សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន ខណៈខេត្តកំពុងកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនធំជាងគេលើផ្ទៃដី៥០ហិកតា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
អភិបាលរាជធានីភ្នំពេញជំរុញបន្ថែដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ

ព័ត៌មានជាតិ

សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង សាងសង់ផ្ទះ និងផ្តល់ដីអោយអតីតយុទ្ធជនបាន១០៥ខ្នង និងកំពុងបន្តសាងសង់១០០ខ្នងទៀត

2025/07/22 02:46:08 pm        123
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះបានអោយដឹងថា នៅឆ្នាំ២០២២ សមាគមអតីតយុទ្ធជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជន បានសាងសង់ផ្ទះ និងប្រគល់ដីជូនអតីតយុទ្ធជន បានចំនួន១០៥ខ្នង និងកំពុងបន្តសាងសង់ផ្ទះធ្វើពីបេតុងចំនួន១០០ខ្នងបន្ថែមទៀតជូនអតីតយុទ្ធជន ដែលមកដល់ពេលនេះក្រុមការងារ សាងសង់បានចំនួន៣៧ខ្នងរួចហើយ។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បន្តថា៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងឆ្នាំ២០២២ សម្តេចទាំងពីរ បានប្រគល់អំណោយជូនអតីតយុទ្ធជននូវដី និងផ្ទះ ជូនអតីតយុទ្ធជនចំនួន១០៥ខ្នង ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីតបស្នងនូវគុណបំណាច់នៃការបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិរបស់ពួកគាត់ ហើយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងនឹករលឹក និងគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជនទាំងអស់។ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីតយុទ្ធជនបន្ថែមទៀត ដោយសម្តេចបានប្រគល់ដី និងផ្ទះចំនួន១០០ខ្នងទៀតជូនអតីតយុទ្ធជនដែលគ្មានដី និងផ្ទះរស់នៅ។ មកដល់ពេលនេះក្រុមការងារបានសាងសង់បានផ្ទះចំនួន៣៧ខ្នងហើយ។អតីតយុទ្ធជន ដែលទទួលបានដី និងផ្ទះ បានសម្តែងការរីករាយ ហើយក៏បានប្រកាសបង្ហាញពីចងចាំ និងដឹងគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់ជានិច្ច។ ពួកគាត់បានលើកឡើងថាដី និងផ្ទះ ដែលជាការរៀបចំជូនដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងជីវិត។សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកមិនដែលភ្លេចនូវគុណបំណាច់របស់បងប្អូនអតីយុទ្ធជនយើងនោះឡើយ។ ប្រទេសមានភាពសុខសន្តិភាព និងសុខសាន្តត្រាណបែបនេះ គឺដោយសារការធ្វើពលីកម្មរបស់បងប្អូននេះហើយ។ ដូច្នេះជាតិ និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ឆ្លើយតប និងដោះស្រាយរាល់បញ្ហាក្នុងជីវភាព ដើម្បីឱ្យស័ក្តិសមនឹងការលះបង់របស់បងប្អូន៕ កាំង ហុងវាស្នា

មន្ត្រី​វប្បធម៌ជាង​១០០នាក់ ទទួលការបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និង​ការគ្រប់គ្រងថ្នាក់រៀន

2025/07/22 02:36:31 pm        509
សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែ​កក្កដា​ ឆ្នាំ​២០២៥នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និង​ការ​គ្រប់​គ្រង​ថ្នាក់រៀន (ជំហានទី៣ ក្រុមទី២) សម្រាប់មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ។លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា វគ្គ​បណ្តុះ​បណ្តាល​ថ្ងៃ​នេះ បានផ្តោតលើការអភិវឌ្ឍឱ្យកាន់តែប្រសើរ ឡើងនូវកម្មវិធីសិក្សា វិធីសាស្ត្រ​នៃ​ការ​បង្រៀន សំដៅបង្កើននូវគុណភាព ប្រសិទ្ធភាពនៃការបង្រៀន របស់លោកគ្រូ អ្នកគ្រូ ដែល​ជា​កូន​សោរ​ដ៏សំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សជំនាន់ក្រោយ ឱ្យក្លាយ​ទៅ​ជា​មូល​ធន​មនុស្ស​វិស័យវប្បធម៌ដ៏មានសក្តានុពលនាពេលអនាគត។ តាមកម្មវិធីដែលបានគ្រោងទុកវគ្គបណ្តុះបណ្តាលលើកនេះ សាលាបានកំណត់យកមុខវិជ្ជា សំខាន់​គឺ​វិធីសាស្ត្រអនុវត្តន៍ ចំនួន២ ក្នុងនោះរួមមាន៖ ទី១. ការ​អភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោកបណ្ឌិត សឿង សុផា គ្រូឧទ្ទេស​កម្រិត​ឧត្តម នៃវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា។ទី២. ការអភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោក ផ្លុង តូន អនុប្រធាន​ក្រុម​បច្ចេក​ទេស​សីលធម៌ ពលរដ្ឋ និងទស្សនវិជ្ជា និងជាគ្រូឧទ្ទេសកម្រិតឧត្តម នៃវិទ្យាស្ថានជាតិអប់រំ នៃ​ក្រសួង​អប់រំ យុវជន និងកីឡា។សម្រាប់​វគ្គសិក្សានេះសាលាបានកំណត់ជ្រើសយកមន្រ្តីរាជការ និងគ្រូបង្រៀន សរុបចំនួន ១០២​នាក់​ ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ៥០នាក់ មកពីសាលាមធ្យមវិចិត្រសិល្បៈ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានមានប្រសាសន៍ថា គិតមកដល់ថ្ងៃនេះ យើង​បាន​បើកវគ្គបណ្តុះបណ្តាលចំនួន៦លើករួចមកហើយ ក្នុងរយៈពេល០៣ឆ្នាំកន្លងមក ដោយ​មួយ​ឆ្នាំ​យើង​បើកវគ្គបណ្តុះបណ្តាលចំនួន២លើក ក្នុងជំហានទី១ ជំហានទី២ និងជំហានទី៣ ដែល​សរុប​នៃការចូលរួមរៀនសូត្រនេះ បានសិក្ខាកាម អ្នកគ្រូ លោកគ្រូ ចំនួនជាង២០០នាក់។នាឱកាសនោះដែលឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ជា​ការ​ពិត​ណាស់​វគ្គបណ្តុះបណ្តាល ដែលសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌បានរៀបចំនៅថ្ងៃនេះ គឺ​ផ្អែក​លើ​គោលនយោបាយ និងយុទ្ធសាស្រ្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កសាង​គោល​នយោបាយ​ស្តីពី​ធនធានមនុស្សគ្រប់វិស័យជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាព​ស័ក្តិ​សិទ្ធិ ជំនឿទុកចិត្ត ហើយវាក៏ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណទី១ ស្តីពី​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស សំដៅលើការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេសជាដើម ដើម្បីឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​ផ្តល់​សេវា​អប់រំ​ដល់​សិស្ស លើចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងជំនាញមរតកដូនតាឱ្យស្របតាមស្តង់ដារជាតិ តំបន់​ និងអន្តរជាតិ៕ អត្ថបទ រដ្ឋា 

ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យស្នងការរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ រៀបចំ​ផែន​ការ​បន្ត​បង្ក្រាប​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឺងម៉ាត់បំផុត

2025/07/22 02:17:16 pm        441
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ណែនាំ​​ឱ្យ​ស្នង​ការ​រាជ​ធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឺងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយ​បង្ក្រាប​ឱ្យ​ទទួលបានជោគជ័យទៅតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី។ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ប្រធាន​គណៈ​បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៥ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍នៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញជាបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដូច្នេះមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ បើទោះបីជាអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។ឯកឧត្តម ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង គឺត្រូវប្រឹងប្រែងទាំងអស់គ្នា ដោយសង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងនោះ ពិសេសគឺយកភស្តុតាងឱ្យបាន។ ឯកឧត្តម ឃួង ស្រេង សង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ស្អាតស្អំ មិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែបង្ក្រាបលុបបំបាត់បទល្មើសឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនទើបគ្រប់គ្រាន់។ សូមពិនិត្យទីតាំងស្នាក់នៅរួមរបស់ជនបរទេសឱ្យបានម៉ត់ចត់ និងម៉ឺងងម៉ាត់ បើជនបរទេសស្របច្បាប់ សូមកុំរំខានគាត់ សូមធ្វើអ្វីដោយភាពត្រឹមត្រូវ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីក្នុងកិច្ចប្រជុំនោះក៏បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ដល់មេភូមិ ចៅសង្កាត់ តាមដានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ។ការងារនេះនៅតែបន្តធ្វើដោយភាពម៉ឺម៉ាត់ និងគ្មានទីបញ្ចប់ រហូត ONLINE SCAMS អស់ពីរាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១៦ទីតាំង និងឃាត់មនុស្ស៧៣៤នាក់ ហើយចាប់ពីថ្ងៃទី៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដាក្នុងចំនួននេះមានជនសង្ស័យមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំនួនទីតាំងដែលបង្ក្រាបបាននេះមានចំនួន២ទីតាំងដែលបង្ក្រាបចំគោលដៅនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះតែម្តង ដោយដកហូតបានវត្ដុតាងមួយចំនួនធំ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អាជ្ញាធរមីន និងសាកលវិទ្យាល័យ​លេនកាហ្សៀរនៃចក្រភពអង់គ្លេស ចុះ​អនុស្សារ​ណៈ​យោគ​យល់​គ្នា ពង្រឹង​ភាពជាដៃគូក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី​ដ្រូន​គ្មាន​មនុស្ស​បើក

2025/07/22 02:08:41 pm        1148
នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​យោគ​យល់​គ្នា​រវាង​អាជ្ញាធរ​មីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភព​អង់គ្លេស ដើម្បីពង្រឹង​ភាព​ជាគូ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មី​ដ្រូន​គ្មានម​នុស្ស​បើក​គាំទ្រដល់​ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។ការចុះអនុស្សារណៈនេះ បានផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បី​ជួយ​ពន្លឿន​បង្កើន​សមត្ថភាពកាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាងនាមឱ្យរាជរដ្ឋាភិបាល បានកោតសរសើរ និងថ្លែង អំណរ​គុណ​ដល់​សាកលវិទ្យាល័យលេនកា ហ្សៀរ សម្រាប់កិច្ចខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​ឧបករណ៍​ប្រកប​ដោយ​នវានុវត្តន៍ ជាពិសេសការប្រើប្រាស់​ដ្រូនគ្មាន​មនុស្សបើក​ក្នុង​គោល​បំណង​គាំទ្រ​ដល់​ការ​សកម្មភាព​មីនមនុស្សធម៌នៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តឥត​ងាករេចំ​ពោះ​សកម្ម​ភាព​មីន​ សន្តិភាព និងសន្តិសុខរបស់មនុស្សជាតិ។ កម្ពុជា បាននឹងកំពុងបន្តពង្រឹងភាពជាដៃគូ និង​កិច្ច​សហ​ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តករដោះមីន ដើម្បី​បន្តបោះ ជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន ដែលជាក់ស្តែងថ្ងៃនេះ អាជ្ញាធរ​មីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យាល័យ​នៃចក្រភពអង្គគ្លេស គាំទ្រដល់​វិស័យ​សកម្ម​ភាព​មីនផងដែរ។ ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការ ស្វែង​រ​ក​វិធី​សា​ស្រ្ត​​ថ្មី​សម្រាប់​ការ​សិក្សាស្រាវជ្រាវ និងការបោស សម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ពង្រឹង​សមត្ថ​ភាព​ជាតិ​ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹង និងនាំមកនូវការចាប់ អារម្មណ៍ជា​សកល​ដល់​ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន។ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ទោះបីមានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សំគាល់​នូវ​បច្ចេក​វិទ្យាថ្មី​ៗ​ សម្រាប់ប្រើប្រាស់គាំទ្រក្នុងវិស័យសកម្មភាពមីនក៏ដោយ កម្ពុជានៅ​តែ​ស្ថិត​ជា​ប្រទេស​មួយ​ក្នុង​ចំណោមប្រទេសដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីនលើពិភពលោក។ វត្តមាន​គ្រាប់​មីន​ដែល​នៅ​សេសសល់ តែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងរាំងស្ទះដល់​ការអ​ភិវ​ឌ្ឍ​ប្រទេស ជាពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និង ការស្តារឡើងវិញរបស់សហគមន៍។ ជា​មួយ​គ្នា​នោះ ឯកឧត្តមបណ្ឌិត លី ធុជ លើក ទឹកចិត្តឱ្យសាកលវិទ្យាលេនកាហ្សៀនបន្តធ្វើ ការជា​មួយ​កម្ពុជា មិនត្រឹមតែជាអ្នកស្រាវជ្រាវបង្កើតបច្ចេក វិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាដៃ​គូ​ដែល​ដើរ​ទន្ទឹម​គ្នា​ជាមួ​យ​កម្ពុជានៅលើផ្លូវទៅកាន់សន្តិភាព។លោកសាស្រ្តាចារ្យ Darren Anzell បានលើកឡើងថា សាកលវិទ្យាលេនកាហ្សៀរ គឺជា​សាកល​វិទ្យា​ល័យ​ធំ​ជាងគេមួយរបស់ចក្រភពអង់គ្លេស បង្កើតឡើងក្នុងឆ្នាំ ១៨២៨ ដោយផ្តោតសំខាន់​លើ​ផ្នែក​វិទ្យា​សាស្រ្ត សិល្បៈ និងអក្សរសាស្រ្ត។ ចាប់ពីឆ្នាំ២០១៥ សាកលវិទ្យាល័យ បានធ្វើជា​ដៃ​គូ​ជា​មួយ​អាជ្ញាធរមីន កងយោធ ពលខេមរភូមិន្ទ និងអង្គភាពនានា គាំទ្រដល់កិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។លោកសាស្រ្តាចារ្យ Darren Anzell មានមោទនភាព​ក្នុង​ការ​ចូល​រួម​ចំណែក​បណ្តុះ​បណ្តាល​ដល់​សិក្ខា​កាម​កម្ពុជា​លើកា​រ​ប្រើប្រាស់​ដ្រូន​គ្មាន​មនុស្ស​បើក​ដែលជា​បច្ចេក​វិទ្យា​ថ្មី​សម្រា​ប់​វិស័យ​សកម្ម​ភាព​មីន​នៅកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន ហើយលោកសង្ឃឹមថា ការប្រើប្រាស់ប​ច្ចេក​វិទ្យា​ថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០ ៕ អត្ថបទ,ភារម្យ

សម្តេច ម៉ែន សំអន ៖ អតីតនិស្សិតកម្ពុជា ដែលបានបណ្តុះបណ្តាល ពីប្រទេសនានា​បានចូលរួមអភិវឌ្ឍន៍ធនធានមនុស្សដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០

2025/07/22 12:53:04 pm        258
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានទទួលជួបជាមួយប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលដឹកនាំដោយ លោក អ៊ុច លាង ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ក្នុងជំនួបនោះ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សមាគម ជូនសម្តេចបានជ្រាបជារបាយការណ៍ និងបានបញ្ជាក់អំពីតួនាទីរបស់សមាគម គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាង​ប្រជាជន​កម្ពុជានិងប្រជាជនវៀតណាម ជាពិសេស ក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។ ក្នុងនោះផងដែរ សមាគមបានបន្តដាក់ចេញទិសដៅ​អនុវត្តការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់ តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានមនុស្សរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។ កន្លងមកសមាគមបានលើកទឹកចិត្តឱ្យ អតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាមួយ ពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងនូវការកោតសសើរដល់ លោក អ៊ុច លាង ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈកាលកន្លងមកនេះ ដោយ​សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួយគាំទ្រសមាជិកសមាគម នៅពេលដែលមានទុក្ខលំបាកនានា។ សម្តេចបានបន្តទៀតថា ការបណ្តុះបណ្តាល​ធនធានមនុស្សនេះ បានក្លាយទៅជាអាទិភាពមួយ​ដ៏សំខាន់នៅ​ក្នុងយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់ទី១ ក្នុងអណត្តិទី ៧ នៃរាជរាដ្ឋាភិបាល ដែលដឹកនាំ​ដោយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្ត ក្នុងការជំរុញកសាងធនធាន​មនុស្សគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាង​ឆាប់រហ័ស​នៃសេដ្ឋកិច្ច សង្គម កម្ពុជានាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យ លោក អ៊ុច លាង បន្តបង្កើនកិច្ច​សហប្រតិបត្តិការរបស់សមាគមន៍បន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

វិនិយោគិនមកពីប្រទេសកាតា ជម្រាបសម្ដេចតេជោ ពីការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា

2025/07/22 12:45:48 pm        279
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះគណៈប្រតិភូក្រុមហ៊ុនវិនិយោគនៃប្រទេសកាតា AI Mansour Holding (AMH) និងក្រុមហ៊ុន LCH Investment Group Co., Ltd. ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោ ក៏បានអរគុណដែលក្រុមហ៊ុនបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានរម្លឹកថា កន្លងទៅសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាតា ក៏ធ្លាប់បានអំពាវនាវដល់អ្នកវិនិយោគនៅប្រទេសកាតាអញ្ជើញមកចាប់យកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន AMH បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងស្ដាប់នូវមតិយោបល់របស់សម្ដេចតេជោបន្ថែមទៀត ដើម្បីស្វែងរកឱកាវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតបសម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា មានសក្ដានុពលវិនិយោគជាច្រើន ដែលក្រុមហ៊ុនបរស់លោក ក៏ដូចជាវិនិយោគិនរបស់ប្រទេសកាតាអាចមកធ្វើការវិនិយោគ ក្នុងនោះមានទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានរំលេចថា វិស័យកសិកម្មផ្ដោតសំខាន់ដែលកម្ពុជាចង់បាននោះគឺការកែច្នៃនៅផលិតផលកសិកម្មកម្ពុជាដើម្បីនាំចេញបន្តទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក។ ក្នុងឱកាសនោះលោកប្រធានក្រុមហ៊ុន ក៏បានអរគុណដល់សម្ដេចតេជោដែលបានបញ្ជាក់ពីសក្ដានុពលវិនិយោគសំខាន់ៗនៅក្នុងប្រទេសកម្ពុជា, លោកបញ្ជាក់ថា ក្រុមហ៊ុនលោកក៏ចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជាផងដែរ។ លោកប្រធានក្រុមហ៊ុនបញ្ជាក់ថា លោកចាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានសុវត្ថិភាព សន្ដិសុខល្អ និងមានសន្ដិភាពដែលជាកត្តាអំណោយផលដល់ការវិនិយោគពីបរទេស ដូច្នេះលោកបានជ្រើសរើសយកប្រទេសកម្ពុជាក្នុងការវិនិយោគដំបូងគេសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ខណៈការវិនិយោគរីកចម្រើនក្រុមហ៊ុនមីនេបៀ ជម្រាបសម្ដេច​តេជោថា នឹង​បើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ចុងឆ្នាំនេះ

2025/07/22 12:35:29 pm        453
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ និងស្ថាគមន៍ចំពោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ ជាថ្មីម្ដងទៀតក្រោយពីខានជួបអស់រយៈពេល១០ឆ្នាំ ហើយសម្ដេចតេជោ បានអរគុណដែលក្រុមហ៊ុន មីនេបៀ បានជ្រើសរើសយកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបន្តការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ, លោកបញ្ជាក់ថា ក្រុមហ៊ុន មីនេបៀ របស់លោកមានភាពរីកចម្រើនមកដល់ពេលនេះ គឺមិនអាចខ្វះបាននូវការជួយពីរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តមកបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកអាចដំណរការទៅមានការរីកចម្រើន និងកំពុងការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។លោកបានបន្តថា រយៈពេល ១៤ឆ្នាំមកនេះ ក្រុមហ៊ុន មីនេបៀ វិនិយោគនៅកម្ពុជាបានរីកចម្រើនជាបន្តបន្ទាប់។ លោកបានបញ្ជាក់ថា នៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងបើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ដែលនឹងផ្ដល់ឱកាសការងារជាច្រើនបន្ថែមទៀតដល់ពលរដ្ឋនៅទីនោះ។ សម្ដេចតេជោបានបង្ហាញនូវក្ដីត្រេកអរពេលឮពីវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុន មីនេបៀ ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ក្រោយពេលមកវិនិយោគនៅកម្ពុជា, អ្វីដែលសម្ដេចតេជោពេញចិត្តខ្លាំងនោះគឺក្រុមហ៊ុននឹងបន្តបើករោងចក្របន្ថែមទៀតនៅខេត្តពោធិ៍សាត់ដោយបង្កើននូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតលើការវិនិយោគនេះ។ ទន្ទឹមនឹងភាពរីកចម្រើនរបស់ ក្រុមហ៊ុន មីនេបៀ លោក កៃនូម៉ា បានលើកឡើងពីផលលំបាកមួយចំនួនផងដែរចំពោះស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ពីព្រោះ ក្រុមហ៊ុន មីនេបៀ ក៏មានរោងចក្រនៅប្រទេសថៃផងដែរ ដែលត្រូវធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក។ ទាក់ទងនឹងបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃនេះ សម្ដេចតេជោ បានបញ្ជាក់ថា បញ្ហានេះ គឺបង្កឡើងដោយភាគីថៃ ដោយបានបាញ់ប្រហារមកលើទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យស្លាប់ម្នាក់, ការបិទព្រំដែនជាឯកតោភាគី និងការប្រមាថមកលើកម្ពុជា តាមរយៈការគំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត និងការបិទការនាំចូលឥន្ធនៈ និងឧស្ម័នជាដើម។ សម្ដេចតជោបានបញ្ជាក់ថា បញ្ហាថៃបិទព្រំដែនជាឯកតោភាគីនេះ ភាគីថៃត្រូវបើកព្រំដែនឱ្យដូចដើមវិញ បន្ទាប់មកកម្ពុជាយ៉ាងយូររយៈពេល ៥ម៉ោងនឹងបើកព្រំដែនទាំងអស់ឱ្យដូចដើមវិញដែរ ដូច្នេះកូនសោរគឺនៅលើភាគីថៃ ព្រោះថៃជាអ្នកបិទជាឯកតោភាគី ក៏ត្រូវបើកឱ្យដូចដើមវិញជាឯកតោភាគីដែរ៕

ក្រសួងមុខងារសាធារណៈពង្រឹងនីតិវិធីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និង​ការ​ដាក់​មន្រ្តី​រាជការស៊ីវិលឱ្យចូលនិវត្តន៍

2025/07/22 12:25:32 pm        874
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​មុខងារ​សាធារណៈ ដឹកនាំដោយ លោក មាស ពេជ្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាន​គ្រប់​គ្រង​មុខងារ​សាធារណៈ ​ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ​ស្តីពី​ការ​ពង្រឹង​នីតិ​វិធី​នៃ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និងពង្រឹងនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តី​ជំនាញ​ក្រសួង​មុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ មានចំនួន​ប្រមាណ ១៥០នាក់។កិច្ចប្រជុំនេះ គឺជាការចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាននានាពាក់ព័ន្ធគោលការណ៍ និង​នីតិវិធីអនុវត្ត៖ ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ, ការគិតគូរ​ក្នុង​ក្របខណ្ឌ​ពេល​វេលា​ចំពោះ​ការ​ស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់កិត្តិយស​មុន​ចូល​និវត្តន៍​ឱ្យ​បាន​មួយ​ឆ្នាំ​មុន​ពេល​សាមី​មន្ត្រី​ត្រូវ​ចូលនិវត្តន៍, ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍, ការស្នើសុំកិច្ចសហការ ករណី​មន្រ្តី​រាជ​ការត្រូវដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងដំឡើង​ថ្នាក់​កិត្តិយស​ជាមួយ​គ្នា​នៅ​មួយ​ឆ្នាំ​មុន​ឆ្នាំ​ត្រូវ​ចូល​និវត្តន៍ និងការធ្វើបម្រែបម្រួលស្ថានភាពរដ្ឋបាលក្រោយពេលដំឡើងឋានន្តរស័ក្តិ ថ្នាក់រួច ក៏​ដូច​ជាបញ្ហាផ្សេងៗដែលបានជួបប្រទះក្នុងការអនុវត្ត។ ទន្ទឹមនេះ អង្គប្រជុំក៏បា​​ន​ពិភាក្សា​លើ​ការ​សាក​ល្បង​គិតអំពីនីតិវិធី និងក្របខណ្ឌពេលវេលា លើការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ និង​ថ្នាក់​កិត្តិយសសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដល់អាយុចូលនិវត្តន៍ក្នុងឆ្នាំ២០២៦ និង​ការ​ដំឡើង​ថ្នាក់​ប្រចាំឆ្នាំជូនមន្រ្តីដែលត្រូវចូលនិវត្តន៍ក្នុងឆ្នាំ២០២៧ ផងដែរ។សូមជម្រាបថា «ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្រ្តីរាជការស៊ីវិល» ត្រូវអនុវត្តអនុលោម​មាត្រា​២០ ​និងមាត្រាបន្តបន្ទាប់នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ព្រមទាំង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន។ ការគិតគូរដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្ត្រីរាជការស៊ីវិលប្រចាំឆ្នាំ ត្រូវគិត​ចំពោះ​មន្ត្រី​រាជការស៊ីវិលដែលខិតខំបម្រើការងារពិតប្រាកដ និងមាន​រយៈ​ពេល​អប្បបរមា​នៃ​ការ​ឡើង​ថ្នាក់​ត្រូវកម្រិត ២(ពីរ) ឆ្នាំ គិតមកដល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។ ការដំឡើង​ឋានន្តរ​ស័ក្តិ ថ្នាក់ប្រចាំឆ្នាំ គ្រប់ក្រសួង ស្ថាប័នត្រូវផ្ដល់​សំណុំ​ឯកសារ​មក​ដល់​ក្រសួង​មុខងារ​សាធារណៈ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករា រៀងរាល់ឆ្នាំ ដើម្បីមានពេលវេលា​គ្រប់​គ្រាន់​ក្នុង​ការ​ត្រួតពិនិត្យ និងផ្តល់ទិដ្ឋាការជូនបានទាន់ពេលវេលា។ ចំពោះមន្ត្រីរាជកា​រ​ស៊ីវិល​ដែល​ឡើង​ឋាន​ន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ ត្រូវស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដោយ​សំអាង​លើ​សញ្ញា​បត្រ​ពិត​ប្រាកដ អនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវធ្វើ​លិខិ​ត​មក​ក្រសួង​មុខ​ងារសាធារណៈ តែមួយលើកប៉ុណ្ណោះគឺក្នុងខែសីហា រៀងរាល់ឆ្នាំ។ ដោយឡែក​ចំពោះ​ករណី​មន្ត្រី​រាជការដែលដល់អាយុចូលនិវត្តន៍នៅឆ្នាំបន្ទាប់(ការដំឡើងឋានន្តរស័ក្តិកិត្តិយស) គ្រប់​ក្រសួង ស្ថាប័នត្រូវលើកសំណើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដូចមានចែងក្នុងមាត្រា៣២ នៃច្បាប់​ស្តីពី​សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មកក្រសួងមុខងារសាធារណៈ យ៉ាងតិចមួយ​ឆ្នាំ​មុន​ពេល​ចូល​និវត្តន៍ ដើម្បីឱ្យក្រសួងមុខងារសាធារណៈ មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តល់ទិដ្ឋាការជូន និង​ធ្វើការបម្រែបម្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ(បៀវត្ស) និង​បោះពុម្ព​សលាក​បត្រ​ចូល​និវត្តន៍ឱ្យស្របតាមឋានន្តរស័ក្តិ និងថ្នាក់ចុងក្រោយ។ចំពោះ «​ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍» ត្រូវអនុវត្តអនុលោមតាម សារាចរលេខ ០៥ សរ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ​កែ​សម្រួ​ល​នីតិ​វិធី​នៃ​ការ​ដាក់​មន្រ្តី​រាជការឱ្យចូលនិវត្តន៍៕

កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០

2025/07/22 12:18:12 pm        262
ភ្នំពេញ៖ ស្ថិតក្រោមក្របខណ្ឌមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ស្តីពីការប្រែប្រួលអាកាសធាតុ ក្រុម​ហ៊ុន​ផលិត​ម៉ូតូអគ្គិសនីរបស់សាធារណៈរដ្ឋកូរ៉េ Very Words.Inc តាមរយៈកិច្ចសហប្រតិបត្តិការ គម្រោង Internationally Transferred Mitigation Outcomes (ITMOs) បាន​កំពុង​រួម​ចំណែក​យ៉ាង​សំខាន់ជាមួយកម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹង​ការ​វិនិយោគ​ដំឡើង​រោង​ចក្រផលិតម៉ូតូអគ្គិសនី និងការស្ថានីយសាកថ្មចល័តនៅកម្ពុជា។ ថ្លែងនៅក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ពីការ​ប្រែប្រួល​អាកាសធាតុ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត.Malle Fofana, នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) បាន​មាន​ប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ដែល​បានគាំទ្រវិនិយោគិនកូរ៉េ និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយនឹង GGGI ដើម្បី​រួច​ចំណែក​កាត់​បន្ថយ​ការ​សាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើងកំដៅជាសកល និ​ង​ការប្រែប្រួលអាកាសធាតុ។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅ​ថ្ងៃ​នេះ មិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែជាការរួម​គ្នា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​ក​ញ្ចក់ ដើម្បីបរិស្ថានពិភពលោករបស់យើងទាំងអស់គ្នា។ ទោះបីជាមានភាពងាយរងគ្រោះ ខ្ពស់​ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេស​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការលើក​កម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន ការរក្សាបាននូវលំនឹងជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែប។ឯកឧត្តមបណ្ឌិត បានបន្តថា ការបណ្តាក់ទុនវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី របស់​សាធារណ​រដ្ឋកូរ៉េនាពេលនេះ គឺជាការវិនិយោគដែលបានគិតគូរ ពីបរិស្ថាន និងអាយុ​ជីវិត​របស់​​យើង​ទាំង​អស់គ្នា ដោយសារការសាយភាយឧស្ម័នផ្ទះកញ្ចក់គឺកើនចេញពីវិស័យធំៗចំនួន៥គឺ ថាមពល ឧស្សាហកម្ម កសិកម្ម ការគ្រប់គ្រងសំនល់ និងដឹកជញ្ជូន។ជាការពិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែងយ៉ាងខ្លាំង ចំពោះកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ តាមរយៈ​យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថានដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព។ ឥឡូវនេះ ប្រទេសកម្ពុជា​កំពុង​បញ្ច​ប់​ផែន​ការ​ជាតិ​រួម​ចំណែក​ការ​ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាស​ធាតុ ដែលបានធ្វើបច្ចុប្បន្នភាពលើកទីបី (NDC 3.0) ដែលកំណត់​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆិតា​សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៤ភាគរយនៅឆ្នាំ២០៣៥ ទាំង​លក្ខខណ្ឌ និងគ្មានលក្ខខណ្ឌ ស្មើនឹងប្រមាណ ៦៤.៦ លាន​តោន​នៃ​កាបូន​ឌីអុក​ស៊ីត​ជា​រៀង​រាល់​ឆ្នាំ​។ ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជាបានប៉ាន់​ប្រមាណ​តម្រូវ​ការ​ហិរញ្ញ​ប្បទាន​របស់​ខ្លួន​សម្រាប់​ទាំង​ការកាត់បន្ថយអាកាសធាតុ និងការបន្សាំ។ ការដោះស្រាយតម្រូវការនេះតម្រូវឱ្យមានការកៀរគរហិរញ្ញប្បទាន- ប្រមូលផ្តុំរដ្ឋាភិបាល វិនិយោគិន​ឯកជន ស្ថាប័នអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ ដើម្បី​រួម​គ្នា​ឆ្ពោះ​ទៅ​គោល​ដៅ​អព្យា​ក្រឹត​កាបូន​ឆ្នាំ​២០៥០។គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃ​តងសកល (GGGI) និងក្រុមហ៊ុនកូរ៉េVery Words Inc.ក្នុងគោល​បំណង​លើក​កម្ពស់ និងជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនី និងគំនិតផ្តួច​ផ្តើម​ជា​ច្រើន​ទៀត​ក្នុង​ការ​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា៕

សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

2025/07/22 12:03:17 pm        312
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​១៦២នាក់ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ក្នុងនោះនៅខេត្តសៀមរាបឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ស្ត្រី០៤នាក់ នៅចំណុច​ផ្ទះ​វីឡា​ជួល​ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប  ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុ​តាង​មួយ​ចំនួន​ទៀត។ដោយឡែក​នៅខេត្តមណ្ឌលគិរី ពេលចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ (ស្ត្រីចំនួន៣១នាក់) ស្មើនឹង ១៣សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរស័ព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន។សរុប​មកក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២៥ ម្សិលមិញ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប បាន​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​១៦២​នាក់ ស្ត្រី៣៥នាក់។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។សូម​បញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោង​ទាំង​ឡាយ​ដែល​ជាប់​ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាវិកបាត់ខ្លួនទាំង ៣នាក់របស់ឥណ្ឌា បានស្លាប់ ក្រោយការវាយប្រហាររបស់អាមេរិកលើទូកដឹកប្រេងនៅជិតតំបន់ឆ្នេរអូម៉ង់
06/11/2026 08:06 PM
ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលផ្តល់ប្រាក់ ៣៣៨លានដុល្លារដល់ការពង្រីកការតាំងលំនៅនិគមន៍នៅវ៉េសប៊ែង
06/11/2026 08:06 PM
តំបន់គ្រីមៀលែងមានប្រេងប្រើប្រាស់ ក្រោយការវាយប្រហារថ្មីដោយយានដ្រូនរបស់អ៊ុយក្រែន
06/11/2026 08:06 PM
សហរដ្ឋអាមេរិកវាយប្រហារគោលដៅនៅលើកោះ Kharg របស់អ៊ីរ៉ង់
06/11/2026 08:06 PM
ពលរដ្ឋនីហ្សេរីយ៉ាជាង ២៦០នាក់ រត់ភៀសខ្លួនចេញពីការវាយប្រហាររើសអើងជនបរទេសនៅអាហ្វ្រិកខាងត្បូងបានមកដល់ផ្ទះ
06/11/2026 08:06 PM
ការបើកស្ពានកាណាដា-អាមេរិកដែលលោក Trump គំរាមរារាំង នៅទីក្រុង Detroit ត្រូវបានពន្យារពេល
06/11/2026 08:06 PM
លោក Trump សន្យាវាយប្រហារអ៊ីរ៉ង់​យ៉ាងខ្លាំងក្លា និងរឹបអូសកាន់កាប់​ទីតាំង​ប្រេង
06/11/2026 08:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការពឹងផ្អែក លើអាមេរិក សម្រាប់វិស័យ​ការពារជាតិ លែងសម​ស្រប​ទៀតហើយ
06/11/2026 08:06 PM
ប្រមុខណាតូនិយាយថា អាមេរិកនៅតែប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន
06/11/2026 08:06 PM
រុស្ស៊ី៖ ភាពតានតឹងថ្មីៗ នៅតំបន់​មជ្ឈិមបូព៌ា គំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល
06/11/2026 08:06 PM