គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

អ្នកជំនាញ៖ បើមិនបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទេ នោះកម្ដៅដ៏ខ្លាំងនឹងក្លាយជាបញ្ហាអាកាសធាតុធម្មតា

2023/09/08 11:48:44 am        65
របាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាកាសធាតុ និងការសិក្សាពីចំណែកពាក់ព័ន្ធអាកាសធាតុពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) បាននិយាយថា កង្វក់បរិស្ថានដោយឧស្ម័នកាបូន បានជំរុញឲ្យកម្ដៅកើនឡើងយ៉ាងខ្លាំង ដល់មនុស្សរាប់ពាន់លាននាក់ក្នុងអំឡុងពេលរដូវក្តៅដ៏ក្តៅបំផុតរបស់ផែនដី។រយៈពេលមួយថ្ងៃបន្ទាប់ពីរដូវក្តៅឆ្នាំ២០២៣នេះ ត្រូវបានគេដាក់ឈ្មោះថា ជារដូវក្តៅបំផុតក្នុងកំណត់ត្រា អ្នកវិទ្យាសាស្ត្រអាកាសធាតុពិភពលោក លោកស្រីបណ្ឌិត Friederike Otto បាននិយាយថា របាយការណ៍បានបង្ហាញថា បញ្ហាអាកាសធាតុធ្ងន់ធ្ងរបំផុត ដែលបានឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឥឡូវនេះបានក្លាយជា «ព្រឹត្តិការណ៍ធម្មតានៅក្នុងអាកាសធាតុបច្ចុប្បន្នរបស់យើងហើយ»។សេចក្តីព្រាងនៃគោលដៅចរចាអាកាសធាតុរបស់សហភាពអឺរ៉ុបបានបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងរៀបចំជំរុញឱ្យមានកិច្ចព្រមព្រៀងសកលស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។ចំហេះព្រៃ ក៏រួមចំណែកដល់ការកើនឡើងនៃសីតុណ្ហភាពផងដែរ ហើយបើយោងតាមសេវាត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងថា ចំហេះព្រៃនៅក្នុងប្រទេសកាណាដាក្នុងឆ្នាំនេះ បានបញ្ចេញឧស្ម័នកាបូនចំនួន២៩០លានតោន ដែលកើនឡើងទ្វេដងនៃកំណត់ត្រាប្រចាំឆ្នាំពីមុន ហើយការបំភាយឧស្ម័ន នឹងកើនឡើងបន្ថែមទៀត នៅពេលដែលចំហេះរាប់រយករណីនៅតែសកម្មនៅទូទាំងប្រទេសនេះ៕

មនុស្សយ៉ាងហោចណាស់៦៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារនៅភាគឦសានប្រទេសម៉ាលី

2023/09/08 11:46:39 am        94
ម៉ាលី៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលីបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់៤៩នាក់ និងទាហានចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារជំរំយោធា និងទូកដឹកជនស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ (៧កញ្ញា)។ រដ្ឋាភិបាលនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយចំនួនអ្នកស្លាប់នេះ គឺជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ។ក្រុមបះបោរបានវាយប្រហារទូកដឹកជនស៊ីវិលឆ្លងកាត់តំបន់ទំនាបលិចទឹក ដែលខ័ណ្ឌចែកកទីក្រុង Gao និងទីក្រុង Mopti ក្នុងរដូវវស្សា ហើយក្រុមនោះក៏បានវាយប្រហារជំរំយោធានៅក្នុងតំបន់ Bourem Circle ដែលជាអនុតំបន់រងរបស់រដ្ឋបាលនៃតំបន់ Gao នៅភាគឦសាននៃប្រទេសម៉ាលី។ រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយថា អ្នកវាយប្រហារប្រហែល៥០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការការឆ្លើយតប ហើយរយៈពេលបីថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិត្រូវបានប្រកាស។ម៉ាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរដោយហិង្សា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ដែលបានចាក់ឫសគល់នៅតំបន់ភាគខាងជើងដ៏ស្ងួតហួតហែងរបស់ខ្លួនក្នុងឆ្នាំ២០១២។ ការខកចិត្តពីសន្តិសុខដែលកើនឡើង បានជំរុញឱ្យមានការកាន់កាប់យោធាចំនួនពីរក្រុមនៅក្នុងប្រទេសម៉ាលី និងពីរក្រុមទៀតនៅក្នុងប្រទេសបួរគីណាហ្វាសូ ចាប់តាំងពីឆ្នាំ២០២មក ដោយនោះជារបបយោធាចំនួនបួននៃរដ្ឋប្រហារចំនួនប្រាំបី ដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សជាច្រើននាក់នៅភាគនិរតីប្រទេសកាមេរូន

2023/09/08 11:44:20 am        60
កាមេរូន៖ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារលើអ្នកដំណើរ និងដុតរថយន្ត អំឡុងពេលមានការវាយប្រហារនៅតំបន់និយាយភាសាអង់គ្លេស ភាគនិរតីនៃប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) នេះបើយោងអ្នកស្រុក និងអ្នកសារព័ត៌មាន រ៉យទ័រ ម្នាក់។ សាច់ញាតិជនរងគ្រោះបានកំណត់អត្តសញ្ញាណ និងបានយកសាកសពយ៉ាងហោចណាស់២នាក់ នេះបើយោងតាមអ្នកយកព័ត៌មាន រ៉យទ័រ នៅកន្លែងកើតហេតុ។ អ្នកស្រុកបាននិយាយថា ក្រុមអ្នកវាយប្រហារនោះបានមកដល់កន្លែងកើតហេតុទាំងព្រឹកព្រលឹម និងនៅអំឡុងពេលដែលសាលារៀនបានបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលសម្រាករដូវក្តៅ ហើយការវាយប្រហារនោះធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ក្រុមផ្ដាច់ខ្លួន នៅក្នុងតំបន់មួយចំនួនដែលនិយាយភាសាអង់គ្លេស ជាក្រុមជនជាតិភាគតិចនៃប្រទេសកាមេរូន បានប្រយុទ្ធដើម្បីបំបែករដ្ឋឯករាជ្យមួយ ដែលមានឈ្មោះថា Ambazonia (អាមបាហ្សូនី) ចាប់តាំងពីឆ្នាំ២០១៧មក។ ពួកគេធ្វើការវាយប្រហារ ការចាប់ជំរិត និងប្រព្រឹត្តអំពើឃាតកម្មនៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតី នៃប្រទេសនេះផងដែរ៕

លោកបៃដិន នឹងដាក់សហរដ្ឋអាមេរិកជាជម្រើសជំនួសប្រទេសចិន នៅក្នុងកិច្ចប្រជុំG20

2023/09/08 11:41:05 am        189
ឥណ្ឌា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កំពុងនាំយកសារដ៏មហិច្ឆិតាមួយ ទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំង២០ ឬហៅថា G20 នៅចុងសប្តាហ៍នេះក្នុងប្រទេសឥណ្ឌា។ ការផ្តល់ជូនរបស់លោកបៃដិន សម្រាប់ក្រុមប្រទេសកំពុងអវិឌ្ឍន៍សកលខាងត្បូងនេះគឺ «អ្វីក៏ដោយដែលកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិកអាចជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍បាន»។លោកបៃដិន សង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ថាមានជម្រើសមួយសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ប្រទេសចិន ដែលហៅថាគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែក៏បានបន្សល់ទុកនូវបំណុលយ៉ាងច្រើនផងដែរ។លោកបៃដិន នឹងមានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួនមួយ នៅចុងសប្តាហ៍នេះព្រោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងតំណាងឱ្យប្រទេសចិនជំនួសវិញ។ ប្រទេសចិន បានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយស្ថាប័នចិនបានផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥណទានទាំងនោះបានរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសជាច្រើនកំពុងជួបផលលំបាកក្នុងការសងបំណុលរបស់ពួកគេ ខណៈអត្រាការប្រាក់កើនឡើង៕

មន្ទីរប្រឆាំងគ្រឿងញៀនរឹបអូសសារធាតុញៀន បានជិត៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់

2023/09/08 11:38:13 am        373
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការគ្នាជាមួយកងកម្លាំង​នគរបាលខេត្តកំពង់ស្ពឺ ​និង​ខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន​បាន​ចំនួន៥នាក់ ដាច់ដោយឡែកពីគ្នាជាមួយសារធាតុញៀនជិត៥គីឡូក្រាម រួមទាំងអាវុធខ្លីមួយដើម។យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ ប្រាប់ទូរទស្សន៍BTVនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា កាលពីប៉ុន្មានថ្ងៃមុននេះកងកម្លាំង​សមត្ថកិច្ច​ជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិន​ចំនួន៣នាក់ ​និងខ្មែរម្នាក់​ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង​រឹបអូសវត្ថុតាងសារធាតុញៀនជិត៥គីឡូក្រាម ​និងរុក្ខជាតិ​ក្រៀម​ទម្ងន់​ ២០.២៨ក្រាម នៅ​២គោលដៅផ្សេងគ្នា។របាយការណ៍ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើនេះ​ក្រោយមានការស្រាវ និងកំណត់បានគោលដៅច្បាស់លាស់ ​ដោយបង្ក្រាបគោលដៅទី១​ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ​និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុង នោះជនជាតិចិនបីនាក់​ និងខ្មែរម្នាក់។ជនសង្ស័យទាំង៤នាក់នោះរួមមាន ១-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។ ២-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។ ៣-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។ និងទី ៤-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។ បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ ​ ព្រមទាំងវត្ថុតាងដែលបានចាប់យកខាងលើ បានកសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ​ចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទបាន ចក់

ទីក្រុងហុងកុង រងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក

2023/09/08 11:34:47 am        188
ហុងកុង៖ ទីក្រុងហុងកុង របស់ប្រទេសចិន ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុកនៃភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) និងរហូតដល់ព្រឹកព្រលឹមនៃថ្ងៃសុក្រ (៨ កញ្ញា)នេះ ដោយនោះជាភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក ហើយបណ្តាលឱ្យមានទឹកជំនន់រីករាលដាល ដែលធ្វើឲ្យដងផ្លូវនានាក្លាយទៅជាទន្លេ និងរថយន្តរាប់សិបគ្រឿងក៏បានលិចទឹកផងដែរ។ក្រុមសង្កេតការណ៍ហុងកុង បានសន្មតិថាភ្លៀងធ្លាក់យ៉ាងគំហុកនេះមកពីឥទ្ធិពលសំណល់នៃព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្តហ្វ៊ូជាន កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ហើយបានបន្តនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់តំបន់ឆ្នេរនៃខេត្តក្វាងទុង។ខណៈទឹកជំនន់បានហក់ឡើងខ្ពស់ ផ្លូវនានានៅក្នុងទីក្រុងនេះបានក្លាយជាផ្លូវទឹក ដែលនាំឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។ ក្រុមសង្កេតការណ៍នោះ បានកត់ត្រាអត្រាទឹកភ្លៀងក្នុងមួយម៉ោងគឺមានកម្រិត១៥៧,១មីលីម៉ែត្រ ចន្លោះពីម៉ោង១១:០០យប់ កាលពីថ្ងៃព្រហស្បតិ៍ និងពាក់កណ្តាលអធ្រាត្រ ដោយនោះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងមួយម៉ោងដែលបានកត់ត្រាចាប់តាំងពីឆ្នាំ១៨៨៤មក៕

ចំហេះព្រៃនៅកោះម៉ូអ៊ី សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្ស១១៥នាក់ មានរយៈពេលមួយខែហើយ

2023/09/08 11:25:14 am        171
អាមេរិក៖ ថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ គឺជាគម្រប់មួយខែ ចាប់តាំងពីចំហេះព្រៃដ៏មហន្តរាយមួយបានឆាបឆេះនៅកោះម៉ូអ៊ី នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវការខូចខាត និងសាកសពមនុស្សស្លាប់ជាបន្តបន្ទាប់។ កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃទី៨ ខែសីហា នៅពេលដែលចំហេះព្រៃបានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា បណ្តាលឲ្យមនុស្ស១១៥នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ដោយមានកត្តាជំរុញពីខ្យល់បក់ខ្លាំងដោយសារខ្យល់ព្យុះសង្ឃរា និងស្ថានភាពស្ងួត ចំហេះព្រៃនោះបានឆាបឆេះទីក្រុងឡាហេណា ដោយបង្ខំឲ្យអ្នកនៅរស់រានមានជីវិតខ្លះលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចពីអណ្តាតភ្លើង។ មនុស្សជាច្រើនបាននិយាយថា ពួកគេមានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គិភ័យទាល់តែសោះ ដែលជំរុញឱ្យក្រុមមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវប្រព័ន្ធប្រកាសអាសន្នរបស់កោះនេះ។ ចំហេះព្រៃនេះ គឺជាចំហេះដ៏មហន្តរាយបំផុតនៅអាមេរិក ចាប់តាំងពីចំហេះព្រៃនៅរដ្ឋ Minnesota និងរដ្ឋ Wisconsin ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ក្នុងឆ្នាំ១៩១៨មក៕

អតីតទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ត្រូវបានផ្តន្ទាទោសពីបទមើលងាយសភា

2023/09/08 11:22:30 am        167
អាមេរិក៖ លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) អតីតទីប្រឹក្សាពាណិជ្ជកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ពីបទមើលងាយសភា ចំពោះការប្រឆាំងនឹងដីកាពីគណៈកម្មាធិការសភា ដែលស៊ើបអង្កេតការវាយប្រហារឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ។គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបបានរកឃើញថា លោក ណាវ៉ារ៉ូ មានពិរុទ្ធពីបទមើលងាយចំនួនពីរករណី បន្ទាប់ពីលោកបានបដិសេធមិនផ្តល់សក្ខីកម្ម ឬផ្ទេរឯកសារទៅក្រុមប្រឹក្សាសភា ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលបានស៊ើបអង្កេតកុបកម្មនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្រលោកត្រាំ និងការប៉ុនប៉ងយ៉ាងទូលំទូលាយដោយលោកត្រាំ ដែលជានៅខាងគណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួន។លោក ណាវ៉ារ៉ូ បាននិយាយនៅមុនការកាត់ក្តីថា លោកមិនចាំបាច់ធ្វើតាមការទាមទាររបស់គណៈកម្មាធិការទេ ពីព្រោះលោកត្រាំ បានប្រើប្រាស់បុព្វសិទ្ធិប្រតិបត្តិ ជាគោលការណ៍ច្បាប់ដែលការពារឯកសារ និងទំនាក់ទំនងរបស់អង្គការនីតិបញ្ញត្តិ មួយចំនួនមិនឲ្យលាតត្រដាង។ប៉ុន្តែចៅក្រមសហព័ន្ធរបស់អាមេរិក លោក អាមីត មេតា (Amit Mehta) បានសម្រេចថាលោកណាវ៉ារ៉ូ មិនអាចយកករណីនេះ មកធ្វើជាអំណះអំណាងការពារខ្លួនបានទេ ដោយរកឃើញថាចុងចោទមិនបានដាក់ភស្តុតាង ដែលថាលោកត្រាំ អំពាវនាវជាផ្លូវការនូវសិទ្ធិប្រតិបត្តិក្នុងការឆ្លើយតបទៅនឹងដីកានោះ។ បទចោទនេះនឹងតម្រូវឲ្យជាប់ពន្ធនាគារយ៉ាងតិច៣០ថ្ងៃ និងអតិបរមារយៈពេល១ឆ្នាំ។ សវនាការកាត់ទោសត្រូវបានគ្រោងធ្វើនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕

កងទ័ពអាកាសអាមេរិក បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ ដែលពុំមានបំពាក់អាវុធ ជាមួយក្បាលគ្រាប់ចំនួន៣

2023/09/08 10:58:19 am        195
អាមេរិក៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការចេញផ្សាយមួយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីប Minuteman III ដែលពុំមានបំពាក់អាវុធ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការសាកល្បងជាប្រចាំ កាលពីព្រឹកថ្ងៃពុធ។មីស៊ីលនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg រដ្ឋកាលីហ្វ័រនីញ៉ា នៅម៉ោងប្រហែល១:៣០នាទីព្រឹកម៉ោងក្នុងស្រុក ហើយហោះបានចម្ងាយប្រហែល ៤.២០០ម៉ាយទៅកាន់កោះ Marshall ជាកន្លែង ដែលសហរដ្ឋអាមេរិក បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាច្រើនទសវត្សរ៍មកហើយនោះ។ការបាញ់សាកល្បងទាំងនេះ ធានាថា មីស៊ីលនុយក្លេអ៊ែរមានមូលដ្ឋានលើដីរបស់សហរដ្ឋអាមេរិក នៅតែអាចដំណើរការ បានបន្ទាប់ពីជាង៥០ឆ្នាំ និងជាឱកាសមួយក្នុងការធ្វើឲ្យល្អប្រសើរឡើង ឬវិធីសាស្ត្រផ្សេងៗក្នុងការគ្រប់គ្រងអាវុធ។ ពួកគេក៏បម្រើជាការបាញ់ព្រមាន ដើម្បីរារាំងការឈ្លានពានប្រឆាំងនឹងសហរដ្ឋអាមេរិក។កងទ័ពអាកាស បាននិយាយនៅក្នុងការចេញផ្សាយនោះថា ការបាញ់សាកល្បងទាំងនេះ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងភាពជឿជាក់នៃប្រព័ន្ធអាវុធ ICBM ដោយផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដើម្បីធានាបាននូវការ ការទប់ស្កាត់នុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានប្រសិទ្ធភាព៕

អគារ Empire State របស់អាមេរិកបំភ្លឺភ្លើងអបអរទិវាឯករាជ្យប្រេស៊ីល

2023/09/08 10:46:38 am        185
អាមេរិក៖ អគារ Empire State ដ៏ល្បីល្បាញនៅទីក្រុងញ៉ូវយ៉ក បានបើកភ្លើងបំភ្លឺកាលពីថ្ងៃព្រហស្បតិ៍មាន៖ ពណ៌បៃតង លឿង និងខៀវ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រេស៊ីល។ នៅថ្ងៃទី៧ ខែកញ្ញា ដែលត្រូវបានគេស្គាល់ថា Sete de Setembro ( សែតស៊ី ឌីសេតែមប៊្រូ) នៅក្នុងប្រទេសប្រេស៊ីល គឺជាថ្ងៃវិស្សមកាលជាតិដែលប្រារព្ធការប្រកាសឯករាជ្យរបស់ប្រេស៊ីលពីព័រទុយហ្គាល់ ប្រេស៊ីល និងតំបន់ Algarves ក្នុងឆ្នាំ១៨២២។គួរបញ្ជាក់ថា អគារនេះ បានប្រើប្រាស់ ប្រព័ន្ធភ្លើង LED ដោយមានជាង ១៦លានពណ៌ ចាប់តាំងពីឆ្នាំ២០១២ ដើម្បីរៀបចំឱកាសសំខាន់ៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM