ជនជាតិវៀតណាម ៤៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​បទ​ល្មើស​ផ្សេង​ៗ​ទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស
គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

សន្តិសុខ និង សង្គម

តំណាងអយ្យការចោទប្រកាន់ស្ដ្រីជេរប្រមាថកងទ័ព ចំនួន២បទល្មើស គឺបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ

2026/08/14 05:46:01 pm        246
ភ្នំពេញ ៖ សំណុំរឿងស្ត្រីឈ្មោះ ចិន្ដា សុវណ្ណារី ម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយជេរប្រមាថអតិថិជនដែលជាកងទ័ព ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។នេះបើតាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ទូរទស្សន៍ BTV នៅនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺវីរកងទ័ពឈ្មោះ រិ រិទ្ធ ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការដែលគាត់កំពុងឈរជើងនៅប្រាសាទតាមាន់ក្នុងកងពលតូចលេខ៤២។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រុមមេធាវីកំពុងរៀបចំចាប់ផ្ដើមដំណើរការ ការពារក្ដីនេះដោយស្របច្បាប់ហើយ។សូមជម្រាបថា ជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន និងសំណុំរឿងស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយនៅរសៀលថ្ងៃទី១៤ សីហាដដែលតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស ហើយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចៅក្រមស៊ើបសួរបន្តនីតិវិធី៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន

2026/08/14 04:42:57 pm        362
ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «ដារ៉ា៧២» ឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន (ពេស្យាចារកុមារ)។ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជា ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «តារា៧២» មានទីតាំងស្ថិតនៅផ្លូវលូប្រាំ ភូមិទ្រា៤ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ក្នុងនោះមានអនីតិជន ចំនួន៣នាក់ ដើម្បីធ្វើការសាកសួរ និងកំណត់អត្តសញ្ញាណ។ មន្រ្តីនគរបាលជំនាញបានបញ្ជាក់ថា ចំពោះជនរងគ្រោះបន្ទាប់ពីបញ្ចប់ការសាកសួររួចរាល់នឹងត្រូវបញ្ជូនទៅកាន់មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីទទួលបានការគាំពារ និងកិច្ចគាំទ្រនានាតាមផ្លូវច្បាប់ ចំណែកជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាកាដើម្បីបន្តនីតិវិធី។ អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អនីតិជនក្នុងគ្រប់ទម្រង់នៃកេងប្រវ័ញ្ចផ្លូវភេទ និងការងារធ្ងន់ធ្ងរឡើយ។ សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើអនីតិជន នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាព និងអនាគតរបស់កុមារកម្ពុជាអនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។ សូមរាយការណ៍មកលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨ ក្នុងករណីសង្ស័យមានអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់លើអនីតិជន៕ អត្ថបទ៖ កុម្ភៈ 

នគរបាលរាជធានីបង្ហាញមុខក្រុមទំនើង ៣២នាក់ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា

2026/08/14 04:33:39 pm        243
ក្រុមក្មេងទំនើង ៣២នាក់ ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា ត្រូវកម្លាំងនគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញស្រាវជ្រាវ បង្ក្រាបជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃ និងធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៦ នៅក្នុង ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ។លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌមានជ័យ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៣២នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ៦ករណីផ្សេងៗពីគ្នា ក្នុងនោះ មានសារធាតុញៀន ០៨នាក់ ។ ក្រុមក្មេងទំនើងទាំង ៣២នាក់ដែលត្រូវសមត្ថកិច្ចបង្ក្រាប មាន ៦ធីម ឈ្មោះ ធីមបឹងកេងកង, ផ្សារដើមថ្កូវ, កាប់គោ, កាប់ស្លុយ, ជឹមទឹកមាត់, កាហ្វេកែងចិន ។លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង០៣ និង៤៥ នាទី ទាបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ក្រុមក្មេងទំនើងជាច្រើននាក់បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាជិះម៉ូតូដេញធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ ចំនួន ០២គ្រឿងរងការខូចខាត និងជនរងគ្រោះរងរបួសចំនួន ០២នាក់ ក្នុងនោះរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាល ម្នាក់ ) កើតហេតុនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់ ផ្លូវជាតិលេខ៦អា ក្រុម៤ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ យឺន ពូលី ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ កម្មករកាប់គោ និង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ឡោះ សៃនី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងឈ្មោះ បឹងកេងកង (BKK), ក្រុមផ្សារដើមថ្កូវ (TTR),ក្រុមកាប់គោ (KKO),ក្រុមកាប់ស្លុយ (KS) ,ក្រុមមាត់ទឹក (MT) និងក្រុមកាហ្វេកែងចិន (CKJ) ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញការិយាល័យសហការជាមួយនគរបាលខណ្ឌជ្រោយចង្វារបើកការស្រាវជ្រាវបង្ក្រាបបាន ១០នាក់ ដកហូតវត្ដុតាងមួយចំនួន ដើម្បីចាត់ការនីតិវិធី ។ចំពោះជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ។ ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចជំនាញកំពុងតាមចាប់បន្តទៀត៕ អត្ថបទ ៖ តារាវុទ្ធី 

សំណុំរឿងស្ត្រីជេរប្រមាថកងទ័ពកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

2026/08/14 12:54:37 pm        356
សំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយ​ជេរប្រមាថអតិថិជនដែលជាកងទ័ព និងត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាន កំពុង​ស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើ​តាម​ការ​បញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញបានប្រាប់ទូរទស្សន៍ BTV នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។  ស្ត្រីរូបនេះឈ្មោះ ចិន្តា សុវណ្ណារី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។  បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន និងសំណុំរឿងស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦

2026/08/14 11:39:06 am        361
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ។បើតាមរបាយការណ៍ ក្នុងចំណោមនោះ ទោចក្រយានយន្ត ឬម៉ូតូ និងត្រីចក្រយានយន្ត មាន ៩.៣៤៤គ្រឿង ភាគច្រើនល្មើសដោយសារមិនពាក់មួកសុវត្ថិភាព៦៣ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង២៣ភាគរយ មិនគោរពសញ្ញា១៣ភាគរយ និងគ្មានផ្លាកលេខសម្គាល់១ភាគរយ។ ចំណែករថយន្តមាន៥.៥២៣គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់៧០គ្រឿង ខណៈអត្រាល្មើស មានជាអាទិ៍ បើកបរលើសល្បឿនកំណត់ ៤៧ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៣៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍១២ភាគរយ គ្មានបណ្ណបើកបរ ៥ភាគរយ និងគ្មានផ្លាកលេខសម្គាល់ ២ភាគរយ។ក្រៅពីការផាកពិន័យនៅនឹងកន្លែង សមត្ថកិច្ចក៏បានដកពិន្ទុបណ្ណបើកបរ និងពិន័យតាមរយៈឧបករណ៍បច្ចេកទេសសរុប ១៥.២១០នាក់ ក្នុងនោះមានស្ត្រី ២.២២៦នាក់។ ការដកពិន្ទុទាំងនោះរួមមាន ដកពិន្ទុ ៣៩៥ពិន្ទុលើអ្នកបើកម៉ូតូល្មើសចំនួន ៩.៤៦៧គ្រឿង ដកពិន្ទុ ១០.៤១០ពិន្ទុលើអ្នកបើកបររថយន្តធុនស្រាលចំនួន៥.៦៣២គ្រឿង និងដកពិន្ទុ៨៧ពិន្ទុ លើអ្នកបើកបររថយន្តធុនធ្ងន់ចំនួន១១១គ្រឿង។ ដល់ចំនួនកំណត់មួយ សមត្ថកិច្ចនិងដកហូតបណ្ណបើកបរទាំងនោះតែម្ដង។ សូមបញ្ជាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។ សម្រាប់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់ ៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់មិនប្រយត្ន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត១ភាគរយ៕ 

គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ

2026/08/13 05:26:49 pm        312
ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១.២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង២១៣ករណី ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់កើន៧៩ នាក់ស្មើ ១១ភាគរយ និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។យោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែសីហានេះ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមករណីសោកនាដកម្មទាំងនោះ ការបើកបរល្មើសល្បឿន មាន៤៦ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ បត់មិនប្រយ័ត្ន ៦ភាគរយ ស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍ ២ភាគរយ និងកត្តាយានយន្ត១ភាគរយ។កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ របាយការណ៍ បង្ហាញទៀតតួលេខយ៉ាងច្បាស់ៗថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ អ្នកជិះម៉ូតូមានរហូតដល់៨០ភាគរយ ក្នុងនោះមិនបានពាក់មួកសុវត្ថិភាពមានចំនួន ៦៣ភាគរយ ខណៈគ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញមានចំនួន ៤៦១ លើក ខេត្តព្រះសីហនុ ៩២លើក កណ្តាល ៧៥លើក កំពង់ស្ពឺ ៥៧លើក និងខេត្តស្វាយរៀង ៥៥លើក។សូមបញ្ជាក់ថា ត្រឹមតែក្នុងរយៈពេល១០ថ្ងៃដើមខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យអ្នកដំណើរ៥២នាក់ស្លាប់ និង៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ។ បញ្ហាចោទ គឺដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ច មិនបានអនុវត្តច្បាប់មួយរយៈ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមការស្នើសុំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តតែនៅក្នុងភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ពោលគឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ការរឹតបន្តឹងនេះ ផ្តោតសំខាន់ទៅលើអំពើល្មើសដែលបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោង៕

ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams

2026/08/11 11:49:46 am        297
ភ្នំពេញ៖ ក្នុងរយៈពេលជាង ៧ខែ ក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសជាង ៥ម៉ឺននាក់ ចេញពីកម្ពុជា ដោយក្នុងនោះជាង ១ម៉ឺន ៧ពាន់នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ការបណ្តេញចេញនេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បាន​ថ្លែង​ប្រាប់ BTVថា ក្រោយ​ពី​​បា​ន​ធ្វើ​ការបោសសម្អាត​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គិតចាប់ពីថ្ងៃទី១ ខែ​មករា មកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអ​ន្តោប្រវេស​ន៍បាន​បណ្តេញ​ជន​បរទេស​ចេញ​ពីកម្ពុជាមាន​ចំនួនជាង ៥ម៉ឺននាក់ ដោយក្នុងនោះពាក់ព័ន្ធជាមួយ Online Scams គឺ​មាន​ចំនួនជាង ១ម៉ឺន ៧ពាន់នាក់។ ហើយចំពោះការងារនេះនៅតែបន្តទៅតាម​គោល​នយោបាយ និង​ការណែនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជាប្រធាន​គណៈ​កម្មការចំពោះ​​កិច្ចនឹង​បន្ត​ធ្វើការបោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកិទ្យាបន្តទៅ​មុខ​ទៀត​។ ​ការប្រព្រឹត្តបទល្មើសរបស់ជន​បរទេស​នៅកម្ពុជាមានដូចជា ឆ្លងដែនខុស​ច្បាប់ចូល​មក​ក្នុង​ប្រទេស ការស្នាក់នៅខុសច្បាប់។ ហើយនៅពេលខាងមុខនេះ អគ្គនាយកដ្ឋានអន្តប្រវេសន៍ និង​អគ្គ​នាយកដ្ឋានការងារ នៃក្រសួងការងារនងបណ្តុះណ្តាលវិជ្ជាជីវ នឹងធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ​ហត្ថ​ពលករបរទេសចាប់ពីខែក្រោយថា តើជនបរទេសដែល​មក​ធ្វើ​ការ​នៅ​ក្នុងប្រ​ទេស​កម្ពុជា​ស្រប​ច្បាប់​ឬ​ក៏​ខុសច្បាប់ ឬក៏មានប័ណ្ណការងារត្រឹមត្រូវែរឬទេ?អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ទៀតថា ជនបរទេសជាអ្នកធ្វើការឆបោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ប៉ុន្តែឥឡវឈានដល់មួយកម្រិតទៀតគឺ​មានពលរដ្ឋខ្មែរមួយចំនួនអាចនឹងពាក់ព័ន្ធ ហើយ​នឹង​ធ្វើសកម្មភាពដោយខ្លួនអែងទៅទៀត។ ហើយសមកុំឲ្យ​ប្រជាពលរដ្ឋចាញ់បោកគេ និង​សុំ​កុំ​ប្រព្រឹត្តពាក់ព័ន្ធជាមួយ​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពោលគឺពលរដ្ឋខ្មែរបោក​ប្រាស់​ពលរដ្ឋ​ខ្មែរ​គ្នាអែងជាបន្តទៀតតាម​អ្វីដែលក្រុម​ឧក្រិដ្ឋ​ជនណែនាំ។ហើយពលរដ្ឋខ្មែរជាស្ត្រី​ក៏​មាន​ការ​ចាញ់​បោកមេខ្យល់​នាំទៅធ្វើការនៅក្រៅប្រទេសថាបានកម្រៃច្រើន គឺសូមឲ្យប្រុង​ប្រយ័ត្ន​ពី​ព្រោះ​ការ​ឆបោកនេះមិនត្រឹមតែជនបរទេសទេ ឥឡូវនេះដល់ពលរដ្ឋខ្មែរ ហើយ​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ក៏​មាន​ការ​ចាញ់បោកទៅប្រទេស​ក្រៅច្រើនដែរ។ ហើយត្រូវបានប្រទេសជិតខាង ឬក៏​ប្រទេស​ដែល​មាន​ការ​ពាក់​ព័ន្ធបានបញ្ជូនត្រឡប់មកវិញ។ ហើយសូមឲ្យប្រជាពលរដ្ឋមានការ​ប្រុង​ប្រយ័ត្ន​កុំ​ជឿតា​ម​​ការ​ឆបោករបស់ជនមួយចំនួន។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្តេញ​ជន​បរទេស​ចេញ​ពី​កម្ពុជា​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ចរកឃើញថា ពួកគេបានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ករណី​លួច​ស្នាក់​នៅ និងធ្វើការងារខុសច្បាប់ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺ​ជា​ការ​អនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកន្លងមកសម្តេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬ​ប្រព្រឹត្ត​បទ​ល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវ​តែ​បន្ត​បោស​សម្អាត​ បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខ​ជាតិ​»​៕ អត្ថបទ៖ វង្ស សុភាព 

ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់

2026/08/06 05:00:45 pm        289
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ១១២ករណី និងសង្គ្រោះជនរងគ្រោះចំនួន៥៨១នាក់ (ស្រី៣៣៣នាក់)។ ចំនួនខាងលើនេះបើធៀបឆមាសទី១ ឆ្នាំ២០២៥ កើនឡើង ១៣ករណី ស្មើ ១៣,១៣ភាគរយ។ យោងតាមរបាយការណ៍ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន ករណីជួញដូរមនុស្សចំនួន ៤៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់ (ស្រី៣នាក់) សង្គ្រោះជនរងគ្រោះចំនួន ៣២៧នាក់ (ស្រី១១១នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ២៣នាក់ (ស្រី១៥នាក់) អាយុ១៥-១៧ឆ្នាំ ១៩នាក់ (ស្រី៦នាក់) និងអាយុ១៨ឆ្នាំឡើង ២៨៥នាក់ (ស្រី៩០នាក់)។ ចំណែកករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន ៦៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១១៦នាក់ ស្រី៣០នាក់ មានជនជាតិបរទេស ៣៤នាក់ (ចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ ជប៉ុន១នាក់) សង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ (ស្រី២២២នាក់) មានអាយុ ក្រោម១៥ឆ្នាំ ៥៥នាក់ (ស្រី៥១នាក់) អាយុ១៥-១៧ឆ្នាំ ៧៨នាក់ (ស្រី៧៥នាក់) និងអាយុ១៨ឆ្នាំឡើង ១២១នាក់ ស្រី៩៦នាក់។ បើតាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន ១៦៩នាក់ (ស្រី ៣៣នាក់)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសចំនួន ៣៤នាក់ (ស្រី៣នាក់) រួមមាន ជនជាតិចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ និងជនជាតិជប៉ុន១នាក់។ គួរកត់សម្គាល់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ របាយការណ៍ក៏បានបង្ហាញ អំពីសំណុំរឿងដែលបានចាត់ការរួច ចំពោះបទល្មើសអំពើជួញដូរមនុស្ស ក្នុងនោះរួមមាន បានជំនុំជម្រះ ១៩៦សំណុំរឿង (ថ្មី១២៤) មានមនុស្ស ៣០៦នាក់ (ស្រី២៩នាក់) បានចេញសាលក្រមចំនួន ១៦៥សំណុំរឿង (ថ្មី១០២) មានមនុស្ស ២៦០នាក់ (ស្រី២៧នាក់) បានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៤០សំណុំរឿង (ថ្មី៧៩) មានមនុស្ស ២៣២នាក់ (ស្រី២២នាក់) និងព្យួរទោសចំនួន ១១សំណុំរឿង មានមនុស្ស ១៤នាក់ (ស្រី១នាក់)។ ទន្ទឹមនឹងលទ្ធផលបង្ក្រាបបាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានបង្ហាញឱ្យដឹងដែថា បទល្មើសជួញដូរមនុស្ស លែងជាបទល្មើសប្រពៃណី និងដាច់ដោយឡែកទៀតហើយ ពោលគឺកាន់តែស្មុគស្មាញ និងប្រទាក់ក្រឡាកាន់តែស៊ីជម្រៅ ជាមួយបទល្មើសដទៃ ដែលឧក្រិដ្ឋជន កាន់តែមានជំនាញ និងកលល្បិចខ្ពស់ និងមានបណ្តាញកាន់តែទូលំទូលាយ គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដើម្បីឆបោក អូសទាញ ជនរងគ្រោះបានកាន់តែងាយស្រួល និងពិបាករកភស្តុតាង ដាក់បន្ទុក ឬបង្ក្រាប ។ គ.ជ.ប.ជ ក៏បានសំណូម ទាមទារឱ្យស្រាវជ្រាវរកគំនិតផ្តួចផ្តើម និងវិធីសាស្ត្រដែលមានប្រសិទ្ធភាព បង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមិនរង់ចាំបទល្មើសកើតហើយទើបបង្ក្រាបនោះទេ និងទាមទារឱ្យមានការបង្កើនសមត្ថភាព និងការគាំទ្រដល់មន្ត្រីដែលសកម្ម និងមានការទទួលខុសត្រូវ ព្រមទាំង ដាក់វិន័យមន្ត្រីដែលនៅតែចូលរួមបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ថ្នាក់ អាចបង្កភាពរងគ្រោះដល់ប្រជាជន និងប្រទេសជាតិ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងអំណរគុណ និងផ្ដល់គោលការណែនាំដល់សមត្ថកិច្ចចម្រុះបង្កើនកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឱ្យបានម៉ឺងម៉ាត់ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្សព្វផ្សាយអប់រំ៕

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង

2026/08/05 09:48:43 pm        541
យ៉ាងហោចណាស់ មានមនុស្ស៦នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែង ខណៈដែលសមតត្ថកិច្ចបានចូលទៅឡោមព័ន្ធជនសង្ស័យ ហើយជនបង្កបានផ្ទុះគ្រាប់បែកឡើង។លោក ធាង ឡេង អភិបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ BTV news នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា ករណីបង្ក្រាបគ្រឿងញៀននេះ ជនបង្កបានបំផ្ទុះគ្រាប់បែកកែច្នៃ ខណៈដែលកម្លាំងមានសមត្ថកិច្ច មានទាំងនគរបាល កម្លាំងប្រជាការពារ បានចូលទៅឡោមព័ន្ធជនសង្ស័យ។អភិបាលស្រុកវាលវែងបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន ហើយយបានប្រើប្រាស់អំពើហិង្សាលើគ្រួសារ ក្រោយទទួលបានករណីនគរបាលក៏បានចុះទៅកន្លែងកើតហេតុ ពេលនោះជនបង្កមានគ្រាប់បែកកែច្នៃ ក៏បានបំផ្ទុះពេលដែលនគរបាល និងប្រជាការពារចូលទទៅជិតជនសង្ស័យ បណ្ដាលឱ្យផ្ទុះរបួស និងស្លាប់៦នាក់ មានសមត្ថកិច្ច រួមទាំងជនបង្ក។ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ស្រីក្រសួងមហាផ្ទៃ បានថ្លែងតាមបណ្ដាញសង្គមនៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា មន្ត្រីនគរបាលជាតិ និងប្រជាការពារ សរុបចំនួន៥រូបបានស្លាប់ ហើយជនបង្កម្នាក់ក៏បានស្លាប់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាកើថា ហេតុការណ៍នេះ បានបណ្ដាលឱ្យមានសោកនាដកម្ម ហើយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់៕

ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

2026/08/05 04:29:50 pm        179
ភ្នំពេញ ៖ ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិត និងផ្សព្វផ្សាយមាតិកាមិនសមរម្យ បំពានលើក្រមសីលធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមានខ្លឹមសាររើសអើងចំពោះអ្នកជំងឺ ព្រមទាំងការបំពានផ្សេងៗ ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។តំណាងក្រុមអ្នកផលិតមាតិកាទាំងពីរ បានទទួលស្គាល់កំហុស សុំអភ័យទោសចំពោះសាធារណជន និងបានធ្វើកិច្ចសន្យាថា នឹងលុបបំបាត់ខ្លឹមសារមិនសមរម្យ និងមិនប្រព្រឹត្តកំហុសដដែលនេះជាថ្មីទៀតឡើយ។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ដ្រក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនឹងបន្តតាមដានសកម្មភាពរបស់ក្រុមអ្នកផលិតមាតិកាទាំងពីរនេះ រួមនឹងក្រុមផ្សេងៗយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងករណីមានការបំពានកើតឡើងជាថ្មី ក្រសួងនឹងចាត់វិធានការសមស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយមិនមានការលើកលែងឡើយ។ក្រសួងព័ត៌មានក៏បានអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមតាមដាន និងរាយការណ៍អំពីមាតិកាដែលបំពានច្បាប់ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់បុគ្គល និងតម្លៃសង្គម ដើម្បីរួមគ្នាកសាងបរិយាកាសព័ត៌មានប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល។ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏បានអំពាវនាវដល់អ្នកផលិតមាតិកាគ្រប់ប្រភេទ អ្នកបង្កើតមាតិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Content Creators/Influencers) និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូរ សិទ្ធិ និងតម្លៃរបស់បុគ្គល ព្រមទាំងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈរើសអើង បង្កការស្អប់ខ្ពើម បន្ទាបបន្ថោក ប្រមាថ ឬរំលោភបំពានលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬក្រុមណាមួយ ជាពិសេសស្ត្រី កុមារ ជនមានពិការភាព អ្នកជំងឺ និងក្រុមងាយរងគ្រោះផ្សេងៗ។ ការផលិតមាតិកាប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងការគោរពតម្លៃមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងបរិយាកាសព័ត៌មានដែលមានគុណភាព និងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព និងអរិយធម៌៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រេងធ្លាក់ថ្លៃ ខណៈលោក Trump សន្យាធ្វើសង្គ្រាមសេដ្ឋកិច្ចលើអ៊ីរ៉ង់
08/24/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ត្រៀមសេណារីយ៉ូសម្រាប់សកម្មភាពអរិភាពរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
08/24/2026 12:08 PM
អឺរ៉ុប ជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ផែនការតាំងលំនៅឋាននៅតំបន់ West Bank ដែលនឹងប៉ះពាល់ដល់ដំណោះស្រាយរដ្ឋពីរ
08/24/2026 12:08 PM
អ៊ីរ៉ាក់ ស្នើសុំការអនុញ្ញាតពីអ៊ីរ៉ង់សម្រាប់នាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz
08/24/2026 12:08 PM
លោក Zelenskyy និយាយថា អ៊ុយក្រែននឹងមិនស្វែងរកជម្រើសផ្សេងក្រៅពីសមាជិកភាពភាពណាតូទេ
08/24/2026 12:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្រុម AOT បន្តចុះសង្កេតការណ៍អំពីការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃខុសច្បាប់លើដីកម្ពុជា គូស​បញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឱ្យបានឆាប់បំផុត
08/24/2026 12:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គ្រួសារវីរយុទ្ធជនពលី និង​កងកម្លាំង​ជួរ​មុខ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់​ដឹកនាំកម្ពុជា
08/24/2026 12:08 PM
រដ្ឋមន្ត្រីក្រសួងរតនាគារ៖ អាមេរិកមានបំណងកាត់ផ្តាច់ការសង្គ្រោះសេដ្ឋកិច្ចទាំងអស់ដែលជួយដល់អ៊ីរ៉ង់
08/24/2026 11:08 AM
មនុស្ស៦នាក់របួស និងជាង៤ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែង ខណៈភ្លើងឆេះព្រៃជិតព្រំដែនរដ្ឋណេវ៉ាដា-រដ្ឋកាលីហ្វ័រនីញ៉ា
08/24/2026 11:08 AM
សហរដ្ឋអាមេរិក កំពុងពឹងផ្អែកលើសម្ព័ន្ធមិត្តសម្រាប់ភាពជោគជ័យនៃទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
08/24/2026 11:08 AM