ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

អង្គការ ILO៖ ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅកម្ពុជាមានភាពរីកចម្រើន

2026/05/01 05:03:29 pm        137
ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះបើតាមការដឹងពីមន្រ្តីជំនាញនៃអង្គការអន្តរជាតិខាងការងារនៅកម្ពុជា ហៅកាត់ថា ILO។នៅក្នុងពិធីអបអរទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលសន្និ បាត និងពិព័រណ៍កោះពេជ្រ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO) បានប្រាប់BTVថា យោងតាមស្ថិតិពីវិទ្យាស្ថានជាតិស្ថិតិ បច្ចុប្បន្ន កម្លាំងពលកម្មមានដល់១០លាននាក់ ដែលជាកម្លាំងស្នូលមួយដ៏សំខាន់ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជួយឱ្យប្រជាជនចាកផុតពីភាពក្រីក្រ ដោយសារពួកគេមានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។លោកបានបន្តទៀតថា បច្ចុប្បន្ន ការគោរពសិទ្ធិកម្មករ និយោជិត បានជ្រួតជ្រាបច្រើននៅក្នុងកន្លែងធ្វើការ រីឯកម្មកជំនាញវិញ ក៏មានការកើនឡើងជាងបណ្តាឆ្នាំមុនៗដែរ ដែលកាលពីមុនធ្វើតែកសិកម្ម និងកាត់ដេរ ប៉ុន្តែឥឡូវកម្មករជំនាញមានទាំងអេឡិចត្រូនិក រថយន្ត និងជំនាញថ្មីៗទៀត។គួររម្លឹកដែរថា ទិវាកម្មករអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ដើម្បីរំលឹកដល់ការតស៊ូ និងការលះបង់របស់កម្មករ កម្មការិនី ក្នុងការស្វែងរកសិទ្ធិការងារ និងលក្ខខណ្ឌការងារសមរម្យ។ សម្រាប់ប្រទេសកម្ពុជា បានចាប់ផ្តើមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ នៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៤០ នៃទិវាកម្មករអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៦) ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»៕ អត្ថបទ៖ទូច សោភ័ណ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

2026/05/01 04:54:10 pm        296
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីវិធានការចំនួនបី ដែលនឹងត្រូវដាក់ឲ្យអនុវត្តចំពោះករណីក្មេងទំនើងដែលប្រព្រឹត្តល្មើសច្បាប់។ នៅសប្តាហ៍ក្រោយ នឹងមានប្រជុំអន្តរស្ថាប័នដើម្បីធ្វើកិច្ចការងារនេះ ឱ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមានសារប្រយោជន៍ ទី១. សារប្រយោជន៍សម្រាប់ជាតិ និងទី២. សម្រាប់អ្នកដែលពាក់ព័ន្ធ បានន័យថាវាក្លាយជាឱកាសមួយសម្រាប់គាត់អប់រំកែប្រែខ្លួនដែរ។ ហើយក្រុមការងារចំពោះកិច្ចមួយកំពុងធ្វើកិច្ចការងារនេះ ដែលសប្តាហ៍ក្រោយនឹងមានការជួបជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនៅក្របខ័ណ្ឌមួយនេះឱ្យទទួលបានជោគជ័យ។ឯកឧត្តម បានបញ្ជាក់ថា មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឱ្យអនុវត្ត ក្នុងនោះមានទី១. ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស (តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែអត់អនុវត្តទោសនោះទេ)។ ហើយដាក់កាតព្វ កិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ និងទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឱ្យមានការដោះលែងដោយមានលក្ខខណ្ឌ។សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕អត្ថបទ៖ វង្ស សុភាព 

ពុទ្ធបរិស័ទមូលមីនាំគ្នាទៅធ្វើបុណ្យ និងយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមក្នុងថ្ងៃបុណ្យវិសាខបូជា

2026/05/01 04:43:48 pm        109
ក្នុងថ្ងៃបុណ្យវិសាខបូជានេះ ប្រជាពុទ្ធបរិស័ទជាច្រើន បានមូលមីនាំគ្នាទៅធ្វើបុណ្យ និងយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមនានា។ នៅតាមបណ្តាទីវត្តអារាមទាំងអស់ គេសង្កេតឃើញមាន ប្រជាពុទ្ធបរិស័ទ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងចង្ហាន់ យកទៅធ្វើបុណ្យ ប្រគេនព្រះសង្ឃ ក្នុងថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃដ៏សំខាន់បំផុត បង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ថ្ងៃព្រះអង្គបានត្រាស់ដឹង និងជាថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិព្វានផងដែរ។  ពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅធ្វើបុណ្យនៅក្នុងវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងខណ្ឌ៧មករា បានបង្ហាញនូវក្តីជ្រះថ្លាក្រៃលែង ដែលបានធ្វើបុណ្យ ក្នុងថ្ងៃដ៏សំខាន់នេះ និងបានរំលឹកនឹកដល់ពុទ្ធឱវាទរបស់ព្រះព្រះសម្មាសម្ពុទ្ធ ដែលតែងប្រៀនប្រដៅមនុស្សឲ្យដើរលើកន្លងផ្លូវល្អ ស្មោះត្រង់ ជៀសវៀងដាច់ខាត ពីអំពើអប្បាយមុខ និងអប្បាយភូមិនានា ។ ពិធីបុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំ ខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿ ថាជាមហាកុសលដ៏ប្រសើរ៕អត្ថបទ ៖ លីហេង

កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ

2026/05/01 04:37:29 pm        423
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ “រួម​គ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។ នៅក្នុងឱកាសនេះ កម្មករនិយោជិតបានថ្លែងអំណរ​គុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ បរិយាកាសនៅកន្លែងការងារកាន់តែល្អ​ប្រសើរ ដែលមានលក្ខខណ្ឌការងារល្អ ប្រាក់ខែសមរម្យ និងកន្លែងធ្វើការមានផាសុកភាព។កម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតនៅសង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ BTV ថាពួកគេធ្វើការនៅក្នុងសប្បកម្មនេះ រយៈពេល ៤ឆ្នាំហើយ។ ការងាររបស់ពួកគេ ទទួលបានការយកចិត្តទុកដាក់ពីថៅកែ ទាំងការថែ​ទាំ​សុខភាព និងសុវត្ថិភាពការងារ ស្របតាមស្ដង់ដារ អនុឡោមតាមច្បាប់ ។ ពួកគេ អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើស្ដង់ដាការងារ និងការបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋ មិនចាំបាច់ចំណាកស្រុក។ចំណែកលោកស្រី សម្បត្តិ កល្យាណ អគ្គនាយិកាក្រុមហ៊ុន Ample Agro Product co., Ltd. (អ៊ែមផល អាហ្រ្គោ ប្រដាក់) កែច្នៃគ្រាប់ស្វាយចន្ទី ផ្គត់ផ្គង់ក្នុងស្រុក និងនាំទៅកាន់ប្រទេសនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប បានប្រាប់ថា បរិយាកាសការងារនៅរោងចក្ររបស់លោកស្រី អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងគោរពតាមច្បាប់ ស្របតាមស្ដង់ដារសុវត្ថិភាព ដើម្បីឲ្យរោងចក្រសហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្ដមួយ។ នៅក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើក​កម្ពស់ ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ​, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្ដមប្រយោជន៍របស់កម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ៕ អត្ថបទ ៖ លៀ ស៊ីណា 

កម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ

2026/05/01 04:35:24 pm        109
នៅព្រឹកថ្ងៃទី១ ខែឧសភា នេះ ត្រូវនឹងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំមមី ព.ស២៥៦៩ ប្រទេសកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជាយ៉ាងអធិកអធម នៅព្រះមហាសក្យមុនីចេតិយ ភ្នំឧត្តុង្គ ក្រោយការដឹកនាំដោយឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត សីលវន្ត សីលវតី និងពុទ្ធបរិស័ទច្រើនកុះករ។ប្រជាពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួម បានសម្ដែងក្ដីជ្រះថ្លាក្នុងការចូលរួមក្នុងពិធិបុណ្យវិសាខបូជា ដែលជាំរៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងតំណាងថ្នាក់ដឹកនាំតាមស្ថានប័នក្រសួង មន្ត្រីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន តែងតែមកចូលរួមពិធីបុណ្យវិសាខបូជា ទ្រង់ទា្រយធំ នៅភ្នំឧត្តុង្គនេះ  បំណងរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី របស់ព្រះពុទ្ធ និងចូលរួមធ្វើបុណ្យបំពេញកុសល តាមសទ្ធាជ្រះថ្លា ដើម្បីជាគុណប្រយោជន៍ដល់ការអភិរក្សអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងអនុមោទនាយកផលានិសង្សរៀងៗខ្លួន។សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា និងពុទ្ធមាមកជននៅលើសកលលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន បំណងរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទី១ ទ្រង់ប្រសូតិចាកឧទ្ទរព្រះមាតា ទី២ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទី៣ ទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន នៅក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ ដូចៗគ្នា ហើយទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គសហប្រជាជាតិ ប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ចាប់ពីពេលនោះមក នៅការិយាល័យអង្គការសហប្រជាជាតិ ក៏មានប្រារព្ធធ្វើបុណ្យវិសាខបូជាជារៀងរាល់ឆ្នាំផងដែរ។ តាមកម្មវិធីរៀបចំពិធីបុណ្យវិសាខបូជា របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដែលបានរៀបចំជាផ្លូវការ នៅភ្នំឧត្តុង្គ ឆ្នាំនេះ គឺមានការរៀបចំប្រព្រឹត្តទៅរយៈពេល២ថ្ងៃ តាមកាលកំណត់ គឺនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី ព.ស២៥៦៩ និង ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការៀបចំកម្មវិធីហែរប្រទក្សិណ ព្រះមហាសក្យមុនីចេតិយ និងថ្វាយគ្រឿងសក្ការបូជា ធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្ត ឧទ្ទិសកុសល និងនិមន្តព្រះសង្ឃបិណ្ឌបាត នៅឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើត ព្រះមហាសក្យមុនីចេតិយ។ នៅពេលល្ងាច និងថ្ងៃបន្ទាប់ គឺមានរៀបចំកម្មវិធី ជាឱកាសប្រគេនព្រះសង្ឃ និងជូនពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សូត្រនមស្ការគាថា ដើម្បីបំពេញកុសលតាមសទ្ធាជ្រះថ្លា ស្របតាមប្រពៃណីព្រះពុទ្ធសាសនា៕អត្ថបទ៖ ស៊ុម សុខជា

វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ

2026/05/01 04:18:01 pm        255
ភ្នំពេញ៖ ដើម្បីសម្រួលដល់ធុរជនក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្ត ការមិនយកប្រាក់កម្រៃពីសេវាស្កេនទូកុងតឺន័រសម្រាប់ទំនិញនាំចេញដឹក​ឆ្លងកាត់កំពង់ផែ និងព្រំដែនគោកអន្តរជាតិទាំងអស់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។ ជុំវិញ​ការសម្រេចនេះ វិស័យឯកជន បានអបអរសាទរ ហើយថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើន​ល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើន ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃវិបត្តិផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នជាសកលដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិមបូព៌ា។កាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃ​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈប់យកថ្លៃស្កេនកុងតឺន័រទៀតហើយ ចាប់​ពីថ្ងៃទី១ឧសភានេះ តទៅ!។លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នេះគឺជាការគិតគូរដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកអំពីសុខទុក្ខរបស់វិស័យឯកជនដែលកំពុងរងផលប៉ះពាល់​ពី​ការឡើងថ្លៃសេវាដឹកជញ្ជូនទំនិញ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយ ការសម្រេចឈប់​យកកម្រៃស្កេនទូកុងតឺន័រ នឹងជួយបង្កើនប្រសិទ្ធភាពការងារនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ​កាន់​តែប្រសើរឡើង។ជុំវិញសេចក្តីសម្រេចនេះ វិស័យឯកជន បានអបអរសាទរ និងថ្លែងអំណរគុណសម្តេចធិបតីនាយ​ក​រ​ដ្ឋមន្តី្រដែលបានគិតគូរទុកលំបាករបស់វិស័យឯកជនក្នុងស្ថានភាពដ៏លំបាក ដោយសារសង្គ្រា​ម​នៅមជ្ឈិមបូព៌ា។ ពួកគេថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើនល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើនសម្រាប់អ្នកនាំចេញទំនិញទៅទីផ្សារ​អន្តរជាតិ ព្រោះអាចកាត់បន្ថយការចំណាយលើតម្លៃស្កេនចន្លោះពី ១០ ទៅ ២០ ដុល្លារអាម៉េរិក​ក្នុងមួយទូកុងតឺន័រ។សូមបព្ជា​ក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុង​តឺន័រឆ្លងកាត់សរុបជាង ១,៣៤ លាន TEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុប​ជាង ១៥៥,៣៦ លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ

យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងជុំទី២ នឹងចាប់ផ្តើមពីថ្ងៃទី៤-១៤ ខែឧសភា ឆ្នាំ២០២៦

2026/05/01 04:07:38 pm        150
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះថា យុទ្ធ​នាការ​ផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ឆ្នាំ២០២៦ ជុំទី២ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២៦។យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ឆ្នាំ២០២៦ ជុំទី២ នេះ ផ្តោតសំ​ខាន់​លើ​រាជ​ធានី-​ខេត្ត គោលដៅចំនួន៨ ដែលស្ថិតក្នុងតំបន់ដែលមានហានិភ័យ និងតាមបណ្តោយព្រំដែន រួម​មាន៖ ១. ខេត្តស្ទឹងត្រែង ២. ខេត្តរតនគិរី ៣. ខេត្តមណ្ឌលគិរី ៤. ខេត្តក្រចេះ ៥. ខេត្ត​ព្រះវិហារ​ ៦. ខេត្តត្បូងឃ្មុំ ៧. ខេត្តកំពង់ចាម និង៨. ខេត្តស្វាយរៀង។បច្ចុប្បន្ននេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត (ហៅ​កាត់​ថា OD) ចំនួន៧ និងមនី្ទរពេទ្យបង្អែក ចំនួន៩ និងមណ្ឌលសុខភាព ចំនួន៤៦ និងប៉ុស្តិ៍​សុខភាព​ចំនួន​៥​។ តាមរយៈយុទ្ធនាការនេះ ឯកឧត្តមបណ្ឌិត ងី មានហេង សង្កត់ធ្ងន់ថា មន្ត្រី​សុខាភិបាល​យើង​មាន​ចំនួន​ជាង​ ១៣០០នាក់ កំពុងបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​ជូន​ថ្នាំ​បន្តក់​គ្រុនស្វិតដៃជើង គ្រប់មណ្ឌលសុខភាពទាំង៤៦ និងក្រុមការងារសុខាភិបាល និង​អ្នក​ស្ម័គ្រ​ចិ​ត្តភូមិ ចុះទៅតាមបណ្តាភូមិ ខ្នងផ្ទះ និងសាលារៀន ដើម្បីបន្តក់ថ្នាំបង្ការជូនកុមារ ធានា​ថា​មិន​មាន​កុមារណាម្នាក់ត្រូវបានរំលងឡើយ ហើយការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើងនេះ គឺ​ឥត​គិត​ថ្លៃ​នោះ​ទេ។​ ដូច្នេះ អាណាព្យាបាលទាំងអស់ ទោះបី​ជា​កូន​លោក​អ្នក​បាន​ទទួល​ថ្នាំ​បង្កា​រ​គ្រប់​តាម​កាល​វិភាគ​ធម្មតាក៏ដោយ ក៏ត្រូវតែទទួលថ្នាំបន្តក់បន្ថែមក្នុងយុទ្ធនាការនេះ ដើម្បីធានា​បាន​នូវ​ការ​ការ​ពារ​ពេញលេញ។សូមបញ្ជាក់ថា ជំងឺគ្រុនស្វិតដៃជើង ជាជំងឺកាចសាហាវ ដែលមិនមានថ្នាំព្យាបាលឡើយ ហើយ​អាច​បណ្តាលឱ្យកុមារពិការអស់មួយជីវិត ឬបាត់បង់ជីវិត។ ប៉ុន្តែអាច​ការ​ពារ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​តាម​រយៈការទទួលថ្នាំបង្ការ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងមេភូមិ ឬមណ្ឌល​សុខ​ភាព ដែលនៅជិតលោកអ្នកបំផុត ឬតាមដានទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល​៕ អត្ថបទ រដ្ឋា  

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ថៃ​​កំពុង​ព្យាយាម​លុប​ចោល ​MoU ស្តីពី​តំបន់​ដែន​សមុទ្រ​ត្រួត​គ្នា កម្ពុជា-ថៃ តើថៃ​កំពុង​ចង់​ធ្វើ​អន្តរ​ជា​តូបនីយ​កម្ម​លើ​តំបន់​ព្រំដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​កម្ពុជា​មែនទេ?»

2026/05/01 03:59:48 pm        355
តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា​​ បានមានប្រសាសថា «ថៃ​​កំពុង​ព្យាយាម​ឈាន​ដល់​ការ​លុប​ចោល ​MoU ស្តីពី​តំបន់​ដែន​សមុទ្រ​ត្រួត​គ្នាដែលចុះហត្ថលេខារវាងកម្ពុជា-ថៃ វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ភាគី​ថៃ ទាមទារ​ចង់​បាន​ទ្វេ​ភាគី​ជាមួយកម្ពុជា។ សម្ដេចតេជោបានលើកជាសំនួរថា តើថៃ​កំពុង​ចង់​ធ្វើអ​ន្តរ​ជាតូ​បនី​យក​ម្ម​លើ​តំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?»សម្ដេចតេជោ ហ៊ុន សែនបន្តថា «ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់លោក​បណ្ឌិត​ Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និង​សន្តិ​សុខ​របស់​ប្រទេស​ថៃ។ ខ្ញុំសូមអធ្យាស្រ័យពីលោកបណ្ឌិត Surachart Bamrungsuk ដែល​យក​អត្ថ​បទ​របស់លោកមកបង្ហោះ ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់​កាន់​តែ​ច្បាស់​លើ​រឿង​ MoU នេះ។»ខាងក្រោមអត្ថបទទាំងស្រុងរបស់លោកបណ្ឌិត Surachart Bamrungsuk ដែល​សម្ដេច​តេជោ​បាន​បង្ហាញ (​បកប្រែក្រៅផ្លូវការជាភាសាខ្មែរ)៖ខ្លឹមសារនៃអត្ថបទវិភាគរបស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខ ដែលមានចំណងជើងថា «សូមឱ្យយើងសប្បាយចិត្ត-លុបចោល MoU 44!» ដែលបានចុះផ្សាយនៅលើផេក «Matichon Weekly» នៅថ្ងៃទី៣០/០៤/២០២៦:អត្ថបទនេះសុំអនុញ្ញាតខ្ចីចំណងជើងបទចម្រៀងរបស់វង់តន្ត្រី Suntaraporn ដែលមានឈ្មោះថា «សូមឱ្យយើងសប្បាយចិត្ត» មកធ្វើជាចំណងជើងអត្ថបទ ព្រោះការសម្រេចចិត្តរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក្នុងការលុបចោល «MoU 44» ឬអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ចុះថ្ងៃទី18 ខែមិថុនា ឆ្នាំ2001 នោះ គឺប្រៀបដូចជាការបង្កើតក្ដីសុខដល់មនុស្សក្នុងសង្គមថៃ តាមជំនឿរបស់ក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង។ប៉ុន្តែបន្ទាប់ពីលុបចោលហើយ តើសង្គមថៃនឹង «សប្បាយចិត្ត» ពិតប្រាកដឬយ៉ាងណានោះ វាជាចំណុចដែលត្រូវលើកយកមកធ្វើជាចំណុចសម្រាប់ពិចារណា។ ការសង្កេត និងបញ្ហាបន្តបន្ទាប់ក្រោយការលុបចោល MoU 44 មានចំណុចសង្កេតដូចខាងក្រោម៖អនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-កម្ពុជា ឬ MoU2544 នេះ ធ្លាប់ត្រូវបានលុបចោលម្ដងរួចមកហើយក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងសម័យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva ហើយរដ្ឋាភិបាលនាពេលនោះបានលុបចោលតាមសំណើរបស់រដ្ឋមន្ត្រីការបរទេស Kasit Piromya។ការប្រកាសលុបចោលនាពេលនោះ មិនមានប្រសិទ្ធភាពក្នុងការអនុវត្តឡើយ ព្រោះមិនបានជូនដំណឹងជាផ្លូវការ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងមិនបាននាំយកបញ្ហានេះ ចូលក្នុងដំណើរការសភាដើម្បីលុបចោលសន្ធិសញ្ញាទើបចាត់ទុកថា គ្មានប្រសិទ្ធភាពពេញលេញ។ការលុបចោលអនុស្សរណៈនៃការយោគយល់នេះ ត្រូវតែអនុវត្តតាមវិធីសាស្រ្តនៃការលុបចោលកិច្ចសន្យា ដែលបានកំណត់ក្នុងអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ មិនមែនគ្រាន់តែប្រកាសហើយចាត់ទុកថាបញ្ចប់ និងលុបចោលបានភ្លាមៗនោះទេ។ការប្រកាសលុបចោលក្នុងឆ្នាំ២០០៩ គឺជាលទ្ធផលដែលបណ្តាលមកពីរដ្ឋាភិបាលកម្ពុជាបានតែងតាំងលោក Thaksin Shinawatra ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច រួមផ្សំនឹងទំនាក់ទំនងថៃ-កម្ពុជានាពេលនោះមានបញ្ហាដោយសារករណីប្រាសាទព្រះវិហារផងដែរ ទើបគេប្រើការលុបចោល MoU ជាសញ្ញានៃការតវ៉ាចំពោះរដ្ឋាភិបាលកម្ពុជា។ការប្រកាស លុបចោលរបស់ភាគីថៃនាពេលនោះ ក្រសួងការបរទេសបានប្រើលេសថា ការចរចាក្រោមអនុស្សរណៈនេះមិនមានវឌ្ឍនភាព ហើយលេស «មិនមានវឌ្ឍនភាព» ត្រូវបានយកមកប្រើម្ដងទៀតក្នុងឆ្នាំ២០២៦ ដែលមិនខុសពីមុនឡើយ ដែលនាំឱ្យមានសំណួរថា តើចំណុចនេះជាការពិតកម្រិតណា?នៅពេលដែលរដ្ឋាភិបាលលោក ស្រី Yingluck Shinawatra មិនបានបន្តដំណើរការលុបចោលដើម្បីធ្វើឱ្យវាកើតឡើងជាផ្លូវការ MoU ច្បាប់នេះនៅតែមានសុពលភាពជាធម្មតារហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែឥឡូវនេះក៏ត្រូវប្រឈមនឹងការលុបចោលម្ដងទៀត។ការសម្រេចចិត្តលុបចោល MoU 44 ក្នុងស្ថានភាព បច្ចុប្បន្នអាចបកស្រាយបានថា ជាលទ្ធផលពីបញ្ហាសង្គ្រាមថៃ-កម្ពុជា ដែលបានកើតឡើង២លើកក្នុងឆ្នាំ២០២៥ និងជាការបង្ហាញឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយចរន្តជាតិនិយមរបស់មេដឹកនាំរដ្ឋាភិបាលថៃ។បញ្ហាសង្គ្រាមថៃ-កម្ពុជា មានចំណែកដោយផ្ទាល់ក្នុងការបង្កើត «ចរន្តជាតិនិយមថៃ ហើយត្រូវបានក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង ដែលធ្លាប់ធ្វើការងារយ៉ាងសកម្មនៅក្នុងបញ្ហាប្រាសាទព្រះវិហារកាលពីឆ្នាំ២០០៨ លើកយកមកបង្កើតជាចរន្តបែបនេះឡើងវិញម្តងទៀត ដែលធ្វើឱ្យមនុស្សជាច្រើន ក្នុងសង្គមថៃបច្ចុប្បន្នចាប់ផ្តើមចាប់អារម្មណ៍នឹងចរន្តនេះជាថ្មី ហើយក៏ជាចំណែកមួយដែលបានរួមចំណែកដល់ជ័យជម្នះរបស់គណបក្ស Bhumjaithai ទើបអាចធ្វើឱ្យមេដឹកនាំរដ្ឋាភិបាល នៅពេលនេះនៅតែប្រកាន់ខ្ជាប់ទៅនឹងចរន្តនេះ និងសង្ឃឹមថាអាចនឹងយកសំឡេងគាំទ្របានពីចរន្តនេះបន្តទៀត។មិនច្បាស់ថា ការលុបចោល MoU នេះ មានកត្តាផ្សេងទៀតដែរឬទេ ក្រៅពីការបង្ហាញរូបភាពជា «នាយករដ្ឋមន្ត្រីជាតិនិយម» ដើម្បីផ្គាប់ចិត្តក្រុមជាតិនិយម និងបណ្តាក្រុមជ្រុលនិយម ព្រោះខ្ញុំមិនឃើញមានបញ្ហាជ្រៀតជ្រែកផ្សេងទៀត ខុសពីបញ្ហាដែលបានកើតឡើងកាលពីឆ្នាំ២០០៩ ដែលរដ្ឋាភិបាលថៃមិនពេញចិត្តនឹងការ តែងតាំងទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជាឡើយ។ការលុបចោលអនុស្សរណៈ ដោយលើកហេតុផលដើម្បីបើកឱកាសឱ្យថៃ និងកម្ពុជាប្រើប្រាស់ច្បាប់សមុទ្រ (UNCLOS, 1982) វាហាក់ដូចជារឿង «គួរឱ្យអស់សំណើច» ព្រោះ MoU 44 ផ្អែកលើច្បាប់សមុទ្រស្រាប់ទៅហើយ គណៈកម្មការរៀបចំដើមមិនមែនជាអ្នកដែលគ្មានចំណេះដឹងរឿងច្បាប់សមុទ្រ និងធ្វើអ្វីដែលរំលោភលើគោលការណ៍ច្បាប់សមុទ្រនោះទេ។ការលុបចោលនឹងត្រូវធ្វើឱ្យគ្រប់គ្នាត្រូវត្រឡប់មកបង្កើតក្របខ័ណ្ឌចរចាថ្មីក្នុងលក្ខណៈនៃ «ក្របខ័ណ្ឌចរចាបណ្ដោះអាសន្ន» (Provisional Arrangement) ដែលមិនខុសពីការធ្វើអនុស្សរណៈយោគយល់គ្នាដដែលនេះទេ ប៉ុន្តែតើនឹងធ្វើឱ្យសម្រេចបានដោយរបៀបណា?ត្រូវដឹងថា MoU 44 ជាយន្តការក្នុងការចរចា មិនមែនជាសន្ធិសញ្ញាអន្តរជាតិក្នុងការបែងចែកផលប្រយោជន៍ពីប្រេង និងហ្គាសធម្មជាតិក្នុងឈូងសមុទ្រថៃឡើយ ការលុបចោលគឺជាការលុបយន្តការ ឬក្របខ័ណ្ឌក្នុងការចរចា និងលុបចោលគណៈកម្មការដែលកំពុងចរចា។ត្រូវយល់ថា ការចរចាក្រោមក្របខ័ណ្ឌអនុស្សរណៈនេះនឹងមិនប៉ះពាល់ដល់សិទ្ធិទាមទារដែនសមុទ្ររបស់ភាគីថៃដែលមានតាំងពីដើម ហើយ MoU ក៏មិនបានបង្កើតការខូចខាត ដល់ការទាមទារ សិទ្ធិដែនសមុទ្ររបស់ថៃ ដូចដែលការឃោសនាបំផ្លើសរបស់ក្រុមជាតិនិយមជ្រុលនោះទេ។រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow និងបណ្ដាមន្ត្រីរាជការក្នុង នាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ទាំងកម្រិតអគ្គនាយក និង អនុប្រធាន អគ្គនាយកទាំង២រូប គួរតែដឹងច្បាស់ពី ប្រយោជន៍របស់ MoU 44 ព្រោះយ៉ាងហោចណាស់ លោកទាំង ៤នាក់នេះសុទ្ធតែធ្លាប់ធ្វើការក្រោមរដ្ឋមន្ត្រីការបរទេស Surakiart Sathirathai ហើយពួកគេមិនដែលបានបង្ហាញជំហរជំទាស់នឹង MoU នេះឡើយ (ជាពិសេសលោក Sihasak Phuangketkeow ដែលជាអតីតលេខាធិការ អចិន្ត្រៃយ៍ក្រសួងការបរទេស ដែលគួរតែដឹងរឿងនេះច្បាស់ ហើយលោកក៏មិនធ្លាប់មានជំហរជំទាស់នឹង MoU ពីមុនមកឡើយ)។ខ្ញុំចង់ឃើញភាពជា «មន្ត្រីរាជការដែល ស្មោះត្រង់នឹងវិជ្ជាជីវៈ» របស់អតីតមន្ត្រីនៅក្នុងអង្គភាពសំខាន់ៗដែលពាក់ព័ន្ធទាំង៣ ផ្នែកដើម្បីឱ្យពួកគេនិយាយការពិតចំពោះបញ្ហា MoU ដែលពួកគេនោះគឺ 1) នាយកដ្ឋាន សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ក្រសួងការបរទេស 2) នាយកដ្ឋានផែនទីយោធា និង 3) នាយកដ្ឋានជលសាស្ត្រ កងទ័ពជើងទឹកថៃ ជាពិសេសគឺទី៣ តែម្តង ព្រោះគាត់ធ្លាប់ជាបុគ្គលិកកាលពីអតីតកាលរបស់នាយកដ្ឋានជលសាស្ត្រ ហើយគាត់ក៏មានចំណែកយ៉ាងសំខាន់ក្នុងការចូលរួមបង្កើតក្របខ័ណ្ឌនៃ MoU 44 លើកលែងតែនាយទាហានជើងទឹកដែលមានអំណាចបច្ចុប្បន្ន។ខ្ញុំយល់ច្បាស់ថា ការជំទាស់នេះទំនងជាមិនអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីក្នុងការលុបចោល MoU 44 បានឡើយ ព្រោះលោកចាំបាច់ត្រូវយកចិត្តក្រុមជាតិនិយមជ្រុល និងដើម្បីបង្ហាញពីភាពជា «អ្នកជាតិនិយម» ឱ្យប្រជាជនក្នុងសង្គមបានឃើញ។ ទោះជាយ៉ាងណា «នយោបាយជាតិនិយមជ្រុល» អាចប្រើប្រាស់បានខ្លះតែក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយកវាមកធ្វើជាកត្តាចម្បងក្នុងការកំណត់នយោបាយការបរទេសរបស់ថៃ នោះវានឹងបង្កជាបញ្ហាលើសពីផលចំណេញ។ជាចុងក្រោយ ខ្ញុំចង់សង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី បានប៉ះពាល់ដល់ «ផលប្រយោជន៍ជាតិ» របស់ថៃយ៉ាងធ្ងន់ធ្ងរ ព្រោះការលុបចោល MoU 44 គឺជាការបោះបង់ចោលផលប្រយោជន៍ដែនសមុទ្ររបស់ថៃ ក្នុងទិដ្ឋភាពច្បាប់អន្តរជាតិ ដូចដែលការចរចាមុនបានរៀបចំក្របខ័ណ្ឌទុកមក។លើកលែងតែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin ជឿជាក់ដោយខ្លួនឯងថា លោកអាចបង្កើតក្របខ័ណ្ឌចរចាដែនសមុទ្រថ្មីបានល្អជាងក្រុមចាស់ ឬជឿថា លោកមានអ្នកពូកែដែលមានចំណេះដឹង និងបទពិសោធន៍ផ្នែកច្បាប់សមុទ្រច្រើនជាងបុគ្គលដូចជា សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai និង នាយឧត្តមនាវី Thanom Charoenlap តែជាអកុសលខ្ញុំមិនជឿឡើយ ហើយក៏គ្មានផ្លូវជឿដែរ ព្រោះនៅពេលបានស្តាប់អ្នកដែលនៅជាមួយរដ្ឋាភិបាល ប្រជាជន ក្រសួងការបរទេស និងកងទ័ពជើងទឹកហើយ វារឹតតែធ្វើឱ្យខ្ញុំមិនអាចជឿទុកចិត្តបានទាល់តែសោះ!ខ្ញុំចង់ឃើញមេដឹកនាំរដ្ឋាភិបាលអានអត្ថបទវិភាគអំពី MoU 44 ដែលសរសេរដោយ សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai ដែលបានបោះពុម្ពផ្សាយជា កូនសៀវភៅចំនួន ២ច្បាប់ក្នុងឆ្នាំ២០១១ និងអត្ថបទវិភាគរបស់ នាយឧត្តមនាវី Thanom Charoenlap ដែលបានបោះពុម្ពផ្សាយជាកូនសៀវភៅក្នុងឆ្នាំ២០១២ ហើយកូនសៀវភៅទាំង៣ ច្បាប់នេះ ត្រូវបានបោះពុម្ពផ្សាយឡើងវិញក្នុងឆ្នាំ២០២៤។ ខ្ញុំមិនចង់ឃើញមេដឹកនាំថៃជាប់ជំពាក់ចិត្ត ឬជក់ចិត្តដិតអារម្មណ៍នឹងការបង្កើត «វោហាសាស្ត្រ» របស់ក្រុមជាតិនិយមជ្រុល ដែលមិនផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិទាល់តែសោះនោះឡើយ៕

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្រ្ដីឱ្យខិតខំ​កសាង​ការងារ​ល្អ​ដើម្បី​បន្សល់​ទុក​ជា​មរតក​សម្រាប់​ជំនាន់​ក្រោយ

2026/05/01 03:20:31 pm        161
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់​មន្រ្ដី​សុខា​ភិបាល​ឱ្យ​ខិត​ខំ​កសាងប្រវត្តិការងារល្អ គឺឆ្លុះបញ្ចាំងពីខ្លួនឯងដែលបានខិតខំប្រឹងប្រែង និងបន្សល់​ទុក​ជា​មរតក​ សម្រាប់ជំនាន់បន្តបន្ទាប់។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្ដី បានណែនាំបែបនេះក្នុងកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដើម្បី​ពិនិត្យ​វឌ្ឍន​ភាពការងារ និងរៀបចំផែនការ ការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និង​ស័ក្តិ​សិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ក្នុង​ឱកាសនោះ ឯកឧត្តម បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់ ត្រូវ​បន្តយ​កចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន និងកិច្ច​ការ​បម្រើ​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីជាកិត្តិយស និងជាស្នាដៃដល់​មន្ត្រី​សុខាភិបាល​ជំនាន់​ក្រោយ​សិក្សា​ជាគំរូ។ បន្ថែមពីនេះ គ្រប់បណ្តាអង្គភាព ស្ថាប័នចំណុះក្រសួងសុខាភិបាល ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និងតាមដានជាប្រចាំលើប្រព័ន្ធទំនាក់ទំនងបន្ទាន់ (Hotline) នៅ​ក្នុង​អង្គ​ភាព​របស់ខ្លួន ដើម្បីជំរុញក្នុងការឆ្លើយតប និងទទួលការទំនាក់ទំនងឱ្យកាន់តែទាន់ពេលវេលា ប្រកប​ដោយស្មារតីបុរេសកម្ម។ឯកឧត្តម​សង្កត់ធ្ងន់ពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះ នៅតាមមន្ទីរពេទ្យ និងមណ្ឌល​សុខភាព​ ត្រូវពង្រឹងការបម្រើសេវាសុខភាពសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ជាទី​បញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារយ៉ាងសកម្ម ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ នៅតាមមន្ទីរពេទ្យ និងតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅ​ទូទាំង​ប្រទេសកន្លងមកនេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ មានសិរីសួស្តី និងទទួលបាន​ជោគ​ជ័យ​ក្នុងភារកិច្ចបន្ថែមទៀតនៅក្នុងឆ្នាំមមីនេះ៕ អត្ថបទ រដ្ឋា 

អនុប្រធានសមាគមអតីតយុទ្ធជន ចុះពិនិត្យការងារសាងសង់ផ្ទះ និងជួបពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

2026/05/01 03:09:12 pm        106
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានអញ្ជើញចុះជួបប្រជាពលរដ្ឋភៀសសឹក ព្រមទាំងពិនិត្យការសាងសង់ផ្ទះ ការតបណ្តាញអគ្គិសនី និងទឹកស្អាតតាមខ្នងផ្ទះដែលប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ឯកឧត្តម គន់ គីម បានសំណូមពរបងប្អូនប្រជាពលរដ្ឋ សូមចូលរួមរៀបចំសោភ័ណផ្ទះដែលទើបបានចូលស្នាក់នៅកាលពីថ្មីៗនេះ ដោយរៀបចំសម្អាតដីជុំវិញផ្ទះ។ទន្ទឹមគ្នានេះ ឯកឧត្តម បានណែនាំដល់ក្រុមការងារសាងសង់ផ្ទះត្រូវធ្វើយ៉ាងណាឲ្យការសាងសង់គ្រប់តាមខ្នងផ្ទះនីមួយៗមានគុណភាព និងប្រសិទ្ធភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM