សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
សម្ដេចតេជោជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ជាមួយគ្នាបន្ថែមទៀត
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ លើកទី៩​

ព័ត៌មានជាតិ

ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជូនពលរដ្ឋ និងពលករក្នុងខេត្តចំនួន១១បន្ថែមទៀត ខណៈមួយសប្តាហ៍កន្លងមក ពលករជាង១,៣ ម៉ឺននាក់ទទួលបានការងារធ្វើ

2025/07/15 12:34:40 pm        240
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបន្តបើក «វេទិកាការងារ» នៅ​មូល​ដ្ឋាន​ចំនួ​ន​៣៨ស្រុក ក្នុងខេត្តចំនួន១១បន្ថែមទៀត ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេស​ពលករ​ដែល​ទើបតែត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗ ខណៈកម្ពុជា​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាច្រើនម៉ឺនកន្លែង ហើយត្រឹម​សប្តាហ៍​កន្លង​ទៅ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពលករ​ដែល​ទទួលបានការងារថ្មី មានចំនួនជាង១ម៉ឺន ៣ពាន់នាក់។មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ តាមសារអេឡិចត្រូនិក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារឱ្យដឹងថា គិតចាប់ថ្ងៃទី៣០ ខែមិថុនា រហូត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ បានចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និង​ពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានចំនួនរាប់ម៉ឺននាក់។ ដោយឡែក គិតចាប់ថ្ងៃទី១៤ ខែ​កក្កដា ដល់ថ្ងៃទី១៥ ខែសីហាខាងមុខនេះ នឹងចុះទៅ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ​នេះ​បន្ថែម​ទៀត​ទៅ​កាន់​ខេត្តសំខាន់ៗចំនួន១១ និង៣៨ស្រុក ក្នុងនោះរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល សៀមរាប កំពត ពោធិ៍សាត់ ស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងកំពង់ចាម ដើម្បី​នាំ​​យក​ឱកាសការងាររាប់ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​បាន​ដឹង ក្នុងនោះក៏មានរោងចក្រ សហគ្រាសផ្សេងៗទៀតនឹងចូលរួមផងដែរ។សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស​ចេជាង(Zhejiang) សមាគម​វាយ​នភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ចាប់តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចុះទៅ​សម្ភាសន៍​ជ្រើស​រើសក​ម្លាំង​ពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ​ (NEA) ក្នុងគោល​បំណង​ដើម្បី​រំកិល​សេវាផ្ដ​ល់​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ដល់​មុខ​ផ្ទះ​តែ​ម្ដង​ ព្រោះនៅតំបន់​ដាច់​ស្រយាល​មួយ​ចំនួន​មិន​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​ការ​ស្វែង​រក​ការ​ងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះ​ស្រាយ​ចម្ងល់​ទាំង​នេះ ក្រសួងការងារ បានបើកយុទ្ធនាការនេះឡើង ក្នុងការផ្ដល់ឱកាស​ការងារ​ធ្វើ​ដ៏​សំបូរ​បែប​ទៅ​ដល់​ភូមិ ស្រុករបស់ប្រជាពលរដ្ឋតែម្ដង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងកម្ពុជា-បារាំងពឹងផ្អែកលើទំនុកចិត្តគ្នា និងស្មោះស្ម័គ្រ​គ្នា​ទៅ​វិញ​ទៅ​មក

2025/07/15 12:23:11 pm        551
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងគឺពឹងផ្អែកលើទំនុកចិត្តគ្នា និង​ស្មោះ​ស្ម័គ្រ​គ្នា​ទៅ​វិញទៅមក លើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច យោធា អប់រំ និងវប្បធម៌​ជាដើម​។ក្នុងឱកាសអញ្ជើញចូលរួមអបអរបុណ្យជាតិនៃសាធារណៈរដ្ឋបារាំង នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២៥នេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា «ខ្ញុំសូមបន្ថែមបន្តិចថា ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ(កម្ពុជា-បារាំង) ពឹងផ្អែកលើទំនុកចិត្តទៅវិញទៅមក ការ​គោរព​គ្នា​ដ៏​ស្មោះ​ស្ម័គ្រ​ និងចក្ខុវិស័យរួមស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងពេលបច្ចុប្បន្ន»។ ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលេចផងដែរថា ក្នុងអំឡុងអាណត្តិរបស់ឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេបាទំនាក់ទំនងទាំងនេះបានស្គាល់នូវសម្ទុះថ្មីមួយ តួយ៉ាង​ដូច​ជា​ព្រះរាជ​ដំណើរ​ទស្សន​កិច្ច​របស់ព្រះមហាក្សត្រកម្ពុជានៅទីក្រុងប៉ារីស៍ ទស្សនកិច្ចរបស់សម្តេចតេជោ និង​សម្តេច​ធិបតី ក៏ដូចជាកិច្ច​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​របស់​សម្តេច​ទាំង​ទ្វេ​ជា​មួយ​ប្រធា​នា​ធិបតី​សាធារណ​រដ្ឋ​បារាំង ប្រកបដោយភាពកក់ក្តៅ និងផ្លែផ្កា ទាំងនៅទីក្រុងប៉ារីស៍ និងនៅទីក្រុងនីស ក្នុង​អំឡុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រផងដែរ។ប្រមុខការទូតកម្ពុជារូបនេះបានបញ្ជាក់ទៀតថា ទំនាក់ទំនងទាំងនេះហើយ(កម្ពុជា-បារាំង) ចាក់​ឫស​ទៅ​ក្នុងប្រវត្តិសាស្រ្ត និងត្រូវបានពង្រឹងដោយមិត្តភាពមួយប្រកបដោយចីរភាព។ ទំនាក់​ទំនង​ទាំង​នេះ​ឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកិច្ចសហប្រតិបត្តិការមួយដែលផ្តោតលើវិស័យជាច្រើន រួម​មាន​នយោបាយ សេដ្ឋកិច្ច យោធា អប់រំ វប្បធម៌ ក៏ដូចជាការប្តេជ្ញា​ចិត្ត​របស់​ប្រទេសយើ​ងទាំ​ង​ពីរ​ក្នុង​ស្ថាប័ន​ពហុភាគី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងគោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​សណ្តាប់​ធ្នាប់​ពិភពលោកប្រកបដោយសន្តិភាព សមធម៌ និងចីរភាព។  ថ្លែងនៅក្នុង​កម្មវិធីខាងលើនេះដែរ ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការជា ប្រវត្តិសាស្រ្ត និងចំណងទាក់ទងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ រវាង​ប្រទេសបារាំង និងកម្ពុជា។ លើទិដ្ឋភាពវប្បធម៌ លោក ហ្សាក់ ប៉ឺឡេ បានរម្លឹក​អំពី​ជោគ​ជ័យ​នៃ​ការ​តាំង​ពិព័រណ៍បដិមាសំរិទ្ធកម្ពុជានៅសារមន្ទីរបារាំងហ្គីម៉េ នាទីក្រុងប៉ារីស៍ ដោយ​មាន​បដិមា​ព្រះវិស្ណុ​ផ្ទំ ជាស្នាដៃឯកលេចធ្លោជាងគេក្នុងពិព័រណ៍នោះ។ ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ លោក​បាន​​គូសបញ្ជាក់ពីការរួមចំណែករបស់ក្រុមហ៊ុនបារាំង VINCI ក្នុងការ​គ្រប់​គ្រង​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោតាខ្មៅ។ លោកក៏បានលើ​ក​ឡើង​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​ផង​ដែរ តាមរយៈការបណ្តុះបណ្តាលនាយទាហាន និងកងទ័ពមួកខៀវកម្ពុជា នៅមជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កងកម្លាំងរក្សាសន្តិភាព (NPMEC)។ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបារាំងបានលើកឡើងពីប្រធានបទសាកលធំៗ ដែល​ប្រទេស​បារាំង និងកម្ពុជាបានឆ្លើយតបរួមគ្នា ជាពិសេសលើ​ការ​ប្រ​យុទ្ធ​ប្រឆាំ​ង​បម្រែ​បម្រួល​អាកា​ស​ធាតុ​​។ ក្នុងន័យនេះ លោកបានកោតសរសើរចំពោះការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅ​ទីក្រុងនីស ប្រទេសបារាំង ដែលជាកាយវិការនៃការប្តេជ្ញាចិត្តរួមគ្នាមួយប្រកបដោយអត្ថន័យ។ លោក​ទូត​បាន​សង្កត់​ធ្ងន់​លើ​ការ​ប្រកាន់​ខ្ជាប់​របស់​ប្រទេសទាំ​ង​ពីរ​ចំពោះ​គោលការណ៍​ពហុ​ភាគី​និយម និងច្បាប់អន្តរជាតិ ដែលលោក​ចាត់​ទុក​ថា​ជាមូលដ្ឋា​ន​គ្រឹះ​នៃ​សណ្តាប់​ធ្នាប់​ពិភព​លោក​ប្រកប​ដោយ​យុត្តិធម៌ និងសាមគ្គីភាព ប្រសើរជាងមុន។ ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព គឺ​ជា​គំនិត​ស្រប​គ្នា​មួយទៀតរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំង​ឱ្យឃើញ​តាម​រយៈ​សមាជិក​ភាព​នៃប្រទេសទាំងពីរក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ និងការដាក់បញ្ចូល​សារ​មន្ទីរ​ស​២១ ​ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាដើម៕ អត្ថបទ៖ បាន ចក់

មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង

2025/07/15 11:58:08 am        294
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា បច្ចុប្បន្ន​ប្រទេសក​ម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់​គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្ម​ក្នុង​ស្រុក និងប្រភពនាំចូលដទៃជាច្រើនទៀត។ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបញ្ជាក់ជាថ្មីថា ទោះបីកម្ពុជាបិទព្រំដែនជាមួយថៃ ក៏មិន​បង្ក​ជា​ផល​រំខាន​ធ្ងន់​ធ្ងរមកលើសន្តិសុខស្បៀងប្រទេសកម្ពុជាឡើយ ខណៈកម្ពុជាមានស​មត្ថ​ភាព​គ្រប់​គ្រាន់​ធានា​នូវស្ថិរភាពស្បៀងអាហារសម្រាប់ប្រជាជន។ ឯកឧត្តមបាន​បញ្ជាក់ថា ជាក់ស្ដែងនៅពេលដែលមានការប្រែប្រួលណាមួយ ប្រាកដ​ជា​មាន​ការ​រអាក់​រអួល​ខាង​ផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះនៅលើទីផ្សារ ទំរាំទីផ្សារអាចធ្វើការ​សម្រប​ខ្លួន​ឡើង​វិញ​ ប៉ុន្តែកាលៈទេសៈនេះ ក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតកម្ម នៅ​ក្នុង​ស្រុក​ ចំពោះទំនិញមួយចំនួន ដែលធ្លាប់​តែ​ពឹង​ផ្អែក​ពី​ការ​នាំចូល​ពី​ប្រទេស​ជិត​ខាង​នា​ពេល​កន្ល​ង​ទៅ​។ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រា​ស់ក្នុ​ង​ស្រុក​បន្ត​បង្កើនការគាំទ្រកសិផលរបស់ប្រជាកសិករខ្មែរ ជាពិសេសក​សិផ​ល​ដែល​ធ្លាប់​តែ​ធ្វើ​ការ​នាំ​ចេញ​ហើយ​ឥឡូវនេះមានការលំបាកក្នុងដំណាក់កាលអន្តរកាល។តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម បានសង្ឃឹមថា ប្រជា​កសិករ នឹងយកឱកាសនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ដំណាំណាមួយ ដែលយើងធ្លាប់មានពីមុន ហើយធ្វើពិពិធកម្មទៅប្រភេទដំណាំណាមួយ ដែ​ល​ឥឡូវនេះកំពុងតែមានតម្រូវការ ហើយមិនទាន់មានស្ថេរភាពនៃការផ្គត់ផ្គង់នៅឡើយ។សូម​បញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខស្បៀង។ ដូច្នេះ​បង​ប្អូន​ប្រជា​ពលរ​ដ្ឋ​មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះខាតនៃការផ្គត់ផ្គង់ ឬការកើន​ឡើង​តម្លៃ​នៃ​ស្បៀង​អា​ហារនៅក្នុងស្រុកឡើយ។ បើតាម ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម កសិផលកម្ពុជា មិន​ត្រឹម​តែ​ធានាលើការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ កំពុងនាំចេញទៅកាន់ប្រទេសជិត ៨០ ក្នុង​សកលលោក៕

មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង២ម៉ឺនក្បាល ក្នុងនោះសេវាអនឡាញជាង៣០០ ក្នុងខែកន្លងទៅ

2025/07/15 11:45:27 am        191
ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រើសេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានជាង២ម៉ឺនក្បាល។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះ ពលរដ្ឋដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញមានជាង៣០០នាក់ ខណៈប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងពិការភាព មន្ត្រីក៏បានចុះទៅផ្តល់សេវាដល់លំនៅឋានបានចំនួន៣នាក់ផងដែរ។អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីក៏ផ្តល់សេវាលិខិតធ្វើដំណើរជាង៥ពាន់ក្បាលជូនពលករខ្មែរដែលចេញទៅធ្វើការនៅបរទេស និងបានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីជាង៤សែននាក់ ព្រមទាំងបានទទួលពាក្យស្នើសុំបោះពុម្ពឡើងវិញអត្តសញ្ញាណបណ្ណទុតិយតាជាង៨ពាន់សន្លឹក។សូមបញ្ជាក់ថា ក្នុងរយៈពេល១ខែកន្លងទៅនេះ មន្ត្រីអត្តសញ្ញាណកម្មបានផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅស្នាក់ការ ប.ស.ស ស្នាក់ការអ៊ីអនម៉ល២ និងអ៊ីអនម៉ល៣ បានជាង១ពាន់នាក់។ ដោយឡែកចំពោះការផ្តល់អត្តសញ្ញាណបណ្ណអស់សុពលភាព បានផ្តល់ជូនប្រជាពលរដ្ឋជាង៣សែននាក់៕

កន្លះឆ្នាំនេះច្រកចេញចូលតែមួយខេត្តប៉ៃលិនបម្រើពលរដ្ឋបានជាង២ម៉ឺនសេវាទទួលបានចំណូលជាង១ពាន់លានរៀល

2025/07/15 11:40:44 am        601
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន២៣.៤៧៥សេវា ទទួលបានចំណូលសរុបជាង១.១៣៤លានរៀល។ នេះបើតាមរបាយការណ៍ផ្ដល់មកក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ចំនួននេះ ប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបចំនួន៤៣.៦២៩សេវា និងទទួលបានចំណូលជាង ២.០៧២លានរៀល។សម្រាប់កន្លះឆ្នាំមកនេះ សេវាផ្ដល់បានច្រើនជាងគេ គឺវិស័យរដ្ឋបាល មានចំនួន ១២.៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន ៥.១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា ទទួលបានចំណូល ជាង៦៧លានរៀល និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន២៨៩សេវា ទទួលបានចំណូលជាង២៣៣លានរៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសោះនោះ គឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំធ្វើទំនើបកម្ម ដោយអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយខេត្ត ឱ្យមានលក្ខណៈស្តង់ដា ស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរបស់មន្ត្រី និងការអញ្ជើញមកស្នើសុំ និងសេវារបស់ប្រជាពលរដ្ឋ ទាំងអគារបំពេញការងារ សម្ភារៈបច្ចេកទេសផ្សារភ្ជាប់នឹងប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាមានភាពលឿនរហ័សស្របតាមការកំណត់ និងបើធ្វើបានកាន់តែលឿន គឺកាន់តែប្រសើរ។លោកជំទាវ មានប្រសាសន៍ថា ឈរលើមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងនីតិកាលទី៧ នេះបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តប៉ៃលិន ដោយមានការដឹកនាំតម្រង់ទិសជាប្រចាំ ពីសម្ដេចក្រឡាហោម បន្តមកដល់បច្ចុប្បន្ន មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការលើកទឹកចិត្ត និងណែនាំតម្រង់ទិសដល់មន្ត្រីជាប់ជាប្រចាំ ឱ្យអនុវត្តការងារច្រកចេញចូលតែមួយ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយ ដោយបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងប្រកបដោយតម្លាភាព។ផ្អែកលើបទពិសោធន៍នៃការអនុវត្តការងារច្រកចេញចូលតែមួយជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានលើកសំណូមពរត្រង់ៗមកក្រសួងស្ថាប័នថ្នាក់ជាតិ ស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនៅមានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបលើការងារ បច្ចេកទេស នៃការផ្តល់សេវា និងស្នើក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ពន្លឿនការធ្វើសន្ធានកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីឱ្យចូលគ្នា ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីសេវា១ ប្រើពេល២ដង។ចំពោះ វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ នៅពុំទាន់បានទទួលការស្នើសុំសេវាណាមួយពីប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមិនទាន់មានបែបបទ នីតិវិធីច្បាស់លាស់នៅឡើយ ខណៈអង្គភាពច្រកចេញចូលតែមួយខេត្ត ក៏នៅមិនទាន់មានគណនី សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសេវា នៅតាមអនឡាញនៅឡើយដែរ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ បានខិតខំរៀបចំឱ្យមានអង្គភាពច្រកចេញចូលតែមួយនៅគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួល និងបង្ខិតសេវាកាន់តែជិតប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឈរលើមូលដ្ឋាននៃមរតកយុទ្ធសាស្ត្របញ្ចកោណ ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណសាមញ្ញ ឆាប់រហ័សតម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន។ យន្តការច្រកចេញចូលតែមួយ ត្រូវបានទទួលស្គាល់ថា ជាសមិទ្ធផលនយោបាយដ៏ជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងដែលបាននិងកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

សហគ្រាសម្ចាស់ជំនួញធំៗ មកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតជិត៣០០នាក់ ចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ "ប៥" របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត

2025/07/15 11:39:38 am        132
បន្ទាយមានជ័យ៖ សហគ្រាស អាជីវក ម្ចាស់ជំនួញធំៗមកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ "ប៥" របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ដើម្បីជាការចែករំលែកនូវគន្លឹះសំខាន់ៗដល់បណ្តាសហគ្រិនម្ចាស់ជំនួញសិស្សនិស្សិតបានយល់ ជុំវិញទីផ្សារ ការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី ដោយមានការចូលរួមឧកញ៉ា អ៊ឹង  វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវាគ្មិន កិត្តយស សិក្ខាកាម ជិត៣០០នាក់ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំក សាលាខេត្តបន្ទាយមានជ័យ នារសៀលថៃ្ងទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ។ក្នុងនាមប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ យកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្ត និងឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប ព្រមទាំងសហការី ដែលបានសហការជាមួយ សភាពាណិជ្ជកម្មខេត្ត រៀបចំឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាស អាជីវករ ប្អូនៗនិស្សិត នាឱកាសនេះ។ លោកឧកញ៉ា បញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលា និងខ្លឹមសារនៃការធ្វើបទ បង្ហាញនានា ពិតជាអាចធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងគំនិត និងការគិតគូជាថ្មីរបស់អ្នកចូលរួម ពិសេសជុំវិញទីផ្សារ ជុំវិញការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។នាឱកាសនោះលោក លី សុវណ្ណារិទ្ធិ អភិបាល ខេត្ត ស្តីទី លើកឡើងថា សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញនិង គំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើល ពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត នឹងនាំយកគំនិតថ្មីៗ ល្អៗ ទៅទីផ្សារ។ លោកបន្តថា សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយ មានប្រាក់ចំណេញកិត្តិនាម អ្នកទាំងឡាយដែលបរាជ័យគឺទទួលរងការបាត់បង់ផងដែរ។លោកបញ្ជាក់ថា វគ្គសិក្ខាសាលា ដែលរៀបចំឡើងនាពេលនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ ក្នុងការបង្កើនការងារក៏ដូចបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលបញ្ហាព្រំដែនកំពុងមានភាពតានតឹង៕ដោយ៖ ឃិន សារិទ្ធ

ពលរដ្ឋស្រុកសំឡូតខេត្តបាត់ដំបង នាំយកទុរេនជាង៤តោន ទៅជូនកងកម្លាំងទិសទី១ ខេត្តបន្ទាយមានជ័យ

2025/07/15 10:37:09 am        534
បន្ទាយមានជ័យ៖ ផ្លែទុរេនប្រមាណជាង៤តោន ត្រូវបានប្រជាពលរដ្ឋចំនួនពីរឃុំ គឺឃុំសំឡូត និងឃុំស៊ុង ក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង យកទៅមកប្រគល់ជូនដល់កម្លាំងកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅទីបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ។លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ក្រៅពីទុរេន នៅ មានបន្លែ ផ្លែឈើជាច្រើនប្រភេទទៀត ដែលប្រជាពលរដ្ឋក្នុងឃុំសំឡូត និងឃុំស៊ុង បង្កបង្កើនផលដោយខ្លួនឯង បានកៀរគរគ្នាប្រមូលយកមកប្រគល់ជូនកងទ័ពទិសទី១ បន្ទាយមានជ័យ ។ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ បានមានសមានចិត្តជួយដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការ ពារព្រំដែនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសជិតខាង ។ តំណាងឱ្យកងទ័ពជួរមុខទិសទី១ បន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ប្ដេជ្ញាការពារបូរណភាពទឹកដី និង មាតុភូមិកម្ពុជាឱ្យបានគង់វង្ស មិនឱ្យប្រទេសជិតខាងមករំលោភបំពានបាននោះឡើយ៕

អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ

2025/07/15 10:16:10 am        255
កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈអភិបាលខេត្តកំពង់ឆ្នាំង កំពុងដឹកនាំធ្វើវិធានការរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន នៅផ្សារសមុទ្រទឹកសាប ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌បានស្អាតហើយនោះ នៅផ្សារកំពង់បឹងសន្តិភាព ក្នុងស្រុកកំពង់លែងឯណេះវិញ បែរជាមានអ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាព បានសង់រំលោភលើប្រព័ន្ធលូ និងចំណីផ្លូវសាធារណៈ ដោយមិនបានទុកចំណីផ្លូវជុំវិញផ្សារនោះឡើយ។ ករណីនេះ លោក យ៉ែម លក្ខិណា បញ្ជាក់ថា កិច្ចការងារនេះ បានទៅដល់ដៃអាជ្ញាធរខេត្តកំពង់ឆ្នាំង ហើយអាជ្ញាធរខេត្តបានអោយខាងអ្នកម៉ៅការសាងសង់ផ្សារនោះ ត្រូវកែតំរូវឡើងវិញ។ លោក យ៉ែម លក្ខិណា បានបន្តថា៖ ក្រោយពីគណអភិបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមើលឃើញពីភាពមិនមានសណ្តាប់ធ្នាប់ អនាម័យក្នុងផ្សារកំពង់បឹងសន្តិភាព ខាងក្នុងផ្សារមិនមានផ្លូវដើររួចមក គណៈអភិបាលស្រុក បានសំរេចផ្តល់ការសាងសង់ផ្សារថ្មីអោយអ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពថ្មី ដើម្បីងាយស្រួលក្នុងការរៀបចំសណ្តាប់ធ្នាប់ មានអនាម័យ សោភ័ណភាព និងមានផ្លូវដើរទៅមកក្នុងផ្សារ។ ក្រោយពីការសាងសង់បានប្រមាណ៦០ភាគរយហើយ ក្រសួងហិរញ្ញវត្ថុ បានចុះពិនិត្យផ្សារដែលកំពុងសាងសង់នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ បានរកឃើញថា អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពថ្មីនេះ បានសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ និងប្រព័ន្ធលូរំដោះទឹកភ្លៀងចេញពីផ្សារ។ កិច្ចការងារនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានតំរូវអោយអ្នកម៉ៅការសាងសង់ផ្សារ ត្រូវកែតំរូវឡើងវិញ មិនអោយសាងសង់បែបនេះឡើយ។ សូមបញ្ជាក់ថា៖ នៅក្នុងគំនូសប្លង់អ្នកម៉ៅការសាងសង់ គឺផ្សារកំពង់បឹងសន្តិភាពនេះ មានទំហំផ្ទៃក្រឡាសរុប៤៥៦០ម៉ែត្រការ៉េ ដែលអាចសាងសង់តូបក្នុងផ្សារបានចំនួន៣០៤តូប និងមាន៣ប្រភេទ គឺ១៥៤តូបជាតូបមានឃ្លុបប្រភេទA មានទំហំតូប៣ម៉ែត្រគុណនឹង៣ម៉ែត្រ, ៦៨តូប ជាតូបមានឃ្លុបប្រភេទB មានទំហំតូប៣ម៉ែត្រគុណនឹង៣ម៉ែត្រ, និងតូប៨២តូប ជាតូបសើម ប្រភេទតូបC មានទំហំតូប២,៥ម៉ែត្រគុណនឹង៣ម៉ែត្រ។ កន្លងមក ក្នុងការសាងសង់ផ្សារកំពង់បឹងសន្តិភាពថ្មីនេះ ក៏មានអាជីវករមួយចំនួន បានតវ៉ាមកដល់សាលាខេត្តកំពង់ឆ្នាំងផងដែរ ពីបញ្ហាទំហំតូបរបស់ពួកគាត់ និងខ្លាចពេលសាងសង់រួច អាចបាក់រលំជាដើម៕ កាំង ហុងវាស្នា

សម្តេចរដ្ឋសភាធិបតីឃួន សុដារី៖ «យើងត្រូវស្តារឡើងវិញ និងបង្កើនពហុភាគីនិយម ដែលបើកចំហហើយអាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ»

2025/07/15 10:09:15 am        306
ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។ នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយសម្តេចបានគូសបញ្ជាក់ថា”យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងការពង្រីកបេសកកម្មរបស់យើងដើម្បីប្រជាពលរដ្ឋ។”សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងមិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាពនឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា “យើងត្រូវស្តារឡើងវិញ និងបង្កើនគោលការណ៍ពហុភាគីនិយមដែលបើកចំហ និងបរិយាបន្ន។ អាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ។ អាស៊ានគឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា អំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងក្នុងបាឋកថានៅលេខាធិការដ្ឋានអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះថា អាស៊ានគឺជាប៉ូលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានមានប្រជាជនប្រមាណ ៧០០លាននាក់ ហើយជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ។ ខណៈពេលដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបង្កអស្ថិរភាព និងកំពុងវិវត្តទៅជាពិភពលោកពហុប៉ូល អាស៊ានចាំបាច់ត្រូវដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធអន្តរជាតិដែលមានការវិវត្តធ្វើឱ្យមានភាពយុត្តិធម៌ បរិយាបន្ន និងតំណាងកាន់តែច្រើន។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រធានបទ AIPA Caucus លើកទី១៦ លើកឡើង ក្នុងគោលបំណងដើម្បីពិភាក្សាបន្ថែម និងស្វែងរកការយល់ ទស្សនៈ ពីសភាសមាជិក AIPA និងដៃគូនានា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋរបស់យើង។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួម និងការដឹកនាំរបស់យើង ក្នុងការលើកកម្ពស់ការទូតសភា ដើម្បីសន្តិភាពក្នុងតំបន់របស់យើង និងសកលោក។ជាមួយការស្វាគមន៍ដ៏កក់ក្តៅ សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូថា «សូមឱ្យការស្នាក់អាស្រ័យរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅមាតុភូមិយើងខ្ញុំទទួលបានផាសុកភាពល្អ ការស្នាក់នៅប្រកបដោយភាពរីករាយ និងមានការចងចាំល្អៗ។ ចំណងទំនាក់ទំនងនិងមិត្តភាពផ្ទាល់គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ ខ្ញុំសង្ឃឹមថាមិត្តភាព និងសាមគ្គីភាពរបស់យើងនឹងបន្តកាន់តែស៊ីជម្រៅ។ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាជាម្ចាស់ផ្ទះប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឱ្យកិច្ចប្រជុំ AIPA Caucus លើកទី១៦ ទទួលបានជោគជ័យផងដែរ ក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា អោយកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល»។សភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍អាយប៉ា និងប្រទេសជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍ សរុបមានចំនួនប្រមាណជិត ៣០០នាក់៕

រដ្ឋមន្រ្តីសុខាភិបាល «មន្រ្តីសុខាភិបាលត្រូវមានស្មារតីបុរេសកម្មជាប់ជាប្រចាំ និងប្រកបដោយគុណភាពការងារ ក្នុងនាមអ្នកបម្រើសេវាសុខាភិបាល»

2025/07/15 08:40:23 am        148
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកក្កដា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រូវប្រជុំផ្សព្វផ្សាយដល់មន្រ្តីរាជការ បុគ្គលិកបម្រើការងារទាំងអស់ឱ្យបានយល់ ស្របតាមគោលការណ៍របស់ក្រសួង ដោយត្រូវប្រើប្រាស់ភាសាតែមួយ និងអនុវត្តខ្លឹមសារមួយ ចៀសវាងការអនុវត្តដាច់ដោយផ្នែកៗ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ឯកសារលិខិតស្នាម ដោយត្រូវរៀបចំនិងពិនិត្យឱ្យច្បាស់លាស់ មុននឹងដាក់ឱ្យប្រើប្រាស់ ឱ្យសមស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ប្រធានអង្គភាព មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព គុណភាព និងដោយស្មារតីបុរេសកម្ម ជាជាងប្រតិកម្ម ហើយត្រូវដោះស្រាយបញ្ហាភ្លាមៗ ឱ្យបានលឿនទាន់ពេលវេលា ដើម្បីឆ្លើយតបទាន់សភាពការណ៍។ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងអ្នកជំងឺប.ស.ស អ្នកជំងឺមូលនិធិសមធម៌ ក្នុងការសម្របសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីបង្ករឱ្យមានភាពងាយស្រួល លំហូរច្បាស់លាស់។ បន្ថែមពីនេះ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឥរិយាបថ កាយវិការល្អ ត្រូវស្តាប់រាល់ការលើកឡើងរបស់អ្នកជំងឺ ដើម្បីជាផ្នែកមួយ ជួយដល់ការយល់អំពីស្ថានភាពរបស់អ្នកជំងឺកាន់តែច្បាស់លាស់ មុននឹងធ្វើការសន្និដ្ឋានបានត្រឹមត្រូវសមស្រប។ លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីបញ្ហាសុខភាពមាតា ទារក កុមារ ដោយត្រូវពិនិត្យតាមដានស្វែងរកគ្រប់ករណី អំពីបញ្ហាប្រឈមអត្រាមរណមាតា និងទារក ដើម្បីរកដំណោះស្រាយ រួមគ្នាក្នុងការលើកកម្ពស់សុខភាពមាតា ទារកឱ្យកាន់តែប្រសើរឡើង។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ប្រធានមន្ទីរពេទ្យទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបង្កើនសកម្មភាពលើកកម្ពស់សុខភាពតាមសហគមន៍ ដូចជា ការពិនិត្យសុខភាពទូទៅជូនប្រជាជន សុខភាពភ្នែក សុខភាពកុមារ និងការអប់រំសុខភាព ដោយត្រូវសហការគ្នារៀបចំផែនការក្នុងការចុះឱ្យបានចំរុះគ្រប់ផ្នែក៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
06/15/2026 12:06 PM
ភាគហ៊ុនសកលងើបឡើង តែតម្លៃប្រេងធ្លាក់ថ្លែ ដោយសារដំណឹងនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម អ៊ីរ៉ង់-អាមេរិក
06/15/2026 12:06 PM
សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
06/15/2026 12:06 PM
លោក Trump ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ឈប់ការវាយប្រហារសងសឹកគ្នា
06/15/2026 12:06 PM
អតីតមន្ត្រីរបស់លោក Obama រិះគន់សង្គ្រាមលើអ៊ីរ៉ង់ថាជា «មហន្តរាយដែលខ្វះការប្រុងប្រយ័ត្ន និងខាតបង់ច្រើន»
06/15/2026 12:06 PM
មេដឹកនាំអង់គ្លេស និងជប៉ុន ប្រកាសពីភាពជាដៃគូបច្ចេកវិទ្យា ដែលត្រូវបានរៀបចំដើម្បីជំរុញសន្តិសុខជាតិ
06/15/2026 12:06 PM
អនុប្រធានាធិបតីអាមេរិក៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងផ្លាស់ប្តូរជាមូលដ្ឋាននៅមជ្ឈិមបូព៌ា ក្នុងរយៈពេល៥០ឆ្នាំខាងមុខ
06/15/2026 11:06 AM
ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី បង្ខំឱ្យប្រជាជនទីក្រុងគីវ ចូលទៅស្ថានីយ៍រថភ្លើងក្រោមដី
06/15/2026 11:06 AM
មនុស្ស៩នាក់ស្លាប់ និងទីតាំងសាសនាប្រវត្តិសាស្ត្ររងការឆេះបំផ្លាញ ខណៈអ៊ុយក្រែនប្រឈមការវាយប្រហារដ៏ធំពីរុស្ស៊ី
06/15/2026 11:06 AM
ទីប្រឹក្សាវិមានក្រឹមឡាំង៖ លោក Trump ប្រាប់លោក Putin ថារូបលោកត្រៀមខ្លួនជួយបញ្ចប់ជម្លោះអ៊ុយក្រែន
06/15/2026 11:06 AM