គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ផ្ទេរទៅកាន់ពន្ធនាគារថ្មី ក្រោយការបញ្ជារបស់តុលាការ

2023/09/27 02:41:10 pm        90
មេធាវីរបស់លោក និងគណបក្សរបស់លោកនិយាយកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារថ្មី ដែលមានស្ថានភាពល្អប្រសើរជាងនេះ នៅជិតរដ្ឋធានីជាតិ អ៊ីស្លាម៉ាបាដ ក្រោយការបញ្ជារបស់តុលាការ ។ ក្រុមអ្នកគាំទ្ររាប់សិបនាក់ បានជួបជុំគ្នានៅក្រៅពន្ធនាគារ Adyala បាចស្លឹកផ្កាកុលាប និងនាំគ្នាស្រែក ពេលដែលក្បួនរថយន្តក្រុមនគរបាល និងរថពាសដែក ធ្វើដំណើរមកដល់ ។ គួរឲ្យដឹងថា លោក Khan ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារកាលពីខែសីហាកន្លងទៅ ពាក់ព័ន្ធនឹងករណីពុករលួយ ។ តុលាការបានផ្អាកការជាប់ពន្ធនាគាររបស់លោករយៈពេលច្រើនសប្តាហ៍ ប៉ុន្តែការបញ្ជាលើកមុនឲ្យឃុំឃាំងរូបលោក ក្នុងករណីពាក់ព័ន្ធនឹងបទចោទប្រកាន់បែកធ្លាយការសម្ងាត់រដ្ឋ បានរារាំងការដោះលែងរូបលោក ។ ក្រុមមេធាវី និងគណបក្សរបស់លោក បានអង្វរឲ្យតុលាការ ចេញបទបញ្ជាផ្ទេររូបលោក Khan ទៅកាន់ពន្ធនាគារ Adyala ស្ថិតនៅទីក្រុង Rawalpindi ដោយពួកគេនិយាយថា វាស័ក្តិសមជាងសម្រាប់អតីតនាយករដ្ឋមន្រ្តីរូបនេះ ។ លោក Khan ត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារសល់ពីសម័យអាណានិគម ស្ថិតនៅសង្កាត់ភាគពាយ័ព្យ Attock ដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជាបន្ទាប់ទឹកផ្ទាល់ខ្លួន និងទូរទស្សន៍ ហើយនិងធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិពិបាកទៅសួរសុខទុក្ខរូបលោក ឬផ្ញើកាសែត សៀវភៅ និងចំណីអាហារដល់រូបលោក ៕

ម៉ារ៉ុកបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ ក្រោយការរញ្ជួយដីសម្លាប់មនុស្សជាង៣ពាន់នាក់

2023/09/27 02:33:27 pm        188
ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅអង្គការសហប្រជាជាតិលោក Omar Hilale បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមមេដឹកនាំពិភពលោកសម្រាប់ការគំាទ្ររបស់ពួកគេ បន្ទាប់ពីគ្រោះរញ្ជួយដីបានអង្រួនប្រទេសរបស់លោកកាលពីដើមខែនេះ ។ នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក លោក Hilale និយាយថា អនុញ្ញាតឲ្យខ្ញុំបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅ ហើយនិងការកើតសរសើររបស់រាជាណាចក្រម៉ារ៉ុក ។ លោកបន្តថា ម៉ារ៉ុក បានប្រឈមផលប៉ះពាល់ខ្លាំងដោយសារការរញ្ជួយដីមួយនេះ ដែលបានសម្លាប់មនុស្សជាង ៣ពាន់នាក់ ហើយនិងធ្វើឲ្យមនុស្សជាង ៥.៧០០នាក់ផ្សេងទៀត រងរបួស ។ វានាំឲ្យមានការខាតប់ងសម្ភារៈដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។ នៅក្នុងសុន្ទរកថានេះដែរ លោក Hilale បានថ្កោលទោសប្រទេសជិតខាងអាល់ហ៊្សេរី ពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅតំបន់សាហារ៉ាខាងលិច ។ ប្រទេសអាល់ហ៊្សេរី បានផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ារ៉ុក កាលពីរយៈពេល ២ឆ្នាំមុន ដោយសារជម្លោះនៅតំបន់ជួរមុខ Polisario ដែលព្យាយាមស្វែងរកឯករាជ្យពីម៉ារ៉ុក ។ លោកនិយាយថា ពួកយើងនៅតែតាមដានស្ថានការនយោបាយសម្រាប់ជម្លោះក្នុងតំបន់បង្កើតថ្មីនៅតំបន់សាហារ៉ារបស់ម៉ារ៉ុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ ស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងនៅទូទាំងទ្វីបអាហ្វ្រិក ។ លោកនិយាយទៀតថា អាល់ហ៊្សេរី ដែលជាប្រទេសម្ចាស់ផ្ទះ ផ្ទេរសិទ្ធិអំណាចរបស់ខ្លួនដោយខុសច្បាប់ដល់ក្រុមប្រដាប់អាវុធផ្តាច់ខ្លួន ដែលមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋករ និងបណ្តាញភេរវកម្ម ។ ភាពច្របូកច្របល់មួយនេះ ត្រូវការចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ។ សូបញ្ជាក់ថា បញ្ហានៅតំបន់សាហារ៉ាខាងលិច ស្ថិតនៅកណ្តាលជម្លោះកើនឡើងរវាងម៉ារ៉ុក និងអាល់ហ៊្សេរី ដែលព្រំដែនរបស់ពួកគេ បានបិទ ចាប់តាំងពីឆ្នាំ ១៩៩៤រហូតមក ៕

ជនអន្តោប្រវេសន៍បន្តសម្រុកឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/09/27 02:25:50 pm        210
ជនអន្តោប្រវេសន៍បានបន្តសម្រុកឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ស្របពេលមានការកើនឡើងចុងក្រោយនេះ។ កាលពីល្ងាចថ្ងៃអង្គារ សារព័ត៌មាន រ៉យទ័រ បានបង្ហាញវីដេអូជនអន្តោប្រវេសន៍ វេណេស៊ុយអេឡា មួយក្រុមធំ ដែលកំពុងធ្វើដំណើរឆ្លងកាត់ទន្លេ Rio Grande និងចូលទៅក្នុងទីក្រុងព្រំដែន Eagle Pass នៃរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ជាទីដែលពួកគេរង់ចាំដំណើរការស្នើសុំសិទ្ធជ្រកកោន។ជនអន្តោប្រវេសន៍មួយចំនួនធំ បាននឹងកំពុងឆ្លងចូលសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដាក់សម្ពាធលើរដ្ឋបាលលោកប្រធានាធិបតី បៃដិន ក្នុងការរារាំងលំហូរនៃប្រជាជន ខណៈការកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ចាប់ផ្តើមស្ថិតក្នុងដំណាក់កាលក្ដៅគគុក។ជនអន្តោប្រវេសន៍កាន់តែច្រើនឡើង ត្រូវបានគេមើលឃើញថាឆ្លងកាត់ទ្វីបអាមេរិក ហើយប្រធានាធិបតីប្រទេសកូស្តា រីកា កាលពីថ្ងៃអង្គារ (២៦ កញ្ញា) បានបញ្ជាឱ្យដាក់ប្រទេសក្នុងភាពអាសន្នជុំវិញការកើនឡើងយ៉ាងខ្លាំងក្លានៃប្រជាជន ដែលឆ្លងកាត់ប្រទេសដ៏តូចនៅអាមេរិកកណ្តាលមួយនេះផងដែរ៕

នគរបាលប្រឆាំងការជូញដូរមនុស្សឃាត់ខ្លួនជនជាតិស្វីសម្នាក់ ពាក់ព័ន្ធករណីទិញ ពេស្យាចារ កុមារ

2023/09/27 01:33:58 pm        126
ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីទិញពេស្យាចាលើកុមារ។ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅបុរីរុងរឿង តាមបណ្ដោយផ្លូវរុងរឿង ភូមិគោកឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជោយចង្វារ រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ​អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​មានការដឹកនាំបញ្ជា​ពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ​និងសម្របសម្រួល ​ដោយលោក ស៊ិត វណ្ណះ ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ​លោកវរសេនីយ៍ទោ ហាក់ លី ​ប្រធានការិយាល័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញ​បានធ្វើ​ការងារស្រាវជ្រាវភ្លាមពាក់ព័ន្ធ នឹងករណីជនបរទេសជនជាតិស្វីស ​បានធ្វើការទិញពេស្យាចា លើកុមារចំនួន០៣នាក់។ ដូច្នេះកម្លាំង​ធ្វើការ​ស៊ើបអង្កេតច្បាស់ការរហូតឈាន​ដល់ការឃាត់ខ្លួន​ជនបរទេសរូបនេះតែម្ដង។ក្នុងរង្វង់ប្រតិបត្តិការនេះ ​កម្លាំងជំនាញ​បាន​រំដោះកុមាររងគ្រោះចំនួន៣នាក់។ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងការទិញលក់ពេស្យាចា លើកុមារនេះគឺម្ដាយ​ជនរង​គ្រោះផ្ទាល់​តែម្ដង បានលក់ពេស្យាចាកុមារទៅឲ្យជនបរទេសរូបនេះ​តម្លៃក្នុងមួយខែ​ ១៥០ ដុល្លារ។ដោយក្នុងមួយសប្តាហ៍​យក​កុមារនោះ​ទៅជួបជនបរទេស ​បីដងទៅបួនដង ​ហើយជន​បរទេសរូបនោះ​ក៏បានទិញសម្ភាៈប្រើប្រាស់​បន្តិចបន្តួច​ឲ្យម្ដាយ របស់កុមាររងគ្រោះបន្ថែម​ទៀតផងដែរ។ក្រោយប្រតិបត្តិការកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនបរទេសនេះ ដើម្បីធ្វើការសាកសួរ​និង​កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។​ ចំណែកកុមាររងគ្រោះត្រូវ​បានកម្លាំង​នគរបាល​បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ

ជប៉ុននឹងពិនិត្យមើលការប្រកាសរបស់រុស្ស៊ីពិចារណាលើបំរាមនាំចូលគ្រឿងសមុទ្ររបស់ខ្លួន

2023/09/27 01:22:56 pm        85
ជប៉ុននឹងពិនិត្យមើលការប្រកាសរបស់រុស្ស៊ីចំពោះលទ្ធភាពនៃការចូលរួមជាមួយចិនក្នុងការហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុន ដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ។ នេះបើយោងតាមការអះអាងរបស់លោក Hirokazu Matsuno គឺជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះ ។ ជប៉ុនចាប់ផ្តើមបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ជាហេតុធ្វើឲ្យមានការរិះគន់ខ្លាំងពីចិន ។ ជាការសងសឹកនឹងទង្វើបែបនេះ ចិនបានដាក់ចេញបំរាមនាំចូលគ្រឿងសមុទ្រទាំងអស់ពីប្រទេសជប៉ុន ។ ដោយឡែក ក្រុមឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី Rosselkhoznadzor បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានពិភាក្សាលើការនាំចូលគ្រឿងសមុទ្រជប៉ុន ជាមួយសមភាគីចិន ហើយពួកគេនិយាយថា ខ្លួនបានផ្ញើរលិខិតមួយច្បាប់ជូនជប៉ុន លើតម្រូវការពិភាក្សា និងស្នើសុំព័ត៌មានពាក់ព័ន្ធនឹងការធ្វើតេស្តវិទ្យុសកម្មរបស់ជប៉ុនលើផលិតផលត្រីនាំចេញនៅថ្ងៃទី ១៦ ខែតុលាការខាងមុខនេះ ដែលរួមទាំងសារធាតុទ្រីទីយ៉ូមផងដែរ ។ ជប៉ុននិយាយថា ទឹកមានសុវត្ថិភាព ក្រោយត្រូវបានបន្សាប ដើម្បីយកចេញសារធាតុវិទ្យុសកម្ម លើកលែងតែសារធាតុទ្រីទីយ៉ូមដែលជាសារធាតុបញ្ចេញកាំរស្មី ពបាកញែកចេញពីទឹក ។ បន្ទាប់មកទឹកកាកសំណល់នេះ ត្រូវបានបន្សាបដល់កម្រិតទទួលស្គាល់ដោយអន្តរជាតិ មុនពេលបញ្ចេញចូលទៅក្នុងមហាសមុទ្រ ។ ជប៉ុននិយាយថា ការរិះគន់ពីរុស្ស៊ី និងចិន ពុំបានគាំទ្រដោយភស្តុតាងវិទ្យាសាស្រ្តនោះទេ ។ លោក Hirokazu Matsunoគឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និយាយថា ពួកយើងចង់ពិនិត្យមើលការប្រកាសដែលរុស្ស៊ីបានធ្វើឡើងលើការនាំចូលគ្រឿងសមុទ្រជប៉ុន ។ លោកបន្តថា រដ្ឋាភិបាលជប៉ុន បានព្យាយាមពន្យល់ឥតឈប់ឈរ និងផ្តល់ព័ត៌មានលើសុវត្ថិភាពប្រព័ន្ធដំណើរការសារធាតុរាវដ៏ទំនើប(ALPS) ដើម្បីបន្សាបទឹក ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត ដើម្បីបញ្ជាក់ដល់សហគមន៍អន្តរជាតិ ដែលរួមទាំងរុស្ស៊ីផងដែរថាទឹកមានសុវត្ថិភាព ៕

កូស្តា រីកា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលមានកំណើនជនអន្តោប្រវេសន៍

2023/09/27 01:13:43 pm        77
ប្រធានាធិបតីប្រទេសកូស្តា រីកា លោក Rodrigo Chaves បាននិយាយកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ថា លោកបានបញ្ជាឱ្យក្រុមមន្ត្រីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសដ៏តូចមួយនៅអាមេរិកកណ្តាលនេះ បានកើនឡើងយ៉ាងខ្លាំង។លោក Chaves បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន យោងទៅលើកុប្បកម្មនាពេលថ្មីៗនេះដោយជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសថា «យើងបានណែនាំក្រសួងសន្តិសុខឱ្យប្រកាន់ជំហររឹងមាំជាមួយនរណាម្នាក់ដែលកេងប្រវ័ញ្ចផលប្រយោជន៍ពីភាពចិត្តល្អរបស់កូស្តា រីកា»។មន្ត្រីម្នាក់ទៀតរបស់កូស្តា រីកា បាននិយាយថា រហូតមកដល់ខែកញ្ញានេះ មនុស្សជាង៦០.០០០នាក់ បានឆ្លងកាត់ទីក្រុងព្រំដែនកូស្តា រីកា ជាមួយប្រទេសប៉ាណាម៉ា ប្រទេសប៉ាសូ កាណូស ដែលមានមនុស្សតិចជាង២០.០០០នាក់រស់នៅ។ សូមបញ្ជាក់ថា លោកប្រធានាធិបតី Chaves នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាណាម៉ានៅដើមខែតុលាខាងមុខនេះ ដើម្បីធ្វើការពិភាក្សាអំពីវិបត្តិជនអន្តោប្រវេសន៍៕

អ្នកនេសាទហ្វីលីពីន សម្តែងការខកចិត្តចំពោះពោងបណ្ដែតទឹករបស់ចិន នៅតំបន់សមុទ្រមានជម្លោះ

2023/09/27 01:10:14 pm        145
ក្រុមអ្នកនេសាទហ្វីលីពីន នៅទីក្រុងឆ្នេរសមុទ្រ Zambales បានសម្តែងការខកចិត្ត បន្ទាប់ពីឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) បានដាក់របាំងការពារដ៏វែងនៅជិតច្រកសមុទ្រ Scarborough ដែលជាតំបន់ផ្ទាំងថ្មប៉ប្រះទឹក មានចម្ងាយ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន។អ្នកបើកទូកម្នាក់ឈ្មោះ Samuel Geruela បាននិយាយថា «នៅពេលដែលខ្ញុំបានឃើញអ្វីដែលពួកគេបានធ្វើនៅក្នុងរបាយការណ៍ វាពិតជាគ្រោះថ្នាក់ណាស់។ ពួកគេបានប្រើខ្សែពួរ និងច្រវាក់ក្រាស់ៗចងជាប់នឹងពោងបណ្ដែតទឹកទាំងនោះ ប្រសិនបើទូកតូចៗបើកចូលទៅក្នុងនោះ វាអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ខ្ញុំគិតថាគួរតែមានកិច្ចព្រមព្រៀងរវាងហ្វីលីពីន និងចិនជុំវិញបញ្ហានេះ។"ទោះបីជាតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ មិនបានកាត់ក្តីលើអធិបតេយ្យភាពរបស់ចិនលើតំបន់ថ្មប៉ប្រះទឹក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង៣០០គីឡូម៉ែត្រក្នុងប្រទេសហ្វីលីពីននេះក៏ដោយ ក៏ខ្លួនបាននិយាយថា តំបន់នេះគឺជាកន្លែងនេសាទប្រពៃណីសម្រាប់ប្រទេសមួយចំនួន ហើយទង្វើបិទផ្លូវពីមុនរបស់ចិននៅក្នុងតំបន់សមុទ្រនេះ គឺរឿងខុសច្បាប់៕

ជនភៀសខ្លួនជិត៣ម៉ឺននាក់ បានសម្រុកចេញពីតំបន់ការ៉ាបាក់ទៅកាន់អាមេនី ខណៈមានការបារម្ភកាន់តែខ្លាំងឡើង

2023/09/27 01:04:02 pm        134
ជនជាតិអាមេនីជិត៣០.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុងណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ប្រទេសអាមេនី ពោលគឺមួយភាគបួននៃចំនួនប្រជាជនសរុប ក្នុងតំបន់ដែលអាស៊ែបៃហ្សង់ ដណ្តើមបានកាលពីសប្តាហ៍មុនមួយនេះ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានលើកឡើងពីការព្រួយបារម្ភកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ជុំវិញបម្លាស់ទីជនស៊ីវិលមួយចំនួនធំទៅកាន់ប្រទេសអាមេនី ដែលជាលទ្ធផលនៃអរិភាពក្នុងតំបន់នាពេលថ្មីៗនេះ។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា ជនភៀសខ្លួនប្រហែល១៩.០០០នាក់ ត្រូវបានគេរាយការណ៍ថាបានចាកចេញពីតំបន់សេដ្ឋកិច្ចការ៉ាបាក់ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ រួមទាំងមនុស្សចាស់ ស្ត្រី និងកុមារជាច្រើនផងដែរ។អ្នកនាំពាក្យទីភ្នាក់ងារ UNHCR លោកស្រី សាប៊ីយ៉ា ម៉ានតូ (Shabia Mantoo) បានអំពាវនាវឱ្យភាគីទាំងអស់ការពារជនស៊ីវិល និងគោរពយ៉ាងពេញលេញនូវច្បាប់ស្តីពីជនភៀសខ្លួនមនុស្សធម៌អន្តរជាតិ ដែលអនុញ្ញាតឱ្យអ្នកទាំងនោះឆ្លងកាត់ដោយសុវត្ថិភាព។ ភាគីទាំងអស់ត្រូវតែធានាសុវត្ថិភាព សន្តិសុខ និងសិទ្ធិមនុស្សសម្រាប់ពួកគេ ហើយគ្មាននរណាម្នាក់គួរត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេឡើយ។ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ ជុំវិញតំបន់ការ៉ាបាក់នេះ បានបន្តអូសបន្លាយជាងបីទសវត្សរ៍មកហើយ ប៉ុន្តែការផ្ទុះឡើងនៃការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុន បណ្ដាលឱ្យជនជាតិអាមេនីរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន ដោយនិយាយថា ពួកគេខ្លាចថា អាចនឹងមានការបោសសម្អាតជនជាតិភាគតិចកើតឡើងនៅតំបន់នេះ៕

ការតវ៉ាបានផ្ទុះឡើងនៅប្រទេសឥណ្ឌា ជុំវិញការបង្ហោះរូបភាពរបស់សិស្សដែលត្រូវបានសម្លាប់ក្នុងអំពើហិង្សា

2023/09/27 01:00:01 pm        94
អ្នកស្រុកនៅក្នុងទីក្រុង អ៊ីមផាល់ (Imphal) នៃរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌា បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារ (២៦ កញ្ញា) រយៈពេលមួយថ្ងៃបន្ទាប់ពីរូបថតរបស់សិស្សពីរនាក់ដែលបានបាត់ខ្លួន បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ រូបថតនៃសាកសពរបស់សិស្សទាំងនោះដេកនៅក្នុងព្រៃមួយ បានលេចឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ បន្ទាប់មកនិស្សិតរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីនៃរដ្ឋម៉ានីពួរ ដើម្បីតវ៉ានឹងការសម្លាប់នេះ។ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បុគ្គលិកសន្តិសុខបានប្រើប្រាស់ដំបង និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលបណ្តាលឱ្យបាតុករជាច្រើននាក់រងរបួសផងដែរ។ កាលពីដើមខែនេះ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់បំបែកហ្វូងមនុស្សប្រមាណ៥០០នាក់ នៅក្នុងរដ្ឋដ៏តានតឹងរបស់ប្រទេសឥណ្ឌាមួយនេះ ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស២០នាក់ទៀតរងរបួសផងដែរ។រដ្ឋម៉ានីពួរ ត្រូវបានរង្គោះរង្កើដោយអំពើហឹង្សាជនជាតិភាគតិច ចាប់តាំងពីខែឧសភាមក ហើយយ៉ាងហោចណាស់មនុស្ស១៨០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីសហគមន៍ជនជាតិភាគតិចម៉ីតី និងជនជាតិគូគី បានចាប់ផ្តើមប្រយុទ្ធគ្នាជុំវិញការចែករំលែកផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ហាជាច្រើនផ្សេងទៀតផងដែរ៕

ចំហេះព្រៃដែលមិនធ្លាប់មានពីមុនមកបណ្ដាលឲ្យមានផ្សែងគ្របដណ្តប់ ពាសពេញប្រទេសកាណាដា

2023/09/27 12:56:45 pm        93
ចំហេះព្រៃដែលមិនធ្លាប់មានពីមុនមក និងមិនចេះចប់ នៅខេត្តប្រ៊ីដធីស កូឡំប៊ី ខេត្តអាល់ប៊ឺតតា និងដែនដីភាគពាយ័ព្យ របស់ប្រទេសកាណាដា បណ្ដាលឲ្យមានបរិមាណផ្សែងដ៏ច្រើនលើសលប់ ហុយចេញពាសពេញប្រទេសកាណាដា ហើយបានហុយទៅដល់តំបន់ហ្គ្រីនឡែន របស់ដាណឺម៉ាកផងដែរ។ ខ្យល់លើសកម្រិតនៃផ្ទៃបរិយាកាសខាងលើ បានបណ្ដាលឲ្យមានផ្សែងហុយនៅជុំវិញជួរភ្នំសម្ពាធខ្ពស់ដែលស្ថិតនៅជិតឈូងសមុទ្រ Hudson ហើយផ្សែងនោះបានចុះមកពាសពេញលើខេត្ត ញ៉ូវហ្វោនឡែន (Newfoundland) កាលពីថ្ងៃអង្គារ (២៦ កញ្ញា) ផងដែរ។ផ្សែងដ៏ខ្មួលខ្មាញ់ពីចំហេះព្រៃដែលគួរឱ្យភ្ញាក់ផ្អើលបំផុត បានកើតឡើងកាលពីថ្ងៃចន្ទលើផ្ទៃមេឃក្នុងទីក្រុងនូក (Nuuk) ដែលជារដ្ឋធានីរបស់តំបន់ហ្គ្រីនឡែន ដោយនាំមកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលដល់ទីក្រុង ហើយផ្សែងដ៏ក្រាស់នៅតែបន្តស្ថិតនៅពីលើទីក្រុងមួយនេះដូចជាពពក។នៅឆ្នាំនេះ ប្រទេសកាណាដាបានកត់ត្រាទំហំផ្ទៃដី ដែលបានឆេះប្រហែល១៨លានហិចតា និងអគ្គិភ័យជាង៦.០០០ករណី នៅខេត្តប្រ៊ីដធីស កូឡំប៊ី ខេត្តអាល់ប៊ឺតតា ព្រមទាំងដែនដីភាគពាយ័ព្យ ដោយមានផ្ទៃដីសរុបជាង៩លានហិចតា ត្រូវបានដុតបំផ្លាញផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM
អ៊ីស្រាអែលអាចបាត់បង់ឋានៈជាអ្នកសង្កេតការណ៍នៅក្នុងសភានយោបាយអឺរ៉ុប ដោយសារច្បាប់ទោសប្រហារជីវិត
04/22/2026 07:04 PM
រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង លើអ៊ីរ៉ង់
04/22/2026 07:04 PM
យោធាអង់គ្លេសនិយាយថា នាវាមួយគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រហ័រមូស
04/22/2026 07:04 PM
អ៊ីរ៉ង់៖ ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់តិចតួច លើការផ្គត់ផ្គង់ស្បៀងអាហារ
04/22/2026 07:04 PM
មន្ទីរបញ្ចកោណនិយាយថា មិនទាន់អាចវាយតម្លៃការខូចខាតដែលបង្កឡើងដោយអ៊ីរ៉ង់ចំពោះមូលដ្ឋានទ័ពអាមេរិកនៅឡើយទេ
04/22/2026 07:04 PM
ប្រភព៖ អាមេរិកងាកទៅរកបច្ចេកវិទ្យាប្រឆាំងយានដ្រូនរបស់អ៊ុយក្រែន ក្រោយរងការវាយប្រហារពីអ៊ីរ៉ង់
04/22/2026 07:04 PM
ក្រុមកាន់កាប់អ៊ីស្រាអែល សម្រុកចូលវិហារ Al-Aqsa របស់ក្រុងយេរូសាឡឹម ចំពេលមានភាពតានតឹង
04/22/2026 06:04 PM
មេបញ្ជាការកងទ័ព៖ អ៊ីរ៉ង់នឹងបន្តប្រយុទ្ធ«រហូតដល់ដំណក់ឈាមចុងក្រោយ»
04/22/2026 06:04 PM