គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រទេសបែលហ្ស៊ិកទិញមីស៊ីល Sea Sparrow ពីអាល្លឺម៉ង់ ដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន

2023/09/05 12:34:54 pm        60
អ៊ុយក្រែន៖ សារព័ត៌មានបែលហ្ស៊ិក L'Echo ( ឡេសូ) បានរាយការណ៍កាលពីថ្ងៃទី៤ ខែកញ្ញាថា ក្រសួងការពារជាតិបែលហ្ស៊ិកបានទិញមីស៊ីល Sea Sparrow រយៈចម្ងាយខ្លីពីប្រទេសអាល្លឺម៉ង់ ហើយគ្រោងនឹងបញ្ជូនជាងពាក់កណ្តាលទៅឲ្យអ៊ុយក្រែន។ប្រទេសបែលហ្ស៊ិក បានទិញមីស៊ីលដែលបាញ់ចេញពីសមុទ្រទៅអាកាសដែលបំពាក់ដោយរ៉ាដាចំនួន១៤គ្រឿង ដែលត្រូវបានប្រើនៅលើនាវាចម្បាំងអាល្លឺម៉ង់ ហើយនៅពេលនេះត្រូវបានដកចេញ ក្នុងតម្លៃ ៧.000 អឺរ៉ូ (៧.៦00 ដុល្លារ) ក្នុងមួយគ្រឿង។រដ្ឋាភិបាលបែលហ្ស៊ិក គ្រោងផ្តល់អាវុធចំនួន៨គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិកដល់ទីក្រុងគីវ។ខណៈពេលដែលការផ្តល់ឲ្យនេះ គឺជាទម្រង់ស្រាលនៃជំនួយយោធា វាបង្ហាញពីលក្ខណៈនៃការបំពេញបន្ថែមនៃការគាំទ្ររបស់ប្រទេសបែលហ្ស៊ិក នេះបើយោងតាមប្រភពរបស់សារព័ត៌មានL'Echo នៅក្នុងក្រសួងការពារជាតិ។សារព័ត៌មាន L'Echo បានបន្ថែមថា មីស៊ីលទាំងនោះ អាចកែច្នៃទៅជាមីស៊ីលបាញ់ពីផ្ទៃដីរាបទៅលើអាកាស ឬ ប្រើសម្រាប់បំពាក់លើយានដ្រូន។នៅក្នុងខែមករា សារព័ត៌មាន Politico បានរាយការណ៍ថា មីស៊ីល Sea Sparrows នឹងត្រូវបញ្ចូលទៅក្នុងកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិក ហើយថា យោធាអ៊ុយក្រែន បានរកឃើញវិធីដើម្បីកែសម្រួលជើងទម្របាញ់មីស៊ីល BUK សម័យសូវៀត ដើម្បីបាញ់មីស៊ីលទាំងនោះ៕

គណៈកម្មាការUN មិនបានរកឃើញភ័ស្តុតាងគ្រប់គ្រាន់នៃអំពើប្រល័យពូជសាសន៍ នៅអ៊ុយក្រែនទេ

2023/09/05 11:47:37 am        67
អ៊ុយក្រែន៖ លោកអេរីក ម៉ូស( Erik Møse) ដែលជាប្រធានគណៈកម្មាការ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវ កាលពីថ្ងៃទី៤ ខែកញ្ញាថា គណៈកម្មាការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន មិនទាន់អាចសន្និដ្ឋានបានថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែនទេ។ លោកម៉ូស បាននិយាយថា៖ «នៅដំណាក់កាលបច្ចុប្បន្ន យើងនៅមិនទាន់សន្និដ្ឋានបានថា មានអំពើប្រល័យពូជសាសន៍ដែលកើតឡើងនៅអ៊ុយក្រែនទេ»។ “ខ្ញុំសូមនិយាយថា យើងដឹងច្បាស់អំពីកង្វល់និងការចោទប្រកាន់ជុំវិញឧក្រិដ្ឋកម្ម… យើងកំពុងស៊ើបអង្កេតរឿងនេះជាជំហានៗ។ រហូតមកដល់ពេលនេះ យើងមិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបំពេញតាមលក្ខណៈសម្បត្តិផ្លូវច្បាប់នៃអនុសញ្ញាស្តីពីប្រល័យពូជសាសន៍នោះទេ»។ស្របពេលជាមួយគ្នានេះ លោកម៉ូស បានចង្អុលបង្ហាញថា គណៈកម្មការនេះ បានកត់ត្រានូវការរំលោភបំពានមួយចំនួនធំ ដោយកងកម្លាំងរុស្ស៊ី រួមទាំងការសម្លាប់ដោយចេតនា ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម ការចាប់រំលោភ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ និងការនិរទេសកុមារជាដើម៕

ភាពភ័យខ្លាចអាកាសធាតុ ធ្វើឲ្យកុមារ១,៨៥លាននាក់ផ្លាស់លំនៅ នៅអាហ្វ្រិកនៅអនុតំបន់សាហារ៉ាឆ្នាំ២០២២

2023/09/05 11:45:10 am        73
អាហ្វ្រិក៖ អង្គការសប្បុរសធម៌ពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា កុមារយ៉ាងហោចណាស់១,៨៥លាននាក់ នៅអនុតំបន់សាហារ៉ាអាហ្វ្រិក បានភៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេ ដោយសារតែគ្រោះមហន្តរាយបង្កឡើងដោយអាកាសធាតុនៅចុងឆ្នាំ២០២២ ជាតួលេខដែលស្ទើរតែជិតទ្វេដងកាលពីឆ្នាំមុន។ អង្គការសង្គ្រោះកុមារ (Save the Children) ជាអង្គការសប្បុរសធម៌បង្កើតឡើងនៅក្នុងទីក្រុងឡុងដ្រ៍លើកឡើងពីទិន្ន័យពីមជ្ឈមណ្ឌលតាមដានការភៀសខ្លួនខាងក្នុងប្រទេសបាននិយាយថា ក្នុងចំណោមកុមារទាំងនេះ មួយចំនួន បានភៀសខ្លួនចេញច្រើនដង ខណៈអ្នកផ្សេងទៀតទើបតែម្តង ប៉ុន្តែទាំងអស់នេះ នៅតែភៀសខ្លួនចេញពីលំនៅឋាននៅចុងឆ្នាំ ដោយរស់នៅក្នុងជំរំ ឃ្លាតឆ្ងាយពីគ្រួសារ ឬការរៀបចំបណ្តោះអាសន្នផ្សេងទៀត។លោកស្រី Kijala Shako ប្រធានគាំទ្រ ទំនាក់ទំនង យុទ្ធនាការ និងប្រព័ន្ធផ្សព្វផ្សាយប្រចាំនៅការិយាល័យតំបន់អាហ្វ្រិកខាងត្បូង និងខាងកើត របស់អង្គការ Save the Children បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅក្នុងទីក្រុង Nairobi រដ្ឋធានីប្រទេសកេនយ៉ាថា នៅពេលកុមារបាត់បង់ផ្ទះសម្បែង ពួកគេបានបាត់បង់ស្ទើរតែគ្រប់អ្វីៗ ដូចជាដំណើរការចំពោះការថែទាំសុខភាព ការសិក្សាអប់រំ អាហានិងសុវត្ថិភាព។ លោកស្រី Shako និយាយថា លោកស្រីសង្ឃឹមថា មេដឹកនាំដែលកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុអាហ្វ្រិកដែលកំពុងបន្តក្នុងទីក្រុង Nairobi នឹងទទួលស្គាល់ថាវិបត្តិអាកាសធាតុ នឹងមានផលប៉ះពាល់ដ៏មហន្តរាយលើជីវិតរស់នៅរបស់កុមារ និងមានការឆ្លើយតបចំពោះតម្រូវការនិងសិទ្ធរបស់កុមារ៕

លោក Putin៖ «គ្មានកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិថ្មីនោះទេ លុះត្រាតែលោកខាងលិចបំពេញតម្រូវការរបស់ខ្ញុំ»

2023/09/05 11:41:53 am        68
រុស្ស៊ី៖ រុស្ស៊ី បានច្រានចោលក្នុងការបន្ថែមពេលកិច្ចព្រមព្រៀងកាលពីខែកក្កដាដោយត្អូញត្អែរថា កិច្ចព្រមព្រៀងមួយដែលសន្យាដកចេញឧបសគ្គចំពោះការនាំចេញស្បៀងអាហារ និងផលិតផលជីរបស់រុស្ស៊ី ពុំត្រូវបានផ្តល់ឲ្យឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅនឹងមិនត្រូវបានស្តារឡើងវិញឡើយលុះត្រាតែលោកខាងលិច បំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីសម្រួលដល់ការនាំចេញកសិកម្មរបស់ខ្លួន។លោក Putin បានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan រួមជាមួយអង្គការសហប្រជាជាតិ បានសម្របសម្រួលកិច្ចព្រមព្រៀងនេះ ដែលត្រូវបានចាត់ទុកថាសំខាន់សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារសកល ជាពិសេសនៅទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា និងនៅអាស៊ី។រុស្ស៊ីនិយាយថាការរឹតត្បិតលើការដឹកជញ្ជូន និងការធានារ៉ាប់រង បានរារាំងដល់ពាណិជ្ជកម្មផ្នែកកសិកម្មរបស់ខ្លួន ទោះបីជារុស្ស៊ីបានដឹកជញ្ជូននូវចំនួនដ៏ច្រើននៃស្រូវសាឡីចាប់តាំងពីឆ្នាំមុនមកក៏ដោយ។ លោក Putin និយាយថាប្រសិនបើការប្តេជ្ញាចិត្តទំាងនោះ ត្រូវបានផ្តល់ឲ្យ រុស្ស៊ីអាចវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃឆាប់ៗនេះ។លោកនិយាយថារុស្ស៊ី ខិតកាន់តែជិតដើម្បីបញ្ជាក់ចុងក្រោយកិច្ចព្រមព្រៀងមួយដើម្បីផ្តល់គ្រាប់ធញ្ញជាតិមិនគិតថ្លៃដល់ប្រទេសអាហ្វ្រិកចំនួន៦។ មេដឹកនាំរុស្ស៊ីនិយាយថារុស្ស៊ីនឹងដឹកជញ្ចូនគ្រាប់ធញ្ញជាតិមានតម្លៃថោកចំនួន១,១ លានតោន ទៅកាន់ប្រទេសទួរគីសម្រាប់ដំណើរការ និងផ្តល់ដល់ប្រទេសក្រីក្រ៕

ប្រធានាធិបតីហ្សីមបាបវ៉េ ស្បថចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់

2023/09/05 11:39:29 am        54
ហ្សីមបាបវ៉េ៖ ប្រធានាធិបតីប្រទេសហ្សីមបាបវ៉េ លោក Emmerson Mnangagwa កាលពីថ្ងៃចន្ទបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ បន្ទាប់ពីត្រូវបានប្រកាស់ជាអ្នកទទួលជ័យជម្នះនៃការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែមុន ខណៈលោក បានសន្យាធ្វើឲ្យមនុស្សរាប់លាននាក់ចេញផុតពីភាពក្រីក្រ។ ពលរដ្ឋហ្សីមបាបវ៉េ បានទៅបោះឆ្នោត កាលពីថ្ងៃទី២៣ ខែសីហា ដើម្បីបោះឆ្នោតប្រធានាធិបតីថ្មី សមាជិកសភា និងសមាជិកក្រុមប្រឹក្សាតំបន់ ប៉ុន្តែគណបក្សប្រឆាំងធំ បានចាត់ទុកលទ្ធផលនេះថាជាការបន្លំធំសម្បើម។នៅក្នុងសុន្ទរកថារបស់លោក បន្ទាប់ពីបានស្បថចូលកាន់តំណែង លោក Mnangagwa បានថ្លែងទៅកាន់ពលរដ្ឋហ្សីមបាបវ៉េ ពីចំណុចបំបែកភាពទាល់ច្រកដ៏ជោគជ័យ ដោយសន្តិវិធី សេរីនិងយុត្តិធម៌ តម្លាភាព និងជាការបោះឆ្នោតសកលចុះសម្រុងគ្នាដែលគួទុកចិត្តបាន។លោក បានស្បថចូលកាន់តំណែង នៅមុខប្រធានតុលាការ លោក Luke Malaba ដែលកាលពីឆ្នាំ២០១៨ បានប្រកាសថាលោក Mnangagwa ជាអ្នកទទួលជ័យជម្នះ បន្ទាប់ពីការប្រឈមមុខនៅតុលាការរដ្ឋធម្មនុញ្ញ។មេដឹកនាំអាហ្វ្រិកជាច្រើនរូប រួមមានទាំង ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa មេដឹកនាំប្រទេសម៉ូហ្សំប៊ិកលោក Phillipe Nyusi និងប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះ ខណៈប្រធានាធិបតីហ្សាំប៊ី លោក Hakainde Hichilema បានជ្រើសរើសការមិនចូលរួម។លោក Mnangagwa បានជំរុញដល់គណបក្សប្រឆាំងខិតទៅរកតុលាការ ប៉ុន្តែបាននិយាយថា ការបោះឆ្នោតយកជាការបាន និងបានព្រមានថានឹងមានការបង្ក្រាបលើនណាម្នាក់ដែលធ្វើឲ្យរាលដាលភាពចលាចល៕

នាយករដ្ឋមន្ត្រីតែងតាំងដោយយោធានីហ្សេ រំពឹងថាកងទ័ពបារាំងនឹងដកចេញឆាប់ៗ

2023/09/05 11:36:28 am        59
នីហ្សេ៖ នាយករដ្ឋមន្ត្រីតែងតាំងដោយយោធារបស់ប្រទេសនីហ្សេ លោក Ali Mahamane Lamine Zeine ( អាលី ម៉ាហាម៉ាណេ ឡាមីន សេន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាជាមួយប្លុកប្រចាំតំបន់សហគមន៏សេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងលិច (ECOWAS) កំពុងដំណើរការ ហើយលោករំពឹងថាកងទ័ពបារាំង នឹងចាប់ចាប់ផ្តើមដកចេញក្នុងពេលឆាប់ៗនេះពីប្រទេស។មេដឹកនាំយោធាប្រទេសនីហ្សេ កាលពីថ្ងៃចន្ទបានបើកឡើងវិញដែនអាកាសរបស់ប្រទេសចំពោះជើងហោះហើរពាណិជ្ជកម្មទាំងអស់ដែលបានបិទកាលពីថ្ងៃទី៦ ខែសីហា បន្ទាប់ពីពួកគេបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ។ ការនិយាយលើកឡើងរបស់លោក Zeine បានធ្វើឡើងខណៈមានការតវ៉ាធំមួយទាមទាការដកកងទ័ពបារាំងនៅមូលដ្ឋានយោធាបារាំង នៅទីក្រុង Niamey ដែលបានរាលដាលចូលដល់ថ្ងៃទី៣។គំនិតប្រឆាំងបារាំង បានកើនឡើង ចាប់តាំងពីរដ្ឋប្រហារ ប៉ុន្តែបានច្របូកច្របល់បន្ថែមទៀតកាលពី សប្តាហ៍មុននៅពេលដែលប្រទេសបារាំងធ្វើព្រងើយចំពោះបទបញ្ជារបស់យោធា ដើម្បីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។ ប្រទេសនីហ្សេ បានកាត់ផ្តាច់ការសម្របសម្រួលយោធាជាមួយកងកម្លាំងបារាំង៕

លោក Zelenskyy ចុះសួរសុខទុក្ខកងទ័ពខណៈអ៊ុយក្រែនរាយការណ៍ពីការរុលទៅមុខនៃការវាយបក

2023/09/05 11:33:45 am        83
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចុះសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Donetsk។ លោក Zelenskyy បានផ្តល់ដល់កងទ័ពនូវមេដាយ រួមមានរង្វាន់«វីរបុរសអ៊ុយក្រែន» សម្រាប់មន្ត្រីម្នាក់ដែលបានចូលរួមក្នុងការការពារទីក្រុង Mariupol។ដំណើរចុះសួរសុខទុក្ខនេះធ្វើឡើងខណៈអ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួន ដណ្តើមបានមកវិញទឹកដីបន្ថែមទៀតនៅសមរភូមិភាគខាងកើត ហើយកំពុងវាយរុលចូលទៅភាគខាងត្បូងបន្ថែមទៀត ក្នុងការវាយបករបស់ពួកគេទៅលើកងកម្លាំងរុស្ស៊ី។អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Maliar បាននិយាយថាកងកម្លាំងទីក្រុងគីវដណ្តើមបានមកវិញទឹកដីប្រមាណ៣គីឡូម៉ែត្រក្រឡាកាលពីសប្តាហ៍កន្លងទៅនេះនៅជុំវិញទីក្រុង Bakhmut ភាគខាងកើត ដែលត្រូវបានដណ្តើមយកដោយកងទ័ពរុស្ស៊ីកាលពីខែឧសភាបន្ទាប់ពីជាច្រើនខែនៃការប្រយុទ្ធគ្នាខ្លាំង។ លោកស្រីក៏បានរាយការណ៍ ពីជោគជ័យដែលមិនច្បាស់លាស់ ក្នុងទិសដៅនៅភូមិចំនួន២ នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។ លោកស្រី Maliar បានសរសេរនៅលើកម្មវិធីផ្ញើរសារតាមបណ្តាញតេឡេក្រាមថា បច្ចុប្បន្ននេះអ៊ុយក្រែនដណ្តើមបានមកវិញទឹកដីប្រមាន៤៧គីឡូម៉ែត្រក្រឡា ចាប់តាំងពីការចាប់ផ្តើមការវាយបករបស់ខ្លួនកាលពីដើមខែមិថុនា៕

ក្រុមអ្នកជំនាញUNជំរុញឲ្យកងកម្លាំងរបស់មេបញ្ជាការលីប៊ីដ៏មានឥទ្ធិពលបញ្ឈប់ការបណ្តេញអ្នកស្រុក និង វាយកម្ទេចផ្ទះសម្បែងរបស់ពួកគេ

2023/09/05 11:09:52 am        57
UN៖ ក្រុមអ្នកជំនាញដែលតែងតាំងដោយអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យកងកម្លាំងរបស់មេបញ្ជាការយោធាលីប៊ីដ៏មានឥទ្ធិពលម្នាក់ បញ្ឈប់ការបណ្តេញអ្នកស្រុក និងវាយកម្ទេចផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុងបេងហាហ្ស៊ី ( Benghazi) ភាគខាងកើតប្រទេសលីប៊ី។ក្រុមអ្នកជំនាញនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជាតិលីប៊ី ដែលដឹកនាំដោយ លោក ខាលីហ្វា ហ៊ីហ្វតឺ ( Khalifa Hifter) ចាប់តាំងពីខែមីនា បានបណ្តេញអ្នកស្រុកជាង២០.០០០ នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ«ដោយការជូនដំណឹងខ្លីបំផុត»។ពួកគេ ក៏បាននិយាយផងដែរថា ការបំផ្លិចបំផ្លាញនៅកណ្តាលទីក្រុង «កំពុងរីករាលដាលក្នុងលក្ខណៈគួរឲ្យព្រួយបារម្ភ» ដោយអ្នកស្រុកត្រូវបានបណ្តេញចេញ និងបង្ខំឲ្យបោះបង់ចោលនូវទ្រព្យសម្បត្តិ ឬឯកសារកម្មសិទ្ធិរបស់ពួកគេ។ការបំផ្លិចបំផ្លាញនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍នៅក្នុងទីក្រុង នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។ក្រុមអ្នកជំនាញ បាននិយាយថា៖«ការវាយកម្ទេចដោយចេតនា រួមទាំងសង្កាត់ប្រវត្តិសាស្ត្រ ទីតាំងបេតិកភណ្ឌដែលត្រូវបានការពារ និងលំនៅឋានជាច្រើន បានបង្កការប៉ះពាល់ដល់ស្ថាបត្យកម្មទីក្រុង និងបេតិកភណ្ឌរស់រវើកនៅរបស់ទីក្រុង រួចទៅហើយ»៕

ផ្លូវនៅពិធីបុណ្យ Burning Man នៅអាមេរិក បើកឡើងវិញ អនុញ្ញាតឲ្យក្រុមអ្នកទៅលេងកម្សាន្តគេចចេញពីភក់ល្បប់

2023/09/05 10:59:20 am        54
អាមេរិក៖ ក្រុមអ្នករៀបចំពិធីបុណ្យ Burning Man បានបើកផ្លូវឡើងវិញ ក្នុងការចាកចេញពីតំបន់វាលខ្យាច់រៀបចំពិធីបុណ្យ នៅដាច់ឆ្ងាយពីរដ្ឋណេវ៉ាដា(Nevada) សហរដ្ឋអាមេរិក  ដែលអនុញ្ញាឲ្យក្រុមអ្នកចូលរួមរាប់ពាន់នាក់គេចចេញបន្ទាប់ពីពួកគេបានជាប់ដោយភក់ល្បប់រយៈពេល៤ថ្ងៃរួចមកហើយ។ ប៉ុន្តែភាគច្រើននៃមនុស្សជាង៦៤.០០០នាក់ ដែលនៅតែជាប់ក្នុងតំបន់នោះ បានរើសយកការស្នាក់នៅទីនោះមួយយប់ទៀត ដើម្បីទស្សនាការដុតរូបតំណាងដ៏ធំកាលពីយប់ថ្ងៃចន្ទហួសកាលវិភាគដែលបានកំណត់ ។ ភ្លៀងធ្លាក់រដូវក្ដៅដែលពុំបានរំពឹង បានអូសបន្លាយមួយសប្ដាហ៍ ដែលធ្វើឲ្យពិធីបុណ្យសិល្បៈប្រឆាំងវប្បធម៌ ជួបប្រះទះភក់ល្បប់ដ៏ធ្ងន់ធ្ងរមិនធ្លាប់ជួប។  រយៈពេលជាច្រើនថ្ងៃមកនេះ មនុស្សប្រមាណ ៧ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យស្នាក់ទីនោះ និងបានផ្ដល់អាហារនិងទឹកខណៈក្រុមមន្ត្រី បានបិទផ្លូវ ដែលតម្រូវឲ្យរក្សាទុករថយន្តនៅទីនោះ ។ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ នៅព្រឹត្តិការណ៍នោះ ។ហើយការស៊ើបអង្កេតនៅតែបន្ត៕

ចក្រភពអង់គ្លេស កំពុងទប់ទល់នឹងរលកកម្ដៅចុងរដូវក្តៅ

2023/09/05 10:42:53 am        56
អង់គ្លេស៖ ប្រទេសអង់គ្លេស បានទទួលការវាយប្រហារពីរលកកម្ដៅចុងរដូវក្ដៅកាលពីថ្ងៃចន្ទ (៤ កញ្ញា) បន្ទាប់ពីសីតុណ្ហភាពទាបជាងមធ្យម និងភ្លៀងធ្លាក់ពេញមួយខែកក្កដា និងសីហា។ ប្រទេសនេះ កំពុងទប់ទល់នឹងកម្ដៅរយៈពេលមួយសប្តាហ៍ ដែលរំពឹងថាសីតុណ្ហភាពនឹងលើសពី៣០អង្សាសេ នៅតំបន់មួយចំនួន។ សេវាកម្មអាកាសធាតុជាតិរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសុក្រ (១ កញ្ញា) ថា កម្ដៅដែលបានបំបែកកំណត់ត្រាក្នុងខែមិថុនាមានន័យថា ប្រទេសនេះបានជួបប្រទះរដូវក្តៅដ៏ក្តៅបំផុតលើកទី៨ ចាប់តាំងពីឆ្នាំ១៨៨៤មក។ការិយាល័យអាកាសធាតុបាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងរដូវឧតុនិយមគឺមានកម្រិត ១៥,៤ អង្សាសេ ដោយកើនឡើងប្រហែល០,៨អង្សាសេ ក្តៅជាងមធ្យម។ ទោះបីជាសីតុណ្ហភាពជាមធ្យមខ្ពស់ក៏ដោយ សីតុណ្ហភាពធម្មតាខ្ពស់បំផុតដែលបានកត់ត្រាគឺមានកម្រិត៣២,២អង្សាសេ ដោយទាបជាងកំណត់ត្រាកម្ដៅកម្រិត៤០,៣អង្សាសេ ដែលបានឡើងដល់កាលពីឆ្នាំមុនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM