រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
ក្រុមភ្លេងកាយរឹទ្ធិខេត្តប៉ៃលិនត្រៀមប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ

ព័ត៌មានជាតិ

ខណៈការវិនិយោគរីកចម្រើនក្រុមហ៊ុនមីនេបៀ ជម្រាបសម្ដេច​តេជោថា នឹង​បើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ចុងឆ្នាំនេះ

2025/07/22 12:35:29 pm        451
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ និងស្ថាគមន៍ចំពោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ ជាថ្មីម្ដងទៀតក្រោយពីខានជួបអស់រយៈពេល១០ឆ្នាំ ហើយសម្ដេចតេជោ បានអរគុណដែលក្រុមហ៊ុន មីនេបៀ បានជ្រើសរើសយកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបន្តការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ, លោកបញ្ជាក់ថា ក្រុមហ៊ុន មីនេបៀ របស់លោកមានភាពរីកចម្រើនមកដល់ពេលនេះ គឺមិនអាចខ្វះបាននូវការជួយពីរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តមកបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកអាចដំណរការទៅមានការរីកចម្រើន និងកំពុងការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។លោកបានបន្តថា រយៈពេល ១៤ឆ្នាំមកនេះ ក្រុមហ៊ុន មីនេបៀ វិនិយោគនៅកម្ពុជាបានរីកចម្រើនជាបន្តបន្ទាប់។ លោកបានបញ្ជាក់ថា នៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងបើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ដែលនឹងផ្ដល់ឱកាសការងារជាច្រើនបន្ថែមទៀតដល់ពលរដ្ឋនៅទីនោះ។ សម្ដេចតេជោបានបង្ហាញនូវក្ដីត្រេកអរពេលឮពីវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុន មីនេបៀ ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ក្រោយពេលមកវិនិយោគនៅកម្ពុជា, អ្វីដែលសម្ដេចតេជោពេញចិត្តខ្លាំងនោះគឺក្រុមហ៊ុននឹងបន្តបើករោងចក្របន្ថែមទៀតនៅខេត្តពោធិ៍សាត់ដោយបង្កើននូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតលើការវិនិយោគនេះ។ ទន្ទឹមនឹងភាពរីកចម្រើនរបស់ ក្រុមហ៊ុន មីនេបៀ លោក កៃនូម៉ា បានលើកឡើងពីផលលំបាកមួយចំនួនផងដែរចំពោះស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ពីព្រោះ ក្រុមហ៊ុន មីនេបៀ ក៏មានរោងចក្រនៅប្រទេសថៃផងដែរ ដែលត្រូវធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក។ ទាក់ទងនឹងបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃនេះ សម្ដេចតេជោ បានបញ្ជាក់ថា បញ្ហានេះ គឺបង្កឡើងដោយភាគីថៃ ដោយបានបាញ់ប្រហារមកលើទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យស្លាប់ម្នាក់, ការបិទព្រំដែនជាឯកតោភាគី និងការប្រមាថមកលើកម្ពុជា តាមរយៈការគំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត និងការបិទការនាំចូលឥន្ធនៈ និងឧស្ម័នជាដើម។ សម្ដេចតជោបានបញ្ជាក់ថា បញ្ហាថៃបិទព្រំដែនជាឯកតោភាគីនេះ ភាគីថៃត្រូវបើកព្រំដែនឱ្យដូចដើមវិញ បន្ទាប់មកកម្ពុជាយ៉ាងយូររយៈពេល ៥ម៉ោងនឹងបើកព្រំដែនទាំងអស់ឱ្យដូចដើមវិញដែរ ដូច្នេះកូនសោរគឺនៅលើភាគីថៃ ព្រោះថៃជាអ្នកបិទជាឯកតោភាគី ក៏ត្រូវបើកឱ្យដូចដើមវិញជាឯកតោភាគីដែរ៕

ក្រសួងមុខងារសាធារណៈពង្រឹងនីតិវិធីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និង​ការ​ដាក់​មន្រ្តី​រាជការស៊ីវិលឱ្យចូលនិវត្តន៍

2025/07/22 12:25:32 pm        872
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​មុខងារ​សាធារណៈ ដឹកនាំដោយ លោក មាស ពេជ្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាន​គ្រប់​គ្រង​មុខងារ​សាធារណៈ ​ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ​ស្តីពី​ការ​ពង្រឹង​នីតិ​វិធី​នៃ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និងពង្រឹងនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តី​ជំនាញ​ក្រសួង​មុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ មានចំនួន​ប្រមាណ ១៥០នាក់។កិច្ចប្រជុំនេះ គឺជាការចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាននានាពាក់ព័ន្ធគោលការណ៍ និង​នីតិវិធីអនុវត្ត៖ ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ, ការគិតគូរ​ក្នុង​ក្របខណ្ឌ​ពេល​វេលា​ចំពោះ​ការ​ស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់កិត្តិយស​មុន​ចូល​និវត្តន៍​ឱ្យ​បាន​មួយ​ឆ្នាំ​មុន​ពេល​សាមី​មន្ត្រី​ត្រូវ​ចូលនិវត្តន៍, ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍, ការស្នើសុំកិច្ចសហការ ករណី​មន្រ្តី​រាជ​ការត្រូវដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងដំឡើង​ថ្នាក់​កិត្តិយស​ជាមួយ​គ្នា​នៅ​មួយ​ឆ្នាំ​មុន​ឆ្នាំ​ត្រូវ​ចូល​និវត្តន៍ និងការធ្វើបម្រែបម្រួលស្ថានភាពរដ្ឋបាលក្រោយពេលដំឡើងឋានន្តរស័ក្តិ ថ្នាក់រួច ក៏​ដូច​ជាបញ្ហាផ្សេងៗដែលបានជួបប្រទះក្នុងការអនុវត្ត។ ទន្ទឹមនេះ អង្គប្រជុំក៏បា​​ន​ពិភាក្សា​លើ​ការ​សាក​ល្បង​គិតអំពីនីតិវិធី និងក្របខណ្ឌពេលវេលា លើការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ និង​ថ្នាក់​កិត្តិយសសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដល់អាយុចូលនិវត្តន៍ក្នុងឆ្នាំ២០២៦ និង​ការ​ដំឡើង​ថ្នាក់​ប្រចាំឆ្នាំជូនមន្រ្តីដែលត្រូវចូលនិវត្តន៍ក្នុងឆ្នាំ២០២៧ ផងដែរ។សូមជម្រាបថា «ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្រ្តីរាជការស៊ីវិល» ត្រូវអនុវត្តអនុលោម​មាត្រា​២០ ​និងមាត្រាបន្តបន្ទាប់នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ព្រមទាំង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន។ ការគិតគូរដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្ត្រីរាជការស៊ីវិលប្រចាំឆ្នាំ ត្រូវគិត​ចំពោះ​មន្ត្រី​រាជការស៊ីវិលដែលខិតខំបម្រើការងារពិតប្រាកដ និងមាន​រយៈ​ពេល​អប្បបរមា​នៃ​ការ​ឡើង​ថ្នាក់​ត្រូវកម្រិត ២(ពីរ) ឆ្នាំ គិតមកដល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។ ការដំឡើង​ឋានន្តរ​ស័ក្តិ ថ្នាក់ប្រចាំឆ្នាំ គ្រប់ក្រសួង ស្ថាប័នត្រូវផ្ដល់​សំណុំ​ឯកសារ​មក​ដល់​ក្រសួង​មុខងារ​សាធារណៈ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករា រៀងរាល់ឆ្នាំ ដើម្បីមានពេលវេលា​គ្រប់​គ្រាន់​ក្នុង​ការ​ត្រួតពិនិត្យ និងផ្តល់ទិដ្ឋាការជូនបានទាន់ពេលវេលា។ ចំពោះមន្ត្រីរាជកា​រ​ស៊ីវិល​ដែល​ឡើង​ឋាន​ន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ ត្រូវស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដោយ​សំអាង​លើ​សញ្ញា​បត្រ​ពិត​ប្រាកដ អនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវធ្វើ​លិខិ​ត​មក​ក្រសួង​មុខ​ងារសាធារណៈ តែមួយលើកប៉ុណ្ណោះគឺក្នុងខែសីហា រៀងរាល់ឆ្នាំ។ ដោយឡែក​ចំពោះ​ករណី​មន្ត្រី​រាជការដែលដល់អាយុចូលនិវត្តន៍នៅឆ្នាំបន្ទាប់(ការដំឡើងឋានន្តរស័ក្តិកិត្តិយស) គ្រប់​ក្រសួង ស្ថាប័នត្រូវលើកសំណើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដូចមានចែងក្នុងមាត្រា៣២ នៃច្បាប់​ស្តីពី​សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មកក្រសួងមុខងារសាធារណៈ យ៉ាងតិចមួយ​ឆ្នាំ​មុន​ពេល​ចូល​និវត្តន៍ ដើម្បីឱ្យក្រសួងមុខងារសាធារណៈ មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តល់ទិដ្ឋាការជូន និង​ធ្វើការបម្រែបម្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ(បៀវត្ស) និង​បោះពុម្ព​សលាក​បត្រ​ចូល​និវត្តន៍ឱ្យស្របតាមឋានន្តរស័ក្តិ និងថ្នាក់ចុងក្រោយ។ចំពោះ «​ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍» ត្រូវអនុវត្តអនុលោមតាម សារាចរលេខ ០៥ សរ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ​កែ​សម្រួ​ល​នីតិ​វិធី​នៃ​ការ​ដាក់​មន្រ្តី​រាជការឱ្យចូលនិវត្តន៍៕

កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០

2025/07/22 12:18:12 pm        261
ភ្នំពេញ៖ ស្ថិតក្រោមក្របខណ្ឌមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ស្តីពីការប្រែប្រួលអាកាសធាតុ ក្រុម​ហ៊ុន​ផលិត​ម៉ូតូអគ្គិសនីរបស់សាធារណៈរដ្ឋកូរ៉េ Very Words.Inc តាមរយៈកិច្ចសហប្រតិបត្តិការ គម្រោង Internationally Transferred Mitigation Outcomes (ITMOs) បាន​កំពុង​រួម​ចំណែក​យ៉ាង​សំខាន់ជាមួយកម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹង​ការ​វិនិយោគ​ដំឡើង​រោង​ចក្រផលិតម៉ូតូអគ្គិសនី និងការស្ថានីយសាកថ្មចល័តនៅកម្ពុជា។ ថ្លែងនៅក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ពីការ​ប្រែប្រួល​អាកាសធាតុ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត.Malle Fofana, នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) បាន​មាន​ប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ដែល​បានគាំទ្រវិនិយោគិនកូរ៉េ និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយនឹង GGGI ដើម្បី​រួច​ចំណែក​កាត់​បន្ថយ​ការ​សាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើងកំដៅជាសកល និ​ង​ការប្រែប្រួលអាកាសធាតុ។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅ​ថ្ងៃ​នេះ មិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែជាការរួម​គ្នា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​ក​ញ្ចក់ ដើម្បីបរិស្ថានពិភពលោករបស់យើងទាំងអស់គ្នា។ ទោះបីជាមានភាពងាយរងគ្រោះ ខ្ពស់​ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេស​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការលើក​កម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន ការរក្សាបាននូវលំនឹងជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែប។ឯកឧត្តមបណ្ឌិត បានបន្តថា ការបណ្តាក់ទុនវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី របស់​សាធារណ​រដ្ឋកូរ៉េនាពេលនេះ គឺជាការវិនិយោគដែលបានគិតគូរ ពីបរិស្ថាន និងអាយុ​ជីវិត​របស់​​យើង​ទាំង​អស់គ្នា ដោយសារការសាយភាយឧស្ម័នផ្ទះកញ្ចក់គឺកើនចេញពីវិស័យធំៗចំនួន៥គឺ ថាមពល ឧស្សាហកម្ម កសិកម្ម ការគ្រប់គ្រងសំនល់ និងដឹកជញ្ជូន។ជាការពិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែងយ៉ាងខ្លាំង ចំពោះកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ តាមរយៈ​យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថានដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព។ ឥឡូវនេះ ប្រទេសកម្ពុជា​កំពុង​បញ្ច​ប់​ផែន​ការ​ជាតិ​រួម​ចំណែក​ការ​ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាស​ធាតុ ដែលបានធ្វើបច្ចុប្បន្នភាពលើកទីបី (NDC 3.0) ដែលកំណត់​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆិតា​សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៤ភាគរយនៅឆ្នាំ២០៣៥ ទាំង​លក្ខខណ្ឌ និងគ្មានលក្ខខណ្ឌ ស្មើនឹងប្រមាណ ៦៤.៦ លាន​តោន​នៃ​កាបូន​ឌីអុក​ស៊ីត​ជា​រៀង​រាល់​ឆ្នាំ​។ ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជាបានប៉ាន់​ប្រមាណ​តម្រូវ​ការ​ហិរញ្ញ​ប្បទាន​របស់​ខ្លួន​សម្រាប់​ទាំង​ការកាត់បន្ថយអាកាសធាតុ និងការបន្សាំ។ ការដោះស្រាយតម្រូវការនេះតម្រូវឱ្យមានការកៀរគរហិរញ្ញប្បទាន- ប្រមូលផ្តុំរដ្ឋាភិបាល វិនិយោគិន​ឯកជន ស្ថាប័នអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ ដើម្បី​រួម​គ្នា​ឆ្ពោះ​ទៅ​គោល​ដៅ​អព្យា​ក្រឹត​កាបូន​ឆ្នាំ​២០៥០។គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃ​តងសកល (GGGI) និងក្រុមហ៊ុនកូរ៉េVery Words Inc.ក្នុងគោល​បំណង​លើក​កម្ពស់ និងជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនី និងគំនិតផ្តួច​ផ្តើម​ជា​ច្រើន​ទៀត​ក្នុង​ការ​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា៕

សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

2025/07/22 12:03:17 pm        312
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​១៦២នាក់ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ក្នុងនោះនៅខេត្តសៀមរាបឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ស្ត្រី០៤នាក់ នៅចំណុច​ផ្ទះ​វីឡា​ជួល​ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប  ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុ​តាង​មួយ​ចំនួន​ទៀត។ដោយឡែក​នៅខេត្តមណ្ឌលគិរី ពេលចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ (ស្ត្រីចំនួន៣១នាក់) ស្មើនឹង ១៣សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរស័ព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន។សរុប​មកក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២៥ ម្សិលមិញ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប បាន​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​១៦២​នាក់ ស្ត្រី៣៥នាក់។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។សូម​បញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោង​ទាំង​ឡាយ​ដែល​ជាប់​ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អនុវត្តការងារថែទាំ​ផ្លូវជាតិលេខ៦២ ប្រវែង​ជាង​២០១​គីឡូម៉ែត្រ ដើម្បីសុវត្ថិភាពចរាចរណ៍

2025/07/22 11:57:11 am        667
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្មនូវការងារកាត់ស្មៅ និងសម្អាតរុក្ខជាតិព្រៃនៅសងខាងផ្លូវជាតិលេខ៦២ ដោយប្រើ​ប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ (ត្រាក់ទ័រ) ទំនើប។ ការងារនេះបានចាប់ផ្ដើមពីគីឡូម៉ែត្រទី ៣៦+​២០០​ រហូតដល់គីឡូម៉ែត្រទី ២៣៧+៧៦០ ដែលមានប្រវែងសរុប ២០១.៥៦ គីឡូម៉ែត្រ។លោក សំ លាងទ្រី បន្ថែមថា កំណាត់ផ្លូវជាតិលេខ៦២ លាត​សន្ធឹង​ចាប់​ពី​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​-​កំពង់ធំ ក្នុងស្រុករវៀង រហូតដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត។ គោល​បំណង​ចម្បង​ នៃការងារនេះ គឺធានាសុវត្ថិភាពខ្ពស់បំផុត ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏​ដូច​ជា​បង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ប្រចាំថ្ងៃ។លោក សំ លាងទ្រី ក៏បាន​អំពាវ​នាវ​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​មេត្តា​ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោកឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវបើកបរលើសល្បឿនកំណត់ ដើម្បីរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នា​ក់ចរាចរណ៍ និងថែរក្សាសុខសុវត្ថិភាពទាំងអស់គ្នា៕

កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

2025/07/22 11:47:36 am        463
គិតមកដល់ពេលនេះ កសិករសមាជិកនៃសហគមន៍កសិកម្មទំនើបស្ថិតនៅស្រុកបារាយណ៍ ខេត្ត​កំពង់ធំចំនួន ១៧៨ គ្រួសារ​បាន​ងាក​មក​ជ្រើសរើស​​ដាំ​ស្រូវ​សែន​ក្រអូប​ក្រោម​ការ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយក្នុងរដូវកាលនេះ​ពួកគាត់​ទទួល​ផល​ចំណេញ​ច្រើន​ជាង​អ្នក​ដាំ​ស្រូវ​អូអឹមជិត១លានរៀល ក្នុង១ហិកតា។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ឡើង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ច្រូត​ស្រូវ និងជួបសំណេះសំណាល​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​បារាយណ៍​ តាំងគោក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ផល​ចំណេញ​របស់​ប្រជាកសិករនេះ បានមកដោយសារតែស្រូវសែនក្រអូបកំពុងលក់ចេញក្នុងតម្លៃ ១ ២៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងថ្លៃស្រូវអូអឹមក្នុងរង្វង់ ៤៥០ រៀល ទោះ​បី​ជា​ស្រូវ​អូអឹម​មាន​ទិន្ន​ផលខ្ពស់ជាងក៏ដោយ។ មួយផ្នែកទៀតបានមកពីការកាត់បន្ថយចំណាយលើធាតុចូល និង​ថ្លៃ​ការ​ប្រាក់ ជាពិសេសទទួលបានចំណេញពីថ្លៃជី រហូតដល់ទៅ ៣ម៉ឺនរៀលក្នុងមួយបាវ បើ​ប្រៀប​ធៀបទៅនឹងថ្លៃដែលកសិករទិញជីរៀងៗខ្លួន។ ឯកឧត្តម បានបន្ថែមថា នា​រដូវ​កាល​បន្ទាប់​ខាង​មុខ​នេះ​នឹង​មានសមាជិកចូលថ្មីបន្ថែមទៀត ដែលធ្វើឱ្យផ្ទៃដីផលិតកម្ម​របស់​សហគមន៍​ហក់​ឡើង​ពី ១ ០០០ហិកតា រហូតដល់ទៅជាង ៥ ០០០ហិកតា។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការ​ជ្រើស​រើសពូជយុទ្ធសាស្ត្ររបស់កម្ពុជាមកដាំ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន ព្រម​ទាំង​បាន​ណែនាំ​ឱ្យ​សហគមន៍​ត្រៀម​ផែន​ការ​ឱ្យ​បាន​ច្បាស់​លាស់​សម្រាប់​ផលិតកម្ម​នៅ​រដូវ​កាល​បន្ទាប់​ ជាពិសេសការត្រៀមទុន ពូជ និងទីផ្សារ។ កសិករនៅក្នុងសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំ បាន​លើក​ឡើង​ដោយ​ទឹកមុខសប្បាយរីករាយថា គិតមកដល់ពេលនេះ សហគមន៍​បានដំណើរ​ការ​រយៈ​ពេល​ប្រមាណ ​៧ខែមកហើយ ដោយទទួលសមាជិកកើនឡើងជាបន្តបន្ទាប់ ជាមួយ​នឹង​ផ្ទៃ​ដាំ​ដុះ​ផង​ដែរ​។ ក្រុមកសិករ បានរៀបរាប់ស្រដៀងគ្នាថា កាលពីកន្លងមក មិនទាន់​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប កសិករធ្វើស្រែតែងតែខាត ហើយមុនពេលធ្វើក៏តែងតែបារម្ភអំពីខ្វះទីផ្សារ ក៏ជា​បារម្ភ​អំពី​តម្លៃមិនច្បាស់លាស់ជាដើម។ ប៉ុន្តែ រហូតមកដល់ពេលនេះ បន្ទាប់ពីបាន​ចង​ក្រង​ជា​សហគមន៍​ទំនើប គឺល្អប្រសើរច្រើនជាងពេលមុនៗ ដោយពិតជាទទួលបានផលចំណេញ និង​មាន​ប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុង​ជំនួប​សំណេះ​សំណាល​ជា​មួយ​សហគមន៍​កសិកម្ម​ទំនើប​ដំ​ណាំ​ស្រូវ​បារាយណ៍ តាំងគោក ខេត្តកំពង់ធំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបញ្ជាក់ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម សិក្សា​រៀប​ចំ​ប្រព័ន្ធ​ស្រោច​ស្រព​គោល ដើម្បីធានាឱ្យបានថា ការធ្វើផលិតកម្មស្រូវនៅក្នុង​តំប​ន់​នេះ​មាន​ទឹក​គ្រប់​គ្រាន់ទៅតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពគម្រោងកសាងព្រែកជីកហ្វូណនតេជោ

2025/07/22 11:29:30 am        333
នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ នៅវិមានសន្តិភាព។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧបានយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណន តេជោ, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០ គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ ពាន់លានដុល្លារអាម៉េរិក។ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំក្រុមការងារ លេខាធិការដ្ឋានគណៈកម្មាធិការពិសេស, អភិបាលខេត្តកំពត និងខេត្តកែប, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធថា បច្ចុប្បន្នបង្គោលកំណត់និយាមការដែលត្រូវបោះទាំងអស់មានចំនួនប្រមាណ ១,៩២០បង្គោល។ សព្វថ្ងៃនេះបោះ ១,០៨១ បង្គោលហើយ ដោយបែកចែកជា ៤ ខេត្ត មានខេត្តកណ្តាល ៣៨៧បង្គោល តាកែវ ៥៥២បង្គោល បានបោះរួចរាល់ហើយ ក្នុងនោះក៏មានខេត្តកំពត ៨០១ បង្គោល បោះបាន ១៤២ បង្កោល និងខេត្តកែប មាន ១៨០ បង្គោល មិនទាន់បានបោះបង្គោលនោះឡើយទេ។ ការងារបោះបង្គោលនិយាមការសម្រេចបានប្រមាណ ៥៦ ភាគរយ។ឯកឧត្តមបន្ថែមថា ទោះបីជាការបោះបង្គោលនិយាមការនេះមានការលំបាកបន្តិចក៏ដោយតែក្រុមការងារអន្តរក្រសួងបានប្តេជ្ញាចិត្តខិតខំបោះបង្គោលនិយាមការព្រែកជីកហ្វូណតេជោ ឱ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ និងបន្តបញ្ជូនព័ត៌មានបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយសំណងជូនប្រជាពលរដ្ឋ មិនឱ្យបាត់សូម្បីដើមឈើមួយដើមនោះទេ៕ 

វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ

2025/07/22 10:56:14 am        617
វិស័យ​ដឹកជញ្ជូននៅកម្ពុជា គិតមកដល់ពេលនេះ បានដំណើរការសេវាដឹកជញ្ជូនទំនិញក្នុងស្រុក និង​ការដឹកជញ្ជូនបម្រើទីផ្សារនាំចេញ មានភាពមមាញឹកជាង​មុន ស្រប​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែង​ក្នុង​​កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពសេវាកម្មដឹកជញ្ជូនក្នុងស្រុកថា ចាប់ពីដើ​ម​ឆ្នាំ​២០២៥ ​មកដល់ពេលនេះ លោកឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា បាននឹង​កំពុង​ដំណើរការ​លើ​សេវា​ដឹកជញ្ជូនល្អប្រសើរ ទាំងចលនានៃការដឹកជញ្ជូនក្នុងស្រុក និងសេវា​ដឹក​ជញ្ជូន​សម្រាប់​ទីផ្សារ​នាំ​ចេញ ស្របពេលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុង​ជំរុញ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធរូបវ័ន្ត កាន់តែរឹងមាំ គាំទ្រដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងគាំទ្រ​ដល់​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។លោកបន្តថា ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង តម្លៃប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ ដូច្នេះវិស័យដឹកជញ្ជូនក៏កំពុងមានភាពមមាញឹកផងដែរ ទាំងសេវា​ដឹក​ជញ្ជូន​ទំនិញ​ទីផ្សារក្នុងស្រុក និងការដឹកញ្ជូនសម្រាប់បម្រើទីផ្សារនាំចេញ ទោះបីកម្ពុជា-ថៃ​នៅ​បន្ត​រឹង​បណ្តឹង​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនយ៉ាងណាក៏ដោយ។ ភាពមមា​ញឹក​លើ​សេវា​កម្ម​ដឹក​ជញ្ជូន​នេះ​បាន​បង្ហាញឱ្យឃើញនូវភាពល្អប្រសើរសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ហើយ​ចំពោះ​ភាព​មមា​ញឹក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នេះ​បាន​នឹង​កំពុង​ចូល​រួមក្នុងសកម្មភាពសេដ្ឋកិច្ច និងអ្នករកស៊ីទទួលទាននៅលើវិស័យនេះផងដែរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្មនៅកម្ពុជា នឹង​បន្ត​និន្នាការ​កើន​ឡើងល្អក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើង​វិញ​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្ម​លើ​វិស័យ​ទេសចរណ៍​។ ចំណែក អនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងមានកំណើនរឹងមាំ ដោយ​មាន​សកម្ម​ភាព​ដឹកជញ្ជូនកាន់តែមមាញឹក ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះ ការដោះ​ដូរ​ពាណិជ្ជ​កម្មអន្តរជាតិរបស់កម្ពុជាមានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់ លានដុល្លារអាមេរិក កើន​ឡើង ១៧ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ​ កើន ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ ពាន់លាន​ដុល្លារ​ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រី​ជំនាញ​ចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកជិត ៤ពាន់គីឡូក្រាមចេញពីវៀតណាម

2025/07/22 10:07:55 am        281
ក្រុមការងារ​អន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ​បាន​ចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម ពីប្រទេសវៀតណាម ឆ្ពោះ​មក​ចែកចាយលក់នៅរាជធានីភ្នំពេញ ។ នៅវេលាម៉ោង៨និង៣០នាទីយប់នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​អន្ត​រាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការ​ជាមួយ​​ការិយា​ល័យ​ផលិត​កម្ម និងបសុព្យាបាលខេត្តកំពង់ចាម បាន​ចុះឃាត់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម ចំនួន១៨៧កេសក្រដាស ស្មើ​នឹង​២២៤៨​គីឡូក្រាម( ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០​គីឡូ​ក្រាម​ ក្រុមការងារបានឃាត់​លើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្ត​ខាង​​លើបាន​ដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែក​ចាយ​នៅ​រាជ​ធានី​ភ្នំពេញ​ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕

អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ

2025/07/22 09:26:04 am        742
ចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ន ដើម្បីឈានទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងដោយសារការបញ្ជូនចរន្តអគ្គិសនី តាមបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលខាងលើ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លង ខ្សែបណ្តាញបញ្ជូន ក្នុងទឹកដីនៃខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហាមឡើង បង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM