រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ

2026/05/05 12:28:14 pm        127
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការ។ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត មានប្រសាសន៍ដឹងគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ ដែលកន្លងមក សម្តេចទាំងទ្វេតែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធានដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម។បន្ថែមពីនេះ, លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំរបស់គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេសគឺការធ្វើបច្ចុប្បន្នភាពលើសកម្មភាពរបស់គណៈកម្មាធិការដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មីរបស់សង្គម។លើសពីនេះ ជាការគិតគូរដល់ការលើកទិសដៅការងារ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ប្រកបទៅដោយភាពឈ្លាសវៃ ភាពធន់ និងភាពអាចបត់បែនបានដើម្បីគណៈកម្មាធិការអាចអនុវត្តយ៉ាងរលូនក្នុងស្ថានភាពសាកលលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសគឺក្នុងសម័យឌីជីថលនេះ។សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។ ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល។

អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ

2026/05/05 11:14:47 am        110
អ្នកជំនាញក្នុងអាជីវកម្មមើលឃើញថា ប្រទេសកម្ពុជា នៅតែបន្តស្រូបយកការវិនិយោគិនជាតិ-អន្តរជាតិ មកបណ្តាក់ទុនក្រោមបរិយាកាសអំណោយផល ខណៈកម្ពុជានៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប (លើទំនិញមួយចំនួនសម្រាប់ការនាំចេញ), និងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសអង់គ្លេស រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗជាច្រើនទៀត ក្រោមបរិយាកាសលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាលផងដែរ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបរិយាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចម្បងៗជា ច្រើន ដើម្បីធានានូវស្ថិរភាពនយោបាយ និងម៉ាក្រូហិរញ្ញវត្ថុ, ការខិតខំដើម្បីលំនឹងជីវភាពប្រជាជន, ការជំរុញពិពិធកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រភពថ្មីនៃកំណើន, ការពង្រឹងបរិយាកាសវិនយោគ និងលើកកម្ពស់វិស័យឯកជន រួមទាំងការរបន្តបង្រ្កាបសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការអភិវឌ្ឍធនធានមនុស្សនិងសង្គម និងការជំរុញបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបៃតងជាដើម។អ្នកឧកញ៉ា បន្តថា ក្រៅពីគោលការណ៍ខាងលើនេះ អ្វីដែលកំពុងក្លាយជាមូលដ្ឋានសំខាន់ គឺកម្ពុជានូវទទួលបាន EBA នៅ លើការនាំចេញទំនិញមួយចំនួនពីសហភាពអឺរ៉ុប, ការទទួលបាននូវភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ពីចក្រភពអង់គ្លេស, កិច្ចព្រម ព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលសុទ្ធសឹងជាមូលដ្ឋានបង្កើតទំនុកចិត្តដល់វិនិយោគិនជាតិ និង អន្តរជាតិមកបណ្តាក់ទុននៅកម្ពុជា ផលិតដើម្បីបម្រើដល់ទីផ្សារនាំចេញ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាទទួល បានការចុះបញ្ជីគម្រោងវិនិយោគ មានចំនួនសរុប ៦៣០ ក្នុងទុនវិនិយោគសរុប ១០ ប៊ីលានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ ២០២៦ នេះ កម្ពុជាក៏នៅតែទទួលបានឱកាសវិនិយោគជាបន្តបន្ទាប់ទៀត។សូមបញ្ជាក់ថា ជុំវិញការវិនិយោគនេះ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការចុះបញ្ជីដោយអនុ- គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ១៤៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះគម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០ គម្រោង និង ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត គម្រោងវិនិយោគទាំងនោះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្តជាដើម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣-ACCSM និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបី-ACCSM+៣ នាដើមខែសីហាខាងមុខ

2026/05/05 10:30:58 am        110
ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈលើកទី៨ (ACCSM+៣) និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៥-២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលគ្រោងរៀបចំនៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នាដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ដើម្បីស្តាប់វឌ្ឍនភាពការងារ និងពិនិត្យ ពិភាក្សាលើការងារដែលនៅសេសសល់ ក៏ដូចជាការគិតគូរកិច្ចការងារទៅមុខក្នុងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ បានរៀបចំកិច្ចប្រជុំបច្ចេកទេសស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងព្រឹត្តការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២៦ នៅសាលាភូមិន្ទរដ្ឋបាល។កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអនុគណៈកម្មការទាំង៦។ក្រោយពីបានពិនិត្យ និងកិច្ចពិភាក្សា ព្រមទាំងទទួលបានការតម្រង់ទិស និងអនុសាសន៍ណែនាំ ពីឯកឧត្តមប្រធានអង្គប្រជុំរួចមក កិច្ចប្រជុំបានកំណត់ឱ្យអនុគណៈកម្មការទាំង៦ ធ្វើរបាយការណ៍មកលេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ អំពីវឌ្ឍនភាពការងាររបស់ខ្លួន ជាប់ជាប្រចាំ និងត្រៀមខ្លួនក្នុងការចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលការងារបន្ត នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព !

2026/05/05 09:32:59 am        111
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយអភិបាលខេត្តទាំង៣ រួមមានកំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនតំណាងបណ្ដាសហគមន៍តំបន់ការពារធម្មជាតិ «ព្រៃឡង់» ចំនួន ២១សហគមន៍ ក្នុងភូមិសាស្ត្រខេត្តទាំងបួន ព្រមទាំងបានស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ព្រមទាំងបញ្ហាប្រឈមនានាដើម្បីស្វែងយល់ស៊ីជម្រៅអំពីឧបសគ្គដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងបេសកកម្មការពារ និងអភិរក្សធនធានធម្មជាតិ។ជំនួបដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់មនោសញ្ចេតនារវាងថ្នាក់ដឹកនាំខេត្ត ជាមួយបងប្អូនសហគមន៍ បង្កើនកិច្ចសហការអន្ដរខេត្ត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍អោយមានចីរភាព ក៏ដូចផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនសហគមន៍ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិឱ្យបានគង់វង្ស។

ស្រ្តីឈ្មោះ ព្រឿន សាក់ឡែន ជាអ្នកនាំទុរេនថៃមកចូលខ្មែរត្រូវបានឃាត់ខ្លួន ខណៈសមត្ថកិច្ចខេត្តបាត់ដំបងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់

2026/05/05 09:22:57 am        161
បាត់ដំបង៖ លោកវរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ក្រោយបញ្ចប់ការសាកសួរ ស្រ្តីឈ្មោះ ព្រឿន សាក់ឡែនជាអ្នកនាំទុរេនថៃមកចូលខ្មែរត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់វិធានការតាមផ្លូវច្បាប់។បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យដឹងថាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថាបាននាំផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។លទ្ធផលនៃការសាកសួរ និងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈោ្មះព្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ គាត់បន្តថាសារសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញលក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ កន្លងមកនេះគឺជាសំឡេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមក ទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូក្រាម(ពីរពាន់គីឡូក្រាម)ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំង០៣លើកនេះគាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលគេដឹកមកដល់។គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទេ លុះ រថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង។អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ខណៈមានការបំភ្លឺបែបនេះពីឈ្មោះ ព្រឿន សាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់៕

រដ្ឋសភាកម្ពុជា ជូនដំណឹងដល់ភាគីសភាអឺរ៉ុប អំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ររបស់កម្ពុជា

2026/05/05 09:15:48 am        129
រដ្ឋសភាកម្ពុជាបានជូនដំណឹងភាគីសភាអឺរ៉ុបអំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដែលមានសារៈសំខាន់សម្រាប់ការធានាបាននូវសន្តិសុខសមុទ្រ ការគោរពបាននូវ សេរីភាពនាវាចរណ៍និងសុវត្ថិភាពនាវិកស្របតាមច្បាប់អន្តរជាតិ។ សភាកម្ពុជាបានអំពាវនាវទៅភាគីអឺរ៉ុបបន្ត ចូលរួមជួយផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការអនុវត្តនីតិសមុទ្រឆ្លើយតបចំពោះ កំពង់ផែនិងនាវា ការប្រឈមរបស់ពិភពលោក។ការជម្រាបជូនភាគីសភាអឺរ៉ុបអំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ គឺក្នុងឱកាសឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅសភាអឺរ៉ុប និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុបលើកទី៥ ជាមួយ ឯកឧត្តម Wouter Beke ប្រធានប្រតិភូសភាអឺរ៉ុបសម្រាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី និងអាស៊ាន (DASE) កាលពី ថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង។ ក្នុងនោះភាគីកម្ពុជាមានការចូលរួមពី ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុប និងភាគីសភាអឺរ៉ុបមានការចូលរួមពីសំណាក់សមាជិកសភាអឺរ៉ុប តំណាងមកពីក្រុមគណបក្សធំៗក្នុងសភាអឺរ៉ុប។

សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន

2026/05/05 09:11:29 am        212
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៦។អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ​រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រម​ទាំង​តំណាង​ធុរកិច្ចមកពីសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ។ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ច​ប្រជុំ​កំពូល​នឹង​ផ្តល់​ជា​វេទិកា​សម្រាប់​ថ្នាក់​ដឹកនាំ​អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និង​មាគ៌ា​ឆ្ពោះ​ទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាព​សន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ ​និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយា​បន្ន​ និងភាពធន់។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងផល ប្រយោជន៍រួម៕

បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់

2026/05/05 08:56:21 am        218
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង នៅអគារខុនដូ ប្រូវេន (PROVANCE) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទHotline និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបទល្មើសចំនួន ៣ ករណី រួមមាន៖ករណីទី១: សមត្ថកិច្ចបានសង្គ្រោះបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេអូសទាញមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរបន្តទៅគោលដៅផ្សេង។ករណីទី២: ឃាត់ខ្លួនបុរសជនជាតិចិន ៤ នាក់ និងដកហូតសម្ភារៈបច្ចេកទេសជាច្រើន រួមមាន៖ ទូរស័ព្ទដៃ ១២៧ គ្រឿង, CPU ២ គ្រឿង, Monitor ២ គ្រឿង និងកុំព្យូទ័រ All In One ៤ គ្រឿង។ តាមរយៈការធ្វើកោសល្យវិច័យ បង្ហាញថាពួកគេបានបង្កើត "ស្ទូឌីយោក្លែងក្លាយ" និងក្លែងអត្តសញ្ញាណ ដើម្បីធ្វើសកម្មភាពឆបោកតាម Online។ករណីទី៣: រកឃើញជនបរទេសស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវសរុបចំនួន ១២ នាក់ (ប្រុស) ដែលមានសញ្ជាតិចិន និងវៀតណាម។បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងចាត់វិធានការតាមជំហានបន្ទាប់។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។ ជាមួយច្បាប់នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕

សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង

2026/05/04 07:26:31 pm        90
សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីនោះផងដែរ ក៏មានការអមដំណើរដោយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងឯកឧត្ត លោកជំទាវ លោក លោកស្រីប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរដល់រដ្ឋបាលខេត្ត និង សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការជម្រុញ និងលើកស្ទួយនូវផលិតផលខែ្មរឲ្យកាន់តែមានតម្លៃ និងបានចូលរួមចំណែកក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារផងដែរ ។ ទទ្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់គ្នាត្រូវ ធានាបាននូវផលិតផលដែលគ្មានជាតិគីមី និងត្រូវពង្រឹងគុណភាពនៃការដាំដុះ ដោយគោរពតាមក្បួនខ្នាតរបស់ក្រសួងកសិកម្ម ចំណែកឯអាជីវករវិញ ត្រូវចេះវេចខ្ចប់ និងប្រើប្រាស់ផ្លូវស្លាកសញ្ញាដែលជារបស់ខ្មែរ និងត្រូវចេះផ្សព្វផ្សាយអំពីផលិតផលខ្មែរ និងមិនត្រូវកេងចំណេញខ្លាំងពេកពីប្រជាកសិករ រួមទាំងការតម្លើងថ្លៃខុស ប្រក្រតី។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ផ្សារផលិតផលខ្មែរនេះ គឺជាការលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ និងជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសាទរដល់រដ្ឋបាលខេត្តដែលបានរៀបចំឲ្យមានតំបន់ទេសចរណ៍ជាច្រើន រួមទាំងបានកែរលំអរនូវសួនច្បារ ច្រាំងទន្លេ និងកែលំអរសោភណ្ឌភាពខេត្ត ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជា អ្នកហាត់ប្រាណប្រចាំថ្ងៃផងដែរ។ មិនត្រឹមប៉ុណ្ណោះ ខេត្តកំពង់ចាម មានកំពង់ផែទេសចរណ៍ស្តង់ដារមួយ ដែលមានសោភ័ណភាព នឹងលេចចេញនៅពេលខាងមុខនេះ ដែលអាចប្រែក្លាយទៅជាច្រកទ្វារសំខាន់ក្នុងការទាក់ទាញទេសចរ និងបង្កើនតភ្ជាប់ផ្លូវទឹកទៅកាន់ខេត្តផ្សេងៗតាមបណ្តោយទន្លេ និងបង្កើនសក្តានុពលសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក។គួររំលឹកផងដែរថា ក្រោមការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម គឺផ្សារលក់ផលិតផលខ្មែរបានដាក់ឲ្យដំណើរការ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក-៨ល្ងាច៕

ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)

2026/05/04 07:22:27 pm        117
ក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីក្រុមកីឡាសេនាយុត្តិធម៌ នឹងរៀបចំកម្មវិធី "ជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)" ដើម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជន នានា សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ កម្មវិធីជិះកង់អង្គរនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ តាមកម្មវិធីដូចខាងក្រោម៖- កម្មវិធីជិះកង់ ៖ ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក (ទីតាំងជួបជុំ៖ កន្លែងត្រួតពិនិត្យសំបុត្រទី១ របស់អាជ្ញាធរជាតិអប្សរា)។- កម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៖ ប្រព្រឹត្តទៅ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក (ទីតាំងជួបជុំ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ផ្តល់ការលើកលែងទោសដល់អ្នកទោសជាង ២.០០០នាក់
06/06/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
06/06/2026 02:06 PM
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
06/06/2026 02:06 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន ៣៧០នាក់ ជាចំនួនសរុបទាំងសងខាង
06/06/2026 01:06 PM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
06/06/2026 01:06 PM
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
06/06/2026 01:06 PM
សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
06/06/2026 12:06 PM