មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ
សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាលើយុវជន០២នាក់ រងរបួសនៅខណ្ឌទួលគោក

សន្តិសុខ និង សង្គម

ប្រមុខ UN ហៅការវាយប្រហារដែលសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាសនៅលីបង់ ថាជារឿងគួរឲ្យបារម្ភជាខ្លាំង

2024/01/03 11:57:04 am        156
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតើរ៉េស (Antonio Guterres) មើលឃើញថាការធ្វើឃាតមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារដែលសង្ស័យពីអ៊ីស្រាអែល នៅទីក្រុងបេរ៉ូត (Beirut) នៅប្រទេសលីបង់ គឺជាការវិវឌ្ឍន៍ដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។លោកស្រី ហ្វ្លរ៉េនសា សូតូនីណូ (Florencia Soto Nino) ដែលជាសហការីអ្នកនាំពាក្យរបស់លោក ហ្គុយតើរ៉េស បាននិយាយថា «ជាក់ស្តែងណាស់ ការវិវឌ្ឍន៍នេះគឺជារឿងដ៏ព្រួយបារម្ភយ៉ាងខ្លាំង។ ហើយខ្ញុំគិតថានេះពិតជាបញ្ជាក់ពីអ្វីដែលលោកអគ្គលេខាធិកាទើបតែបាននិយាយអំពីគ្រោះថ្នាក់នៃការរាលដាលនៃជម្លោះរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងតំបន់ដ៏ធំទូលាយ»។លោកស្រីបានបន្ថែមថា «លោកអគ្គលេខាធិការជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់»។ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ បាននិយាយថា មនុស្ស៦នាក់បានស្លាប់ នៅពេលដែលយានដ្រូនបានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាស។ ប្រភពសន្តិសុខចំនួនពីរបាននិយាយថា ការវាយប្រហារបានកំណត់គោលដៅលើកិច្ចប្រជុំមួយ ហើយមេបញ្ជាការសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ទៀតក៏ស្ថិតក្នុងចំណោមពួកគេនោះដែរ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីជនរងគ្រោះបួននាក់ទៀតនោះទេ៕

ប្រទេសទួរគី ចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ពីបទចារកម្មឲ្យអ៊ីស្រាអែល

2024/01/03 11:52:19 am        121
ប្រទេសទួរគី ត្រូវគេរាយការណ៍ថា បានឃុំខ្លួនមនុស្ស ៣៣នាក់ ដែលសង្ស័យថាបានធ្វើចារកម្មឲ្យ ប្រទេសអ៊ីស្រាអែល។ទីភ្នាក់ងារ Anadolu បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរនៅតែកំពុងស្វែងរកមនុស្ស ១៣នាក់ផ្សេងទៀត ដែលត្រូវគេជឿថាមានទំនាក់ទំនងជាមួយសេវាសន្តិសុខ ម៉ូហ្សាដ (Mossad)របស់អ៊ីស្រាអែល។ ទីក្រុងអង់ការ៉ា ធ្លាប់បានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល វាយប្រហារលើក្រុមហាម៉ាស នៅខាងក្នុងព្រំដែនរបស់ប្រទេសទួរគីឡើយ។ ទីភ្នាក់ងារនេះបានរាយការណ៍ថា ជនសង្ស័យត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងខេត្តចំនួន៧រផ្សេងទៀតលើការចោទប្រកាន់ថាមានផែនការធ្វើសកម្មភាពដែលរួមមាន ការឈ្លបយកការណ៍ និង ការតាមប្រមាញ់ វាយប្រហារ និងចាប់ជំរិត ជនបរទេសដែលរស់នៅក្នុងប្រទេសទួរគី។រដ្ឋមន្ត្រីមហាផ្ទៃលោកអាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យើងនឹងមិនអនុញ្ញាតឱ្យសកម្មភាពចារកម្ម ត្រូវបានធ្វើឡើងប្រឆាំងនឹងការរួបរួមជាតិ និងសាមគ្គីភាពនៃប្រទេសរបស់យើងឡើយ។សារព័ត៌មាន Anadolu ពុំបានផ្តល់ព័ត៌មានអំពីជនសង្ស័យឬជនបរទេសដែលត្រូវបានគេចោទថាជាគោលដៅនោះទេ។ របាយការណ៍នេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល លោក ស៊ីនបេត (Shin Bet) បាននិយាយនៅក្នុងខ្សែអាត់សំឡេងថា អង្គការរបស់លោក ត្រូវបានរៀបចំដើម្បីបំផ្លាញក្រុមហាម៉ាស នៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសលីបង់ ទួរគី និងកាតា។ លោកប្រធានាធិបតីទួរគី រីស៊ីប តាយីប អឺដូហ្គែន (Recep Tayyip Erdogan) បានព្រមានអ៊ីស្រាអែលពី ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះ នៅតែបន្តទៅមុខដោយការគំរាមកំហែងរបស់ខ្លួនក្នុងការវាយប្រហារលើក្រុមមន្ត្រីក្រុមហាម៉ាស នៅលើទឹកដីរបស់ទួរគី៕

បារាំងបញ្ជូនក្រុមអ្នកជំនាញនីតិកោសល្យវិទ្យាទៅទីក្រុងតូក្យូ ក្រោយហេតុការណ៍ប៉ះទង្គិចយន្តហោះ

2024/01/03 11:45:14 am        144
ទីភ្នាក់ងាររដ្ឋបារាំងបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាក្រុមអ្នកជំនាញផ្នែកនីតិកោសល្យវិទ្យាមកពីក្រុមហ៊ុនផលិតយន្តហោះ អ៊ែរប៊ឺស (Airbus) និងទីភ្នាក់ងាររដ្ឋបារាំង ប៊ីអេអ៊ី (BAE) ត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុន ហើយទៅដល់នៅថ្ងៃពុធ (០៣ មករា) នេះដើម្បីជួយក្រុមអាជ្ញាធរស៊ើបអង្កេតគ្រោះថ្នាក់ដ៏រន្ធត់ដែលពាក់ព័ន្ធនឹងយន្តហោះ A350 នៅអាកាសយានដ្ឋាន ហាណេដា (Haneda) ទីក្រុងតូក្យូ។ក្រុមហ៊ុន អ៊ែរប៊ឺស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា យន្តហោះដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នោះគឺប្រភេទ MSN 538 ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ជើផេន អ៊ែរឡាញស៍ (Japan Airlines) បន្ទាប់ពីបានផលិតក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ រ៉ូលស៍រ៉យ ត្រេន អ៊ិចដាប់ប៊ែលយ៉ូប៊ី (Rolls-Royce Trent XWB)។យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជើផេន អ៊ែរឡាញស៍ បានផ្ទុះឆេះកាលពីថ្ងៃអង្គារ ខណៈវាបានរអិលធ្លាក់ពីផ្លូវបន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុនដែលបានសម្លាប់នាវិកប្រាំនាក់ ក្នុងចំណោមនាវិកប្រាំមួយនាក់នៅលើនោះ។ អ្នកដំណើរទាំង ៣៦៧នាក់ និងនាវិក ១២នាក់ ត្រូវបានជម្លៀសចេញពីគ្រោះអគ្គិភ័យដោយសុវត្ថិភាព៕

លោកហ្សេឡិនស្គី៖ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី សម្លាប់មនុស្ស៤នាក់ និងរបួស៩២នាក់ នៅទូទាំងអ៊ុយក្រែន

2024/01/03 11:29:32 am        110
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy) បានប្រកាសនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃទី២ ខែមករាថា មនុស្ស៤នាក់ បានស្លាប់ និង៩២នាក់បានរងរបួស ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។លោកបាននិយាយថា ការមិនសងសំណងដល់ផលវិបាកនានានៃការវាយប្រហាររុស្ស៊ីមួយផ្សេងទៀត លើអ៊ុយក្រែន កំពុងបន្តដំណើរការ។ សេវាកម្មចាំបាច់ទាំងអស់ ត្រូវបានចូលរួម ពោលគឺអ្នកជួយសង្គ្រោះជាង ៥០០នាក់នៃសេវាសង្គ្រោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន ឧបករណ៍ប្រើប្រាស់ វិស្វករថាមពល និងនគរបាលជាដើម។លោកប្រធានាធិបតីរូបនេះ បានបន្តទៀតថា៖ «នៅទីក្រុងគីវ និងតំបន់ខាគីវ គិតត្រឹមពេលនេះ យើងដឹងអំពីចំនួនអ្នករងរបួស គឺ៩២នាក់»។«ពួកគេទាំងអស់នោះ កំពុងត្រូវបានជួយ។ ជាអកុសល មនុស្ស៤នាក់ បានស្លាប់។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិ»។យោធារុស្ស៊ី បានបាញ់បង្ហោះយានដ្រូន Shahed ប្រហែល ១៧០គ្រឿង និងមីស៊ីលជាច្រើនប្រភេទ នៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ។ ភាគច្រើននៃពួកវា គឺសំដៅទៅលើគោលដៅស៊ីវិល។ ប្រមុខរដ្ឋ បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ ដែលជួយពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។

ប្រទេសចិន បំបែកកំណត់ត្រាកម្ដៅក្នុងឆ្នាំ២០២៣ ខណៈអាកាសធាតុក្ដៅខ្លាំងវាយលុកទីក្រុងនានាពីជើងទៅត្បូង

2024/01/03 11:25:32 am        142
កម្ដៅនៅក្នុងប្រទេសចិន បានកើនខ្លាំងក្នុងឆ្នាំ២០២៣ ជាមួយនឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាចាប់ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ ដែលបានជំរុញដោយសារបាតុភូតរលកកម្ដៅពិភពលោក ដែលបានវាប្រហារតំបន់ជាច្រើន និងបានបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីបម្រែបម្រួលអាកាសធាតុពិភពលោក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ (០២ មករា) ថាកម្ដៅដ៏ក្តៅគគុករបស់ប្រទេសចិនបានធ្វើឱ្យស្ថានីយ៍អាកាសធាតុជាតិចំនួន ១២៧ទីតាំង បំបែកកំណត់ត្រាសម្រាប់សីតុណ្ហភាពខ្ពស់ប្រចាំថ្ងៃក្នុងឆ្នាំ២០២៣។ ទីក្រុងប៉េកាំងបានបំបែកកំណត់ត្រាកម្ដៅអាយុកាល ២៣ឆ្នាំរបស់ខ្លួនកាលពីខែកក្កដាជាមួយនឹងសីតុណ្ហភាពក្ដៅ ២៧ថ្ងៃជាប់ៗគ្នាលើសពី ៣៥អង្សាសេ។សីតុណ្ហភាពជាតិជាមធ្យមមានកម្រិត ១០,៧អង្សាសេ ដែលខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦១ មកនិងមានកម្រិត ០,៨អង្សាសេ ខ្ពស់ជាងទិន្នន័យធម្មតាដែលស្ថិតក្នុងតួលេខ ៩,៩អង្សាសេ ហើយក៏បានបំបែកកំណត់ត្រាលើសសីតុណ្ហភាព ១០,៥អង្សាសេ ដែលបានកំណត់ក្នុងឆ្នាំ២០២១ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV។កម្ដៅដ៏ខ្លាំងក្លានេះក៏បានវាយលុកអឺរ៉ុប ឥណ្ឌា អាហ្វ្រិកខាងជើង ផ្នែកជាច្រើននៃភាគខាងត្បូងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ការទស្សន៍ទាយបរិស្ថានរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ថ្ងៃដ៏ក្តៅបំផុតដែលមិនធ្លាប់មានក្នុងកំណត់ត្រាជាសកល គឺថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣៕

លោក Biden រងសម្ពាធក្នុងចំណាត់លើអ៊ីស្រាអែល ខណៈមានក្ដីបារម្ភថ្មីនៃការបោសសម្អាតជាតិភាគតិចនៅហ្កាហ្សា

2024/01/03 11:22:14 am        54
ក្រុមអ្នកតស៊ូមតិនៅសហរដ្ឋអាមេរិកកំពុងជំរុញឱ្យលោកប្រធានាធិបតី Joe Biden បញ្ចប់ភាពស្មុគស្មាញរបស់រដ្ឋបាលរបស់លោកក្នុងការរំលោភសិទ្ធិពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីសមាជិកសំខាន់ៗរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានគាំទ្រគំនិតនៃការរុញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា។ រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមលោកអ៊ីតាម៉ា បេន គ្រី( Itamar Ben-Gvir)និងលោក បេនហ្សាឡេលស្មូទ្រីច(Bezalel Smotrich)បាននិយាយនៅសប្តាហ៍នេះថា អ៊ីស្រាអែលគួរតែ លើកទឹកចិត្តឱ្យមានការធ្វើអន្តោប្រវេសន៍ ចេញពីតំបន់ឆ្នេរដែលជាជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ២,៣លាននាក់។ យោងតាមអង្គការសហប្រជាជាតិ អ៊ីស្រាអ៊ែល បាននិងកំពុងធ្វើប្រតិបត្តិការវាយប្រហារដោយយោធានៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្ដាលឲ្យពលរដ្ឋប៉ាឡេស្ទីនប្រមាណ១,៩ លាននាក់ត្រូវជម្លៀសខ្លួននៅខាងក្នុង តំបន់នេះ។ លោក Smotrich បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើមានជនជាតិអារ៉ាប់ចន្លោះពី១សែនឬ ២សែននាក់នៅក្នុងតំបន់ហ្កាហ្សា ហើយមិនមែនជនជាតិអារ៉ាប់ពីរលាននាក់ទេ ការពិភាក្សាទាំងមូលនៅថ្ងៃនោះ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ នឹងខុសគ្នាទាំងស្រុង ដោយអំពាវនាវឱ្យ ការធ្វើអន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត របស់ពលរដ្ឋប៉ាឡេស្ទីន។ សារព័ត៌មានរបស់អ៊ីស្រាអែល បានរាយការណ៍ថា មួយថ្ងៃក្រោយមក លោក បេនគ្រី(Ben-Gvir)ដែលទទួលខុសត្រូវផ្នែកសន្តិសុខជាតិបានអំពាវនាវស្រដៀងគ្នានេះ ដោយនិយាយថាវាជា ដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ សីលធម៌ និងមនុស្សធម៌។ការលើកឡើងរបស់ពួកគេគឺជាសម្ដីចុងក្រោយរបស់មន្ត្រីអ៊ីស្រាអែលដែលសំដៅទៅលើការរំពឹងទុកនៃការតាំងទីលំនៅថ្មីរបស់ជនប៉ាឡេស្ទីននៅក្រៅតំបន់ហ្កាហ្សា។ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងច្បាប់បានព្រមានថា ការផ្លាស់ទីលំនៅដោយបង្ខំ គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ ហើយអាចឈានទៅដល់ការបោសសម្អាតជនជាតិភាគតិច៕

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យុទ្ធជនហាម៉ាសរាប់ពាន់នាក់ នៅតែបន្តនៅតំបន់ហ្កាហ្សា

2024/01/03 11:18:38 am        56
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant)បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារថា ក្រុមភេរវករប៉ាឡេស្ទីនហាម៉ាស នៅតែមានប្រយុទ្ធជនជាច្រើនពាន់នាក់ទៀតនៅសេសសល់នៅតំបន់ហ្កាហ្សាស្ទ្រីប ចន្លោះពី១៥.០០០ ទៅ ១៨.០០០នាក់ បន្ទាប់ពីចាប់ផ្តើមសង្រ្គាមនេះ។ លោក ហ្គាឡែនធ៍ ដែលបានថ្លែងក្នុងអំឡុងពេលធ្វើដំណើរទៅសួរសុខទុក្ខកងទ័ព នៅក្នុងតំបន់ហ្កាហ្សា ក៏បាននិយាយផងដែរថា វានឹងជាកំហុសមួយ ក្នុងការគិតថា អ៊ីស្រាអែលកំពុងរៀបចំផែនការបញ្ឈប់ សង្គ្រាម នេះបើយោងតាមសារព័ត៌មានAP។លោកបានបន្តថា៖«ការជឿថា យើងនឹងឈប់នៅពេលឆាប់ៗនេះ គឺមិនត្រឹមត្រូវទេ។ «បើគ្មានជ័យជម្នះច្បាស់លាស់ទេ យើងនឹងមិនអាចរស់នៅមជ្ឈិមបូព៌ាបានទេ»។លោកបាននិយាយថា អ៊ីស្រាអែល បានបំផ្លាញកងវរសេនាតូចហាម៉ាសចំនួន ១២ នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ហើយទោះបីជានេះមិនមានន័យថា ក្រុមហាម៉ាស ត្រូវបានកម្ចាត់ទាំងស្រុងក៏ដោយ ក៏សមត្ថភាពរបស់អង្គការភេរវកម្មនេះ ក៏មិនពេញលេញដែរ។សារព័ត៌មាន AP បានរាយការណ៍ថា នៅតំបន់ហ្កាហ្សាភាគខាងត្បូង លោក ហ្គាឡែនធ៍ បាននិយាយថា «ការពិត គឺខុសគ្នា» ហើយអ៊ីស្រាអែល នៅតែបន្តប្រយុទ្ធនឹងសមរភូមិដ៏តឹងរ៉ឹងជាងនេះ។

អ្នកស្រុកក្នុងប្រទេសជប៉ុន ដែលមានអារម្មណ៍តក់ស្លុតដោយសារគ្រោះរញ្ជួយដី ទៅជ្រកកោនក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនបណ្តោះអាសន្ន

2024/01/03 11:14:04 am        87
ក្រុមអ្នកស្រុកដែលជ្រកកោនបណ្ដោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលជម្លៀសមួយ បាននិយាយកាលពីថ្ងៃអង្គារថ្ងៃទី ២ ខែមករា ថាពួកគេមានការរន្ធត់ចិត្តដោយសារការរញ្ជួយដីដែលបានវាយប្រហារទីក្រុងរបស់ពួកគេ កាលពីមួយថ្ងៃមុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ។លោក មីតស៊ូរូ គីដា (Mitsuru Kida)ប្រតិបត្តិករនៃមជ្ឈមណ្ឌលសហគមន៍ក្នុងទីក្រុង វ៉ាចាម៉ា (Wajima) ដែលត្រូវបានកែប្រែទៅជាមជ្ឈមណ្ឌលជម្លៀស បាននិយាយថា មនុស្សដែលស្នាក់នៅទីនោះមិនអាចគេងលក់បានទេ ដោយសាររបួសនៅពេលដែលពួកគេជួបប្រទះនឹងរលករញ្ជួយដីជាបន្តបន្ទាប់។លោក សយជី កូបាយ៉ាស៊ី ( Shoichi Kobayashi) អ្នកស្រុកក្នុងតំបន់ម្នាក់ បាននិយាយថានេះជាលើកទីមួយហើយ ខណៈ លោកពិនិត្យមើលការខូចខាតក្នុងផ្ទះរបស់លោក។ នៅទីនេះយើងបានជួបប្រទះ កម្រិតរញ្ជួយដីខ្លាំង កម្រិត២ ឬ ៣ ឬនៅធំបំផុត ប្រហែលជាទាបជាង ៥ ។ នេះជាលើកទី១ហើយ។ការរញ្ជួយដីកាលពីថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី ១ ខែមករា) គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៦មក នៅពេលដែលការរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័របានវាយប្រហារនៅទីក្រុង គូម៉ាម៉ូតុ (Kumamoto) លើកោះភាគខាងត្បូងនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សជាង ២២០ នាក់៕

ក្ដីបារម្ភពីសុវត្ថិភាពផ្លូវរត់ ជាចំណុចសំខាន់ ខណៈជប៉ុនស៊ើបអង្កេតឧបទ្ទវហេតុយន្តហោះក្នុងទីក្រុងតូក្យូ

2024/01/03 08:46:10 am        199
ក្រុមអ្នកស៊ើបអង្កេតជប៉ុនកំពុងរៀបចំស៊ើបអង្កេតការប៉ះទង្គិចគ្នានៃយន្តហោះពីរគ្រឿងនៅឯអាកាសយានដ្ឋាន ហាណេដា(Haneda) ទីក្រុងតូក្យូ ប៉ុន្មានសប្តាហ៍បន្ទាប់ពីឧស្សាហកម្មអាកាសចរណ៍ពិភពលោកបានឮការព្រមានថ្មីៗអំពីសុវត្ថិភាពផ្លូវរត់។ មនុស្ស ចំនួន ៣៧៩ នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានគេចខ្លួនផុតពីគ្រោះថ្នាក់ បន្ទាប់ពីការបុកគ្នាជាមួយ យន្តហោះកងល្បាតឆ្នេរ ដឺហាវីលែន ដាស-៨ (De Havilland Dash-8 ) ដែលបានសម្លាប់អាកាសយានិកចំនួន៥នាក់ ក្នុងចំណោមសមាជិក ៦ នាក់នៅលើយន្តហោះខ្នាតតូចនោះ។ក្រុមមនុស្សដែលបានដឹងការស៊ើបអង្កេតនេះ បាននិយាយថា ក្រុមប្រឹក្សាដឹកជញ្ជូនសុវត្ថិភាពរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៊ើបអង្កេតដោយមានការចូលរួមពីភ្នាក់ងារនានានៅក្នុងប្រទេសបារាំង ជាទីដែលយន្តហោះនេះត្រូវបានផលិតឡើង និងចក្រភពអង់គ្លេសជាទីដែលបានផលិតម៉ាស៊ីន រ៉ូល រ៉ស(Rolls-Royce) ចំនួនពីរ។ ក្រុមអ្នកជំនាញបានព្រមានថា ហាក់ដូចជាលឿនពេកក្នុងការកំណត់មូលហេតុ និងសង្កត់ធ្ងន់ពី គ្រោះថ្នាក់ភាគច្រើន គឺបណ្តាលមកពីកត្តាសារធាតុចំហេះផ្សេងៗ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងស្វែងយល់ពីការណែនាំដែលត្រូវបានផ្តល់ដោយអ្នកបញ្ជាដល់យន្តហោះទាំងពីរ រួមជាមួយនឹងការពិនិត្យលម្អិតអំពីប្រព័ន្ធយន្តហោះ និងអាកាសយានដ្ឋាន។មន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារទី ២ ខែមករា ថា យន្តហោះ A350 កំពុងព្យាយាមចុះចតជាធម្មតានៅពេលដែលយន្តហោះបានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរ ដែលត្រូវបានគេស្គាល់ថាជាបុមបាឌីយ័រ ដាស -៨ ( Bombardier Dash-8)៕

ក្រុមហាម៉ាស ផ្អាកការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំរងត្រូវបានសម្លាប់នៅលីបង់

2024/01/03 08:37:01 am        117
ប្រភពពីប៉ាឡេស្ទីនបានប្រាប់សារព័ត៌មានស៊ីនហួ ថាក្រុមហាម៉ាស បានប្រកាសពីការផ្អាកការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំរងរបស់ខ្លួនម្នាក់គឺលោក សាឡេស អាល់អារួរី (Saleh al-Arouri) ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ (០២ មករា) នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរ៉ូត ប្រទេសលីបង់។ប្រភពពីក្រុមហាម៉ាសបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «យើងបានជូនដំណឹងដល់បងប្អូននៅកាតា និងអេហ្ស៊ីបអំពីការផ្អាកការចរចា»។ ប្រទេសកាតា និងអេហ្ស៊ីប បាននិងកំពុងសម្រុះសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ប្រភពនោះបានបន្ថែមថា ក្រុមហាម៉ាស ដែលកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល បានបដិសេធរាល់ការពិភាក្សាអំពីការឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលមានការឈ្លានពានរបស់អ៊ីស្រាអែលកាន់តែកើនឡើង និង «គម្រោងធ្វើឃាត» ប្រឆាំងនឹងបណ្ដាមេដឹកនាំប៉ាឡេស្ទីន។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បានបញ្ជាក់ថាសមាជិករបស់ខ្លួនចំនួនប្រាំពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយបានថ្កោលទោសថាវាជាអំពើភេរវកម្ម «ដ៏ព្រៃផ្សៃ និងឃោរឃៅ» ហើយរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងថ្កោលទោសការពង្រីកការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន និងប្រជាជនប៉ាឡេស្ទីន។មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលលើឧបទ្ទវហេតុនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដែលដកស្រង់សម្តីក្រុមមន្ត្រីជាន់ខ្ពស់ បាននិយាយថា ប្រទេសនេះកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹង «ការសងសឹកយ៉ាងសំខាន់» ដោយក្រុមហាម៉ាស ឬសម្ព័ន្ធមិត្តដែលគាំទ្រដោយអ៊ីរ៉ង់ គឺក្រុមហេសបូឡា រួមទាំងការបាញ់បង្ហោះអាវុធកំណត់គោលដៅទីក្រុងនានារបស់អ៊ីស្រាអែល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ខឹងសម្បារ និងអំពាវនាវឱ្យពិភពលោកជួយ ក្រោយដ្រូនរុស្ស៊ីជាង ៨០០គ្រឿង វាយស្រោចលើអ៊ុយក្រែន
09/08/2025 10:09 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
09/08/2025 10:09 AM
ព្រឹកនេះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានចាប់ផ្តើមបើកឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន
09/08/2025 10:09 AM
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល»
09/08/2025 10:09 AM
[UPDATE] លោក Thaksin បញ្ជាក់ថា យន្តហោះឯកជនរបស់លោកបានចុះនៅសិង្ហបុរី មុនពេលត្រឡប់ទៅកាន់ប្រទេសថៃ តាមផែនការនៅល្ងាចនេះ
09/08/2025 10:09 AM
UN ព្រមានពីការរីករាលដាលនៃគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក
09/08/2025 09:09 AM
លោក Trump៖ មេដឹកនាំអឺរ៉ុប នឹងទៅអាមេរិក ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
09/08/2025 09:09 AM
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន
09/08/2025 09:09 AM
យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបានចាកចេញពីទីក្រុងឌុយបៃ បានទៅដល់ប្រទេសសិង្ហបុរីនៅព្រឹកមិញនេះ តែពុំបានទៅកាន់ទីក្រុងបាងកកទេ
09/08/2025 09:09 AM
ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១ អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានព្រះបរមរូប
09/08/2025 09:09 AM