នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

មនុស្ស១៤នាក់បានស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់នៅភាគឦសានប្រទេសចិន

2023/08/07 11:12:58 am        223
សារព័ត៌មានរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៤នាក់ បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ ​ខ្លាំងវាយប្រហារខេត្តជីលីន(Jilin) ភាគឦសានរបស់ប្រទេសចិន ក្នុងការបាត់បង់អាយុជីវិត​ចុងក្រោយបង្អស់ពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុជាង១សប្ដាហ៍នៅទូទាំងប្រទេស។ ប្រទេសចិនត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ នេះ ខណៈដែលទីក្រុងប៉េកាំងនិយាយកាលពីថ្ងៃសុក្រថា គ្រោះមហន្តរាយធម្មជាតិនានាបានបណ្ដាល​ឲ្យមនុស្ស១៤៧នាក់ ស្លាប់ ឬ បាត់ខ្លួនកាលពីខែមុន។ ការស្លាប់ចំនួន១៤នាក់ បន្ថែមទៀត និងមនុស្សបាត់ខ្លួន ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយទូរទស្សន៍រដ្ឋ CCTV សំអាងដល់ប្រភពពីក្រុមអាជ្ញាធរក្នុងស្រុក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង​នៅក្នុងទីក្រុងស៊ូឡាន (Shulan) ភាគឦសានរបស់ប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បាននិយាយថា នៅពេលនេះភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់​នេះបានបញ្ចប់ ដោយមនុស្សជិតមួយម៉ឺន៩ពាន់នាក់ ​ត្រូវបានជម្លៀសចេញពីលំនៅឋាន និង ជម្រកស្នាក់នៅបណ្ដោះអាសន្នចំនួន២១កន្លែងត្រូវបានបង្កើតឡើង។ភ្លៀងធ្លាក់ខ្លាំង ដាក់បន្ទុកបន្ថែមក្រោយការវាយប្រហារដោយព្យុះទីហ្វុង ដុកស៊ូរី ( Doksuri) ដែលបានបោកបក់លើដីគោករបស់ចិន ខណៈព្យុះទីហ្វុងមួយមុនពេលបោះពួយទៅ​កាន់​ភាគខាងជើង គឺជាព្យុះមានឥទ្ធិពលបំផុត ​ចាប់តាំងពីចាប់ផ្ដើមកត់ត្រាជាង១៤០ ឆ្នាំមកនេះ។ ប្រតិបត្តិការបោសសម្អាត កំពុងធ្វើឡើង ​បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ដែលបានបំផ្លិច​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និងជន់លិចស្រុកនានាទាំងស្រុង៕

មេធាវី៖ លោក ដូណាល់ ត្រាំ គ្រាន់តែស្នើសុំវិធានការបោះឆ្នោតឆ្នាំ២០២០ប៉ុណ្ណោះ

2023/08/07 11:03:10 am        202
កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) មេធាវីរបស់លោក ដូណាល់ ត្រាំ បានជំទាស់ថា សកម្មភាពទាំងឡាយណាដែលអតីតប្រធានាធិបតីបានធ្វើបន្ទាប់ពីការចាញ់ការបោះឆ្នោតថ្មីឆ្នាំ២០២០ របស់លោកគឺគ្រាន់តែជាការសួរដេញដោល ហើយមិនសុខចិត្តនូវបទបញ្ជា ដែលបានស្នើឡើងក្នុងគោលបំណងការពារសាក្សី និងភស្តុតាងក្នុងសំណុំរឿងប៉ុណ្ណោះ។លោក John Lauro បានការពាររឿងក្ដីរបស់លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ ដោយនាំឱ្យមានការចោទប្រកាន់ថា លោកបានសមគំនិតក្នុងការបន្លំសន្លឹកឆ្នោត​របស់​សហរដ្ឋអាមេរិក ដោយរារាំងសភាពីការបញ្ជាក់អំពីជ័យជម្នះរបស់ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យលោក ចូ បៃដិន ដោយដកហូតសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋសហរដ្ឋអាមេរិកក្នុងការបោះឆ្នោតដោយយុត្តិធម៌។កាលពីថ្ងៃសុក្រ (៤ សីហា) រដ្ឋអាជ្ញាពិសេសលោក Jack Smith បានស្វែងរកដីកាការពារ ដែលហាមឃាត់លោក ត្រាំ និងមេធាវីរបស់លោកមិនឲ្យចែករំលែកភស្ដុតាងរកឃើញ ជាមួយមនុស្សដែលគ្មានការអនុញ្ញាត ដោយលើកឡើងពីការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ត្រាំ ក្នុងកង្វល់ថាអតីតប្រធានាធិបតីរូបនោះ អាចនឹងបង្ហាញជាសាធារណៈនូវភស្ដុតាងសម្ងាត់ដែលទទួលបានពីក្រុមរដ្ឋអាជ្ញា ក្នុងពេលរឿងក្ដីកំពុងដំណើរការ។កាលពីថ្ងៃសៅរ៍ (៥ សីហា) ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី Tanya Chutkan បានបដិសេធសំណើរបស់លោក ត្រាំ ក្នុងការពន្យារពេលការឆ្លើយតបជាផ្លូវការចំពោះបទ​បញ្ជាដែលបានស្នើឡើង នៅថ្ងៃច័ន្ទនេះ វេលាម៉ោង៥ល្ងាច (ម៉ោងក្នុងស្រុក)។ លោក ត្រាំ ដែលមានវ័យ៧៧ឆ្នាំ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងចំនួន៣ករណី ហើយលោកបានបដិសេធ​ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោកផងដែរ៕

មេដឹកនាំកូរ៉េខាងជើង ធ្វើទស្សនកិច្ចនៅរោងចក្រផលិតអាវុធ និងប្តេជ្ញាជំរុញការត្រៀមខ្លួនធ្វើសង្គ្រាម ដើម្បីប្រឈមមុខនឹងភាពតានតឹង

2023/08/07 10:59:29 am        221
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា)ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះពិនិត្យរោងចក្រផលិតអាវុធសំខាន់ៗរបស់ប្រទេសនេះ រួមទាំងរោងចក្រផលិតប្រព័ន្ធកាំភ្លើងធំ និងបាញ់បង្ហោះយានសម្រាប់មីស៊ីលផ្លោងដែលអាចបំពាក់នុយក្លេអ៊ែរ ហើយបានសន្យាថា នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសព្វាវុធរបស់យោធា និងការត្រៀមខ្លួនសម្រាប់សង្គ្រាម។ ការត្រួតពិនិត្យរយៈពេល៣ថ្ងៃរបស់លោក គីម គិតត្រឹមថ្ងៃសៅរ៍ បានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានរៀបចំសម្រាប់ជុំបន្ទាប់នៃសមយុទ្ធយោធារួមបញ្ចូលគ្នារបស់ពួកគេ ដែលគ្រោងធ្វើនៅចុងខែនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើងដែលកំពុងកើនឡើង។ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារល្បឿននៃការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលលោក គីម ចាត់ទុកថា ជាការហាត់សមវាយលុកនោះ កាន់តែមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងវដ្តនៃការតបទៅតបមកនោះ ។អ្នកជំនាញខ្លះ និយាយថា ការធ្វើដំណើររបស់លោកគីម ទៅកាន់រោងចក្រផលិតសព្វាវុធ ក៏អាចពាក់ព័ន្ធនឹងលទ្ធភាពកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងមូស្គូដែលអាចពាក់ព័ន្ធនឹងការផ្គត់ផ្គង់កាំភ្លើងធំ និងគ្រាប់រំសេវផ្សេងទៀតរបស់កូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាក់ទងជាមួយប្រទេសផ្សេងទៀត ដើម្បីទទួលបានការគាំទ្រក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំស្ដីពីសង្រ្គាមអ៊ុយក្រែន បានបញ្ចប់ទៅដោយការប្ដេជ្ញាបន្តការចរចា

2023/08/07 10:46:57 am        253
យោងតាមសេចក្ដីថ្លែងការណ៍បិទកិច្ចប្រជុំ ដែលបានបញ្ចេញដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទីក្រុងជេដា (Jeddah) ដែលបានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាស្ដីពីជម្លោះអ៊ុយក្រែន បានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី៦សីហា ដោយពុំមានចំណាត់ការរឹងមាំហួសពីការប្ដេជ្ញាចិត្តបន្តការពិភាក្សានាពេលអនាគតដើម្បីទទួលបានសន្តិភាព ។ ប្រទេសជាង៤០ រួមទាំង ប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក និងបណ្ដាប្រទេស នៅសហភាពអឺរ៉ុប ប៉ុន្តែ ប្រទេសរុស្ស៊ី ពុំបានចូលរួមក្នុងជំនួបនេះទេ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិយាយថាកិចិ្ចពិភាក្សាទាំងនេះ មានគោលបំណងធានា​ឲ្យបាននូវការគាំទ្រកាន់តែទូលំទូលាយពីអន្តរជាតិ សម្រាប់គោលការណ៍នានា ដែលទីក្រុង គីវ (Kyiv) ចង់បានជាមូលដ្ឋានសម្រាប់សន្តិភាព រួមទាំងការដកកងទ័ពរុស្ស៊ីទាំងអស់ចេញនិងប្រគល់ដែនដីទាំងអស់ដែលខ្លួនកំពុងគ្រប់គ្រងឲ្យទៅអ៊ុយក្រែនវិញ ។ទីក្រុងម៉ូស្គូ (Moscow) បានហៅកិច្ចប្រជុំនេះថាជាការប៉ុនប៉ងបង្វែងក្រុមប្រទេសកំពុងអភិវឌ្ឍន៍​សកលលោកខាងត្បូង ឲ្យងាកមកគាំទ្រទីក្រុង Kyiv ហើយ ១៨ ខែបន្ទាប់ពីប្រទេសរុស្ស៊ី បានវាយលុកលើអ៊ុយក្រែន ការរំពឹងទុកណាមួយនៃកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងទីក្រុង Kyiv និងទីក្រុងម៉ូស្គូហាក់ដូចជានៅឆ្ងាយ៕

អ្នកគាំទ្ររដ្ឋប្រហារនីហ្សេ រាប់ពាន់នាក់សម្រុកទៅពហុកីឡដ្ឋានជាតិដើម្បីធ្វើបាតុកម្មយោធា

2023/08/07 09:58:47 am        268
និហ្សេ៖ អ្នកគាំទ្ររបស់មេដឹកនាំរដ្ឋប្រហារប្រទេសនីហ្សេ រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទៅកាន់ពហុកីឡាដ្ឋានក្នុងរដ្ឋធានី ណៃអាម៉ី (Niamey) កាលពីថ្ងៃអាទិត្យ (៦ សីហា) ហាក់ដូចជាមិនភ័យខ្លាចចំពោះការគំរាមកំហែងនៃការធ្វើអន្តរាគមន៍ផ្នែកយោធាពីប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច ខណៈដែលឱសានវាទក្នុងការប្រគល់តំណែងឲ្យប្រធានាធិបតីប្រទេសនេះវិញ បានផុតកំណត់។នៅតាមដងផ្លូវនានារបស់រដ្ឋធានី ណៃអាម៉ី (Niamey) ក៏មានការបង្ហាញនូវការគាំទ្រជាបណ្តើរៗ ប៉ុន្តែមិនមានសញ្ញានៃការប្រឆាំងទៅនឹងរបបសឹក ដែលបាននិយាយថា ខ្លួននឹងមិនធ្វើឱ្យមានសម្ពាធពីខាងក្រៅដើម្បីឈរជើងបន្ទាប់ពីការដណ្តើមអំណាចកាលពីថ្ងៃទី២៦ ខែកក្កដានោះទេ។សំឡេងអបអរសាទរបានស្វាគមន៍រាល់ប្រយោគនៃសុន្ទរកថា ដែលបានធ្វើឡើងដោយអ្នកតំណាងនៃរដ្ឋបាលដឹកនាំដោយកងទ័ពថ្មីទៅកាន់ហ្វូងមនុស្សនៅពហុកីឡដ្ឋាន ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់របបសឹកក្នុងការបន្តកាន់អំណាច។រដ្ឋប្រហារលើកទីប្រាំពីរនៅអាហ្រ្វិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ បានធ្វើឱ្យកក្រើកតំបន់ Sahel អាហ្រ្វិក ដែលជាតំបន់ក្រីក្របំផុតមួយក្នុងពិភពលោក។ ដោយសារតំបន់នោះសម្បូរទៅដោយសារធាតុអ៊ុយរ៉ាញ៉ូម និងប្រេង ព្រមទាំងមានតួនាទីសំខាន់ក្នុងសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម នីហ្សេមានសារៈសំខាន់សម្រាប់ អាមេរិក អឺរ៉ុប ចិន និងរុស្ស៊ីជាខ្លាំង៕

មេដឹកនាំរដ្ឋប្រហារនីហ្សេនិយាយថា ប្រទេសជិតខាងកំពុងរៀបចំធ្វើសង្រ្គាម

2023/08/07 09:53:53 am        317
នីហ្ស៖ នីហ្សេ បានបិទដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (៦ សីហា) រហូតដល់មានការជូនដំណឹងបន្ថែម ដោយលើកឡើងពីការគំរាមកំហែងនៃអន្តរាគមន៍យោធាពីប្លុកតំបន់អាហ្វ្រិកខាងលិច បន្ទាប់ពីបណ្ដាមេដឹកនាំរដ្ឋប្រហារ បានច្រានចោលកាលបរិច្ឆេទកំណត់ ដើម្បីប្រគល់អំណាចឲ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាចរបស់ប្រទេសនេះវិញ។ដោយធ្វើសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិ អ្នកតំណាងរបបសឹកនោះបាននិយាយថា ខ្លួនមានព័ត៌មានថា “មហាអំណាចបរទេស” កំពុងរៀបចំវាយប្រហារប្រទេសនីហ្សេ ដោយមានការសម្របសម្រួលជាមួយបណ្តាប្រទេសនៃសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)។ប្រមុខការពារជាតិជាច្រើនរបស់សហគមន៍សេដ្ឋកិច្ច ECOWAS បានយល់ព្រមលើផែនការសកម្មភាពយោធាដែលអាចមាន រួមទាំងពេលវេលា និងទីកន្លែងដែលត្រូវធ្វើសកម្មភាព ប្រសិនបើប្រធានាធិបតីដែលត្រូវបានឃុំខ្លួន លោក Mohamed Bazoum មិនត្រូវបានដោះលែង និងប្រគល់អំណាចឲ្យវិញតាមកាលកំណត់នោះទេ។ប្លុកនេះមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីជំហានបន្ទាប់របស់ខ្លួន ឬនៅម៉ោងណាពិតប្រាកដក្នុងថ្ងៃអាទិត្យដែលជាថ្ងៃផុតកំណត់ប្រគល់អំណាចនោះទេ។ អ្នកនាំពាក្យម្នាក់បាននិយាយមុននោះថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃថ្ងៃផុតកំណត់នោះ។ អតីតមហាអំណាចអាណានិគមបារាំងបាននិយាយកាលពីថ្ងៃសៅរ៍ (ទី 5 ខែសីហា) ថា ខ្លួននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីផ្តួលរំលំរដ្ឋប្រហារដោយមិនបានបញ្ជាក់ថាតើការលើកឡើងនោះរួមបញ្ចូលជំនួយយោធាដែរឬយ៉ាងណាទេ៕

ក្រុមបាតុករប្រឆាំងសង្រ្គាមប្រារព្ធខួបលើកទី៧៨ នៃការវាយប្រហារដោយគ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន

2023/08/07 09:50:05 am        273
អាមេរិក៖ ក្រុមសកម្មជនប្រឆាំងសង្រ្គាមមួយក្រុមតូចបានធ្វើការតវ៉ានៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ទិវាមួយនេះធ្វើឡើងដើម្បីរំលឹកដល់ជនរងគ្រោះក្នុងការវាយប្រហារនុយក្លេអ៊ែរលើកទីមួយរបស់ពិភពលោក ខណៈដែលរុស្ស៊ីបានលើកឡើងពីទិដ្ឋភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។សកម្មជនបានកាន់ផ្ទាំងរូបភាពទាមទារឱ្យអង្គការណាតូបញ្ឈប់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ហើយបានដើរដង្ហែទៅកាន់ទន្លេ Hudson ជាទីដែលពួកគេបានតវ៉ានៅមុខនាវាផ្ទុកយន្តហោះអាមេរិកឈ្មោះ Intrepid ប្រើក្នុងសង្គ្រាមលោកលើកទីពីរ ដែលបច្ចុប្បន្នបម្រើជាសារមន្ទីរ។គ្រាប់បែកដែលត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ មានឈ្មោះថា "ក្មេងប្រុសតូច" បានសម្លាប់មនុស្សរាប់ពាន់នាក់ភ្លាមៗ និងប្រហែល១៤០.០០០នាក់នៅចុងឆ្នាំនៃការទម្លាក់នោះ។ ទីក្រុងណាហ្គាសាគី ទទួលរងការទម្លាក់គ្រាប់បែករយៈពេល៣ថ្ងៃក្រោយ គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ហើយជប៉ុនបានប្រកាសចុះចាញ់សង្គ្រាមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំដដែលនោះ៕

មនុស្សយ៉ាងហោចណាស់៣០នាក់ ស្លាប់ និង៨០នាក់ រងរបួសបន្ទាប់ពីរថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន

2023/08/07 08:27:55 am        293
ប៉ាគីស្ថាន៖ ស្ថានីយរថភ្លើងប៉ាគីស្ថាននិយាយថា មនុស្សយ៉ាងហោចណាស់៣០នាក់ បានស្លាប់ និង៨០នាក់រងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿង បានបើកធ្លាក់ផ្លូវ នៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  អ្នកនាំពាក្យក្រុមហ៊ុន លោក Babar Raza បានប្រាប់សារព័ត៌មាន CNN កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយ និងសង្រ្គោះ កំពុងបន្ត បន្ទាប់ពីក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Hazara Express បានធ្លាក់ផ្លូវជិតទីក្រុង ណាវ៉ាបសា( Nawabshah) នៅក្នុងភាគខាងត្បូងរបស់ខេត្តស៊ីន (Sindh) របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  រថភ្លើងនេះ បានធ្វើដំណើរពីទីក្រុងការ៉ាជី(Karachi) ទៅកាន់ទីក្រុងហាវ៉េលៀន(Havelian)។ យោងតាមលោក Raza មនុស្ស ជាច្រើនត្រូវបានយកចេញពីគំនរកម្ទេចកម្ទីបំណែករថភ្លើង ហើយរថភ្លើងសង្រ្គោះចំនួន២គ្រឿង បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។  វិទ្យុរបស់ប៉ាគីស្ថាន បានរាយការណ៍ថា សហប្រតិបត្តិការកំពុងបន្ត ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានានៅក្បែរនោះ។ យោងតាមរដ្ឋមន្ត្រីក្រសួងផ្លូវដែកប៉ាគីស្ថាន លោក ខាវ៉ាចា សាដ រ៉ាហ្វីក(Khawaja Saad Rafique) មូលហេតុនាំឲ្យមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនឹងនឹងត្រូវបានកំណត់ បន្ទាប់ពីការស៊ើបអង្កេតឲ្យបានម៉ត់ចត់។ ប្រព័ន្ធផ្លូវរថភ្លើងរបស់ប្រទេសប៉ាគីស្ថាន មានកំណត់ត្រាសុវត្ថិភាពទាប ខណៈដែលការកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់សោកនាដកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងស្ដង់ដារសុវត្ថិភាពរបស់ប្រទេសនេះ ៕

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នឹងដកខ្លួនចេញពីប្រទេសកុងហ្គោ នៅឆ្នាំក្រោយ

2023/08/05 04:55:21 pm        294
បេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) បាននិយាយថា កងទ័ពរបស់ខ្លួនដែលដាក់ពង្រាយនៅភាគខាងកើតប្រទេសនេះនឹងចាប់ផ្តើមផ្ទេរការទទួលខុសត្រូវរបស់ពួកគេទៅឱ្យរដ្ឋាភិបាល កុងហ្គោ វិញ មុនពេលដកខ្លួនចេញពីប្រទេសនេះ នៅឆ្នាំក្រោយ។ ការសម្រេចចិត្តលើការដកខ្លួននេះបានធ្វើឡើងតាមការអំពាវនាវរបស់រដ្ឋាភិបាល កុងហ្គោ សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញបន្ទាប់ពីការបោះឆ្នោតក្នុងខែធ្នូឆ្នាំនេះ សម្រាប់ការបរាជ័យដែលបានរាយការណ៍របស់ខ្លួនក្នុងការបញ្ឈប់ក្រុមប្រដាប់អាវុធពីការវាយប្រហារលើជនស៊ីវិល។អរិភាពប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានបង្កឡើងដោយការងើបឡើងវិញនៃក្រុមឧទ្ទាម M23 កាលពីចុងឆ្នាំ ២០២១។ ការប្រយុទ្ធគ្នាបានឆក់យកជីវិតជាច្រើន និងបង្ខំឲ្យមនុស្សជាច្រើនទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។លោក Bintou Keita ប្រធានក្រុមហ៊ុន MONUSCO បាននិយាយថា "យើងមានចំនួនជនភៀសខ្លួនខាងក្នុងច្រើនជាងគេបំផុតមួយនៅលើទ្វីបនេះ ក្នុងប្រទសកុងហ្គោ ដែលមានមនុស្សដល់ទៅជាង៦,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុងប្រទេស ។ ជនភៀសខ្លួនជាច្រើនរស់នៅក្នុងជំរំដែលមានមនុស្សដ៏ច្រើន ជាកន្លែងដែលជីវិតជួបការលំបាក ជាពិសេសសម្រាប់មនុស្សចាស់ ជនពិការ និងស្ត្រីមានផ្ទៃពោះ៕

ព្យុះទីហ្វុងខានុន (Khanun) បានត្រឡប់ទៅកាន់កោះ អូគីណាវ៉ា និងកោះ អាម៉ាមី របស់ជប៉ុនជាថ្មី

2023/08/05 04:51:49 pm        310
ព្យុះមួយកំពុងខិតមកជិតតំបន់កោះសំខាន់របស់ខេត្តអូគីណាវ៉ា(Okinawa)និងកោះ អាម៉ាមី( Amami) នៃខេត្ត កាហ្គោហ្ស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន។ ប្រជាពលរដ្ឋត្រូវបានជំរុញឲ្យរក្សាការប្រុងប្រយត្ន័ ព្រោះព្យុះកំពុងរំកិលយឺតៗ ហើយអាចប៉ះពាល់យូរ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន ប៉ាន់ប្រមាណថា គិតត្រឹមម៉ោង២រសៀលថ្ងៃសៅរ៍នេះ ព្យុះ Khanun កំពុងរំកិលទៅទិសខាងកើតយឺតៗលើផ្ទៃទឹកចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងលិចកោះ តូគូណូហ្ស៊ីម៉ា (Tokunoshima) របស់ខេត្ត Kagoshima។ព្យុះនេះកំពុងបក់បោកក្នុងល្បឿន១០៨គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាលរបស់វា ដោយមានខ្យល់ខ្លាំងបំផុត រហូតដល់១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះខ្យល់បោកបក់ខ្លាំង រលកខ្ពស់ៗ និងខ្យល់ព្យុះរហូតដល់ថ្ងៃអាទិត្យ។ពពកនាំទឹកភ្លៀងសកម្មអាចកើតឡើងនៅកោះ អូគីណាវ៉ា និងអាម៉ាមីរហូតដល់ថ្ងៃអាទិត្យ និងនៅភាគខាងត្បូង កោះ គីអ៊ូស៊ូ (Kyushu) ចាប់ពីព្រឹកថ្ងៃអាទិត្យតទៅ។ ក្រុមអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM