ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

សុខមាលភាពប្រជាពលរដ្ឋ គឺជាទ្រព្យសម្បត្តិ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ

2026/05/01 03:08:58 pm        164
ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​ភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បាន​សហការ​ជា​មួយទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មកពីប្រទេសបារាំង ដឹកនាំដោយលោក Philippe PERRUCHET អគ្គនាយកក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA បានរៀបចំពិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​មិនគិតថ្លៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦​។តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បាន​អញ្ជើញ​សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោប្រមុខរដ្ឋស្តីទី ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និង​ឯកឧត្តម​បណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ថ្នាក់ដឹកនាំខេត្ត ស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលបានជួយ​សម្រប​សម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺ​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃនាពេលនេះ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បានជម្រាបជូនថា ការចុះពិនិត្យព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការបង្ខិតសេវាសុខាភិបាល បង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និង​មណ្ឌល​សុខភាព ឱ្យកាន់តែកៀកជិតនឹងមូលដ្ឋាន ដើម្បីលើកកម្ពស់​សុខ​មាលភាព​ជា​កត្តា​ចម្បង​សម្រាប់​ប្រជា​ពលរដ្ឋ ក្នុងការទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺ និងរួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយទាំងថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម បានលើកឡើងថា កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺត្រូវ​បាន​គិតគូរយ៉ាងយកចិត្តទុកដាក់ជាអាទិភាពពីសំណាក់ថ្នាក់ដឹកនាំ ដូចនេះហើយ​ទើប​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ​ដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមក្នុង​ការ​ងារ​លើក​កម្ពស់​សុខភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្តមប្រធានក្រុម បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមហ៊ុន LABORATOIRE BIODERMA របស់ប្រទេសបារាំង ចុះមកពិនិត្យ និង​ព្យាបាល​ជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្ខពួក ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ជាមួយគ្នានេះ ឯកឧត្តម សង្ឃឹមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក កុំផ្អែមពេក និងខ្លាញ់ច្រើនពេក និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារសុខាភិបាល ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ រួមទាំងជំងឺមិនឆ្លងផងដែរ។ ជាលទ្ធផល នៃការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល ១ថ្ងៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ២៧១នាក់ (ស្រ្តី ១៥៩នាក់) និងអ្នកជំងឺដែលត្រូវបន្តតាមដានចំនួន ៧នាក់។ ជាមួយគ្នានោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយជាម្រេច និងគ្រាប់ស្វាយចន្ទីជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងអំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន ៧០កញ្ចប់ ដូចជាភេជ្ជៈយ៉ិនស៊ីន សម្លៀសបំពាក់ ឡេលាបដៃ ឡេការពារកំដៅថ្ងៃ សាប៊ូលាងដៃ និងក្រេមលាបមាត់ចែកជូនក្រុមអ្នកបកប្រែភាសាបារាំង ក្រុមគ្រូពេទ្យបង្អែកស្រុក និងក្រុមការងាររដ្ឋបាលសាលាស្រុកស្អាង ដោយចំណាយថវិកាសរុបចំនួន ៧,៥៩៤,០០០រៀល៕

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2026/05/01 03:03:10 pm        178
ខេត្តកំពង់ធំ៖ ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុម​ការងារ​គណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បាន​អញ្ជើញ​បើកការដ្ឋានសាង​សង់ផ្លូវ​លំ​ថ្មី​មួយ​ខ្សែប្រវែង ៥.៧០០ម៉ែត្រ ស្ថិតក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត តាមរយៈ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដើម្បីឆ្លើ​យតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ ក្នុងការធ្វើដំណើរ​ប្រចាំថ្ងៃរបស់​បងប្អូន​ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន។ក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអ្នកឧកញ៉ា បណ្ឌិត បានគូសបញ្ជាក់យ៉ាង​សង្កត់​ធ្ងន់ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ សមិទ្ធផលនេះនឹងជួយសម្រួលដល់ការ​ធ្វើដំណើរ​ប្រកបដោយសុវត្ថិភាព និងក្លាយជាចលករជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងរឹងមាំ តាមរយៈ​ការ​ផ្តល់​ភាពងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជួយ​កាត់បន្ថយការចំណាយ និងរួមចំណែកលើកស្ទួយជីវ​ភាព​រស់​នៅរ​បស់​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​មួយកម្រិតទៀត។គួរបញ្ជាក់ផងដែរថា នេះគឺជាសមិទ្ធផលធំទី២ហើយ បន្ទាប់ពីគម្រោងទី១ ដែលលោកអ្នក​ឧកញ៉ា​បណ្ឌិត​បាន​ផ្តល់ជូនកាលពីពេលកន្លងមក គឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវលំចំនួន ១០៦ខ្សែ សរុបប្រវែង ២១៥គីឡូម៉ែត្រ នៅក្នុងឃុំសាលាវិស័យ។ ដោយឡែក បន្ទាប់ពី​បញ្ចប់​ពិធី​បើក​ការ​ដ្ឋានលោកអ្នកឧកញ៉ាបណ្ឌិត ក៏បានបន្តដំណើរចុះពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាង​សង់​អគារ​ស្នាក់​ការ​គណបក្សស្រុកប្រាសាទបល្ល័ង្កថ្មី ដើម្បីធានាឱ្យបាននូវគុណភាព និងសោភ័ណភាព ត្រៀម​បម្រើកា​រងារជូនប្រជាពលរដ្ឋ និងគណបក្សនាពេលខាងមុខ។ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវ ក៏បាននាំយក​នូវ​អំណោយ​ចែក​ជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និង​ប្រជា​ពលរដ្ឋដែលបានចូលរួមសរុបប្រមាណ ៤.០០០នាក់ ដោយមានជាថវិកា និងអង្ករចំនួន ១០តោន ដែលសរុបការចំណាយអស់ប្រមាណ ២៥៥លានរៀល៕

ក្រុមហ៊ុន Chevrolet Cambodia ផ្តល់ការចាក់ប្រេងរយៈពេល៣ឆ្នាំ ស្មើទឹកប្រាក់ ៦ ពាន់ដុល្លា សម្រាប់ម៉ូឌែល Chevrolet Colorado

2026/05/01 02:54:36 pm        156
ក្រុមហ៊ុន Chevrolet Cambodia ផ្តល់ជូនការចាក់ប្រេងឥន្ធនៈរយៈពេល៣ឆ្នាំ ស្មើទឹកប្រាក់ ៦ ពាន់ដុល្លា សម្រាប់ម៉ូឌែល Chevrolet Colorado ជារថយន្តប្រភេទភីកអាប់ ដើម្បីជួយសម្រួលលើការចំណាយប្រចាំថ្ងៃ ដោយអតិថិជនអាចធ្វើដំណើរ និងប្រើប្រាស់ រថយន្តបាន កាន់តែស្រួលចិត្ត សន្សំសំចៃ និងមានទំនុកចិត្ត។ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលតម្លៃទំនិញ ជាពិសេសតម្លៃប្រេងឥន្ធន:កំពុងកើនឡើងជាបន្តបន្ទាប់ បានធ្វើឱ្យការចំណាយ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មកាន់តែកើនឡើង ជាពិសេសសម្រាប់អ្នកដែលតម្រូវការប្រើប្រាស់រថយន្តជាចាំបាច់ ក្នុងការ ដឹកជញ្ជូន និងប្រើប្រាស់សម្រាប់អាជីវកម្មប្រចាំថ្ងៃនានា ក្នុងនោះការចំណាយលើប្រេងឥន្ធនៈគឺជាបញ្ហាចម្បងដែលត្រូវគិតគូ។ដោយមើលឃើញពីតម្រូវការ និងបញ្ហាប្រឈមនេះ, ក្រុមហ៊ុន Chevrolet Cambodia មិនត្រឹមតែលក់រថយន្តទេ ប៉ុន្តែចង់ឈរ ជាមួយអតិថិជន និងជួយបន្ថយបន្ទុកចំណាយរបស់បងប្អូន បានបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា “៣ឆ្នាំពេញជិះដោយសេរី” សម្រាប់ រថយន្ត Pick-up Chevrolet Colorado ដែលអាចឱ្យអតិថិជនរីករាយក្នុងការបើកបរដោយមិនបារម្ភ អាចជិះរថយន្តអាមេរិកស៊េរីថ្មី មិន ចំណាយលើថ្លៃប្រេងឥន្ធន:សូម្បី១សេននៅក្នុងរយៈពេល៣ឆ្នាំ និងអាចផ្តោតលើការងារ និងអាជីវកម្មបានយ៉ាងពេញលេញ។កម្មវិធីនេះផ្តល់ជូនការចាក់ប្រេងឥន្ធនៈរយៈពេល ៣ ឆ្នាំពេញ ស្មើនឹងទឹកប្រាក់ ៦ ពាន់ដុល្លា ដើម្បីជួយសម្រួលលើការចំណាយ ប្រចាំថ្ងៃឱ្យអតិថិជន អាចធ្វើដំណើរ និងប្រើប្រាស់រថយន្តបានកាន់តែស្រួលចិត្ត សន្សំសំចៃ និងមានទំនុកចិត្ត។ ការផ្តល់ជូននេះសម្រាប់តែ ម៉ូឌែល Chevrolet Colorado ជារថយន្តប្រភេទភីកអាប់ ដែលបានត្រឡប់មកវិញ ជាមួយមុខមាត់ថ្មីស្រឡាង ទំនើប និងរឹងមាំជាងមុន ស័ក្តិសមទាំងការប្រើប្រាស់អាជីវកម្ម និងជីវិតប្រចាំថ្ងៃ។ រថយន្ត Chevrolet Colorado ស៊េរីថ្មីនេះ បានបំពាក់ដោយមុខងារទំនើបៗជា ច្រើនដូចជា៖ ម៉ាស៊ីន 2.8L ប្រភេទ Duramax ជំនួយដោយ Ai, កម្លាំងសេះខ្ពស់ 208Hp, កម្លាំងរមួល 510Nm, មានប្រព័ន្ធកាពិតាស់ 4x4, Smart Key ដែលអាចបញ្ជាបញ្ឆេះពីចម្ងាយ, បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់, ការរចនាផ្នែកខាងប្រណិត ទាក់ទាញ ព្រម ទាំងមានភាពទូរលាយ និងផ្តល់ផាសុកភាព, មានសមត្ថភាពអូសសណ្តោងរហូតដល់ 3,500 kg និងសមត្ថភាពផ្ទុកទម្ងន់ 1,134 kg។ជាមួយសមត្ថភាពដ៏រឹងមាំនេះ, Chevrolet Colorado គឺជាដៃគូដ៏ស័ក្តិសមសម្រាប់ម្ចាស់អាជីវកម្ម ការដឹកជញ្ជូន និងអ្នកដែលត្រូវ ការរថយន្តដែលអាចជឿទុកចិត្តបានសម្រាប់ការប្រើប្រាស់យូរអង្វែង។ Chevrolet Colorado មានតម្លៃពិសេសត្រឹមតែ ៥២.០០០ ដុល្លារ តែប៉ុណ្ណោះ។ កម្មវិធី “៣ឆ្នាំជិះដោយសេរី” ត្រូវបានបង្កើតឡើង ដើម្បីជាការចូលរួមជួយសម្រួលសេដ្ឋកិច្ច កាត់បន្ថយការចំណាយប្រចាំថ្ងៃ និងជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែជឿជាក់ និងគាំទ្រម៉ាកយីហោ Chevrolet ជាង ១០០ឆ្នាំ លើទីផ្សារពិភពលោក៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ

2026/05/01 02:34:39 pm        231
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការ​អភិវឌ្ឍ​កំពង់​ផែស្វយ័តក្រុ​ងព្រះសីហនុ និងក្របខណ្ឌនៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និង​កំពង់ផែ បាននិងកំពុងមានសន្ទុះនិងវឌ្ឍនភាពទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសគម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រោះ​ហ្វូណនតេជោ​ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្ត​ទាញ​ទន្លេ​ឱ្យ​ជាប់​សមុទ្រ​កំពុង​ដំណើរ​ការ​សាង​សង់យ៉ាងសកម្ម។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាកជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ​ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើក​ទី​១៤០ ​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ឧសភានេះ។ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្តថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការ​អភិវឌ្ឍវីស័យកំពង់ផែ នៅត្រង់ចំណុចទី៣ នៃមុំទី២ ក្នុងបញ្ចកោណទី២ គឺ «ការបន្ត​បង្កើន​ថវិកា​វិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បី​បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវ អាកាស​ជា​ពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទិក»។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ពិតណាស់ ការរីក​ចម្រើន​របស់​វិស័យ​កំពង់​ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន កើតឡើង​ដោយ​សារ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ក៏ដូចជា ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជា​ពិសេស​ការ​ជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែល​បាន​គាំទ្រ​ដល់​ការអភិវឌ្ឍសាងសង់ និងការធ្វើទំនើបកម្មលើប្រតិបត្តិ ការអាជីវកម្មរបស់កំពង់ផែ៕ អត្ថបទ៖ ធូ វិរៈ

កម្មករនិយោជិតចម្រុះវិស័យចំនួនជាង ១ពាន់នាក់ ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍​ទិវា​ពលកម្ម​អន្តរជាតិ

2026/05/01 02:25:51 pm        225
កម្មករនិយោជិត និងអ្នកប្រកបរបរសេដ្ឋកិច្ចទាំងក្នុង និង​ក្រៅ​ប្រព័ន្ធ​មក​ពី​ចម្រុះ​វិស័យ​ចំនួន​សរុប​ជាង ​១ពាន់នាក់ បានចូលរួមប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និង​វេទិកា​សាធារណៈនៃកិច្ចសន្ទនាសង្គមស្តីពី គោលនយោបាយ​ឆ្លើយ​តប​គាំ​ពារ​សង្គម​សិទ្ធិការងារ និងវិបត្តិសកល។កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោម​អធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​មាន​កា​រ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងអង្គការអន្តរជាតិការងារ (ILO) និងសមាជិក សាមាជិការនៃសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិលជាដៃគូ។លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធីថ្ងៃនេះ មិន​មែន​ត្រឹម​ជាថ្ងៃរំលឹកប្រវត្តិសាស្រ្តតស៊ូរបស់កម្មករពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសបញ្ជាក់ថា សិទ្ធិ​ការងារ ការងារប្រកបដោយសេចក្តីថ្លៃថ្នូរ គាំពារសង្គម និងយុត្តិធម៌សង្គម គឺជាមូលដ្ឋា​ន​សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា ក្នុងបរិបទដែល​ពិភព​លោក​កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច ថាមពល ប្រេងឥន្ធនៈ អតិផរណា បម្រែប្រមួលអាកាសធាតុ និងការ​ផ្លាស់​ប្តូរ​ឌីជីថល ប្រធានបទឆ្នាំ គឺសមស្រប និងទាន់ពេលវេលាបំផុត។ នៅក្នុងពិធីបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីការងារ ហេង សួរ បានមានប្រសាសន៍ថា វេទិកានេះ គឺ​ជា​លំរួមសម្រាប់រាជរដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ចូល​រួម​ពិភាក្សា និងស្វែងរកដំណោះស្រាយរួម ពាក់ព័ន្ធនឹងសិទ្ធការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាព​ការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល។សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំខាងលើនេះ ភាគីសហភាពការងារកម្ពុជា, សហភាព​ចលនា​កម្មករ​កម្ពុជា, សម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បាន​លើកឡើង​ដោយ​ស្នើសុំ​កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ពី​គ្រប់ភាគពាក់ព័ន្ធ រួមមាន និយោជក កម្មករ និយោជិត អាជ្ញាពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និង​ដៃ​គូ​អភិវឌ្ឍន៍ទាំងអស់ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ការ​ជំរុញ​កំណែ​ទម្រង់ការងារ កិច្ចសន្ទនាសង្គម និងការពង្រឹងសិទ្ធិការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បី​ពង្រីក​ប្រព័ន្ធ​គាំពារសង្គមឱ្យគ្របដណ្តប់កម្មករទាំងអស់ រួមទាំងកម្មករក្រៅប្រព័ន្ធ កសិករ ស្រ្តី និង​យុ​វជន និងការជំរុញប្រាក់ឈ្នួលសមរម្យ និងការងារ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​ថ្លៃ​ជីវភាព និងអតិផរណា និងពង្រឹងសុវត្ថិភាពសហជីព និងកិច្ចសន្ទនាសង្គម ជាយន្តការ​សំខាន់​សម្រាប់​ដោះស្រាយវិវាទ និងបង្កើតដំណោះស្រាយដោយសន្តិវិធី។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អណ្តូងទឹកស្អាត ១០ កន្លែង ជាកេរមរតកសប្បុរសធម៌មាតាបិតាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនពលរដ្ឋនៅស្រុកឈូក

2026/05/01 02:25:13 pm        107
ភាពញញឹម និងសេចក្តីត្រេកអរបានរីកសុសសាយពេញឃុំបានៀវ ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៥ ទទួលបានអំណោយដ៏ថ្លៃថ្លានូវអណ្តូងទឹកស្អាតចំនួន ១០ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំង។នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកឈូក ខេត្តកំពត។ ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកបំផុតពីសំណាក់៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ;សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ លោកជំទាវបានបញ្ជាក់យ៉ាងស៊ីជម្រៅថា អណ្តូងទឹកទាំងនេះគឺជា "កេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លា" របស់លោកតា លោកយាយ ដែលជាមាតាបិតារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ មូលនិធិនេះបានចាក់ឫសយ៉ាងមាំអស់រយៈពេល ១៥ ឆ្នាំមកហើយ ក្នុងគោលបំណងធានាថាប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ "ទឹកគឺជាជីវិត ហើយសកម្មភាពមនុស្សធម៌នេះ នឹងនៅតែបន្តឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស"។ ក្រៅពីការផ្តល់នូវប្រភពទឹក លោកជំទាវក៏បានដើរតួជាមាតាប្រកបដោយមេត្តា ដោយបានផ្ដាំផ្ញើដល់ពលរដ្ឋនូវចំណុចសំខាន់ៗដូចជា÷ ការកាត់បន្ថយការហូប ប្រៃ ផ្អែម ខ្លាញ់ និងគ្រឿងកំប៉ុង ដើម្បីចៀសវាងជំងឺមិនឆ្លងផ្សេងៗ រស់នៅត្រូវមានអអនាម័យល្អ ពិសារទឹកអណ្តូងត្រូវដាំអោយបានឆ្អិនមុននឹងបរិភោគ និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។ តំណាងប្រជាពលរដ្ឋដែលទទួលបានផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រួសារសម្តេចតេជោ។ ការផ្តល់អណ្តូងទឹកនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាព និងកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវ "ជីវិត" ដល់ទាំងមនុស្ស សត្វ និងរុក្ខជាតិ ក្នុងគ្រាដែលអាកាសធាតុកំពុងឡើងកម្តៅខ្លាំង។ជាការចែករំលែកសេចក្តីស្រឡាញ់បន្ថែម លោកជំទាវប្រធានមូលនិធិ ក៏បានផ្តល់ជូននូវ៖ រទេះរុញចំនួន ១គ្រឿង ជូនលោកយាយចាស់ជរាម្នាក់អាយុ ៨០ឆ្នាំ ដែលមានជំងឺប្រចាំកាយ។ថែមទាំងមានអំណោយទ្រនាប់ដៃជូនដល់អ្នកចូលរួមទាំងអស់ ក្នុងនោះក៏មានជូនជាសម្ភារ:សិក្សា ចែកជូនដល់កុមារា កុមារី ដើម្បីលើកទឹកចិត្តក្នុងការសិក្សាផងដែរ៕ អត្ថបទ: សំ ងីម

សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា

2026/05/01 12:49:42 pm        150
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយកម្ពុជាលើការអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើវិស័យជាច្រើន ជាពិសេសបានចូលរួមការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្ននេះ។ សម្តេចធិបតី បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទីក និងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅកម្ពុជាបន្ថែមទៀត។ ជាពិសេសជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរចំណេះដឹង, ជំនាញ, បទពិសោធ និងបច្ចេកវិទ្យា លើការអភិវឌ្ឍវិស័យហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តកម្ពុជា ឱ្យកាន់តែប្រសើរឡើង។សម្ដេចធិបតីបានថ្លែងថាការរីកចម្រើនរបស់វិស័យកំពង់ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន កើតឡើងដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានគាំទ្រដល់ការអភិវឌ្ឍសាងសង់ និងការធ្វើទំនើបកម្មលើប្រតិបត្តិ ការអាជីវកម្មរបស់កំពង់ផែនៅព្រះសីហនុនេះ។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយទីភ្នាក់ងារ JICA លើការងារអាទិភាពដូចជា ទី១) ជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និង ទី៣ ឱ្យសម្រេចបានតាមផែនការ, ទី២) ជំរុញការចូលរួមសិក្សារៀបចំផែនការមេ សម្រាប់ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក, ទី៣) ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងទី៤)ជំរុញការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (Port Digitalization) ឱ្យក្លាយជា E-Port៕

សម្តេចធិបតី៖ ក្រុមហ៊ុនចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស គឺមិនចាំស្នើសុំ EIA ម្ដងទៀតនោះទេ

2026/05/01 12:31:31 pm        141
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ មិនចាំបាច់ចុះទៅការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (Environmental Impact Assessment - EIA) ចំពោះក្រុមហ៊ុនវិនិយោគដែលបានទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសទៀតនោះទេ ពីព្រោះការងារនេះ តំបន់សេដ្ឋកិច្ចពិសេសគឺជាអ្នកទទួលខុសត្រូវរួចទៅហើយ ដូច្នេះមិនចាំបាច់ធ្វើត្រួតគ្នាដល់ទៅពីរដងនោះទេ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះសម្ដេចធិបតី បានលើកឡើងថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) កន្លែងខ្លះមិនបាច់ធ្វើត្រួតគ្នាទេ ព្រោះប្រភេទការវិនិយោគមួយចំនួនមិនបានប៉ះពាល់ដល់បរិស្ថានឡើយ។ សម្ដេចបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនដែលចូលទៅវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានតំបន់នោះជាអ្នកធានារួចទៅហើយ ដូច្នេះពាក់ព័ន្ធនឹងត្រួតពិនិត្យបរិស្ថាន EIA មិនបាច់ធ្វើម្ដងទៀត ដើម្បីកាត់បន្ថយការត្រួតពិនិត្យជាន់គ្នា។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនៅខេត្តព្រះសីហនុនេះផងដែរ ដើម្បីឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ និងបញ្ចៀសឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ដែរថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់ស្ថាប័នរដ្ឋ ដើម្បីកុំឱ្យអនុវត្តការងារត្រួតស៊ីគ្នា និងកាត់បន្ថយនីតិវិធីស្មុគស្មាញចំពោះអ្នកវិនិយោគដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការធ្វើពាណិជ្ជកម្ម និងវិស័យនានានៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងធ្វើអាជីវកម្មនៅកម្ពុជា៕

សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ

2026/05/01 12:19:58 pm        150
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្ដេចបានណែនាំដល់ ក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូនក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជាការចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ មិនមែនទៅធ្វើជាកងទ័ព ឬកាន់កាំភ្លើងនោះទេ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ នៅកោះពេជ្រ សម្តេចបានណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើងនេះ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពការងារមួយចំនួននៅសមរភូមិជួរមុខ ដូចជាការងារធ្វើសំណង់ ធ្វើលេណដ្ឋាន ឬធ្វើផ្លូវជាដើម។សម្ដេចបន្តថា ប៉ុន្ដែក្រោយប្រសាសន៍របស់សម្ដេច មានអ្នកវិភាគនៅក្រៅស្រុកមួយចំនួនបានចេញមកបកស្រាយទាំងមិនយល់ ខុសពីការពិត នាំឱ្យមានការភ័ន្តច្រឡំទើបចាំបាច់បញ្ជាក់ឡើងវិញនៅថ្ងៃនេះ ដើម្បីឱ្យពួកគេឈប់យល់ខុសតទៅទៀត។ សូមបញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទី៧ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបង្ក្រាបក្រុមក្មេងទំនើងឱ្យអស់ មិនត្រូវទុកឱ្យពួកគេធ្វើសកម្មភាពបង្កអសន្ដិសុខក្នុងសង្គមជាតិនោះទេ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ក្មេងទំនើងទាំងនោះមានសេរីភាព តែបែរជាដើរកាប់ចាក់គ្នាបំផ្លាញសណ្តាប់ធ្នាប់សង្គម ខណៈអ្នកការពារជាតិនៅជួរមុខជួបការលំបាក។ ដូច្នេះសម្ដេចឱ្យសិក្សាផ្លូវច្បាប់ដើម្បីចាត់វិធានការបញ្ចូនក្រុមក្មេងទំនើងទៅសមរភូមិមុខ គឺដើម្បីកែប្រែឥរិយាបថពួកគេឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ៕ 

រដ្ឋមន្រ្ដី៖ បរិមាណកុងតឺន័រឆ្លងកាត់ផែព្រះសីហនុកើនដល់ជាង ១,៣៤លាន TEUs ក្រោយអភិវឌ្ឍបង្កើនសមត្ថភាព

2026/05/01 11:32:17 am        84
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រោយពីការបង្កើនសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅក្នុងឆ្នាំ២០២៤ បាននាំឱ្យបរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្តែងបានកើនលើសពី ១លាន TEUs ដល់ជាង ១,៣៤លាន TEUs ខណៈ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពនូវការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន បន្តបន្ទាប់ទៀតដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ២, ៦៣លាន TEUs/មួយឆ្នាំ។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សមិទ្ធផលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុពិតជាបានបង្ហាញឱ្យឃើញថា ក្រោយពីការបង្កើនសមត្ថភាពផែនៅក្នុងឆ្នាំ២០២៤ ឱ្យឡើងដល់ ១លាន TEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្តែងបានកើនលើសពី ១លាន TEUs ក្នុងមួយឆ្នាំ និងនៅក្នុងឆ្នាំ២០២៥ នៅពេលសមត្ថភាពផែបានបង្កើនឡើងដល់ ១,៣លាន TEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្តែងបានកើនដល់ជាង ១,៣៤លាន TEUs។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាកជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ឧសភានេះ។ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនិងការជួយ ជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារអាម៉េរិក/TEU។ គិតត្រឹម ខែមេសា ឆ្នាំ២០២៦ គម្រោងទាំងមូលសម្រេចវឌ្ឍនភាពបាន ៦៦,៧% និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ។ ដោយឡែក គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាមានផ្លូវរត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកចូលចតបាន។ គម្រោងនេះគ្រោងនឹងចាប់ផ្តើមអនុវត្តការសាងសង់នៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០២៦ខាងមុខនេះ និងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៩ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ២ ០២០ ០០០ TEUs/ឆ្នាំ។ចំពោះ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមក កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះ បច្ចុប្បន្នកំពុងរៀបចំឯកសារដេញថ្លៃ និងចាប់ផ្តើមអនុវត្តការសាងសង់នៅដើមឆ្នាំ២០២៧ ខាងមុខ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅ ក្នុងឆ្នាំ២០៣០ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ២ ៦៣៧ ០០០ TEUs/ឆ្នាំ៕អត្ថបទ៖ ធូ វិរៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM