុងមន្ទិលសង្ស័យ
06/06/2026 10:06 AM
«ក្រុងកោះរ៉ុង» ក្នុងខេត្តព្រះសីហនុ នឹងក្លាយ​ជាគោលដៅទេសចរណ៍លំដាប់ពិភពលោកនាពេលអនាគត
06/06/2026 10:06 AM
រដ្ឋបាលរាជធានីភ្នំពេញជំរុញពលរដ្ឋអនុវត្តគោលការណ៍ ៣R ដើម្បីលើកកម្ពស់សោភ័ណបរិស្ថាន
06/06/2026 10:06 AM