ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

កងកម្លាំងអ៊ុយក្រែន ទទួលបានវឌ្ឍនភាពនៅភាគខាងកើត និងខាងត្បូង

2023/10/10 06:58:33 pm        258
មន្ត្រីយោធា បាននិយាយកាលពីថ្ងៃចន្ទថាកម្លាំងអ៊ុយក្រែន កំពុងទទួលបានទទួលបានវឌ្ឍនភាពមួយចំនួន ទាំងនៅតំបន់ភាគខាងកើត និងភាគខាងត្បូង នៃការវាយបករយៈពេល៤ខែមកនេះ។ការអធិប្បាយរបស់រុស្ស៊ី ពីការប្រយុទ្ធគ្នា បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ បានវាយរុញច្រានការវាយប្រហាររបស់អ៊ុយក្រែន នៅជិតទីក្រុង Bakhmut ភាគខាងកើតដែលត្រូវបានបំផ្លាញ និងបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសច្រើន នៅក្នុងការវាយប្រហារ លើទីតាំងរបស់អ៊ុយក្រែន នៅខាងក្រៅទីក្រុងនេះ។ ការវាយបករបស់អ៊ុយក្រែន មានបំណងឲ្យទទួលបានការគ្រប់គ្រងតំបន់ជាច្រើន នៅជុំវិញទីក្រុង Bakhmut ដើម្បីដណ្តើមយកមកវិញទីក្រុងនេះ ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ី កាលពីខែឧសភា បន្ទាប់ពីរយៈពេលជាច្រើនខែនៃការប្រយុទ្ធគ្នាខ្លាំង។ នៅភាគខាងត្បូង ទីក្រុងគីវ មានបំណងរុលចូលទៅកាន់សមុទ្រ Azov ដើម្បីកាត់ផ្តាច់ស្ពានទឹកដីរបស់រុស្ស៊ីតភ្ជាប់តំបន់ជាច្រើន ដែលខ្លួនបានកាន់កាប់ នៅភាគខាងត្បូង និងខាងកើត។លោក Ilia Yevlash អ្នកនាំពាក្យកងកម្លាំងក្រុមភាគខាងតកើតរបស់អ៊ុយក្រែន បាននិយាយថា កងទ័ព ទទួលបានជោគជ័យដោយផ្នែក នៅជិតតំបន់ Andriivka ដែលពួកគេបានដណ្តើមយកកាលពីខែមុន រួមជាមួយតំបន់ Klishhiivka ដែលនៅក្បែរនោះ។លោកនិយាយថា រៀងរាល់ថ្ងៃ យើងកំពុងទទួលបានវឌ្ឍនភាពដោយផ្នែកនៃទីក្រុង Bakhmut ។ យើងកំពុងនិយាយអំពីចម្ងាយរាប់រយម៉ែត្រនៅពេលតែមួយដែលយើងរំដោះបានពីសត្រូវ និងពង្រឹងទីតាំងជាច្រើនកន្លែងរបស់យើង។ ឧត្តមសេនីយ៍ Oleksandr Tarnavskyi មេបញ្ជាការ កងកម្លាំងនៅភាគខាងត្បូង បានសរសេរនៅលើបណ្តាញ Telegram ថា កងទ័ពទីក្រុងគីវ កំពុងបន្តប្រតិបត្តិការវាយលុក ក្នុងការរុញច្រានទៅភាគខាងត្បូង។

មន្ត្រី៖ អាមេរិក ប្រញាប់ប្រញាល់ផ្តល់ជំនួយការពារជាតិ និងគ្រាប់រំសេវទៅឲ្យអ៊ីស្រាអែល

2023/10/10 06:54:38 pm        130
មន្ត្រីការជាតិជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា យោធាសហរដ្ឋអាមេរិក កំពុងបង្កើនការផ្គត់ផ្គង់ថ្មីៗនៃការការពារដែនអាកាស គ្រាប់រំសេវ និងជំនួយសន្តិសុខផ្សេងទៀត ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយប្រទេសនេះឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍ដែលមិនធ្លាប់មាន ធ្វើឡើងដោយក្រុមហាម៉ាស់។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទៅកាន់អ្នករាយការណ៍ព័ត៌មាន នៅមន្ទីបញ្ចកោណថា យន្តហោះជាច្រើនគ្រឿង បានចេញដំណើររួចហើយ ។យើងកំពុងបង្កើនការគាំទ្រទៅកាន់ប្រទេសអ៊ីស្រាអែល យើងនៅតែមានទំនាក់ទំនងបន្តឥតឈប់ឈរ ជាមួយសមភាគីរបស់យើង ក្នុងប្រទេសអ៊ីស្រាអែលដើម្បីប្តេជ្ញាចិត្ត និងគាំទ្រតម្រូវការបន្ទាន់បំផុតរបស់ពួកគេ។ សហរដ្ឋអាមេរិក មិនបាននិយាយលម្អិតអំពីទំហំនៃសំណើរបស់អ៊ីស្រាអែលសម្រាប់ជំនួយសន្តិសុខនោះទេ។ ប៉ុន្តែមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និយាយថា ទីក្រុងវ៉ាស៊ីនតោន បានទាក់ទងវិស័យការពារជាតិដើម្បីបញ្ចូនការបញ្ជាទិញរបស់អ៊ីស្រាអែលដែលនៅសល់ និងសម្លឹងមើលស្តុកផ្ទាល់របស់យោធាសហរដ្ឋអាមេរិក ដើម្បីជួយបំពេញស្តុករបស់អ៊ីស្រាអែល។មន្ត្រី ទំនងជាច្រានចោលផងដែរការព្រួយបារម្ភថា សហរដ្ឋអាមេរិក អាចព្យាយាមផ្គត់ផ្គង់ទៅឲ្យអ៊ីស្រាអែល នៅពេលតែមួយដែលខ្លួនផ្តោតលើសព្វាវុធទៅឲ្យអ៊ុយក្រែន។ យើងអាចបន្តការគាំទ្រទៅឲ្យទាំង អ៊ុយក្រែន និងអ៊ីស្រអែល ហើយរក្សាការត្រៀមខ្លួនជាស្រេចសម្រាប់ពីភពលោកផ្ទាល់របស់យើង។

UN នៅប្រទេសកោះស៊ីប និយាយថា ឈានដល់ «ការព្រមព្រៀងគ្នា»លើការដោះស្រាយជម្លោះផ្លូវថ្នល់

2023/10/10 06:51:13 pm        244
បេសកកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានឈានដល់«ការព្រៀមព្រៀងគ្នា» ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា នៅក្នុងប្រទេសកោះស៊ីប ដែលបែកបាក់ដោយសារក្រុមជនជាតិភាគតិចស៊ីប ដែលបានបង្កឲ្យមានការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងកងរក្សាសន្តិភាព នៅក្នុងខែសីហា។ប្រជាជនស៊ីបទួរគី ព្យាយាមសាងសង់ផ្លូវឆ្លងកាត់ទឹកដី ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅភាគអាគ្នេយ៍នៃកោះនេះ គឺជាប្រភពនៃជម្លោះ។បេសកកម្មរបស់UN នៅប្រទេសកោះស៊ីបនេះ ដែលត្រូវបានគេស្គាល់ថា Unficyp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការព្រៀមព្រៀងគ្នានេះ ត្រូវបានឈានដល់លើការរៀបចំដែលនឹងដោះស្រាយស្ថានភាពដែលកំពុងបន្តនៅភូមិPyla/Pile ដោយនិយាយសំដៅដល់សហគមន៍មួយ ដែលប្រជាជនក្រិក និងស៊ីបទួរគីរស់នៅ ហើយវាសិ្ថតនៅក្រោមយុត្តាធិការរបស់អង្គការសហប្រជាជាតិ។អាជ្ញាធរស៊ីបទួរគី ចង់សាងសង់ផ្លូវ ដែលភ្ជាប់ដោយផ្ទាល់ពីតំបន់ដែលពួកគេគ្រប់គ្រង ទៅកាន់ភូមិ Pyla/Pile ដោយស្វែងរកការអនុញ្ញាតឲ្យប្រជាជនស៊ីបទួរគី គេចចេញពីដែនសមត្ថកិច្ចមួយចំនួនរួមទាំងមូលដ្ឋានអធិបតេយ្យរបស់អង់គ្លេសផងដែរ។

ពលរដ្ឋអ៊ីស្រាអែល ស្តុកទុកគ្រឿងទេសក្នុងការព្រួយបារម្ភពីការខ្វះខាត បន្ទាប់ពីការវាយប្រហាររបស់ ក្រុមហាម៉ាស់

2023/10/10 06:47:43 pm        151
ជួរដ៏វែងជាច្រើនជួរ របស់ពលរដ្ឋអ៊ីស្រាអែល នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង តែលអាវីវ កាលពីថ្ងៃចន្ទ ដោយបាននិយាយលើកឡើងពីការព្រួយបារម្ភការខ្វះការផ្គត់ផ្គង់សំខាន់ៗ បន្ទាប់ពីការវាយប្រហារដ៏គួឲ្យភ្ញាក់ផ្អើល ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលបានឲ្យមានការប្រយុទ្ធគ្នានៅបន្ត។ ក្រុមអ្នកប្រយុទ្ធមកពី ក្រុមអ៊ីស្លាមនិយម បានសម្លាប់ពលរដ្ឋអ៊ីស្រាអែល ៨០០នាក់ និងចាប់ជំរិតរាប់សិបនាក់ផ្សេងទៀត ក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលការឈ្លានពានបែបនេះធ្វើឲ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ជំរុញឲ្យប្រទេសអ៊ីស្រាអែលធ្វើការសងសឹកវិញដោយបានបាញ់ផ្លោងលើតំបន់ហ៊ុមព័ទ្ធ ហ្គាហ្សា របស់ប៉ាឡេស្ទីន។ តំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ អ៊ីស្រាអែលបានអនុវត្តការវាយប្រហារសងសឹកខ្លាំងបំផុតរបស់ខ្លួនមិនធ្លាប់មាន បណ្តាលឲ្យមនុស្សជាង៥០០នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ការបិទផ្លូវរបស់អ៊ីស្រាអែល នឹងត្រូវបានរឹតបន្តឹងដើម្បីទប់ស្កាត់ស្បៀងអាហារ និងប្រេងឥន្ធនៈ មិនឲ្យនាំចូលទៅកាន់តំបន់ហ្គាហ្សា ដែលជាតំបន់មានមនុស្ស២,៣ លាននាក់រស់នៅ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា មានជួរវែងៗជាច្រើនជួរ នៅក្នុងផ្សារទំនើប និងហាងលក់គ្រឿងទេស នៅទូទាំងប្រទេសនេះ។

មនុស្សរាប់សិបនាក់បានស្លាប់ ក្នុងការវាយប្រហារដោយកាំភ្លើងធំនៅភាគខាងជើងមីយ៉ាន់ម៉ា

2023/10/10 06:43:14 pm        136
មីយ៉ាន់ម៉ា៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រភពក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារ (១០ តុលា) នេះថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំភ្លើងធំមួយ នៅឯជំរុំសម្រាប់ជនភៀសខ្លួនខាងក្នុងក្នុងរដ្ឋកាជីន របស់សហភាពមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានស្ត្រី កុមារ និងមនុស្សចាស់ជាច្រើននាក់។សហភាពមីយ៉ាន់ម៉ា បានជាប់គាំងនៅក្នុងជម្លោះនៅក្នុងតំបន់ជាច្រើននៃប្រទេស ខណៈដែលកងទ័ពជនជាតិភាគតិច និងចលនាតស៊ូ បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងដោយយោធា ព្រមទាំងការបង្ក្រាបយ៉ាងខ្លាំងក្លាដោយរបបយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១មក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាជីន និងប្រភពក្នុងស្រុកបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងជិតពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃចន្ទ ចម្ងាយប៉ុន្មានគីឡូម៉ែត្រពីជំរំយោធាមួយ គ្រប់គ្រងដោយកងទ័ពឯករាជ្យកាជីន (KIA) ដែលមានជម្លោះជាមួយយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា។សកម្មជនក្នុងស្រុកដ៏ល្បីមួយរូបនៃបណ្តាញសន្តិភាពសង្គមស៊ីវិល ឈ្មោះ ខុន ចាបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ខ្លួនបានទៅមន្ទីរពេទ្យក្នុងស្រុក ហើយត្រូវបានគេប្រាប់ថាមនុស្ស ២៩នាក់បានស្លាប់ ហើយការវាយប្រហារនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ។ ដោយសារកម្លាំងគ្រាប់បែកខ្លាំងពេក បានធ្វើឲ្យភូមិនេះត្រូវបានបំផ្លាញទាំងស្រុង ហើយតាមការបញ្ជាក់ពីមន្ទីរពេទ្យរហូតមកដល់ពេលនេះបានឲ្យដឹងថា មានមនុស្សប្រហែល៥៩នាក់បានរងរបួស និងមនុស្សប្រហែល២៩នាក់បានស្លាប់បន្ទាប់ពីហេតុការណ៍នោះ៕

ព្រមានពីបញ្ហាប្រឈមនៃជនភៀសខ្លួនដែលមិនធ្លាប់មានពីមុនមក ខណៈលោកខាងលិចរឹតបន្តឹងព្រំដែន

2023/10/10 06:11:04 pm        162
ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងារនេះកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រជាង ៧០ឆ្នាំរបស់ខ្លួន ខណៈដែលតួលេខនៃការផ្លាស់ទីលំនៅកម្រិតបំបែកកំណត់ត្រា ដែលមិនធ្លាប់មានពីមុនមក បានកើតឡើងស្របពេលជាមួយនឹងកង្វះខាតថវិកា ព្រមទាំង «ទស្សនដ៏ខ្លី» ផ្តោតលើការគ្រប់គ្រងព្រំដែន។ជម្លោះជាច្រើនរាប់ចាប់ពីសង្គ្រាមនៅអ៊ុយក្រែន រហូតដល់បញ្ហានៅស៊ូដង់ បានរួមចំណែកដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនប្រហែល ១១០លាននាក់នៅជុំវិញពិភពលោក នៅពេលដែលរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើន រួមទាំងប្រទេសដែលធ្លាប់ទទួលស្វាគមន៍ជនភៀសខ្លួនដូចជាប្រទេសអាឡឺម៉ង់ ក៏កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការដាក់វិធានការកាន់តែតឹងរ៉ឹងលើអ្នកស្វែងរកសិទ្ធិជ្រកកោន។ប្រទេសលោកខាងលិចមួយចំនួនដូចជាប្រទេសស្លូវ៉ាគី បានរឹតបន្តឹងការគ្រប់គ្រងព្រំដែន ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងនឹងសាងសង់ជញ្ជាំងព្រំដែនបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងកាត់ពីជនអន្តោប្រវេសន៍ចូលក្នុងប្រទេស ដោយអនុវត្តគោលនយោបាយរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។នៅក្នុងសុន្ទរកថាទៅកាន់ស្ថាប័នគ្រប់គ្រងរបស់ទីភ្នាក់ងារ UNHCR ស្នងការជាន់ខ្ពស់ លោក Filippo Grandi បានជំរុញឱ្យបណ្ដាប្រទេសនានា គោរពសិទ្ធិរបស់អ្នកដែលភៀសខ្លួនចេញពីជម្លោះ ឬការធ្វើទុក្ខបុកម្នេញ ដែលត្រូវបានធានាក្រោមអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ ដែលស្ថាប័នបានបង្កើតឡើងដើម្បីត្រួតពិនិត្យពីបញ្ហាជនភៀសខ្លួននេះ៕

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន៩១នាក់ និងរកឃើញថ្នាំញៀន ៥គីឡូក្រាម ទីតាំងខារ៉ាអូខេយីហោ BOEING

2023/10/10 06:05:32 pm        536
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែង យីហោ BOEING ដែលចែកចាយប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម។ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ​និងដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ​អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន ​និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ប្រភពពីសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ បានឲ្យដឹងថា ​នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការរួមមាន​កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល​ពី​ព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ​បានបង្ក្រាបទីតាំងខារ៉ាអូខេ ឈ្មោះ BOEING ដែលមានទីតាំង នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនយកមកសាកសួរជនសង្ស័យចំនួន ៩១នាក់ (ស្រី៣៩នាក់) មានជនជាតិចិន​ វៀតណាម សិង្ហបុរី​ នេប៉ាល់ ​និងហ្វីលីពីន។ ចំពោះវត្ថុតាងដែលរកឃើញរួមមាន៖ សារធាតុញៀនជាច្រើនប្រភេទ ​មានទម្ងន់ប្រមាណ ៥គីឡូក្រាម និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀន​លើជនសង្ស័យទាំងអស់ ​ដើម្បីស្រាវជ្រាវបង្ក្រាប ​មេខ្លោង អ្នកជួញដូរ ​អ្នកញៀនគ្រឿងញៀន និង​កសាងសំណុំរឿង ​ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕អត្ថបទ៖ កុម្ភៈ

នគរបាលសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បើកការបាញ់ប្រហារ ខណៈរថយន្តមួយគ្រឿងបើកបំបុកចូលស្ថានកុងស៊ុលចិន

2023/10/10 05:33:29 pm        145
ក្រុមមន្ត្រីបាននិយាយថា នគរបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក បានបើកការបាញ់ប្រហារ បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលស្ថានកុងស៊ុលចិននៅក្នុងទីក្រុងមួយនេះ។ សារព័ត៌មាន KTVU រាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានបាញ់ បន្ទាប់ពីរថយន្តនោះបានបើកឆ្លងកាត់ការិយាល័យទិដ្ឋាការស្ថានកុងស៊ុល ហើយនៅតែស្ថិតនៅក្នុងអគារ។បណ្ដាញព័ត៌មាននោះបាននិយាយថា ប្រភពពីទីក្រុងបានប្រាប់ថា អ្នកដែលត្រូវបានបាញ់នោះ គឺជាអ្នកបើករថយន្ត។ សាក្សីបាននិយាយថា សម្លេងកាំភ្លើងជាច្រើនគ្រាប់ត្រូវបានគេបាញ់ ហើយបុរសម្នាក់ដែលរាងកាយប្រឡាក់ដោយឈាម ត្រូវបានគេដាក់ចូលក្នុងរថយន្តគិលានសង្គ្រោះ ហើយបានបើកញពីកន្លែងកើតហេតុនោះ។នាយកដ្ឋាននគរបាលសាន់ហ្វ្រាន់ស៊ីស្កូ បានបញ្ជាក់ថា ក្រុមមន្រ្តីបានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុបាញ់ប្រហារនៅស្ថានកុងស៊ុល ប៉ុន្តែមិនបានបញ្ជាក់ថា តើហេតុការណ៍នោះបណ្តាលឱ្យមានអ្នកស្លាប់ ឬយ៉ាងណានោះទេ ហើយនាយកដ្ឋាននេះបានណែនាំមនុស្សម្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យជៀសឆ្ងាយតំបន់នោះ។ សូមបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើផ្លូវធំមួយនៅជិតតំបន់ Japantown នៃរដ្ឋកាលីហ្វ័រនីញ៉ា របស់សហរដ្ឋអាមេរិក៕

ក្រុមហាម៉ាស គំរាមសម្លាប់ចំណាត់ថ្នូរ ប្រសិនបើអ៊ីស្រាអែល វាយប្រហារជនស៊ីវិល

2023/10/10 05:29:46 pm        130
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បានគំរាមប្រហារជីវិតចំណាត់ថ្នូរជនជាតិអ៊ីស្រាអែល រាល់ពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលំនៅឋានរបស់ប្រជាជនប៉ាឡេស្ទីន ដោយគ្មានការព្រមាន ខណៈអ៊ីស្រាអែលបានប្រមូលផ្ដុំទាហានបម្រុងចំនួន៣០០.០០០នាក់ ដែលមិនធ្លាប់មានពីមុនមក ហើយបានដាក់ការបិទផ្លូវនៅលើតំបន់ហ្គាហ្សា ស្ទ្រីប ដោយបង្កើនការភ័យខ្លាចសម្រាប់ក្រុមហាម៉ាស ថា អ៊ីស្រាអែលគ្រោងនឹងវាយប្រហារលើដី។អំពើហឹង្សា ដែលបានឆក់យកជីវិតមនុស្សជាង ១.៥០០នាក់ បានជំរុញឱ្យមានការប្រកាសជាអន្តរជាតិនៃការគាំទ្រសម្រាប់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍ ដោយក្រុមហាម៉ាស និងអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នា ព្រមទាំងការការពារជនស៊ីវិល។បណ្តាញទូរទស្សន៍អ៊ីស្រាអែល បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស បានកើនឡើងដល់៩០០នាក់ហើយសម្រាប់ខាងជនជាតិអ៊ីស្រាអែល ហើយមនុស្សយ៉ាងហោចណាស់ ២.៦០០នាក់បានរងរបួស និងរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់របស់អ៊ីស្រាអែលទាំងនោះ មានមនុស្សវ័យក្មេងភាគច្រើនចំនួន ២៦០នាក់ ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងពិធីជប់លៀងរាំកម្សាន្តនៅវាលខ្សាច់។ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៦៨៧នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៣.៧២៦នាក់ បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ៊ុមព័ទ្ធមួយនេះ ចាប់តាំងពីថ្ងៃសៅរ៍មក។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បណ្ដាប្លុកផ្ទះល្វែង និងមន្ទីរពេទ្យជាច្រើន ក៏ស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានវាយប្រហារនោះផងដែរ៕

អង្គការសុខភាពពិភពលោក៖ ជំនួយបរទេស ត្រូវការជាចាំបាច់សម្រាប់អាហ្វហ្គានីស្ថាន ក្រោយរញ្ជួយដីសម្លាប់មនុស្សជាង ២ពាន់នាក់

2023/10/10 05:25:42 pm        107
លំនៅឋាននានាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានក្នុងពេលប៉ុន្មានឆ្នាំមកនេះ ។ក្រុមអ្នកសង្រ្គោះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រញាប់ប្រញាល់ទាញយកអ្នកនៅមានជីវិត និងអ្នកស្លាប់ ពីក្រោមគំនរកម្ទេចថ្ម ២ថ្ងៃ បន្ទាប់ពីទីក្រុងហេរ៉ាត់ (Herat ) ភាគពាយ័ព្យប្រទេសនិងតំបន់នៅជុំវិញជាច្រើនត្រូវបានអង្រួន ដោយការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ។ រដ្ឋបាលក្រុមតាលីបង់ និយាយថាមនុស្សរាប់ពាន់នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងគ្រោះរញ្ជួយដីនេះ។ អង្គការសុខភាពពិភពលោក និយាយថា ស្ត្រី និងកុមារមានប្រហែល២ភាគ៣ នៃជនរងគ្រោះដែលបានសម្រាកព្យាបាលក្នុងន្ទីរពេទ្យ។ ប្រព័ន្ធសុខាភិបាលអាហ្វហ្គានីស្ថាន ដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេស បានប្រឈមការកាត់ផ្ដាច់ជំនួយខាងក្រៅក្នុងរយៈពេល២ឆ្នាំ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច។ក្រុមអ្នកការទូត និងមន្ត្រីផ្ដល់ជំនួយនិយាយថា ក្ដីបារម្ភជុំវិញការរឹតត្បិតសិទ្ធិសេរីភាពលើស្ត្រី និងបញ្ហាវិបត្តិមនុស្សធម៌សកលកំពុងបណ្ដាលឲ្យក្រុមប្រទេសផ្ដល់ជំនួយ ដកចេញការគាំទ្រលើកផ្នែកហិរញ្ញវត្ថុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
11/15/2026 08:11 PM
សម្ដេចធិបតីអរគុណប្រធានាធិបតីបារាំងបានខិតខំរកដំណោះស្រាយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា និងថៃ
11/15/2026 08:11 PM
សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង ព្រមព្រៀងគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ
11/15/2026 08:11 PM
សម្ដេច​ធិបតី៖ កម្ពុជា មានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យា ហិរញ្ញវត្ថុ ផ្សារភ្ជាប់ ប្រទេសសមាជិក OIF និងអាស៊ាន
11/15/2026 06:11 PM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី និងប្រធានាធិបតីបារាំង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀតអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ FrancoTech និងកិច្ចប្រជុំសហគ្រិន Francophone
11/15/2026 06:11 PM
កម្ពុជាលើកយកការវិនិយោគលើវប្បធម៌ សម្រាប់ដំណោះស្រាយថ្មីដើម្បីសេដ្ឋកិច្ចរុងរឿង ក្នុងកិច្ចប្រជុំតុមូលកម្រិតរដ្ឋមន្រ្តី
11/15/2026 06:11 PM
ផលិតផលខ្មែរផលិតដោយដៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​បរទេស​ចម្រុះ​ជា​តិ​សាសន៍ និងបានទទួលការបញ្ជាទិញ
11/15/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវទី១ នៃបណ្ដាប្រទេសនានា អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី
11/15/2026 06:11 PM