គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

អ៊ុយក្រែន និយាយថា យានដ្រូន រុស្ស៊ី វាយប្រហារប្រទេសរ៉ូម៉ានី ជាសមាជិកណាតូ ខណៈក្រុងប៊ុយចារ៉េស ច្រានចោល

2023/09/05 09:37:09 am        164
អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទទីក្រុងគីវ (Kyiv) បាននិយាយថា យានដ្រូនរុស្ស៊ីផលិតដោយអ៊ីរ៉ង់ បានធ្លាក់ និងផ្ទុះនៅលើដែនដីរបស់ប្រទេសរ៉ូម៉ានី អំឡុងការវាយប្រហារពេលយប់ លើកំពង់ផែអ៊ីស្មេល(Izmail) របស់អ៊ុយក្រែន ជាការអះអាងមួយ ដែលប្រទេសរ៉ូម៉ានី សមាជិកសម្ព័ន្ធយោធាណាតូ បានច្រានចោល។អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេក នីកូឡេនកូ (Oleg Nikolenko) បាននិយាយនៅលើបណ្ដាញសង្គមថា យោងតាមសេវាឆ្មាំល្បាតព្រំដែនរដ្ឋ របស់អ៊ុយក្រែន ថា យានដ្រូន ហ្សាហីដ (Shaheds)បានធ្លាក់ និងផ្ទុះនៅលើដែនដីប្រទេសរ៉ូម៉ានីទាំងយប់ជ្រៅ។  លោកបាននិយាយថា ឧបទ្ទវេហតុនេះ បានកើតឡើង អំឡុង ការវាយប្រហារដ៏ធំ របស់រុស្ស៊ី ជិត កំពង់ផែអ៊ីស្មេល ដែលស្ថិតនៅលើទន្ល ដានូបេ (Danube) ឆ្លងកាត់ពីប្រទេសរ៉ូម៉ានី ។   ក្រសួងការពារជាតិរ៉ូម៉ានី បានច្រានចោលយ៉ាងច្បាស់លាស់អំពីការអះអាងរបស់ក្រសួងការបរទេសអ៊ុយក្រែន ដែលថាយ៉ាងហោចណាស់យានដ្រូនរបស់រុស្ស៊ី មួយគ្រឿងបានបាញ់អំឡុងការវាយប្រហារទាំងយប់ជ្រៅ លើកំពង់ផែរបស់អ៊ុយក្រែន បានធ្លាក់និងផ្ទុះឆេះនៅក្នុងទឹកដីរបស់រ៉ូម៉ានី។  ទីក្រុងគីវ និយាយកាលពីថ្ងៃទី៤ កញ្ញា ថា រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែរបស់អ៊ុយក្រែន ។  ទោះយ៉ាងណាក៏ដោយ ក្រសួងការបរទេសរ៉ូម៉ានី បាននិយាយថាព័ត៌មានដែលបានបញ្ចេញដោយអ៊ុយក្រែន ជាព័ត៌មានក្លែងក្លាយ ៕

មេដឹកនាំរដ្ឋប្រហារហ្គាបុង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន

2023/09/05 09:29:25 am        91
ហ្គាបុង៖ មេដឹកនាំនៃរដ្ឋប្រហារហ្គាបុង ដែលបានទម្លាក់តំណែងប្រធានាធិបតី លោក Ali Bongo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន និងត្រូវបានអបអរសាទរដោយអ្នកគាំទ្រដ៏រីករាយកាលពីថ្ងៃចន្ទ(៤ កញ្ញា) នៅក្នុងពិធីតាមទូរទស្សន៍មួយ ដែលរៀបចំឡើងដើម្បីធ្វើឲ្យយោធាជាអ្នករំដោះសង្គមដែលត្រូវបានជិះជាន់មួយនេះ។នៅក្នុងរដ្ឋប្រហារលើកទី៨របស់អាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមួយនេះ ក្រុមមន្ត្រីកងទ័ពដែលដឹកនាំដោយលោកឧត្តមសេនីយ Brice Oligui Nguema ( ប៊្រីស អូលីហ្គី ង្វែម៉ា) បានដណ្តើមអំណាចនៅថ្ងៃទី៣០ ខែសីហា ប៉ុន្មាននាទីបន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី Bongo បានឈ្នះការបោះឆ្នោត ដែលពួកគេលុបចោល ហើយនិយាយថាមិនគួរឱ្យទុកចិត្ត។រដ្ឋប្រហារនោះ បានទាក់ទាញការអបអរសាទររបស់ហ្វូងមនុស្សនៅតាមដងផ្លូវនៃរដ្ឋធានី Libreville ប៉ុន្តែបានទទួលការថ្កោលទោសពីបរទេស រួមទាំងមកពីប្លុកតំបន់អាហ្វ្រិកកណ្តាល ECCAS ដែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្អាកសមាជិកភាពហ្គាបុង រហូតដល់ការវិលត្រឡប់ទៅកាន់សណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញវិញ។នៅក្នុងសុន្ទរកថា លោកឧត្តមសេនីយ ង្វែម៉ា បានស្នើកំណែទម្រង់រួមទាំងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវអនុម័តដោយប្រជាមតិ ច្បាប់បោះឆ្នោតថ្មី និងក្រមព្រហ្មទណ្ឌ ព្រមទាំងវិធានការផ្តល់អាទិភាពដល់ធនាគារ និងក្រុមហ៊ុនក្នុងស្រុកសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕

កងទ័ពស៊ូដង់ បើកការវាយប្រហារ ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់ទាហានប៉ារ៉ា

2023/09/04 01:43:55 pm        483
ក្រុមសាក្សី បាននិយាយថា កងទ័ពស៊ូដង់ បានបើកការវាយប្រហារទ្រង់ទ្រាយធំលើផ្លូវផ្គត់ផ្គង់របស់ទាហានប៉ារ៉ាដែលជាគូប្រជែងរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំរបស់ខ្លួន ហាក់ដូចជាបដិសេធដំណោះស្រាយមួយដែលបានចរចា។សង្រ្គាមជិត៥ខែចាប់តាំងពីថ្ងៃទី១៥ ខែមេសា បានបំផ្លិចបំផ្លាញប្រទេសស៊ូដង់ ដោយធ្វើឲ្យភាពស្រេកឃ្លានកាន់តែអាក្រក់ឡើង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់ជនស៊ីវិលរាប់រយនាក់។កងទ័ពបានធ្វើការវាយប្រហារតាមអាកាសទៅលើក្នុងទីក្រុងអ៊ុមឌុម៉ាន(Omdurman) កាលពីថ្ងៃអាទិត្យមួយថ្ងៃ បន្ទាប់ពីប្រភពយោធា បាននិយាយថា ខ្លួនក៏បានដាក់ពង្រាយកងកម្លាំងជើងគោក និងអាវុធធុនធ្ងន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការគ្រប់គ្រងទីក្រុងនេះដែរ។ការវាយប្រហារនោះ នឹងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយទៅកាន់កងកម្លាំងគាំទ្ររហ័ស (RSF) ដែលបញ្ជូនការផ្គត់ផ្គង់ពីតំបន់ដាហ្វ័រ (Darfur) ចូលទៅក្នុងទីក្រុងអ៊ុមឌុម៉ាន ហើយបន្ទាប់មកឆ្លងកាត់ទន្លេនីល (Nile) ចូលទៅក្នុងក្រុមហ៊ុនដឹកជញ្ជូនBahri និងរដ្ឋធានីខាទុំ ( Khartoum)។ការវាយប្រហារ ក៏បានបន្តនៅភាគខាងត្បូងទីក្រុងខាទុំ បន្ទាប់ពីក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់ បាននិយាយថា មនុស្ស ២០នាក់ ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងការវាយឆ្មក់តាមអាកាសមួយ។

ប្រទេសទួរគី និងអ៊ីស្រាអែលពិភាក្សាគ្នាអំពីការនាំចេញឧស្ម័នធម្មជាតិ ដោយសម្លឹងឃើញអឺរ៉ុប

2023/09/04 01:15:07 pm        510
ទួរគី៖ មន្ត្រីទួរគី និងអ៊ីស្រាអែល បានជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថាមពល ខណៈដែលប្រទេសទាំងពីរ ស្វែងរកការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច បន្ទាប់ពីមានជម្លោះរយៈពេលជាច្រើនឆ្នាំ។រដ្ឋមន្ត្រីថាមពលទួរគីលោក អាល់ប៉ាស្លាន បេរ៉ាក់តា (Alparslan Bayraktar) កាលពីថ្ងៃអាទិត្យ បានពិភាក្សាគ្នាអំពី«ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី និងក្នុងតំបន់ រួមទាំងឧស្ម័នធម្មជាតិ តាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz)។លោកបេរ៉ាក់តា បាននិយាយនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«ខ្ញុំនឹងទៅទស្សនកិច្ចប្រទេសអ៊ីស្រាអែលតាមការអញ្ជើញរបស់លោករដ្ឋមន្ត្រីកាត នៅពេលវេលាឆាប់បំផុត ដែលអាចធ្វើទៅបាន» ។ប្រទេសទាំងពីរ កំពុងស្វែងរកការស្វែងរកឱកាសនាំចេញឧស្ម័នទៅអឺរ៉ុបតាមរយៈប្រទេសទួរគីតាមសមុទ្រ មេឌីទែរ៉ាណេចេញពីតំបន់ហ្គាហ្សាស្ទ្រីប៕

មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់៖យន្តហោះអាមេរិកបានព្រមានបិទដែនអាកាសអ៊ីរ៉ង់ជាច្រើនដង ក្នុងរយៈពេល២ឆ្នាំ

2023/09/04 11:49:15 am        217
អ៊ីរ៉ង់៖ មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប បានថ្លែងថា អ៊ីរ៉ង់បានប្រើប្រាស់យានដ្រូនស្ទាក់ចាប់ Karrar ផលិតក្នុងស្រុករបស់ខ្លួន ដើម្បីព្រមានយន្តហោះអាមេរិកឲ្យចេញពីដែនអាកាសរបស់ប្រទេសនេះ ក្នុងឱកាសជាច្រើនក្នុងរយៈពេលពីរឆ្នាំ កន្លងមកនេះ។នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក អាលីរីហ្សា អែលហាមី ( Alireza Elhami) មេបញ្ជាការរងនៃកងកម្លាំងការពារដែនអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានធ្វើការបញ្ជាក់ ខណៈដែលកំពុងធ្វើអត្ថាធិប្បាយអំពីយានដ្រូននិងសមត្ថភាពការពាររបស់កងទ័ពអាកាស។លោកបាននិយាយថា អ៊ីរ៉ង់បានប្រើប្រាស់យានដ្រូន Karrar ដើម្បីព្រមានយន្តហោះអាមេរិក ក៏ដូចជាយន្តហោះចម្បាំងមកពីប្រទេសផ្សេងទៀត ឲ្យនៅឆ្ងាយពីដែនទឹកភាគខាងត្បូងរបស់ខ្លួន។លោក អែលហាមី បាននិយាយថា ក្នុងឱកាសមួយ យន្តហោះល្បាតដែនសមុទ្រ និងឈ្លបយកការណ៍ Boeing P-8 Poseidon របស់សហរដ្ឋអាមេរិក ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរផ្លូវរបស់ខ្លួន បន្ទាប់ពីការព្រមាន ខណៈដែលនៅឱកាសមួយផ្សេងទៀត យានដ្រូន Northrop Grumman RQ-4 Global Hawk របស់សហរដ្ឋអាមេរិក ត្រូវបានព្រមានឲ្យចេញទៅឲ្យឆ្ងាយ៕

ការស្ទង់មតិ៖ ជាងពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី ប្រឆាំងការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញ

2023/09/04 11:46:45 am        230
អូស្ត្រាលី៖ ជាងពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី មានបំណងបដិសេធការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាការស្ទង់មតិរបស់សារព័ត៌មានមួយបានបង្ហាញនៅថ្ងៃចន្ទ (៤កញ្ញា) នេះ ខណៈរដ្ឋាភិបាលកំពុងជួបផលលំបាកក្នុងការដកការគាំទ្រ ចំពោះសំណើសំខាន់មុនការបោះឆ្នោតក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍ខាងមុខនេះ។ការស្ទង់មតិចុងក្រោយបំផុត ដែលធ្វើឡើងសម្រាប់សារព័ត៌មានអូស្ត្រាលី បានបង្ហាញការបន្តធ្លាក់ចុះនៃសំឡេងគាំទ្រសម្រាប់ «សំឡេងទៅកាន់សភា» ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិចក្នុងការផ្តល់យោបល់ដល់សភាអំពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ ដោយមានអ្នកបោះឆ្នោតត្រឹមតែ៣៨% ដែលមានបំណងគាំទ្រ ខណៈដែលប្រជាជនប្រហែល៥៣% ទៀតមានបំណងជំទាស់នឹងសំណើនោះ។ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងយុទ្ធនាការរយៈពេលប្រាំមួយសប្តាហ៍ មុនពេលបោះឆ្នោតប្រជាមតិនៅថ្ងៃទី១៤ ខែតុលា នៅពេលដែលនឹងត្រូវបានសួរថា តើពួកគេគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបង្កើតគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីផ្តល់យោបល់ដល់សភាសហព័ន្ធ ឬយ៉ាងណា។ការបោះឆ្នោតប្រជាមតិ ទាមទារសំឡេងជាតិភាគច្រើន ក៏ដូចជាសំឡេងភាគច្រើននៅក្នុងរដ្ឋយ៉ាងតិច៤ក្នុងចំណោមរដ្ឋទាំង៦ ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញបាន។ ចាប់តាំងពីការទទួលបានឯករាជ្យរបស់អូស្ត្រាលីក្នុងឆ្នាំ១៩០១មក មានតែសំណើចំនួន៨ប៉ុណ្ណោះក្នុងចំណោម៤៤សំណើសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ត្រូវបានអនុម័ត៕

មនុស្ស៤នាក់ បានស្លាប់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងអំពើហិង្សាពាក់ព័ន្ធនឹងអគ្គិភ័យ

2023/09/04 11:44:13 am        213
អាមេរិក៖ ក្រុមអាជ្ញាធរបាននិយាយថា មនុស្សពេញវ័យ២នាក់ និងកុមារ២នាក់ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុង «កន្លែងកើតហេតុនៃអំពើហឹង្សា» ពាក់ព័ន្ធនឹងអគ្គិភ័យនៅលំនៅឋានមួយ ក្នុងទីក្រុង Seattle ( ស៊ីអាតថល) រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (២កញ្ញា)។ នាយនគរបាល លោក Adrian Diaz បាននិយាយថា នៅម៉ោង៨:៤១នាទីព្រឹក (ម៉ោងក្នុងស្រុក) នាយកដ្ឋាននគរបាលទីក្រុង Seattle បានទទួលទូរស័ព្ទពីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលនិយាយថា មានមនុស្សស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។លោក Diaz បាននិយាយថា ក្រុមមន្រ្តីបានទៅដល់កន្លែងកើតហេតុក្នុងរយៈពេល៥នាទី ហើយបានឃើញទ្វារខាងមុខមានរបាំង និងមានអគ្គិភ័យនៅខាងក្នុងផ្ទះ។ បន្ទាប់មក ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ នៃទីក្រុង Seattle ត្រូវបានហៅឱ្យជួយប្រតិបត្តិការណ៍។ លោក Diaz បន្តថា ក្មេងស្រីអាយុ១១ឆ្នាំនោះ រត់គេចចេញតាមបង្អួច និងបានទូរស័ព្ទហៅនគរបាលពីផ្ទះអ្នកជិតខាងរបស់ខ្លួន ហើយក្រុមអាជ្ញាធរកំពុងធ្វើការដើម្បីរកសមាជិកគ្រួសារផ្សេងទៀតរបស់កុមារីនោះ។ឈ្មោះ និងអាយុនៃអ្នកស្លាប់ មិនត្រូវបានគេបញ្ចេញឡើយ ហើយលោក Diaz បន្ថែមថា មូលហេតុនៃការស្លាប់ កំពុងត្រូវបានកំណត់ដោយគ្រូពេទ្យ។ នគរបាលបាននិយាយថា ពួកគេស្គាល់មនុស្សដែលរស់នៅផ្ទះនោះ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីកំណត់ថា តើអ្នកទាំងនោះជាជនរងគ្រោះ ឬយ៉ាងណា៕

បឹងជ្រៅបំផុតក្នុងពិភពលោករបស់អាមេរិកខាងត្បូង កំពុងរីងស្ងួត

2023/09/04 11:42:07 am        229
អាមេរិកខាងត្បូង៖ នីវ៉ូទឹកនៅបឹង Titicaca ដែលជាបឹងដែលអាចវាស់វែងបានថាជ្រៅបំផុតក្នុងពិភពលោក និងធំជាងគេនៅអាមេរិកខាងត្បូង កំពុងធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរលកកម្ដៅរដូវរងាដែលមិនធ្លាប់មានពីមុនមក។ការធ្លាក់ចុះនៃកម្រិតទឹកបឹងគួរឱ្យភ្ញាក់ផ្អើលនោះ កំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ នេសាទ និងកសិកម្ម ដែលជាការពឹងពាក់អាស្រ័យអ្នកស្រុក ក្នុងការប្រកបរបរចិញ្ចឹមជីវិត។ អ្នកទេសចរណ៍ជាច្រើនត្រូវបានទាក់ទាញដោយសារទឹកពណ៌ខៀវ និងផ្ទៃមេឃដ៏ធំល្វឹងល្វើយនៃបឹងដ៏ធំបំផុតរបស់អាមេរិកខាងត្បូង ដែលលាតសន្ធឹងលើផ្ទៃដីជាង៨.២០០ម៉ែត្រក្រាឡា ឆ្លងកាត់ព្រំដែននៃប្រទេសប៉េរូ និងបូលីវីមួយនេះ។ប្រជាជនជាងបីលាននាក់រស់នៅជុំវិញបឹងនេះ ដោយពឹងផ្អែកលើទឹករបស់វាដើម្បីនេសាទ ធ្វើស្រែចម្ការ និងទាក់ទាញភ្ញៀវទេសចរ ដែលជំរុញដល់សេដ្ឋកិច្ចនៃតំបន់ដែលនៅមានការខ្វះខាតនេះ។ ឥឡូវនេះ បឹងនោះមានហានិភ័យក្នុងការបាត់បង់ភាពទាក់ទាញរបស់វា។ខណៈពេលដែលនីវ៉ូទឹក ត្រូវបានគេដឹងថាប្រែប្រួលជារៀងរាល់ឆ្នាំ ការផ្លាស់ប្តូរទាំងនេះកាន់តែធ្ងន់ធ្ងរទៅ ដោយសារវិបត្តិអាកាសធាតុ។ យោងតាមអ្នកឧតុនិយមរបស់សារព័ត៌មាន CNN លោក Taylor Ward បានឱ្យដឹងថា រលកកម្ដៅរដូវរងាដ៏ខ្លាំងក្លា បាននាំឱ្យមានកំណើននៃការហួតហែង និងការថយចុះកម្រិតទឹកក្នុងបឹង ដែលបណ្ដាលឲ្យស្ថានភាពនីវ៉ូទឹកកាន់តែអាក្រក់ឡើងមកពីគ្រោះរាំងស្ងួត៕

សភាអាហ្រ្វិកខាងត្បូង នឹងបើកការស៊ើបអង្កេតលើអគ្គិភ័យដែលបានសម្លាប់មនុស្ស៧៧នាក់ នៅទីក្រុងចូហានណេសប៊ឺក

2023/09/04 11:38:53 am        83
អាហ្វ្រិកខាងត្បូង៖សភាអាហ្វ្រិកខាងត្បូងបាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតលើអគ្គិភ័យដ៏មហន្តរាយនៅទីក្រុងចូហានណេសប៊ឺក (Johannesburg) ។ អគ្គិភ័យដែលបានលេបត្របាក់អគារកម្ពស់ប្រាំជាន់នៅទីក្រុងចូហានណេសប៊ឺក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧៧នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយសភាអាហ្រ្វិកខាងត្បូងកាលពីថ្ងៃសៅរ៍ (២កញ្ញា) បាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យពាក់ព័ន្ធនៃសភា នឹងត្រូវបានចាត់តាំងភ្លាមៗដើម្បី «ត្រួតពិនិត្យទាំងកិច្ចខិតខំប្រឹងប្រែងភ្លាមៗ និងរយៈពេលវែងក្នុងសាខាផ្សេងៗនៃរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ»។លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «គណៈកម្មាធិការដែលត្រូវបានចាត់តាំងក៏នឹងស៊ើបអង្កេតលក្ខខណ្ឌនៃអគារឯកជន និងរបស់រដ្ឋាភិបាលផងដែរ ដោយផ្តោតលើការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់ពួកគេ»។ ជាថ្មីម្តងទៀត សភាអាហ្រ្វិកខាងត្បូងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្លួនចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងសោកនាដកម្មនោះផងដែរ៕

រន្ទះបាញ់បានសម្លាប់មនុស្ស១០នាក់នៅរដ្ឋ Odisha ប្រទេសឥណ្ឌា

2023/09/04 11:35:16 am        119
ឥណ្ឌា៖ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរដ្ឋរបស់ប្រទេសឥណ្ឌាម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ(៣កញ្ញា) ថា មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់ និង៣នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ដោយសារតែការវាយប្រហារដោយរន្ទះ ពេលកំពុងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។យោងតាមមន្ត្រីជាន់ខ្ពស់រូបនោះបានឲ្យដឹងថា ការវាយប្រហារដោយរន្ទះបានសម្លាប់មនុស្ស៤នាក់នៅក្នុងស្រុក Khurda និងសម្លាប់មនុស្ស២នាក់នៅស្រុក Bolangir មនុស្ស៤នាក់ទៀតបានស្លាប់នៅក្នុងស្រុកផ្សេងៗទៀតរបស់រដ្ឋនេះ។ លោកបានបន្ថែមថា មនុស្សបីនាក់នៅទីក្រុង Khurda ក៏បានរងរបួសក្នុងការវាយប្រហារដោយរន្ទះផងដែរ។ តំបន់ឆ្នេរនៃរដ្ឋ Odisha រួមទាំងទីក្រុងភ្លោះ Bhubaneswar និងទីក្រុង Cuttack ក៏មានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ផងដែរ។នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ថា ស្ថានភាពស្រដៀងគ្នានឹងបន្តនៅក្នុងផ្នែកខ្លះនៃរដ្ឋក្នុងរយៈពេល៥ថ្ងៃខាងមុខទៀត។ ទីភ្នាក់ងារ IMD ក៏បានណែនាំប្រជាជនឱ្យជ្រកនៅកន្លែងមានសុវត្ថិភាពក្នុងពេលមានព្យុះផ្គររន្ទះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM