សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៥៩២៥ នាក់ នៅខេត្តត្បូងឃ្មុំ

2025/07/05 01:50:30 pm        74
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋចំនួន ៥៩២៥ នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី២ ក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្ដត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុក ពញាក្រែក ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ថា នេះជាការប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ ២០២៥ របស់គណបក្សប្រជាជនកម្ពុជា មកពីស្រុកចំនួន ៣ ក្នុង នោះរួមមាន ស្រុក អូររាំងឪ ស្រុក ពញាក្រែក និង ស្រុក ត្បូង ឃ្មុំ នៃខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់ គឺបានធ្វើអ្វីៗ ក្នុងបុព្វប្រជាជននិងមាតុភូមិកម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះកាសម្រេចចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយជាមួយគណបក្សប្រជាជនកម្ពុជា ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្ស ដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋរបស់យើងគ្រប់ទិសទី។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន ដូចជាបានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំនោះ បានស្តារនិងកសាងប្រទេសឡើងវិញពីបាតដៃទទេ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ជាបណ្តើរៗ រហូតមានការរីកចម្រើនគ្រប់វិស័យ សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ បន្ទាប់មក រាជរដ្ឋាភិបាលនៃអ្នកបន្ដវេន របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋ ពិសេសបន្ដរក្សាបាននូវសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជឿនលឿន៕

អាជ្ញាធរស្រាយបំភ្លឺ ជុំវិញការចោទប្រកាន់ថាយកទីធ្លារមុខសាលាសង្កាត់អូរឬស្សី៤ ជាកន្លែងផ្ញើរម៉ូតូ

2025/07/05 01:34:43 pm        503
ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមជុំវិញ ការលើកឡើងថា អាជ្ញាធរបានយកទីធ្លារមុខសាលាសង្កាត់អូរឬស្សីទី៤ជាកន្លែងសម្រាប់ទទួលបញ្ញើរម៉ូតូរបស់ប្រជាពលរដ្ឋរួចមក លោកចៅសង្កាត់ បានចេញមុខសូមធ្វើសេចក្តីស្រាយបំភ្លឺ ។ លោកអៀង សុខឃីម ចៅសង្កាត់អូរឬស្សីទី៤ នៃរដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ លោកទទួលយក និងទទួលស្គាល់ថា ពិតជាមានការយកម៉ូតូមកសុំផ្ញើរពីសំណាក់បងប្អូនពលរដ្ឋនៅក្បែរៗសាលាសង្កាត់ ដោយពួកគាត់មានលំនៅឋាននៅខាងលើអាគារ ទើបមិនមានទីតាំងសម្រាប់ផ្ញើរនៅពេលយប់ ។ បញ្ញើរម៉ូតូ ដោយសុំការយោគយល់ជាមួយអាជ្ញាធរនោះ គឺពលរដ្ឋសុំតែពេលយប់នោះទេ លុះព្រឹកឡើងពួកគាត់បានមកទទួលម៉ូតូយកទៅវិញហើយ ដើម្បីចេញទៅធ្វើការងារ និងប្រកបរបររកស៊ីទទួលទានរៀងៗខ្លួន ។ លោកចៅសង្កាត់លើកឡើងបន្ថែមថា ៖ ជារៀងរាល់យប់ឡើង ក្រុមការងារមន្ត្រីរបស់លោក រួមទាំងប្រជាការពារ តែងដាក់វេណប្រចាំការដើម្បីធ្វើការល្បាតសភាពការណ៍សន្តិសុខ ដូច្នោះហើយតែងមានកម្លាំងប្រចាំការជានិច្ចនៅសាលាសង្កាត់ ។ ស្របពេលមានកម្លាំងនៅប្រចាំការនោះ ទើបអាជ្ញាធរបានទទួលយល់យោគដល់បងប្អូនពលរដ្ឋអ្នកមានលំនៅឋានក្បែរតំបន់នោះ ( ជាន់លើ ) ប្រមាណបួនដប់ម៉ូតូប៉ុណ្ណោះ អនុញ្ញាត្តិឱ្យផ្ញើរនៅទីកន្លែងមុខទីធ្លារសាលាសង្កាត់ ដោយមិនមានការបង្ខិតបង្ខំថ្លៃសេវាផ្ញើរនោះឡើយ តែពលរដ្ឋឱ្យគ្រាន់ហូបកាហ្វេគុយទាវតិចតួច គ្រាន់ជាទឹកចិត្តរបស់ពួកគាត់ប៉ុណ្ណោះ ។ លោកបន្ថែមថា ៖ ទីតាំងទីធ្លារមុខសាលាសង្កាត់តូចណាស់ មិនដល់៥ម៉ែត្រផង តើមានហេតុផលអី ដែលអាជ្ញាធរត្រូវយកទីតាំងសម្រាប់បម្រើប្រជាពលរដ្ឋ ហើយយកទៅប្រើប្រាស់ជាផលប្រយោជន៍ឯកជនផ្ទាល់ខ្លួននោះ ។ ហើយទឹកចិត្តតិចតួចរបស់បងប្អូនពលរដ្ឋ ដែលផ្ញើរម៉ូតូនោះ ក៏មិនបានចូលមកបានជាផលចំណេញអ្វីដល់សង្កាត់នោះដែរ គ្រាន់តែបានបងប្អូនប្រជាការពារល្បាតយប់ឡើងហូបកាហ្វេប៉ុណ្ណោះ គ្មានធំដុំ ឬជាដុំកំភួនអីនោះទេ ។ ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើបញ្ញើរ ក៏បានចេញមកបញ្ជាក់ថា ៖ ពួកគាត់ម្នាក់ៗ មានលំនៅឋាននៅអាគារជាប់ៗនោះ ហើយការរស់នៅនៅជាន់លើ ពុំមានកន្លែងដាក់ម៉ូតូឡើយ ទើបពួកគាត់សុំការយោគយល់ពីអាជ្ញាធរ ព្រោះតែមើលឃើញថាមានទីធ្លារតិចតួចសម្រាប់ដាក់ផ្ញើរបាន ។ ពួកគាត់បន្តថា ៖ បើដាក់នៅកន្លែងផ្ញើរផ្សេង គឺឆ្ងាយគួរសម ទើបពិបាកសម្រាប់ពួកគាត់ចេញចូលផ្ទះយប់ព្រលប់ ទើបសម្រេចសុំការធ្វើបញ្ញើរជាមួយអាជ្ញាធរនៅពេលយប់ ដោយជូនលុយកាក់តិចតួច១ពាន់ ឬ២ពាន់ ឬក៏ទឹកចិត្តជានំនែកផ្លែឈើតិចតួចជាដើម ដោយមិនមានការបង្ខិតបង្ខំពិតម្លៃផ្ញើរនោះទេ ៕ កុម្ភះ

ឯកឧត្តម ហេង រតនា ចុះជួបលោកគ្រូអ្នកគ្រូនិងលើក ទឹកចិត្តសិស្សថ្នាក់ទី១២​ ដែលកំពុងរៀនបំប៉នបន្ថែមត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ​នាថ្ងៃទី១៨ សីហា ឆ្នាំ២០២៥ខាងមុខនេះ

2025/07/05 01:23:34 pm        177
(កណ្តាល) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកលើកដែក នៅថ្ងៃទី៥​ ខែ កក្កដា​ ឆ្នាំ ២០២៥​ នៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ​ ស្រុកលេីកដែក​ ខេត្តកណ្តាល​បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២​ ដែលកំពុងរៀនបំប៉នបន្ថែមត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ ។នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាលក្រៅពីបានឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូក្នុងការបង្រៀនបំប៉នសម្រាប់សិស្សរៀនថ្នាក់ទី12 ក្នុងវិទ្យាល័យទាំង៣ក្នុងស្រុកលេីកដែក​នោះ។ឯកឧត្តមក៍បានជម្រុញនិងលើកទឹកចិត្តដល់សិស្សត្រៀមប្រឡងថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ខាងមុខទាំងចំនួន ៥៣០ នាក់ ស្រី ២៩៤នាក់ ដែលក្នុងនោះផ្នែកវិទ្យាសាស្ត្រ ១៣៣នាក់ ស្រី ៨១នាក់ និង ផ្នែកវិទ្យាសាស្ត្រសង្គម ៣៩៧នាក់ ក្នុងនោះស្រី២១៣នាក់ ត្រូវខិតខំពង្រឹងសមត្ថភាពរៀនសូត្រឲ្យចេះចាំដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។ ជាពិសេសឯកឧត្តមសន្យាថានឹងផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូដូចនឹងឆ្នាំមុនៗជាបន្តទៀតសម្រាប់សិស្សដែលប្រឡងជាប់បាននិទ្ទេសA ក្នុងម្នាក់មួយគ្រឿងផងដែរ ។នៅក្នុងឱកាសនោះដែរនោះ ឯកឧត្តម ហេង រតនា ក៏បានថ្លែងប្រាប់ដល់លោកគ្រូអ្នកគ្រូ​ អំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដែលសមរភូមិក្រោយទាំងអស់គ្នាត្រូវមានការសាមគ្គីភាពរឹងមាំនិងជឿជាក់លេីការដឹកនាំរបស់រាជ រដ្ឋាភិបាលដោយឥតងាករេ​ និងគាំទ្រពេញទំហឹងសម្រាប់សមរភូមិមុខ។ឯកឧត្តមបញ្ជាក់ថា សម្តេចតេជោនិងសម្តេចធិបតី​ បានកំពុងដឹកនាំពង្រឹងទាំងសមរភូមិ នយោបាយ​ (អន្តជាតិ)​ សមរភូមិយោធា​ និងសមរភូមិសេដ្ឋកិច្ចជាតិ​ សំដៅរក្សាបានសេចក្តីសុខ​ សន្តិភាព​និងការអភិវឌ្ឍ​ ជាពិសេសការពារបូរណភាពទឹកដី​ ការឯកភាព​ជាតិ ឯករាជ្យជាតិ​ និងអធិបតេយ្យភាព​នៃព្រះ រាជាណាចក្រកម្ពុជាដ៍រុងរឿងនេះ ។ សូមជម្រាបថា  ចំនួនវិទ្យាល័យនៅស្រុកលើកដែកកណ្តាលមានចំនួន ៣សាលា មានសិស្សសរុប ២,៩៥៤នាក់,ស្រី១,៦៤៤នាក់, ស្មើ៧០ថ្នាក់ និង គ្រូ ១៤៦នាក់, ស្រី៥៥នាក់ ។គ្រូថ្នាក់ទី១២ ចំនួន៦៥ នាក់, ស្រី១៣នាក់ សិស្សថ្នាក់ទី១២ចំនួន ៥៦៦នាក់ស្រី៣០៥នាក់។បច្ចុប្បន្នគ្រូបំប៉នថ្នាក់ទី១២ ចំនួន ៤៩នាក់ ក្នុងនោះស្រី៧នាក់ និងសិស្សបំប៉នចំនួន ៤០៥ នាក់ ក្នុងនោះស្រី ១៣៣ នាក់។គ្រូបង្រៀនបំប៉នចំនួន ៤៩នាក់ចាប់ពីថ្ងៃទី ២០ ខែ ឧសភា ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ ស្មើនឹង ១០ សប្តាហ៍។  សម្រាប់សិស្សប្រឡងថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ខាងមុខមានចំនួន ៥៣០នាក់ ស្រី ២៩៤នាក់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ ១៣៣នាក់ ស្រី ៨១នាក់។ផ្នែកវិទ្យា សាស្ត្រសង្គម ៣៩៧នាក់ ស្រី២១៣នាក់។  យោងតាមរបាយការណ៍បានឲ្យដឹងថា ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ ២០២០ -២០២១មានចំនួន៧៦.២៥% , ឆ្នាំ ២០២១-២០២២ មានចំនួន៨៤.៥១%, ឆ្នាំ ២០២២-២០២៣មានចំនួន ៩០,៦៣%, ឆ្នាំ ២០២៣-២០២៤មានចំនួន ៩៣,៨៤ %,។ រីឯ លទ្ធផលប្រឡងនាថ្ងៃទី ៨និង៩ ខែ តុលា ឆ្នាំ ២០២៤កន្លងទៅ ទាំង3វិទ្យាល័យមានសិស្សប្រឡងសរុប ៤០៦ នាក់ ក្នុងនោះសិស្សស្រី ២៥៣ នាក់ដោយប្រឡងជាប់ចំនួន៣៨១នាក់ ក្នុងនោះសិស្សស្រី ២៣៨ នាក់ស្មើ៩៣.៨៤%។ ក្នុងនោះទទួលបាន និទ្ទេស A ចំនួន ១៣នាក់ក្នុងសិស្សស្រី៧នាក់, និទ្ទេស B ចំនួន ៧៤ នាក់,ស្រីចំនូន៥៦នាក់ ,និទ្ទេសC ចំនួន ១១៣ នាក់ ស្រី ៦៩នាក់ D ចំនួន ១០៦នាក់ក្នុងនោះ ស្រី ៦៩នាក់ និងនិទ្ទេស E ចំនួន ៧៥នាក់ក្នុងនោះ ស្រី ៣៧ នាក់ តាមលទ្ធផលប្រឡងឆ្នាំ ២០២៣- ២០២៤ កើនចំនួន ៣.២១% ៕ អត្ថបទ,ភារម្យ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំក្រុមគ្រួសារ រាប់បាត្រព្រះសង្ឃ១០៨អង្គ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/07/05 01:07:24 pm        212
ភ្នំពេញ៖ ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវបានបញ្ចប់នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះហើយ។ជាកិច្ចបញ្ចប់ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំកូន ចៅ ក្មួយៗ និង សាច់ញាតិជិតឆ្ងាយ ប្រគេនយាគូព្រះសង្ឃ នមស្សការ សមាទានសីលព្រះសង្ឃ១០៨អង្គ បន្ទាប់មកនិមន្តព្រះសង្ឃទាំ១០៨អង្គ រាប់បាត្រជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំកូន ចៅ ក្មួយៗ និង សាច់ញាតិជិតឆ្ងាយ រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ពិធីបុណ្យត្រូវបានរៀបចំឡើងតាមបែបបទប្រពៃណីព្រះពុទ្ធសាសនា នៅគេដ្ឋានរបស់សពក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាផ្កាភ្ញី ទៀនធូបបូជាដល់ព្រះរតនត្រ័យ ជា គោរព សក្ការៈ ព្រមទាំងការសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នក ឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងការប្រោសព្រំព្រះពុទ្ធពរជ័យជូនដល់ សម្តេច តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ ក្មួយៗ និងសាច់ញាតិ ពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងមន្ត្រីសង្ឃនៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ក្រៅពីពិធីសូត្រមន្តហើយនោះ ក៏មានការនិមន្តព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព សម្តែង ព្រះធម៌ ទេសនាផងដែរ។សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើត របស់ សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយ រោគាពាធ។មរណភាពរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីស្រឡាញ់ប្រកប ដោយ ព្រហ្ម វិហារធម៌ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានដល់កូនចៅ និងជាការ បាត់ បង់ឥស្សរជនដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ ចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ការបាត់បង់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឱ្យបងប្អូន កូនក្មួយ ចៅ ចៅទួត ញាតិមិត្តសាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ លំដាប់ថ្នាក់ មានសេចក្តីសោកស្ដាយអាឡោះអាល័យរកអ្វីមកប្រៀប ផ្ទឹម ពុំបានឡើយ។សូមជម្រាបថា អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ រួមមាន ( ១- ឯកឧត្ដម ហ៊ុន សាន ២.ឯកឧត្ដម ហ៊ុន ណេង ៣.សម្ដេចតេជោ ហ៊ុន សែន ៤.លោកជំទាវ ហ៊ុន សេងនី ៥.លោកជំទាវ ហ៊ុន ស៊ីណាត ៦.លោកជំទាវ ហ៊ុន ប៊ុនធឿន )។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់, កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកជំទាវ ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី៕

សម្តេចតេជោ៖ច្បាប់ស្តីពីការដកសញ្ជាតិ មិនមែនជារឿងថ្មីនៅកម្ពុជានោះទេគឺមានតំាងពីសម័យសង្គមរាស្រ្តនិយមមកម្លេះ

2025/07/05 12:36:58 pm        885
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា ច្បាប់ស្តីពីការដកសញ្ជាតិ គឺមិនមែនជារឿងថ្មីសម្រាប់ប្រទេសកម្ពុជានោះទេ ពោលគឺបានមានតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លេះ ហើយលើសពីនេះមិនមែនមានតែប្រទេសកម្ពុជានោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស ក៏មានច្បាប់ដកសញ្ជាតិនេះដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម។ សម្តេចបានឲ្យដឹងផងដែរថា សម្តេចទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។សម្តេចបានបញ្ជាក់ថា«ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧»។សម្តេចបានសង្កត់ធ្ងន់ទៀតថា «លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម»។ សម្តេចបានបន្ថែមទៀតថា ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។ ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថ្លែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ, ក្រោយដែលបានប្រព្រឹត្តបទប្រទុស្សរ៉ាយ នឹងសេចក្តីសុខសាន្ត ក្នុងព្រះនរគ និងក្រៅព្រះនគរហើយ រត់ទៅជ្រកនឹងបរទេសដើម្បីនឹងបន្តសកម្មភាព វិទ្ធស្សនាតទៅទៀត (ដូចក្នុងឯកសារ)»។សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋសភាកម្ពុជា នឹងធ្វើការប្រជុំដើម្បី ពិភាក្សាធ្វើវិសោធនកម្មច្បាប់ ស្តីពីការដកសញ្ជាតិចំពោះជនណា ដែលឃុបខិតជាមួយបរទេសឈ្លានពាន ប្រឆាំងនឹងផលប្រយោជន៍ជាតិឯងនោះ៕អត្ថបទ ៖ បាន ចក់​

មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនមួយទៀតនៅសង្កាត់ចោមចៅទី២បង្កផលប៉ះពាល់បំពុលដល់បរិស្ថាន

2025/07/05 12:19:23 pm        138
ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋាន បានសហការជាមួយ មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ELIZA HUB MFG CO., LTD. ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបាន រកឃើញការបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមមន្រ្តីបានរកឃើញនៅក្រៅទីតាំងក្រុមហ៊ុនមួយចំនួនដូចជា- នៅជុំវិញទីតាំងក្រុមហ៊ុន ជាតំបន់លំនៅឋាន និងរោងចក្រ ដែលស្ថិតនៅជាប់ៗ- នៅចំណុចខាងមុខក្រុមហ៊ុន (ផ្លូវចូល) មានបញ្ហាក្លិនឈ្ងៀម ដែលសាយភាយចេញពីទីតាំងក្រុមហ៊ុន- ប្រជាពលរដ្ឋនៅជុំវិញទីតាំងក្រុមហ៊ុននេះ បានឱ្យដឹងពីបញ្ហាក្លិនអាក្រក់ និងមានក្រុមហ៊ុនឯកជនមួយនៅក្បែរនោះបានធ្វើការប្តឹងតវ៉ា ចំពោះក្លិនមិនល្អកន្លងមកដោយឡែកនៅក្នុងទីតាំងរោងចក្រ ក្រុមការងារបានរកឃើញថា៖- ក្រុមហ៊ុននេះ បើកដំណើរការសកម្មភាព នៅចុងឆ្នាំ២០២៤ និងបានបង្កើតជារោងចក្រកែច្នៃសំណល់ប្លាស្ទិក ដើម្បីផលិតចេញជាថង់ប្លាស្ទិកមានដៃយួរ (ផលិតផលសម្រេច) - វត្ថុធាតុដើមនាំចូលមកកែច្នៃ គឺជាពពួកសំណល់ថង់ប្លាស្ទិក មានចំនួន ៥-៦តោន/ថ្ងៃ- នៅក្នុងដំណើរការផលិតកម្ម ក្រុមហ៊ុនប្រើឡដុតកំដៅអគ្គិសនី ចំនួន០២គ្រឿង សម្រាប់ធ្វើការស្លរំលាយសំណល់ប្លាស្ទិក ឲ្យចេញជាគ្រាប់ជ័រ។ បន្ទាប់មក បានយកគ្រាប់ជ័រនោះ ទៅធ្វើការរំលាយនិងផ្លុំចេញជាបន្ទះថង់ប្លាស្ទិក ដោយប្រើប្រាស់ម៉ាស៊ីនកំដៅអគ្គិសនី និងផ្លុំខ្យល់ ចំនួន ១៩គ្រឿង។ នៅក្នុងដំណើរការស្លរំលាយប្លាស្ទិកនោះ ក្រុមហ៊ុនបានបំភាយក្លិនអាក្រក់ ចេញមកក្នុង និងក្រៅអគារផលិតកម្ម។- ទីតាំងឡដុតរំលាយជ័រ និងអគារផលិតកម្មរបស់ក្រុមហ៊ុន ពុំមានបំពាក់ប្រព័ន្ធគ្រឿងបរិក្ខារ សម្រាប់ធ្វើការបឺតស្រូបក្លិនអាក្រក់ ទៅធ្វើប្រព្រឹត្តិកម្ម ឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងច្បាប់ទេ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននិងធ្វើឱ្យសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ក្រុមការងារបានដាក់វិធានការច្បាប់ឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោមៈ1-ត្រូវបញ្ឈប់សង្វាក់ផលិតកម្មនៃការដុតរំលាយជ័រដែលនាំឱ្យមានក្លិនអាក្រក់។2-ត្រូវរងពិន័យអន្តរការណ៍លើករណីល្មើសនឹងមាត្រា៣១៤, ៣១៦, ៣២២, ៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។3-ត្រូវរៀបចំកែប្រែទីតាំងឡដុតស្លរំលាយជ័រ ដោយធ្វើការបំពាក់ប្រព័ន្ធសម្អាតក្លិនឲ្យបានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន។4-ត្រូវរៀបចំរបាយការណ៍ IEIA ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃជាមុន។5-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និង សម្ពោធសមិទ្ធផលនានាក្នុងវវត្ត "តូប"

2025/07/05 12:14:17 pm        320
កំពត ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ស្ថិតក្នុង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណាយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាល ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។ នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់។ ទន្ទឹមនិងនេះលោកជំទាវបណ្ឌិតបានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារារាម ហៅ "វត្តតូប" នាឱកាសនេះ ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។លោកជំទាវបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ព្រោះទីទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដើរតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។ខណះនោះលោកជំទាវបណ្ឌិត ក៏សូមបួងសួងដល់វត្ថុសក្កិសិទ្ធ ជួយឃុំគ្រង់ប្រទេសកម្ពុជា ជួបតែសេចក្តីសុខចម្រើន ខណៈដែលប្រទេសជិតខាងកំពុងឃ្លានពានទឹកដីយើង។ លោកជំទាវបានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ ដែលកំពុងការពារទឹកដី នេះជាកម្លាំងចិត្តមួយ ចំពោះកងទ័ពជួរមុខដែលកំពុងការពារទឹកដី។ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារមួយខ្នងដែលមានបណ្ដោយប្រវែង 39,20 ម៉ែត្រ ទទឹងប្រវែង 24,20 ម៉ែត្រ កម្ពស់ 17, 60 ម៉ែត្រ, រូបគំនូរបុរាណនៅក្នុងព្រះវិហារ, របងវត្ត, ក្លោងទ្វារ, ផ្លូវបេតុង, បន្ទប់ទឹក, បង្គោលសូឡា, និងសមិទ្ធផលនានាមួយចំនួនទៀត ដោយសរុបជាថវិកាចំណាយអស់ជាង 703,594ដុល្លារ (ចិតសិបម៉ឺនបីពាន់ប្រាំរយកៅសិបបួនដុល្លារអាមរិក)។ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ គឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានា នៅក្នុងបរិវេណវត្ត"តូប"នេះ គឺក្រោមការផ្ដួចផ្ដើមដឹកនាំកសាងនិងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី 1 គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ចន្ទបុរីវង្ស រួមទាំងព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបានចូលរួមកសាងព្រះវិហារ និង សមិទ្ធផលនានានៅក្នុងទីអារម្មណ៍នេះ។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននាំយកនូវសន្តិភាពជូនប្រទេស និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ បច្ចេយកសាងវត្ត និងជូនថវិកាដល់ តាជី យាយជី យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕ អត្ថបទ៖ សំ ងីម

អ្នកវិនិយោគនៅកម្ពុជាអំពាវនាវពលកខ្មែរមកពីថៃ ឱ្យងាកមកធ្វើការក្នុងស្រុកវិញ ខណៈការងាររាប់ម៉ឺនកន្លែងកំពុងរងចាំ

2025/07/05 10:37:07 am        193
ភ្នំពេញ ៖ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានអំពាវនាវដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ និងអ្នកដែលទើបវិលត្រលប់មកពីប្រទេសថៃដូចគ្នា ឱ្យងាកមកធ្វើការនៅក្នុងស្រុកវិញ ព្រោះមានការងាររាប់ម៉ឺនកន្លែងនៅរង់ចាំ និងស្របពេលដែលលោកជំទាវ បានកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដើម្បីអភិវឌ្ឍន៍នៅក្នុងប្រទេសផងដែរ។​នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី កាលពីពេលកន្លងទៅនេះ លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាម្ចាស់អាជីវកម្មនំស្រួយ លីលី បានមានប្រសាសន៍ឱ្យដឹងថា ក្នុងនាមជាអ្នកធ្វើជំនួញម្នាក់ ហើយធ្លាប់បានទៅលេងប្រទេសថៃជាញឹកញាប់ ថែមទាំងបានជួបជាមួយពលករខ្មែររស់នៅនិងធ្វើការនៅទីនោះ លោកជំទាវគិតថា ការរស់នៅចំណាកស្រុកគឺមិនស្រួល និងមិនល្អទេ ដោយសារទី១ ពលករគិតថាប្រាក់បៀរវត្សរ៍បានច្រើនក៏ពិតមែន ប្រហែល៣០០ ទៅ៥០០ដុល្លារ ប៉ុន្តែការចំណាយទីនោះក៏ច្រើនទៅតាមនឹងដូចគ្នា ដោយសារត្រូវចំណាយលើការស្នាក់នៅ និងហូបចុកជាដើម ហើយចំនួនម៉ោងការងារនៅថៃ ក៏ធ្វើច្រើនជាងនៅកម្ពុជាផងដែរ រហូតដល់១២ម៉ោង ឬឈានដល់១៦ម៉ោង ក្នុង១ថ្ងៃ ខណៈនៅកម្ពុជាធ្វើការចំនួន៨ម៉ោង ក្នុង១ថ្ងៃ ហើយចំនួន៦ថ្ងៃ ក្នុង១សប្តាហ៍។លោកជំទាវប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ នៅកម្ពុជាគឺមានអ្នកវិនិយោគមកពីក្រៅប្រទេសជាច្រើនផងដែរ ហើយនៅតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការក៏មានច្រើន ដូច្នេះមើលឃើញថា កម្លាំងពលកម្មពិតជាខ្វះខាតច្រើនមែនទែន ហើយក៏មានតម្រូវការជាច្រើនរាប់ពាន់ និងរាប់ម៉ឺនកន្លែងផងដែរ។ លោកជំទាវ បានបន្តថា នៅពេលដែលមានអ្នកវិនិយោគចង់បើកក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនៅកម្ពុជា សំណួរមុនដំបូងដែលសួរមុនគេ គឺថា នៅតំបន់ដែលចង់បើកទាំងនោះតើមានកម្លាំងពលកម្មគ្រប់គ្រាន់ដែរឬទេ? ដូចនេះ បងប្អូនពលករសុំកុំមានការព្រួយបារម្ភ ថាមិនមានការងារធ្វើនៅក្នុងប្រទេសកម្ពុជា គឺមានច្រើនណាស់ និងមានទូទាំងប្រទេសផងដែរ។ពាក់ព័ន្ធតម្រូវការខ្វះខាតកម្លាំងពលកម្មនេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងដែរថា ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះតទៅ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ គ្រោងនឹងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជាព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគោលបំណងដើម្បីរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាលមួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើកយុទ្ធនាការនេះឡើងក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ

2025/07/04 10:01:54 pm        207
ក្រសួងបរិស្ថានបានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែក ឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព «ផែនការជាតិរួមចំណែក ការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួម ពីលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN Resident Coordinator to Cambodia) រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូសហការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរសាទរ ចំពោះជោគជ័យក្មុងរយៈពេល ៧ ខែ ដែលក្រុមការងារសម្រេចបាននូវសេចក្តីព្រាង ផែនការជាតិ NDC 3.0 នេះឡើង។ សមិទ្ធផលនេះ គឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តគោលជំហរដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។» ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីគោលដៅសំខាន់ នៃការរៀបចំ ផែនការរួមចំណែកជាតិ NDC 3.0 គឺជំរុញការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមវិស័យសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ដើម្បីកសាងផែនការរួមចំណែកជាតិ NDC 3.0 ក្រសួងបរិស្ថាន បានទទួលការគាំទ្រនិងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍រួមមានសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។សូមជម្រាបជូនថា ក្រសួងបរិស្ថានបានសម្របសម្រួលរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ដែលមានវិធានការឆ្លើយតបចំនួន ១៦៨ សកម្មភាព រួមមាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៣ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុចំនួន ៩៩ និងអន្តរវិស័យចំនួន១៦ (បរិយាប័ន្នសង្គម យេនឌ័រ សិទ្ធិមនុស្ស ជនជាតិដើមភាគតិច ក្រុមងាយរងគ្រោះ រួមមាន មានកុមារ យុវជន មនុស្សចាស់ និងការគិតគូរអំពីប្រភពធនធានហិរញ្ញវត្ថុ)។ រាជរដ្ឋាភិបាលគ្រោងបញ្ជូនផែនការរួមចំណែកជាតិ NDC 3.0 ទៅអង្គការសហប្រជាជាតិ នៅពេលឆាប់ៗខាងមុខ គឺមុនកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ដែលនឹងប្រព្រឹត្តទៅ នាខែវិច្ចិកា ឆ្នាំ២០២៥ នៅប្រទេសប្រេស៊ីល៕

ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីអាជ្ញាធរ ភូមិ ឃុំ រួមគ្នាដោះស្រាយរាល់សំណូមពលរដ្ឋក្នុងមូលដ្ឋាន

2025/07/04 09:50:50 pm        117
កណ្ដាល ៖ ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីអាជ្ញាធរ ភូមិ ឃុំ បានសហការគ្នាបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥នេះ ដើម្បីដោះស្រាយបញ្ហានានា តាមរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។ក្នុងឱកាសនោះ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយបានលើកឡើងថា ការបើកវេទិការឆ្នាំទី១ នៃអាណត្តិទី៤ ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលស្រុកកៀនស្វាយ សហការជាមួយមន្រ្តីមូលដ្ឋាន ភូមិ ឃុំ រួមគ្នាដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋបាន ១៧ ករណី ក្នុងចំណោម ២២ សំណូមពរ របស់បងប្រជាពលរដ្ឋស្នើមកកាន់ក្រុមប្រឹក្សាស្រុកកៀនស្វាយ ។ លោកបានបន្តថា សម្រាប់ការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥នេះ មាន១៥ ករណី ដែលមានពលរដ្ឋបានសំណើមករដ្ឋបាលស្រុកកៀនស្វាយ ហើយចំពោះករណីមួយចំនួនដែលអាចដោះស្រាយបាន គឺលោកដោះស្រាយនៅកន្លែងវេទិការតែម្តង រាល់ការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ មានបញ្ហាមិនអាចដោះស្រាយបាន គឺយកមកពិគ្រោះជាមួយគណៈអភិបាលស្រុក និងគណៈអភិបាលខេត្ត ជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្ត ឧ្យមានតម្លាភាព និងយុត្តិធម៌ នៅក្នុងមូលដ្ឋាន។  ចំណែក លោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយបានញ្ជាក់ថា រាល់ការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋាបាលស្រុកកៀនស្វាយ ទទួលសំណើមកដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ ជាទូទៅមានដូចជា (ការដាក់ស្តុបច្រកចេញចូលសាលាបឋមសិក្សាគគី គ្រៀងញៀន ក្មេងទំនើង ការស្នើធ្វើបណ្ណកម្មសិទ្ធិដីធ្លី ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ដាក់អំពូលភ្លើងតាមដងផ្លូវ តបណ្ដាញទឹកស្អាត និងដាក់ប្រព័ន្ធលូជាដើម។  លោក ស៊ុម ធន បន្ថែមថា បច្ចុប្បន្ននេះ រដ្ឋបាលស្រុកកៀនស្វាយ និងគណៈអភិបាលខេត្ត បាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋហើយ និងខិតខំឱ្យមានប្រសិទ្ធភា ក្នុងនាមជាតំណាងសាធារណៈ ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ។ លោក ស៊ុម ធន ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ និងអជ្ញធរមូលដ្ឋាន ភូមិ ឃុំ ត្រូវចេះសហការគ្នា ដោះស្រាយបញ្ហា ឧ្យមានភាពយុត្តិធម៌ក្នុងមូលដ្ឋាន ហើយបើមានបញ្ហាករណីលើសពីដែនសមត្ថិកិច្ចរបស់ខ្លួន ត្រូវបញ្ជូនមករដ្ឋបាលស្រុក និងខេត្ត ហើយសូមឧ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល។ អត្ថបទ ៖ ពៅយី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM