មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ
សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាលើយុវជន០២នាក់ រងរបួសនៅខណ្ឌទួលគោក

សន្តិសុខ និង សង្គម

អ្នកបើកបររថយន្តជនជាតិឥណ្ឌា តវ៉ាលើច្បាប់ថ្មី «បុកហើយរត់» និងផលប៉ះពាល់ការផ្គត់ផ្គង់ប្រេងនិងបន្លែ

2024/01/03 01:46:14 pm        102
អ្នកបើកបររថយន្តនៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ បានធ្វើបាតុកម្មជុំវិញច្បាប់ដែលទើបនឹងអនុម័តថ្មី ដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ឬពិន័យជាប្រាក់យ៉ាងតិច ៧០០.០០០ រូពី ស្មើនឹង ៨.៤០០ ដុល្លារអាមេរិក ក្នុងករណីបើករថយន្តបុកហើយរត់ ចំពោះអ្នកទាំងឡាយណាដែលរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ក្រុមអ្នកតវ៉ាទាមទារឱ្យរដ្ឋាភិបាលលុបចោលច្បាប់នេះ ហើយបង្ហាញកំហឹងចំពោះការខ្វះការពិភាក្សាយោបល់ ពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលប្រឈមមុខភាពធ្ងន់ធ្ងរនៃច្បាប់អនុម័តថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា។ រថយន្តធំៗជាច្រើនខ្សែ ត្រូវបានគេមើលឃើញច្រើនកកកុញនៅស្ថានីយ៍ប្រេងឥន្ធនៈ ដោយស្ថានីយប្រេងមួយចំនួន ត្រូវបានបិទ ខណៈការផ្គត់ផ្គង់ប្រេងត្រូវបានកាត់ផ្តាច់ដោយអ្នកបើកបររថយន្តដឹកប្រេងកំពុងធ្វើការតវ៉ា។ចំណែកទីផ្សារលក់ដុំសម្រាប់បន្លែ និងផ្លែឈើ ក៏ត្រូវបានរងការរំខានផងដែរ ដោយសារការផ្គត់ផ្គង់ផលិតផលពីខាងក្រៅរដ្ឋត្រូវបានកំណត់ក្នុងពេលមានការតវ៉ា ហើយតម្លៃស្តុកដែលមានស្រាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។ពលរដ្ឋនៅទូទាំងរដ្ឋជាច្រើន បានត្អូញត្អែរពីការរំខាន ក្នុងពេលមានការព្រួយបារម្ភរាលដាល ក្នុងការទិញប្រេងឥន្ធនៈ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ផ្លូវមួយចំនួននៅប្រទេសឥណ្ឌា មានមនុស្សស្លាប់ច្រើន ដែលកាលពីឆ្នាំមនុស្សច្រើនជាង ១៦០.០០០នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ ។

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ក្រោយការវាយប្រហារដោយកាំបិត ខណៈអំពាវនាវឲ្យរឹតបន្តឹងសន្តិសុខ

2024/01/03 01:11:15 pm        100
មេដឹកនាំគណបក្សប្រឆាំងប្រជាធិបតេយ្យកូរ៉េខាងត្បូង លោក លីចេ មីយ៉ុង (Lee Jae-myung) នៅតែស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយនៅថ្ងៃពុធទី៣ខែមករា នេះ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយកាំបិតលើមេដឹកនាំនយោបាយដ៏គួរឲ្យរន្ធត់ ដែលមានបំណងយកឈ្នះការបោះឆ្នោតក្នុងការបោះឆ្នោតដ៏សំខាន់ក្នុងពេល៣សប្ដាហ៍ទៀត។ ការវះកាត់លោក Lee បានចំណាយពេលជាង២ម៉ោង កាលពីល្ងាចថ្ងៃអង្គារដើម្បីជួសជុលសរសៃឈាម ក្នុងក របស់លោក ដែលត្រូវបានដាច់រហែក នៅពេលបុរសម្នាក់ចាក់ដោយកាំបិត។ មេដឹកនាំសភារបស់គណបក្សប្រជាធិបតេយ្យ លោក ហុង អ៊ីកផ្យូ (Hong Ik- pyo) បាននិយាយនៅកិច្ចប្រជុំក្រុមប្រឹក្សាមេដឹកនាំបក្សថា ទង្វើភេរវកម្មលើមេដឹកនាំ លោក លី ចេ មីយ៉ុង បង្ហាញយ៉ាងច្បាស់ពីការប្រឈមលើការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងជាការគំរាមដល់លទ្ធិប្រជាធិបតេយ្យ ។លោក បានជំរុញឲ្យបង្កើនការស៊ើបអង្កេត និងរឹតបន្តឹងសន្តិសុខឲ្យកាន់តែខ្លាំងសម្រាប់ឥស្សរជននយោបាយជាន់ខ្ពស់ ដោយលើកពីសំណួរថ្មីៗជាច្រើនអំពីសុវត្ថិភាពលើយុទ្ធនាការនៅក្នុងប្រទេសនេះ ដែលមានអំពើហិង្សានយោបាយ បើទោះបីជាមានការរឹតបន្តឹងច្បាប់កាន់អាវុធយ៉ាងតឹងរ៉ឹងក៏ដោយ។លោក ជីនជីយ៉ុង វ៉ា ( Jin Jeong-hwa) អ្នកគាំទ្រគណបក្សនេះ ដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុ បាននិយាយថា ឧបទ្ទវហេតុនេះ បង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការការពារសន្តិសុខឲ្យកាន់តែតឹងរ៉ឹងថែមទៀត សម្រាប់មេដឹកនាំនយោបាយទាំងឡាយ មិនមែនត្រឹមតែដាក់ពង្រាយកម្លាំងនគរបាលឲ្យឈរមើលធម្មតាៗនោះទេ៕

ការតវ៉ានៅ West Bank បន្ទាប់ពីការសម្លាប់មេដឹកនាំរងក្រុមហាម៉ាស លោក Arouri

2024/01/03 01:08:38 pm        89
ក្រុមបាតុករប៉ាឡេស្ទីន នៅទូទាំងតំបន់ West Bank បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ បន្ទាប់ពីបានទទួលដំណឹងថា មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស លោក Saleh al-Arouri ត្រូវបានសម្លាប់។ ប្រភពផ្នែកសន្តិសុខចំនួនបី បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Aouri រងការវាយប្រហារ ដោយ យានដ្រូនរបស់អ៊ីស្រាអែល នៅជាយក្រុង Dahiyeh ភាគខាងត្បូងទីក្រុង Beirut ជាទីតាំងលាក់ខ្លួនដ៍រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធលីបង់ជាសម្ព័ន្ធមិត្តក្រុមហេសបូឡា។ ក្រុមអ្នកតវ៉ា មកពីទីក្រុង Ramallah, Jenin, Hebron និងទីក្រុង Aroura ជាទីក្រុងកំណើតរបស់ លោក Arouri បានចេញដើរដង្ហែរដើម្បីគោរពលោក ខណៈស្រែកពាក្យដូចជា «យើងនឹងដើរតាមគន្លងរបស់អ្នក» ។ អ៊ីស្រាអែល បានចោទប្រកាន់ លោក Arouri ជាយូរមកហើយពីការវាយប្រហារដ៍ឃោឃៅទៅលើពលរដ្ឋរបស់ខ្លួន ប៉ុន្តែមន្ត្រីក្រុមហាម៉ាសម្នាក់ បាននិយាយថាលោក ជា «មនុស្សសំខាន់នៃការចរចា» ជុំវិញលទ្ធផល សង្រ្គាមនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ ដែលធ្វើឡើងដោយប្រទេសកាតា និងប្រទេសអេហ្ស៊ីប។ ទោះបីជាមានឥទ្ធិពលតិចជាងមេដឹកនាំផ្សេងៗទៀតរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាក៏ដោយ លោក Arouri ត្រូវបានគេមើលឃើញថាជាអ្នកមានតួនាទីសំខាន់ម្នាក់ក្នុងចលនានេះ ជាមេគំនិតប្រតិបត្តិការរបស់ក្រុមនៅតំបន់ West Bank។ ជាមួយគ្នានេះ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ ក៏បានចេញធ្វើបាតុកម្ម ហើយដើរឆ្ពោះទៅកាន់ស្រុកកំណើតរបស់លោក Arouri ទីក្រុង Aroura។ គេបានឃើញក្រុមបាតុករ កាន់ទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យផ្សេងៗ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានផ្តល់ប្រាក់ចំនួន ៥ លានដុល្លារសម្រាប់ព័ត៌មានអំពីលោក Arouri ។ លោក Mark Regev ទីប្រឹក្សានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សារព័ត៌មាន MSNBC ថា អ៊ីស្រាអែល មិនបានទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែ អ្នកណាដែលធ្វើវា ប្រាកដជាដឹងច្បាស់ហើយ ថានេះពុំមែនជាការវាយប្រហារទៅលើរដ្ឋលីបង់នោះទេ។

យានដ្រូនរបស់អ៊ីស្រាអែល សម្លាប់មេដឹកនាំរងក្រុមហាម៉ាសនៅទីក្រុងបេរូត

2024/01/03 01:05:53 pm        171
ប្រភពពីសន្តិសុខលីបង់ និងដែនដីប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាស លោក Saleh al-Arouri នៅក្នុងការវាយប្រហារដោយយានដ្រូននៅរដ្ឋធានីបេរូត(Beirut) ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ខណៈរថក្រោះនិងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយលុកនៅតំបន់ហ្កាហ្សា នៅក្នុងសង្គ្រាមកាន់តែខ្លាំងបន្ថែមទៀតប្រឆាំងក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ៊ុមព័ទ្ធ។ លោក Arouri អាយុ៥៧ឆ្នាំ គឺជាមេដឹកនាំជាន់ខ្ពស់ម្នាក់ដំបូងគេផ្នែកនយោបាយ របស់ក្រុមហាម៉ាស ដែលត្រូវបានធ្វើឃាត ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកតាមអាកាស និងជើងគោកទៅលើក្រុមអ្នកគ្រប់គ្រងក្រុមហាម៉ាសនៅហ្កាហ្សា រយៈពេលពីជិត៣ខែកន្លងទៅនេះ បន្ទាប់ពីការវាយសម្រុកចូលដ៏គួឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល។ ការស្លាប់របស់លោក អាចបង្កើនហានិភ័យសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងរាលដាលហួសពីតំបន់ហ្កាហ្សា។ ក្រុមហេសបូឡាប្រដាប់អាវុធធុនធ្ងន់នៅប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ ក្រុមហាម៉ាស បាននិងកំពុងបាញ់តគ្នា ជារៀងរាល់ថ្ងៃជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សាប់ផ្តើម។ វិទ្យុ និងទូរទស្សន៍របស់ក្រុមហាម៉ាស និងទូរទស្សន៍ Mayadeen គាំទ្រអ៊ីរ៉ង់ របស់ប្រទេសលីបង់ បានបញ្ជាក់ពីប្រភពសន្តិសុខថា លោក Arouri សមាជិកនៃការិយាល័យនយោបាយរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន មានមូលដ្ឋាននៅបរទេស និងសហស្ថាបនិកស្លាបយោធារបស់ក្រុមហាម៉ាស លោក Izz-el-Deen នៅកងពល al-Qassam ត្រូវបានសម្លាប់នៅពេលដែលយានដ្រូន បានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងទីក្រុងបេរូត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានសម្លាប់មនុស្ស ៦ នាក់នៅជាយក្រុង Daliyeh ភាគខាងត្បូង ជាទីតាំងលាក់ខ្លួនរបស់ក្រុមហេសបូឡា។ ប្រភពសន្តិសុខចំនួនពីរ បាននិយាយថា យានដ្រូន បានកំណត់គោលដៅក្នុងការជួបជុំមួយ ហើយទូរទស្សន៍ Al Aqsa របស់ក្រុមហាម៉ាស បាននិយាយថា មេបញ្ជាការស្លាបប្រដាប់អាវុធរបស់ក្រុមនេះ នៅក្នុងប្រទេស លីបង់២នាក់ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកស្លាប់។

រុស្ស៊ី វាយប្រហារទីក្រុងធំៗពីររបស់អ៊ុយក្រែន ក្នុងរលកថ្មីនៃការវាយប្រហារដ៏ខ្លាំងក្លា

2024/01/03 12:36:47 pm        97
ប្រទេសរុស្ស៊ី បានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (០២ មករា) នៅក្នុងរលកថ្មីនៃការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៥នាក់ និងបានជំរុញឱ្យមានការអំពាវនាវឱ្យលោកខាងលិចផ្តល់ជំនួយយោធាបន្ថែមទៀតយ៉ាងឆាប់រហ័ស។ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា មនុស្ស ១៣៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនចុងក្រោយបង្អស់ រួមទាំងមនុស្ស ៦១នាក់ផ្សេងទៀតនៅក្នុង និងជុំវិញទីក្រុងខាកូវ (Kharkov) ដែលជាទីក្រុងទីពីររបស់អ៊ុយក្រែននៅភាគឦសាន និងមនុស្ស ១៧នាក់នៅក្នុងនិងជុំវិញរដ្ឋធានី គីវ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ល្ងាច ខណៈដែលការវាយលុកនេះក៏បណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលផងដែរ។រុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្នុងអំឡុងពេលចូលឆ្នាំថ្មី ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃចន្ទថាការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនទៅលើទីក្រុងប៊ែលហ្កូរ៉ូត (Belgorod) របស់រុស្ស៊ី ដែលទីក្រុងមូស្គូបាននិយាយថាបានសម្លាប់ជនស៊ីវិល ២៥នាក់នោះ នឹង «មិនត្រូវបានអត់ឱនឲ្យនោះទេ»។លោក ហ៊្សេឡិនស្គី នៅក្នុងវីដេអូនៅពេលយប់របស់ខ្លួន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលជិត ៣០០គ្រាប់ និងយានដ្រូនជាង ២០០គ្រឿងក្នុងការវាយប្រហារក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ហើយការវាយប្រហារនេះមានគោលបំណងបង្កឱ្យមានការបំផ្លិចបំផ្លាញជាអតិបរមានៅក្នុងប្រទេសអ៊ុយក្រែន៕

ជម្លោះជុំវិញទំនាក់ទំនងចិន បង្កភាពជូរចត់ដល់យុទ្ធនាការបោះឆ្នោតកោះតៃវ៉ាន់

2024/01/03 12:27:27 pm        101
ជម្លោះដ៏ជូរចត់អំពីមធ្យោបាយដោះស្រាយទំនាក់ទំនងជាមួយចិន និងការជៀសវាងជម្លោះកំពុងគ្របដណ្តប់លើយុទ្ធនាការបោះឆ្នោតចុងក្រោយនៅកោះតៃវ៉ាន់ ខណៈដែលការស្ទង់មតិមួយចំនួនបង្ហាញពីការប្រកួតប្រជែងដ៏តឹងតែងរវាងគូប្រជែងសំខាន់ពីររូបដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់កោះនេះ។ការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះកំពុងប្រព្រឹត្តទៅប្រឆាំងនឹងភាពតានតឹងនៃកំណើនសម្ពាធពីប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង ស្វះស្វែងពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ប្រទេសចិនបានចោទប្រកាន់កោះតៃវ៉ាន់ពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងបានបញ្ចប់ការកាត់បន្ថយពន្ធមួយចំនួន ខណៈដែលយោធារបស់ប្រទេសចិនបានបន្តហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទាំងប្រទេសចិន និងគណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្សគូមីនតាំង (KMT) បានកំណត់ការបោះឆ្នោតជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) និងបេក្ខជនមេដឹកនាំបន្ទាប់លោក ឡៃ ឈីងតេ (Lai Ching-te) បានផ្តល់កិច្ចចរចាជាមួយប្រទេសចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ ដោយសារទីក្រុងប៉េកាំង ជឿថាពួកគេជាពួកផ្តាច់ខ្លួន។ គណបក្សគូមីនតាំង ដែលអនុគ្រោះដល់ទំនាក់ទំនងជិតស្និទ្ធជាមួយចិន ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថាមិនគាំទ្រទីក្រុងប៉េកាំង នោះបាននិយាយថា ខ្លួននឹងបន្តជំរុញការការពាររបស់កោះតៃវ៉ាន់ ប៉ុន្តែចង់ចូលរួមជាមួយចិនឡើងវិញ ហើយប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់៕

អង្គការសហប្រជាជាតិ ជំរុញការផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅប្រទេសបង់ក្លាដែស

2024/01/03 12:24:11 pm        92
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាអង្គការសហប្រជាជាតិបង្កើនការផ្ដល់ស្បៀងអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ៗក្នុងប្រទេសបង់ក្លាដែស ចំនួន ២ដុល្លារទៀតក្នុងមួយខែដែលឡើងដល់ចំនួន ១០ដុល្លារ ចាប់ពីថ្ងៃទី០១ ខែមករា ខណៈទីភ្នាក់ងារស្បៀងអាហារ UN មួយនេះសម្ដែងការដឹងគុណដល់ម្ចាស់ជំនួយដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងដែលខ្វះថវិកានេះ។អង្គការសហប្រជាជាតិបានកាត់បន្ថយជំនួយស្បៀងអាហារកាលពីឆ្នាំមុនដល់ជនភៀសខ្លួនចំនួនមួយភាគបីមកនៅត្រឹមចំនួន ៨ដុល្លារជារៀងរាល់ខែ ដោយសារខ្លួនរៃអង្គាសបានថវិកាតិចជាងពាក់កណ្តាលនៃចំនួន ៨៧៦លានដុល្លារដែលត្រូវការដើម្បីជួយអ្នករងគ្រោះទាំងនោះ។សមាជិកជិតមួយលាននាក់នៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាមកពីប្រទេសមីយ៉ាន់ម៉ា រស់នៅក្នុងជំរំធ្វើពីឫស្សី និងផ្លាស្ទិកក្នុងសង្កាត់ព្រំដែន ខុកស៍បាហ្សា (Cox's Bazar) របស់ប្រទេសបង់ក្លាដែស ដែលភាគច្រើនបានភៀសខ្លួនចេញពីការបង្ក្រាបដោយយោធាក្នុងឆ្នាំ២០១៧។ទីភ្នាក់ងារ WFP បាននិយាយថា ការស្ទង់មតិចុងក្រោយបង្អស់បានបង្ហាញពីកង្វះអាហារូបត្ថម្ភនៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស មានកម្រិតខ្ពស់បំផុតចាប់តាំងពីការហូរចូលឆ្នាំ២០១៧ ហើយបានលើសពីកម្រិតសង្គ្រោះបន្ទាន់ ១៥% នេះបើយោងតាមចំណាត់ថ្នាក់គ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក៕

អ៊ីស្រាអែល នឹងតតាំងប្រឆាំងនឹងការអះអាងរបស់អាហ្វ្រិកខាងត្បូង អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា នៅតុលាការ

2024/01/03 12:20:15 pm        104
អ្នកនាំពាក្យរបស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលនឹងតតាំងប្រឆាំងនឹងការអះអាងរបស់អាហ្វ្រិកខាងត្បូងដែលថា ខ្លួនកំពុងប្រព្រឹត្តអំពើ «ប្រល័យពូជសាសន៍» នៅតំបន់ហ្កាហ្សា នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លោក Eylon Levy បាននិយាយទៅកាន់មេដឹកនាំអាហ្វ្រិកខាងត្បូងថា៖«ប្រវត្តិសាស្ត្រ នឹងវិនិច្ឆ័យអ្នក ហើយវានឹងវិនិច្ឆ័យអ្នកដោយគ្មានមេត្តា»។ប្រទេសអាហ្វ្រិកខាងត្បូង បានដាក់សំណុំរឿងនេះទៅតុលាការ ICJ កាលពីថ្ងៃសុក្រ ដោយធ្វើឲ្យអ៊ីស្រា អែលផ្ទុះកំហឹង។អាហ្រ្វិកខាងត្បូង គឺជាអ្នកគាំទ្រដ៏ម៉ឺងម៉ាត់របស់ប៉ាឡេស្ទីន ហើយបានថ្កោលទោសអ៊ីស្រាអែលម្តងហើយម្តងទៀត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្កាហ្សា នៅថ្ងៃទី៧ ខែតុលា។ប្រជាជនប៉ាឡេស្ទីនជាង ២២.០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមអ៊ីស្លាមនិយមហាម៉ាស។អ៊ីស្រាអែល បានប្រកាសសង្រ្គាមទៅលើក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានដឹកនាំការវាយប្រហារដ៏ធំលើសហគមន៍នានាក្នុងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់មនុស្សប្រហែល ២៤០នាក់ទៀតទៅកាន់តំបន់ហ្កាហ្សា ជាចំណាប់ថ្នូរ។

អាមេរិក បានឈានដល់កិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយកាតា ដើម្បីបន្តប្រតិបត្តិការមូលដ្ឋានយោធាធំបំផុតនៅមជ្ឈិមបូព៌ា

2024/01/03 12:16:13 pm        194
មន្ត្រីការពារជាតិអាមេរិកបីនាក់ និងមន្ត្រីម្នាក់ទៀតដែលដឹងពីកិច្ចព្រមព្រៀងនេះបានប្រាប់ CNN ថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងដោយសម្ងាត់ដែលត្រូវពង្រីកវត្តមានយោធារបស់ខ្លួននៅឯមូលដ្ឋានដ៏ធំមួយក្នុងប្រទេសកាតាសម្រាប់រយៈពេល ១០ ឆ្នាំទៀត ។ កិច្ចព្រមព្រៀង ដែលមិនត្រូវបានប្រកាសជាសាធារណៈ បង្ហាញពីការពឹងផ្អែករបស់ទីក្រុងវ៉ាស៊ីនតោន លើប្រទេសឈូងសមុទ្រតូចមួយនេះ ដែលថ្មីៗនេះបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលការដោះលែងចំណាប់ថ្នូរជនជាតិអាមេរិកពីការជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា និងវេណេហ្ស៊ុយអេឡា។មូលដ្ឋានទ័ពអាកាស អេអាយ យូដេដ (Al Udeid) ដែលមានទីតាំងនៅវាលខ្សាច់ភាគនិរតីនៃទីក្រុង ដូហា(Doha) ប្រទេសកាតា គឺជាការដំឡើងសាច់ដុំយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយអាចផ្ទុកទាហានអាមេរិកជាង១ម៉ឺននាក់។រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពអា អាយ យូដែដ (Al Udeid)កាលពីខែមុន ជាទីដែលលោកបានថ្លែងអំណរគុណដល់ប្រទេសកាតា សម្រាប់ការបង្កើនការចំណាយរបស់ពួកគេលើមូលដ្ឋានទ័ពនេះ។ ប៉ុន្តែលោកពុំបាននិយាយអំពីការបន្តឡើងវិញនោះទេ ហើយរដ្ឋបាល លោកBiden ពុំបានផ្សព្វផ្សាយជាសាធារណៈដែរ នៅពេលប្រទេសកាតា ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងសម្រាប់ការធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស។ ក្រុមមន្ត្រីកាតាបានប្រឆាំងថា នោះគ្រាន់តែជាសំណើរបស់សហរដ្ឋអាមេរិកក្នុងអំឡុងរដ្ឋបាលលោកអតីតប្រធានាធិបតី អូបាម៉ា ប៉ុណ្ណោះដែលក្រុមហាម៉ាស ត្រូវបានអនុញ្ញាតឱ្យបើកការិយាល័យនយោបាយនៅទីក្រុងដូហា។ មូលដ្ឋាននេះជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការផ្លូវអាកាសរបស់ទីបញ្ជាការកណ្តាលអាមេរិកក្នុងឬជុំវិញប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងទូទាំងមជ្ឈិមបូព៌ា។ កងទ័ពអាកាសកាតា និងអង់គ្លេសក៏ប្រតិបត្តិការពីមូលដ្ឋាននោះដែរ។ការពង្រីកឥទ្ធិពលយោធានេះ កើតឡើងនៅពេលសហរដ្ឋអាមេរិកបានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន៕

ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតែបន្ត ខណៈអ្នកស្លាប់ខាងប៉ាឡេស្ទីនឡើងលើស ២២.០០០នាក់

2024/01/03 12:02:28 pm        112
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាកងទ័ពរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលយន្តហោះ និងរថក្រោះរបស់ខ្លួនបានបង្កើនការវាយប្រហារនៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន។ អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏កំពុងបន្តផ្ទុះឡើងនៅក្នុងតំបន់កណ្តាលផងដែរ ដោយលើកឡើងពីការបាញ់ផ្លោងដោយរថក្រោះអ៊ីស្រាអែលលើផ្នែកខ្លះនៃជំរំជនភៀសខ្លួន អាល់ប៊ុរេច (Al-Bureij)។ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន ២០៧នាក់ត្រូវបានសម្លាប់ និងមនុស្ស ៣៣៨នាក់បានរងរបួសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបខាងប៉ាឡេស្ទីនដែលបានកត់ត្រាកើនឡើងដល់ ២២.១៨៥នាក់ និងរបួសចំនួន ៥៧.០៣៥នាក់ ក្នុងរយៈពេលជិត ៣ខែនៃសង្គ្រាមនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ការប្រយុទ្ធចុងក្រោយនេះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីផែនការដកកងទ័ពមួយចំនួនមកវិញ ដែលជាសញ្ញានៃដំណាក់កាលថ្មីក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ស្របពេលមានការព្រួយបារម្ភជាសកលចំពោះស្ថានភាពរបស់អ្នកស្រុកនៅតំបន់ហ្កាហ្សា។ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានបំផ្លាញទឹកដីភាគច្រើននៃតំបន់នេះទៅជាកម្ទេចថ្ម និងបានធ្វើឲ្យអ្នកស្រុកហ្កាហ្សាចំនួន ២,៣លាននាក់ស្ថិតនៅក្នុងគ្រោះមហន្តរាយមនុស្សធម៌ ដែលមនុស្សជាច្រើនត្រូវបានទុកចោលយ៉ាងគួរឲ្យអាណិត និងរងគំរាមកំហែងដោយទុរ្ភិក្សដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាព
09/07/2025 02:09 PM
[UPDATE] លោក Anutin ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ជាផ្លូវការ បន្ទាប់ពីរាជានុម័តពីព្រះមហាក្សត្រ
09/07/2025 02:09 PM
[UPDATE] ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន រាយការណ៍ថា លោកនាយករដ្ឋមន្ត្រីជប៉ុន Ishiba នឹងលាលែងពីតំណែង
09/07/2025 02:09 PM
[BREAKING NEWS] លោក Anutin ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ជាផ្លូវការ បន្ទាប់ពីរាជានុម័តពីព្រះមហាក្សត្រ
09/07/2025 01:09 PM
កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានចាប់ផ្តើមហើយនៅរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងកសាងទំនុកចិត្តជាមួយគ្នា
09/07/2025 01:09 PM
អ្នកភូមិបន្តជម្លៀសខ្លួន ការងារបន្តអាក់ខាន ក្រោយគ្រោះរញ្ជួយដីវាយប្រហារតំបន់ភាគខាងកើតអាហ្វហ្គានីស្ថាន
09/07/2025 01:09 PM
[BREAKING NEWS] ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន និយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុន Ishiba នឹងលាលែងពីតំណែង
09/07/2025 01:09 PM
[UPDATE] ការវាយប្រហារដ៏ធំលើកដំបូងបំផុតរបស់រុស្ស៊ី លើអគាររដ្ឋាភិបាលអ៊ុយក្រែន បង្កការស្លាប់និងរបួសជាច្រើន
09/07/2025 01:09 PM
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
09/07/2025 01:09 PM
លោក Putinជំរុញឲ្យឧស្សាហកម្មអវកាសរុស្ស៊ី អភិវឌ្ឍម៉ាស៊ីនរបស់យានចម្លង
09/07/2025 01:09 PM