ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់

សន្តិសុខ និង សង្គម

ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/10/31 10:25:40 am        194
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ៧២នាក់ (ស្រី ១២នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត

2026/10/30 06:40:14 pm        179
ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់ OP ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលសមត្ថកិច្ចកម្ពុជាបានចុះបិទឃ្លុំ ហ៊ុមព័ទ្ធនាពេលកន្លងមក។ ដំណើររបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនចុះទៅដល់ទីនោះ នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ មានការសម្របសម្រួលដោយអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ព្រមទាំងប្រធានក្រុមការងារប្រតិបត្តិការ និងនីតិវិធីនៃលេខាធិការដ្ឋាន គ.ប.ឆ.ប និងដឹកនាំនីតិវិធីដោយលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ។ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារជំនាញ នៃក្រសួងសន្តិសុខសាធារណៈចិន បានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃអគារអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ គួរបញ្ជាក់ផងដែរថា ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនប្រចាំកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

2026/10/29 06:26:51 pm        141
ភ្នំពេញ ៖ នៅព្រលប់ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ ។ យោងតាមការបង្ហោះនៅលើគណនេយ្យបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ « ខ្ញុំសូមប្រាប់ថាករណីម្ចាស់រថយន្ត ដែលបានបើកបរបង្កបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនេះ ត្រូវចូលខ្លួនមកជាបន្ទាន់មិនបាច់រកអ្នកអន្តរាគមន៍ទេ។ កម្លាំងជំនាញខ្ញុំកំពុងតាមហើយត្រូវដឹងថាចរិតរបស់ខ្ញុំ គឺរាល់បទល្មើសណាមួយដែលកើតឡើងខ្ញុំមិនដែលនៅស្ងៀមទេ » ។ សារមុតស្រួចរបស់ឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ ធ្វើឡើងបន្ទាប់ពី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕ លីហេង

ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់

2026/10/28 04:28:37 pm        153
ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកោះកុង បានទទួល និងចាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងបានចុះសំណុំរឿង ព្រហ្មទណ្ឌលេខ ៣៦៦ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តកោះកុង។ ក្នុងសំណុំរឿងនេះដែរ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជនជាតិឡាវចំនួន ១នាក់ និងជនជាតិ ខ្មែរចំនួន ៧នាក់ ស្រី១នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន ៣៩បាវ ក្នុងនោះមានចំនួន ៩៨២ដុំ ទម្ងន់៩៧៨គីឡូ និង៨៦៥,៣៦ក្រាម និងថ្នាំគ្រាប់ពណ៌ទឹកក្រូច WY ទម្ងន់១៥,១៩ក្រាម សរុបទាំងអស់ទម្ងន់ ៩៧៨គីឡូ និង៨៨០,៥៥ក្រាម។អ្នកនាំពាក្យបានបន្តថា ក្រោយពីបានធ្វើការសាកសួរជនសង្ស័យ ពិនិត្យភស្តុតាង និងសំណុំរឿងរួច តំណាងអយ្យការ សម្រេចចោទប្រកាន់ជនសង្ស័យទាំង១២នាក់ និងបក្ខពួក (ឃាត់ខ្លួនបានចំនួន ៨នាក់) ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែ សីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជាបទល្មើសដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ កថាខណ្ឌទី១, ទី២, ទី៣ និងទី៧ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន រួចបញ្ជូនសំណុំរឿង និងជនសង្ស័យខាងលើ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកោះកុង តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣២០ អ.យ/២៦ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទ៖ វង្ស សុភាព

សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

2026/10/28 04:18:28 pm        156
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាសហការជាមួយ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) បង្រាបករណីដឹកជញ្ជូនឆ្លងដែនខុសច្បាប់ពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ ចាប់ខ្លួនមនុស្សចំនួន ៨នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ១តោន។ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងបានប្រាប់ BTV នៅរសៀលថ្ងៃទី២៨ ខែតុលា នេះថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីទាបភ្លឺ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន, កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា, កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានសហការណ៍ជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពី លោកជំទាវព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះបង្រាបបទល្មើសជាក់ស្តែងក្នុងករណីដឹកជញ្ជូនឆ្លងដែនខុសច្បាប់នូវសារធាតុញៀន ០១ករណី ចំនួន ០២គោលដៅ ស្ថិតនៅក្នុងភូមិ-ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះ ៖-គោលដៅទី១ នៅលើទូក ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ប្រុស មាន ០២សញ្ជាតិ (ឡាវ ០១នាក់ និងខ្មែរ ០៤នាក់) ក្នុងនោះដែរក៏បានឃាត់មនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ ជនជាតិខ្មែរ ដែលពួកគាត់បានស្ថិតនៅក្នុងបរិវេណរង្វង់ប្រតិបត្តិការ របស់កម្លាំងជំនាញ និងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ១៨បាវ។-គោលដៅទី២ នៅចំណុចតូបលក់អីវ៉ាន់ នៅមុខវត្តប៉ាក់ខ្លង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្រី ០១នាក់(ជនជាតិខ្មែរ) និងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ២១បាវ។ស្នងការនគរបាលខេត្តកោះកុងបានបន្តថា លទ្ធផលបង្ក្រាបរួម ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨នាក់ ស្រី ០១នាក់ មាន ០២សញ្ជាតិ (ឡាវ ០១នាក់ប្រុស និង ខ្មែរ ០៧នាក់-ស្រី ០១នាក់) ។ចំណែកមនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ (ជនជាតិខ្មែរ) ដែលពួកគាត់បានស្ថិតនៅក្នុងបរិវេណ រង្វង់ប្រតិបត្តិការរបស់កម្លាំងជំនាញនិងសមត្ថកិច្ចកំពុងធ្វើការសាកសួរបំភ្លឺ។ដកហូតវត្ថុតាងរួម ៖ គ្រឿងញៀនចំនួន ៣៩បាវ បានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង រង់ចាំកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន មកពិនិត្យធ្វើតេស្ត ដើម្បីបញ្ជាក់ពីចំនួន និង ប្រភេទនៃគ្រឿងញៀន។ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) បានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។ ប្រតិបត្តិការនេះបាននាំឱ្យមានការចាប់ខ្លួនមនុស្សចំនួន ៨ នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម។ គ្រឿងញៀនទាំងនេះនឹងមិនអាចទៅដល់សហគមន៍នៅសហរដ្ឋអាមេរិក កម្ពុជា ឬសហគមន៍ណាមួយផ្សេងទៀតបានឡើយ។ នេះបើយោង ស្ថានទូតអាម៉េរិកបានបន្តថា បណ្តាញឧក្រិដ្ឋជនប្រើប្រាស់ប្រទេសកម្ពុជាជាប្រទេសឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអាជ្ញាធរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការឈរនៅជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជនយើង៕ អត្ថបទ៖ វង្ស សុភាព

ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

2026/10/27 11:56:32 am        146
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ១០នាក់ (ស្រី ៦នាក់) ដែល​ពាក់ព័ន្ធការលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន ធ្វើការ​ងារ​ខុស​ច្បាប់​ប្រើ​ប្រាស់នូវ​សារធាតុញៀន​ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិព្រែកចាក ខេត្តកំពត។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់

2026/10/22 02:42:24 pm        321
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុច អគារខុនដូរមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១៤រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។ ការបង្ក្រាបនេះ ធ្វើឡើងក្នុងការចុះរដ្ឋបាលពិនិត្យ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកសុខ ពេញវុធ និងលោកពេញ ភារម្យ អភិបាលរងរាជធានី អនុវត្តការបង្ក្រាបដោយកម្លាំងនគរបាល ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ ជាលទ្ធផលត្រួតពិនិត្យ កម្លាំងជំនាញរកឃើញ ជនបរទេសសរុប ២០នាក់ មាន០២សញ្ជាតិ (ចិន, កូរ៉េ) ។ ក្នុងនោះដែរចែកចេញជា៣បទល្មើស ដោយមាន១៣នាក់ (កូរ៉េ០២នាក់, ចិន១១នាក់) ពាក់ព័ន្ធការស្នាក់នៅដោយខុសច្បាប់ , ជនជាតិចិនម្នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និងជនជាតិចិន០៦នាក់ផ្សេងទៀត ពាក់ព័ន្ធទៅនឹងអំពើឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ ក្នុងការបង្ក្រាបបទល្មើស Online Scams នេះដែរ កម្លាំងសមត្ថកិច្ច ដកហូតសម្ភារៈពាក់ព័ន្ធ រួមមាន ៖ ទូរស័ព្ទដៃចំនួន២៦គ្រឿង , កុំព្យូទ័រយួរដៃចំនួន០៦គ្រឿង និង All in One ចំនួន ០៣គ្រឿង ។ ផ្អែកការកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំង០៦នាក់ខាងលើ បានប្រើប្រាស់ប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពផ្តល់ឱកាសការងារក្លែងក្លាយ(Work Scams)ដែលមានគោលដៅទៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំង២០នាក់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ លីហេង

ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់

2026/10/14 07:27:18 pm        137
ក្នុងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២៦នាក់ និងរងរបួសធ្ងន់ស្រាល១០១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ គឺមានការកើនឡើង១៤ករណី ចំនួនអ្នកស្លាប់កើនឡើង១៦នាក់ និងអ្នករបួសកើនឡើង ៧១នាក់។មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ រួមមាន លើសល្បឿនកំណត់ ១៣ករណី មិនគោរពសិទ្ធិអាទិភាព ១០ករណី មិនប្រកាន់ស្តាំ ៦ករណី វ៉ាជែង៣ករណី ស្រវឹង១ករណី និងកត្តាយានយន្ត១ករណី។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ជារួមក្នុងរយៈពេល១៦ថ្ងៃគិតពីបិណ្ឌទី១ ដល់ថ្ងៃឈប់សម្រាកភ្ជុំចុងក្រោយ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សរុបចំនួន ១៤៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៨៦នាក់ និងរងរបួសធ្ងន់ស្រាល ២៥៨នាក់។ ចំនួននេះដែរ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺកើនឡើង២៦ករណី អ្នកស្លាប់កើនឡើង ៦នាក់ និងអ្នករបួសកើនឡើងចំនួន ១០២នាក់៕

គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

2026/10/14 04:52:55 pm        162
ភ្នំពេញ៖គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦ នៅកម្ពុជាមានជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ២៣កន្លែងទូទាំងប្រទេស។ មិនមែនតែជនស៊ីវិលនោះទេ ក៏មានមន្រ្តីនគរបាលជាតិ ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្ត ។ នេះបើតាមការគូសបញ្ជាក់ពីលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមអ្នកនាំពាក្យរង ក្នុងចំណោមជនជាប់ឃុំសរុបជិត ៥ពាន់នាក់នោះ រួមមានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤.៣៤៣នាក់ មកពី ២៧ សញ្ជាតិផ្សេងៗគ្នា។ ជនជាប់ឃុំទាំងនោះ ត្រូវបានបែងចែកជា ៤ប្រភេទច្បាស់លាស់ ទី១-គឺជនត្រូវចោទមានចំនួន ៤.១៦៨នាក់ ដែលជាជនរងការចោទប្រកាន់ជាស្ថាពរពីតំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត ទី២-គឺជនជាប់ចោទ មានចំនួន ៤៤១នាក់ សំដៅលើជនដែលកំពុងស្ថិតក្រោមការគ្រប់គ្រង និងដំណើរការស៊ើបសួរ។ ទី៣-គឺពិរុទ្ធជន មានចំនួន ១៩៤នាក់ ត្រូវបានចៅក្រមជំនុំជម្រះបើកសវនាការសម្រេចផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ដោយសារសាមីខ្លួននៅមានសិទ្ធិប្ដឹងតវ៉ាតាមផ្លូវច្បាប់ និងប្រភេទទី៤-គឺទណ្ឌិតមានចំនួន ៣១នាក់ ដែលជាជនរងសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់តាមការកំណត់របស់តុលាការ។ដោយឡែកពាក់ព័ន្ធនឹងទីតាំងឃុំឃាំង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣ នៅទូទាំងប្រទេស ពន្ធនាគារចំនួន ៥ ដែលមានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ រួមមាន ពន្ធនាគារខេត្តស្វាយរៀង នៅលំដាប់ថ្នាក់លេខ១ បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។បន្តមកលម្អិតពីករណីមន្រ្តីនគរបាលជាតិរងទណ្ឌកម្មវិន័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ទូច សុឃៈ បានលើកឡើងអំពីចំណាត់ការវិន័យផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ក្នុងនោះចំពោះករណីពាក់ព័ន្ធស្រាល ឬសើរៗ ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាម «ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» ដូចជា ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។ដោយឡែក ចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់បទល្មើសព្រហ្មទណ្ឌ លោក ទូច សុឃៈ បានបន្ថែមថា សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

2026/10/14 02:53:30 pm        240
មន្ត្រីគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅ​ស្ថានីយ​អ្នក​ដំណើរ​ចេញ​នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយ​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរ​ចាក​ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីបន្ថែមថា ជាលទ្ធផល ក្រុមការងារបានរកឃើញរុក្ខជាតិក្រៀម សង្ស័យជា​សារធាតុ​ញៀន​ប្រភេទ​កញ្ឆា ចំនួន២០ ដុំ មានទម្ងន់សុទ្ធសរុប ៣៣ ០៧៣ ក្រាម លាក់​បង្កប់​ក្នុង​វ៉ា​លី​​សំលៀក​បំពាក់​។ មន្ត្រីគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងដែរថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មន្ត្រីគយ​និង​រដ្ឋាករ​សហការ​ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២​នាក់​ក្នុង​ករណីផ្សេងគ្នាចំនួនពីរ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ​រកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា សរុបចំនួន ៨៥ ដុំ មាន​ទម្ងន់​សុទ្ធ​សរុប ៤៨ ១៥៨ ក្រាម។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា ករណីទី១ គឺនៅវេលាម៉ោង ០៨:៣៥ នាទី ក្រុម​ការ​ងារ​បាន​ត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ ដុំ មាន​ទម្ងន់​សុទ្ធ ២៣ ០៤៦ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។ ករណីទី២ គឺនៅវេលាម៉ោង ២០:​០៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ ដុំ មានទម្ងន់សុទ្ធសរុប ២៥ ១១២ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។ មន្ដ្រីបន្ថែមថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុម​ការ​ងារ​បានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាព​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ​ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ក្នុងការវាយប្រហាររបស់កងទ័ពវ៉េណេស៊ុយអេឡា លើជំរុំក្រុមឧទ្ទាមកូឡុំប៊ី
11/02/2026 07:11 PM
ក្រុង​គីវ៖ រុស្ស៊ីចាប់ផ្ដើម​ការវាយប្រហារឡើងវិញ លើតំបន់ Kherson របស់អ៊ុយក្រែន ក្រោយ​បទឈប់បាញ់បញ្ចប់
11/02/2026 06:11 PM
រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានការសន្ទនា ដើម្បីដោះស្រាយជម្លោះ នៅមជ្ឈិមបូព៌ា
11/02/2026 06:11 PM
រដ្ឋមន្ត្រី៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាការចូលរួមលើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក
11/02/2026 06:11 PM
វិបត្តិរដ្ឋាភិបាលបែលហ្ស៊ិក កំពុង​លេច​ឡើង ខណៈការចរចាថវិកាដួល​រលំ​
11/02/2026 06:11 PM
ក្រុមអ្នកគាំទ្ររបបរាជានិយមថៃ វាយ​មេដឹកនាំ​ពលករអន្តោរប្រវេសន៍មីយ៉ាន់ម៉ា​​ នៅមុខការិយាល័យ UN ក្នុងក្រុងបាងកក
11/02/2026 05:11 PM
ប្រភព៖ ជប៉ុនពិចារណាផែនការចំណាយលើវិស័យការពារជាតិ ៥០០ពាន់លានដុល្លារ នៅ ៥ឆ្នាំបន្ទាប់​
11/02/2026 05:11 PM
មានការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីអ៊ីរ៉ង់នៅទីក្រុងដូហា
11/02/2026 05:11 PM
មន្ត្រី៖ មនុស្ស ៩នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន Learjet នៅភាគខាងត្បូងរដ្ឋ Florida
11/02/2026 05:11 PM
កូរ៉េខាងជើង៖ សមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញពីភាពចាំបាច់ក្នុងការពង្រឹងការទប់ស្កាត់
11/02/2026 04:11 PM