ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

យានដ្រូនរបស់អ៊ីស្រាអែល សម្លាប់មេដឹកនាំរងក្រុមហាម៉ាសនៅទីក្រុងបេរូត

2024/01/03 01:05:53 pm        167
ប្រភពពីសន្តិសុខលីបង់ និងដែនដីប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាស លោក Saleh al-Arouri នៅក្នុងការវាយប្រហារដោយយានដ្រូននៅរដ្ឋធានីបេរូត(Beirut) ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ខណៈរថក្រោះនិងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយលុកនៅតំបន់ហ្កាហ្សា នៅក្នុងសង្គ្រាមកាន់តែខ្លាំងបន្ថែមទៀតប្រឆាំងក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ៊ុមព័ទ្ធ។ លោក Arouri អាយុ៥៧ឆ្នាំ គឺជាមេដឹកនាំជាន់ខ្ពស់ម្នាក់ដំបូងគេផ្នែកនយោបាយ របស់ក្រុមហាម៉ាស ដែលត្រូវបានធ្វើឃាត ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកតាមអាកាស និងជើងគោកទៅលើក្រុមអ្នកគ្រប់គ្រងក្រុមហាម៉ាសនៅហ្កាហ្សា រយៈពេលពីជិត៣ខែកន្លងទៅនេះ បន្ទាប់ពីការវាយសម្រុកចូលដ៏គួឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល។ ការស្លាប់របស់លោក អាចបង្កើនហានិភ័យសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងរាលដាលហួសពីតំបន់ហ្កាហ្សា។ ក្រុមហេសបូឡាប្រដាប់អាវុធធុនធ្ងន់នៅប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ ក្រុមហាម៉ាស បាននិងកំពុងបាញ់តគ្នា ជារៀងរាល់ថ្ងៃជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សាប់ផ្តើម។ វិទ្យុ និងទូរទស្សន៍របស់ក្រុមហាម៉ាស និងទូរទស្សន៍ Mayadeen គាំទ្រអ៊ីរ៉ង់ របស់ប្រទេសលីបង់ បានបញ្ជាក់ពីប្រភពសន្តិសុខថា លោក Arouri សមាជិកនៃការិយាល័យនយោបាយរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន មានមូលដ្ឋាននៅបរទេស និងសហស្ថាបនិកស្លាបយោធារបស់ក្រុមហាម៉ាស លោក Izz-el-Deen នៅកងពល al-Qassam ត្រូវបានសម្លាប់នៅពេលដែលយានដ្រូន បានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងទីក្រុងបេរូត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានសម្លាប់មនុស្ស ៦ នាក់នៅជាយក្រុង Daliyeh ភាគខាងត្បូង ជាទីតាំងលាក់ខ្លួនរបស់ក្រុមហេសបូឡា។ ប្រភពសន្តិសុខចំនួនពីរ បាននិយាយថា យានដ្រូន បានកំណត់គោលដៅក្នុងការជួបជុំមួយ ហើយទូរទស្សន៍ Al Aqsa របស់ក្រុមហាម៉ាស បាននិយាយថា មេបញ្ជាការស្លាបប្រដាប់អាវុធរបស់ក្រុមនេះ នៅក្នុងប្រទេស លីបង់២នាក់ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកស្លាប់។

រុស្ស៊ី វាយប្រហារទីក្រុងធំៗពីររបស់អ៊ុយក្រែន ក្នុងរលកថ្មីនៃការវាយប្រហារដ៏ខ្លាំងក្លា

2024/01/03 12:36:47 pm        96
ប្រទេសរុស្ស៊ី បានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (០២ មករា) នៅក្នុងរលកថ្មីនៃការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៥នាក់ និងបានជំរុញឱ្យមានការអំពាវនាវឱ្យលោកខាងលិចផ្តល់ជំនួយយោធាបន្ថែមទៀតយ៉ាងឆាប់រហ័ស។ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា មនុស្ស ១៣៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនចុងក្រោយបង្អស់ រួមទាំងមនុស្ស ៦១នាក់ផ្សេងទៀតនៅក្នុង និងជុំវិញទីក្រុងខាកូវ (Kharkov) ដែលជាទីក្រុងទីពីររបស់អ៊ុយក្រែននៅភាគឦសាន និងមនុស្ស ១៧នាក់នៅក្នុងនិងជុំវិញរដ្ឋធានី គីវ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ល្ងាច ខណៈដែលការវាយលុកនេះក៏បណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលផងដែរ។រុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្នុងអំឡុងពេលចូលឆ្នាំថ្មី ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃចន្ទថាការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនទៅលើទីក្រុងប៊ែលហ្កូរ៉ូត (Belgorod) របស់រុស្ស៊ី ដែលទីក្រុងមូស្គូបាននិយាយថាបានសម្លាប់ជនស៊ីវិល ២៥នាក់នោះ នឹង «មិនត្រូវបានអត់ឱនឲ្យនោះទេ»។លោក ហ៊្សេឡិនស្គី នៅក្នុងវីដេអូនៅពេលយប់របស់ខ្លួន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលជិត ៣០០គ្រាប់ និងយានដ្រូនជាង ២០០គ្រឿងក្នុងការវាយប្រហារក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ហើយការវាយប្រហារនេះមានគោលបំណងបង្កឱ្យមានការបំផ្លិចបំផ្លាញជាអតិបរមានៅក្នុងប្រទេសអ៊ុយក្រែន៕

ជម្លោះជុំវិញទំនាក់ទំនងចិន បង្កភាពជូរចត់ដល់យុទ្ធនាការបោះឆ្នោតកោះតៃវ៉ាន់

2024/01/03 12:27:27 pm        100
ជម្លោះដ៏ជូរចត់អំពីមធ្យោបាយដោះស្រាយទំនាក់ទំនងជាមួយចិន និងការជៀសវាងជម្លោះកំពុងគ្របដណ្តប់លើយុទ្ធនាការបោះឆ្នោតចុងក្រោយនៅកោះតៃវ៉ាន់ ខណៈដែលការស្ទង់មតិមួយចំនួនបង្ហាញពីការប្រកួតប្រជែងដ៏តឹងតែងរវាងគូប្រជែងសំខាន់ពីររូបដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់កោះនេះ។ការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះកំពុងប្រព្រឹត្តទៅប្រឆាំងនឹងភាពតានតឹងនៃកំណើនសម្ពាធពីប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង ស្វះស្វែងពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ប្រទេសចិនបានចោទប្រកាន់កោះតៃវ៉ាន់ពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងបានបញ្ចប់ការកាត់បន្ថយពន្ធមួយចំនួន ខណៈដែលយោធារបស់ប្រទេសចិនបានបន្តហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទាំងប្រទេសចិន និងគណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្សគូមីនតាំង (KMT) បានកំណត់ការបោះឆ្នោតជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) និងបេក្ខជនមេដឹកនាំបន្ទាប់លោក ឡៃ ឈីងតេ (Lai Ching-te) បានផ្តល់កិច្ចចរចាជាមួយប្រទេសចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ ដោយសារទីក្រុងប៉េកាំង ជឿថាពួកគេជាពួកផ្តាច់ខ្លួន។ គណបក្សគូមីនតាំង ដែលអនុគ្រោះដល់ទំនាក់ទំនងជិតស្និទ្ធជាមួយចិន ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថាមិនគាំទ្រទីក្រុងប៉េកាំង នោះបាននិយាយថា ខ្លួននឹងបន្តជំរុញការការពាររបស់កោះតៃវ៉ាន់ ប៉ុន្តែចង់ចូលរួមជាមួយចិនឡើងវិញ ហើយប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់៕

អង្គការសហប្រជាជាតិ ជំរុញការផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅប្រទេសបង់ក្លាដែស

2024/01/03 12:24:11 pm        90
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាអង្គការសហប្រជាជាតិបង្កើនការផ្ដល់ស្បៀងអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ៗក្នុងប្រទេសបង់ក្លាដែស ចំនួន ២ដុល្លារទៀតក្នុងមួយខែដែលឡើងដល់ចំនួន ១០ដុល្លារ ចាប់ពីថ្ងៃទី០១ ខែមករា ខណៈទីភ្នាក់ងារស្បៀងអាហារ UN មួយនេះសម្ដែងការដឹងគុណដល់ម្ចាស់ជំនួយដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងដែលខ្វះថវិកានេះ។អង្គការសហប្រជាជាតិបានកាត់បន្ថយជំនួយស្បៀងអាហារកាលពីឆ្នាំមុនដល់ជនភៀសខ្លួនចំនួនមួយភាគបីមកនៅត្រឹមចំនួន ៨ដុល្លារជារៀងរាល់ខែ ដោយសារខ្លួនរៃអង្គាសបានថវិកាតិចជាងពាក់កណ្តាលនៃចំនួន ៨៧៦លានដុល្លារដែលត្រូវការដើម្បីជួយអ្នករងគ្រោះទាំងនោះ។សមាជិកជិតមួយលាននាក់នៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាមកពីប្រទេសមីយ៉ាន់ម៉ា រស់នៅក្នុងជំរំធ្វើពីឫស្សី និងផ្លាស្ទិកក្នុងសង្កាត់ព្រំដែន ខុកស៍បាហ្សា (Cox's Bazar) របស់ប្រទេសបង់ក្លាដែស ដែលភាគច្រើនបានភៀសខ្លួនចេញពីការបង្ក្រាបដោយយោធាក្នុងឆ្នាំ២០១៧។ទីភ្នាក់ងារ WFP បាននិយាយថា ការស្ទង់មតិចុងក្រោយបង្អស់បានបង្ហាញពីកង្វះអាហារូបត្ថម្ភនៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស មានកម្រិតខ្ពស់បំផុតចាប់តាំងពីការហូរចូលឆ្នាំ២០១៧ ហើយបានលើសពីកម្រិតសង្គ្រោះបន្ទាន់ ១៥% នេះបើយោងតាមចំណាត់ថ្នាក់គ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក៕

អ៊ីស្រាអែល នឹងតតាំងប្រឆាំងនឹងការអះអាងរបស់អាហ្វ្រិកខាងត្បូង អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា នៅតុលាការ

2024/01/03 12:20:15 pm        102
អ្នកនាំពាក្យរបស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលនឹងតតាំងប្រឆាំងនឹងការអះអាងរបស់អាហ្វ្រិកខាងត្បូងដែលថា ខ្លួនកំពុងប្រព្រឹត្តអំពើ «ប្រល័យពូជសាសន៍» នៅតំបន់ហ្កាហ្សា នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លោក Eylon Levy បាននិយាយទៅកាន់មេដឹកនាំអាហ្វ្រិកខាងត្បូងថា៖«ប្រវត្តិសាស្ត្រ នឹងវិនិច្ឆ័យអ្នក ហើយវានឹងវិនិច្ឆ័យអ្នកដោយគ្មានមេត្តា»។ប្រទេសអាហ្វ្រិកខាងត្បូង បានដាក់សំណុំរឿងនេះទៅតុលាការ ICJ កាលពីថ្ងៃសុក្រ ដោយធ្វើឲ្យអ៊ីស្រា អែលផ្ទុះកំហឹង។អាហ្រ្វិកខាងត្បូង គឺជាអ្នកគាំទ្រដ៏ម៉ឺងម៉ាត់របស់ប៉ាឡេស្ទីន ហើយបានថ្កោលទោសអ៊ីស្រាអែលម្តងហើយម្តងទៀត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្កាហ្សា នៅថ្ងៃទី៧ ខែតុលា។ប្រជាជនប៉ាឡេស្ទីនជាង ២២.០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមអ៊ីស្លាមនិយមហាម៉ាស។អ៊ីស្រាអែល បានប្រកាសសង្រ្គាមទៅលើក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានដឹកនាំការវាយប្រហារដ៏ធំលើសហគមន៍នានាក្នុងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់មនុស្សប្រហែល ២៤០នាក់ទៀតទៅកាន់តំបន់ហ្កាហ្សា ជាចំណាប់ថ្នូរ។

អាមេរិក បានឈានដល់កិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយកាតា ដើម្បីបន្តប្រតិបត្តិការមូលដ្ឋានយោធាធំបំផុតនៅមជ្ឈិមបូព៌ា

2024/01/03 12:16:13 pm        193
មន្ត្រីការពារជាតិអាមេរិកបីនាក់ និងមន្ត្រីម្នាក់ទៀតដែលដឹងពីកិច្ចព្រមព្រៀងនេះបានប្រាប់ CNN ថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងដោយសម្ងាត់ដែលត្រូវពង្រីកវត្តមានយោធារបស់ខ្លួននៅឯមូលដ្ឋានដ៏ធំមួយក្នុងប្រទេសកាតាសម្រាប់រយៈពេល ១០ ឆ្នាំទៀត ។ កិច្ចព្រមព្រៀង ដែលមិនត្រូវបានប្រកាសជាសាធារណៈ បង្ហាញពីការពឹងផ្អែករបស់ទីក្រុងវ៉ាស៊ីនតោន លើប្រទេសឈូងសមុទ្រតូចមួយនេះ ដែលថ្មីៗនេះបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលការដោះលែងចំណាប់ថ្នូរជនជាតិអាមេរិកពីការជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា និងវេណេហ្ស៊ុយអេឡា។មូលដ្ឋានទ័ពអាកាស អេអាយ យូដេដ (Al Udeid) ដែលមានទីតាំងនៅវាលខ្សាច់ភាគនិរតីនៃទីក្រុង ដូហា(Doha) ប្រទេសកាតា គឺជាការដំឡើងសាច់ដុំយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយអាចផ្ទុកទាហានអាមេរិកជាង១ម៉ឺននាក់។រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពអា អាយ យូដែដ (Al Udeid)កាលពីខែមុន ជាទីដែលលោកបានថ្លែងអំណរគុណដល់ប្រទេសកាតា សម្រាប់ការបង្កើនការចំណាយរបស់ពួកគេលើមូលដ្ឋានទ័ពនេះ។ ប៉ុន្តែលោកពុំបាននិយាយអំពីការបន្តឡើងវិញនោះទេ ហើយរដ្ឋបាល លោកBiden ពុំបានផ្សព្វផ្សាយជាសាធារណៈដែរ នៅពេលប្រទេសកាតា ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងសម្រាប់ការធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស។ ក្រុមមន្ត្រីកាតាបានប្រឆាំងថា នោះគ្រាន់តែជាសំណើរបស់សហរដ្ឋអាមេរិកក្នុងអំឡុងរដ្ឋបាលលោកអតីតប្រធានាធិបតី អូបាម៉ា ប៉ុណ្ណោះដែលក្រុមហាម៉ាស ត្រូវបានអនុញ្ញាតឱ្យបើកការិយាល័យនយោបាយនៅទីក្រុងដូហា។ មូលដ្ឋាននេះជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការផ្លូវអាកាសរបស់ទីបញ្ជាការកណ្តាលអាមេរិកក្នុងឬជុំវិញប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងទូទាំងមជ្ឈិមបូព៌ា។ កងទ័ពអាកាសកាតា និងអង់គ្លេសក៏ប្រតិបត្តិការពីមូលដ្ឋាននោះដែរ។ការពង្រីកឥទ្ធិពលយោធានេះ កើតឡើងនៅពេលសហរដ្ឋអាមេរិកបានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន៕

ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតែបន្ត ខណៈអ្នកស្លាប់ខាងប៉ាឡេស្ទីនឡើងលើស ២២.០០០នាក់

2024/01/03 12:02:28 pm        110
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាកងទ័ពរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលយន្តហោះ និងរថក្រោះរបស់ខ្លួនបានបង្កើនការវាយប្រហារនៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន។ អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏កំពុងបន្តផ្ទុះឡើងនៅក្នុងតំបន់កណ្តាលផងដែរ ដោយលើកឡើងពីការបាញ់ផ្លោងដោយរថក្រោះអ៊ីស្រាអែលលើផ្នែកខ្លះនៃជំរំជនភៀសខ្លួន អាល់ប៊ុរេច (Al-Bureij)។ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន ២០៧នាក់ត្រូវបានសម្លាប់ និងមនុស្ស ៣៣៨នាក់បានរងរបួសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបខាងប៉ាឡេស្ទីនដែលបានកត់ត្រាកើនឡើងដល់ ២២.១៨៥នាក់ និងរបួសចំនួន ៥៧.០៣៥នាក់ ក្នុងរយៈពេលជិត ៣ខែនៃសង្គ្រាមនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ការប្រយុទ្ធចុងក្រោយនេះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីផែនការដកកងទ័ពមួយចំនួនមកវិញ ដែលជាសញ្ញានៃដំណាក់កាលថ្មីក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ស្របពេលមានការព្រួយបារម្ភជាសកលចំពោះស្ថានភាពរបស់អ្នកស្រុកនៅតំបន់ហ្កាហ្សា។ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានបំផ្លាញទឹកដីភាគច្រើននៃតំបន់នេះទៅជាកម្ទេចថ្ម និងបានធ្វើឲ្យអ្នកស្រុកហ្កាហ្សាចំនួន ២,៣លាននាក់ស្ថិតនៅក្នុងគ្រោះមហន្តរាយមនុស្សធម៌ ដែលមនុស្សជាច្រើនត្រូវបានទុកចោលយ៉ាងគួរឲ្យអាណិត និងរងគំរាមកំហែងដោយទុរ្ភិក្សដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ៕

ប្រមុខ UN ហៅការវាយប្រហារដែលសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាសនៅលីបង់ ថាជារឿងគួរឲ្យបារម្ភជាខ្លាំង

2024/01/03 11:57:04 am        154
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតើរ៉េស (Antonio Guterres) មើលឃើញថាការធ្វើឃាតមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារដែលសង្ស័យពីអ៊ីស្រាអែល នៅទីក្រុងបេរ៉ូត (Beirut) នៅប្រទេសលីបង់ គឺជាការវិវឌ្ឍន៍ដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។លោកស្រី ហ្វ្លរ៉េនសា សូតូនីណូ (Florencia Soto Nino) ដែលជាសហការីអ្នកនាំពាក្យរបស់លោក ហ្គុយតើរ៉េស បាននិយាយថា «ជាក់ស្តែងណាស់ ការវិវឌ្ឍន៍នេះគឺជារឿងដ៏ព្រួយបារម្ភយ៉ាងខ្លាំង។ ហើយខ្ញុំគិតថានេះពិតជាបញ្ជាក់ពីអ្វីដែលលោកអគ្គលេខាធិកាទើបតែបាននិយាយអំពីគ្រោះថ្នាក់នៃការរាលដាលនៃជម្លោះរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងតំបន់ដ៏ធំទូលាយ»។លោកស្រីបានបន្ថែមថា «លោកអគ្គលេខាធិការជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់»។ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ បាននិយាយថា មនុស្ស៦នាក់បានស្លាប់ នៅពេលដែលយានដ្រូនបានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាស។ ប្រភពសន្តិសុខចំនួនពីរបាននិយាយថា ការវាយប្រហារបានកំណត់គោលដៅលើកិច្ចប្រជុំមួយ ហើយមេបញ្ជាការសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ទៀតក៏ស្ថិតក្នុងចំណោមពួកគេនោះដែរ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីជនរងគ្រោះបួននាក់ទៀតនោះទេ៕

ប្រទេសទួរគី ចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ពីបទចារកម្មឲ្យអ៊ីស្រាអែល

2024/01/03 11:52:19 am        120
ប្រទេសទួរគី ត្រូវគេរាយការណ៍ថា បានឃុំខ្លួនមនុស្ស ៣៣នាក់ ដែលសង្ស័យថាបានធ្វើចារកម្មឲ្យ ប្រទេសអ៊ីស្រាអែល។ទីភ្នាក់ងារ Anadolu បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរនៅតែកំពុងស្វែងរកមនុស្ស ១៣នាក់ផ្សេងទៀត ដែលត្រូវគេជឿថាមានទំនាក់ទំនងជាមួយសេវាសន្តិសុខ ម៉ូហ្សាដ (Mossad)របស់អ៊ីស្រាអែល។ ទីក្រុងអង់ការ៉ា ធ្លាប់បានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល វាយប្រហារលើក្រុមហាម៉ាស នៅខាងក្នុងព្រំដែនរបស់ប្រទេសទួរគីឡើយ។ ទីភ្នាក់ងារនេះបានរាយការណ៍ថា ជនសង្ស័យត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងខេត្តចំនួន៧រផ្សេងទៀតលើការចោទប្រកាន់ថាមានផែនការធ្វើសកម្មភាពដែលរួមមាន ការឈ្លបយកការណ៍ និង ការតាមប្រមាញ់ វាយប្រហារ និងចាប់ជំរិត ជនបរទេសដែលរស់នៅក្នុងប្រទេសទួរគី។រដ្ឋមន្ត្រីមហាផ្ទៃលោកអាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យើងនឹងមិនអនុញ្ញាតឱ្យសកម្មភាពចារកម្ម ត្រូវបានធ្វើឡើងប្រឆាំងនឹងការរួបរួមជាតិ និងសាមគ្គីភាពនៃប្រទេសរបស់យើងឡើយ។សារព័ត៌មាន Anadolu ពុំបានផ្តល់ព័ត៌មានអំពីជនសង្ស័យឬជនបរទេសដែលត្រូវបានគេចោទថាជាគោលដៅនោះទេ។ របាយការណ៍នេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល លោក ស៊ីនបេត (Shin Bet) បាននិយាយនៅក្នុងខ្សែអាត់សំឡេងថា អង្គការរបស់លោក ត្រូវបានរៀបចំដើម្បីបំផ្លាញក្រុមហាម៉ាស នៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសលីបង់ ទួរគី និងកាតា។ លោកប្រធានាធិបតីទួរគី រីស៊ីប តាយីប អឺដូហ្គែន (Recep Tayyip Erdogan) បានព្រមានអ៊ីស្រាអែលពី ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះ នៅតែបន្តទៅមុខដោយការគំរាមកំហែងរបស់ខ្លួនក្នុងការវាយប្រហារលើក្រុមមន្ត្រីក្រុមហាម៉ាស នៅលើទឹកដីរបស់ទួរគី៕

បារាំងបញ្ជូនក្រុមអ្នកជំនាញនីតិកោសល្យវិទ្យាទៅទីក្រុងតូក្យូ ក្រោយហេតុការណ៍ប៉ះទង្គិចយន្តហោះ

2024/01/03 11:45:14 am        143
ទីភ្នាក់ងាររដ្ឋបារាំងបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាក្រុមអ្នកជំនាញផ្នែកនីតិកោសល្យវិទ្យាមកពីក្រុមហ៊ុនផលិតយន្តហោះ អ៊ែរប៊ឺស (Airbus) និងទីភ្នាក់ងាររដ្ឋបារាំង ប៊ីអេអ៊ី (BAE) ត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុន ហើយទៅដល់នៅថ្ងៃពុធ (០៣ មករា) នេះដើម្បីជួយក្រុមអាជ្ញាធរស៊ើបអង្កេតគ្រោះថ្នាក់ដ៏រន្ធត់ដែលពាក់ព័ន្ធនឹងយន្តហោះ A350 នៅអាកាសយានដ្ឋាន ហាណេដា (Haneda) ទីក្រុងតូក្យូ។ក្រុមហ៊ុន អ៊ែរប៊ឺស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា យន្តហោះដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នោះគឺប្រភេទ MSN 538 ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ជើផេន អ៊ែរឡាញស៍ (Japan Airlines) បន្ទាប់ពីបានផលិតក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ រ៉ូលស៍រ៉យ ត្រេន អ៊ិចដាប់ប៊ែលយ៉ូប៊ី (Rolls-Royce Trent XWB)។យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជើផេន អ៊ែរឡាញស៍ បានផ្ទុះឆេះកាលពីថ្ងៃអង្គារ ខណៈវាបានរអិលធ្លាក់ពីផ្លូវបន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុនដែលបានសម្លាប់នាវិកប្រាំនាក់ ក្នុងចំណោមនាវិកប្រាំមួយនាក់នៅលើនោះ។ អ្នកដំណើរទាំង ៣៦៧នាក់ និងនាវិក ១២នាក់ ត្រូវបានជម្លៀសចេញពីគ្រោះអគ្គិភ័យដោយសុវត្ថិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM