សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

អារ៉ាប៊ីសាអូឌីត៖ កំណើនភាពតានតឹង ស្របពេលការវាយប្រហាររបស់ក្រុមហ៊ូទី និងអាមេរិក គឺគ្រោះថ្នាក់ណាស់

2024/01/22 09:48:25 am        107
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា រាជាណាចក្រនេះមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ដែលភាពតានតឹងនៅសមុទ្រក្រហម ស្របពេលមានការវាយប្រហារដោយក្រុមហ៊ូទី (Houthi) របស់យេម៉ែន និងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើគោលដៅក្រុមហ៊ូទី អាចរំកិលចេញពីការគ្រប់គ្រង និងបង្កើនជម្លោះកាន់តែខ្លាំងនៅក្នុងតំបន់។ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីនហ្វាហាន (Faisal bin Farhan) បានមានបន្ទូលប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍ដែលនៅថ្ងៃអាទិត្យ (២១ មករា) ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ យើងកំពុងស្ថិតនៅក្នុងពេលវេលាដ៏លំបាក និងគ្រោះថ្នាក់រួចទៅហើយនៅក្នុងតំបន់ ហើយនោះហើយជាមូលហេតុដែលយើងកំពុងអំពាវនាវឱ្យមានការបន្ធូរបន្ថយការកើនឡើងនៃភាពតានតឹងបន្ថែមទៀត»។ការវាយប្រហារដោយកងជីវពលហ៊ូទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ទៅលើនាវាក្នុង និងជុំវិញសមុទ្រក្រហមក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងអាស៊ី និងអឺរ៉ុប បង្កជាភាពយឺតយ៉ាវ និងធ្វើឱ្យប្រទេសមហាអំណាចព្រួយបារម្ភនៅក្នុងការកើនឡើងនៃសង្គ្រាមនៅតំបន់ហ្កាហ្សា។ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេគឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលកំពុងស្ថិតក្រោមការវាយប្រហារពីអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ចាប់តាំងពីសប្តាហ៍មុនមក សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារដោយបើកផ្ទាំងថ្មីលើគោលដៅក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ហើយសប្តាហ៍នេះ បានដាក់កងជីវពលមួយនេះទៅក្នុងបញ្ជីក្រុម «ភេរវករ»៕

ម្ដាយ នៅតំបន់ហ្កាហ្សានិយាយថា ក្មេងៗស្លាប់បណ្ដើរៗ ដោយសារតែគ្មានថ្នាំពេទ្យ

2024/01/22 09:34:35 am        81
នៅក្នុងជំរំតង់នៃភាគខាងត្បូងហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន បាននិយាយថាពួកគេជួបស្ថានភាពពិបាកក្នុងការស្វែងរកថ្នាំពេទ្យ សម្រាប់ព្យាបាលកូនឈឺរបស់ពួកគេ។ ស្រី្តជាម្ដាយមួយរូបគឺអ្នកស្រីម៉ូស៊ីរ៉ា អាប៊ូ ឡេបដេ (Mushira Abu Lebdeh) និយាយថា អ្នកស្រីដេកក្នុងជម្រកតង់ជាមួយមនុស្ស ១០ នាក់ផ្សេងទៀត ហើយគ្មានភាពកក់ក្តៅទេ។ អ្នកស្រីមិនអាចស្វែងរកថ្នាំព្យាបាលជំងឺគ្រុនក្តៅ ថ្នាំប្រឆាំងមេរោគអង់ទីប៊ីយោទិច ឬថ្នាំបំបាត់ការឈឺចាប់សម្រាប់កូនៗរបស់អ្នកស្រីបានទេ។យើងឲ្យពួកគេលេបថ្នាំទឹកស៊ីរ៉ូ តែគ្មានប្រយោជន៍ទេ កេ្មងៗ នឹងរងទុក្ខរហូតដល់ស្លាប់ ជីវិតយើងនឹងស្លាប់ជាបណ្ដើរៗ ក្មេងក៏នឹងស្លាប់ជាបន្តបន្ទាប់ ។បើគ្មានការព្យាបាលទេ កេ្មងៗនឹងស្លាប់ម្ដងមួយៗ។ នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ខណៈការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ បានធ្វើឲ្យបញ្ហាដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់ជាមូលដ្ឋាន ដូចជាថ្នាំពេទ្យ និងការថែទាំសុខភាព ស្ទើរតែគ្មាន។ អង្គការសុខភាពពិភពលោកនិយាយថា ភាគច្រើននៃមន្ទីរពេទ្យទាំង ៣៦ កន្លែងក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល បានឈប់ដំណើរការហើយ។អង្គការនេះនិយាយថា មន្ទីរពេទ្យចំនួន១៥កំពុងដំណើរការដោយផ្នែក ដោយដំណើរការលើសពីសមត្ថភាពរបស់ខ្លួនដល់ទៅបីដង ទាំងដែលគ្មានប្រេងឥន្ធនៈ ឬការផ្គត់ផ្គង់វេជ្ជសាស្រ្តគ្រប់គ្រាន់។ជំងឺឆ្លងក៏បាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស រួមទាំងករណីរាគក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំផងដែរ។ ពួកគេនិយាយថាករណីរាគបានកើនឡើងខ្ពស់ជាង២០ដងកាលពីខែវិច្ឆិកាធៀបទៅនឹងឆ្នាំមុន៕

លោក Netanyahu បដិសេធលក្ខខណ្ឌរបស់ក្រុមហាម៉ាស សម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរអ៊ីស្រាអែល

2024/01/22 09:31:03 am        114
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យ (២១ មករា) បានច្រានចោលលក្ខខណ្ឌដែលបង្ហាញដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ថ្នូរដែលនឹងរួមបញ្ចូលការដកខ្លួនទាំងស្រុងរបស់អ៊ីស្រាអែល និងការទុកឲ្យក្រុមហាម៉ាស នៅកាន់អំណាចនៅក្នុងតំបន់ហ្កាហ្សា។នៅពេលដែលយន្តហោះអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើទីក្រុង ខាន់ យ៉ូនីស (Khan Younis) នៅតំបន់ហ្កាហ្សាភាគខាងត្បូង មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក សាមី អាប៊ូហ្ស៊ូរី (Sami Abu Zuhri) បានប្រាប់សារព័ត៌មានរ៉យទ័រថាការបដិសេធរបស់មេដឹកនាំអ៊ីស្រាអែលក្នុងការបញ្ចប់ការវាយលុកយោធានៅតំបន់ហ្កាហ្សា «មានន័យថាមិនមានឱកាសសម្រាប់ការវិលត្រឡប់របស់ពួកឈ្លើយសឹកអ៊ីស្រាអែលនោះទេ»។ក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលកាលពីចុងខែវិច្ឆិកាដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ចំណាប់ថ្នូរជាង ១០០នាក់ ក្នុងចំណោមចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលការវាយប្រហារដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ២៤០នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។ចាប់តាំងពីពេលនោះមក លោក ណេតាន់យ៉ាហ៊ូ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងដើម្បីធានាបាននូវការដោះលែងចំណាប់ថ្នូរចំនួន ១៣៦នាក់ ដែលនៅតែជាប់ឃុំខ្លួន។ វេទិកាគ្រួសារចំណាប់ថ្នូរ និងមនុស្សបាត់ខ្លួន បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ណេតាន់យ៉ាហ៊ូ «ត្រូវបញ្ជាក់យ៉ាងច្បាស់ថាយើងនឹងមិនបោះបង់ចោលជនស៊ីវិល ទាហាន និងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួននៅក្នុងជម្លោះខែតុលា នោះទេ»៕

ចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាកើនឡើងដល់ជាង២៥.០០០នាក់

2024/01/22 09:28:17 am        139
យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង២៥.០០០នាក់ ឥឡូវនេះបានស្លាប់នៅក្នុងតំបន់ហ្កាហ្សាក្នុងអំឡុងពេលការវាយលុករបស់អ៊ីស្រាអែលនៅទីនោះ ។ ក្រសួងខាងលើបាននិយាយថាមានអ្នកស្លាប់ចំនួន ១៧៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យក្លាយជាថ្ងៃមួយក្នុងចំណោមថ្ងៃជាច្រើននៃការស្លាប់ដ៏ច្រើនបំផុតនៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះ។ ខណៈការប្រយុទ្ធនៅតែបន្ត លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានច្រានចោលម្តងទៀតនូវការបង្កើតរដ្ឋប៉ាឡេស្ទីន។ សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានមើលឃើញយ៉ាងច្បាស់ពីភាពខ្វែងគំនិតគ្នា នៅពេលនិយាយអំពីដំណោះស្រាយរដ្ឋពីរ។ នៅក្នុងប្រកាសសាធារណៈលើកដំបូងរបស់ខ្លួនអំពីការវាយលុកកាលពីខែតុលា ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាសបានពិពណ៌នាថា ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាគឺជាជំហានចាំបាច់ ប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន និងជាមធ្យោបាយធានាការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ប្រតិបត្តិការផ្លូវអាកាស និងថ្មើរជើងរបស់អ៊ីស្រាអែល បច្ចុប្បន្នកំពុងផ្តោតលើតំបន់ហ្កាហ្សាភាគខាងត្បូង ជាទីដែលយោធាជឿជាក់ថា មេបញ្ជាការកំពូលរបស់ហាម៉ាស ត្រូវបានលាក់ខ្លួននៅក្នុង ឬនៅខាងក្រោមទីក្រុង ខាន់ យូនីស (Khan Younis)៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ានៅខាងក្រៅនិវេសនដ្ឋាននាយករដ្ឋមន្រ្តី ទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ

2024/01/22 09:24:34 am        111
ក្រុមគ្រួសារនៃចំណាប់ថ្នូរ និងអ្នកគាំទ្ររបស់ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ធានាឲ្យមានការដោះលែងចំណាប់ថ្នូរក្នុងអំឡុងពេលនៃការតវ៉ាមួយកាលពីថ្ងៃអាទិត្យ (២១ មករា) នៅខាងក្រៅនិវេសនដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងទីក្រុងហ្សេរុយសាឡឹម។ស្របពេលមានសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការបន្តកិច្ចព្រមព្រៀងចំណាប់ថ្នូរដោយប្រទេសកាតា និងអេហ្ស៊ីប គ្រួសារចំណាប់ថ្នូររបស់ក្រុមហាម៉ាស រួមជាមួយនឹងក្រុមគ្រួសារនៃចំណាប់ថ្នូរដែលត្រូវបានសម្លាប់បានប្រមូលផ្តុំគ្នានៅទីនោះដើម្បីទាមទារឱ្យមានការវិលត្រឡប់មកវិញជាបន្ទាន់នូវមនុស្សជាទីស្រលាញ់របស់ពួកគេ។ចំណាប់ថ្នូរជាង ១០០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់ខែវិច្ឆិកា រយៈពេលខ្លីមួយ។ អ៊ីស្រាអែលនិយាយថា មនុស្ស ១៣២នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ក្នុងនោះមានមនុស្ស ២៧នាក់ ត្រូវបានសម្លាប់ក្នុងការចាប់ខ្លួន។លោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ (២១ មករា) បានច្រានចោលលក្ខខណ្ឌដែលបង្ហាញដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម និងដោះលែងចំណាប់ថ្នូរដែលនឹងរួមបញ្ចូលការដកខ្លួនទាំងស្រុងរបស់អ៊ីស្រាអែល និងទុកឲ្យក្រុមហាម៉ាស នៅកាន់អំណាចនៅក្នុងតំបន់ហ្កាហ្សា៕

អាវុធហត្ថខេត្តព្រះវិហារបង្ក្រាបគ្រឿងញៀនជាងមួយតោន

2024/01/22 09:18:05 am        960
គ្រឿងញៀនជាងមួយតោនត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ កាលពីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ យោងតាមព័ត៌មានបឋម​ឲ្យ​ដឹងថា​គ្រឿងញៀន​ប្រភេទ​ម៉ាទឹក​កកប្រមាណ ១០២០ដុំ ទម្ងន់ប្រមាណជា ១០២០គីឡូក្រាម​(១តោន ២០គីឡូក្រាម) ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហាររកឃើញ និងរឹបអូស ខណៈ​ឧក្រិដ្ធជន​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​នាំចេញ​ពី​ប្រទេស​ឡាវ​ឆ្លង​កាត់​ខេត្ត​ព្រះវិហារ និ​ង​បន្ត​ទៅ​គោល​ដៅផ្សេង។តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច​នៃកងរាជអាវុធ​ហត្ថ​ខេត្ត​ព្រះវិហារ​បើក​ការ​ស៊ើប​អង្កេត ចាប់ឃាត់ខ្លួនម្ចាស់រថយន្ដបានម្នាក់ និងកំពង់​បន្តស្រាវជ្រាវ​តាម​ប្រម៉ាញ់​មេខ្លោង​រួម​ទាំង​បក្ស​ពួក​ក្រុម​ឧក្រឹដ្ឋជនគ្រឿងញៀន ដើម្បីយកមកផ្ដន្ទារទោស។ជុំវិញករណីជំនួញគ្រឿងញៀនដ៏សម្បើមខាងលើនេះ កម្លាំង​អាវុធ​ហត្ថ​ខេត្ត​​ព្រះវិហារ​បាន​សូម​សហការ​ជាមួយក​ម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីតាមរកប្រភពអ្នកពាក់ព័ន្ធ ពី​ព្រោះ​រថយន្ដ​ធ្វើ​សកម្មភាពដឹក​គ្រឿងញៀននោះ មានពាក់ស្លាកលេខ ស្ទឹងត្រែង 2A-5558 បច្ចុប្បន្ន អាវុធ​ខេត្តស្ទឹងត្រែង បានស្រាវជ្រាវដឹងពីប្រភពទីតាំងកន្លែងលក់រថយន្ដ និងបាន​ហៅ​អ្នក​លក់​រថយន្ដ​មក​សាកសួរ ពិនិត្យមើលឯកសារទីញលក់គឺមានឯកសារត្រឹមត្រូវ ។ ហើយ​អ្នក​លក់​រថយន្ដ​ខាង​សមត្ថកិច្ច​ព្រះវិហារ​កំពុងសាកសួរ ដើម្បីបន្តរកមុខសញ្ញាអ្នកពាក់ព័ន្ធ៕  

បង្ក្រាបករណីជួញដូរ-ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន បង្កប់តាមកញ្ចប់បញ្ញើ រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម

2024/01/21 01:01:13 pm        35
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្កប់តាមកញ្ចប់បញ្ញើពីកម្ពុជា ទៅអូស្ត្រាលី ចំនួន ២ករណី រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម។  ការបង្ក្រាបនេះដោយ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គរងនគរបាលជាតិ ក្រោមការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្លាំងជំនាញ (ក១០) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងគយប្រចាំ ព្រលានយន្តហោះភ្នំពេញ បានត្រួតពិនិត្យកេសបញ្ញើមួយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ សហការជាមួយក្រុមហ៊ុន Embassy freight express co,ltd និងក្រុមហ៊ុន ១៦៨ Logistics chains co,ltd បានធ្វើការត្រួតពិនិត្យកេសបញ្ញើមិនប្រក្រតី ។  ជាលទ្ធលនៃការចុះបង្ក្រាបទាំង២ទីតាំងនេះ កម្លាំងជំនាញបានចាប់យកសារធាតុញៀន ន្រភេទ ហេរ៉ូអ៊ីន ទម្ងន់ ២,៧៥២.៩៦ក្រាម (២គីឡូ និង៧៥២.៩៦ក្រាម)។   ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកបុគ្គលអ្នកពាក់ព័ន្ធ និងចាប់ខ្លួនមេក្លោងមកផ្តន្ទាទោស ខណៈវត្ថុតាងជាថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

នគរបាលបើកការស្រាវជ្រាវករណីបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម លើផ្លូវជាតិលេខ២

2024/01/20 06:02:25 pm        1137
កណ្តាល៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយ​នគរបាល​ជំនាញ​ខេត្តកណ្ដាល​កំពុង​បើក​ការស្រាវជ្រាវ លើករណីប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ក្នុង​ថ្លុក​ឈាម​រង​របួស​ធ្ងន់​នៅ​លើ​ផ្លូវជាតិលេខ២ និងបានស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ដែលករណីនេះសាច់ញាតិសង្ស័យថា ជា​ករណី​កាប់​ប្លន់យកម៉ូតូពេលកំពុងធ្វើដំណើរ។ លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង បានប្រាប់ BTV តាម​ទូរស័ព្ទ​នា​រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះឱ្យដឹងថា ករណីនេះ សមត្ថកិច្ចមិន​ទាន់​អាច​កំណត់​បាន​ ១០០ភាគរយនៅឡើយទេ ថាជាករណីអ្វីឱ្យពិតប្រាកដ ខណៈជនរង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួលដេកលើផ្លូវតែម្នាក់ឯង និងមិនមានសាក្សី​បាន​ឃើញ​ហេតុការណ៍​ពេល​កើត​ហេតុ​នោះ​ឡើយ។ លោកអធិការស្រុកបន្ថែមថា សមត្ថកិច្ច​ជំនាញ​ផ្នែក​កោលស្យ​វិច្ច័យ​ក៏បាន​ធ្វើការ​ពិនិត្យ​របួស​ដែល​មាន​លើ​ផ្ទះ​មុខ​ជនរងគ្រោះផងដែរ ដោយលទ្ធិផលបញ្ជាក់ថា ផ្នែកមុខគាត់ គឺត្រូវទង្គិចនឹង​របស់​រឹង​ម្យ៉ាង ដែលបណ្តាលឱ្យបែកមុខខ្លាំងនៅចង្ការរហែកដល់សៀតថ្កា ដោយនោះមិន​មែន​ជា​ស្នាក​ស្នាម​ដែល​រងរបួសដោយកាំបិតកាប់នោះឡើយ។ បន្ថែមពីនោះ​ទៀត​មួក​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​បាន​បែក​ប្រេះអស់ ហើយនៅកន្លែងកើតហេតុក៏មានប្រទះឃើញដុំឥដ្ឋបែកមួយដុំផងដែរ។ លោកអធិការបន្ថែមថា នគរបាលកំពុងបន្តការស្រាវជ្រាវ ដើម្បីឈានទៅកំណត់ចំពោះករណីនេះ និងបន្តស្រាវជ្រាវតាមស្វែករកម៉ូតូរបស់ជនរងគ្រោះ ដើម្បីយកប្រគល់ជូនសាច់ញាតិវិញ។ ជនរងគ្រោះក្នុងករណីឈ្មោះ​ ហៀង​ ភេទប្រុស​ អាយុ​៤៧​ឆ្នាំ​ មានស្រុកកំណើតនៅភូមិព្រៃស្នួល​ ឃុំរវៀង​ ស្រុកសំរោង​ ខេត្តតាកែវ​។ ចំណែកម៉ូតូដែលបាត់ម៉ាកហុងដាឌ្រ៊ីម សេ​១២៥​ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ​ 1AC - 2119​ គឺជាម៉ូតូដែលជនរងគ្រោះខ្ចីគេជិះ។ បច្ចុប្បន្ន សព​ជនរងគ្រោះត្រូវបានសាច់ញាតិ តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ខាង​ប្រពន្ធ​នៅ​ខេត្តតាកែវ ។ ករណីនេះបានកើតឡើងនៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ជន​រង​គ្រោះ​ត្រូវ​បាន​ពលរដ្ឋ​អ្នក​ដំណើរប្រទះ​ឃើញ​ដេក​រង​របួស​ក្នុង​ថ្លុក​ឈាម​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ២ ​ក្បែរស្ពានក្រវ៉ាត់ក្រុងទី៣ ក្នុងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែម្នាក់ឯង ដោយ​ក្នុងនោះគេបានប្រទះឃើញដុំឥដ្ឋ និងដុំថ្មមួយចំនួនបែកនៅក្បែរខ្លួនជនរងគ្រោះផងដែរ។ ដោយ​បាន​ឃើញដូចនោះ ពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បានជួយ​យក​ទូរស័ព្ទ​ក្នុង​ខ្លួន​ជន​រង​គ្រោះ​ទំនាក់ទំនងទៅតាមលេខដែលមានក្នុងទូរស័ព្ទ ហៅចូលបងប្អូនសាច់ញាតិ ទើប​សាច់​ញាតិ​ជន​រង​គ្រោះធ្វើ​ដំណើរមកពីស្រុក ដើម្បីដឹកបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរចេញពីស្រុកទាំងយប់ ទៅ​ទទួល​ប្រពន្ធ​ដែល​កំពុងធ្វើការនៅភ្នំពេញ ដើម្បីត្រឡប់មកស្រុកវិញ ដើម្បីត្រៀម​ចូល​រួម​ហែរ​ជំនួន​ក្នុង​ពិធី​មង្គល​ការក្មួយស្រីបង្កើតនៅព្រឹកថ្ងៃទី១៩នេះ ប៉ុន្តែជាអកុសល​ធ្វើ​ដំណើរ​មិន​ទាន់​ដល់​ភ្នំពេញ​ផង​ ក៏ជួបរឿងហេតុបែបនេះតែម្តងទៅ ។ សាច់ញាតិជនរងគ្រោះឱ្យដឹងថា ស្ថានភាពជីវភាពគ្រួសារជនរងគ្រោះ គឺមាន​ភាព​ខ្សត់​ខ្សោយ​ខ្លាំង​ណាស់ រកមួយថ្ងៃរស់មួយថ្ងៃនោះទេ ដោយជនរងគ្រោះជាប្តីធ្វើសំណង់ និងស្ត្រីជា​ប្រពន្ធ​ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​ភ្នំពេញ មានកូនប្រុសស្រី០៤នាក់នៅក្នុងបន្ទុកផងដែរ។សាច់ញាតិជនរងគ្រោះអំពាវនាវសូមឱ្យសមត្ថកិច្ចជួយយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បី​តាម​យក​ម៉ូតូ​ដែល​គាត់​ខ្ចី​គេ​យក​មកវិញផង ព្រោះគាត់កំពុងក្រលំបាកស្រាប់ទៅហើយ តើនៅមានលទ្ធិភាព​ឯណាត្រូវ​សង​ម៉ូតូគេទៀតនោះ ។ ពលរដ្ឋអ្នកដំណើរក៏បានសំណូមពរដល់សមត្ថកិច្ចខេត្តកណ្តាលបន្ថែមកម្លាំងចេញល្បាតចេញពួនស្ទាក់​ ដើម្បីបង្ការបង្ក្រាបទប់ស្កាត់អំពើអសន្តិសុខនានា នាពេលរាត្រីឱ្យបានខ្លាំងខ្លាផង៕ លីហេង

ឪពុកដែលគំរាមសម្លាប់កូន​ ហើយថតវីដេអូបង្ហោះតាមហ្វេសប៊ុក សមត្ថកិច្ចចាប់ខ្លួនបានហើយ ឯកូនប្រុសមានសុវត្ថិភាព

2024/01/20 03:52:23 pm        2396
កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី២០ខែមករានេះ បានឲ្យដឹងថា នារសៀល​នេះ ចំពោះករណីឪពុកគំរាមសម្លាប់កូនប្រុសខ្លួនឯង ហើយថតវីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក​នោះ កម្លាំងសមត្ថកិច្ចចាប់បានហើយ​ ឯកូនប្រុស គឺមានសុវត្ថិភាពធម្មតា។ បើតាម​ស្នង​ការ​ខេត្តបានឲ្យដឹងថា បច្ចុប្បន្ន ក្មេងប្រុសបានប្រគល់ជូនម្តាយហើយ ដោយឡែកប្តីបន្តនិតិវិធី តាមច្បាប់​។

ជិះម៉ូតូពីស្រុកទៅយកប្រពន្ធនៅភ្នំពេញ ត្រូវគេគប់ដុំថ្មប្លន់ម៉ូតូ នៅផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង

2024/01/19 02:52:19 pm        2229
កណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្បែរស្លាប់ បន្ទាប់ពីរូបគេបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ហើយត្រូវជនមិនស្គាល់មុខយកដុំថ្មគប់បណ្តាលឱ្យដួល ហើយក៏លើកម៉ូតូយកទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចម្តុំស្ពានក្រវ៉ាត់ក្រុង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ហៀង ភេទប្រុស អាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC - 2119 ជាម៉ូតូដែលជនរងគ្រោះខ្ចីគេជិះ ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះត្រូវបានពលរដ្ឋអ្នកដំណើរប្រទះឃើញដេករងរបួស​ក្នុងថ្លុកឈាមលើកំណាត់ផ្លូវជាតិលេខ២ ​តែម្នាក់ឯងនៅវេលាកើតហេតុខាងលើ ក្នុងនោះគេ​បានប្រទះឃើញដុំឥដ្ឋ និងដុំថ្មមួយចំនួនបែកនៅក្បែរខ្លួនជនរងគ្រោះផងដែរ ។ ដោយបានឃើញដូចនោះ ​ពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បានជួយយកទូរស័ព្ទក្នុងខ្លួន​ជនរងគ្រោះទំនាក់ទំនងទៅតាមលេខដែលមានក្នុងទូរស័ព្ទ ក៏ខលចូល​បងប្អូន​សាច់ញាតិ ទើប​សាច់ញាតិជនរងគ្រោះធ្វើដំណើរមកពីស្រុក ​ដើម្បីដឹក​បញ្ចូន​ជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តាមប្រភពពីសាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះ បានធ្វើចេញពីស្រុកទាំងយប់ ទៅទទួល​ប្រពន្ធដែលកំពុងធ្វើការនៅភ្នំពេញ ​ដើម្បីត្រឡប់មកស្រុកវិញ ត្រៀម​ចូលរួម​ហែរ​ជំនូន​ក្នុងពិធីមង្គលការក្មួយស្រីបង្កើត នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ។ ប៉ុន្តែជាអកុសល ធ្វើដំណើរមិនទាន់ដល់ភ្នំពេញផង​ ក៏ជួបរឿងហេតុបែបនេះតែម្តងទៅ ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យបានប្រាប់សាច់ញាតិថា ស្ថានភាពរងរបួសជនរងគ្រោះ ​គឺសង្ឃឹមនៅរស់តិចតួចបំផុត ​ដោយសារផ្ទៃមុខ គឺរងរបួស​បែកធ្ងន់ធ្ងរខ្លាំងបំផុត ។ ក្នុងនោះដែរ កម្លាំងនគរបាលស្រុក និងនគរបាលថ្នាក់ខេត្ត ក៏បានចុះទៅដល់មន្ទីរពេទ្យ ដើម្បី​សាកសួរនាំព័ត៌មាន និងទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ ដើម្បីបើកការស្រាវជ្រាវ​ឱ្យបានច្បាស់លាស់ថាជាករណីអ្វី ក្នុងការបន្តរកយុត្តិធម៌ជូនរងគ្រោះ ​ប្រសិនបើកំណត់ឃើញថា ជា​ករណីប្លន់យកម៉ូតូប្រាកដមែន សមត្ថកិច្ច​នឹងបន្តជំនាញតាមចាប់ខ្លួនជនសង្ស័យ​យកមកផ្តន្ទាទោស​តាមផ្លូវច្បាប់ ។សូមបញ្ជាក់ថា ស្ថានភាពជីវភាពគ្រួសារជនរងគ្រោះ​ គឺមានភាពក្រ​ខ្សត់ខ្សោយ​ខ្លាំងណាស់ រកមួយថ្ងៃរស់មួយថ្ងៃនោះទេ​ ដោយជនរងគ្រោះជាប្តីធ្វើសំណង់ ​និងដើររកក្តាមខ្យងតាមវាលស្រែ​យកមកទទួលក្នុងគ្រួសារ ​ហើយស្ត្រីជាប្រពន្ធធ្វើការស៊ីឈ្នួលនៅភ្នំពេញ ​ខណៈដែលអ្នកទាំង២ ក៏មាន​កូនប្រុសស្រី០៤នាក់ ​នៅក្នុងបន្ទុកផងដែរ ។ ឥលូវបុរសជាប្តីមកជួបរឿងអកុសល​បែបនេះ​ទៅទៀត តើឱ្យស្ត្រីជាប្រពន្ធ រំពឹងអ្វីទៀត ​ដើម្បី​ជ្រោមជ្រែង​គ្រួសារដ៏កម្សត់មួយនេះឱ្យទៅមុខបាន ។ សាច់ញាតិជនរងគ្រោះអំពាវនាវ ​សូមឱ្យសមត្ថកិច្ចជួយយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បី​តាមយក​ទ្រព្យម៉ូតូ​ដែលគាត់ខ្ចីគេយកមកវិញផង ព្រោះគាត់កំពុងក្រលំបាក​ស្រាប់ទៅហើយ តើនៅ​មានលទ្ធិភាពឯណាត្រូវសងម៉ូតូគេទៀតនោះ ​ខណៈដែលជនរងគ្រោះរងរបួសក្បែរស្លាប់បែបនេះ ។ ពលរដ្ឋអ្នកដំណើរ​ ក៏បានសំណូមពរដល់សមត្ថកិច្ចតាមមូលដ្ឋាន ​មានខេត្តកណ្តាល ​និងខេត្តតាកែវ ដែលមានការជាប់ពាក់ព័ន្ធនៅលើកំណាត់ផ្លូវជាតិ​លេខ០២ ​សូមមេត្តាបន្ថែម​កម្លាំងចេញល្បាតចេញ​ពួនស្ទាក់ ​ដើម្បីបង្ការបង្ក្រាបទប់ស្កាត់អំពើអសន្តិសុខនានា ​នាពេលរាត្រីឱ្យបានខ្លាំងខ្លាផង ខណៈដែលបច្ចុប្បន្ននេះ ​គេបានសង្កេតឃើញថា ​សកម្មភាព​ក្រុមក្មេងទំនើងកាប់ចាក់គ្នា ដេញ​គប់វាយគ្នា និងគប់វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ​ឬក៏ឈ្លៀតឱកាសធ្វើសកម្មភាពប្លន់ ក៏កំពុងកើតមានជា​ញឹកញយ​ផងដែរ ​ព្រោះតែដងផ្លូវខាងលើ ​គឺជាផ្លូវស្ងាត់ ​ហើយងងិតទៀត ទើបជាកត្តាឱ្យក្រុមជនសង្ស័យ​អាចមាន​ឱកាសគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាព ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM