សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន ខណៈខេត្តកំពុងកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនធំជាងគេលើផ្ទៃដី៥០ហិកតា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
អភិបាលរាជធានីភ្នំពេញជំរុញបន្ថែដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ

ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អនុវត្តការងារថែទាំ​ផ្លូវជាតិលេខ៦២ ប្រវែង​ជាង​២០១​គីឡូម៉ែត្រ ដើម្បីសុវត្ថិភាពចរាចរណ៍

2025/07/22 11:57:11 am        667
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្មនូវការងារកាត់ស្មៅ និងសម្អាតរុក្ខជាតិព្រៃនៅសងខាងផ្លូវជាតិលេខ៦២ ដោយប្រើ​ប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ (ត្រាក់ទ័រ) ទំនើប។ ការងារនេះបានចាប់ផ្ដើមពីគីឡូម៉ែត្រទី ៣៦+​២០០​ រហូតដល់គីឡូម៉ែត្រទី ២៣៧+៧៦០ ដែលមានប្រវែងសរុប ២០១.៥៦ គីឡូម៉ែត្រ។លោក សំ លាងទ្រី បន្ថែមថា កំណាត់ផ្លូវជាតិលេខ៦២ លាត​សន្ធឹង​ចាប់​ពី​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​-​កំពង់ធំ ក្នុងស្រុករវៀង រហូតដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត។ គោល​បំណង​ចម្បង​ នៃការងារនេះ គឺធានាសុវត្ថិភាពខ្ពស់បំផុត ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏​ដូច​ជា​បង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ប្រចាំថ្ងៃ។លោក សំ លាងទ្រី ក៏បាន​អំពាវ​នាវ​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​មេត្តា​ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោកឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវបើកបរលើសល្បឿនកំណត់ ដើម្បីរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នា​ក់ចរាចរណ៍ និងថែរក្សាសុខសុវត្ថិភាពទាំងអស់គ្នា៕

កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

2025/07/22 11:47:36 am        463
គិតមកដល់ពេលនេះ កសិករសមាជិកនៃសហគមន៍កសិកម្មទំនើបស្ថិតនៅស្រុកបារាយណ៍ ខេត្ត​កំពង់ធំចំនួន ១៧៨ គ្រួសារ​បាន​ងាក​មក​ជ្រើសរើស​​ដាំ​ស្រូវ​សែន​ក្រអូប​ក្រោម​ការ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយក្នុងរដូវកាលនេះ​ពួកគាត់​ទទួល​ផល​ចំណេញ​ច្រើន​ជាង​អ្នក​ដាំ​ស្រូវ​អូអឹមជិត១លានរៀល ក្នុង១ហិកតា។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ឡើង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ច្រូត​ស្រូវ និងជួបសំណេះសំណាល​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​បារាយណ៍​ តាំងគោក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ផល​ចំណេញ​របស់​ប្រជាកសិករនេះ បានមកដោយសារតែស្រូវសែនក្រអូបកំពុងលក់ចេញក្នុងតម្លៃ ១ ២៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងថ្លៃស្រូវអូអឹមក្នុងរង្វង់ ៤៥០ រៀល ទោះ​បី​ជា​ស្រូវ​អូអឹម​មាន​ទិន្ន​ផលខ្ពស់ជាងក៏ដោយ។ មួយផ្នែកទៀតបានមកពីការកាត់បន្ថយចំណាយលើធាតុចូល និង​ថ្លៃ​ការ​ប្រាក់ ជាពិសេសទទួលបានចំណេញពីថ្លៃជី រហូតដល់ទៅ ៣ម៉ឺនរៀលក្នុងមួយបាវ បើ​ប្រៀប​ធៀបទៅនឹងថ្លៃដែលកសិករទិញជីរៀងៗខ្លួន។ ឯកឧត្តម បានបន្ថែមថា នា​រដូវ​កាល​បន្ទាប់​ខាង​មុខ​នេះ​នឹង​មានសមាជិកចូលថ្មីបន្ថែមទៀត ដែលធ្វើឱ្យផ្ទៃដីផលិតកម្ម​របស់​សហគមន៍​ហក់​ឡើង​ពី ១ ០០០ហិកតា រហូតដល់ទៅជាង ៥ ០០០ហិកតា។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការ​ជ្រើស​រើសពូជយុទ្ធសាស្ត្ររបស់កម្ពុជាមកដាំ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន ព្រម​ទាំង​បាន​ណែនាំ​ឱ្យ​សហគមន៍​ត្រៀម​ផែន​ការ​ឱ្យ​បាន​ច្បាស់​លាស់​សម្រាប់​ផលិតកម្ម​នៅ​រដូវ​កាល​បន្ទាប់​ ជាពិសេសការត្រៀមទុន ពូជ និងទីផ្សារ។ កសិករនៅក្នុងសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំ បាន​លើក​ឡើង​ដោយ​ទឹកមុខសប្បាយរីករាយថា គិតមកដល់ពេលនេះ សហគមន៍​បានដំណើរ​ការ​រយៈ​ពេល​ប្រមាណ ​៧ខែមកហើយ ដោយទទួលសមាជិកកើនឡើងជាបន្តបន្ទាប់ ជាមួយ​នឹង​ផ្ទៃ​ដាំ​ដុះ​ផង​ដែរ​។ ក្រុមកសិករ បានរៀបរាប់ស្រដៀងគ្នាថា កាលពីកន្លងមក មិនទាន់​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប កសិករធ្វើស្រែតែងតែខាត ហើយមុនពេលធ្វើក៏តែងតែបារម្ភអំពីខ្វះទីផ្សារ ក៏ជា​បារម្ភ​អំពី​តម្លៃមិនច្បាស់លាស់ជាដើម។ ប៉ុន្តែ រហូតមកដល់ពេលនេះ បន្ទាប់ពីបាន​ចង​ក្រង​ជា​សហគមន៍​ទំនើប គឺល្អប្រសើរច្រើនជាងពេលមុនៗ ដោយពិតជាទទួលបានផលចំណេញ និង​មាន​ប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុង​ជំនួប​សំណេះ​សំណាល​ជា​មួយ​សហគមន៍​កសិកម្ម​ទំនើប​ដំ​ណាំ​ស្រូវ​បារាយណ៍ តាំងគោក ខេត្តកំពង់ធំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបញ្ជាក់ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម សិក្សា​រៀប​ចំ​ប្រព័ន្ធ​ស្រោច​ស្រព​គោល ដើម្បីធានាឱ្យបានថា ការធ្វើផលិតកម្មស្រូវនៅក្នុង​តំប​ន់​នេះ​មាន​ទឹក​គ្រប់​គ្រាន់ទៅតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពគម្រោងកសាងព្រែកជីកហ្វូណនតេជោ

2025/07/22 11:29:30 am        333
នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ នៅវិមានសន្តិភាព។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧបានយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណន តេជោ, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០ គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ ពាន់លានដុល្លារអាម៉េរិក។ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំក្រុមការងារ លេខាធិការដ្ឋានគណៈកម្មាធិការពិសេស, អភិបាលខេត្តកំពត និងខេត្តកែប, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធថា បច្ចុប្បន្នបង្គោលកំណត់និយាមការដែលត្រូវបោះទាំងអស់មានចំនួនប្រមាណ ១,៩២០បង្គោល។ សព្វថ្ងៃនេះបោះ ១,០៨១ បង្គោលហើយ ដោយបែកចែកជា ៤ ខេត្ត មានខេត្តកណ្តាល ៣៨៧បង្គោល តាកែវ ៥៥២បង្គោល បានបោះរួចរាល់ហើយ ក្នុងនោះក៏មានខេត្តកំពត ៨០១ បង្គោល បោះបាន ១៤២ បង្កោល និងខេត្តកែប មាន ១៨០ បង្គោល មិនទាន់បានបោះបង្គោលនោះឡើយទេ។ ការងារបោះបង្គោលនិយាមការសម្រេចបានប្រមាណ ៥៦ ភាគរយ។ឯកឧត្តមបន្ថែមថា ទោះបីជាការបោះបង្គោលនិយាមការនេះមានការលំបាកបន្តិចក៏ដោយតែក្រុមការងារអន្តរក្រសួងបានប្តេជ្ញាចិត្តខិតខំបោះបង្គោលនិយាមការព្រែកជីកហ្វូណតេជោ ឱ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ និងបន្តបញ្ជូនព័ត៌មានបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយសំណងជូនប្រជាពលរដ្ឋ មិនឱ្យបាត់សូម្បីដើមឈើមួយដើមនោះទេ៕ 

វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ

2025/07/22 10:56:14 am        619
វិស័យ​ដឹកជញ្ជូននៅកម្ពុជា គិតមកដល់ពេលនេះ បានដំណើរការសេវាដឹកជញ្ជូនទំនិញក្នុងស្រុក និង​ការដឹកជញ្ជូនបម្រើទីផ្សារនាំចេញ មានភាពមមាញឹកជាង​មុន ស្រប​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែង​ក្នុង​​កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពសេវាកម្មដឹកជញ្ជូនក្នុងស្រុកថា ចាប់ពីដើ​ម​ឆ្នាំ​២០២៥ ​មកដល់ពេលនេះ លោកឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា បាននឹង​កំពុង​ដំណើរការ​លើ​សេវា​ដឹកជញ្ជូនល្អប្រសើរ ទាំងចលនានៃការដឹកជញ្ជូនក្នុងស្រុក និងសេវា​ដឹក​ជញ្ជូន​សម្រាប់​ទីផ្សារ​នាំ​ចេញ ស្របពេលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុង​ជំរុញ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធរូបវ័ន្ត កាន់តែរឹងមាំ គាំទ្រដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងគាំទ្រ​ដល់​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។លោកបន្តថា ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង តម្លៃប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ ដូច្នេះវិស័យដឹកជញ្ជូនក៏កំពុងមានភាពមមាញឹកផងដែរ ទាំងសេវា​ដឹក​ជញ្ជូន​ទំនិញ​ទីផ្សារក្នុងស្រុក និងការដឹកញ្ជូនសម្រាប់បម្រើទីផ្សារនាំចេញ ទោះបីកម្ពុជា-ថៃ​នៅ​បន្ត​រឹង​បណ្តឹង​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនយ៉ាងណាក៏ដោយ។ ភាពមមា​ញឹក​លើ​សេវា​កម្ម​ដឹក​ជញ្ជូន​នេះ​បាន​បង្ហាញឱ្យឃើញនូវភាពល្អប្រសើរសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ហើយ​ចំពោះ​ភាព​មមា​ញឹក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នេះ​បាន​នឹង​កំពុង​ចូល​រួមក្នុងសកម្មភាពសេដ្ឋកិច្ច និងអ្នករកស៊ីទទួលទាននៅលើវិស័យនេះផងដែរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្មនៅកម្ពុជា នឹង​បន្ត​និន្នាការ​កើន​ឡើងល្អក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើង​វិញ​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្ម​លើ​វិស័យ​ទេសចរណ៍​។ ចំណែក អនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងមានកំណើនរឹងមាំ ដោយ​មាន​សកម្ម​ភាព​ដឹកជញ្ជូនកាន់តែមមាញឹក ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះ ការដោះ​ដូរ​ពាណិជ្ជ​កម្មអន្តរជាតិរបស់កម្ពុជាមានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់ លានដុល្លារអាមេរិក កើន​ឡើង ១៧ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ​ កើន ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ ពាន់លាន​ដុល្លារ​ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រី​ជំនាញ​ចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកជិត ៤ពាន់គីឡូក្រាមចេញពីវៀតណាម

2025/07/22 10:07:55 am        281
ក្រុមការងារ​អន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ​បាន​ចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម ពីប្រទេសវៀតណាម ឆ្ពោះ​មក​ចែកចាយលក់នៅរាជធានីភ្នំពេញ ។ នៅវេលាម៉ោង៨និង៣០នាទីយប់នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​អន្ត​រាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការ​ជាមួយ​​ការិយា​ល័យ​ផលិត​កម្ម និងបសុព្យាបាលខេត្តកំពង់ចាម បាន​ចុះឃាត់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម ចំនួន១៨៧កេសក្រដាស ស្មើ​នឹង​២២៤៨​គីឡូក្រាម( ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០​គីឡូ​ក្រាម​ ក្រុមការងារបានឃាត់​លើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្ត​ខាង​​លើបាន​ដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែក​ចាយ​នៅ​រាជ​ធានី​ភ្នំពេញ​ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕

អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ

2025/07/22 09:26:04 am        742
ចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ន ដើម្បីឈានទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងដោយសារការបញ្ជូនចរន្តអគ្គិសនី តាមបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលខាងលើ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លង ខ្សែបណ្តាញបញ្ជូន ក្នុងទឹកដីនៃខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហាមឡើង បង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕

សម្តេចធិបតីផ្តាំទៅភាគីថៃថា វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ

2025/07/22 09:15:37 am        259
ទាក់ទងនឹងករណីទាហានថៃចូលទឹកដីខ្មែរ ហើយជាន់មីនផ្ទុះដាច់ជើងកាលពីកន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា បានផ្តាំទៅកាន់ភាគីថៃថា វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និងសុច្ចរិតភាពនោះទេ ខណៈករណីនេះ ភាគីថៃ បានចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មី ហើយរំលោភលើអនុសញ្ញាអន្តរជាតិអូតាវ៉ានោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើង«មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។»សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងទៀតថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀត ក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។ សម្តេចបានបញ្ជាក់ថា ករណីនេះសម្តេចមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តីគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា« តំបន់ ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន»។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា«បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា»។ យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថាកម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។ ត្រង់ន័យនេះសម្តេចធិបតីនាយករដ្ឋមន្រ្តីថា កម្ពុជា នៅតែប្រកាន់ជំហដោយឥតងាក់រេ ពោលគឺយកសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបីទៅកាន់តុលាការឡាអេ៕អត្ថបទបាន ចក់

ក្រសួងការបរទេសកម្ពុជា៖ ករណីទាហានថៃដាច់ជើងដោយសារជាន់មីន គឺកើតឡើង នៅទឹកដីកម្ពុជា

2025/07/22 08:20:06 am        17213
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានអះអាងថា ករណីទាហានថៃ ដែលរងរបួស និងដាច់ជើងដោយសារជាន់មីនកាលពីកន្លងទៅថ្មីៗនោះ គឺកើតឡើងលើទឹកដីកម្ពុជា ដូច្នេះ ក្រសួងសូមទាត់ចោលទាំងស្រុងចំពោះការលើកឡើងរបស់ថៃ ដែលចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស ដែលហៅកាត់ថាអូតាវ៉ា។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញកាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ថៃ ដែលបានចោទប្រកាន់កម្ពុជា ចំពោះករណីទាហានថៃឈ្លានពានចូលទឹកដីកម្ពុជា ហើយបានជាន់មីនផ្ទុះ បណ្តាលឲ្យដាច់ជើង និងរងរបួសចំនួនបីនាក់កាលពីកន្លងទៅនោះ បានបញ្ជាក់ថា«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចាំបាច់ត្រូវតែបញ្ជាក់ជាថ្មីថាហេតុការណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត១/២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣។ វាជាការសោកស្ដាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះដោយរំលោភ លើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឲ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច។ទោះបីជាកម្ពុជាបានព្រមានអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រាប់មីនមិនទាន់ផ្ទុះ បន្សល់ពីជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍ក៏ដោយ ក៏ទាហានថៃបានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំងពីរ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់មកលើទឹកដីកម្ពុជា»។ករណីទាហានថៃជាន់មីនលើទឹកដីកម្ពុជាបណ្តាលឲ្យដាច់ជើងនេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិបត្តិការអន្តរជាតិកម្ពុជាច្រានចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មិនប្រឆាំងមនុស្ស» ដែលចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំង មនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។ ក្រសួងការបរទេសកម្ពុជាបានបន្ថែមថា ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារ ស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជាបានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះរួមមានទាំងវឌ្ឍនភាពយ៉ាងធំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពមិនទទួលខុសត្រូវរបស់ថៃនេះបានរំលោភលើការយោគយល់គ្នាជាទ្វេភាគី រំលោភលើទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា បង្កហានិភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងបានបញ្ជាក់ទៀតថា សកម្មភាពរបស់ថៃនេះនៅមិនទាន់លើកផងទេអំពីបំណងខុសច្បាប់ និងមិនស្របតាមច្បាប់ ក្នុងការដាក់ចេញបទបញ្ញត្តិ សម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាចូលទៅក្នុងប្រាសាទតាមាន់ធំ ដូចដែលយោធាថៃបានប្រកាស ដោយសារតែគេអះអាងអធិបតេយ្យរបស់ថៃលើតំបន់ប្រាសាទនេះ។តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងផងដែរថាទោះបីជាការពិតច្បាស់លាស់ និងមិនអាចប្រកែកបានក៏ដោយ ក៏ប្រទេសថៃ«នៅតែបន្តចេញ សេចក្តីថ្លែងការណ៍ដែលមិនមានការទទួលខុសត្រូវ និងបំភ័ន្តមតិ ដោយអះអាងថាខ្លួនបានបោសសម្អាតមីននៅតំបន់ដែលទាហានថៃរងរបួសដោយសារការផ្ទុះមីន តាមការពិត ទាហានកម្ពុជានៅតែឈរជើងក្នុងតំបន់នោះដដែល ហើយក៏មិនដែលមានសកម្មភាពដោះមីនកើតឡើងដូចការអះអាងរបស់ថៃនោះទេ ព្រោះថាតំបន់នេះស្ថិតនៅក្នុងទឹកដីកម្ពុជា។ ជាជាងទទួលស្គាល់ការពិត និងទទួលយកការទទួលខុសត្រូវ ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ។ កម្ពុជាជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ហើយចាត់វិធានការឱ្យបានសមស្របដើម្បី កែតម្រូវការនិយាយមិនពិតរបស់ខ្លួន»។យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ផងដែរថាឧប្បត្តិហេតុខាងលើនេះ(ទាហានថៃជាន់មីនផ្ទុះដាច់ជើងលើទឹកដីកម្ពុជា)បង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ ឲ្យប្រទេសទាំងពីររកដំណោះស្រាយជាបន្ទាន់ដោយសន្តិវិធី និងមានចំណងកាតព្វកិច្ចច្បាប់ តាមរយៈយន្តការអន្តរជាតិសមស្រប។ ដូច្នេះហើយ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំហរយូរអង្វែងរបស់ខ្លួនថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការ ដ៏សំខាន់របស់អង្គការសហប្រជាជាតិ គឺជាវេទិកាដ៏គួរឱ្យទុកចិត្តបំផុត និងមិនលំអៀងបំផុតសម្រាប់ការដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។កម្ពុជាសូមជំរុញឱ្យប្រទេ សថៃទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះដោយស្មោះត្រង់ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្ដេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយ ជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំ ឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត និងរួមចំណែកដល់ស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ៕ អត្ថបទ៖ បាន ចក់

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

2025/07/21 09:32:03 pm        269
នាវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះប្រតិបត្តិការបង្រ្កាបនៅទីតាំងផ្ទះវីឡាជួលមួយកន្លែង ដែលក្រុមស្រាវជ្រាវសង្ស័យមាន ជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ក្រុមសមត្ថកិច្ចបាន ឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ក្នុងនោះមានស្ត្រី០៤នាក់ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុតាងមួយចំនួនទៀត។ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវ បានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

2025/07/21 08:38:21 pm        177
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងជាប្រធាន គ.វ.អ. បានដាក់ចេញនូវ​វិធានការ​គន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាព​អប់រំ​របស់សាលារដ្ឋ ដោយផ្តោតលើវិធានការគន្លឹះចំនួន ៤ ៖១) ការពង្រឹងអភិបាលកិច្ចសាលារៀន២) ការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថសិស្ស និងការបង្រៀនបន្ថែម ២ម៉ោងរៀងរាល់ថ្ងៃដោយមិនតម្រូវឱ្យឪពុកម្តាយបង់ប្រាក់៣) ការយកចិត្តទុកដាក់ចំពោះសុខភាពសិស្ស៤) ការជំរុញការចូលរួមរបស់សហគមន៍ដើម្បីការអប់រំបច្ចុប្បន្ននេះ សាលាគោលដៅចំនួន ១៦១ នៅទូទាំង​ប្រទេស កំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំដែល​ចាត់ចែងសម្របសម្រួលដោយលេខាធិការដ្ឋាន គ.វ.អ. ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន គ.វ.អ. ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាវិកបាត់ខ្លួនទាំង ៣នាក់របស់ឥណ្ឌា បានស្លាប់ ក្រោយការវាយប្រហាររបស់អាមេរិកលើទូកដឹកប្រេងនៅជិតតំបន់ឆ្នេរអូម៉ង់
06/11/2026 08:06 PM
ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលផ្តល់ប្រាក់ ៣៣៨លានដុល្លារដល់ការពង្រីកការតាំងលំនៅនិគមន៍នៅវ៉េសប៊ែង
06/11/2026 08:06 PM
តំបន់គ្រីមៀលែងមានប្រេងប្រើប្រាស់ ក្រោយការវាយប្រហារថ្មីដោយយានដ្រូនរបស់អ៊ុយក្រែន
06/11/2026 08:06 PM
សហរដ្ឋអាមេរិកវាយប្រហារគោលដៅនៅលើកោះ Kharg របស់អ៊ីរ៉ង់
06/11/2026 08:06 PM
ពលរដ្ឋនីហ្សេរីយ៉ាជាង ២៦០នាក់ រត់ភៀសខ្លួនចេញពីការវាយប្រហាររើសអើងជនបរទេសនៅអាហ្វ្រិកខាងត្បូងបានមកដល់ផ្ទះ
06/11/2026 08:06 PM
ការបើកស្ពានកាណាដា-អាមេរិកដែលលោក Trump គំរាមរារាំង នៅទីក្រុង Detroit ត្រូវបានពន្យារពេល
06/11/2026 08:06 PM
លោក Trump សន្យាវាយប្រហារអ៊ីរ៉ង់​យ៉ាងខ្លាំងក្លា និងរឹបអូសកាន់កាប់​ទីតាំង​ប្រេង
06/11/2026 08:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការពឹងផ្អែក លើអាមេរិក សម្រាប់វិស័យ​ការពារជាតិ លែងសម​ស្រប​ទៀតហើយ
06/11/2026 08:06 PM
ប្រមុខណាតូនិយាយថា អាមេរិកនៅតែប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន
06/11/2026 08:06 PM
រុស្ស៊ី៖ ភាពតានតឹងថ្មីៗ នៅតំបន់​មជ្ឈិមបូព៌ា គំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល
06/11/2026 08:06 PM