គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការបើកនាវារួមគ្នានៅសមុទ្រចិនខាងត្បូង

2023/09/05 10:40:31 am        74
ហ្វីលីពីន៖ យោធារបស់ទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា នាវាកងទ័ពជើងទឹកមកពីប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការបើកនាវារួមគ្នាឆ្លងកាត់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។កងកម្លាំងប្រដាប់អាវុធនៃទីបញ្ជាការខាងលិចរបស់ប្រទេសហ្វីលីពីនបាននិយាយថា នេះគឺជាលើកទីមួយហើយដែលហ្វីលីពីន និងទីក្រុងវ៉ាស៊ីនតោន បានអនុវត្តការបើកនាវារួមគ្នានៅក្នុងដែនទឹកភាគខាងលិចនៃកោះ Palawan ។ ការបង្ហាញកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងហ្វីលីពីននេះ ធ្វើឡើងស្របពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ដែលទាមទារសិទ្ធភាគច្រើននៃសមុទ្រចិនខាងត្បូង។រដ្ឋធានីម៉ានីល បានតវ៉ាម្តងហើយម្តងទៀត ប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាសកម្មភាព «បំពាន» របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំល្បាតឆ្នេររបស់ខ្លួនប្រឆាំងនឹងនាវាហ្វីលីពីន ដែលចូលរួមក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីថ្ងៃទី៥ ខែសីហា ផងដែរ៕

អ៊ីស្រាអែលបើកស្ថានទូតខ្លួនក្នុងប្រទេសបារ៉ែន រយៈពេលបីឆ្នាំបន្ទាប់ពីធ្វើឱ្យទំនាក់ទំនងធម្មតាឡើងវិញ

2023/09/05 10:38:08 am        55
អ៊ីស្រាអែល៖ អ៊ីស្រាអែល បានបើកស្ថានទូតរបស់ខ្លួនជាផ្លូវការនៅប្រទេសបារ៉ែនកាលពីថ្ងៃចន្ទ (៤ កញ្ញា) គឺរយៈពេលបីឆ្នាំបន្ទាប់ពីភាគីទាំងពីរ បានធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ និងខណៈដែលក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើទីក្រុងរីយ៉ាដ សម្រាប់កិច្ចព្រមព្រៀងស្រដៀងគ្នា ដែលនឹងក្លាយជាជ័យជម្នះផ្នែកការទូតដ៏ធំបំផុតរបស់អ៊ីស្រាអែលនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារ៉ែន លោក Abdullatif Al Zayani បាននិយាយថា ស្ថានទូតបម្រើជា «និមិត្តរូបនៃការរួបរួម និងភ្ជាប់គម្លាតរវាងប្រជាជាតិរបស់យើង ហើយជំរុញអនាគតនៃភាពរុងរឿងសម្រាប់ទាំងអស់គ្នាផងដែរ»។កិច្ចព្រមព្រៀងធ្វើឱ្យប្រក្រតីភាពរវាងប្រទេសបារ៉ែន និងអ៊ីស្រាអែល គឺជាផ្នែកនៃកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងអាប្រាហាំ ដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់រួម ម៉ារ៉ុក និងស៊ូដង់ផងដែរ។ការបើកស្ថានទូតអ៊ីស្រាអែលនៅបារ៉ែននេះ បានធ្វើឡើងខណៈដែលសហរដ្ឋអាមេរិក បានដាក់សម្ពាធលើសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួនគឺទីក្រុងរីយ៉ាដ ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយអារ៉ាប៊ីសាអូឌីត ដែលជាមហាអំណាចមូស្លីម និងជាទីសក្ការបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាមផងដែរ៕

ក្រុមបាតុករជនជាតិអេស្ប៉ាញនៅទីក្រុងបាសេឡូណា ប្រមូលផ្តុំគ្នាគាំទ្រកីឡាការនីដែលត្រូវគ្រូបង្វឹកបៀតបៀន

2023/09/05 10:35:09 am        64
អេស្ប៉ាញ៖ ក្រុមបាតុករប្រហែល២០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងបាសេឡូណា ដើម្បីគាំទ្រកីឡាការនីបាល់ទាត់ម្នាក់ឈ្មោះ Jenni Hermoso ដែលត្រូវបានថើបនៅលើបបូរមាត់ ដោយគ្រូបង្វឹកបាល់ទាត់របស់ប្រទេសនេះ លោក Luis Rubiales បន្ទាប់ពីជ័យជម្នះរបស់អេស្ប៉ាញក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី កាលពី១៥ថ្ងៃមុន។កាលពីព្រឹកថ្ងៃចន្ទ (៤ កញ្ញា) ក្រុមកីឡាករបុរសរបស់អេស្ប៉ាញបានរិះគន់ លោក Rubiales ចំពោះ «អាកប្បកិរិយាមិនអាចទទួលយកបាន» របស់លោក ហើយបានបង្ហាញពីសាមគ្គីភាពចំពោះ «កីឡាករដែលបានឃើញភាពជោគជ័យរបស់ពួកគេត្រូវបានធ្វើឱ្យប៉ះពាល់»។ សាលាក្តីរដ្ឋបាលកីឡារបស់ប្រទេសអេស្ប៉ាញ (TAD) កាលពីថ្ងៃសុក្រ បានបើកសំណុំរឿងប្រឆាំងនឹងលោក Rubiales សម្រាប់ «ការប្រព្រឹត្តខុសធ្ងន់ធ្ងរ»។អាកប្បកិរិយារបស់លោក Rubiales បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងនៅក្នុងប្រទេសអេស្ប៉ាញ និងនៅក្រៅប្រទេស។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានផ្អាកលោក Rubiales ពីរាល់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់អស់រយៈពេល៣ខែ ខណៈពេលដែលខ្លួនធ្វើការស៊ើបអង្កេតទៅលើបញ្ហានោះ៕

ក្ដីសង្ឃឹមសន្តិភាពកូឡុំប៊ី ខិតជិតមកដល់ ខណៈរដ្ឋាភិបាល និងក្រុមឧទ្ទាមបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៤

2023/09/05 10:31:51 am        50
កូឡុំប៊ី៖ រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី និងក្រុមឧទ្ទាមកងទ័ពរំដោះជាតិ (ELN) បានបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៤ កាលពីថ្ងៃចន្ទ (៤ កញ្ញា) ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ស្របពេលមានបទឈប់បាញ់ ដែលក្រុមមន្ត្រីសង្ឃឹមថា នឹងនាំទៅដល់ការបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ប្រមុខប្រេសិតរបស់ក្រុម ELN លោក Pablo Beltran បាននិយាយថា ក្រុមប្រេសិតបានយល់ព្រមជួយប្រជាជន និងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជម្លោះ។ ក្រុមទាំងនោះបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ទ្វេភាគីរយៈពេលប្រាំមួយខែក្នុងខែមិថុនា ដែលចូលជាធរមានកាលពីថ្ងៃទី៣ ខែសីហា។ជុំបន្ទាប់នៃកិច្ចពិភាក្សា នឹងធ្វើឡើងនៅប្រទេសម៉ិកស៊ិក នេះបើយោងតាមគណៈប្រតិភូ។ កិច្ចព្រមព្រៀងនេះ គឺជារបកគំហើញដ៏សំខាន់បំផុតនៅក្នុងកិច្ចចរចា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Gustavo Petro ដើម្បីសម្រេចបាន «សន្តិភាពពេញលេញ» ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធជិតប្រាំមួយទសវត្សរ៍ ដែលបានធ្វើឱ្យមនុស្ស៤៥០.០០០នាក់បានស្លាប់ក្នុងប្រទេសកូឡុំប៊ី នេះផងដែរ៕

អង្គការលើកលែងទោសអន្តរជាតិ៖កងទ័ពអេរីទ្រី ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអេត្យូពីបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព

2023/09/05 10:29:17 am        48
អេត្យូពី៖អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពអេរីទ្រី ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី «បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងលទ្ធភាពឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងតំបន់ទីហ្គ្រេ (Tigray) ការរំលោភ ការយកធ្វើជាទាសករ និងការសម្លាប់ជនស៊ីវិលអស់រយៈពេលជាច្រើនខែ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ដោយត្រូវបានគេដាក់ឈ្មោះថា «កូរ៉េខាងជើង» នៃទ្វីបអាហ្រ្វិក ប្រទេសអេរីទ្រី ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានបញ្ជូនកងទ័ពទៅកាន់តំបន់ទីហ្គ្រេ ដើម្បីគាំទ្រដល់កងកម្លាំងសហព័ន្ធរបស់ប្រទេសអេត្យូពី ជាមួយនឹងទាហានរបស់ខ្លួនដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ការរំលោភ និងការលួច ក្នុងអំឡុងពេលសង្រ្គាមពីរឆ្នាំ។កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រវាងរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី និងពួកឧទ្ទាមទីហ្គ្រេ (Tigrayan) បានអំពាវនាវឲ្យមានការដកកងកម្លាំងបរទេសចេញពីតំបន់នេះ។ប៉ុន្តែប្រទេសអេរីទ្រី មិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះទេ ហើយកងទ័ពរបស់ខ្លួន នៅតែបន្តមានវត្តមាននៅតំបន់ព្រំដែន នេះបើយោងតាមក្រុមអ្នកស្រុក។អង្គការ Amnesty បានសម្ភាសមនុស្សចំនួន ៤៩នាក់ ក្នុងខែឧសភា និងមិថុនា នៅក្នុងស្រុកព្រំដែនម៉ារៀម សេវីតូ ( Mariam Shewito) និង កូកូប ទីបា (Kokob Tsibah) ដោយបញ្ជាក់សក្ខីកម្មរបស់ពួកគេជាមួយនឹងរូបភាពផ្កាយរណប ក៏ដូចជាគណនីរបស់អ្នកធ្វើការផ្នែកសង្គម អ្នកជំនាញវេជ្ជសាស្រ្ត និងមន្ត្រីរដ្ឋាភិបាល។

ជប៉ុនប្រាប់ទៅ WTOថា បម្រាមនាំចេញ របស់ចិនលើគ្រឿងសមុទ្រពាក់ព័ន្ធរោងចក្រហ្វូគូស៊ីម៉ា មិនអាចទទួលយកបានទាល់តែសោះ

2023/09/05 10:26:03 am        78
ជប៉ុន៖ ក្រសួងការបរទេសជប៉ុន បាននិយាយថា ជប៉ុន បា្រប់ទៅអង្គការពាណិជ្ជកម្មពិភពលោកឬ (WTO) ថាបម្រាមរបស់ប្រទេសចិន លើអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីមានការបង្ហូរសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរចេញពីរោងចក្រហ្វូគីស៊ីម៉ាមិនអាចទទួលយកបានទាល់តែសោះ។  នៅក្នុងការប្រឆាំងតបទៅនឹងការជូនដំណឹងកាលពីថ្ងៃទី ៣១ ខែសីហារបស់ប្រទេសចិនទៅកាន់ WTO ស្តីពីវិធានការរបស់ខ្លួនក្នុងការផ្អាកការនាំចូលជលផលរបស់ប្រទេសជប៉ុនដែលបានចាប់ផ្តើមកាលពីខែមុន ប្រទេសជប៉ុនបាននិយាយថា ជប៉ុននឹងពន្យល់ពីជំហររបស់ខ្លួននៅក្នុងគណៈកម្មាធិការពាក់ព័ន្ធរបស់ WTO និងបានជំរុញឲ្យប្រទេសចិនលុបចោលសកម្មភាពនេះជាបន្ទាន់។ក្រុមមន្ត្រីជប៉ុនមួយចំនួន បានបង្ហើបពីលទ្ធភាពនៃការដាក់ពាក្យបណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកពាក់ព័ន្ធនឹងបម្រាមនាំចេញគ្រឿងសមុទ្រដ៏សំខាន់របស់ប្រទេសចិន  ដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន បាននិយាយកាលពីសប្ដាហ៍មុនថា ជារឿងដែលសហរដ្ឋអាមេរិកនឹងគាំទ្រ។  នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទ ក្រសួងការពារបរទេសជប៉ុន បាននិយាយថា ជប៉ុនក៏បានស្នើទៅប្រទេសចិនផងដែរឲ្យរៀបចំកិច្ចពិភាក្សាជុំវិញបម្រាមនាំចេញអាហារពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ផ្អែកលើការផ្ដល់នៃសន្ធិសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៕

នាយករដ្ឋមន្ត្រីប៉ាគីស្ថានអះអាងថា គ្រឿងយុទ្ធោបករណ៍អាមេរិកដែលបន្សល់ទុកនៅអាហ្វហ្គានីស្ថានបច្ចុប្បន្ន ធ្លាក់ទៅក្នុងដៃក្រុមសកម្មប្រយុទ្ធ

2023/09/05 10:00:35 am        78
ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសប៉ាគីស្ថាន បានអះអាងកាលពីថ្ងៃចន្ទថា គ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិកដែលបានបន្សល់ទុកក្នុងអំឡុងពេលការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន បានធ្លាក់ទៅក្នុងដៃក្រុមសកម្មប្រយុទ្ធ ហើយទីបំផុត បានធ្វើដំណើរទៅកាន់ក្រុមតាលីបង់ប៉ាគីស្ថាន។លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ុល ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយថា បរិក្ខារដែលរួមមានរបស់របរជាច្រើនប្រភេទ ចាប់ពីវ៉ែនតាការពារពេលយប់ រហូតដល់អាវុធ ឥឡូវនេះ កំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់ទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ខណៈដែលវាបានពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកតាលីបង់ប៉ាគីស្ថាន។ ពួកតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថា Tehrik-e-Taliban Pakistan ឬ TTP ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានធ្វើការវាយប្រហារកាន់តែខ្លាំងទៅលើកងកម្លាំងសន្តិសុខប៉ាគីស្ថាន។ ពួកគេជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែក ប៉ុន្តែជាសម្ព័ន្ធមិត្តរបស់ពួកតាលីបង់អាហ្វហ្គានីស្ថាន។ពួកតាលីបង់ បានចូលលុកលុយអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលខែសីហាឆ្នាំ២០២១ ខណៈដែលកងទ័ពសហរដ្ឋអាមេរិក និងអង្គការណាតូ ស្ថិតនៅក្នុងសប្តាហ៍ចុងក្រោយនៃការដកខ្លួនចេញពីប្រទេសដែលមានភាពវឹកវរ បន្ទាប់ពីសង្គ្រាម២០ឆ្នាំ។ ដោយប្រឈមនឹងការវាយលុករបស់ពួកតាលីបង់ យោធាអាហ្វហ្គានីស្ថានដែលគាំទ្រ និងបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកបានចុះចាញ់៕

ក្រុមមេដឹកនាំអាស៊ានព្យាយាមស្វែងរកសន្តិភាពឲ្យមីយ៉ាន់ម៉ា និងបញ្ហាតានតឹងនៅសមុទ្រចិនខាងត្បូង

2023/09/05 09:56:53 am        59
ឥណ្ឌូនេស៊ី៖ ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍នៅថ្ងៃអង្គារនេះនឹងជួបប្រជុំគ្នានៅរដ្ឋធានីរបស់ឥណ្ឌូនេស៊ីសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំស្របពេលមានការបែកបាក់គ្នាក្នុងប្លុកតំបន់ដែលមានសមាជិកទាំង ១០ ប្រទេស ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពដែលកំពុងជាប់គាំងនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការប្រជែងគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់។សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន កំពុងស្វែងរកការបញ្ជាក់ពីភាពពាក់ព័ន្ធរបស់ខ្លួន ខណៈការខ្វែងគំនិតគ្នាលេចឡើងក្នុងការឆ្លើយតបរបស់ខ្លួនចំពោះជម្លោះនៅមីយ៉ាន់ម៉ា ដែលយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ២០២១។ លោកស្រី រិនតូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាន បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែភ្នែករបស់ប្រជាជនរបស់យើងគឺសំឡឹងមករកពួកយើងដែលបង្ហាញថាអាស៊ាននៅតែជាបញ្ហា ហើយអាចរួមចំណែកឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ក្រុមមេដឹកនាំប្រទេសជាសមាជិកទាំងនោះ នឹងពិនិត្យឡើងវិញនូវផែនការសន្តិភាពអាស៊ាន ដែលអំពាវនាវឲ្យបញ្ឈប់អំពើអរិភាព និងការសន្ទនារួមគ្នា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលរយៈពេលពីរឆ្នាំមកនេះ ពុំមានសញ្ញាធូរស្រាលភាពតានតឹងនៅឡើយនោះទេ។វឌ្ឍនភាពតិចតួច បានធ្វើឲ្យមានការខកចិត្តកាន់តែខ្លាំង និងបង្ហាញការបែកបាក់ផ្ទៃក្នុងនៅក្នុងប្លុកដែលផ្តល់អាទិភាពដល់ការរួបរួមនិងការមិនជ្រៀតជ្រែកកិច្ចការអធិបតេយ្យភាពរបស់សមាជិក។  កិច្ចប្រជុំកំពូលអាស៊ានចុងក្រោយនៅឆ្នាំនេះក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិនបានចេញផ្សាយផែនទី បន្ទាត់ ១០ចំណុច  ដែលអះអាងចំណែកដ៏ធំនៃសមុទ្រចិនខាងត្បូង ហើយទំនងជានឹងបន្ថែមសម្ពាធដល់ការចរចាជាមួយប្រទេសចិនលើក្រមប្រតិបត្តិដែលបានពន្យារពេលជាយូរមកហើយនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ប្រទេសសមាជិកអាស៊ាន មានម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ដែលបានអះអាងសិទ្ធិគ្រប់គ្រងតំបន់ត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង បានច្រានចោលផែនទីនេះ៕

មេដឹកនាំកូរ៉េខាងជើង នឹងជួបជាមួយលោក ពូទីន នៅប្រទេសរុស្ស៊ីក្នុងខែនេះ

2023/09/05 09:52:21 am        68
កូរ៉េខាងជើង៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃចន្ទ (៤ កញ្ញា) ដោយសំអាងដល់ប្រភពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។សារព័ត៌មាននោះបាននិយាយថា លោក គីម នឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាង ដោយប្រហែលជាធ្វើដំណើរដោយរថភ្លើងពាសដែក ទៅកាន់ទីក្រុង Vladivostok ( វ្ល៉ាឌីវ៉ូស្តុក) នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី ជាទីដែលលោកនឹងជួបជាមួយលោកពូទីន។ មេដឹកនាំកូរ៉េរូបនោះបានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងព្យុងយ៉ាងក្នុងខែកក្កដា ជាទីដែលអ្នកទាំងពីរបានចូលរួមពិធីដង្ហែរក្បួនយោធាដ៏ធំមួយដើម្បីរំលឹកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ៕

តុលាការនីហ្ស៊េរីយ៉ា សម្រេចឃុំខ្លួនមនុស្សរាប់សិបនាក់ក្នុងពន្ធនាគារពីបទចោទចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ភេទដូចគ្នា

2023/09/05 09:49:46 am        101
នីហ្ស៊េរីយ៉ា៖ មនុស្សជាង៦០នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ពាក់ព័ន្ធនឹងការចោទប្រកាន់ថាចូលរួមក្នុងអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា ដែលជាអំពើខុសច្បាប់នៅក្នុងប្រទេសនោះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ នេះបើយោងតាមនគរបាល និងមេធាវីរបស់ពួកគេបាននិយាយកាលពីថ្ងៃច័ន្ទ(៤កញ្ញា)។ តុលាការបានផ្តល់សំណើសុំដីកាពីនគរបាល បន្ទាប់ពីសវនាការមួយកាលពីថ្ងៃច័ន្ទ នៅទីក្រុង Warri ភាគខាងត្បូងនៃរដ្ឋ Delta ជាទីដែលជនសង្ស័យត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការផ្តល់ព័ត៌មាន។នៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ដូចទៅនឹងផ្នែកភាគច្រើននៃទ្វីបអាហ្រ្វិកដែរ ការស្រឡាញ់ភេទដូចគ្នាជាទូទៅត្រូវបានចាត់ទុកថាមិនអាចទទួលយកបាន ហើយច្បាប់ប្រឆាំងការស្រឡាញ់ភេទដូចគ្នាឆ្នាំ២០១៤ បានចូលជាធរមាន ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។ ច្បាប់ប្រឆាំងមនុស្សស្រលាញ់ភេទដូចគ្នាក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិកមួយនេះ រួមមានការជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំសម្រាប់អ្នកដែលត្រូវបានកាត់ទោស និងហាមប្រាមការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ទំនាក់ទំនងភេទដូចគ្នា ព្រមទាំងសមាជិកភាពនៃក្រុមសិទ្ធិស្រឡាញ់ភេទដូចគ្នាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM