សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

ស្ថានីយឧស្ម័នរុស្ស៊ី បានឆាបឆេះ ក្នុងការវាយប្រហារដោយយានដ្រូនដែលសង្ស័យ

2024/01/22 01:07:46 pm        307
អគ្គីភ័យ បានឆាបឆេះស្ថានីយមួយកន្លែងនៅសមុទ្របាល់ទិក ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដែលសង្ស័យ។ Novatek ជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវធំបំផុតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការមួយចំនួននៅទីនោះ ដោយដាក់កំហុស «ឥទ្ធិពលពីខាងក្រៅ»។ បរិវេណ Ust-Luga ស្ថិតនៅលើឈូងសមុទ្ររបស់ប្រទេសហ្វាំងឡង់ មានចម្ងាយប្រមាណ ១១០ម៉ាយស៍ ភាគខាងលិចទីក្រុង St. Petersburg។ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយថា អគ្គិភ័យនេះ គឺបណ្តាលមកពីប្រតិបត្តិការពិសេសមួយ ធ្វើឡើងដោយអង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារ បាននិយាយថា ប្រេងឥន្ធនៈ ដែលត្រូវបានចម្រាញ់នៅទីនោះ ត្រូវបានផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី។ ប៉ុន្តែសារព័ត៌មាន រ៉យទ័រ មិនអាចបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះទេ។សារព័ត៌មានរបស់រុស្ស៊ី បាននិយាយថា ពលរដ្ឋក្នុងតំបន់ បានឮសំឡេងយានដ្រូន កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះ បន្ទាប់មកមានការផ្ទុះជាច្រើន។ លោក Alexander Drozdenko អភិបាលតំបន់ Leningrad បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា គ្មានអ្នករងរបួសទេ ហើយកម្មករទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។រុស្ស៊ី និងអ៊ុយក្រែន បានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៅវិញទៅមក ក្នុងការវាយប្រហារមានបំណងបង្អាក់បណ្តាញផ្គត់ផ្គង់ និងការដឹកជញ្ជូន នៅក្នុងសង្រ្គាមរយៈពេលជិតពីរឆ្នាំមកនេះ។

ប្រទេសប៉េរូពង្រឹងការគ្រប់គ្រងលើពន្ធនាគាររបស់ខ្លួន ខណៈអំពើហិង្សាកើនឡើងនៅប្រទេសអេក្វាឌ័រ

2024/01/22 12:18:37 pm        185
អាជ្ញាធរពន្ធនាគារប្រទេសប៉េរូ បានចាប់ផ្តើម ប្រតិបត្តិការត្រួតពិនិត្យ និងគ្រប់គ្រង ពន្ធនាគាររបស់ខ្លួន នៅទូទាំងប្រទេស។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីរលកនៃអំពើហិង្សា ដែលបានវាយប្រហារនៅប្រទេសជិតខាង អេក្វាឌ័រ។វីដេអូ ដែលត្រូវបានចែករំលែកដោយអាជ្ញាធរ បានបង្ហាញឱ្យឃើញនគរបាល បានត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវទ្រព្យសម្បត្ដិ បន្ទប់ និងកន្លែងទូទៅ របស់អ្នកទោស នៅក្នុងពន្ធនាគារចំនួន ៦៨កន្លែង នៅទូទាំងប្រទេសប៉េរូ។ ប្រធានអាជ្ញាធរពន្ធនាគារប្រទេសប៉េរូ លោក Javier Llaque បាននិយាយថា យើងពុំមានឧបសគ្គ ក្នុងការគ្រប់គ្រងអ្នកទោសនោះទេ ទោះបីជាមានកម្រិតចង្អៀតណែន និងការដាក់កម្រិតនៅក្នុងស្ថាប័ននេះក៏ដោយ។

មនុស្សរាប់ពាន់នាក់ ចូលរួមជាមួយពលករបរទេសគ្មានឯកសារ តវ៉ាប្រឆាំងច្បាប់អន្តោប្រវេសន៍របស់បារាំង

2024/01/22 12:12:45 pm        198
ក្រុមបាតុកររាប់ពាន់នាក់ រួមទាំងពលករបរទេសដែលគ្មានឯកសារ បានមកតវ៉ានៅជិតប៉ម Eiffel Towerកាលពីថ្ងៃអាទិត្យ ប្រឆាំងច្បាប់អន្តោប្រវេសន៍ដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះរបស់ប្រទេសបារាំង ដែលនឹងកាត់បន្ថយការបង់ប្រាក់សុខុមាលភាពសម្រាប់ជនបរទេស និងការពន្យារពេលអត្ថប្រយោជន៍ដូចជា ប្រាក់ឧបត្ថម្ភលំនៅឋានជាដើម។ ក្រសួងមហាផ្ទៃ បានប៉ាន់ប្រមាណថាបាតុករ ១៦.០០០នាក់ បានចេញធ្វើបាតុកម្មពីទីលាន Trocadero កាលពីថ្ងៃអាទិត្យ ខណៈសហជីព CGT បាននិយាយថា អ្នកតវ៉ា ២៥.០០០នាក់មានវត្តមាន។ ច្បាប់កាន់តែតឹងរ៉ឹង រួមទាំងកូតាការធ្វើអន្តោប្រវេសន៍ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់កូនៗរបស់ជនអន្តោប្រវេសន៍ ដើម្បីក្លាយជាពលរដ្ឋបារាំង និងការពន្យារពេលដំណើរការរបស់ជនអន្តោប្រវេសន៍ជាច្រើនឆ្នាំ ដើម្បីទទួលបានអត្ថប្រយោជន៍សុខុមាលភាព ដូចជាប្រាក់ឧបត្ថម្ភលំនៅឋាន ដែលត្រូវបានបន្ថែមទៅក្នុងសេចក្តីស្នើច្បាប់ ដើម្បីទទួលបានការគាំទ្រពីសមាជិកសភាស្តាំនិយមសម្រាប់ការអនុម័ត។ រដ្ឋាភិបាលបារាំង កាលពីពេលដំបូងបាននិយាយថា នេះនឹងក្លាយជាច្បាប់នៃការបញ្ចុះបញ្ចូលឲ្យធ្វើ ដែលនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ជនអន្តោប្រវេសន៍ ដែលធ្វើការក្នុងវិស័យដែលខ្វះកម្លាំងពលកម្ម ដូចជាវិស័យសំណង់ ភោជនីយដ្ឋាន និងកសិកម្ម ដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ ប៉ុន្តែក៏នឹងធ្វើឲ្យកាន់តែងាយស្រួលផងដែរ ក្នុងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញ។ ពលករដែលគ្មានឯកសារមួយចំនួន បានចូលរួមការតវ៉ាក្នុងនោះមានលោក Talibe Drame មកពីប្រទេសម៉ាលី ដែលធ្វើការក្នុងវិស័យសំណង់។ លោកនិយាយថា លោកគិតថា ត្រូវបាននិយោជកកេងប្រវ័ញ្ច ដោយពុំបានរួមចំណែកដល់សន្តិសុខសង្គមរបស់លោក ឬផ្តល់សំណងសម្រាប់ការងារបន្ថែមម៉ោង។ ជនជាតិម៉ាលី ម្នាក់ទៀត ឈ្មោះ Mamadou Camara បានត្អូញត្អែរពីលក្ខខណ្ឌការងារមិនល្អ និងការបើកប្រាក់ឈ្នួលយឺតយ៉ាវ។

ប្រភព៖ មេបញ្ជាការអ៊ីរ៉ង់ និងក្រុមហេសបូឡា ជួយដឹកនាំការវាយប្រហាររបស់ក្រុមហ៊ូទី នៅយេម៉ែន

2024/01/22 11:28:05 am        202
ក្រុមមេបញ្ជាការមកពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមឧទ្ទាមហេសបូឡា (Hezbollah) របស់ប្រទេសលីបង់ កំពុងនៅលើទឹកដីក្នុងប្រទេសយេម៉ែន ជួយដឹកនាំ និងត្រួតពិនិត្យការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) លើការដឹកជញ្ជូនសមុទ្រក្រហម នេះបើយោងតាមប្រភពក្នុងតំបន់ចំនួនបួន និងប្រភពចំនួនពីររបស់អ៊ីរ៉ង់បានប្រាប់សារព័ត៌មានរ៉យទ័រ។ប្រភពក្នុងតំបន់ទាំងបួននោះបាននិយាយថា អ៊ីរ៉ង់ ដែលបានបំពាក់អាវុធ បណ្តុះបណ្តាល និងផ្តល់មូលនិធិដល់ពួកហ៊ូទី បានបង្កើនការផ្គត់ផ្គង់អាវុធរបស់ខ្លួនដល់កងជីវពលមួយនេះ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ប្រភពដដែលនោះបាននិយាយថា ទីក្រុងតេអេរ៉ង់ បានផ្តល់យានដ្រូន មីស៊ីលប្រឆាំងនាវា មីស៊ីលបាលិស្ទិកវាយប្រហារដោយភាពជាក់លាក់ និងមីស៊ីលរយៈចម្ងាយមធ្យមដល់ក្រុមហ៊ូទី ដែលបានចាប់ផ្តើមកំណត់គោលដៅលើនាវាពាណិជ្ជកម្មកាលពីខែវិច្ឆិកា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីខែមុនថា អ៊ីរ៉ង់បានចូលរួមយ៉ាងស៊ីជម្រៅក្នុងការធ្វើផែនការប្រតិបត្តិការប្រឆាំងនឹងការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ហើយថាការស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់មានសារៈសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ូទី កំណត់គោលដៅលើនាវា៕

ការវាយប្រហាររបស់អ៊ីស្រាអែល ដាក់គោលដៅលើមេបញ្ជាការបដិវត្តន៍អ៊ីរ៉ង់នៅស៊ីរី សម្លាប់មនុស្ស ១៣ នាក់

2024/01/22 11:15:14 am        259
អង្គការឃ្លាំមើលសង្គ្រាមបាននិយាយកាលពីថ្ងៃអាទិត្យថា មានការវាយប្រហារលើរដ្ឋធានីដាម៉ាស់ ( Damascus)របស់ប្រទេសស៊ីរី ដាក់គោលដៅលើប្រធានចារកម្មស៊ីរីរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហើយបានស្តីបន្ទោសទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១៣ នាក់ ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី តាមដានការវាយប្រហារកាលពីថ្ងៃសៅរ៍ បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣ នាក់។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ជាក់ថា ខ្លួនបានបាត់បង់សមាជិកចំនួន៥នាក់នៅក្នុងការវាយប្រហារដែលខ្លួនបានស្តីបន្ទោសលើអ៊ីស្រាអែល ដែលជាសត្រូវក្នុងតំបន់របស់ខ្លួន។ ក្រុមឃ្លាំមើលស្ថានភាពសង្រ្គាមមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលមានបណ្តាញប្រភពជាច្រើននៅក្នុងប្រទេសស៊ីរីបាននិយាយថាអ្នកស្លាប់រួមមាន ជនជាតិអ៊ីរ៉ង់៥នាក់រួមទាំងមេដឹកនាំកងឆ្មាំបដិវត្តន៍អ៊ីស្លាម ៣នាក់ ជនជាតិស៊ីរី ៤ នាក់ដែលធ្វើការជាមួយអ៊ីរ៉ង់ ជនស៊ីវិលស៊ីរីម្នាក់ លីបង់ពីរនាក់ និងជនជាតិអ៊ីរ៉ាក់ម្នាក់។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ម៉េ (Mehr) ដែលដកស្រង់ប្រភពព័ត៌មានគ្មានការបញ្ជាក់មួយបាននិយាយថា ប្រធានសន្តិសុខស៊ីរីរបស់ឆ្មាំបដិវត្តន៍ និងអនុប្រធានរបស់លោកគឺស្ថិតក្នុងចំណោមអ្នក ស្លាប់ពីការវាយប្រហារលើប្រទេសស៊ីរី ដោយអ៊ីស្រាអែល។ក្រុមអ្នកតាមដានស្ថានការណ៍ក្នុងប្រទេសស៊ីរីបាននិយាយថា អគារដែលត្រូវបានដាក់គោលដៅ គឺជាកម្មសិទ្ធិរបស់ឆ្មាំបដិវត្តន៍ ហើយថាតំបន់នេះត្រូវបានគេដឹងថាជាតំបន់មានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងសម្រាប់មេដឹកនាំនៃ ឆ្មាំបដិវត្តន៍ IRGC និងក្រុមប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់។កាលពីខែធ្នូកន្លងទៅ ការវាយប្រហារតាមអាកាសក៏បានស្តីបន្ទោសទៅលើអ៊ីស្រាអែល បានសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់ម្នាក់នៅក្នុងប្រទេសស៊ីរីផងដែរ៕

មនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួសក្រោយការបាញ់ប្រហារនៅផ្ទះជួលក្នុងរដ្ឋ Texasសហរដ្ឋអាមេរិក

2024/01/22 10:52:27 am        249
ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់៣នាក់ បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស ក្រោយការបាញ់ប្រហារដ៏រំជើបរំជួលកាលពីព្រឹកថ្ងៃអាទិត្យនៅបរិវេណផ្ទះជួលរយៈពេលខ្លី ក្នុងតំបន់ហូស្តុន នៃរដ្ឋ Texas សហរដ្ឋអាមេរិក។ ស្នងការនគរបាលស្រុកហារីស(Harris County) លោក អេដ ហ្គនហ្សាឡេស (Ed Gonzalez) បាននិយាយថា មានការជួបជុំមួយ មានគ្នាប្រហែល១០ទៅ២០នាក់ ដែលពួកគេមានអាយុប្រហែល២០ឆ្នាំ នៅឯផ្ទះជួលមួយកន្លែងនៅក្នុងទីក្រុងដាច់ស្រាយ កាទី(Katy) នៃទីក្រុងហូស្តុន ។ ជម្លោះមួយបានផ្ទុះឡើង និងឈានដល់ការផ្ទុះអាវុធ បណ្ដាលឲ្យមនុស្ស៥នាក់រងការបាញ់ប្រហារ។ យោងតាមការិយាល័យស្នងការនគរបាលស្រុកហារីស បុរសម្នាក់ និង ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។ នគរបាលប្រចាំតំបន់បាននិយាយថា ក្រោយមកមនុស្ស២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរងរបួស។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានមនុស្សកំពុងបាញ់បោះដោយសេរីនៅខាងក្រៅផ្ទះនោះ ហើយក្រុមអ្នកស៊ើបអង្កេត បានប៉ាន់ប្រមាណថា មានគ្រាប់កាំភ្លើងរាប់សិបគ្រាប់ត្រូវបានបាញ់។ លោកហ្គនហ្សាឡេស បាននិយាយថា មានមនុស្សជាច្រើនបានរត់គេចយ៉ាងស្លន់ស្លោរ ដូច្នេះស្ថានភាពច្របូកច្របល់ និងគ្រោះថ្នាក់ខ្លាំងណាស់ ជាទីដែលមនុស្សផ្សេងទៀតអាចរងរបួសដោយសារតែការបាញ់រះដែលបានកើតឡើងនៅខាងក្រៅផ្ទះជួលនោះ។លោកថា គេពុំទាន់បានដឹងភ្លាមៗទេ ពីការគំរាមកំហែងជាសាធារណៈនៅពេលនោះ ទោះបីជាក្រុមមន្ត្រីនៅតែកំពុងព្យាយាមកំណត់ចេតនានៃការបាញ់ប្រហារនោះក៏ដោយ។ លោក ហ្គនហ្សាឡេស និយាយថា នគរបាលកំពុងស៊ើបអង្កេតការបាញ់ប្រហារនេះ និងកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ និងកំណត់ថាតើមានមនុស្សផ្សេងទៀតបានរងរបួសដែរឬអត់៕

ការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល បានសម្លាប់ភេរវករហេសបូឡាពីរនាក់

2024/01/22 10:49:03 am        230
ប្រភពសន្តិសុខ បាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដែលបានកំណត់គោលដៅលើរថយន្តមួយគ្រឿង នៅប្រទេសលីបង់ភាគខាងត្បូង។ក្រុមអ្នកស្រុក បាននិយាយថា រថយន្តសង្គ្រោះជាច្រើនគ្រឿង បានប្រញាប់ប្រញាល់ទៅកាន់កន្លែងដែលត្រូវរងការវាយប្រហារ នៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពលីបង់។ប្រភពសន្តិសុខ បាននិយាយថា ភេរវករហេសបូឡាពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចដោយ ផ្ទាល់។ ឋានន្តរស័ក្តិរបស់ពួកគេ មិនត្រូវបានបង្ហាញទេ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ គឺមកពីអង្គភាព VIP និងកងការពារមេអ្នកដឹកនាំក៏ដោយ។កងជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់គ្នាឆ្លងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ជាមួយកងកម្លាំងអ៊ីស្រាអែល ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស។ប្រភពដដែល បានកត់សម្គាល់ពីការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លាបំផុតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីពួកគេ បានធ្វើសង្រ្គាមក្នុងឆ្នាំ ២០០៦។មនុស្សរាប់ម៉ឺននាក់នៅសងខាងព្រំដែន បានរត់ភៀសខ្លួន ហើយការប្រយុទ្ធគ្នា បានបង្កើនក្តីបារម្ភចំពោះ ជម្លោះកាន់តែធំឡើង។

មនុស្សរាប់សែននាក់ធ្វើបាតុកម្មប្រឆាំងក្រុមជ្រុលនិយមស្តាំនិយមក្នុងប្រទេសអាល្លឺម៉ង់

2024/01/22 10:03:53 am        87
មនុស្សរាប់សែននាក់បានចេញតវ៉ានៅតាមដងផ្លូវនានាទូទាំងទីក្រុងតូច-ធំ ក្នុងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍នេះ ខណៈប្រទេសនេះឈានចូលសប្តាហ៍ទីពីរនៃការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងគណបក្សជម្រើសស្តាំនិយសម្រាប់អាល្លឺម៉ង់ហៅកាត់ថា AfD។ នៅទីក្រុងប៊ែរឡាំង ក្រុមអ្នករៀបចំការប្រមូលផ្ដុំតវ៉ា បានប៉ាន់ប្រមាណថាមនុស្សប្រហែល ៣៥០.០០០នាក់ បានចូលរួមការតវ៉ានៅមុខអគាររដ្ឋសភាកាលពីថ្ងៃអាទិត្យ ទី២១ខែ មករា ។ ស្ថានីយ៍រថភ្លើងក្រោមដីនានាក្នុងតំបន់ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយមនុស្សត្រូវបានស្នើសុំឱ្យឈប់ចូលរួមក្នុងការតវ៉ានេះ ខណៈលំហូរមនុស្សចូលរួមកើនឡើងជាបន្តបន្ទាប់។ បាតុកម្មជាបន្តបន្ទាប់បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ចេញពីគេហទំព័រព័ត៌មានស៊ើបអង្កេត Correctiv នៃកិច្ចប្រជុំរបស់ក្រុមស្តាំនិយមជ្រុលនៅទីក្រុង ផូសដាម (Potsdam) ដែលគោលនយោបាយស្ដីពីជនអន្តោប្រវេសន៍ រួមទាំងការនិរទេសមនុស្សជាច្រើននាក់ពីបរទេសត្រូវបានពិភាក្សា។ គណបក្សជម្រើសស្តាំនិយសម្រាប់អាល្លឺម៉ង់ AfD ដែលកំពុងធ្វើការស្ទង់មតិលើកទីពីរ នៅទូទាំងប្រទេស បានបដិសេធផែនការអន្តោប្រវេសន៍ ដែលរាយការណ៍ថាជាគោលនយោបាយរបស់គណបក្សនេះ៕

ប្រមុខអង្គការសហប្រជាជាតិ ថ្កោលទោសអ៊ីស្រាអែល ចំពោះការសម្លាប់ដ៏សោកសៅនៅតំបន់ហ្កាហ្សា

2024/01/22 09:55:09 am        107
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអាទិត្យ (២១ មករា) បានថ្កោលទោសអ៊ីស្រាអែល ចំពោះការស្លាប់ដ៏គួរឱ្យសោកសៅរបស់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហើយបានហៅការសម្លាប់នោះថាជារឿងមិនអាចទទួលយកបានក្នុងការទាមទារភាពជារដ្ឋសម្រាប់ប្រជាជនប៉ាឡេស្ទីន។លោក ហ្គុយតឺរ៉េស បាននិយាយនៅឯពិធីបើកកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៣៥ប្រទេស ឬហៅថាកិច្ចប្រជុំក្រុម៧៧ បូកចិន (G77+China) នៅរដ្ឋធានីកំប៉ាឡា (Kampala) របស់ប្រទេសអ៊ូហ្កង់ដា ថា «ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានរីករាលដាលហើយបង្កនូវការបំផ្លិចបំផ្លាញដ៏ធំ និងបានសម្លាប់ជនស៊ីវិលក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងពេលដែលខ្ញុំធ្វើជាអគ្គលេខាធិការ ហើយនេះជារឿងដ៏សោកសៅ និងមិនអាចទទួលយកបានទាល់តែសោះ»។អ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដែលក្នុងនោះមន្ត្រីអ៊ីស្រាអែលបាននិយាយថា ជនជាតិអ៊ីស្រាអែល និងជនបរទេសជាង ១.២០០នាក់ត្រូវបានសម្លាប់ និងមនុស្ស ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (២១ មករា) ថាយុទ្ធនាការយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥.០០០នាក់ និងបានជម្លៀសប្រជាជនភាគច្រើនចំនួន ២,៣លាននាក់ ចេញពីលំនៅឋានរបស់ពួកគេ៕

របាយការណ៍UN៖ ការសម្លាប់ជនជាតិភាគតិចនៅស៊ូដង់ បានធ្វើឱ្យមនុស្ស ១.៥០០០នាក់ស្លាប់

2024/01/22 09:52:03 am        89
មនុស្សចន្លោះពី ១០.០០០នាក់ទៅ ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងមួយក្នុងតំបន់ វេស ដាហ្វឺ (West Darfur) នៃប្រទេសស៊ូដង់ កាលពីឆ្នាំមុននៅក្នុងអំពើហិង្សាជនជាតិភាគតិចដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) និងកងជីវពលអារ៉ាប់ដែលជាសម្ព័ន្ធមិត្ត នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ (១៩ មករា)។នៅក្នុងរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មឯករាជ្យរបស់អង្គការសហប្រជាជាតិ បានសន្មតចំនួនអ្នកស្លាប់នៅទីក្រុង អ៊ែល ហ្គេណៃណា (El Geneina) តាមរយៈប្រភពស៊ើបការណ៍ ហើយបានផ្ទុយពីការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិថា មនុស្សប្រហែល ១២.០០០នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ូដង់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF មក។ក្រុមអ្នកឃ្លាំមើលដដែលនោះក៏បានពណ៌នាថាមានការចោទប្រកាន់ «គួរឱ្យទុកចិត្ត» ដែលថាអារ៉ាប់រួមបានផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំង RSF «ជាច្រើនដងក្នុងមួយសប្តាហ៍» តាមរយៈទីក្រុង អាមចារ៉ាស (Amdjarass) នៅភាគខាងជើងប្រទេសឆាដ។ អង្គការសហប្រជាជាតិបាននិយាយថា មនុស្សប្រហែល ៥០០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ ទៅកាន់ភាគខាងកើតប្រទេសឆាដ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង អាមចារ៉ាស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM