គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យ
សម្ដេច​ធិបតី៖មកទល់ពេលនេះយុវជនជាង ២៧ ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​

ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតីឃួន សុដារី៖ «យើងត្រូវស្តារឡើងវិញ និងបង្កើនពហុភាគីនិយម ដែលបើកចំហហើយអាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ»

2025/07/15 10:09:15 am        306
ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។ នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយសម្តេចបានគូសបញ្ជាក់ថា”យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងការពង្រីកបេសកកម្មរបស់យើងដើម្បីប្រជាពលរដ្ឋ។”សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងមិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាពនឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា “យើងត្រូវស្តារឡើងវិញ និងបង្កើនគោលការណ៍ពហុភាគីនិយមដែលបើកចំហ និងបរិយាបន្ន។ អាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ។ អាស៊ានគឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា អំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងក្នុងបាឋកថានៅលេខាធិការដ្ឋានអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះថា អាស៊ានគឺជាប៉ូលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានមានប្រជាជនប្រមាណ ៧០០លាននាក់ ហើយជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ។ ខណៈពេលដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបង្កអស្ថិរភាព និងកំពុងវិវត្តទៅជាពិភពលោកពហុប៉ូល អាស៊ានចាំបាច់ត្រូវដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធអន្តរជាតិដែលមានការវិវត្តធ្វើឱ្យមានភាពយុត្តិធម៌ បរិយាបន្ន និងតំណាងកាន់តែច្រើន។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រធានបទ AIPA Caucus លើកទី១៦ លើកឡើង ក្នុងគោលបំណងដើម្បីពិភាក្សាបន្ថែម និងស្វែងរកការយល់ ទស្សនៈ ពីសភាសមាជិក AIPA និងដៃគូនានា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋរបស់យើង។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួម និងការដឹកនាំរបស់យើង ក្នុងការលើកកម្ពស់ការទូតសភា ដើម្បីសន្តិភាពក្នុងតំបន់របស់យើង និងសកលោក។ជាមួយការស្វាគមន៍ដ៏កក់ក្តៅ សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូថា «សូមឱ្យការស្នាក់អាស្រ័យរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅមាតុភូមិយើងខ្ញុំទទួលបានផាសុកភាពល្អ ការស្នាក់នៅប្រកបដោយភាពរីករាយ និងមានការចងចាំល្អៗ។ ចំណងទំនាក់ទំនងនិងមិត្តភាពផ្ទាល់គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ ខ្ញុំសង្ឃឹមថាមិត្តភាព និងសាមគ្គីភាពរបស់យើងនឹងបន្តកាន់តែស៊ីជម្រៅ។ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាជាម្ចាស់ផ្ទះប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឱ្យកិច្ចប្រជុំ AIPA Caucus លើកទី១៦ ទទួលបានជោគជ័យផងដែរ ក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា អោយកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល»។សភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍អាយប៉ា និងប្រទេសជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍ សរុបមានចំនួនប្រមាណជិត ៣០០នាក់៕

រដ្ឋមន្រ្តីសុខាភិបាល «មន្រ្តីសុខាភិបាលត្រូវមានស្មារតីបុរេសកម្មជាប់ជាប្រចាំ និងប្រកបដោយគុណភាពការងារ ក្នុងនាមអ្នកបម្រើសេវាសុខាភិបាល»

2025/07/15 08:40:23 am        148
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកក្កដា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រូវប្រជុំផ្សព្វផ្សាយដល់មន្រ្តីរាជការ បុគ្គលិកបម្រើការងារទាំងអស់ឱ្យបានយល់ ស្របតាមគោលការណ៍របស់ក្រសួង ដោយត្រូវប្រើប្រាស់ភាសាតែមួយ និងអនុវត្តខ្លឹមសារមួយ ចៀសវាងការអនុវត្តដាច់ដោយផ្នែកៗ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ឯកសារលិខិតស្នាម ដោយត្រូវរៀបចំនិងពិនិត្យឱ្យច្បាស់លាស់ មុននឹងដាក់ឱ្យប្រើប្រាស់ ឱ្យសមស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ប្រធានអង្គភាព មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព គុណភាព និងដោយស្មារតីបុរេសកម្ម ជាជាងប្រតិកម្ម ហើយត្រូវដោះស្រាយបញ្ហាភ្លាមៗ ឱ្យបានលឿនទាន់ពេលវេលា ដើម្បីឆ្លើយតបទាន់សភាពការណ៍។ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងអ្នកជំងឺប.ស.ស អ្នកជំងឺមូលនិធិសមធម៌ ក្នុងការសម្របសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីបង្ករឱ្យមានភាពងាយស្រួល លំហូរច្បាស់លាស់។ បន្ថែមពីនេះ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឥរិយាបថ កាយវិការល្អ ត្រូវស្តាប់រាល់ការលើកឡើងរបស់អ្នកជំងឺ ដើម្បីជាផ្នែកមួយ ជួយដល់ការយល់អំពីស្ថានភាពរបស់អ្នកជំងឺកាន់តែច្បាស់លាស់ មុននឹងធ្វើការសន្និដ្ឋានបានត្រឹមត្រូវសមស្រប។ លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីបញ្ហាសុខភាពមាតា ទារក កុមារ ដោយត្រូវពិនិត្យតាមដានស្វែងរកគ្រប់ករណី អំពីបញ្ហាប្រឈមអត្រាមរណមាតា និងទារក ដើម្បីរកដំណោះស្រាយ រួមគ្នាក្នុងការលើកកម្ពស់សុខភាពមាតា ទារកឱ្យកាន់តែប្រសើរឡើង។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ប្រធានមន្ទីរពេទ្យទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបង្កើនសកម្មភាពលើកកម្ពស់សុខភាពតាមសហគមន៍ ដូចជា ការពិនិត្យសុខភាពទូទៅជូនប្រជាជន សុខភាពភ្នែក សុខភាពកុមារ និងការអប់រំសុខភាព ដោយត្រូវសហការគ្នារៀបចំផែនការក្នុងការចុះឱ្យបានចំរុះគ្រប់ផ្នែក៕អត្ថបទ រដ្ឋា

សម្ពោធដាក់ឱ្យជាផ្លូវការអគារសាលាបឋមសិក្សាថ្មី១ខ្នង ២បន្ទប់ បន្ទាប់ពីជួសជុល និងសាងសង់ឡើងវិញរួចរាល់ ដើម្បីបម្រើឱ្យវិស័យអប់រំនៅក្នុងមូលដ្ឋាន

2025/07/15 07:14:50 am        218
អគារសាលាបឋមសិក្សាថ្មី ១ខ្នង ២បន្ទប់ ដែលបានជួសជុល និងសាងសង់ឡើងវិញយ៉ាងស្អាត និងរឹងមាំ បន្ទាប់ពីអគារចាស់មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ស្ថិតក្នុងភូមិកំពង់ព្រះឥន្ទ្រ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សាខាសមាគមនារីខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ អគារសិក្សាថ្មីនេះ ត្រូវបានចំណាយថវិកាអស់ជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាការឧបត្ថម្ភគាំទ្រយ៉ាងសប្បុរសធម៌ពីក្រុមការងារសមាគមនារីកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរមូលដ្ឋាន រួមទាំងការចូលរួមចំណែកពីសហគមន៍ ក្នុងការជួសជុល និងសាងសង់ឡើងវិញ ដើម្បីធានាបាននូវបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស ក៏ដូចជាលើកកម្ពស់គុណភាពអប់រំនៅក្នុងមូលដ្ឋាន។ថ្លែងក្នុងឱកាសដ៏រីករាយនោះ លោកជំទាវ សុខា គងពិសី បានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំងដែលបានមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សទាំងអស់នាពេលនេះ ព្រមទាំងបាននាំយកនូវអំណោយជាច្រើនរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់មាតាបិតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីប្រកបដោយមោទកភាព។ លោកជំទាវសង្ឃឹមថា អគារសិក្សាថ្មីនេះនឹងក្លាយជាទីកន្លែងដ៏មានសុវត្ថិភាព ផាសុកភាព និងអំណោយផលល្អសម្រាប់ក្មួយៗខិតខំរៀនសូត្រឱ្យពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនារីកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការគៀងគរ និងផ្ដល់ថវិកាសម្រាប់ជួសជុលអគារសិក្សាមួយខ្នងនេះឡើងវិញ រហូតបានលេចជារូបរាងយ៉ាងស្រស់ស្អាត និងរឹងមាំដូចពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះ គឺកើតចេញពីកិច្ចសហការ និងសាមគ្គីភាពដ៏រឹងមាំរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋាន។ជាមួយនេះ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សា និងពង្រឹងស្មារតីសាមគ្គីភាពនេះបន្តទៀត ក្នុងកិច្ចការជួសជុលសាលារៀននានានៅតាមបណ្ដាស្រុកផ្សេងៗទៀតដែលមានសភាពចាស់ទ្រុឌទ្រោម ជាពិសេសនៅតាមតំបន់ដាច់ស្រយោល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស គឺមិនអាចកាត់ផ្ដាច់បានពីការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនោះទេ ហើយរាល់ការរួមចំណែកទាំងអស់ មិនថាតិចឬច្រើន គឺសុទ្ធតែជាកម្លាំងចលករដ៏សំខាន់សម្រាប់អនាគតកូនចៅយើង។ទន្ទឹមនេះ ឯកឧត្តមបានផ្តាំផ្ញើទៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យកាន់តែពូកែ ជាពិសេស ភាសាខ្មែរ ដែលជាភាសាជាតិរបស់យើង។ ឯកឧត្តមបានលើកឡើងថា ដោយសារតំបន់នេះនៅក្បែរព្រំដែនប្រទេសឡាវ ការយកចិត្តទុកដាក់លើការបង្រៀនភាសាខ្មែរគឺជារឿងសំខាន់បំផុត ដើម្បីធានាបានថាកូនចៅខ្មែរយើងចេះនិយាយ និងសរសេរភាសាជាតិបានត្រឹមត្រូវ និងច្បាស់លាស់ ជៀសវាងការចេះតែភាសាឡាវ ហើយបាត់បង់អត្តសញ្ញាណជាតិរបស់យើង ហើយការពង្រឹងភាសាជាតិ គឺស្មើនឹងការពង្រឹងឫសគល់នៃវប្បធម៌ និងអរិយធម៌ខ្មែរ៕

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន

2025/07/14 07:07:35 pm        183
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះអនុញ្ញាតជូន ឯកឧត្តម Chen Zhou អនុរដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ ចូលបង្គំគាល់សម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត

2025/07/14 06:16:59 pm        140
​ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។លោកបន្តថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២១៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩លាននាក់ ក្នុងនោះកម្មកនិយោជិតក្នុងវិស័យកាត់ដេរមានចំនួនជាង ៩៧ម៉ឺននាក់។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានគូសបញ្ជាក់បន្ថែមថា កំណើននេះគឺបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងជំនឿទុកចិត្តពីវិនិយោគិនជាតិ ជាពិសេសវិនិយោគិនអន្តរជាតិមកលើរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ បាននិងកំពុងបន្តសម្របសម្រួល និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជូនវិនិយោគិន រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលវិនិយោគិនកំពុងត្រូវការសម្រាប់បង្កើនផលិតភាព។លោក ស៊ុន មេសា សង្កត់ធ្ងន់ថា៖ “សុខភាពវិស័យកាត់ដេរ និងកំណើនសហគ្រាសនៅកម្ពុជា បន្តមានសុខភាពល្អដោយរោងចក្រសហគ្រាសបន្តកើនឡើងគួរជាទីមោទនៈ ដែលបង្ហាញយ៉ាងច្បាស់ពីការជឿទុកចិត្ត និងការអនុវត្តដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលធ្វើឱ្យពលរដ្ឋគ្រប់គ្នារីករាយមានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរខណៈដែលកម្មករនិយោជិតមានការថែទាំសុខភាពដោយឥតគិតថ្លៃ មានប្រាក់គ្រោះថ្នាក់ការងារ មានប្រាក់សោធនពេលចាស់ថែមទៀតផង”។ ជាមួយកំណើនរោងចក្រសហគ្រាសប្រមាណជាង ៥,៣ពាន់នេះ បានធ្វើឱ្យកម្ពុជាមានតម្រូវការកម្លាំងពលកម្មប្រមាណ២៥ម៉ឺននាក់ជាពិសេសវិស័យឧស្សាហកម្ម។ នេះបើតាមលោក ស៊ុន មេសាដដែល។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញ សូមស្វែងរកឱកាសការងារដ៏ច្រើនសម្បូរបែបនៅក្នុងស្រុកដើម្បីទទួលបានអត្ថប្រយោជន៍ច្រើន សុវត្ថិភាព កាត់បន្ថយការចំណាយ នៅជិតគ្រួសារ និងចូលរួមពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួនជាមួយនឹងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខដែលតែងតែគិតគូរពីឧត្តមប្រយោជន៍របស់បងប្អូនពលករ កម្មករនិយោជិត និងប្រជាពលរដ្ឋជាអាទិភាព៕

លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង

2025/07/14 06:10:35 pm        145
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង ក្នុងគោលបំណងចង់ឲ្យប្រជាជនទាំងអស់ បានទទួលនូវសេវាដែលមានគុណភាពល្អឥតខ្ចោះ ហើយក៏ជួយក្នុងការលើកកម្ពស់គុណភាពជីវិត។​លោកសាស្រ្តាចារ្យរង លូ លីឃាង បានថ្លែងថា ថ្ងៃនេះជាកិតិ្តយសរបស់មនី្ទរពេទ្យព្រះអង្គឌួង ដែលបានបើកជាផ្លូវនៅគ្លីនិកមួយ ដែលហៅថា គ្លីនិកជំងឺភ្នែកស្ងួត។ បើសិនស្តាប់ទៅ ពាក្យថា ភ្នែកស្ងួតនេះ គឺស្រាល ប៉ុន្តែសម្រាប់ជំងឺពិបាក ដែលជំងឺភ្នែកស្ងួត គឺជាជំងឺមួយរ៉ាំរ៉ៃ ហើយជំងឺភ្នែកស្ងួតនេះមានការកើនឡើង។ ហេតុដូច្នេះទើបក្រុមគ្រូពេទ្យនៃផ្នែកចក្ខុរោគ បានផ្តួចផ្តើមបង្កើតឡើង ដើម្បីងាយស្រួលក្នុងការព្យាបាល ចំណែកសម្ភារៈបរិក្ខារវេជ្ជសាស្រ្តវិញ ទំនើបៗទាន់សម័យ ឲ្យដូចប្រទេសជិតខាងយើង។ ហើយបញ្ហាជំងឺភ្នែកស្ងួត មានច្រើន ដូចនេះការសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត គឺជាកត្តាមួយបន្ថែម ក្នុងការព្យាបាលអ្នកជំងឺ។ លោកសាស្រ្តាចារ្យរង លូ លីឃាង សង្ឃឹមថា គ្លីនិកជំងឺភ្នែកស្ងួត ដែលមានសមាជិកច្រើន និងដឹកនាំគ្លីនិកឲ្យបានរីកច្រើន ជោគជ័យ ជាពិសេសបងប្អូនជាគ្រូពេទ្យទាំងអស់សាមគ្គីភាពផ្ទៃក្នុងគ្រប់ឯកទេស និងឯកទេសភ្នែក និងគ្លីនិក ដើម្បីផ្តល់សេវាដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវតិ្ថភាព និងសមធម៌។ បើតាមលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា នាយិការងនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា បានលើកឡើងថា ការបើកដំណើរគ្លីនិកជំងឺភ្នែកស្ងួតនេះឡើង ដោយសារតែប្រជាជន ពីមួយថ្ងៃ ទៅមួយថ្ងៃ អត្រានៃជំងឺភ្នែកស្ងួតមានការកើនឡើង។ ជាមួយគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិតឯកទេស ក៏បានបញ្ជាក់ជូនអំពីមូលហេតុ នៃការធ្វើឲ្យមានជំងឺភ្នែកស្ងួតផងដែរ។ ទី១. ទាក់ទងនឹងការប្រើប្រាស់ស្រ្គីន លើសពីធម្មតា ដែលពីមុនមក យើងមិនសូវមានទេ ប៉ុន្តែបច្ចុប្បន្ននេះ មានកើនឡើងជាគំហុក ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនឡើង។ ទី២. ទាក់ទងនឹងវ័យចាស់ជរា ប្រជាជនយើងមានអាយុកាន់តែច្រើន អត្រានៃការស្ងួតភ្នែក ក៏កាន់តែច្រើន មួយទៀតទាក់ទងនឹងស្រី្ត នៅពេលគាត់អស់រដូវ ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន ជាកត្តាមួយធ្វើឲ្យមានស្ងួតភ្នែកដូចគ្នា និងទី៣. កត្តាបរិស្ថាននៅជុំវិញខ្លួនគាត់ មានធូរលីដី មានផ្សែងជាដើម។ ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា បានបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រូពេទ្យឯកទេស ផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង មានចំនួន៥២នាក់ ផ្នែកកញ្ចប់ភ្នែក មានចំនួន៦នាក់ ចំណែកបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាផ្នែកចក្ខុរោគ ចន្លោះពី២៥០នាក់ ទៅ៣៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកនៅថ្ងៃចុងសប្តាហ៍ ឬក៏ថ្ងៃសម្រាក កើនរហូតដល់៤០០នាក់ ទៅ៤៥០នាក់ ក្នុងមួយថ្ងៃ។ ចំពោះការវះកាត់សម្រាកពេទ្យ ចន្លោះពី៧៥នាក់ ទៅ១៥០នាក់ ក្នុងមួយថ្ងៃ៕ អត្ថបទ រដ្ឋា 

ក្រសួងធម្មការ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥០)

2025/07/14 05:44:07 pm        104
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥០, ដែលជាផ្នែកដ៏សំខាន់មួយក្នុងការកសាងខឿនសេដ្ឋកិច្ច សង្គម វប្បធម៌និងសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា, នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។​លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នាំណែឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ជាជំនាន់ទី១ រហូតមកដល់បច្ចុប្បន្នមកដល់ជំនាន់ទី៥០ហើយ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿង និងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង។ ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥០ នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៩មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ។ថ្លែងក្នុងពិធីបើក ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថា ក្រសួងធម្មការនិងសាសនា កំពុងបន្តអនុវត្តតាមប្រសាសន៍ណែនាំIដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងផ្តើមឡើងវិញពីកម្រិតសូន្យរហូតដល់ត្រូវបានទទួលលើឆាកអន្តរជាតិ។ឯកឧត្តម ហាក់ ប៊ុនធឿន បន្តថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញប្រទេសជាតិលើគ្រប់វិស័យ ដល់ឫសគល់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានមនុស្ស។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រជាជននិងប្រទេសជាតិ ក្នុងនោះប្រពៃណី ទំនៀមទម្លាប់ ក៏ត្រូវបានសង្គ្រោះឱ្យរស់រានមានជីវិតឡើងវិញ ហើយរដ្ឋាភិបាលបានខិតខំស្ការ និងកសាងប្រទេសជាតិពីបាតដៃទទេរហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ជាក់ស្តែងវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ចនិងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី៥០នាឱកាសនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ក្រោមការយកចិត្តទុក ដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម៕អត្ថបទ រដ្ឋា 

សម្ដេចតេជោ៖ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងតើមានច្បាប់នេះឬអត់?

2025/07/14 05:38:15 pm        356
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជា ពាក់ព័ន្ធនឹងការធ្វើច្បាប់ដកសញ្ជាតិ សូមមើលប្រទេសខ្លួនឯងវិញថាតើមានច្បាប់នេះឬអត់?​សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅប្រទេសទាំងឡាយដែលចេញមកតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងផងតើប្រទេសខ្លួនឯងមានច្បាប់ដកសញ្ជាតិឬអត់? ខណៈការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ សម្ដេចបានរម្លឹកថា សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម ហើយសម្ដេចប្រកាសគាំទ្រការផ្ដួចផ្ដើមគំនិតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានអនុវត្តច្បាប់នេះចំពោះជនក្បត់ជាតិនាកាលនោះ។ សម្ដេចតេជោបានបន្តថា ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក  ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាត។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕

សម្ដេចតេជោ៖អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺខុសគោលការណ៍អាស៊ាន និងជាជនក្បត់ជាតិ

2025/07/14 05:31:13 pm        593
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺទីមួយប្រទេថៃគឺបានធ្វើខុសទៅនឹងគោលការណ៍អាស៊ាន និងចំណែកមេដឹកនាំបង្កើតកម្លាំងនោះគឺជាជនក្បត់ជាតិកម្ពុជា។ ​សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយឬបោះបង្គោល គឺប្រទេសទាំងពីរ គឺងាយណាស់ក្នុងការប៉ះទង្គិចគ្នា។ ប៉ុន្ដែកាលៈទេសៈដែលកំពុងប្រឈមមុខបច្ចុប្បន្ននេះ យើងអាចពិនិត្យមើលឃើញកាន់តែច្បាស់ថា តើនរណាជាអ្នកឃុបឃិតជាមួយថៃនាពេលនេះអ្នកនោះហើយនឹងទទួលផល ខណៈមានអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសថៃថា ឱ្យពួកនេះ (ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក) មករៀបចំកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសថៃ តើគោលការណ៍អាស៊ាននៅត្រង់ណា? សម្ដេចចោទសួរថា តើកម្ពុជាត្រូវដកសញ្ជាតិមេដឹកនាំនៃកម្លាំងនេះទេ?សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ប្រសិនបើនរណាមួយមកបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ ទីមួយខុសគោលការណ៍អាស៊ាន ដែលមិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងរដ្ឋដទៃ។ ទីពីរ ជននោះ គឺជាជនក្បត់ជាតិ [យើងកំពុងប្រឆាំងជាមួយរដ្ឋមួយ គេចូលរួមជាមួយបរទេសដើម្បីវ៉ៃយើង គេបង្កើនកម្លាំងមកវ៉ៃជាមួយយើង] តើទោសក្បត់ជាតិ ឬទោសបញ្ចេញមតិ?។ បើអ្នកឯងបញ្ចេញមតិមានចរិតជាការក្បត់ជាតិគឺអ្នកឯងត្រូវទទួលការដកសញ្ជាតិ»៕

លេខាធិការដ្ឋានគ.វ.រ. បើកកិច្ចប្រជុំលើកទី៦ លើរបៀបវារៈចំនួន៤ ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ

2025/07/14 05:24:11 pm        270
កំពុងដំណើរការ៖ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) កំពុងដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន៣ និងការងារឆ្ពោះទៅមុខក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១ ការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ជាការពិភាក្សាលើការរបៀបវារៈចំនួន៤ រួមមាន៖ (១)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិំ (២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ (៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បាល់ទាត់ពិភពលោក ២០២៦៖ អ៊ុយរូហ្កាយស្តីបន្ទោស FIFA ក្រោយបញ្ហាជើងហោះហើរ ប៉ះពាល់ដល់ការត្រៀមប្រកួតដំបូង
06/15/2026 02:06 PM
ប្រមុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត
06/15/2026 02:06 PM
គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យ
06/15/2026 02:06 PM
អាល្លឺម៉ង់ឈរលេខ ១ ក្នុងពូល E ក្រោយឈ្នះកូរ៉ាសាវ ៧-១ ខណៈ Amad Diallo ស៊ុតគ្រាប់ជ័យជំនះឱ្យកូតឌីវ័រលើអេក្វាដ័រ
06/15/2026 02:06 PM
ប្រមុខUN សាទរកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា ជា «ជំហានដ៏សំខាន់»
06/15/2026 02:06 PM
ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ មានអ្នករត់ជិត ៦ពាន់នាក់ តែគណៈកម្មការសុំទោសការខកខានផ្ដល់មេដាយ
06/15/2026 02:06 PM
សម្ដេច​ធិបតី៖មកទល់ពេលនេះយុវជនជាង ២៧ ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/15/2026 01:06 PM
សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
06/15/2026 12:06 PM
ភាគហ៊ុនសកលងើបឡើង តែតម្លៃប្រេងធ្លាក់ថ្លែ ដោយសារដំណឹងនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម អ៊ីរ៉ង់-អាមេរិក
06/15/2026 12:06 PM
សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
06/15/2026 12:06 PM