គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

ការសម្រក់ទឹកភ្នែក និងការរំជួលចិត្ត ខណៈក្រុមជនអន្តោប្រវេសន៍ទៅដល់ទឹកដីអាមេរិក ក្រោយឆ្លងទន្លេព្រំដែន

2023/09/28 10:23:50 am        81
អាមេរិក៖ ភាពរំជួលចិត្ត នៅខាងព្រំដែនទន្លេរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសម៉ិកស៊ិក ខណៈក្រុមជនអន្តោប្រវេសន៍បានមកដល់ច្រាំងទន្លេ បន្ទាប់ពីឆ្លងទន្លេ រីយ៉ូ ក្រែន (Rio Grande) ស្ថិតនៅបណ្ដោយព្រំដែនរដ្ឋតិចសាស់ (Texas)។ក្រុមមន្ត្រីបាននិយាយថា ស្របពេលក្រុមជនអន្តោប្រវេសន៍ក្នុងចំនួនដ៏ច្រើន ប្រមាណ២ពាន់នាក់ ដែលមានបំណងឆ្លងចូលសហរដ្ឋអាមេរិក អង្គភាពល្បាតព្រំដែនត្រូវបានចូលរួមយ៉ាងសកម្មក្នុងការព្យាយាមគ្រប់គ្រងលំហូរចូលនេះ។ កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីរដ្ឋ Texas បានចុះហត្ថលេខាលើសេចក្ដីប្រកាសអាសន្នមួយដើម្បីផ្ដល់សេវាបន្ថែមទៀត។ ការកើនឡើងដ៏ច្រើននៃជនអន្តោប្រវេសន៍នៅតាមបណ្ដាយព្រំដែនអាមេរិក ភាគខាងត្បូង បានក្លាយជាចំណុចរបត់ថ្មីមួយ បន្ទាប់ពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ កំណើនជនអន្តោប្រវេសន៍នេះ អាចហុចឱកាសដល់គូប្រជែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតឆ្នាំ២០២៤ខាងមុខ។ យោងតាមក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters ក្រុមជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន កំពុងធ្វើដំណើរតាមយន្តហោះចូលទៅក្នុងប្រទេសនីហ្ការ៉ាហ្គ័រ ដើម្បីស្វែងរកផ្លូវវាងនៅតំបន់ ដារៀន ហ្គែប (Darien Gap) ជាតំបន់ព្រៃឈើដ៏គ្រោះថ្នាក់ភ្ជាប់ប្រទេសប៉ាណាម៉ា និងកូឡុំប៊ី ។ ជាធម្មតា មនុស្សជាច្រើនដែលព្យាយាមទៅដល់ទឹកដីសហរដ្ឋអាមេរិក បានជិះយន្តហោះចូលទៅក្នុងប្រទេសប្រេស៊ីល ឬ បណ្ដាប្រទេសអាមេរិកខាងត្បូងផ្សេងទៀត ប៉ុន្តែការរកឃើញផ្លូវវាងនេះ បានរីករាលដាលតាមរយៈពាក្យសម្ដីចេញពីមាត់មួយទៅមាត់មួយ៕

មេបក្សប្រឆាំងប៉ូឡូញ អំពាវនាវឲ្យមានជំនួយយោធាឥតងាករេដល់អ៊ុយក្រែន

2023/09/28 10:21:29 am        150
ប៉ូឡូញ៖ សារព័ត៌មាន BILD បានរាយការណ៍កាលពីថ្ងៃទី២៧ ខែកញ្ញាថា មេដឹកនាំបក្សប្រឆាំងប៉ូឡូញ និងជាអតីតនាយករដ្ឋមន្ត្រីលោក ដូណាល់ ថាស (Donald Tusk) បានអំពាវនាវឲ្យមានជំនួយផ្នែកយោធាឥតងាករេដល់អ៊ុយក្រែន មុនពេលការបោះឆ្នោតសភារបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា។លោកថាស បាននិយាយថា៖«ជ័យជម្នះរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ប៉ូឡូញយ៉ាងប្រាកដ» ។ «នេះនឹងប៉ះពាល់ដល់ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាជនភៀសខ្លួន។ រដ្ឋប៉ូឡូញ មិនគួរចាកចេញពីទីតាំងរបស់ខ្លួនទេ ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន មិនគួរត្រូវចោទជាបញ្ហាទេ។ការគាំទ្ររបស់ប៉ូឡូញ ត្រូវបានពិភាក្សា នាពេលថ្មីៗនេះ នៅពេលដែលលោកថាសជាគូប្រជែង នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ម៉ាទៀវស៍ ម៉ូរ៉ាវីអែកគី (Mateusz Morawiecki) បាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រទេសប៉ូឡូញ ចាំបាច់ត្រូវផ្តោតលើការពង្រឹងគ្រឿងយុទ្ធោបករណ៍របស់ខ្លួន ហើយ នឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទៀតទេ។ក្រោយមក ក្រុមមន្ត្រីបានបញ្ជាក់ថា ប្រទេសប៉ូឡូញ នឹងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់អំពីការផ្តល់អាវុធ៕

អ្នកក្រុងឡុងដ៍្រ របស់អង់គ្លេស តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជុំវិញបញ្ហាអណ្តូងប្រេងនៅសមុទ្រខាងជើង

2023/09/28 10:18:01 am        105
អង់គ្លេស៖ ក្រុមអ្នកតវ៉ាក្នុងទីក្រុងឡុងដ៍្រ បានអំពាវនាវកុំឱ្យមានការជួញដូរប្រេង និងឧស្ម័នថ្មីក្រៅពីនៅនាយកដ្ឋានសន្តិសុខថាមពល ព្រមទាំងទាមទារឲ្យមានអត្រាបំភាយឧស្ម័នសុទ្ធស្មើសូន្យផងដែរ នៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ (២៧ កញ្ញា) បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់សញ្ញាយល់ព្រមចំពោះគម្រោងប្រេង និងឧស្ម័នថ្មីដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដា និងស្រែកពាក្យស្លោកនៅខាងក្រៅអគារ ខណៈនៅខាងក្នុង រដ្ឋមន្ត្រីសន្តិសុខថាមពល លោកស្រី Claire Coutinho បាននិយាយថា ទីតាំងបូមប្រេងថ្មីដែលមានឈ្មោះថា រ៉ូសប៊ែង (Rosebank) នឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវសន្តិសុខថាមពល។អណ្ដូងប្រេង រ៉ូសប៊ែង ដែលមានទំហំតូចមួយនៅក្នុងបរិបទពិភពលោក ត្រូវបានគេរំពឹងថា នឹងផលិតប្រេងបានរហូតដល់៣០០លានបារ៉ែល ក្នុងដំណាក់កាលផ្ដល់សេវាកម្មរបស់ខ្លួន។ គណបក្សពលកម្ម ដែលជាបក្សប្រឆាំងដ៏សំខាន់របស់អង់គ្លេស ដែលចង់ផ្តោតលើថាមពលស្អាតបាននិយាយថា ខ្លួននឹងគោរពអាជ្ញាប័ណ្ណណាមួយដែលបានផ្តល់មុនការបោះឆ្នោតបន្ទាប់ រួមទាំងសម្រាប់អណ្ដូងប្រេង រ៉ូសប៊ែង នេះផងដែរ៕

ប្រមុខUN ព្រមានថា អំពើហិង្សា ការចាប់រំលោភ និទណ្ឌភាព កាន់តែអាក្រក់ឡើងៗ នៅក្នុងប្រទេសហៃទី

2023/09/28 10:16:02 am        109
ហៃទី៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមាននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសហៃទីដែលញាំញីដោយក្រុមជនអន្ធពាលកំពុងធ្លាក់ចូលក្នុងការបង្ហូរឈាម និងភាពគ្មានច្បាប់ទម្លាប់ ដោយជំរុញឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកសន្តិសុខ និងហិរញ្ញវត្ថុដល់ប្រទេសការ៉ាអ៊ីបដែលកំពុងមានបញ្ហានេះ។ក្រុមជនអន្ធពាលដ៏ឃោរឃៅ កំពុងរឹតបន្តឹងការក្តាប់របស់ពួកគេលើប្រទេសហៃទី ដោយមានក្រុមបាញ់ស៊ីប បាញ់ដោយមិនរើសមុខពីលើដំបូលផ្ទះ ហើយមនុស្ស ត្រូវបានដុតទាំងរស់ ដែលជំរុញឲ្យក្រុមប្រជាការពារ ឆ្លើយតបដោយអំពើហិង្សាកាន់តែច្រើនឡើង។លោកអគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា៖«អំពើហិង្សាទាក់ទងនឹងក្រុមជនអន្ធពាល បានបន្តកើនឡើងក្នុងកម្រិតខ្លាំង និងឃោរឃៅ ដោយក្រុមជនអន្ធពាលបានពង្រីកការគ្រប់គ្រងរបស់ពួកគេ នៅក្នុង និងក្រៅទីក្រុងព័រអូប្រាំង»។លោកបានបន្ថែមថា៖«អំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភរួម បន្តត្រូវបានប្រើប្រាស់ដោយក្រុមជនអន្ធពាល ដើម្បីបំភិតបំភ័យប្រជាជន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលដែលជាគូប្រជែងរបស់ពួកគេ»។របាយការណ៍នេះ កើតឡើង នៅពេលដែលសមាជិកនៃក្រុមប្រឹក្សាសន្តិសុខUN ពិភាក្សាអំពីអាណត្តិនៃបេសកកម្មសន្តិសុខអន្តរជាតិ ដែលត្រូវបានស្នើសុំដោយអាជ្ញាធរហៃទី ដើម្បីគាំទ្រដល់កងកម្លាំងនគរបាល ដែលមានថវិកាមិនគ្រប់គ្រាន់ និងមានបុគ្គលិកតិច ដែលនឹងត្រូវដឹកនាំដោយប្រទេសកេនយ៉ា៕

មនុស្ស៤៣.០០០នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងក្រុមជនអន្ធពាលនៅតែមានសេរីភាពនៅអែលសាលវ៉ាឌ័រ

2023/09/28 10:13:48 am        135
អែលសាលវ៉ាឌ័រ៖ យោងតាមឯកសារស៊ើបអង្កេតដែលគួឲ្យទុកចិត្ត មកពីនគរបាលស៊ីវិលជាតិប្រទេសអែលសាលវ៉ាឌ័រ បានឲ្យដឹងថា នគរបាលនៅក្នុងប្រទេសអែលសាលវ៉ាឌ័រ ជឿថាមនុស្សជិត៤៣.០០០នាក់ តាមដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយក្រុមជនអន្ធពាល មិនទាន់ត្រូវបានឃុំខ្លួននៅឡើយ។ ឯកសារដែលមាន១៩ទំព័រត្រូវបានរាយការណ៍ដំបូងដោយអង្គភាពឧក្រិដ្ឋកម្ម អ៊ីនសាយ ក្រែម(InSight Crime) និងទទួលបានដោយឯករាជ្យដោយសារព័ត៌មានរ៉យទ័រ ហើយភាពជឿជាក់ត្រូវបានបញ្ជាក់ដោយនគរបាលមានកាលបរិច្ឆេទថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងមានចំណងជើងថា « រដ្ឋនៃជនអន្ធពាល ក្នុងបរិបទនៃរដ្ឋលើកលែង»។ ទោះជាយ៉ាងណា អង្គការសិទ្ធមនុស្សនិយាយថា របាយការណ៍នេះ បានលើកឡើងជាសំនួរជាច្រើន អំពីថាតើរដ្ឋាភិបាលមានផែនការរយៈពេលយូរប៉ុណ្ណាដើម្បីបង្ក្រាបលើជនអន្ធពាល បន្ទាប់ពីរយៈពេល១ឆ្នាំកន្លះនៃវិធានការលើកលែង ដែលត្រូវបានដាក់ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nayib Bukele ។ រដ្ឋនៃការលើកលែង មានប្រជាប្រីយភាពខ្លាំងក្នុងចំណោមពលរដ្ឋអែលសាលវ៉ាឌ័រ ដែលត្រូវបានរួមរឹតជាច្រើនទសវត្សរ៍មកហើយដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល ហើយអ្នកគាំទ្រការបង្ក្រាប ចង្អុលបង្ហាញចំពោះការធ្លាក់ចុះខ្លាំងក្នុងករណីឃាតកម្ម និងឧក្រិដ្ឋកម្ម ដូចជា ការគំរាមទាប្រាក់ និងការជួញដូរគ្រឿងញៀន។

គុយបា និងរុស្ស៊ី កំពុងធ្វើការរួមគ្នាលើករណីជួញដូរពលរដ្ឋគុយបាឲ្យទៅធ្វើជាទាហានរុស្ស៊ី

2023/09/28 10:11:30 am        119
រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសគុយបា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ (២៧ កញ្ញា) ថា ប្រទេសគុយបា និងរុស្ស៊ី កំពុងធ្វើការរួមគ្នាលើករណីដែលពលរដ្ឋគុយបាត្រូវបានជ្រើសរើសឱ្យចូលប្រយុទ្ធក្នុងយោធារុស្ស៊ី។នៅដើមខែនេះ រដ្ឋាភិបាលគុយបាបាននិយាយថា បុរសវ័យក្មេងជនជាតិគុយបាជាច្រើន បានចុះឈ្មោះក្នុងជួរយោធារបស់វិមានក្រឹមឡាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងនាមជាទាហានស៊ីឈ្នួល និងជាជនរងគ្រោះក្នុងគម្រោងការជួញដូរមនុស្ស ដែលត្រូវបានចោទប្រកាន់ ស្របពេលសង្គ្រាមកំពុងបន្តនៅអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Víctor Koronelli បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងលើបញ្ហានេះថា ភាគីរុស្ស៊ី និងគុយបា កំពុងទាក់ទងគ្នាក្នុងរឿងនេះ។ ការអត្ថាធិប្បាយរបស់លោក Koronelli កាលពីថ្ងៃពុធ បានកើតឡើងក្នុងពិធីមួយ ដែលបង្ហាញពីការបរិច្ចាគប្រេងបន្លែចំនួន៦៥០តោន មានតម្លៃ៣លានដុល្លារ ដែលជាអំណោយមួយក្នុងចំណោមអំណោយជាបន្តបន្ទាប់ រាប់ចាប់ពីស្រូវសាលី រហូតដល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលបានផ្តល់ដល់ប្រទេសគុយបានាពេលថ្មីៗនេះ ដោយសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន៕

ទីក្រុងឆ្នេរសមុទ្ររបស់ប្រទេសក្រិក បានរងការវាយប្រហារម្តងទៀតដោយទឹកជំនន់

2023/09/28 10:08:18 am        102
ក្រិក៖ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លា បានបង្កជាទឹកជំនន់នៅផ្នែកខ្លះនៃប្រទេសក្រិក កាលពីថ្ងៃពុធ (២៧ កញ្ញា) ដោយភ្លៀងនៅតែបន្តធ្លាក់ពីព្យុះមុននោះ ដែលបានឆក់យកជីវិតមនុស្ស១៦នាក់។ នៅទីក្រុងឆ្នេរសមុទ្រ វ៉ូឡុស (Volos) ក្នុងតំបន់ថេសាលី (Thessaly) ព្យុះឈ្មោះ អេលីយ៉ាស (Elias) បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឲ្យទឹកជន់លិចផ្លូវជាច្រើន។នាយកដ្ឋានពន្លត់អគ្គិភ័យ បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទរាប់សិបករណី ដើម្បីជួយបាចទឹកចេញពីលំនៅឋាននៅក្នុងប្រទេសក្រិកដីគោក និងនៅលើកោះអេវីយ៉ា (Evia) ក្នុងប្រទេសនេះផងដែរ។ កាលពីដើមខែនេះ តំបន់ថេសាលី រួមទាំងទីក្រុង វ៉ូឡុស ត្រូវបានវាយប្រហារដោយព្យុះ ដានីញ៉ែល (Daniel) ម្ដងរួចមកហើយ ដែលបានសម្លាប់មនុស្ស១៦នាក់ បន្ទាប់ពីទឹកជំនន់បានបោកបក់ហូរកាត់ទីក្រុង និងភូមិជាច្រើនក្នុងតំបន់នោះ។ក្រុមអ្នកឧតុនិយមបាននិយាយថា ព្យុះថ្មីដែលបានវាយប្រហារប្រទេសកាលពីថ្ងៃច័ន្ទនោះ ត្រូវបានគេរំពឹងថា នឹងបន្តស្ថិតនៅក្នុងប្រទេសក្រិក រយៈពេលពីរថ្ងៃបន្ទាប់ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងសំណុំទឹកកក ហើយក្រុមអាជ្ញាធរបានបញ្ជូនការព្រមានជាបន្ទាន់ដល់សាធារណជន ដើម្បីរឹតបន្តឹងការធ្វើដំណើរផ្សេងៗផងដែរ៕

កូនទាហានអាមេរិក Travis King កំពុងស្ថិតក្នុងការឃុំខ្លួននៅអាមេរិក បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញ

2023/09/28 08:26:25 am        199
អាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ពលបាល លោក Travis King  ជាកូនទាហានសហរដ្ឋអាមេរិក ដែលបានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែកក្កដាកន្លងទៅ កំពុងស្ថិតក្នុងការឃុំខ្លួននៅសហរដ្ឋអាមេរិក និងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញចូលទៅក្នុងប្រទេសចិន ។ ខណៈព័ត៌មានអំពីការទូតដែលឈានដល់ការបញ្ជូនខ្លួនរបស់ King នៅតែពុំទាន់ច្បាស់លាស់នៅឡើយ ព័ត៌មានវិវត្តន៍នេះ គឺជាឧទាហរណ៍ដ៏កម្រមួយនៃកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក កូរ៉េខាងជើង និងប្រទេសចិន។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ទាហានរូបនេះ ត្រូវគេរំពឹងថានឹងត្រូវបានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញនៅពេលក្រោមមកកាលពីថ្ងៃពុធ។ កូនទាហាន King វ័យ២៣ឆ្នាំ បានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើងពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ខែកក្កដា ខណៈមានដំណើរកម្សាន្តរបស់ក្រុមជនស៊ីវិលទៅកាន់ព្រំដែនប្រទេសទាំង២ដែលមានការយាមកាមសន្តិសុខតឹងរ៉ឹងបំផុត និងត្រូវបានចាប់ឃុំខ្លួនភ្លាមៗនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន ពុំបានប្រកាសថារូបគេជាឈ្លើយសឹកនោះទេ ទោះបីមានការជជែកវែកញែកដ៏ចម្រូងចម្រាសនៅក្នុងរដ្ឋាភិបាលក៏ដោយ។ជ្រុងមួយទៀត កូរ៉េខាងជើង ទំនងជានឹងចាត់ទុកករណីរបស់កូនទាហានរូបនេះជាការធ្វើអន្តោប្រវេសន៍ខុសច្បាប់ប៉ុណ្ណោះ ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បាននិយាយថា King បានប្រាប់ទីក្រុងព្យុងយ៉ាងថា រូបគេបានចូលទៅក្នុងទឹកដីកូរ៉េខាងជើងដោយខុសច្បាប់ ព្រោះគេមិនពេញចិត្តចំពោះវិសមភាពនៅក្នុងសង្គមសហរដ្ឋអាមេរិក។  រដ្ឋាភិបាលស៊ុយអែត ដែលតំណាងឲ្យផលប្រយោជន៍អាមេរិកក្នុងប្រទេសកូរ៉េខាងជើងព្រោះក្រុងវ៉ាស៊ីនតោនពុំមានស្ថានទូតក្នុងប្រទេសនេះ បានទទួល King នៅក្នុងទឹកដីកូរ៉េខាងជើង ទាំងមានសុខភាពល្អធម្មតា រួចនាំគេទៅកាន់ប្រទេសចិន៕

អាស៊ែរបៃហ្សង់ ចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលបំបែកខ្លួន បន្ទាប់ពីដណ្តើមបានតំបន់ណាហ្គ័រណូ-ការ៉ាបាក់ មកកាន់កាប់វិញ

2023/09/28 08:19:24 am        181
អាស៊ែរបៃហ្សង់៖ ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយថា ខ្លួនបានចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលផ្តាច់ខ្លួនរបស់ណាហ្គ័រណូ-ការ៉ាបាក់ ខណៈដែលអតីតមេដឹកនាំរូបនេះ បានព្យាយាមឆ្លងចូលទៅក្នុងប្រទេសអាមេនី កាលពីថ្ងៃពុធ រួមជាមួយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដែលបានភៀសខ្លួន បន្ទាប់ពីការវាយប្រហារ២៤ម៉ោងកាលពីសប្តាហ៍របស់អាស៊ែរបៃហ្សង់ ដើម្បីដណ្តើមយកដែនដីដែលនៅឆ្ងាយនេះ មកគ្រប់គ្រងវិញ។ការចាប់ខ្លួន លោក រ៉ូបិន វ៉ាដានយ៉ាន ( Ruben Vardanyan) ត្រូវបានប្រកាសដោយសេវាកម្មឆ្មាំល្បាតព្រំដែនរបស់ប្រទេស អាស៊ែរបៃហ្សង់។ វាហាក់ដូចជាឆ្លុះបញ្ចាំងពីចេតនារបស់អាស៊ែរបៃហ្សង់ ក្នុងការពង្រឹងការកាន់កាប់តំបន់នេះយ៉ាងឆាប់រហ័ស និងដោយកម្លាំងខ្លាំងក្លា បន្ទាប់ពីការវាយលុករបស់យោធា ដែលបានជំរុញឲ្យមានការភៀសខ្លួនដ៏ឆាប់រហ័សនៃជនជាតិភាគតិចអាមេនី។លោក វ៉ាដានយ៉ាន ជាពាណិជ្ជករមានប្រាក់រាប់ពាន់លាន ដែលបានបង្កើតទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ជាកន្លែងលោកជាម្ចាស់ធនាគារវិនិយោគដ៏ធំមួយ បានផ្លាស់ប្តូរទីតាំងទៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ក្នុងឆ្នាំ២០២២ ហើយបានបម្រើការជាប្រមុខរដ្ឋាភិបាលក្នុងតំបន់អស់រយៈពេលជាច្រើនខែ មុនពេលចុះចេញពីតំណែង កាលពីដើមឆ្នាំនេះ។សេវាឆ្មាំល្បាតព្រំដែន បាននិយាយថា លោក វ៉ាដានយ៉ាន ត្រូវបានអមដំណើរទៅកាន់រដ្ឋធានីបាគូរបស់ប្រទេសអាស៊ែរបៃហ្សង់ ហើយបានប្រគល់ទៅឲ្យ «ស្ថាប័នរដ្ឋពាក់ព័ន្ធ» ដែលនឹងសម្រេចជោគវាសនារបស់អតីតមេដឹកនាំផ្តាច់ខ្លួនរូបនេះ។ សេវានេះ បានបង្ហោះរូបភាពរបស់ លោក វ៉ាដានយ៉ាន ដែលត្រូវបានចាប់ខ្លួនដោយឆ្មាំល្បាតព្រំដែនពីរនាក់ នៅក្បែរឧទ្ធម្ភាគចក្រ៕

សហរដ្ឋអាមេរិកថ្កោលទោសការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី លើតំបន់ព្រំដែនអារ៉ាប៊ីសាអូឌីត-យេម៉ែន

2023/09/27 02:45:21 pm        145
កាលពីថ្ងៃអង្គារម្សិលមិញ សហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់ក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃទី ២៥ ខែកញ្ញា ដែលបានសម្លាប់កងកម្លាំងបារ៉ែនចំនួន ២នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បនរងរបួសនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជិតព្រំដែនជាមួយយេម៉ែន ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Matthew Miller និយាយថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានទាក់ទងជាមួយសមភាគីបារ៉ែន ហើយនិងបញ្ជាក់ឡើងវិញការគាំទ្រសម្រាប់រាជាណាចក្រមួយនេះ ។ លោក Miller បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងនៅក្នុងចំណោមភាគីពាក់ព័ន្ធ ដោយលោកបញ្ជាក់ថា មានតែកិច្ចព្រមព្រៀងរវាងយេម៉ែនទេ ទើបអាចដោះស្រាយជម្លោះមួយនេះបាន ។ លោក Millerនិយាយថា ពួកយើងបានធ្វើការដោយឥតមានការនឿយហត់ជាមួយដៃគូរបស់ពួកយើង ដើម្បីបន្ធូរបន្ថយស្ថានការ ដើម្បីស្វែងរកបទឈប់បាញ់ និងជំរុញឲ្យភាគីទាំង ២ឆ្ពោះទៅរកសន្តិភាព ។ លោកបន្តថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាលើសន្តិភាពនៅយេម៉ែន ហើយនិងបានចូលរួមជាមួយសមភាគីជាច្រើននៅក្នុងតំបន់កាលពីសប្តាហ៍មុន អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា មានតែកិច្ចព្រមព្រៀងនយោបាយយេម៉ែនមួយគត់ ដែលអាចដោះស្រាយជម្លោះមួយនេះបាន ហើយនិងបញ្ចប់វិបត្តិមនុស្សធម៌ ។ គួរឲ្យដឹងថា ភាគីទាំង ២ ក្នុងសង្រ្គាមរយៈពេល ៨ឆ្នាំនៅយេម៉ែន បានចោទប្រកាន់គ្នាទៅវិញទៅមកសម្រាប់ការវាយប្រហារទាំងអស់នេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការស្វែងរកសន្តិភាព។ ចលនាក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានធ្វើសង្រ្គាមជាមួយកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ ២០១៥រហូតមក នៅក្នុងជម្លោះមួយដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយនិងធ្វើប្រជាពលរដ្ឋ ៨០ភាគរយ ពឹងផ្អែកលើជំនួយមនុស្សធម៌ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM
អ៊ីស្រាអែលអាចបាត់បង់ឋានៈជាអ្នកសង្កេតការណ៍នៅក្នុងសភានយោបាយអឺរ៉ុប ដោយសារច្បាប់ទោសប្រហារជីវិត
04/22/2026 07:04 PM