ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ
សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាលើយុវជន០២នាក់ រងរបួសនៅខណ្ឌទួលគោក
នគរបាល​ខេត្ត​បាត់ដំបង ​បង្រ្កាប​គ្រឿងញៀនជាង​៣​គីឡូ ក្រាម​ឃាត់ខ្លួន ​ជន​សង្ស័យ​២នាក់

សន្តិសុខ និង សង្គម

ករណីសិស្សសាលាវាយគ្នានៅសង្កាត់ភ្លើងឆេះរទេះ សមត្ថកិច្ចតាមចាប់ដល់វាលរេញ

2024/01/04 10:07:50 pm        297
ភ្នំពេញ ៖ ករណីសិស្សសាលាវាយគ្នានៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលពេញបណ្តាសង្គមហ្វេសប៊ុកថ្មីៗនេះ ត្រូវសមត្ថកិច្ចមូលដ្ឋានតាមចាប់បាន ៤នាក់ នៅវាលរេញ ខេត្តព្រះសីហនុ នាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ ពេលនេះសមត្ថកិច្ចខណ្ឌកំបូលកំពុងនាំខ្លួនជនសង្ស័យទាំង ៤នាក់នេះមកកាន់រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ ប្រាប់ BTV ឲ្យដឹងនាពេលនេះថា នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចខណ្ឌកំបូលចាប់ខ្លួនចំនួន ៧នាក់ ប៉ុន្តែអ្នកដៃដល់តែ ២នាក់ទេ ។ ៣នាក់ ឃាត់បានពីថ្ងៃ ចំណែក ៤នាក់ទៀត ឃាត់ខ្លួននាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅវាលរេញ ខេត្តព្រះសីហនុ ៕ អត្ថបទ៖ តារាវុទ្ធី

[BREAKING NEWS] សារព័ត៌មានរដ្ឋ៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៩.៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

2024/01/04 03:21:23 pm        155
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នេះ បានរាយការណ៍ថា រដ្ឋាភិបាលយោធាសហភាពមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៩.៦៥២នាក់ ក្នុងនោះរួមទាំងជនបរទេស ១១៤នាក់ផងដែរ ក្រោមការលើកលែងទោសមួយ ដែលធ្វើឡើងដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្លាស់ប្តូរបទពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍ និងបានប្រើប្រាស់កម្លាំងយ៉ាងឃោរឃៅ ដើម្បីកម្ចាត់ការតវ៉ា។រដ្ឋាភិបាលយោធាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសខ្លីមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ដោយមានចេតនារក្សាទំនាក់ទំនង ជាមួយប្រទេសផ្សេងទៀត និងលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវបានលើកលែងទោស។ ពួកគេនឹងត្រូវនិរទេស»៕

ជនអន្តោប្រវេសន៍គ្មានឯកសារ ប្រហែល ៨៧.០០០នាក់ ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០២៣

2024/01/04 02:04:08 pm        78
អគ្គបញ្ជាការដ្ឋានកងទ័ព បាននិយាយកាលពីថ្ងៃពុធថា អង្គភាពកងទ័ព និងអាជ្ញាធរអនុវត្តច្បាប់ របស់ប្រទេសម៉ារ៉ុក បានចាប់ខ្លួនជនអន្តោប្រវេសន៍គ្មានឯកសារប្រមាណ ៨៧.០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលពួកគេភាគច្រើន មកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។កងទ័ព និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការត្រួតពិនិត្យព្រំដែន និងតំបន់ដែនសមុទ្រ ព្រមទាំងការប្រយុទ្ធប្រឆាំងការគំរាមកំហែងឆ្លងកាត់ព្រំដែន។ សេចក្តីថ្លែងការណ៍ និយាយថា កងទ័ពបានផ្តល់ការជួយសង្គ្រោះ និងជំនួយ ទៅដល់ជនអន្តោប្រវេសន៍ជាង ២២.០០០នាក់ ដែលជួបគ្រោះអាសន្ននៅលើទូក នៅលើដែនទឹកប្រទេសម៉ារ៉ុកក្នុងឆ្នាំ ២០២៣ ។ប្រទេសម៉ារ៉ុក បានក្លាយជាប្រទេសឆ្លងកាត់មួយ សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ដែលប៉ុនប៉ងទៅដល់ទ្វីបអឺរ៉ុប សម្រាប់ជីវិតរស់នៅកាន់តែប្រសើរ។ កងទ័ពបាននិយាយថា ពួកគេបានស្ទាក់ចាប់ជនអន្តោប្រវេសន៍ជាង ១.១០០នាក់ ដែលព្យាយាមចូលទៅដល់តំបន់ហ៊ុមព័ទ្ធ Ceuta របស់អេស្បាញ និងតំបន់ Melilla នៅភាគខាងជើងប្រទេសម៉ារ៉ុក កាលពីថ្ងៃចូលឆ្នាំសកល។ ផ្លូវថ្មីមួយ ដែលលាតសន្ធឹងឆ្លងកាត់ ឆ្នេរអាត្លង់ទិកប្រទេសអាហ្វ្រិកខាងលិចទៅកាន់ប្រជុំកោះ Canary ប្រទេសអេស្បាញ បានទាក់ទាញជនអន្តោប្រវេសន៍យ៉ាងច្រើន នៅក្នុងឆ្នាំ២០២៣។ គណៈកម្មការទទួលបន្ទុកជនភៀសខ្លួនប្រទេសអេស្បាញ បាននិយាយថាការមកដល់ជនអន្តោប្រវេសន៍ មកកាន់ប្រជុំកោះ បានកើនឡើង១៤០ភាគរយ ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។

មនុស្សរាប់រយនាក់ស្ថិតក្នុងភាពឯកោ បន្ទាប់ពីរញ្ជួយដីនៅប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស៧៨នាក់ស្លាប់

2024/01/04 02:01:13 pm        68
មនុស្សជាង ៥០ នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះជប៉ុន បានព្យាយាមដើម្បីចូលទៅដល់មនុស្សរាប់រយនាក់ ដែលនៅតែត្រូវបានកាត់ផ្តាច់ពីជំនួយរយៈពេលបីថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៨ នាក់ស្លាប់។ ខណៈការស្វែងរកដ៏តក់ក្រហល់សម្រាប់រកអ្នកនៅរស់រានមានជីវិតនៅតែបន្ត សហគមន៍ជាច្រើននៅតែឯកោ ដោយសារបំណាក់ដី និងផ្លូវដែលត្រូវបានរាំងស្ទះនៅប្រទេសជប៉ុនភាគកណ្តាល ជាកន្លែងដែលរញ្ជួយដីកម្រិត ៧,៥ រិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ។អាជ្ញាធរក្នុងតំបន់បាននិយាយថា ការរញ្ជួយដីដ៏មានឥទ្ធិពល ដោយក្រោយមកមានការរញ្ជួយរាប់រយលើក ទៀត បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៣០នាក់រងរបួស។ អាជ្ញាធរ បានផ្សព្វផ្សាយបញ្ជីឈ្មោះមនុស្ស ៥១ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលទីកន្លែងបាត់ខ្លួនរបស់ពួកគេពុំត្រូវបានដឹងនៅឡើយ។ទិដ្ឋភាពនៃការបំផ្លាញបន្ថែមទៀត ត្រូវបានមើលឃើញដោយសារព័ត៌មាន AFP នៅក្នុងទីក្រុងឆ្នេរ Anamizu រួមទាំងរថយន្តជាច្រើនគ្រឿងនៅក្រោមថ្មបាក់បែក។ ទាហាន អ្នកពន្លត់អគ្គីភ័យ និងនគរបាលរាប់ពាន់នាក់ មកពីទូទាំងប្រទេសជប៉ុន បានជីកកកាយតាមគំនរបាក់បែក នៃលំនៅឋានសាងសង់ពីឈើ និងអគារពាណិជ្ជកម្មដែលបាក់រលំ ដើម្បីស្វែងរកអ្នកនៅរស់។គ្រួសារប្រហែល ២៩.០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត Ishikawa នៅឆ្នេរសមុទ្រជប៉ុន ហើយលំនៅឋានជាង ១១០.០០០ខ្នង នៅទូទាំងខេត្ត Ishikawa និងតំបន់ជិតខាងចំនួនពីរផ្សេងទៀត គ្មានទឹកប្រើប្រាស់។ ដំណើរការចូលទៅដល់ ត្រូវបានរារាំងសម្រាប់សហគមន៍តូចៗនៅក្នុងតំបន់ឧបទ្វីប Noto ដែលរងគ្រោះខ្លាំងបំផុត ដោយមនុស្ស ៣០០ នាក់ កំពុងរង់ចាំជំនួយក្នុងភាពអស់សង្ឃឹម នៅសាលារៀនមួយកន្លែងក្នុងទីក្រុង Ooya តំបន់ Suzu ។

ពលរដ្ឋជប៉ុន ទៅពិនិត្យលំនៅឋានដែលត្រូវបានបំផ្លាញ និងតម្រង់ជួរយកអាហារ បន្ទាប់ពីរញ្ជួយដី

2024/01/04 01:42:28 pm        145
អ្នកស្រុកនៅទីក្រុង វ៉ាជីម៉ា (Wajima) របស់ប្រទេសជប៉ុ នបានទៅពិនិត្យលំនៅឋានដែលត្រូវបានបំផ្លាញ និងបានតម្រង់ជួរសម្រាប់អាហារដោយមិនគិតថ្លៃ ស្របពេលមានការផ្គត់ផ្គង់ដ៏តឹងតែងនៅថ្ងៃព្រហស្បតិ៍ (០៤ មករា) បន្ទាប់ពីមានការរញ្ជួយដីដែលបានវាយប្រហារតំបន់នេះនៅថ្ងៃចូលឆ្នាំថ្មី។ប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដើម្បីយកវត្ថុដែលមិនខូចខាតមួយចំនួននៅក្នុងសង្កាត់មួយដែលត្រូវបានបំផ្លាញដោយអគ្គិភ័យទ្រង់ទ្រាយធំ។ អ្នកស្រុកបាននិយាយថា ពួកគេបារម្ភថានឹងមិនអាចរស់នៅទីនោះបានទៀត។ នៅទូទាំងទីក្រុង អ្នកស្ម័គ្រចិត្តជាច្រើនកំពុងចែកចាយអាហារដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។ អ្នកឈរតម្រង់ជួរយកអាហារបាននិយាយថាកង្វះទឹកបន្ទាប់ពីរញ្ជួយដីគឺជាក្តីបារម្ភធំបំផុតរបស់ពួកគេ។ឧបទ្វីប ណូតូ (Noto) បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដោយទីក្រុងកំពង់ផែនានារបស់ជប៉ុន ដូចជាទីក្រុង វ៉ាជីម៉ា (Wajima) និងទីក្រុងស៊ូស៊ុយ (Suzu) បានរងគ្រោះយ៉ាងខ្លាំង ដែលផ្លូវត្រូវបានគ្របដណ្ដប់ដោយល្បប់ លំនៅឋានជាច្រើនខ្នងបាក់រាបដល់ដី និងទូកជាច្រើនគ្រឿងបានលិច៕

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសរាប់រយនាក់ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម

2024/01/04 01:32:32 pm        97
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោសរាប់រយនាក់ កាលពីថ្ងៃពុធ នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្លែងថា ជនជាតិអ៊ុយក្រែន ២៣០នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ នៅក្នុងការដោះដូរអ្នកទោស រួមទាំងទាហាន និងពលទាហានចំនួន ២១៣នាក់ មន្ត្រី ១១នាក់ និងជនស៊ីវិល ៦នាក់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TASS បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានទទួលទាហានចំនួន ២៤៨នាក់ពីអ៊ុយក្រែនជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម ប៉ុន្តែពុំមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសមជ្ឈិមបូព៌ានេះអំពីការដោះដូរនោះទេ។ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចរចាដោះលែងអ្នកទោសរាប់សិបដង ក្នុងអំឡុងសង្គ្រាមជិតពីរឆ្នាំរបស់ពួកគេ ដោយបានដោះលែងបុគ្គលិករាប់រយនាក់។កាលពីឆ្នាំមុន ប្រទេសកាតា ក៏បានជួយដោះលែងកុមារអ៊ុយក្រែន ៤នាក់ ដែលត្រូវបានគេនាំចូលក្នុងប្រទេសរុស្ស៊ី។ការដោះដូរនេះ កើតមានឡើង នៅពេលដែលរុស្ស៊ី បន្តវាយប្រហារអ៊ុយក្រែនដោយការវាយប្រហារតាមអាកាស ដោយកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ក្នុងការវាយប្រហារដោយមីស៊ីលនិងយានដ្រូន។

ពលរដ្ឋភៀសខ្លួនដែលជាប់នៅតំបន់សង្រ្គាមហ្កាហ្សា កំពុងជួបកង្វះខាតយ៉ាងធ្ងន់ធ្ងរលើសម្ភារចាំបាច់

2024/01/04 01:27:57 pm        101
ប្រជាជនដែលជាប់ក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល កំពុងជួបការលំបាកយ៉ាងខ្លាំងជាមួយនឹងកង្វះខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ។បុគ្គលដែលងាយរងគ្រោះ ដូចជាទារក ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានរោគសញ្ញារ៉ាំរ៉ៃ មិនអាចទទួលបានសេវាវេជ្ជសាស្រ្តដែលមានជំនាញវិជ្ជាជីវៈនោះទេ។ កាន់តែអាក្រក់ទៅទៀតនោះ ជនភៀសខ្លួនមួយចំនួនធំត្រូវបង្ខំចិត្តស្វែងរកទីជំរកនៅកន្លែងដែលតូចចង្អៀតខ្លាំង ដែលនាំទៅដល់ការរីករាលដាលនៃជំងឺទូទៅ។ជនភៀសខ្លួនបាននិយាយថា «មានកូនក្មេងជាច្រើននៅទីនេះ ប៉ុន្តែអត់មានជម្រកត្រឹមត្រូវទេ ហើយមានស្ត្រីមានផ្ទៃពោះយ៉ាងច្រើន ប៉ុន្តែគ្មានអាហារ គ្មានទឹក និងគ្មានរបស់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ យើងផឹកទឹកកខ្វក់លើដីដែលមានរសជាតិប្រៃ ហើយមានអ្នកជំងឺជាច្រើន ប៉ុន្តែអត់មានមានបន្ទប់ថែទាំ និងវេជ្ជបណ្ឌិតជំនាញទេ។ ទារកមិនមានទឹកដោះសម្រាប់ផឹកឡើយ ពួកយើងនៅហ្កាហ្សា ទាំងស្ត្រី កុមារ និងមនុស្សចាស់កំពុងរងទុក្ខវេទនាខ្លាំងណាស់»។ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ២២.០០០នាក់ និងបានធ្វើឱ្យមនុស្សប្រហែល ៥៨.០០០នាក់ ផ្សេងទៀតរងរបួស ដូចដែលបានរាយការណ៍ដោយក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប៕

ខេត្តនានារបស់ចិនព្រមានពីអ័ព្ទក្រាស់ ខណៈជើងហោះហើររាប់សិបជើងរបស់ក្រុងសៀងហៃ ត្រូវពន្យារពេល

2024/01/04 01:22:26 pm        79
អ័ព្ទយ៉ាងក្រាស់នៅក្នុងខេត្តមួយចំនួនរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា សប្ដាហ៍នេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារតែ មិនអាចមើលឃើញផ្លូវច្បាស់ ការបិទផ្លូវហាយវេ ពន្យារពេលជើងហោះហើរចេញពីទីក្រុងសៀងហៃ និងជំរុញឱ្យអ្នកព្យាករណ៍អាកាសធាតុចេញការព្រមាន និងការណែនាំជាបន្តបន្ទាប់។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបាននិយាយថា អ័ព្ទយ៉ាងក្រាស់បានប៉ះពាល់ដល់ខេត្ត សានទង់ (Shandong)ខេត្តហ៊ូប៉ី (Hubei) ខេត្តហ៊ូណាន (Hunan)ខេត្តជាំងស៊ី(Jiangxi)និង ខេត្ត ហ្វ៊ូជៀន (Fujian) ខណៈកម្រិតនៃការមើលឃើញផ្លូវច្បាស់ ក្រោម ២០០ ម៉ែត្រ រីឯផ្នែកខ្លះនៃភាគខាងត្បូង ខេត្ត ជាំងស៊ូ (Jiangsu) និងភាគខាងត្បូងខេត្ត អានហ៊ុយ (Anhui) មានកម្រិតនៃការមើលឃើញផ្លូវច្បាស់ ក្រោម៥០ ម៉ែត្រ។ នាយកដ្ឋានឧតុនិយមកណ្តាលបានចេញការព្រមានពណ៌លឿង និងពណ៌លឿងទុំ សម្រាប់អ័ព្ទខ្លាំងរហូតដល់ម៉ោង៧និង៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ក្រុមមន្ត្រីព្យាករណ៍អាកាសធាតុរបស់ចិនបានព្យាករណ៍ថា នឹងមានចុះអ័ព្ទនៅតំបន់ជាច្រើននឹងឈានចូលដល់ថ្ងៃសុក្រស្អែកទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV តំបន់មួយចំនួននៃខេត្ត អានហ៊ុយ (Anhui) បានចេញការព្រមានពណ៌ក្រហមសម្រាប់អ័ព្ទខ្លាំង ដែលជាកម្រិតណែនាំដ៏ធ្ងន់ធ្ងរបំផុត ហើយផ្លូវហាយវេជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន ។ ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅទីក្រុង ណានជីង (Nanjing)នៃខេត្តជាំងស៊ូ(Jiangsu) ភាគខាងកើតប្រទេសចិន តំបន់ជាច្រើនត្រូវបានវាយប្រហារដោយអ័ព្ទខ្លាំង ដែលបង្កឱ្យមានការកកស្ទះក្នុងការដឹកជញ្ជូនសាធារណៈក្នុងកម្រិតផ្សេងៗគ្នា។ ប្រទេសចិនមានប្រព័ន្ធព្រមានពណ៌ប្រកាសអាសន្នបីកម្រិតសម្រាប់អ័ព្ទក្រាស់ ដោយពណ៌ក្រហមគឺធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ និងលឿង។យោងតាមកម្មវិធីតាមដានការហោះហើររបស់ក្រុមហ៊ុន FlightView.com អ័ព្ទក៏បណ្តាលឱ្យជើងហោះហើររាប់សិបជើងចេញពីអាកាសយានដ្ឋានអន្តរជាតិសៀងហៃ ពូតុង(Shanghai Pudong) ត្រូវបានពន្យារពេល ឬបង្វែរក្នុងរយៈពេលបីម៉ោងចុងក្រោយនេះផងដែរ៕

អ្នកដំណើររាប់ពាន់នាក់ ជាប់គាំងដំណើរនៅអាកាសយានដ្ឋាន Haneda បន្ទាប់ពីឧបទ្ទវហេតុយន្តហោះ

2024/01/04 01:14:08 pm        67
អ្នកដំណើររាប់ពាន់នាក់ បានជាប់គាំងដំណើរនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃពុធ បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នាកាលពីថ្ងៃអង្គារ នៅលើផ្លូវរត់របស់យន្តហោះ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរនៅអាកាសយានដ្ឋាន Haneda នៅម៉ោងប្រហែល ១៧:៤៧នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ។មនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយប្រធានក្រុមម្នាក់នៅរស់រានមានជីវិត ប៉ុន្តែបានរងរបួសធ្ងន់។ បន្ទាប់ពីបុកគ្នា យន្តហោះទាំងពីរគ្រឿងបានឆាបឆេះនៅលើផ្លូវរត់ មានផ្សែងយ៉ាងសន្ធោសន្ធៅ ខណៈយន្តហោះដឹកអ្នកដំណើរធុនធំ ក៏បានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។ មនុស្ស ៣៧៩នាក់ នៅលើយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ជាប្រភេទយន្តហោះ Airbus A-350 អាចត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ទោះបីជាមានមនុស្ស ១៤ នាក់បានរងរបួសក៏ដោយ។ឧបទ្ទវហេតុយន្តហោះនេះ បានបង្ខំឱ្យអាកាសយានដ្ឋានបិទផ្លូវរត់ទាំងអស់អស់ជាច្រើនម៉ោងកាលពីល្ងាចថ្ងៃអង្គារ ដែលនាំឱ្យមានការលុបចោលជើងហោះហើរចំនួន ២២៦ជើង ទៅនិងមកពីអាកាសយានដ្ឋាន Haneda ដែលប៉ះពាល់ដល់អ្នកដំណើរជាង ៤០.០០០នាក់។ ទោះបីជាមានការបើកផ្លូវរត់ចំនួនបីខ្សែរឡើងវិញកាលពីថ្ងៃពុធក៏ដោយ ក៏ជើងហោះហើរប្រហែល ១០០ជើង នៅតែត្រូវបានគេរំពឹងថាត្រូវលុបចោល ដែលប៉ះពាល់ដល់ផែនការធ្វើដំណើររបស់អ្នកដំណើរប្រហែល ១៩.០០០នាក់។ យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឲ្យដឹងថា ជើងហោះហើរដឹកអ្នកដំណើរបណ្តោះអាសន្ន និងសេវាកម្មរថភ្លើង ត្រូវបានដាក់បន្ថែម ដើម្បីកាត់បន្ថយការអាក់ខានក្នុងការធ្វើដំណើរ ដែលបណ្តាលមកពីឧបទ្ទវហេតុនេះ។ គណៈកម្មការធិការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានចាប់ផ្តើមការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។

អ៊ុយក្រែន មិនមានផែនការបម្រុងដើម្បីធានាបានការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកទេ

2024/01/04 01:08:04 pm        86
អ៊ុយក្រែន មិនបានពិចារណាជម្រើសផ្សេងក្នុងការធានាបានជំនួយយោធាអាមេរិកដែលជាប់គាំង សម្រាប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនោះទេ ហើយមានទំនុកចិត្តថាសភាអាមេរិក នឹងផ្តល់ការយល់ព្រមក្នុងការបញ្ចេញជំនួយដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេស លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយកាលពីថ្ងៃពុធ (០៣ មករា)។លោក គូឡេបា បានប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយថា «យើងមិនមានផែនការបម្រុងនោះទេ ព្រោះយើងមានទំនុកចិត្តលើផែនការទីមួយ។ អ៊ុយក្រែន នឹងតែងតែបន្តប្រយុទ្ធជាមួយនឹងធនធានដែលបានផ្តល់ឱ្យ ហើយអ្វីដែលផ្តល់ឱ្យអ៊ុយក្រែន មិនមែនជាជំនួយសប្បុរសធម៌នោះទេ។ វាគឺជាការវិនិយោគលើការការពាររបស់អង្គការណាតូ និងការការពារភាពរុងរឿងរបស់ប្រជាជនអាមេរិក»។លោក គូឡេបា បាននិយាយថា ប្រសិនបើរុស្ស៊ី មានជ័យជម្នះក្នុងជម្លោះ ដែលឥឡូវនេះមានអាយុលើសពី ២២ខែនេះ នោះ «មេដឹកនាំផ្សេងទៀតនឹងត្រូវបានល្បួងឱ្យដើរតាមគន្លងរបស់រុស្ស៊ី ហើយការធានាសន្តិសុខនៅក្នុងផ្នែកនៃពិភពលោកនេះ និងការរារាំងមេដឹកនាំទាំងនេះពីការឈ្លានពាន នឹងត្រូវការចំណាយយ៉ាងច្រើន និងកាន់តែខ្ពស់ជាងនេះសម្រាប់សហរដ្ឋអាមេរិក»។សំណើររបស់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ជំនួយចំនួន ៦១ពាន់លានដុល្លារទៀតសម្រាប់អ៊ុយក្រែន ត្រូវបានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក ជាទីដែលសមាជិកបក្សសាធារណរដ្ឋនិយាយថាថវិកានេះត្រូវតែបែងចែកទៅលើការគ្រប់គ្រងអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកជំនួសវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រទេសចិនសម្រាប់​ការគាំទ្រមនុស្សធម៌
09/07/2025 09:09 AM
បាតុករនៅទីក្រុងហ្សេរុយសាឡឹម និងទីក្រុងតែល អាវីវ អំពាវនាវឲ្យបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ថ្នូរ
09/07/2025 09:09 AM
ពលរដ្ឋវេណេស៊ុយអេឡាព្រួយបារម្ភពីជម្លោះ ខណៈការដំឡើងយោធាអាមេរិកនៅតំបន់ការ៉ាអ៊ីប
09/07/2025 09:09 AM
កូនឈើចម្រុះជាង៨ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកជូនដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងពលរដ្ឋយកទៅដាំដុះកាលពីចុងខែសីហា
09/07/2025 09:09 AM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
09/07/2025 09:09 AM
កូរ៉េខាងត្បូងសន្យាគាំទ្រពលរដ្ឋកូរ៉េដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់អន្តោប្រវេសន៍របស់អាមេរិក
09/07/2025 09:09 AM
អ៊ីស្រាអែលបំផ្លាញអគារខ្ពស់ទី ២ ស្របពេលដែលការវាយប្រហារទីក្រុងហ្កាហ្សាកាន់តែខ្លាំងក្លាឡើង
09/07/2025 08:09 AM
ពលរដ្ឋកហ្កាហ្សា បដិសេធន៍ចាកចេញពីទីក្រុងហ្កាហ្សា ក្រោយយោធាអ៊ីស្រាអែលបញ្ជាឲ្យជម្លៀសខ្លួន
09/07/2025 08:09 AM
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ
09/07/2025 08:09 AM
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រើនរំលឹកដល់ពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ
09/07/2025 08:09 AM